ហោជាង

ពីវិគីភីឌា

និយមន័យ[កែប្រែ]

ហោជាងជាបន្ទះក្តារផ្គុំជាប់គ្នាធ្វើជារូបឆាកមានសណ្ឋានស្រដៀងនិងត្រចៀកដំរី របាំងដាក់ខាងក្រោមចុងដំបូលព្រះវិហារ ឬសាលាជាដើមមានសណ្ឋានបីជ្រុងស្មើគ្នា ឬស្រួចខាងលើបន្តិច ធ្វើជាឋានលាតក៏មានឆ្លាក់ជាក្បាច់រចនាក៏មាន[១]។ ហោជាងគឺជារបាំងដែលស្ថិតនៅត្រង់ខាងចុងដំបូលប្រាសាទ និងព្រះវិហារ ដែលមានរាងជាត្រីកោណ ឬ ៣ ជ្រុង។

លក្ខណៈហោជាង[កែប្រែ]

ចម្លាក់លើហោជាងនៅប្រាសាទប្រាសាទចៅសាយទេវតាព្រះរាជាណាចក្រកម្ពុជា

នៅក្នុងសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ និងវត្តអារាម ចាប់តាំងពីសម័យបុរេអង្គរជារៀងរហូតមក ខ្មែរយើងតែងតែតុបតែងលំអនៅលើផ្ទៃហោជាង ដោយរូបចម្លាក់ពាក់ព័ន្ធទៅនឹងទេវកថា ឬក៏ក្បាច់ភ្ញីទេស។ ហោជាងមានទីតាំងស្ថិននៅលើផ្តែរ និងសសរពេជ្រនៅតាមប្រាសាទបុរាណខ្មែរ។ ហោជាងព្រះវិហារសព្វថ្ងៃ ពិតជាកើតចេញពីហោជាងនៃសំណង់ប្រាង្គប្រាសាទបុរាណខ្មែរយ៉ាងប្រាកដ ដោយហេតុថា នៅក្នុងសំណង់ខ្មែរយើងហោជាងដែលបុព្វបុរសខ្មែរបាននិយមប្រើប្រាស់ នោះ គឺមានលក្ខណៈមិនខុសបែ្លកប៉ុន្មានពីហោជាងប្រាសាទឡើយ ។ ដូចករណីនៃហោជាងនៅប្រាសាទអាស្រមមហាឫសី នៅស្រុកអង្គរបុរី ខេត្តតាកែវជាដើម ។ ដោយឈរលើមូលដ្ឋាននេះ គ្មានបញ្ហាគួរឲ្យលំបាកនឹងយល់ទេ ព្រោះហោជាងព្រះវិហារ គឺផ្ដើមចេញពីហោជាងនៃសំណង់បែបព្រហ្មញ្ញសាសនា។ ខុសពីហោជាងប្រាសាទ ហោជាងព្រះវិហារ ដែលមានក្បាច់ភី្ញទេសហ៊ុំព័ទ្ធជុំវិញ ចម្លាក់កណ្ដាលធ្វើអំពីឈើ(អភិរក្សដ្ឋានអង្គរ) ។ តែសព្វថ្ងៃនេះ ការប្រើហោជាងឈើ ត្រូវបានបាត់បង់ទៅហើយ ដោយត្រូវបានជំនួសជាទូទៅដោយពុម្ពស៊ីម៉ង់ត៍ទៅវិញ ។ នាសម័យបុរេអង្គរ ក្នុងអន្តរកាលរវាងនគរភ្នំ និងចេនឡា ហោជាងមានរាងមូលឬកោង ដូចដែកក្រចកសេះ (គូលែន) ប៉ុន្ដែចាប់តាំងពីសម័យអង្គរមក ស្ថាបត្យករខ្មែរកសាងហោជាងខ្មែរមានសណ្ឋានបីជ្រុងទៅវិញ (ព្រះវិហារ) ។ លក្ខណៈពិសេសត្រង់ទម្រង់ជាត្រីកោណនេះ បញ្ជាក់ពីការផ្លាស់ប្តូរនូវការពេញនិយម ឬចូលចិត្តតែប៉ុណ្ណោះ ដូច្នេះហើយបន្ទាប់ពីក្បាច់ផ្ដែរ ក្បាច់ហោជាងមានលក្ខណៈផ្ចិតផ្ចង់សំរិតសំរាំងខ្លាំងជាងគេបង្អស់ ក្នុងវិស័យស្ថាបត្យកម្មបុរាណខ្មែរ ។ ក៏ដូចសំណង់ព្រះវិហារបុរាណដែរ ក្បាច់ចម្លាក់នៅចំកណ្ដាលផ្ទៃហោជាងប្រាសាទ មានការតុបតែងលំអផ្សេងៗ តែភាគច្រើនពាកព័ន្ធទៅនឹងយុទ្ធកថាធំៗ នៃលទ្ធិសាសនា ហើយតាមរយៈចម្លាក់ទាំងនោះ យើងអាចស្វែងយល់អំពី និន្នាការសាសនានាសម័យបុរាណ ។ ឧទាហរណ៍យោងតាមបដិមាសាស្ត្រ លើផ្ទៃហោជាង យើងអាចបកស្រាយថា ប្រាសាទដែលត្រូវបានស្ថាបនាហើយនោះ គេឧទ្ទិសចំពោះអាទិទេពអង្គណាយ៉ាងជាក់ច្បាស់ ។តួអង្គដែលនៅចំកណ្ដាលហោជាង ហើយដែលជាតួអង្គសំខាន់ជាងគេនោះ ភាគច្រើនគឺព្រះវិស្ណុ ព្រះគ្រឹស្ណៈ ព្រះឥន្ទ្រ ៘ រីឯនៅផ្នែកខាងក្រៅ នៃហោជាង គឺមានលំអនូវដងក្ដារដែលមានរាងជាខ្លួននាគសណ្ដូកសំយ៉ុងចុះមកក្រោម តាមជម្រាលដំបូល ហើយផ្នែកខាងក្រោមគឺលំអដោយក្បាលនាគ និងផ្នែកខាងលើចុះមេដំបូលលំអដោយខ្លួននាគដែលហៅ ជហ្វា។

ឯកសារយោង[កែប្រែ]

  1. ការផ្សាយពុទ្ធសាសនបណ្ឌិតឆ្នាំ១៩៦៨ វចនានុក្រមខ្មែរ ទំព័រទី១៥៦៤