ស័ង្ខចក្រ

ពីវិគីភីឌា
ស័ង្ខចក្រ រឺ ស្ដេចគំលង់
ព្រះបាទ
រជ្ជកាលគ.ស ៩១៦-៩៧២
រាជ្យមុនព្រះបាទជេដ្ឋាជ័យ
រាជ្យបន្តព្រះបាទចក្រព័ត្រ
ស្វាមី/មហេសីព្រះនាងកើត
បុត្រព្រះចក្រពង្ស
ព្រះនាមពេញ
​​ព្រះបាទ​សម្ដេច​ព្រះ​ស័ង្ខចក្រ​ព័ត្រ​ រាជាធិរាជ​​
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទជេដ្ឋាជ័យ
ប្រសូតគ.ស ៩០២
មហានគរ
សុគតគ.ស ៩៧២
មហានគរ នគរគោកធ្លក

ព្រះបាទស័ង្ខចក្រ ស្ដេចគំលង់ (សំស្ក្រឹត: ឝង្ខចក្រ) (គ.ស ៩០២-៩៧២) រជ្ជកាល (គ.ស ៩១៦-៩៧២) ព្រះរាជបុត្ររបស់ព្រះជេដ្ឋាជ័យ ​ព្រះ​នាម​ ​ស័ង្ខកុមារ​ ​ដែល​បាន​ប្រសូត​ឆ្នាំកុរ​ ​ច.ស ​២៦៥ នេះ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន។ បន្ទាប់ពីព្រះមហាក្សត្រជេដ្ឋាជ័យ គ្រានោះ ​ព្រះរាជបុត្រ​ ​ព្រះ​ស័ង្ខចក្រ​ដែល​ទើបតែ​បាន​អាយុ​ ១៤ ​វស្សា​ ​បាន​ឡើង​គ្រង​រាជសម្បត្ដិ​បន្ដ​ពី​ព្រះ​បិតា​ ​នៅ​ថ្ងៃ​ ១​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំជូត​ ​ព.ស​ ១៤៦០ ម.ស​ ​៨៣៩ ច.ស​ ២៧៩ ត្រូវជា​ ​គ.ស ​៩១៦។ ព្រះ​អង្គ​មាន​ព្រះ​បរម​រាជ​នាម ​ព្រះបាទ​សម្ដេច​ព្រះ​ស័ង្ខចក្រ​ព័ត្រ​ រាជាធិរាជ។​ ​ព្រះ​ស័ង្ខចក្រ​ជា​ក្សត្រ​ខ្មែរ​ទី​១៥​ ​ដែល​គេ​បាន​ដាក់​ឈ្មោះ​ថា​ ​ស្ដេច​គម្លង់​ ​ព្រះ​អង្គ​បាន​លើក​ឋានៈព្រះនាងកើត​ ​ដែល​ជា​ព្រះ​រាជវង្ស​ ​ជា​ព្រះ​អគ្គមហេសី​ ​ដែល​មាន​ព្រះ​នាម​ថ្មី​ជា​សម្ដេច​ព្រះ​ភគវត្ដី​ស្រី​ចក្រព័ត្រ​ ​ក្នុង​ច.ល​ ៣១៤ ជាមួយនឹង​ព្រះ​នាង​កើត​ ​ព្រះ​អង្គ​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាមចក្រពង្ស។​ រី​ព្រះ​ស័ង្ខចក្រ​ ​ឬ​ ស្ដេច​គំលង់​វិញ​ ​រហូត​ដល់​អវសាន​ជីវិត​ ​នៅ​តែ​មាន​ជំងឺឃ្លង់​ភ្លើង​ជាប់​ខ្លួន​ជា​និច្ច​ ​ព្រះ​អង្គ​សោយរាជ្យ​បាន ​៥៦ ​ឆ្នាំ​ ​ហើយ​សុគត​នៅ​ឆ្នាំមមែ​ ​ក្នុង​ព្រះ​ជន្ម ​៦៩ ​វស្សា។ ក្នុង​ពេល​នោះ​ដែរ​ ​នគរ​ចំណុះ​តូច​ធំ​ ១៤​ ​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួតត្រា​របស់​ប្រទេស​ខ្មែរ​ ​បាន​នាំ​គ្នា​ប្រកាស​ឯករាជ្យ​ភាព​ ​ផ្ដាច់ខ្លួន​ចេញពី​សង្គម​ជាតិ។​ កាលដែល​ព្រះបាទ​ស័ង្ខចក្រ​ ​ឬ​ស្ដេច​គំលង់​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៥​ ​ចូល​ទិវង្គត​ ​ព្រះ​ចក្រព័ត្រ​ ​ព្រះរាជបុត្រ​ព្រះ​អង្គ​ ​បាន​ឡើង​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា​ជា​បន្ដ​ពី​ព្រះ​បិតា។​ ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ ​១៤ ​វស្សា។

សាវតារក្នុងរាជ្យ[កែប្រែ]

ព្រឹត្ដិការណ៍​សំខាន់​ដែល​ពង្សាវតារ​ខ្មែរ​បាន​កត់សំគាល់​ក្នុង​រាជ​ព្រះ​អង្គ​ ​បាន​កើត​ផ្ទុះ​ឡើង​ក្រោយ​ដែល​ព្រះ​អង្គ​សោយរាជសម្បត្ដិ​បាន​៤៤​ឆ្នាំ។ កាលនោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម ​៥២ ​វស្សា​ ​នេះ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល។​ ​ដើមហេតុ​ធំ​នោះ​គឺ​បណ្ដាល​មក​ពី​ព្រះបាទ​ស័ង្ខចក្រ​មិន​បាន​គ្រប់គ្រង​ ផែនដី​ ​ដោយ​សុចរិត​យុត្ដិធម៌​ត្រឹមត្រូវ​តាម​ទសពិធរាជធម៌។​ ​ដែល​ជា​ប្រភព​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ​និង​នាម៉ឺន​មុខមន្ត្រី​គ្រប់​ជាន់ថ្នាក់​រង​ទុក្ខវេទនា​ ​ក្ដៅក្រហាយ​មិន​សប្បាយចិត្ដ​ ​ជា​ពិសេស​នាម៉ឺន​ដែល​មាន​ដើម​កំណើត​ជា​នាគ។​ ​នាម៉ឺន​នាគ​ទាំងនេះ​ ​ដែល​ធ្លាប់​ចូល​មក​បម្រើ​ទឹកដី​ខ្មែរ​ ​តាំងពី​សម័យ​រាជ្យ​ព្រះថោង​នាងនាគ​ ​សុទ្ធតែ​មានបុណ្យ​បារមី​ឫទ្ធិ​តេជៈ​ខ្លាំងពូកែ។​

ថ្ងៃមួយ នា​ឱកាស​ព្រះ​អង្គ​យាងចុះ​មក​រោង​ជុំនុំ​ ​ស្រាប់តែ​ព្រះ​អង្គ​ទត​ឃើញ​ពួក​នាម៉ឺន​នាគ​ប្រកាន់​អាកប្ប​កិរិយា​ ច្រឡើសបើស​ ​មិន​សមរម្យ​ឈរ​ទ្រឹង​នៅ​ស្ងៀម​ ​មិន​ព្រម​លុតជង្គង់​ថ្វាយបង្គំ​ព្រះ​អង្គ​ដូច​ប្រក្រតី​ ​ព្រះ​ស័ង្ខចក្រ​ទ្រង់​ពិរោធ​ខឹង​ក្រេវក្រោធ​យ៉ាង​ខ្លាំង​ ​ដក​ដាវ​ដេញ​តាម​ប្រហារជីវិត​នាម៉ឺន​នាគ​ទាំងនោះ។​ ​នាម៉ឺន​នាគ​មិន​នៅ​ស្ងៀម​ ​បណ្ដោយ​ឲ្យ​ព្រះមហាក្សត្រ​ពិឃាត​ឡើយ។​ ​គេ​នាំ​គ្នា​ព្រួស​ពិស​ដាក់​មុខ​ព្រះ​ស័ង្ខចក្រ​ ​ហើយ​នាំ​គ្នា​រត់​បាត់​អស់​ទៅ​ ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ ​នាម៉ឺន​ ​និង​ពពួក​នាគ​ឈប់​ចេញ​មក​ជួយ​គ្រប់គ្រង​ ​កសាង​ ​ថែរក្សា​ស្រុក​ខ្មែរ​ដូច​ដើម​ទៀត​ហើយ។​

ចំណែក​ព្រះ​ស័ង្ខចក្រ​វិញ​ ​ដែល​មាន​ពិស​នាគ​ប្រឡាក់​ជាប់​ពេញ​មុខ​ ​ខំ​ជូត​ដុសលាង​ ​និង​ប្រើ​អស់​គ្រប់​មធ្យោបាយ​ដែរ​ ​តែ​នៅ​តែ​មិន​ជ្រះ​ស្អាត។​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​ភ័​ក្ភ្រ​ព្រះ​អង្គ​កើត​មានជំងឺឃ្លង់​ភ្លើង​ ​គ្មាន​គ្រូ​ពេទ្យហ្ម​ណាមួយ​អាច​មើល​ព្យាបាលជំងឺព្រះ​អង្គ​បានជា​សះស្បើយ ឡើយ។​ ​ព្រះ​អង្គ​ត្រូវ​បាន​ប្រជានុរាស្ដ្រ​ទូទាំង​ប្រទេស​ដាក់​ឈ្មោះ​ថា​ ​ស្ដេចគំលង់ ​ជា​រៀង​រហូត​មក។​ ដំណឹង​នេះ​បានឮ​ទៅ​ដល់​ព្រះសង្ឃ​ រុក្ខមូល​ ​ដែល​គង់នៅ​លើ​ភ្នំ​គូលែន​ ​ដោយ​ក្ដី​អាណិត​មេត្ដាធម៌​ប្រោសប្រណី​ ​ព្រះ​អង្គ​បាន​បង្គាប់​ប្រើ​សិស្ស​ជំនិត​មួយ​អង្គ​ ​ឲ្យ​ចុះ​ពី​ភ្នំ​ធ្វើ​ដំណើរ​ទៅ​ព្រះ​មហានគរ​ ​យក​ថ្នាំ​ទៅ​ព្យាបាល​ជំងឺ​ព្រះរាជា។ ​ព្រះ​ធុតុង្គ​រុក្ខមូល​នេះ​ ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​គ្មាន​នរណា​ក្រៅពី​ព្រះ​អង្គ​បទុមរាជា​ ​បុត្រ​ច្បង​ព្រះ​ជេដ្ឋាជ័យ​ ​និង​ត្រូវជា​បង​បង្កើត​របស់​ព្រះបាទ​ស័ង្ខចក្រ​នោះ​ទេ។​ ​ទៅ​ដល់​គាល់​ជួប​ព្រះមហាក្សត្រ​កាលណា​ ​ព្រះសង្ឃ​ជា​សិស្ស​បាន​ទូល​ថ្វាយ​អំពី​បេសកកម្ម​ ​និង​ពិធី​ព្យាបាលជំងឺ​របស់​ព្រះ​អង្គ។​ ​ព្រះសង្ឃ​បង្គាប់​ឲ្យ​គេ​ដាំទឹក​ថ្នាំ​មួយ​ថ្លាង​ ​កាលណា​ទឹក​ពុះ​ ​ស្ដេច​ត្រូវ​យាងចុះ​ក្នុង​ទឹក​ពុះ​ ​ពេល​នោះ​ ​លោក​ចាក់​រោយ​ថ្នាំ​មួយ​មុខ​ថ្មី​ទៀត​បញ្ចូល​ជា​បញ្ចប់​ ​ខណៈនោះ​ ​ព្រះមហាក្សត្រ​នឹង​ជា​សះស្បើយ​ ​លែង​មាន​ជំងឺឃ្លង់​ភ្លើង​ជា​មិន​ខាន។​ ​តែ​ព្រះ​ស័ង្ខចក្រ​មិន​ជឿ​តាមសង្ឃដិកា​នេះ​ឡើយ​ ​ព្រះ​អង្គ​សុំ​ឲ្យ​ព្រះសង្ឃ​ចុះ​ក្នុង​ទឹក​ក្ដៅ​បង្ហាញ​ជា​មុខ​សិន​ ​ទើប​ព្រះ​អង្គ​ជឿ​ជា​ក្រោយ។​

គ្រានោះ​ ​ព្រះសង្ឃ​ក៏​ចាប់​យក​ឆ្កែ​មួយ​បោះ​ទៅ​ក្នុង​ទឹក​ពុះ​ក្ដៅ​គគុក​ ​បន្ទាប់​មក​ ​លោក​បង់​ថ្នាំ​ធ្វើ​ឲ្យ​ឆ្កែ​នោះ​រស់​ជីវិត​ឡើង​វិញ​ ​ហើយ​ជា​ចុងបញ្ចប់​ ​ព្រះសង្ឃ​បង់​ថ្នាំ​មួយ​មុខ​ផ្សេង​ទៀត​ថែម​ទៅ​ក្នុង​ទឹក​ក្ដៅ​ពុះ​ ​ធ្វើ​ឲ្យ​ឆ្កែ​មានជីវិត​ដឹងខ្លួន​ហើយ​មាន​រូបរាង​ល្អ​ស្អាត​ជាង​មុន​ (នេះ​ ជា​កំណត់​ពង្សាវតារ​វត្ដ​ទឹកវិល​ក្នុងស្រុកស្អាង ខេត្តកណ្ដាល) ទោះបីជា​បានឃើញ​ជាក់ស្ដែង​នឹង​ភ្នែក​ក៏​ដោយ​ ​ក៏​ព្រះ​ស័ង្ខចក្រ​នៅ​តែ​មិន​ជឿ​ហើយ​ ​ទាមទារ​ឲ្យ​ព្រះសង្ឃ​ចុះ​ក្នុង​ទឹក​ក្ដៅ​ពុះ​ដោយ​ផ្ទាល់ខ្លួន​ ​ដើម្បី​បញ្ជាក់​ភាព​ស្មោះត្រង់​ ​ធ្វើ​ឲ្យ​ស្ដេច​ជឿ​ ​មាន​ទំនុក​ទុកចិត្ដ​ ​ព្រះសង្ឃ​សិស្ស​ព្រះ​បទុមរាជ​ ​ក៏​យល់ព្រម​ចុះ​ក្នុង​ទឹក​ពុះ​ ​ព្រះ​អង្គ​បាន​ផ្ដាំផ្ញើ​នឹង​ព្រះមហាក្សត្រ​ស្ដេច​គម្លង់​អំពី​របៀប​វិធី​ បង់​ថ្នាំ​គឺ​ ​ដំបូង​ត្រូវ​បង់​ថ្នាំ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​ឡើង​រឹង​ ​បន្ទាប់​មក​ត្រូវ​ដាក់​ថ្នាំ​ធ្វើ​ឲ្យ​ចេញ​មាន​ជា​រូបរាង​ ​និង​ជា​បញ្ចប់​ ​ត្រូវ​ដាក់​ថ្នាំ​ធ្វើ​ឲ្យ​មានជីវិត​រស់​មក​វិញ​ (នេះ​ជា​កំណត់​ពង្សាវតារ​ ព្រះ​អម្ចាស់​នុព្វរតន៍​ ​កូន​ព្រះបាទ​អង្គឌួង) មាន​សង្ឃដិកា​ចប់​ ​ព្រះសង្ឃ​ក៏​និមន្ដ​ចុះ​ភ្លាម​ទៅ​ក្នុង​ថ្លាង​ដែល​ទឹក​ពុះ​ក្ដៅ​ហុយ​ទ្រលោម។​

ជាមួយ​គ្នា​នោះ​ដែរ​ ​នៅ​ពេល​ដែល​ព្រះ​អង្គ​បានឃើញ​រូបរាង​កាយ​ព្រះសង្ឃ​កំពុង​តែ​រលាយ​ព្រះបាទ​ស័ង្ខចក្រ​ ​ឬ​ស្ដេច​គម្លង់​នឹកគិត​ឃើញ​ថា​ ​«ព្រះគ្រូឧបជ្ឈាយ៍​សង្ឃ​នេះ​ ​ត្រូវជា​បង​របស់​យើង​ ​មាន​ដើម​កំណើត​ឈាមជ័រ​ជា​ស្ដេច​ ​សុភាសិត​មួយ​បាន​ដំណាល​ថា​ ​«កាលណា​កើតជា​ខ្លា​ ​ខ្លា​នោះ​តែងតែ​ចង់ស៊ី​សាច់​ ​កាលណា​កើតមក​មាន​ឈាម​ជា​ស្ដេច​ ​មនុស្ស​នោះ​តែងតែ​ចង់​សោយរាជ្យ​ជា​និច្ច» បើ​យើង​បង់​ថ្នាំ​នេះ​ឲ្យ​សង្ឃ​នេះ​មាន​ជីវិត​មក​វិញ​ ​លោក​អាច​នឹង​តម្រូវ​ឲ្យ​យើង​ចុះ​ក្នុង​ទឹក​ពុះ​នោះ​ជា​មិន​ខាន​ ​ហើយ​ក្នុង​ឱកាស​ដ៏​ល្អ​នោះ​ ​លោក​ក៏​អាច​ឆ្លៀត​ធ្វើឃាត​យើង​ ​ហើយ​ដណ្ដើម​យក​រាជបល្ល័ង្ក​ថ្វាយ​បង​យើង​បាន​ងាយស្រួល​បំផុត»។

គិត ​ឃើញ​ដូច្នេះ​ ស្ដេចគំលង់​ក៏​ចាប់​យក​ថ្នាំ​គ្រប់មុខ​គ្រវែង​គ្រវាត់​ចោល​បាត់​អស់​ ​ហើយ​បញ្ជា​ឲ្យ​សេនា​អាមាត្យ​យក​ថ្លាង​ ​និង​សំណែសំណល់​សព​ព្រះសង្ឃ​ទៅ​ចាក់ចោល​ ​ត្រង់​ភ្នំ​បាខែង​ ​ដែល​បន្ដិច​ម្ដងៗ​ ​គេ​និយម​ហៅ​ ​«ភ្នំ​បាក់ខែង»។ ដំណឹង​អកុសល​ដែល​ស្ដេច​គម្លង់​បាន​ធ្វើឃាត​ទៅ​លើ​រូប​ព្រះសង្ឃ​ ​បាន​លេចឮ​ទៅ​ដល់​ព្រះ​គ្រូ​ដែល​គង់នៅ​ឯ​ភ្នំ​គូលែន​ព្រះ​អង្គ​នឹក​ស្រណោះ​ សោកស្ដាយ​យ៉ាង​ខ្លាំង​ដល់​សិស្ស​ ​ដែល​ត្រូវ​បាត់បង់​ជីវិត​ ​ដោយសារ​ស្នាដៃ​ស្ដេច​មួយ​អង្គ​ដ៏​សាហាវយង់ឃ្នង​ ​ព្រះ​អង្គ​ទ្រង់​ខឹង​ខ្ញាល់​ ​ហើយ​ដាក់​បណ្ដាសា​ប្រទេច​ដល់​ស្ដេច​គម្លង់​ ​និង​ប្រទេស​ខ្មែរ​ ​ហេតុ​ដូច្នេះ​ហើយ​បានជា​បណ្ដាជន​ខ្មែរ​មួយ​ភាគ​ធំ​មាន​ជំនឿ​ថា​កម្ម​ពៀរវេរា​ ​ទុក្ខ​ព្រួយ​វេទនា​ ​ស្លាប់​ព្រាត់ប្រាស់​បែកបាក់​គ្រួសារ​ ​ដែល​ខ្មែរ​ទាំង​នគរ​ធ្លាប់​បាន​ជួប​ប្រទះ​រហូត​មក​ដល់​បច្ចុប្បន្ន​ ​គឺ​បណ្ដាល​មក​អំពី​ពាក្យ​បណ្ដាសា​នេះ។​

ការវិភាគ[កែប្រែ]

  • ១.ជំងឺឃ្លង់​ភ្លើង​របស់​ស្ដេច​គម្លង់​ ​គឺជាជំងឺ​របស់​សង្គម​ខ្មែរ​ដែល​ប្រជាជន​ទូទាំង​ប្រទេស​បាន​ជួប​ប្រទះ​ តាំង​តែ​ពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្នកាល​ ​បុព្វហេតុ​ ​គឺ​បណ្ដាល​មក​អំពី​មហាក្សត្រ​របៀប​ធុន​ ​«ព្រះ​ស័ង្ខចក្រ​» ឬ​អ្នកគ្រប់គ្រង​ផែនដី​មិន​បំពេញ​ភារកិច្ច​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ ក្រឹត្យ​ក្រម​ធម្ម​វិន័យ​ ​ដែល​ជា​ប្រភព​នាំ​មក​នូវ​ការ​រំជើបរំជួល​ក្ដៅក្រហាយ​ក្នុង​ផ្ទៃ​នគរ។ ​ ​ការ​ក្ដៅក្រហាយ​មិន​សប្បាយចិត្ដ​នេះ​ហើយ​ ​ដែល​ជំរុញ​បង្កបង្កើត​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ ​និង​ការ​បាក់បែក​ប្រេះឆា​ ​ពិសេស​ដំបៅ​ក្នុង​សង្គម​នេះ​ ​ក៏​ដូច​ជា​ពិស​របស់​មន្ដ្រី​នាគ​ ​ដែល​បាន​ព្រួស​ទៅ​លើ​ព្រះ​ស័ង្ខចក្រ​ដែរ។ ​ព្រះមហាក្សត្រ​ ​ឬ​អ្នកនយោបាយ​ដឹកនាំ​ប្រទេស​ជាតិ​ ​មិន​អាច​គេចវេះ​ ​ជៀសវាង​ឆ្លៀត​យករួចខ្លួន​ឡើយ​ ​ទោះ​ចង់​ ​ឬ​មិន​ចង់​ក៏​ដោយ​ ​គេ​ត្រូវ​តែ​រង​ទទួល​ពិសពុល​ ​ជំងឺឃ្លង់មហាឫក​ដែល​ធ្លាក់​មក​កើត​ស៊ី​រូង​ក្នុង​សង្គម​ជាតិ។​ ​ក្នុង​សង្គម​ជាតិ​នីមួយៗ​ ​កាលណា​អ្នកដឹកនាំ​គ្មាន​សមត្ថភាព​ ​មិន​ចេះ​ចាត់ចែង​រៀបចំ​នគរ​ ​មិន​ស្អាតស្អំ​ ​ពុក​រលួយ​ ​អយុត្ដិធម៌​គ្មាន​វិន័យ​គ្មាន​សន្ដោស​ធម៌​ ​គ្មាន​គិត​អំពី​ផលប្រយោជន៍​ប្រជានុរាស្ដ្រ​ ​និង​ប្រទេស​ជាតិ​ ​ហើយ​គិតតែ​បំផ្លិចបំផ្លាញ​ ​លក់ដូរ​សម្បត្ដិទ្រព្យ​កេរ្ដិ៍​អាករ​ជាតិ​ ​យក​មក​បំពេញ​បំពោក​ក្រុម​គ្រួសារ​បក្សពួក​ ​សង្គម​ជាតិ​នោះ​នឹង​កើត​មានជំងឺឃ្លង់​ ​ឬ​ជំងឺមហារីក​មើល​មិនជា​ឡើយ​ ​ជំងឺ​នេះ​នឹង​ស៊ី​រោលរាល​គ្រប់​ជាន់ថ្នាក់​ ​រហូត​ទាល់តែ​រលាយ​រលត់​អស់​នគរ។​

ដើម្បី​ព្យាបាល​ ជំងឺ​ឃ្លង់​មហារីក​សង្គម​ឲ្យ​បានជា​សះស្បើយ​ដូច​ដើម​ ​ក្នុង​ប្រវត្ដិ​ស្ដេច​គម្លង់​ ​បុព្វបុរស​យើង​បាន​ពន្យល់​ប្រាប់​វិធី​ដោះស្រាយ​រួច​ស្រេច​មក​ហើយ ៖

  • ទី​១​ ​ត្រូវ​តែ​យក​សង្គម​នោះ​មក​ស្ងោ​រជម្រះ​រាង​កាយ​ឲ្យ​មេរោគ​ងាប់​អស់​សិន
  • ទី​២​ ​ត្រូវ​យក​ថ្នាំ​ដាក់​ឲ្យ​កើត​មាន​រូបរាង​វិញ​ ​ឬ​រៀបចំ​កម្រិត​ដាក់​ឲ្យ​មាន​ស្ថាប័ន​ ​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ប្រសើរ​សម្រាប់​សង្គម​ជាតិ
  • ទី​៣​ ​ដាក់​បញ្ចូល​សង្គម​ជាតិ​នូវ​ថ្នាំ​ ​ឬ​ព្រលឹង​ ​ឬ​ទ្រឹស្ដីមនោគម​វិជ្ជា​ជាតិ​ដែល​អាច​ធ្វើ​ឲ្យ​សង្គម​ជាតិ​នោះ​មានជីវិត​ រស់រាន​ ​ល្អ​បរិសុទ្ធ​ប្រពៃ​ទៅ​អនាគត។​ ​
  • ២.វិធី​ពិស្ដារ​ព្យាបាល​សង្គម​របៀប​នេះ​ ​អាច​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ ​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​មិន​សប្បាយចិត្ដ​ពីព្រោះ​គេ​ត្រូវ​អស់អំណាច​ ​និង​បុព្វសិទ្ធិ​ ​ដែល​ជា​ប្រភព​នាំ​ឲ្យ​ពួក​ដឹកនាំ​ ​ឬ​អ្នកនយោបាយ​ទាំងនោះ​ប្រឆាំង​ ​មិន​យល់​ស្រប​ដោះស្រាយ​តាម។​ ​អ្នកនយោបាយ​ជំពូក​នេះ​ ​ដែល​ប្រកាន់​ ​និង​ស្រឡាញ់​អំណាច​ផ្ដាច់​ការ​ ​ហើយ​ដែល​មិន​ធ្លាប់​គិត​អំពី​ប្រយោជន៍​ជាតិ​ ​និង​ប្រើ​កម្លាំងបាយ​ ​ដើម្បី​កម្ចាត់​បំផ្លាញ​គ្រូពេទ្យ​ដែល​មាន​បំណង​ចង់​ព្យាបាល​សង្គម​ជាតិ​ ​តួអង្គ​ជាក់ស្ដែង​មាន​ព្រះ​ស័ង្ខចក្រ​ ​ឬ​ស្ដេច​គម្លង់​ជា​ឧទាហរណ៍​ស្រាប់។​ ​គេ​ចាត់​ទុក​គ្រូពេទ្យ​សង្គម​ជាតិ​ ​ដែល​អាច​រក​មធ្យោបាយ​ល្អ​ដោះ​ជូន​ប្រជាជាតិ​ ​ជា​សត្រូវ​ ​ជា​ឧបសគ្គ​ធំ​ ​ចំពោះ​អំណាច​ផ្ដាច់​ការ​ ​និង​ផលប្រយោជន៍​ក្រុម​គ្រួសារ​បក្សពួក​ផ្ទាល់​របស់​គេ។​ ​ដូច្នេះ​ ​គោលបំណង​ទិស​ដៅ​របស់​គេ​ ​គឺ​ត្រូវ​តែ​បំផ្លាញ​កម្ចាត់​គ្រូពេទ្យ​ ​ឬ​អ្នក​ស្នេហា​ជាតិ​ទាំងនេះ​ ​ឲ្យ​ផុតរលត់​ពូជ​អស់ពី​មុខ​ពី​មាត់​របស់​គេ។​ ​គឺ​គេ​ប្រើ​វិធី​តែ​មួយ​ដូចដែល​ព្រះ​ស័ង្ខចក្រ​បាន​ប្រើ​ទៅ​លើ​ព្រះសង្ឃ។​
  • ៣.ក្នុង​ប្រវត្ដិ​ស្ដេច​គម្លង់​ ​មាន​ចំណោទ​មួយ​បាន​ផ្ទុះ​ឡើង​ត្រង់​ពាក្យ​ ​«គម្លង់» កាលពី​ឆ្នាំ​១៩៦៨​ ​លោក​អូ​-​ឈាង​ ​អ្នកឯកទេស​ខ្មែរ​យើង​ម្នាក់​ ​ខាង​ផ្នែក​ភាសា​ខ្មែរ​ ​បាន​លើកយក​ពាក្យ​ ​«គម្លង់» មក​វែកញែក​អធិប្បាយ​ពន្យល់​យ៉ាង​ល្អិតល្អន់​ក្នុង​អត្ថបទ​មួយ​ចុះ​ផ្សាយ​ ក្នុង​ទំព័រ​ទស្សនាវដ្ដី​ ​Journal​ ​Asiatique​ ​(សារព័ត៌មាន​អាស៊ី) No ​CCLIV​ ​(លេខ​២៥៤) ភាគ​ទី​២​ ​ដោយ​សម្អាង​ទៅ​លើ​ពាក្យ​សំស្ក្រឹត​ ​និង​ទៅ​លើ​សិលា​ចារឹក​ប្រមាណ​ជា​ ៣០​ ​មាន​សិលា​ចារឹក​នៅ​ស្តុកកោះធំ​ សិលា​ចារឹក​សម័យ​អង្គរ​ ​លោក​អូ​-ឈាង​ ​បាន​អះអាង​បញ្ជាក់​ថា​ពាក្យ​ ​«គម្លង់​» លេច​ក្លាយ​ចេញ​មក​ពី​ពាក្យ​ ​«គន្លង» គន្លង​មាន​ន័យ​ថា​ ​ផ្លូវ​ ​មាគ៌ា​ ​ច្បាប់​ ​ឬ​ធម៌ ។ ក្នុង​ន័យ​នេះ​ខ្មែរ​យើង​តែង​និយម​ប្រើ​ ​និង​និយាយ​ដូច​ជា​ ​តាម​គន្លងធម៌​ ​មិន​លុះ​ដោយ​គន្លងធម៌​ ​កូន​លុះ​ដោយ​គន្លងធម៌​ ​គន្លងនង្គ័ល​ជាដើម៘​

ដោយ​មានការ​ផ្លាស់​ប្ដូរ​ទៅ​តាម​ទីកន្លែង​ភូមិស្ថាន​ ​ការ​វិវត្ដ​របស់​សង្គម​កាលសម័យ​ទៅ​តាម​កាល​វេលា​ ​និង​ទៅ​តាម​ការ​ពោល​និយាយ​ស្ដី​ពាក្យ​ ​«គន្លង»​ ​បាន​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ពាក្យ​ ​ក្លោ​ង​ ​ឬ​មេ​ ​ឬ​កន្លោង​ ​ឬ​មេ​ក្លោ​ង​ ​ឧទាហរណ៍​ ​ដូច​ជា​ពាក្យ​ ​សសរកន្លោង​ជាដើម៘​ ​ចំណែក​ពាក្យ​ ​គម្លង់​ ​ដែល​គេ​ប្រើ​សម្រាប់​សម្គាល់​ ​ស្ដេច​គម្លង់​ ​ឬ​ព្រះ​គម្លង់​វិញ​ គឺជា​ការ​ភាន់​ច្រឡំ​ ​បណ្ដាល​មក​ពី​អ្នកប្រាជ្ញ​ស្រាវជ្រាវ​បារាំង​ដែល​ស្គាល់​ពាក្យពេចន៍​ខ្មែរ​ មិន​ច្បាស់លាស់​ ​ហើយ​សំអាងតែ​ទៅ​លើ​ការ​ស្ដាប់សូរ​សព្ទភាសា​និយាយ​ ​បាន​បកប្រែ​ ​និង​សរសេរ​ពាក្យ​ ​គន្លង​ ​ខុស​ន័យ​ដើម​ ​ហើយ​ធ្វើ​ឲ្យ​ក្លាយទៅជា​ ​គន្លង់​ ​ឬ​គម្លង់ ។​ ដល់​គេ​នាំ​គ្នា​ប្រែជា​ភាសា​បារាំង​ ​ពាក្យ​គន្លង​ ​ក៏​ក្លាយទៅជា​ ​«Lépreux» ដូច្នេះ​ហើយ​ក្នុង​ការ​បកប្រែ​ភាសា​បារាំង​ ​បើ​តាម​លោក​អូ​-ឈាង​ ​ពាក្យ​ ​«ស្ដេច​កន្លោង» បាន​ក្លាយទៅជា​ ​Roi​ ​Lépreux ​ហើយ​ពាក្យ​បារាំង​ដដែល​នេះ​ ​កាលណា​គេ​បកប្រែ​ទៅ​ជា​ភាសា​ខ្មែរ​វិញ​ត្រលប់​ជា​មាន​ន័យ​ថា​ ​«ស្ដេច​គម្លង់»។

  • ៤.ម្យ៉ាង​មួយទៀត​ចំណុច​មួយទៀត​ដែល​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ ​ចោទសួរ​បញ្ហា​នោះ​ ​គឺ​ត្រង់​រូប​ស្ដេច​គម្លង់​ ​ឬ​ព្រះ​គម្លង់​ (ខ្មែរ​និយម​ហៅ​ «ព្រះ​គម្លង់» មួយ​ប៉ុណ្ណោះ) ត្រូវ​បាន​ប្រជាជន​ខ្មែរ​គ្រប់​ច្រកល្ហក​ស្រឡាញ់​គោរព​ ​កោតខ្លាច​ទុក​ជាទី​សក្ការបូជា​ ​ព្រះ​គម្លង់​ ​ដែល​ខ្មែរ​តែងតែ​ទៅ​នាំ​គ្នា​អុជ​ធូប​បន់ស្រន់​ដាក់​ភ្ញីផ្កា​ធ្វើបុណ្យ​ ទាន​ថ្វាយ​ ​និង​គោរព​ជា​ប្រក្រតី​ ​មាននៅ​ក្នុង​អង្គរធំ​ ​និង​មុខ​វត្ដ​ឧណ្ណាលោម៘​ តាម​ការ​ពិត​ទៅ​ ​ក្នុង​ប្រវត្ដិសាស្ដ្រ​ ​គ្មាន​ប្រជារាស្ដ្រ​ណាមួយ​ស្រឡាញ់​ស្ដេច​គម្លង់​នោះ​ឡើយ​ ​ពីព្រោះ​ស្ដេច​អង្គ​នេះ​ ​គ្មាន​ទសពិធរាជធម៌​ ​ហើយ​កាច​សាហាវ​ឃោរឃៅ​ ​ស្ដេច​នេះ​គិតតែ​អំណាច​ ​និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​ធ្វើ​ម្ដេច​នឹង​ចេះ​ស្រឡាញ់​ ​ហើយនឹង​ជួយ​ប្រជានុរាស្ដ្រ​ទន់ខ្សោយ​ដែល​មានទុក្ខ​ទោស​នោះ​កើត ? ដូច្នេះ​ព្រះ​បដិមាករ​នេះ​ ​មិនមែន​ជា​តំណាង​ស្ដេច​គម្លង់​ទេ​ ​ព្រះ​គម្លង់​នេះ​ ​បើ​យោង​ទៅ​តាម​ការ​វែកញែក​របស់​ ​លោក​អូ​-​ឈាង​ ​គឺ​ពិតជា​ព្រះ​កន្លោង​ ​ឬ​ព្រះធម៌​ឬ​ព្រះ​ដែល​មានធម៌​ ​ឬ​ព្រះ​ទ្រង់ធម៌។​

មួយ​ផ្នែក​ទៀត​ ​មនុស្ស​សម័យ​បារាំង​ធ្វើការ​ស្រាវជ្រាវ​នៅ​ប្រទេស​ខ្មែរ​ ​បដិមាករ​ដែល​គេ​នាំ​គ្នា​ប្រសិទ្ធិ​នាម​ដាក់​ឈ្មោះ​ថា​ ​ស្ដេច​គម្លង់​នោះ​ ​មិន​ដែល​មានឈ្មោះ​អ្វី​ពិតប្រាកដ​ដែរ​ ​គឺ​គ្រាន់តែ​ជា​ព្រះ​បដិមាករ​មួយ​អង្គ​ ​ដែល​គេ​តែងតែ​នាំ​គ្នា​ទៅ​គោរព​បូជា​ប៉ុណ្ណោះ​ ​ព្រះ​បដិមាករ​នេះ​ ​ក៏​អាច​ជា​រូបសំណាក​វីរៈបុរស​ខ្មែរ​ស្នេហា​ជាតិ​ម្នាក់​ ​ដែល​បាន​កសាង​អង្គរ​ដែរ។​

  • ៥.ក្នុង​បញ្ហា​ស្ដេច​គម្លង់​ ​និង​ព្រះ​គម្លង់​ ​ឬ​ព្រះ​កន្លោង​ យើង​ស្ថិត​នៅ​ចំពោះ​មុខ​ហេតុ​ ​និង​ព្រឹត្ដិការណ៍​ ២ ​ខុស​គ្នា​ស្រឡះ៖​

មួយ ​ ​គឺ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៥​ ​ព្រះ​ស័ង្ខចក្រ​ ជា​ស្ដេច​អយុត្ដិធម៌​ ​គ្មាន​សន្តោស​ ​មេត្ដាធម៌​ ​គ្មាន​ទសពិធរាជធម៌​ ​ដែល​គេ​ស្អប់ខ្ពើម​ជាទី​បំផុត និង​ពីរ​ ​គឺ​ព្រះ​គន្លង​ ​ឬ​ព្រះ​កន្លោង​ ​ឬ​ព្រះធម៌​ ​ឬ​ព្រះ​ទ្រង់ធម៌​ ​ដែល​ល្អ​បរិសុទ្ធ​ ​មាន​ឬទ្ធិ​អំណាច​តេជបារមី​ ​ចេះ​ស្រឡាញ់​ការពារ​ថែរក្សា​ផ្ដល់​សេចក្ដី​សុខក្សេមក្សាន្ដ​ ​និង​ចម្រើន​លូតលាស់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ព្រះ​អង្គ​ត្រូវ​បាន​ខ្មែរ​ទូទាំង​នគរ​ ​ស្រឡាញ់​ចូល​ចិត្ដ​ ​គោរព​បូជា​ ​សុំ​សុខ​ ​ជ្រកកោន​ក្រោម​ម្លប់​បារមី។​ ​ ដោយ ​សំអាង​ទៅ​លើ​ហេតុការណ៍​ ​និង​ហេតុផល​ដូច​បាន​រាប់រៀប​រួច​មក​ស្រាប់​ ​ខ្ញុំ​យល់​ ​និង​ជឿជាក់​ថា​ មាន​តួអង្គ​ទាំងអស់​ដល់​ទៅ​ពីរ​ ​ដែល​មាន​លក្ខណៈ​ផ្ទុយ​ខុស​គ្នា​ទាំងស្រុង​ ​គឺ​មិនមែន​មាន​តួអង្គ​តែ​មួយ​គត់​នោះ​ទេ​ ​ក្នុង​ឈ្មោះ​ស្ដេច​គម្លង់​ ​ឬ​ព្រះ​គម្លង់​ ​ឬ​ព្រះ​កន្លោង​ ​ឬ​ព្រះ​គន្លង​ ​តួអង្គ​ទី​មួយ​គឺ​ស្ដេច​គម្លង់​ ​ឬ​ព្រះ​ស័ង្ខចក្រ ក្សត្រ​ខ្មែរ​ទី​១៥​ ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​និង​ទី​ពីរ​ ​គឺ​ព្រះ​គន្លង​ ​ឬ​ព្រះ​កន្លោង​ដែល​ជា​ព្រះធម៌​ ​ជា​អ្នក​ការពារ​ ​ជា​វីរៈបុរស​ស្នេហា​ជាតិ​ ​និង​ជា​មេ​កើយ​គ្រប់គ្រង​ណែនាំ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​ឲ្យ​ឆ្ពោះទៅ​រក​សេចក្ដីចម្រើន​ ​សុខ​សិរីសួស្ដី​តាម​ផ្លូវ​គតិធម៌

ឯកសារយោង[កែប្រែ]

មុនដោយ
ព្រះបាទជេដ្ឋាជ័យ
មហានគរ តដោយ
ព្រះបាទចក្រព័ត្រ