បញ្ចពិធកល្យាណី

ពីវិគីភីឌា

នៅក្នុងគម្ពីរធម្មបទខុទ្ទនិកាយមាននិយាយ អំពីលម្អទាំងប្រាំប្រការ របស់ស្ត្រីពោលគឺ មានការរៀបរាប់អំពីលម្អរបស់នាងវិសាខា ។ លម្អទាំង៥នោះគឺ ៖

  1. កេសកល្យាណ = លម្អសក់
  2. មំសកល្យាណ = លម្អសាច់ (បបូរមាត់ អញ្ចាញធ្មេញ ផ្នត់ក កំភួនដៃ ។ល។)
  3. អដ្ឋិកល្យាណ = ល្អឆ្អឹង (ក្រចក ធ្មេញ ម្រាម)
  4. វយកល្យាណ = លម្អវ័យ (ចាំសាច់ឬសាច់ចាំ)


លម្អសក់[កែប្រែ]

សក់ជាគ្រឿងលម្អរបស់ស្ត្រី ដែលស្ត្រីចូលចិត្តរៀបចំតុបតែងវេញ ក្រង បួង អ៊ុត លាបប្រេងឲ្យរលើបក្រអូប ដើម្បីលើកសម្រស់ និងសោភ័ណភាពរបស់នារី ឬស្ត្រីឲ្យកាន់តែល្អប្រកបដោយការទាក់ទាញ និងចាប់អារម្មណ៍ពីមនុស្សដែលនៅជុំវិញ។

ឧទាហរណ៍ នៅក្នុងរឿងកាកីទំព័រ៦ថា កាយកើតអស្ចារ្យ អំពីផ្កាកា ណិកាសោភី ភក្ដ្រាសោភ័ណ ដូចចន្ទបូណ៌មី សក់ដូចភមរី រលើបខ្មាញ់ខ្មៅ។ មានកំណាព្យមួយទៀតក៏បានបញ្ជាក់អំពីសក់របស់នារី ដែលនាំឲ្យបុរសចាប់ចិត្តស្នេហាដែរថា “សក់វែងអន្លាយរំសាយសព្វ ធុំក្លិនទឹកអប់ស្រស់វរលក្ខណ៍ ឃើញភ្លាមចិត្តរៀមប៉ងស្ម័គ្រ តើស្រស់វលក្ខណ៍ស្ម័គ្របងទេ?”។

លម្អសាច់[កែប្រែ]

ការថែរក្សាសាច់ឲ្យល្អ គឺជាចំណង់ចំណូលចិត្តរបស់ស្ត្រីគ្រប់សម័យកាលទាំងអស់។ ដូចក្នុងសម័យបច្ចុប្បន្ននេះគេថានារី ឬស្ត្រីមានសាច់ល្អ ព្រោះបានត្រាំទឹកដោះគោ។ ការបន្ទុំសាច់ពេលចូលម្លប់របស់នារីជំនាន់ដើម។ ឧទាហរណ៍ សម្រស់សាច់របស់នាងកាកីទំព័រ៧ថា ថ្ពាល់ទាំងសងខាងដូចផ្លែម៉ាក់ប្រាង បំព្រងផង់ផូរ នាសាសមសល់ ដូចកលគំនូរ ជាងចេះគន់គូរ សួនសមសោភា។

លម្អឆ្អឹង[កែប្រែ]

ជាពិសេសបញ្ហាធ្មេញល្អ ធ្មេញត្រឹម។ ដូចបទចម្រៀងបុរាណច្រៀងថា សារិកាកែវអើយ សារិកាកែវកើច បងលោមឲ្យសើច ចង់ឃើញជើងធ្មេញ បងគន់ជើងសក់រត់ជួររមេញ បងគន់ជើងធ្មេញត្រឹមដូចគេក្រី។ ឯលម្អធ្មេញរបស់នាងកាកី ក៏អ្នកនិពន្ធបានបញ្ចេញទឹកដៃតាមរយៈកំណាព្យថា “ធ្មេញខ្មៅរលីករលងប៉ផ្លេក ដូចនិលរតនាកកបល្អលន់ គូរគន់ដូចនា ត្របកបទុមា រាយរីកស្រស់ស្រី។ រីឯរឿងរាមកេរ្តិ៍ខ្សែ៤ ទំព័រ២៥ បង្ហាញអំពីធ្មេញនាងសីតា ថា “ចាំធ្មេញខ្មៅជិត ដូចអ្នកប្រកិតនិលរត្ន័ថ្លៃ បងគន់សំគាល់នៃអម្បាលរូបដ៏ប្អូនបង”។

លម្អសម្បុរស្បែក[កែប្រែ]

នារីតែងប្រាថ្នាចង់បានសម្បុរស្បែកល្អ។ ទំនៀមទំលាប់បុរាណបានឲ្យកូនស្រីចូលម្លប់ តាំងពីពេលដែលនាងចាប់មានរដូវគ្រាដំបូង ដើម្បីបន្ទុំសម្បុរស្បែកឲ្យភ្លឺថ្លាផូរផង់។ នារីចូលចិត្តពាក់អាវដៃវែង គឺកុំឲ្យត្រូវកំដៅថ្ងៃ ដើម្បីឲ្យសម្បុរស្បែកបានល្អ។ ឧទាហរណ៍ ក្នុងរឿងទំព័រ២៥ក៏បានបញ្ជាក់អំពីសម្បុរសរបស់នាងសីតាដែរថា “បងចាំសម្បុរប្អូនជិត ក្រៃលែងស្រលិត លឿងខៀវដ៏កន្លង វាប្លែកសម្បុរសនោះដ៏បីដង មួយថ្ងៃផ្សឹងៗបំព្រងទុំ”។

លម្អវ័យ[កែប្រែ]

ស្ត្រីដែលមានអាយុច្រើនហើយ តែសាច់នៅតែល្អ ដែលគេហៅថាចាំសាច់ ឬសាច់ចាំ។ ដូចកនាងវិសាខា ទោះជាមនុស្សអាយុច្រើនទៅជាជីដូនរបស់គេទៅហើយ ក៏​សាច់​នៅតែ​ល្អ​ស្មើ​នឹង​ចៅ​របស់​គាត់ដែរ។ ជាធម្មតាវ័យរបស់មនុស្សមាន៣ គឺបឋមវ័យ មជ្ឈិមវ័យ និងបច្ឆិមវ័យ។ គឺយាយ វិសាខាឋិតក្នុងបច្ឆិមវ័យទៅហើយ ក៏សម្រាប់របស់គាត់នៅតែល្អ មានន័យថា សាច់​នៅតែ​ល្អ ស្រដៀងនឹងសាច់ចៅៗស្រីៗរបស់គាត់ដែរ។ នេះជាបំណងប្រាថ្នារបស់នារី និងស្ត្រីទូទៅដែលតែងចង់បានរូបរាងឲ្យល្អដូចនាងវិសាខា ដូចពាក្យដែលនារី ឬ​ស្ត្រី​តែង​ធ្វើ​ការ​បួងសួង​ថា “សូម​មានតំរិះដូចនាងអមរា មាន​ប្រាជ្ញា​ដូច​ព្រះ​មហោសថ ”។

ជាការពិតណាស់ ធម្មជាតិនៃមនុស្ស ក៏ប្រកបដោយការប្រែប្រួលទៅតាមសច្ចភាពថា កើត ចាស់ ឈឺ ស្លាប់។ ដូចកំណាព្យគុកកាមកិលេសថា “ឃើញធ្មេញសណ្ដក ស្បែកចេះតែសក ភ័យខ្លាចឆាប់ចាស់ ថ្ពាល់ចេះតែខូង ភ្នែករូងរហ័ស ក្មេងសោះប្ដូរផ្លាស់ ជាចាស់ទៅហើយ”។ …”កើត ស្លាប់ទៅមក ដូចទឹករលក អន្ទោលតាមគ្នា មួយងើបលិចទៅ ឥតនៅរេរា មួយទៀតងើបជារលកកម្មផល”។

ដូចនេះចំពោះលម្អស្ត្រីទាំង ៥ ដែលបានរៀបរាប់មកនេះ ក៏តែងប្រែប្រួលទៅតាមត្រៃលក្ខណ៍យ៉ាងទៀងទាត់ពិតប្រាកដ ។

បទចម្រៀង​បញ្ចពិធកល្យាណី[កែប្រែ]

បទ​នេះ​ច្រៀង​ដោយ​លោក ស៊ិន ស៊ីសាមុត ជា​ទំនុក​ចង្វាក់​បូសាណូវ៉ា មិន​ដឹង​ថា​ត្រូវ​បាន​តែង​ឡើង​នៅ​ឆ្នាំ​ណា និង ដោយ​អ្នក​និពន្ធ​ណា​ទេ បើ​លោក​អ្នក​បាន​ដឹង​សូម​ជួយ​បំពេញ​ផង ។

១. ឱ​នារី​ដែល​បង​ពេញ​ចិត្ត​ ស្មើ​នឹង​ជីវិត គឺ​បញ្ចពិធកល្យាណី
មាន​តែ​អូន​ទេ​ដែល​​ចិត្ត​បង ​បំណង​​បេតី​ ក្រោម​មេឃ​លើ​ដី​គ្មាន​ស្រី​ផ្ទឹម​បាន ។

២. តាំង​ពី​កើត​មក​បង​មិន​ដែល ​ឃើញ​ឡើយ​ណា​អូន រូប​ដូច​គេ​សូន​ពី​សួគ៌ា​ស្ថាន
រូប​សម្រស់​សម្ផស្ស​ទាំង​៥ បំភ្លេច​មិន​បាន ខ្វល់ខ្វាយ​ក្នុង​ប្រាណ​រាល់​សាយបាត (1) ។

R. រាម​ចង់​បាន​តែ​បញ្ចពិធកល្យាណី ទោះបី​លំបាក​ក៏​ខំ​សង្វាត
បើ​សិន​បាន​កល្យាណ​មក​ហើយ មិន​ឲ្យ​អូន​ឃ្លាត រាប់​រយ​ជាតិ​បង​សូម​ថ្នមបី ។

៣. បើ​សិន​ជា​វាចា​មិន​សម នាំ​អន់​ចិន្តា សូម​តែ​មេត្តា​ណា​កល្យាណី
កុំ​បំភ្លេច​ពាក្យ​ពេចន៍​សម្តី ដែល​ទន្សាយ​ព្រៃ​ អង្វរ​រស្មី​នៃ​ព្រះ​​ចន្ទ្រា (x2)

(1) សាយបាត មាន​ន័យ​ថា វេលា​ល្ងាច​ព្រឹក មក​ពី​ពាក្យ សាយំ ប្រែថា វេលា​ល្ងាច​ និង ពាក្យ​ បាតោ ប្រែថា វេលា​ព្រឹក ។

ឯកសារ​យោង[កែប្រែ]