សុជាតកុមារ

ពីវិគីភីឌា

រឿងសុជាតកុមារ (​ ចាក សុ​. ប. )

( អ្នកតូចគួរទូន្មានអ្នកធំ ដោយ​ឧបាយ​កល​ )


ក្នុង​កាល​កន្លង​ទៅ​ហើយ​​​ ព្រះ​បាទព្រហ្ម​ទត្ត​សោយ​រាជ​សម្បត្តិ​​ ក្នុង​ក្រុងពារាណ​សី​ កាល​នោះ​ព្រះ​សម្ពុ​ទ្ធ​បរម​គ្រូ​ទ្រង់​សោយ​ព្រះ​ជាតិ​ក្នុង​ត្រកូល​ កុដុ​ម្ពី ក៍​មាននាម​ប្បញ្ញត្តិថា​ សុជាតៈ​ បាន​សិក្សា​សិល្ប​សាស្រ្ត​ចេះ​សព្វ​គ្រប់​ហើយ​ ក៏ទំនុកបំរុង​បំរើ​មាតា​បិតា​ដោយ​គោ​រព​ ។

ថ្ងៃ​មួយ​ជីតា​របស់​សុ​ជាត​កុមារ​ អនិច្ចកម្ម​ទៅ​ កុដុម្ពីក៍​ជាបិតា​របស់សុជាត កុមារ​ មានសេចក្តី​សោក​ស្តាយ​ វិយោគ​យំ​រៀប​រាប់​ អាល័យ​ចំពោះបិតា​នោះ​ក្រៃ​ពេក​ លុះធ្វើ​ឈាប​នកិច្ច​បូ​ជា​សព​រួ​ច​ហើយ​ រើស​ប្រ​មូល​ឆ្អឹង​ខ្ចប់​នឹង​កំណាត់​​សំពត់​ យកទៅ​បញ្ចុះ​ទុក​ក្នុង​ស្តូប​ ដែលសាង​ទុក​ក្នុង​សួន​ដំ​ណាំ​ខាង​​ក្រោយ​​ផ្ទះ​របស់​ខ្លួ​ន ។

រាល់​តែ​ថ្ងៃ បិតា​របស់​សុជាតកុមា​រ​ តែងទៅ​ធ្វើ​កិច្ច​គោរពបូជា​ស្តូប នោះ​ដោយ​មែក​ឈើ​​ ផ្កា​ឈើ​ផ្សេង​ៗ​ ហើយ​ដើរ​​​ប្រទក្សិណ​​យំ​រៀប​រាប់​សោកស្តាយ​ជា​អនេក​ប្បការ​ រូបកាយ​របស់​គាត់​ ក៏​ក្រៀម​ក្រម​សៅ​ហ្មង​ដោយ​ទឹក​ភ្នែក​ ដេក​មិនលក់​បក់មិន​ល្ហើយ​ ភ្លេច​បាយ​ភ្លេច​ទឹក ការងារ​ទាំង​ពួង​ ក៏​អាក់ខាន​ឈប់​ធ្វើ​អស់​ ។

សុ​ជាតកុមារ​ បាន​ឃើញ​​​វិប្បការៈ​របស់​បិតា​​ខុស​ប្រ​ក្រ​តី​ដូច្នេះ​ហើយ​ ក៏​គិត​ថា​ បិតា​អញ​តាំងពី​លោកតា​​អនិច្ចកម្ម​ទៅ​ មាន​តែ​សេចក្តី​ទុក្ខ​សោក​សៅ​តែ​ម្យ៉ាង​ មនុស្ស​ដ៏​ទៃ​ក្រៅពី​អាត្មា​អញមិនមាន​នណារមួយ​ អាចជួយ​ដោះ​ទុក្ខ​គាត់​បាន​ តើ​អញ​នឹង​​រក​ឧបាយកល​ដូច​ម្តេច​​ នឹងរំលត់​សេចទុក្ខ​របស់​គាត់​ ។

សុជាតកុមារ​ ខំ​គិត​រកឧបាយកល​ជាច្រើន​ថ្ងៃ​ ថ្ងៃមួយ​ចេញ​អំពីផ្ទះ​ទៅ​ក្រៅ​ភូមិ​ បាន​ឃើញ​គោ​ស្លាប់​មួយ​ ដែល​គេ​អូសយកទៅចោល​. ឧបាយ​ដែល​គិត​ទុក​យូណាស់​មក​ហើយ​ ក៏លេច​ប្រាកដ​ឡើង​ ទើប​ទៅ​យក​ស្មៅ​និង​ទឹក​ មក​ដាក់​​ក្បែមាត់​ខ្មោច​គោ​នោះ​ កាលបើ​ឃើញ​ជនណា​មួយដើរ​ទៅ​ជិត​ ក៏​តាំង​យំ​សោក​និយាយ​​អង្វរ​ខ្មោចគោ​នោះ​ថា​ នែ​សំឡាញ់​ ! ចូរក្រោកឡើង​ !​ ស៊ី​ស្មៅ​ផឹក​ទឹក​ទៅ​ កុំ​ដេក​យូ​រ​ពេក ។

មនុស្ស​ទាំង​ឡាយ​ឃើញ​ដូច្នោះ​ហើយ​សង្ស័យ​ណាស់​ ទើបសួរ​ថា​ លោក​សុ​ជាត​ !​ ពី​ពេល​មុន​ ខ្ញុំស្គាល់លោក​ច្បាស់​ថា​ ជា​អ្នកប្រាជ្ញ ជាមនុស្ស​ល្អ​ត្រឹមត្រូវ​ ថ្ងៃនេះ​ខ្ញុំ​មើល​ទៅ​លោក​ ហាក់​ដូច​ជា​មនុស្ស​​​វិកលចរិត ។​ សុជាត​កុមារ​ មិន​អើ​ពើ​នឹង​ពាក្យ​សំដី​របស់​មហា​ជន​ឡើយ​ នៅ​តែ​ធ្វើ​អាការៈ​ដូច្នោះ​យ៉ាង​ព្រ​ងើយ​កន្តើយ​ ហាក់ដូច​ជាមិន​ដឹង​មិន​ឮ​ ។​

កិច្ចការ​ដែល​សុជាត​​កុមារ​ប្រ​ព្រឹត្ត​ធ្វើ​ទាំង​ប៉ុន្មាន​ ក៏​ឮរន្ទឺ​សុះ​សាយ​ពេញ​ពាស​ទីក្រុង​ទាំងមូល​ ។ ជន​ជាញាតិ​មិត្រ​បង​ប្អូន​ បានឮ​ដំណឹង​នោះ​ហើយ​ ក៏​ទៅ​ប្រាប់​ដល់​កុដុម្ពីក៍​ជាបិតា​ថា​ លោក​កុដុម្ពីក៍​ !​ កូនរបស់​លោក​វិកលចរិត​ហើយ​ បានយក​ទឹកនិង​ស្មៅ​ទៅដាក់​ក្បែរមាត់​គោស្លាប់​មួយខាងក្រៅ​ភូមិ​ ហើយ​យំ​សោករៀបរាប់​ ហៅ​ខ្មោច​គោ​នោះ​ឳ្យ​ក្រោកស៊ី​ស្មៅផឹកទឹក. លោកមិនដឹងទេឬ​ ? ។

កុដុម្ពីក៍បានឮដូច្នោះ​ហើយ ទើបហៅកូនមកសួរ​ថា​ កូនសំឡាញ់បិតា​ !​ បិតាឮថាកូនឯង​យំសោក​អា​ឡោះ​អា​ល័យ​ចំពោះ​គោ​ស្លាប់​ ដែលគេ​អោសទៅចោលខាងក្រៅភូមិ​មែនឬ ?​ បាទ ! ខ្ញុំធ្វើយ៉ាងហ្នឹងមែនលោក​ឪពុក, ឳកូនសំឡាញ់ ! ហេតុអ្វី​ក៏​ឆោត​ម្លេះ​ បិតា​សូម​សួរ​កូន​បន្តិច​ កូន​នឹក​ឃើញ​ដូច​ម្តេច​ ?​ បាន​ជា​យក​ស្មៅ​និង​ទឹក​ទៅ​ដាក់​ក្បែ​រ​មាត់​គោ​​ស្លាប់​ ហើយ​យំ​សោក​រៀបរាប់​អង្វរគោ​ឳ្យ​ស៊ី​ស្មៅ​ផឹកទឹក​ ?​ ធ្វើ​ដូច្នេះ​មិនមែនជា​លក្ខណៈ​របស់​​បណ្ឌិតទេ​ ជា​អំ​ពើ​ប្រាស់​ចាក​ប្រយោជន៍​ទាំងពួង ។

សុជាតកុមារ​បាន​ស្តាប់​បិតានិយាយ​ដូច្នេះ​ហើយ មានសេចក្តីត្រេកអរ​ណាស់​ដោយ​នឹក​ឃើញ​ថា​ ឳកាស់​នេះ​សមគួរហើយ​ ទើបនិយាយដោយ​វាចាទន់​ភ្លន់​តបពាក្យ​បិតា​ថា ​បាទ​លោកឪពុក​ ! ការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ ខ្ញុំ​សូមទទួល​កំហុស​ទាំង​អស់​ព្រោះ​ជា​អំពើ​របស់​មនុស្ស​ទន់​ខ្សោយ​ គ្មាន​វិចា​រណញ្ញាណ, ធម្មតា​គោ​ស្លាប់ហើយ​ អវយវៈគ្រប់​ចំណែក ក៏ស្លាប់ទៅព្រមគ្នាមិនអាច​កំរើកបាន​ឡើយ​​ ប៉ុន្តែគោដែលស្លាប់នោះ​ នៅមានរូបប្រាកដ​មើលឃើញ​ច្បាស់ គួរ​ឳ្យ​អាឡោះអាល័យ​​បាន ។

ខ្ញុំសូមសួរលោក​ឪពុកបន្តិច​ថា​ ការដែល​លោកឪពុកយំសោកអាឡោះ​អាល័យ​លោកតា​ ដែលអនិច្ចកម្មទៅ​នៅសល់តែ​ឆ្អឹង​ បញ្ចុះក្នុងចេតិយ​ ឥតឃើញ​រូប​ប្រាកដដល់ភ្នែក សូម្បីត្រឹមតែអវយវៈណាមួយ​ ក៏​មើល​មិន​ឃើញនោះ តើលោកតា​នឹង​ត្រឡប់រស់ឡើងវិញ​ដោយ​ការយំសោក​របស់​លោកឪពុកនោះ​ឬ ? សូមលោកឪពុកពិនិត្យមើល តើអំពើរបស់ខ្ញុំនិងលោក​ឪពុកខាង​ណាគ្រាន់បើជាង​ ? ។​

កុដុម្ពីក៍​ បានស្តាប់​​ពាក្យសំដី​ដែលសម​ហេតុ​ផល​ របស់​បុត្រហើយ​ក៏​គិត​ថា​ កូនរបស់​អញ​ជាបណ្ឌិត​ មានប្រាជ្ញា​អាច​​ជួយដោះទុក្ខ​របស់អញបានដោយ​ឧបាយ​ដ៏ប្រសើរ. ទើបនិយាយ​នឹង​កូន​ថា​ ម្នាល​សុជាត ! ឪពុក​ត្រេក​អរ​ណាស់​ អ្នកបានគិតរក​ឧបាយ​បង្ហាញ​ឪពុកឳ្យដឹងច្បាស់​ នូវការ​មិន​ទៀង​របស់​សង្ខារ​បាន​ដោយ​ជាក់​ច្បាស់​​ចាប់​តាំង​ពីពេលនេះទៅ ឪពុកអស់សេចក្តីទុក្ខ​សោកអាឡោះ​អាល័យ​ទៀត​ហើយ​ ​។ បិតារបស់សុជាកុមារ​ ក៏​អស់​សេចក្តី​សោក​ចំពោះ​បិតា​តាំងពីថ្ងៃ​នោះ​​ទៅ ៕

ឯកសារយោង[កែប្រែ]

  1. ដកស្រង់ចេញប្រជុំ​និទាន​ជាតកភាគ១​ របស់​ព្រះ​បាឡាត់​ឧត្តម​លិខិត​ សុង​ ស៊ីវ​​ ។​
  2. ព្រះត្រៃបិដក > ​ សុត្តន្តបិដក > ខុទ្ទកនិកាយ > បេតវត្ថុ > រឿងគោណប្រេត​ (សៀវភៅលេខ ៥៦ ទំព័រទី​ ១០ ដល់ទំព័រទី ១១​) ។