ព្រះសិវៈ

ពីវិគីភីឌា
ព្រះសិវៈ
ចម្លាក់ឧមាវិមេស្វរៈ
លំនៅស្ថាន កំពូលភ្នំកៃលាស
សាស្ត្រាវុធក្នុងដៃ ត្រីសូល៍ ខ្សែផ្គាំ ដំបង
មហេសី នាងឧមា នាងគៅរី នាងកុមារី នាងទេវី
នាងកាលី នាងចន្ទី
នាងទុគ៌ា
ព្រះ​ម៉ែ​គង្គា[១]
យាន្តជំនិះ ​ គោនិន្ទ]]
ទម្រង់ព្រះភ័ក្រ ភ្នែកបី កខៀវ
ពណ៌សម្បុរ កាយសម្បុរស

ព្រះនាមផ្សេងៗ និងប្រវត្តិកំណើត[២][កែប្រែ]

ព្រះសិវៈ ឬព្រះឥសូរ មានន័យថាក្សេមក្សាន្ដ ករុណា។ ព្រះសិវៈ ជាអាទិទេពបង្កើតលោក និងបំផ្លាញលោកផង។ព្រះនាមរបស់ព្រះសិវៈ អាចហៅថា ព្រះឥស្វរៈ ព្រះឥសូរ ព្រះរុទ្រៈ ព្រះហរៈ ព្រះឧគ្រៈ ព្រះអឃោរៈ ព្រះភៃរវៈ និង ព្រះមហេស្វរៈ ជាដើម។ នៅក្នុងចន្លោះកាលដែលព្រះនរាយណ៍ ឬព្រះវិស្ណុផ្ទុំនៅលើសមុទ្រ ហើយចាប់ពីសម័យលោកធាតុថ្មី ព្រះព្រហ្មក៏បានលេចចេញពីផ្កាឈូកនៃផ្ចិតនៃព្រះវិស្ណុ។ ថ្ងៃមួយព្រះព្រហ្ម និងព្រះវិស្ណុកំពុងឈ្លោះប្រកែកគ្នាដោយចង់តាំងខ្លួនជាអ្នកបង្កើតលោកតែរៀងខ្លួន ពេលនៅស្រាប់តែមានសសរភ្លើងមួយផុសឡើងនៅចន្លោះអាទិទេពទាំងពីរនោះ។ ដោយដឹងអំពីប្រភពនៃសសរភ្លើងនោះ ព្រះព្រហ្មដំណែងខ្លួនជាសត្វហង្ស ដែលជាយានជំនិះរបស់ព្រះព្រហ្ម ហោះទៅរកមើលផ្នែកខាងលើនៃសសរលិង្គនេះ។ ចំណែកឯព្រះវិស្ណុវិញ ក៏ដំណែងខ្លួនធ្វើជាជ្រូកព្រៃវិញមានឈ្មោះថា វារហៈ ឈ្មុសដីរកផ្នែកខាងក្រោមនៃសសរលិង្គវិញ។ ក្រោយពីរកចុង និងគល់សសរលិង្គមិនឃើញ អស់រយៈពេលជាច្រើនពាន់ឆ្នាំ ពេលនៅអាទិទេពទាំងពីរ ក៏ទទួលស្គាល់សសរលិង្គនោះ ជាអាទិទេពដែលមានមហិរិទ្ធជាងខ្លួន ហើយក៏នាំគ្នាគោរពរាប់អានតរៀងមក។

លក្ខណៈពិសេសសម្គាល់ព្រះសិវៈ[កែប្រែ]

ព្រះសិវៈ ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ សិវៈ មាន​ន័យ​ថា ករុណា ក្សេម​ចាក​ទុក្ខភ័យ​។ ព្រះ​សិវៈ​ ឬ​ព្រះឥសូរ កើត​ឡើង​អំពី​លោហិត​ដែល​ស្រក់​ចាក​ចិញ្ចើម​ព្រះព្រហ្ម។ ព្រះឥសូរជាទេពបង្កើតលោកផង និងបំផ្លាញលោកផង។ ព្រះអង្គមានព្រះនេត្របី ហើយព្រះនេត្រទាំងនេះតំណាងឱ្យព្រះអាទិត្យ ព្រះច័ន្ទ និងព្រះអគ្គី ដែលបានផ្តល់ពន្លឺមកកាន់ផែនដី លំហអាកាស និងផ្ទៃមេឃ។ ព្រះអង្គអាចមើលឃើញបច្ចុប្បន្នកាល អតីកាល និងអនាគតកាលផងដែរ ព្រះនេត្រទី៣របស់ព្រះអង្គនៅលើថ្ងាសជាព្រះនេត្រដែលមានអំណាចដ៏អស្ចារ្យប៉ផុត។ មហេសីពីរអង្គគឺ​៖ ព្រះម៉ែឧមានិងព្រះ​ម៉ែ​គង្គា[៣] ព្រះសិវៈមានមហេសី៩អង្គមានដូចជា៖

ទ្រង់មាន​បុត្រ​ពីរ​អង្គ​គឺ​៖

តាម​គម្ពីរឫគ្វេទ ចែងថា​ព្រះសិវៈ​ជា​អាទិទេព​បំផ្លាញ​លោក​។ តែ​ក្រោយ​មក​ នៅ​ពេល​មួយមាន​​ទំនាស់​សាសនា​រវាង អ្នក​គោរព​ព្រះព្រហ្ម អ្នក​គោរព​ព្រះវិស្ណុ និង​អ្នក​គោរព​ព្រះសិវៈ​បាន​ផ្ទុះឡើង ដោយ​សិវៈបរិស័ទ មាន​ចំនួន​ច្រើនជាង បាន​ទទួល​ជ័យ​ជម្នៈ ទើប​គេ​បន្ថែម​ងារ​ថា​ ព្រះសិវៈ​ជា​អ្នក​បង្កើត​លោក​ផង ​និង​បំផ្លាញ​លោក​ផង​។ ព្រះ​សិវៈ ជា​បិតា​របស់​ពិភពលោក ជា​អ្នក​កសាង​ពិភពលោក មាន​សេចក្ដី​ក្នុង​គម្ពីរ​ព្រាហ្មណ៍​​ឈ្មោះ ​សិវបុរាណណ៍ម និង​ឈ្មោះ​ កថាសរិតសាគរ សម្ដែង​ថា​៖ «ទ្រង់​វះ​សាច់ភ្លៅ ឱ្យ​ឈាម​ហូរ​មួយ​តំណក់​ស្រក់​ចុះ​ក្នុង​ទឹក កើតឡើង​ជា​ពង​មួយ ហើយ​បែក​ទៅជា​ពីរ​ចំហៀង​ មួយ​ចំហៀង​កើតជា​សួគ៌លោក មួយ​ចំហៀង​ទៀត​កើតជា​មនុស្សលោក ទើប​កើតជា​បុមៈ (បុរស)​។ បុមៈ​នោះ​បង្កើត​ជា​ប្រជាបតី​បង្កើត​មនុស្ស​តៗមក»​។ អាស្រ័យ​ជំនឿ​ថា ព្រះសិវៈ​ជា​បិតាលោក ទើប​ព្រាហ្មណ៍​និយាយ​ប្រឌិត​សាង​អនុស្សាវរីយ៍​ទុក​ជា​ទី​រលឹក គឺ​ធ្វើ​រូប​សិវលិង្គ (លិង្គព្រះឥសូរ) តម្កល់​លើ ឧមាយោនី ទុក​សម្រាប់​ធ្វើ​ពិធី​សិវរាត្រី លាងបាប លាង​ចង្រៃ​ឧបទ្រព​ទាំងឡាយ​។ ព្រះនាងមហាទេវី។ព្រះឥសូរមានលក្ខណៈពិសេសសម្រាប់សម្គាល់ដូចខាងក្រោម៖

  • ព្រះភក្ត្រមួយ ពេលខ្លះអាចបែងភាគជាមុខប្រាំ
  • ព្រះសុរងពណ៌ខៀវ
  • ព្រះកាយា(ខ្លួនប្រាណ) សម្បុរស
  • ព្រះនេត្រ(ភ្នែក)បី ព្រះនេត្រពីរសធម្មតា ឯភ្នែកទីបីនៅចំកណ្ដាលថ្ងាសបិទជានិច្ច ក្រលេកឆេះហៅថាអគ្គិនេត្រ
  • អម្ពរ(ស្លៀកពាក់) ស្បែកខ្លា ឬ ស្លៀក
  • ព្រះហត្ថចួនពីរ ចួនដប់
  • ទ្រង់កម្រងឆ្អឹងលលាដ៍ក្បាល សម្រាប់ជាគ្រឿងសម្គាល់រាប់កប្ប ឬ រាប់យុគ
  • ទ្រង់នាគ ឬពស់ជាសង្វារ សម្រាប់ជាគ្រឿងសម្គាល់រាប់ឆ្នាំ
  • ទ្រង់មួកមានព្រះចន្ទមួយជំនិតរាងកណ្ដៀវជាសម្រាប់គ្រឿងសម្គាល់រាប់ខែ
  • ទ្រង់កេតនភណ្ឌដូចជា៖ ត្រីសូល៍ ខ្សែផ្គាំ គទា
  • មានពាហនៈ គោនិន្ទ្រ(ព្រះគោ)ជាយានជំនិះ។

បុត្ររបស់ព្រះសិវៈ : ព្រះសិវៈមានបុត្រ២ព្រះអង្គ គឺព្រះស្កន្ទ ជាអទិទេពតំណាងអ្នកស្នេហាសង្គ្រាម និងគនេស ដែលមានខ្លួនជាមនុស្ស ក្បាលជាដំរី (បាក់ភ្លុកម្ខាង) ហើយមានមុខងារជាមេគណៈ នៃពួកទេព។ អាទិទេពទាំងពីរ គឺជាបុត្ររបស់ព្រះសិវៈ និងព្រះនាងទុគ៌ា។ ព្រះនាងទុគ៌ា គឺជាមហេសីដើមរបស់ព្រះសិវៈហើយព្រះនាងយល់ព្រមលោតចូលទៅក្នុងភ្លើងឲ្យគេបូជាជិវិតជាមួយស្វាមីដើម្បីបញ្ជាក់នូវភក្តីភាពរបស់ព្រះនាង។

ស្ថាបត្យកម្ម[កែប្រែ]

ព្រះសិវៈព្រះឥសូរ សិល្បៈខ្មែរបាពួន.

អាទិទេពដ៏មានឫទ្ធិអំណាចមួយអង្គនៅក្នុងសាសនាព្រាហ្មណ៍ ដែលជាការនិយមគោរពសក្ការបូជានៅក្នុងសង្គមខ្មែរកាលពីសម័យបុរាណ ជាពិសេសទេវរូបដែលគេគិតថាបដិមាតំណាងដ៏សំខាន់តម្កល់តាមប្រាង្គប្រាសាទនោះ គឺព្រះឥសូរ ឬព្រះសិវៈ ដែលមានបដិមាសិវលឹង្គជាតំណាង។ ចំណែកឯប្រាសាទបុរាណភាគច្រើនបានឧទ្ទិសថ្វាយព្រះឥសូរ ឬព្រះសិវៈ ដែលមានតម្កល់ព្រះបដិមាព្រះសិវលឹង្គជាតំណាងនៅលើបល្ល័ង្កយោនីព្រះនាងឧមា ទៀតផង។ គេសាងរូបអាទិទេពនេះជាលឹង្គ (Linga) តម្កល់ឲ្យស្ថិតនៅជាមួយយោនី (Yoni) ព្រះនាងឧមា ជានិមិត្តរូបនៃការបង្កើតលោក។ តាមប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងដែរថា នៅដើមសតវត្សរ៍ទី១ នៃគ.ស. ប្រជានុរាស្ត្រខ្មែរនាសម័យបុរាណនោះ មានការពេញនិយមព្រះអាទិទេពអង្គនេះ ជាងព្រះអាទិទេពផ្សេងៗ ឯទៀត ដែលសុទ្ធសឹងតែមានប្រភពមកពីឥណ្ឌាទាំងអស់។ ការឆ្លាក់លឹង្គព្រះឥសូរ តម្កល់លើយោនីព្រះនាងឧមា ឬព្រះនាងទូគ៌ា នេះ បានក្លាយទៅជាប្រពៃណីដែលវិចិត្រករខ្មែរយើងសម័យអង្គរបានត្រាប់តាម ហើយនាសម័យអង្គរនោះដែរ ត្រីសូល៌មុខ៣ ក៏ជាអាវុធ ឬក៏ជាវត្ថុស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍និកាយសិវៈផងដែរ។ បើនិយាយមួយបែបទៀត ក្នុងការគោរពបូជាលទ្ធិព្រហ្មណ៍ ខ្មែរខ្លះចូលចិត្តព្រះព្រហ្ម ខ្លះទៀតព្រះនារាយណ៍ (ព្រះវិស្ណុ) ក៏ប៉ុន្តែជាទូទៅការនិយមប្រតិបត្តិព្រះសិវៈ ឬព្រះឥសូរនេះ គឺមានកម្រិតខ្ពស់ជាងព្រះអាទិទេពផ្សេងៗទៀត។ ម៉្យាងទៀត រូបចម្លាក់លោតបុរេអង្គរជាច្រើន ទាក់ទងនឹងចម្លាក់ព្រះសិវៈ ក្រោមរូបភាពជានិមិត្តសញ្ញា គឺព្រះលឹង្គ ដែលជាទម្រង់លក្ខណៈ ឬក៏ចំណែកមួយនៃសារព៌ាង្គកាយរបស់ព្រះសិវៈ ដែលបង្ហាញឲ្យឃើញនូវអាទិភាពព្រះអាទិទេព អង្គនេះក្នុងសង្គមខ្មែរ។ ចម្លាក់នៃព្រះអាទិទេពចម្បងខាងលើនេះ មានភាពសម្បូរបែបតាំងពីសម័យបុរេអង្គរ (មុនសម័យអង្គរ) មកម្ល៉េះ ជាពិសេសចម្លាក់មានរូបរាងមនុស្សមានផ្នួងសក់ ហើយមានកាន់ខ្សែផ្គាំនៅលើដៃ និងមនុស្សមានភ្នែកបី លំអដោយចំណិតព្រះច័ន្ទលើផ្នួងសក់ និងគ្រឿងអលង្ការជាដើម។ មកដល់សម័យអង្គរជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយព្រះអង្គ ទ្រង់បានធ្វើឲ្យមានការផ្លាស់ប្តូរថ្មីមួយនៅក្នុងប្រព័ន្ធគ្រប់គ្រងសង្គមខ្មែរ ក៏ដូចជាខាងផ្នែកជំនឿសាសនាផងដែរ។ ព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលនោះ បានដក់ជាប់ក្នុងផ្នត់គំនិតនៃអ្នកដឹកនាំ ក៏ដូចជាប្រជារាស្រ្តខ្មែរទាំងឡាយ ហើយកិត្តិនាមរបស់ព្រះអង្គក៏មានភាពល្បីរន្ទឺ នៅសម័យកាលក្រោយៗមក។ តាមសិលាចារឹកស្តុកកក់ធំ ដែលចារនៅសម័យក្រោយ បានបញ្ជាក់ឲ្យដឹងដែរថា នៅចុងសតវត្សរ៍ទី៨ ព្រះបាទជ័យវរ្ម័នទី២ បានធ្វើការបង្រួបបង្រួមនូវក្រុមមនុស្សដែលបានបំបែកទឹកដី ឲ្យទៅជានគរតូចទាំងឡាយឲ្យមករួបរួមគ្នាវិញ និងឈានទៅបង្កើតអាណាចក្រមួយ ប្រកបដោយឥទ្ធិពលនៅក្នុងតំបន់។ ក្រោយពីសម្រេចបាននូវការបង្រួបបង្រួមនេះ ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសយកភ្នំគូលេន ដើម្បីរៀបចំពិធីទេវរាជ នៅឆ្នាំ៨០២ ក្នុងបំណងប្រកាសពីការបង្រួបបង្រួមជាតិ និងការមានឯករាជ្យ ដោយបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ អាណាចក្រខ្មែរលែងចំណុះឲ្យជ្វាទៀតហើយ។ តាមរយៈព្រះរាជពិធីនេះ ព្រះអង្គបានក្លាយទៅជាព្រះមហាក្សត្រ ដែលជាស្តេចចក្រពត្តិ នៅចក្រភពខ្មែរ ។ ព្រះមហាក្សត្រខ្មែរក្រោយៗមកទៀតបានយកគំរូតាម ដោយបានធ្វើការរៀបចំព្រះរាជពិធីគោរព “សិវលឹង្គ” ដែលជាវត្ថុពិសិដ្ឋ សម្រាប់រាជ្យ ដើម្បីក្លាយជាស្តេចគ្រប់គ្រងទឹកដី។

រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. https://www.kamakoti.org/kamakoti/brahma%20vaivartha/bookview.php?chapnum=11
  2. និក្ខេបបទស្តីពី ព្រះឥសូរសម័យអង្គរ របស់មហាវិទ្យាបុរាណវិទ្យា ភ្នំពេញ ឆ្នាំ១៩៩៦-១៩៩៧ ទំព័រទី៧។
  3. https://inbrindavan.com/saraswati-ganga-lakshmi/
  4. https://www.hindu-blog.com/2016/03/story-of-goddess-lakshmi-ganga-and.html

មើលផងដែរ[កែប្រែ]