សែណ្ណ័ករាជ

ពីវិគីភីឌា
សែណ្ណ័ករាជ រឺ ស្ដេចពាល
ព្រះបាទ
រជ្ជកាលគ.ស ១១៩៥-១២៣៨
រាជ្យមុនព្រះបាទសិង្ខក័ង្ខា
រាជ្យបន្តព្រះបាទសីហនុរាជ រឺ ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ (ពង្សាវតារវត្តទឹកវិល)
ស្វាមី/មហេសីព្រះនាងយស
បុត្រសីហនុកុមារ
ព្រះនាមពេញ
​ព្រះបាទ​សម្ដេច​ ព្រះ​សែណ្ណ័ករាជ​ បរមនាថ​បរម​បពិត្រ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទសិង្ខក័ង្ខា
មាតាព្រះនាងពៅ
ប្រសូតគ.ស ១១៧០
មហានគរ
សុគតគ.ស ១២៣៨
មហានគរ

ព្រះបាទ​សែណ្ណ័ករាជ រឺ ស្ដេចពាល (គ.ស ១១៧០-១២៣៨) រជ្ជកាល (គ.ស ១១៩៥-១២៣៨) ​បាន​ទទួល​ព្រះរាជ​អភិសេក​ ​នៅ​ថ្ងៃ​​ ១០​កើត ខែ​ផល្គុន​ ​ឆ្នាំថោះ​ ​ព.ស​ ១៧៣៩ ត្រូវជា​ ​ម.ស ​១១១៧​ ​ច.ស​ ៥៥៧​ ​និង​ត្រូវជា​ ​គ.ស​ ១១៩៥។ កាលនោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​​ ២៥​ វស្សា។ ព្រះ​អង្គ​ជា​មហាក្សត្រ​ខ្មែរ​ទី​២៣​ ​ហើយ​មាន​ព្រះ​បរម​នាម​ព្រះបាទ​សម្ដេច​ ព្រះ​សែណ្ណ័ករាជ ​បរមនាថ​បរម​បពិត្រ​ (នេះ​ជា​កំណត់​របស់​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​ដែល​បាន​បញ្ជាក់​ថា​ព្រះ​អង្គ​ជា​កូន​ព្រះបាទ​សិង្ខក័ង្ខា​ ​ប៉ុន្តែ​ពង្សាវតារ​របស់​គណៈកម្មការ​សម្ដេច​នាយក​ទៀង​ ​និង​វត្ដ​ទឹកវិល​ ​បាន​សរសេរ​ថា​ ​ក្នុង​សម័យ​ចន្លោះ​រាជ្យ​ព្រះ​សិង្ខក័ង្ខា​ ​និង​សែណ្ណ័ករាជ​មាន​ស្ដេច​មួយ​អង្គ​ទៀត​បាន​មក​សោយរាជ​សម្បត្ដិ​ មហានគរ។​ ព្រះមហាក្សត្រ​អង្គ​នេះ​ ​គឺ​តា​ព្រហ្ម​​ឈ្មួញ​គោ​ ​ឬ​ព្រះបាទ​ចក្រព័ត្រាធិរាជ​ ​ប្រវត្ដិ​របស់​ព្រះ​អង្គ​ ​ដូច​គ្នា​នឹង​នៅ​ក្នុង​ភាគ​ព្រះ​កេតុមាលា)។ ទីតាំង​ព្រះ​បរមរាជវាំង​ ​ស្ថិត​នៅ​មហានគរ​ដដែល។​ ព្រះ​សែណ្ណ័ករាជ​ ​ព្រះមហាក្សត្រ​ទី​២៣​ ​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា​បាន​៤៥​ឆ្នាំ។ ព្រះ​អង្គ​ចូល​ទីវង្គត​ក្នុង​ព្រះ​ជន្ម​៦៨​វស្សា​ ​ដោយ​ជម្ងឺ​ព្យាធិ​ ​នៅ​ឆ្នាំច​ ​ព.ស​១៧៨២ ត្រូវជា​ម.ស​១១៦០ ច.ស​៦០០​ និង​ត្រូវជា​គ.ស​១២៣៨។

ប្រវត្តិតាមពង្សាវតារនិងសេចក្ដីកត់សំគាល់[កែប្រែ]

  • បើ​តាម​ពង្សាវតារ​ វត្ដ​ទឹកវិល​ ​ក្រោយ​ដែល​ព្រះបាទ​សិង្ខក័ង្ខា​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២២​ ​ចូល​ទិវង្គត​ ​គឺ​ពញា​សុក​ ​កូនប្រុស​ស្ដេចត្រាញ់ពញាសួគ៌ាលោក​នៅ​ស្រុក​ពោធិ៍សាត់​ ​ដែល​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ។ ពញា​សុក ​មាន​ក្រុម​បក្សពួក​សេនា​អាមាត្យ​អ្នក​តាម​បម្រើ​ ៥០០ ​នាក់។​ ​ពួក​គេ​និយម​ចូល​ចិត្ដ​ដើរ​បរបាញ់​សត្វ​ ​យក​សាច់​ភ្លុក​ ស្នែង ​កុយ ​ខ្នាយ​ ​និង​ស្បែក​ទៅ​លក់ដូរ​សម្រាប់​ចិញ្ចឹមជីវិត។​ ​ថ្ងៃមួយ​ ​ពញា​សុក​បាន​នាំ​បក្សពួក​ទាំង ​៥០០​ នាក់​ធ្វើ​ដំណើរ​ទៅ​បរបាញ់​សត្វ​ ​រហូត​ដល់​ភ្នំ​ដងរែក​ និង​ភ្នំ​គូលែន។​ ​កាលនោះ​ ​ពញា​សុក​មាន​អាយុ​២៤​ឆ្នាំ​ ​ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​លំនៅ​ស្ថាន​វិញ​ ​ពញា​សុក​ ​និង​បក្សពួក​បាន​ដើរ​កាត់​តាម​ទីក្រុង​មហានគរ។​ ​ចូល​មក​ដល់ទី​ប្រជុំជន​ ​គេ​ឃើញ​នាម៉ឺន​មន្ដ្រី​ ​និង​ប្រជាពលរដ្ឋ​កោរសក់​ ស្លៀកពាក់​ខោអាវ​ស​ ​កាន់ទុក្ខ​គ្រប់​គ្នា​ ​ហើយ​ស្រែក​ទ្រហោ​យំ​ខ្សឹកខ្សួល​លាន់ឮ​ពេញ​បរមរាជវាំង។​ ឃើញយល់​ ​និង​ក្ដាប់​ស្ថានការណ៍​បាន​ភ្លាម​កាលណា​ ​ដោយ​គ្មាន​ភ័យ​តក់ស្លុត​ ​ឬ​ខ្លាចក្រែង​ញញើត​អ្វី​ទាំងអស់​ ​ពញា​សុក​ដើរ​តម្រង់​ចូល​ទៅ​ក្នុង​ព្រះ​បរមរាជវាំង​ ​សំដៅ​ទៅ​រក​រាជបល្ល័ង្ក។​ ​ក្រឡេក​មើលទៅ​ពុំ​ឃើញ​មាន​ព្រះរាជា​ ​ពញា​សុក​ឡើង​អង្គុយ​លើ​បល្ល័ង្ក​ ​ហើយ​ប្រកាស​ខ្លួន​ធ្វើ​ជា​ស្ដេច​ក្នុង​ឱកាស​នោះ។​ ​បក្សពួក​ទាំង​៥០០​នាក់​ ​ត្រូវ​បាន​ស្ដេច​ពញា​សុក​តែងតាំង​ឲ្យ​មាន​ឋានន្ដរសក្ដិ​ជា​ មន្ដ្រីជាន់ខ្ពស់​គ្រប់​រូប។​ ​គ្រានោះ​គ្មាន​នាម៉ឺន​មន្ដ្រី​ចាស់ទុំ​ណា​ម្នាក់​ហាន​ជំទាស់​នឹង​ពញា​សុក​ ឡើយ។​ ​ម្នាក់ៗ​ភ័យ​ខ្លាច​អំណាច​ក្រុម​បក្សពួក​ពញា​សុក​ ​ហើយ​នាំ​គ្នា​លុតជង្គង់​ក្រាបថ្វាយបង្គំ​ ​សំពះ​គោរព​ធ្វើ​តាម​បញ្ជា​ពញា​សុក​ ​ឥតបី​ហ៊ាន​ឲ្យ​ខ្ចោះ។​ ​ចំណែកឯ​ពួក​ពញា​សុក​វិញ​ ​គេ​នាំ​គ្នា​បញ្ចេញ​ឫទ្ធិ​ ​និយាយ​លេងសើច​ ​អួត​ក្អេងក្អាង​ ​និង​ប្រើ​អំណាច​ផ្ដាច់​ការ​ ​ជិះជាន់​សង្កត់សង្កិន​លួច​ប្លន់​ ​រឹបអូស​ ​បំពារបំពាន​យក​ទ្រព្សម្បត្ដិ​ប្រជានុរាស្ដ្រ។ ពញាសុក​នៅ​ពេល​ឡើង​សោយរាជ្យ​ ​បាន​ទទួល​ឈ្មោះ​ជា​ក្សត្រ​ថា​ ​ព្រះបាទសុនក្ខរិន្ទរាជា។​ ​មហេសី​ព្រះ​អង្គ​ ​គឺ​ ​ព្រះ​នាង​រតន៍បុប្ផា​ ​ដែល​ត្រូវជា​កូនស្រី​របស់​ចៅពញា​តេជោ។​
  • ពង្សាវតារ ​ខ្មែរ​ទាំងអស់​បាន​កត់​សម្គាល់ថា​ ​ព្រះបាទ​សែណ្ណ័ករាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី២៣ ​នេះ​បាន​ប្រព្រឹត្ដ​នូវ​អំពើអាក្រក់​ឃោរឃៅ​ ​អយុត្ដិធម៌​ ​ប្រាសចាក​ទសពិធរាជធម៌​គ្រប់​បែប​យ៉ាង​ ​គ្មាន​គិត​អំពី​អាយុ​ជីវិត​ ​ជោគវាសនា​អនាគត​ប្រជាជន​ ​និង​ប្រទេស​ជាតិ​ឡើយ។​ ​ដូច្នេះ​ហើយ​ ​បានជា​ប្រជានុរាស្ដ្រ​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​ស្ដេច​ពាល។ ពង្សាវតារ ​សម្ដេច​វាំង​ជួន​បាន​សរសេរ​បន្ដ​ទៅ​ទៀត​ថា​ ​ក្នុង​ឆ្នាំរោង​ ​ជាមួយនឹងព្រះនាងយស ​ព្រះ​សែណ្ណ័ករាជ​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ ​សីហនុកុមារ។ ព្រះ​សីហនុកុមារ​ ​ធំ​ឡើង​កាលណា​ ​សប្បាយ​ចូល​ចិត្ដ​ចិញ្ចឹម​រុយ​ក្បាល​ខៀវ។​ ឯ​កូន​បុរោហិត​ ​អ្នកបម្រើ​រួម​ល្បែង​ ​និង​នាំ​លេង​កំសាន្ដ​ ​ដែល​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា​ ​ចិញ្ចឹម​ពីងពាងសម្រាប់​ធ្វើ​ជា​ល្បែង។​ ​ថ្ងៃមួយ​ ​ក្មេង​ទាំង​ពីរ​ដែល​កំពុង​លេង​សប្បាយ​ ​បាន​យក​រុយ​ក្បាល​ខៀវ​ ​និង​សត្វ​ពីងពាង​ទៅ​ដាក់​ជាមួយ​គ្នា។ ​ពេល​នោះ​ ​ស្រាប់តែ​ពីងពាង​ស្ទុះ​ទៅ​ត្របាក់​ខាំ​ស៊ី​រុយ​នោះ​ជា​ចំណី​ ​ឃើញ​រុយ​របស់​ខ្លួន​ងាប់​បាត់​ដូច្នោះ​ ​ព្រះរាជបុត្រ​សីហនុកុមារ​ក៏​យំរំអុក​បោក​ខ្លួនប្រាណ​ ​រនៀល​ដេក​នឹង​ដី​ ​ហើយ​ស្រែក​ទាមទារ​ ​ឲ្យ​គេ​រក​រុយ​ក្បាល​ខៀវ​មក​សង។​ ​ស្រី​មីនុំមីនាង​បរិវារ​ទាំង​ប៉ុន្មាន​ ព្រមទាំង​កូន​បរោហិត​ភ័យ​ស្លន់ស្លោ​គ្រប់​គ្នា​ ​ខំ​ដើរ​រក​ចាប់​រុយ​មក​សង​កូន​ស្ដេច។​ ​តែ​ព្រះ​សីហនុ​នៅ​តែ​មិន​ព្រម​ ​ហើយ​ខំ​ស្រែកយំ​ចំទាល​មិន​ព្រម​ឈប់​ ​ពីព្រោះ​រុយ​ ​ដែល​គេ​នាំ​គ្នា​ចាប់​បាន​យក​មក​សង​ទាំង​ប៉ុន្មាន​ ​មិន​ដូច​រុយ​របស់​ខ្លួន។​ ​ទោះបីជា​មនុស្ស​ម្នា​ជុំ​ទិសទី​ ​នាំ​គ្នា​និយាយ​ពន្យល់​អង្វរករ​ ​លួងលោម​ដូច​ម្ដេច​ក៏​ដោយ​ ​ក៏​ព្រះ​សីហនុកុមារ​មិន​សុខ​ចិត្ដជា​ដាច់ខាត​ ​ហើយ​រឹង​រឹត​តែ​យំ​ខ្លាំង​ឡើង​ ​មិន​ព្រម​ឈប់ឈរ។ យល់ ​ឃើញ​ហេតុការណ៍​មិន​ស្រួល​ដូច្នេះ​ ​ពួក​មីនុំមីនាង​នាំ​គ្នា​រត់​យក​រឿងរ៉ាវ​នេះ​ទៅ​ពិត​ទូល​ថ្វាយ​ព្រះ​ សែណ្ណ័ករាជ​ជា​ឪពុក​តាម​ដំណើរ​ដើមទង។​ ​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​សែណ្ណ័ករាជ​ ​ដែល​អាង​ខ្លួន​ជា​ស្ដេច​ ​ហើយដោយ​ហេតុតែ​ស្រឡាញ់​កូន​ពេក​ ​មិន​បាន​ត្រិះ​រិះគិត​គូរ​ពិចារណា​អ្វី​ឲ្យ​បាន​ម៉ត់ចត់​ល្អិតល្អន់​ ឡើយ។​ ​ព្រះ​អង្គ​បណ្ដោយ​ខ្លួន​ឲ្យ​លង់លុះ​ទៅ​តាម​ភ្លើងកំហឹង​ ​ក្រេវក្រោធ​ ​ហើយ​បញ្ជា​ឲ្យ​សេនា​អាមាត្យ​ ​ចាប់​យក​កូន​បុរោហិត​ទៅ​ជាន់​ជ្រមុជ​ក្នុង​ទឹក​ទន្លេសាប​ ​លុះត្រាតែ​កុមារ​នោះ​រលត់​បាត់​ដង្ហើម​ស្លាប់។​ បុរោហិត ​ជា​ឪពុក​ ​ឃើញ​ដូច្នោះ​ ​ទាល់​ប្រាជ្ញ​ ​មិនដឹង​ជារ​កវិធី​ណា​ដើម្បី​ជួយ​ជីវិត​កូន​បាន​ឡើយ​ ​ក្រៅ​អំពី​សម្រក់​ទឹកភ្នែក​ពីរ​នាក់​ប្រពន្ធ​ ​ទូល​ទុក្ខ​រីងរៃ​ ឈឺ​ចុកចាប់​ខ្លោចផ្សា​ឥតឧបមា​ ​រក​និយាយ​អ្វី​ក៏​ពុំ​រួច។​ ​យល់​ជាក់ច្បាស់​ថា​ស្ដេច​ជា​មនុស្ស​ព្រៃផ្សៃ​ឃោរឃៅ​ ​គ្មាន​យុត្ដិធម៌​ ​មិន​បំពេញ​តួនាទី​ជា​ព្រះមហាក្សត្រ​ ​ហើយ​ជឿជាក់​ថា​ ​មិន​អាច​នៅ​បម្រើ​ទៅ​មុខ​ទៀត​បាន​ ​បុរោហិត​ក៏​សម្រេចចិត្ដ​នាំ​ប្រពន្ធ​កូនក្រុម​គ្រួសារ​ ​ធ្វើ​ដំណើរ​ចាក​ចេញពី​ស្រុក​ខ្មែរ​ ​ទៅ​រស់នៅ​ឯ​ស្រុក​យោនក្ក​ ​ឬ​ប្រទេស​លាវ​សព្វ​ថ្ងៃនេះ​ ​គឺ​នៅ​ឆ្នាំវក​ ​ព.ស​ ១៧៦៨ ត្រូវជា​ ​ម.ស​ ១១៤៦ ច.ស ​​៩៨៦ និង​ត្រូវជា​គ.ស ​១២២៤។ ក្នុង​គ្រា​ជាមួយ​គ្នា​នោះ​ដែរ​ ក្រុម​បុរោហិត​ទាំងឡាយ​ ​ដែល​ជា​អ្នកបម្រើ​កិច្ចការ​នគរ​ ​ដោយ​ការ​ក្ដៅក្រហាយ​ ​មិន​ពេញចិត្ដ​នឹង​អំពើ​បំពារបំពាន​ ​ខុសច្បាប់​ក្រឹត្យវិន័យ​ជា​ព្រះមហាក្សត្រ​ ​របស់​ព្រះ​សែណ្ណ័ករាជ​ ​យល់​ឃើញ​ថា​មិន​អាច​ទ្រាំទ្រ​រស់នៅ​ប្រទេស​កម្ពុជា​ ​ក្រោម​អំណាច​ស្ដេច​នេះ​បាន​ឡើយ។​ ​គេ​បាន​មូលមតិ​គ្នា​ ​សម្រេចចិត្ដ​ប្រមែប្រមូល​ដឹក​ជញ្ជូន​ក្រុម​ញាតិ​គ្រួសារ​ ​និង​ក្បួន​គម្ពីរ​សីល្ប៍​សាស្ដ្រ​ចំណេះ​ចេះ​ដឹង​ ​ទាំង​ប៉ុន្មាន​ចុះ​សំពៅ​ធ្វើ​ដំណើរ​ចាកចេញ​ចោល​ព្រះ​មហានគរ​ទៅ​រស់នៅ​ឯ​នគរ ​ពារាណសី​ ​(ទីក្រុង​បេណរ៉េស​ ​ក្នុង​ប្រទេស​ឥណ្ឌា​សព្វថ្ងៃ)។​ អំពើ ​សាហាវ​យង់ឃ្នង​ ​និង​មិន​គោរព​ច្បាប់​វិន័យ​ជា​ព្រះមហាក្សត្រ​របស់​ស្ដេច​អង្គ​នេះ​ មិនមែន​ធ្វើ​ឲ្យ​តែ​ប្រជាជន​ខ្មែរ​ ​មនុស្សលោក​ក្ដៅក្រហាយ​ប៉ុណ្ណោះ​ទេ​ ​សូម្បី​តែ​ទេវតា​ ឥន្ទ្រ ​ព្រហ្ម​ ​និង​ស្ដេច​ភុជង្គនាគ​ ​ក៏​អត់ធ្មត់​បិទ​ភ្នែក​មិនកើត​ដែរ។​ ​ស្ដេច​ភុជង្គនាគ​ ​ដែល​ធ្លាប់​បាន​នាំ​ពល​សេនា​បឺត​បូមទឹក​សមុទ្រ​ធ្វើ​ឲ្យ​រីង​ខះ​គោក​ ​ក្លាយទៅជា​ដី​នគរ​ខ្មែរ​ ​សម្រាប់​ទុកជា​ចំណងដៃ​ថ្វាយ​សម្ដេច​ព្រះ​កុម៉ែរាជ​ ​ព្រះមហាក្សត្រ​ទី​១​ ​ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់​ ​ចំពោះ​អាកប្បកិរិយា​ប្រាសចាក​សីលធម៌​របស់​ស្ដេច​ខ្មែរ​ ​ដែល​មានចិត្ដ​កាច​សាហាវ​ ​ហ៊ាន​បង្គាប់​ឲ្យ​យក​កូន​ក្មេង​មិនដឹង​ក្ដី​តូច​មួយ​ ​ទៅ​ជាន់​ជ្រមុជ​ទឹក​សម្លាប់​ចោល។​ ​ស្ដេច​ភុជង្គនាគ​ព្រះ​អង្គ​ក៏​បញ្ចេញ​មហិទ្ធិឫទ្ធិ​ ​ឥទ្ធិពល​បង្កបង្កើត​ធ្វើ​ឲ្យ​មាន​ភ្លៀង​ ​ខ្យល់​ ​ព្យុះសង្ឃរា​ ​ទឹក​ជំនន់​បោកបក់​យ៉ាង​ខ្លាំង​មក​លើ​នគរ​ខ្មែរ។​ ​ប្រទេស​ខ្មែរ​ទាំងមូល​ត្រូវ​ទឹក​ជន់​លិច​ពាសពេញ។​ ​ប្រជានុរាស្ដ្រ​ខ្មែរ​ជា​ច្រើន​ត្រូវ​លង់ទឹក​ស្លាប់​ ​ត្រូវ​ព្រាត់ប្រាស​ប្ដី​ប្រពន្ធ​កូនចៅ​ក្រុម​គ្រួសារ​ ​ហើយ​ជួប​ប្រទះ​តែ​ភយន្តរាយ​ ​ចលាចល​ ​ក្រខ្សត់​តោកយ៉ាក​ ​រង​ទុក្ខវេទនា​ ​អត់បាយ​អត់​ទឹក​ ​គ្មាន​ផ្ទះសម្បែង​លំនៅ​ស្ថាន​ ​និង​មាន​ជំងឺ​មិន​ស្រាកស្រាន្ដ។​ ព្រះ​បរមរាជវាំង​ព្រះមហាក្សត្រ​នៅ​មហានគរ​ ​ក៏​ត្រូវ​លិចលង់​ដែរ។​ ​ពេល​នោះ​ ​ព្រះ​សែណ្ណ័ករាជ​ ​ឬ​ស្ដេច​ពាល​ ​បាន​បញ្ជា​ឲ្យ​និមន្ដ​ព្រះ​កែវមរកត​ ​ព្រះ​ត្រៃបិដក​យក​ទៅ​ដាក់​ក្នុង​ទូក។​ ​ព្រះរាជ​ទ្រព្យ​ ​មហេសី​ ​ព្រះរាជបុត្រ​ ​ស្រីស្នំ​ ​មីនុំមីនាង​បរិវារ​ ​និង​ព្រះ​ញាតិវង្ស​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ដឹក​ជញ្ជូន​ចុះទូក​សំពៅ​តូច​ធំ ​ ​ហើយ​ធ្វើ​ដំណើរ​តម្រង់​ទៅ​ភ្នំ​ដងរែក។​ ​ចំណែកឯ​ទូក​នាម៉ឺន​មុខមន្ដ្រី​ ​និង​ប្រជាពលរដ្ឋ​ ​ក៏​អុំ​ចែវ​ចេញ​ហែហម​ទៅ​តាម​ជាមួយ​ដែរ។​ ​ទៅ​ដល់​ជើងភ្នំ​ដងរែក​ក្បួន​ទូក​ឈប់​សម្រាក​ ​បោះជំរុំបណ្ដោះអាសន្ន​នៅ​ទីនោះ។​ គ្រានោះ ​ ​ស្ដេច​លាវ​ព្រះ​អទិច្ចវង្ស​ ​ដែល​ដឹង​យ៉ាង​ជាក់ច្បាស់​ ​ថា​ស្រុក​ខ្មែរ​កំពុង​តែ​ជួប​ប្រទះ​គ្រោះថ្នាក់​មហន្ដរាយ​ ​ក៏​លើកទ័ព​គគ្រឹកគគ្រេង​ ​ទៅ​ដណ្ដើម​យក​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ ​ព្រះ​ត្រៃបិដក​ ​បញ្ច​ក្សត្រ​ ​ព្រះរាជ​ទ្រព្យ​របស់​ស្ដេច​ខ្មែរ​ ​និង​សំបុកសម្បត្ដិ​ផ្សេងៗ​ទៀត​របស់​នាម៉ឺន​មន្ដ្រី​ ​និង​រាស្ដ្រប្រជា​ខ្មែរ​ ​គឺ​នៅ​ឆ្នាំវក​ដដែល ។​ ឯ ​ស្ដេច​សៀម​វិញ​ ​ដែល​បាទ​ទួល​ព័ត៌មាន​ដូច​គ្នា​នេះ​ដែរ​ ​បាន​លើកទ័ព​ទៅ​ចាំ​ស្កាត់​វាយឆ្មក់​ប្រហារ​ស្ដេច​លាវ​ ​ដណ្ដើម​យក​ព្រះ​ពុទ្ធរូប​ព្រះ​កែវមរកត​ ​ព្រះ​ត្រៃបិដក​ ​និង​បញ្ច​ក្សត្រ។​ ​ព្រះសង្ឃ​ ​និង​អ្នកបម្រើ​ថែរក្សា​ព្រះ​កែវមរកត​ ​និង​ព្រះ​ត្រៃបិដក​ ​ត្រូវ​ស្ដេច​សៀម​ចាប់​យក​ទៅ​ក្រុង​ស្រីអយុធ្យា។​ ​ក្នុង​ចំណោម​បញ្ច​ក្សត្រ​ខ្មែរ​ ​ដែល​ស្ដេច​សៀម​បាន​លួច​ប្លន់​បន្ដ​ពី​ស្ដេច​លាវ​ ​មាន​ជា​អាទិ​ ​ដូចជា​ ព្រះ​ខ័ន​រាជ​រតន​មង្គល​ ​និង​ព្រះ​ពុទ្ធរូប​ស័ក្ដិសិទ្ធិ​ជា​ច្រើន៘​ ​ព្រះ​កែវមរកត​ ​សៀម​បាន​ថែរក្សា​ទុក​រៀង​រហូត​មក​ដល់​សព្វថ្ងៃ។​ ពង្សាវតារ​ខ្មែរ​មិន​បាន​បញ្ជាក់​អំពី​ថេរវេលា​ ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​លិចលង់​ដោយ​ទឹក​ជំនាន់​ទេ។​ ​ឯកសារ​ខ្លះ​បាន​សរសេរ​ថា​ ​ព្រះ​សែណ្ណ័ករាជ​ ​ដែល​ត្រូវ​បរទេស​លួច​ប្លន់​យក​អស់​របស់​ស័ក្ដិសិទ្ធិ​ ​និង​សម្បត្ដិទ្រព្យ​ក្នុង​នគរ​ ​តូចចិត្ដ​ឥតឧបមា​ហើយ​បាន​ចូល​ទិវង្គត​នាគ្រា​ដែល​កើត​មាន​មហា​មហន្ដរាយ​ នោះ។​ ​សាកសព​ព្រះ​អង្គ​ត្រូវ​ព្រះរាជបុត្រ​ដង្ហែ​យក​មក​នគរ​ធ្វើបុណ្យ​ថ្វាយ​តាម​ ប្រពៃណី។​ ​តែ​ពង្សាវតារ​ខ្លះ​ទៀត​ ​ដូច​ជា​ពង្សាវតារ​របស់​គណៈកម្មការ​សម្ដេច​សង្ឃនាយក​ទៀង​ និង​វត្ត​ទឹកវិល​ ​បាន​សរសេរ​ថា​ព្រះរាជបុត្រ​អង្គ​នេះ​ ​បាន​សុគត​មុន​ឪពុក​ទៅ​វិញ ។​​ ក្រោយ ​ដែល​ទឹក​បាន​ស្រក​ចុះ​ ​ព្រះ​សែណ្ណ័ករាជ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៣​ ​បាន​នាំ​មហេសី​ព្រះរាជបុត្រ​ ​ព្រះរាជ​វង្សានុវង្ស​ក្រុម​បរិវារ​ ​និង​មន្ដ្រី​ពល​សេនា​ ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ត្រលប់​ចុះ​តាម​ទន្លេធំ​(គឺ​ទន្លេមេង្គ ។ មុននឹង​ជាប់​ឈ្មោះ​ជា​ទន្លេមេគង្គ ទន្លេធំ​មាន​ឈ្មោះ​ដើម​ថា ទន្លេច្រាបឈាម) ត្រលប់​ទៅ​មហានគរ។​ ​មក​ដល់​កោះ​ឫស្សីកែវ​ ​ព្រះ​អង្គ​បាន​ឈប់​សម្រាក​បោះជំរុំ ​នៅ​តំបន់​ខាងលិច​ភ្នំ​ប្រសិទ្ធ​ ​ហើយ​រៀបចំ​សាងសង់​ធ្វើ​ព្រះរាជវាំង​ ​អំពី​ឫស្សី​ និង​ប្រក់​ស្បូវ។​ ​នេះ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល។​ ​គេ​មិន​បានដឹង​ពេលវេលា​ពិតប្រាកដ​ ​ដែល​ព្រះ​អង្គ​បាន​គង់នៅ​ទី​នេះ។​ ​ព​ង្សា​តារ​វត្ដ​ទឹកវិល​បាន​ត្រឹមតែ​សរសេរ​ថា​ ​ស្ដេច​សៀម​បាន​ដង្ហែ​ព្រះ​ខ័ន​រាជ​ ​និង​ព្រះ​ពុទ្ធរូប​ខ្លះ​ក្នុង​បញ្ច​ក្សត្រ​ ​យក​មក​សង​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​វិញ​ ​ដែល​ព្រះ​អង្គ​គង់នៅ​តំបន់​ភ្នំ​ប្រសិទ្ធ​នេះ។​ បុព្វហេតុ ​បណ្ដាល​ឲ្យ​ស្ដេច​សៀម​ ​ដាច់​ចិត្ដ​អារកាត់​យក​វត្ថុ​ស័ក្ដិសិទ្ធ​ទាំងនេះ​ទៅ​ប្រគល់​សង​ម្ចាស់​ដើម ​ ​គឺ​មក​ពី​នៅ​ស្រុក​សៀម​ ​គ្រោះកាច​មហន្ដរាយ​ ជំងឺ​ ​និង​ចលាចល​គ្រប់​បែប​យ៉ាង​បាន​កើត​ពេញ​នគរ​ ​ធ្វើ​ឲ្យ​ប្រជារាស្ដ្រ​រង​ទុក្ខវេទនា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។​ ​ឃើញ​ស្រុក​ទេស​មិនល្អ​ដូច្នេះ​ ​ស្ដេច​សៀម​ក៏​កោះហៅ​ហោរា​ឲ្យ​មក​គន់គូរ​ទាយ​មើល​ជើង​លេខ​នគរ។​ ​គន់គូរ​ប្រមើល​មើល​ចុះ​ឡើង​ទៅ​ ​ហោរា​ទស្សន៍​ទាយ​ពោល​ថ្វាយ​ព្រះរាជា​ថា​ ​មហន្ដរាយ​ ​និង​គ្រោះកាច​ទាំងនេះ​ ​គឺ​បណ្ដាល​មក​អំពី​សៀម​បាន​លួច​យក​បញ្ច​ក្សត្រ​ ​និង​ព្រះ​ខ័ន​រាជ​រតនមង្គល​របស់​ខ្មែរ។​ ​ពីព្រោះ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងនេះ​ ​ជា​ចំណងដៃ​ដែល​ព្រះ​ឥន្ទ្រាធិរាជ​បាន​កសាង​ទុកជា​កេរ្ដិ៍​មរតក​សម្រាប់​ ប្រទេស​ខ្មែរ។​ ​ហើយ​បើ​យើង​មិន​យក​បញ្ច​ក្សត្រ​ ​និង​ព្រះ​ខ័ន​រាជ​ទៅ​សង​ខ្មែរ​ទេ​ ​នោះ​នគរ​សៀម​នឹង​ត្រូវ​អន្ដរាយ​រលត់​រលាយ​អស់​ជា​មិន​ខាន។​ ប៉ុន្ដែ ​មុន​នឹង​យក​វត្ថុ​ស័ក្ដិ​សិទ្ធ​ទៅ​ថ្វាយ​សង​ស្ដេច​ខ្មែរ​ ​ស្ដេច​សៀម​បាន​លួច​ដោះ​យក​ដង​ព្រះ​ខ័ន​រាជ​ធ្វើ​អំពី​មាស​មក​ទុក។​ ហើយ​ព្រះ​អង្គ​ឲ្យ​ពួក​ក្រុម​ជាង​ស្មិត​ ​ធ្វើ​ដង​ដាវ​មាស​ផ្សេង​មួយទៀត​យក​មក​ដាក់​បន្លំ​ជំនួស។​ ​ឯ​ប្រដាប់​បញ្ច​ក្សត្រ​ និង​ព្រះ​ពុទ្ធរូប ​២១ ​អង្គ​ទៀត​ ​ក៏​ស្ដេច​សៀម​លាក់​ទុក​មិន​យក​ទៅ​ប្រគល់​សង​វិញ​ដែរ។​ ​ចំណែក​ស្ដេច​លាវ​ ​ដូច​ស្ដេច​សៀម​ដែរ​បាន​លាក់​ទុក​បញ្ច​ក្សត្រ​ខ្មែរ​មួយ​ចំនួន​ធំ។​ ព្រះ​សែណ្ណ័ករាជ​ ​ព្រះមហាក្សត្រ​ទី​២៣​ ​សោយរាជ​សម្បត្ដិ​ប្រទេស​កម្ពុជា​បាន​៤៥​ឆ្នាំ ។ ព្រះ​អង្គ​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្ម ​៦៨ ​វស្សា​ ​ដោយ​ជំងឺ​ព្យាធិ​ ​នៅ​ឆ្នាំច​ ​ព.ស​ ១៧៨២ ត្រូវជា​ម.ស​ ១១៦០ ច.ស​ ៦០០​ និង​ត្រូវជា​គ.ស ​១២៣៨។

ឯកសារយោង[កែប្រែ]

មុនដោយ
ព្រះបាទសិង្ខក័ង្ខា
មហានគរ តដោយ
ព្រះបាទសីហនុរាជ រឺ ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ