ប្រវត្តិសាស្ត្រចាម្ប៉ា

ពីវិគីភីឌា
Jump to navigation Jump to search

ប្រវត្តិសាស្ត្រចាម្ប៉ាចាប់ផ្ដើមនៅក្នុងសម័យបុរេប្រវត្តិដែលមានទេសន្តប្រវេសន៍នៃពួកបុព្វបុរសនៃជនជាតិចាមមកកាន់អាស៊ីអាគ្នេយ៍ដីគោក និងការបង្កើតឡើងនគរតាមមាត់សមុទ្របែបឥណ្ឌូបនីយកម្មដែលបានតាំងនៅត្រង់អ្វីដែលជាវៀតណាមកណ្ដាលសព្វថ្ងៃនេះ ក្នុងប៉ុន្មានសតវត្សដំបូងនៃគ.ស និងបញ្ចប់នៅពេលការរលំរលាយចុងក្រោយនៃនគរនេះ ហើយនគរត្រូវបានបញ្ចូលនិងលេបត្របាក់បានដោយអណ្ណាមក្នុងឆ្នាំ១៨៣២។

បុរេប្រវត្តិ[កែប្រែ]

ពួកចាមជាប់ខ្សែលោហិតពីពួកអ្នកតាំងនិគមថ្មីម៉ាឡេ-ពហុទ្វីបដែលបានលេចឡើងក្នុងអាស៊ីអាគ្នេយ៍ដីគោក ចេញមកពីបណេអូ ប្រហែលជានៅសម័យវប្បធម៌សាហ៊្វីញក្នុងសតវត្សទី២ និងទី១ មុនគ.ស។ មានសិប្បកម្មដីដុត ឧស្សាហកម្ម និងការបញ្ចុះសពជាច្រើនហូរហែដែលគេបានប្រកាសថាត្រូវនឹងស្ថានីយ៍មួយចំនួនដូចជា គុហានៀហនៅសារ៉ាវ៉ាក់ ម៉ាឡេស៊ីខាងកើតដែរ។ ស្ថានីយសាហ៊្វីញសំបូរទៅដោយវត្ថុបុរាណធ្វើពីដែក ខុសស្រឡះពីស្ថានីយ៍វប្បធម៌ដុងសឺនដែលបានរកឃើញនៅវៀតណាមភាគខាងជើង និងកន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ដីគោក ដែលគេរកឃើញវត្ថុបុរាណធ្វើពីសំរឹទ្ធយ៉ាងច្រើនលើសលប់។ ភាសាចាមជាចំណែកមួយនៃអំបូរភាសាទក្សិណាស៊ី។ តាមរយៈការសិក្សាមួយ ជនជាតិចាមមានជាប់ពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹងអ្នកអាឆេ។[១]

ព្រេងនិទាននៃការកកើត[កែប្រែ]

ចាមបុរាណអះអាងថាស្ថាបនិកនៃរដ្ឋចាមគឺនាងពោនគរ។ នាងមានកំណើតពីខេត្តខាញ់ហ្វា ក្នុងត្រកូលកសិករនៅឯជួរភ្នំដាយអាន។ ពួកអារក្សបានជួយនាងនៅពេលនាងបានចេញក្ដោងលើកំណាត់ឈើខ្លឹមចន្ទន៍ទៅប្រទេសចិន ទៅដល់ទីនោះនាងបានរៀបអភិសេកជាមួយនឹងម្កុដរាជកុមារ ដែលជាបុត្រនៃអធិរាជចិន ជាមួយទ្រង់នាងបានបុត្រពីរអង្គ ហើយក្រោយមកនាងក្លាយជាអង្គក្សត្រីនៃចាម្ប៉ា។[២] នៅពេលនោះព្រះនាងចង់ត្រឡប់ទៅចាម្ប៉ាវិញដើម្បីទៅលេងគ្រួសារព្រះនាង ប៉ុន្តែព្រះអង្គម្ចាស់បានបដិសេធមិនអោយព្រះនាងយាងទៅទាល់តែសោះ តែព្រះនាងបានបោះឈើខ្លឹមចន្ទន៍ចូលទៅក្នុងមហាសាគរ ឈើនោះក៏បានបាត់ទៅព្រមគ្នាជាមួយបុត្ររបស់ព្រះនាងនិងបានផុសចេញនៅញ៉ាត្រាងចំពោះមុខគ្រួសាររបស់ព្រះនាង។ នៅពេលនោះព្រះអង្គម្ចាស់ចិនបានខំដេញតាមយកព្រះនាងពីញ៉ាត្រាងមកវិញ ក្រោយមកព្រះនាង ទ្រង់ក៏បានខ្ញាល់យ៉ាងខ្លាំង និងបានជប់ព្រះអង្គម្ចាស់ និងកងទ័ពសំពៅរបស់ទ្រង់ទៅជាថ្មអស់ទៅ។[៣][៤][៥]

វប្បធម៌សាហ៊្វីញ[កែប្រែ]

វប្បធម៌សាហ៊្វីញគឺជាសង្គមយុគលោហៈចុងសម័យបុរេប្រវត្តិនៅត្រង់ឆ្នេរកណ្ដាលនៃប្រទេសវៀតណាម។ ក្នុងឆ្នាំ១៩០៩ ក្រឡកប់ខ្មោចប្រហែល ២០០ ត្រូវបានគេគាស់ឃើញនៅសាហ៊្វីញ ភូមិនៅតាមឆ្នេរមួយស្ថិតនៅភាគខាងត្បូងដាណាង។ ចាប់តាំងពីពេលនោះ កន្លែងកប់សពជាច្រើនទៀតត្រូវបានគេរកឃើញ នៅក្នុងស្ថានីយ៍ចំនួន ៥០។ សាហ៊្វិញបង្ហាញនូវវប្បធម៌យុគសំរឹទ្ធតាមតំបន់ផ្សេងៗ ដែលមានរចនាបថពូថៅ កាំបិតស្នៀត និងគ្រឿងអលង្ការណ៍ផ្ទាល់របស់វា។ ការកំណត់កាលតាមកាបូនបានដាក់ទីតាំងរបស់វប្បធម៌សាហ៊្វិញ ឱ្យស្ថិតក្នុងសម័យកាលប្រហាក់ប្រហែលគ្នានឹងវប្បធម៌ដុងសឺនដែរ ដែលវាមានអាយុកាលប្រហែលជានៅសហវត្សទីមួយម.គ។

ឯកសារយោង[កែប្រែ]

  1. "From Ancient Cham to Modern Dialects" Books.google.com ដកស្រង់នៅថ្ងៃ 28 December 2014
  2. Oscar Chapuis (1995) A history of Vietnam: from Hong Bang to Tu Duc Greenwood Publishing Group p. 39 ISBN 0-313-29622-7 ដកស្រង់នៅថ្ងៃ 2010-06-28
  3. J. Hackin, Paul Louis Couchoud (2005) Asiatic Mythology 1932 Kessinger Publishing p. 225 ISBN 1-4179-7695-0 ដកស្រង់នៅថ្ងៃ 2010-06-28
  4. J. Hackin, Paul Louis Couchoud (2005) Asiatic Mythology 1932 Kessinger Publishing p. 226 ISBN 1-4179-7695-0 ដកស្រង់នៅថ្ងៃ 2010-06-28
  5. Schultz, George F. "The sandalwood maiden" Vietspring.org ដកស្រង់នៅថ្ងៃ 2010-06-28