ច្បាប់ប្រុស
| នេះបទព្រហ្មគីតិ |
ពីព្រេងព្រឹទ្ធទុកទូន្មាន |
| ចែងចងជានិទាន |
ទុកគ្រាន់មើលជាច្បាប់ថ្មី។ |
| ឲ្យអស់កូនចៅក្រោយ |
ស្ដាប់កុំឲ្យភ្លេចស្មារតី |
| ប្រដៅទាំងប្រុសស្រី |
យកទុកខ្លួនគ្រប់អាត្មា។ |
| ធម្មតាកើតជាមនុស្ស |
ទោះស្រីប្រុសក្រណាស់ណា |
| ក្រគិតក្នុងចិន្ដា |
ឲ្យបានដឹងសមនិងគួរ។ |
| នឹងអស់ញាតិសន្ដាន |
សោះគេមានពាក្យថាជួ |
| កុំឆ្មើងកុំតែងតួ |
ធ្វើកំប៉ោងកុំពាក្យធំ។ |
| នឹងដើរដូចភុជង្គ |
ឲ្យឱនអង្គអាចបារម្ភ |
| ឲ្យត្រូវនឹងច្បាប់ក្រម |
គួរប្រតិបត្តិកុំឲ្យឆ្គង។ |
| រៀនបទរៀនបាទចាស៎ |
កុំច្រឡាសលើរៀមច្បង |
| ស្រដីនឹងអ្នកផង |
ពាក្យឲ្យគួរកុំឯងវ៉ី។ |
| អឺអើអញដាច់សាច់ |
ឆ្គងពាក្យគេស្រដី |
| ដើមដៀលឲ្យអប្រិយ |
ស្រដីថាកូនអត់ពូជ។ |
| ចាស់ទុំមិនប្រដៅ |
ជេរកូនចៅទើបវាខូច |
| គេថាកូនឥតពូជ |
មិនដឹងច្បាប់នឹងចាស់ទុំ។ |
| គេដៀលដល់ម៉ែឪ |
កេរ្តិ៍អាស្រូវស្អុយរហ៊ុំ |
| គេស្ដីដើមជៀវជុំ |
ជំនៀលនោះដល់មកចាស់។ |
| កុំកាចកុំស្លូតពេក |
កុំចំអៀករៀនរហ័ស |
| កុំខ្លាចកុំហ៊ានណាស់ |
ឲ្យរំពឹងរំពៃគ្រប់។ |
| ទោះដេកឲ្យរហ័ស |
ភ្ញាក់មុនចាស់ដោះឡើងលុប |
| មុខមាត់មើលឲ្យគ្រប់ |
ទ្រព្យរបស់សឹមដេកវិញ។ |
| ស្លាម្លូស៊ីឲ្យច្រៀក |
កុំបីបៀកទាំងមូលមិញ |
| តូចធំឲ្យច្រៀកចេញ |
តាមពាក្យចាស់ថាអភ័ព្វ។ |
| ដេកយូរកុំដេកយូរ |
ហើយទទូរដូចគេងាប់ |
| សំពត់ស្លៀកឲ្យខ្ជាប់ |
កុំឲ្យអាក្រាតក្រៅខ្លួន។ |
| នឹងដេកកុំទ្រមក់ |
ឲ្យលង់លក់ក្រៅពីក្បួន |
| បើភ្ញាក់ឲ្យដឹងខ្លួន |
ឡើងអង្គុយកុំមាត់ខ្លាំង។ |
| ប្រែប្រាណប្រុងវិញ្ញាណ |
ខ្លាចក្រែងមានចោរចិត្តខ្មាំង |
| ប្រួញប្រាណប្របជញ្ជាំង |
ជញ្ជូនទ្រព្យលួចយកចេញ។ |
| បើឥតមោះមន្ទិល |
កុំឲ្យខ្ជិលដេកទៅវិញ |
| ភ្ញាក់ហើយឲ្យក្រោកចេញ |
រកជក់ថ្នាំស៊ីម្លូស្លា។ |
| ទោះពេលពន់ព្រលប់ |
គន់ឲ្យគ្រប់ទ្រព្យនានា |
| កាំបិតខាងអាត្មា |
ឲ្យសិតទឹកដាក់ចុងជើង។ |
| ប្រអប់ដាក់ទឹមស្មា |
ថ្វាយទេព្ពារក្សាយើង |
| ហើយឲ្យបំពក់ភ្លើង |
នៅក្រានក្រៅកុំឲ្យដាច់។ |
| កុំឲ្យអស់រលីង |
រលត់ធេងហើយថាភ្លេច |
| សព្វថ្ងៃមើលកុំដាច់ |
កុំដើរយកពីផ្ទះគេ។ |
| ថែទាំមើលជើងក្រាន |
ឲ្យឧសមានកុំទំនេរ |
| បង្កាត់បង្កើតកេរ្តិ៍ |
កុំប្រហែសឲ្យសូន្យសុង។ |
| ប្រយ័ត្នក្រែងក្រងាយ |
ពុំសប្បាយឈឺពោះពុង |
| បង្កាត់កម្ដៅអង្គ |
អុជបំភ្លឺមើលនេះនោះ។ |
| មានកាលយប់ងងឹត |
ភ្លេចមិនគិតជួនកូនចុះ |
| គ្មានភ្លើងអុជចន្លុះ |
ក្រានរលុះរលត់ធេង។ |
| រត់រកភ្លើងសស្រាក់ |
ព្រួយលំបាកតែខ្លួនឯង |
| ហេតុខ្ជិលពុំគិតក្រែង |
ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ។ |
| ហើយឲ្យថែទាំទឹក |
ទោះយប់ព្រឹកកុំគិតងាយ |
| ដងដាក់ក្អមរាត់រាយ |
សព្វពួច ពាងអាងអុង ធំ។ |
| កុំឲ្យស្ងួតក្អមធេង |
អស់រលីងពីពាងធំ |
| គ្មានសោះនោះមិនសម |
ជួនក្រែងក្រងាយយប់ថ្ងៃ។ |
| ទោះដើរទៅឆ្ងាយជិត |
កាន់កាំបិតកំដរដៃ |
| ក្រែងមានមែកឈើព្រៃ |
កាប់កាន់មកធ្វើអុស។ |
| ជួនកាលក្រែងមានបន្លា |
មុតអាត្មាគ្រាន់ចាក់ជួស |
| ជាគ្រឿងគ្រប់មិនខុស |
ការសត្រូវទោះឆ្មាឆ្កែ។ |
| ដើរព្រៃឲ្យមើលលើ |
ឃើញស្លឹកឈើជាបន្លែ |
| កាប់កាន់កុំដៃទេ |
អង្គុយគន់មើលឆ្វេងស្ដាំ។ |
| ក្រែងមានឈើព្រៃងាប់ |
គួរកាច់កាប់យកជាថ្នាំ |
| ផ្ញើក្រានគ្រាន់ដណ្ដាំ |
បាយបានឆ្អិនឆាប់ដូចចិត្ត។ |
| សោះស្រីស្រដីបាន |
បើអុសមានមិនព្រួយគិត |
| សព្វថ្ងៃប្រុងគំនិត |
ថែទាំទើបគង់របស់។ |
| មាសប្រាក់ស្រូវអង្ករ |
ទុកឲ្យល្អកុំសប្បុរស |
| សំចៃកុំឲ្យអស់ |
មើលថែថួនខ្លួនឯងណា។ |
| សូវស្ដួចកុំឲ្យដាច់ |
បើវាតិចឲ្យឧស្សាហ៍ |
| រិះរកផ្សំទៀតណា |
ឲ្យបានច្រើនក្រវើន ទុក។ |
| នឹងចាយឲ្យគិតក្រោយ |
ទោះនឹងឲ្យមើលមុខៗ |
| កុំឲ្យស៊ុកគ្រលុក |
ទោះនឹងទុកឲ្យចំណាំ។ |
| រដូវធ្វើចំការ |
ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ |
| ស្លឹកគ្រៃខ្ញីត្រប់ត្រុំ |
ត្រាវត្រសក់សព្វបន្លែ។ |
| កុំខ្ជិលកុំច្រអូស |
ទៅងងូសរត់សុំគេ |
| គេមិនឲ្យឯងទេ |
តែគឺមោះព្រោះខ្ជិលដាំ។ |
| ទោះធ្វើស្រែចំការ |
ឲ្យឧស្សាហ៍មើលថែទាំ |
| កុំខ្ជិលកុំប្រចាំ |
ចបចូកជីកស្មៅវល្លិផង។ |
| កុំឲ្យបង់កម្លាំង |
ទោះខែប្រាំងប្រើឲ្យដង |
| ទឹកទៅស្រោចស្រង់ផង |
ឲ្យលូតលាស់មានផ្លាផ្កែ។ |
| ធ្វើការកុំគិតព្រួយ |
ខ្លួនឯងមួយកុំត្អូញត្អែរ |
| ខ្លាំងខ្សោយកុំឲ្យល្ហែ |
ខ្លាចតែនឿយហើយមិនធ្វើ។ |
| ជាងយប់បិតឫស្សី |
ត្បាញជាល្អីតៅកញ្ជើ |
| កុំឲ្យស្រីស្ដីលើ |
ឥតអំពើធ្វើលេងទៅ។ |
| កុំទុកដៃទទេ |
ជាងទំនេរបោចស្មៅព្រៅ |
| ខាងផ្ទះខាងលំនៅ |
ឲ្យវាលកាលកើតសុខា។ |
| ឲ្យមានក្ដីបារម្ភ |
ធ្វើស្រែកុំចោលចំការ |
| ដឹងដែកកាំបិតព្រា |
ទុកឲ្យជាកុំឲ្យបាត់។ |
| ដេកយប់ឲ្យរាំងទ្វារ |
ទ្រព្យជាៗប្រុងប្រយ័ត្ន |
| ត្រចៀកចាំកុំភ្លាត់ |
កុំភ្លេចចោលមិនដឹងខ្លួន។ |
| ប្រយ័ត្នប្រយោជន៍យូរ |
ទោះលក់ដូរមើលថែធួន |
| ទោះទ្រព្យរបស់ខ្លួន |
ឲ្យសួរកូនសួរប្រពន្ធ។ |
| កុំអាងឯងជាប្រុស |
ចាយរបស់មិនគិតគន់ |
| មិនដឹងដល់ប្រពន្ធ |
ព្រមព្រៀងគ្នាឥតបើថា។ |
| ទោះបីបើបងប្អូន |
ពឹងរកខ្លួនទៅណាៗ |
| ទោះទៅលេងឥតការ |
ឥតគេរកដើរឆ្ងាយជិត។ |
| ឲ្យប្រាប់អ្នកនៅផ្ទះ |
កុំរលះឥតគំនិត |
| គេភ័យព្រួយចិត្តគិត |
ព្រោះមិនដឹងជាទៅណា។ |
| បើទៅជាមានភ័ព្វ |
ប្រសើរគាប់នោះឥតថា |
| ប្រសិនពានពស់ខ្លា |
ខ្យល់ចាប់ចុកឥតគេសម។ |
| ទោះដើរមានដំណឹង |
ឲ្យរំពឹងគិតបារម្ភ |
| នឹងដើរៗឲ្យសម |
យប់ព្រលប់ឲ្យមាត់ក។ |
| កុំស្ងៀមកុំស្ងាត់ពួន |
លបលាក់ខ្លួនខ្លាចមិនល្អ |
| ឲ្យមើលឲ្យមាត់ក |
ដើរឲ្យស្មោះសោះគេថា។ |
| ទោះខ្លួនជាប៉ុន្មាន |
ពាក្យសន្ដានរែងមុសា |
| គេម៉ៃ មកអាត្មា |
តាមដំណឹងដំណើរខុស។ |
| កូនអើយបាកុំធ្លោយ |
កុំធ្លាយឲ្យអាប់កេរ្តិ៍យស |
| ធម្មតាកើតជាប្រុស |
ឲ្យរករៀនច្បាប់មាត្រា។ |
| លោកថាហៅឆ្កួតបី |
មួយឆ្កួតស្រីមួយឆ្កួតស្រា |
| មួយឆ្កួតល្បែងពាលា |
លេងបៀរប៉ោធួ កំតាត់។ |
| ទាក់មាន់ទាក់ទទា |
ជល់ភ្នាល់គ្នាបរបាញ់សត្វ |
| អន្ទាក់ដាក់បង្កាត់ |
ល្បែងអស់នោះមិនកំណើត។ |
| ធម្មតាប៉ោនិងបៀ |
មិនដែលខ្មែរណានឹងកើត |
| មិនឮមានកំណើត |
មានតែលិចលង់ខ្លួនទេ។ |
| ជួនកាលគេចាញ់ឯង |
រៀងរាល់ល្បែងគេនឹងរេ |
| មានកាលឯងចាញ់គេ |
កុំទុកចិត្តថាឯងប៉ិន។ |
| ពីព្រឹកស្លៀកហូលជរ |
ល្ងាចស្លៀកសខ្វះចងក្បិន |
| ពីព្រឹកត្បកក្បាលចិន |
ល្ងាចមិនទាន់ចិនដាក់ខ្នោះ។ |
| ជួនកាលវាចងជើង |
ព្យួរខ្ពស់ឡើងដាំក្បាលចុះ |
| ភ្នែកស្លឹងតឹងក្រញុះ |
វាទារប្រាក់ឲ្យបានឆាប់។ |
| មើលមុខល្អមិនតិចអី |
មិនខ្មាសស្រីផ្សារឈរស្ដាប់ |
| មុខមិញដូចគេស្ដាប់ |
មាត់ស្ញេញស្ញាញពេបកូនក្មេង។ |
| ស្រែកថ្ងូរអេះអូយអើយ |
អាចិកអើយអាណិតលែង |
| អញរកប្រាក់ឲ្យឯង |
ឲ្យអាចិកស្អែកនេះបាន។ |
| ចិនឮព្រមស្រាយមក |
បណ្ដើររកប្រាក់សន្ដាន |
| តឹងទារទាល់តែបាន |
ទ្រព្យឲ្យទៅទើបវាលែង។ |
| អ្នកអាយអ្នកអើយកុំ |
គួរបារម្ភរាល់តែល្បែង |
| កុំលកុំលូកលេង |
គួរឲ្យវាងឲ្យវៀរសោះ។ |
| កុំឈរកុំឈប់ចិត្ត |
ក្រែងមិនអត់បង់កេរ្តិ៍កោះ |
| កុំល្បងល្បែងនោះសោះ |
គួរឲ្យដោះឲ្យដើរចេញ។ |
| ច្បាប់នេះចាំរាល់ខ្លួន |
ទោះបងប្អូនមិត្តសម្លាញ់ |
| ពឹងខ្លួនឯងឲ្យចេញ |
ធានាទ្រព្យគេយកទៅ។ |
| ឯទ្រព្យបានទៅវា |
ឯងធានាស្រាប់តែនៅ |
| វាបានទ្រព្យយកទៅ |
ខ្លួនឯងនៅធានាស្រាប់។ |
| ដល់គេមកតឹងទារ |
អ្នកធានាក៏បានឆាប់ |
| មិនបានគេប្រចាប់ |
ទៅជាខ្ញុំព្រោះធានា។ |
| ទោះបងប្អូនធុរៈ |
ក្រជំពាក់គេតឹងទារ |
| បើមានទ្រព្យជួយជា |
កុំធានាណា៎អ្នកអាយ។ |
| កូនអើយចូរបាចាំ |
ឪពុកផ្ដាំកុំបីណាយ |
| ប្រយ័ត្នរាល់រូបកាយ |
កុំឲ្យភ្លេចពាក្យនេះណា។ |
| មួយទៀតហៅឆ្កួតស្រី |
គួរកុំបីសេពកាមា |
| វាតែងទាញអាត្មា |
នាំវង្វេងភ្លេចបាបបុណ្យ។ |
| ភ្លេចទានសីលសូន្យសោះ |
ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម |
| ភ្លេចទោសភ្លេចទាំងគុណ |
ភ្លេចទាំងការកាន់រសាយ។ |
| បង្កើតតែទុក្ខទោស |
បើបានសុខសឹងប្រែក្លាយ |
| បង្កើតក្ដៅក្រហាយ |
ឲ្យទាស់តែងខឹងនឹងគ្នា។ |
| ចងទោសគុំគង្គួន |
មិនគិតខ្លួនខ្លាចមរណា |
| មានកាលក្មួយនិងមា |
គុំធ្វើគ្នាឲ្យសោះសូន្យ។ |
| បង្កើតតែចិត្តធំ |
ចៅគំនុំនឹងជីដូន |
| ឯបងខឹងនឹងប្អូន |
ម្ដាយនិងកូនគុំធ្វើគ្នា។ |
| រីខ្ញុំគុំកាប់ម្ចាស់ |
ឲ្យក្ដៅណាស់ក្នុងអង្គា |
| កើតទោសខឹងនឹងគ្នា |
ជាគំនុំពុំត្រាស្បើយ។ |
| មានកាលគេដាក់ឃ្នាង |
វាមិនរាងចាលចិត្តឡើយ |
| លក់ព្នៃ ខ្ញុំគេហើយ |
មិនខ្លាចស្លាប់ដល់អាត្មា។ |
| គេកាប់ដោតទាំងក្បាល |
មិនចេះចោលចិត្តឡើយណា |
| ភ្លេចខ្លួនសូន្យសោះណា |
នឹកតែត្រង់សេពសប្បាយ។ |
| រីឯកាមកិលេស |
កុំប្រហែសគួរឲ្យណាយ |
| ស្អិតណាស់ណាអ្នកអាយ |
អ្នកអើយកុំគិតសង្ស័យ។ |
| នេះឯងហៅឆ្កួតស្រី |
គួរកុំបីឲ្យអាល័យ |
| ចូរចងចាំសព្វថ្ងៃ |
ទុកទូន្មានអង្គអាត្មា។ |
| អ្នកប្រាជ្ញលោកនិទាន |
ទុកទូន្មានរាល់រូបា |
| មួយហៅឆ្កួតសុរា |
នោះកុំផឹកវាស្រវឹង។ |
| វានាំភ្លេចវិញ្ញាណ |
ភ្លេចសីលទានសោះសូន្យឈឹង |
| ផឹកហើយមិនដែលនឹង |
នាំចិត្តនោះឲ្យធំក្រៃ។ |
| ឯខ្លួនឯងតូចទេ |
មើលទៅគេប៉ុនមេដៃ |
| កម្លាំងឯងស្មើនឹងចៃ |
មិនកោតគេតិចឡើយណា។ |
| ក្អេងក្អាងពាក្យកក្អែ |
អួតពូកែបទបានស្រា |
| មិនមានខ្លាចនរណា |
ស្រដីកោងរកកលឈ្លោះ។ |
| បញ្ជោរបញ្ចៀសផ្ដាស |
ជេរវាងវាសមិនចំឈ្មោះ |
| នាំហេតុតែខាងឈ្លោះ |
ឆ្លើយឆ្លងពាក្យឲ្យបានទាក់។ |
| ប្រពន្ធឃើញឃាត់ទៅ |
ប្ដីមិនត្រូវថាកុំអ្នក |
| ឯងខឹងលោវាធាក់ |
ដោយចិត្តធំបទបានស្រា។ |
| មានកាលជួនស្រវឹង |
ពុំមានដឹងខ្លួនឡើយណា |
| ដើរដួលដេកផ្កាប់ផ្ងារ |
ស្រាតសំពត់អស់ពុំដឹង។ |
| គេឃើញអស់ខ្មាសខ្ញុំ |
ក្មេងជៀវ ជុំសើចទ្រហឹង |
| ដេកដូចគេស្លាប់ឈឹង |
ក្អែរក្អួតពាសពេញទាំងខ្លួន។ |
| កំណើតអ្នកផឹកស្រា |
កុំអួតថាឯងនឹងនួន |
| ដឹងហើយស្រវឹងបួន |
ខ្លួនខ្សត់ទេអួតថាមាន។ |
| អ្នកស្លូតទៅជាកាច |
ឯងអ្នកខ្លាចទៅជាហ៊ាន |
| ខុសត្រូវទៅបំពាន |
បំពុលខ្លួនឲ្យបានបាប។ |
| នេះឯងហៅឆ្កួតស្រា |
ក្នុងធម៌ថាពៀរដរាប |
| អ្នកណាផឹកហើយបាប |
បង់កិត្តិយសពុំសួស្ដី។ |
| គួរកុំសេពសុរា |
នាំអាត្មាឲ្យអប្រិយ |
| នឹងធ្លាក់ទៅអវចី |
នរករងទុក្ខវេទនា។ |
| ហៃអស់ជនទាំងឡាយ |
កុំរាយមាយក្នុងអង្គា |
| ចូរស្ដាប់ច្បាប់នេះណា |
ទុកទូន្មានខ្លួនសព្វថ្ងៃ។ |
| នេះឯងហៅឆ្កួតបី |
លោកស្រដីក្នុងធម៌ថ្លៃ |
| បើអ្នកណាមួយនៃ |
នឹងប្រាថ្នាដោយចំណង។ |
| លោកចងជាឧបមា |
ឲ្យអ្នកណាមួយផ្ចិតផ្ចង់ |
| យកដែកដុលបោះបង់ |
ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ។ |
| បើកាន់ដែកដែលដុត |
នោះមិនមុតមិនមានក្ដៅ |
| កាន់បាននោះទើបហៅ |
ចិត្តមុតមែនពិតគិតប្រាណ។ |
| នោះទើបលោកឲ្យធ្វើ |
នូវអំពើទាំងបីបាន |
| ដោយធម៌បុរាណ |
លោកឧបមាដូច្នេះនា។ |
| ចាត់ចែងតែងជាបទ |
ព្រហ្មប្រាកដកាលបិតា |
| ប្រដៅខ្ញុំនេះណា |
សព្វសេចក្ដីដូច្នេះនៃ។ |
| កិច្ចកាព្យរាយរៀបរោះ |
ខ្ញុំនាមឈ្មោះបណ្ឌិត មៃ |
| គិតចងជាសេចក្ដី |
ប្រដៅជនចប់ម្ល៉េះហោង៕ |