ច្បាប់​កេរ្តិ៍កាល

ពីវិគីភីឌា

(បទព្រះហ្មគីតិ)

កេរ្តិ៍កាលពីព្រេងព្រឹទ្ធ-----សាងសុចរិតទៀងទុកនៅ
សេដ្ឋីផ្តាំប្រដៅ-----បុត្រសង្សារទុកក្រោយហោង។

កូនអើយកេរ្តិ៍មេបា-----ចូររក្សាគន់គិតគ្រង
ថែទាំចាំរួសរង-----ប្រុងប្រយ័ត្នប្រយោជន៍យូរ។

ធម្មតាអ្នកជាជាតិ-----កាលគេអាទិ៍ឲ្យគិតគូរ
កុំខ្ជិលដេកទទូរ-----ដល់ថ្ងៃរះពេញពន្លឺ។

តាក់តែងខ្ញុំកំដរ-----ចេញទៅរកធ្វើស្រែភ្លឺ
ចិញ្ចឹមគោក្របី-----រកខ្សែវល្លិ៍បោះក្រោលឃ្នង។

ធ្វើស្រែទិសទាំងប្រាំបី-----ខ្ញុំប្រុសស្រីចេញជួញផង
មើលផ្ទះស្រាស់របង-----វាំងចំណារគួររក្សា។

ឲ្យមានក្តីបារម្ភ-----ធ្វើស្រែកុំចោលចំការ
ដឹងដែកកាំបិតព្រា-----ទុកឲ្យជាកុំឲ្យបាត់។

ដេកយប់ឲ្យរាំងទ្វារ-----ទ្រាប់សម្រាលរៀបប្រយ័ត្ន
ចងទូកកុំឲ្យសាត់-----ផ្ទះបាក់បែកឆាប់ទល់ទ្រ។

សារពើទ្រព្យអ្វីៗ-----ប្រុងស្មារតីទុកឲ្យល្អ
ឩសទឹកស្រូវអង្ករ-----យកចេញចាយមានកំណត់។

កុំអាងមានទ្រព្យច្រើន-----កុំក្រវើនរកផ្គង់ផ្គត់
យកចាយៗដោយបទ-----ទោះនឹងទុកៗដោយខ្នាត់។

រទេះសេះដំរី-----រាប់បញ្ជីកុំឲ្យឃ្លាត
ខ្ញុំណាមានមារយាទ-----ទុកដាក់ដៃឲ្យរក្សា។

សប្បុរសយល់ដោយមុខស៊ុកគ្រលុកពេកពុំងារ
កំណាញ់ក្រៅតម្រា-----សោតសឹងអាប់ប្រយោជន៍យស។

រក្សាខ្លួនឲ្យរុង------រឿងឧត្តុង្គឧត្តមខ្ពស់
ប្រដាប់ដោយសក្តិយស-----ខ្លួនជាធំឲ្យថែធួន។

ឲ្យទានតាំងចិត្តស្មោះ-----កុំអាលោះអាល័យស្ងួន
ទ្រព្យនេះនឹងនាំខ្លួន-----ទៅបរលោកពុំសោះសូន្យ។

ទ្រព្យធនទោះថោកថ្លៃ-----កុំដាក់ដៃឲ្យថែកូន
នូវអស់ទាំងបងប្អូន-----អ្នកដទៃរក្សាតាង។

ទុកចិត្តខ្ញុំមើលដាក់-----ស្មើភ្នែកខ្វាក់ទាំងសងខាង
ឲ្យកូនគន់មើលតាង-----ស្មើភ្នែកម្ខាងពុំពេញពីរ។

ធ្វើអ្វីធ្វើឲ្យហើយ-----កុំទុកឡើយបង្កើតកិរ
សម្អាតអស់សរិល-----កុំឲ្យមានក្តីនិន្ទា។

ដំណេកដេកជាខ្នាត់-----ឲ្យសម្អាតសម្អាងជា
ទើបទេវតារក្សា-----ចម្រើនសុខស្រីសួស្តី។

គ្រឹះហាឲ្យផ្ចិតផ្ចង់-----កុំឲ្យផង់ផុយធូលី
ជម្រះបារបោសដី-----ឲ្យហ្មត់ហ្មងកើតសុខា។

អញ្ជុលទុកឲ្យគង់-----ប្រាក់ក្នុងថង់ទុកឲ្យជា
ប្រើខ្ញុំមើលមុខវា-----ទោះកាចជាមើលឲ្យស្តែង។

សារពើរួសរៀនរិះ-----ឲ្យចាំចេះៗចារចែង
ចង់គាប់ប្រើស្វះស្វែង-----រករៀនរិះសារពើក្តី។

សប្បុរសពេកចាញ់ធន-----នាទ៌ុជនចាញ់ឥន្រ្ទិយ
ប្រពន្ធល្អច្រើនចាញ់ប្តី-----ពាក្យច្រើនភូតចាញ់អាត្មា។

ឈើផ្លែច្រើនចាញ់ស្លឹក-----ត្រីច្រើនទឹកល្អក់ពុំជា
ទ្រព្យច្រើនព្រួយរក្សា-----ទ្រព្យតិចណាព្រួយរិះគិត។

ដេកយប់កុំដំអក់-----ឲ្យលង់់លក់ក្នុងសុចរិត
ខ្ញុំណាមានគំនិត-----គួរឲ្យគិតប្រណីវា។

ចងទូកបោះបង្គោល-----រិះរកថ្នោលពួរយុថ្កា
ការខ្យល់កាចពុំជា-----ក្រែងពានពារបោកបែកបាត់។

រៀនរិះសារពើក្តី-----ទោះស្រដីកាន់ពាក្យសត្យ
ចាំក្បួនចាំឲ្យស្ទាត់-----កុំអៀនព្រៀនសមពាក្យពោល។

ការក្រកុំគិតងាយ-----ការសម្ទាយជាកម្រោល
សន្សឹមកុំបំបោល-----ក្រែងពុំដល់ដូចប្រាថ្នា។

រៀនរិះរួសរវាំង-----ធ្វើស្រែប្រាំងស្រែវស្សា
ធ្វើស្រែមានចំណារ-----ធ្វើចំការចាររបង។

ផ្លូវវៀចកុំបោះបង់-----ផ្លូវណាត្រង់កុំដើរហោង
ដើរដោយផ្លូវគន្លង-----តម្រាយអ្នកចាស់បុរាណ។

ឆ្កែជាឲ្យបាយឆី-----ដេកនៅដីចាំធនធាន
គ្រឿងសឹកទុកទាហាន-----កេរ្តិ៍គម្ពីរទុកប្រាជ្ញប្រាយ។

យល់តូចកុំអាលខំ-----ទោះយល់ធំកុំអាលស្រាយ
គិតក្តីកុំគិតងាយ-----មើលពិនិត្យពិនិច្ឆ័យ។

កូនអើយកេរ្តិ៍មេបា-----ចូររក្សាចាំសព្វថ្ងៃ
ទ្រព្យធននោះថោកថ្លៃ-----គួររក្សាកុំបីធ្លោយ។

ពាក្យនេះជាត្រកាល-----ជាខ្លឹមសារទៀងទុកឲ្យ
កូនចៅនៅឯក្រោយ-----តែងទូន្មានអង្គអាត្មា។

ថែទាំទើបគង់ទ្រព្យ-----រៀបរណ្តាប់ទុកទើ់បជា
ចាយវាយក្រៅតម្រា-----សឹងវិនាសធនធានផង។

បានមកទុកឲ្យគង់-----កុំឲ្យបង់បាត់បំណង
រៀនរិះរក្សាគ្រង-----យកចេញចាយដោយរដូវ។

ដឹងហាប់ឲ្យដឹងតុល-----ភ្នែកឲ្យយល់ទៀងត្រាជូ
គិតគ្រប់សព្វដោយផ្លូវ-----ក្តីចន្លោះកុំបីមាន។

ពាក្យនេះស្មើខ្លួនហើយ-----កូនចៅអើយចូរចាំប្រាណ
អស់អាថ៌ឱវាទទាន-----ជាសូរេចបណ្តាំហោង៕

មើលផងដែរ[កែប្រែ]

ច្បាប់កេរ្តិ៍កាលថ្មី