យល់ដឹងអំពីទង់ព្រលឹងជាតិខ្មែរ

ពីវិគីភីឌា

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ពុំមែនគ្រាន់តែជាក្រណាត់ពណ៌ក្រហម ខៀវ និង សនោះទេតែជានិមិត្តសញ្ញាតំណាងនូវប្រជាជន ទឹកដី និង វប្បធម៌ ក្នុង អតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់ប្រទេសកម្ពុជា។


(ក) ការបង្ហូត[កែប្រែ]

នៅកន្លែងធ្វើការ ទង់ជាតិត្រូវបង្ហូតរាល់ថ្ងៃធ្វើការ ពីថ្ងៃរះដល់ថ្ងៃលិច លើកលែងតែមានភ្លៀងធ្លាក់។ ប្រជាពលរដ្ឋទូទៅ ត្រូវបង្ហូតនៅថ្ងៃបុណ្យជាតិ ឬ បុណ្យផ្សេងៗដែលប្រកាសដោយប្រមុខរាជរដ្ឋាភិបាល។ នៅថ្ងៃកាន់មរណទុក្ខ ដូចជាមានវីរៈជនទទួលមរណភាព ឬមានសោកនាដ្យកម្មលំដាប់ថ្នាក់ជាតិ ត្រូវបង្ហូតទង់ជាតិពាក់កណ្ដាលដង។ ដើម្បីបង្ហូត គេត្រូវបង្ហូតឡើងដល់លើ រួចបង្ហូតចុះមកវិញដល់ពាក់កណ្ដាលដងរួចចង។ ដើម្បីដាក់ចុះ ត្រូវបង្ហូតឡើងដល់លើសិនរួចទើបបង្ហូតចុះមកវិញ។


(ខ) ការបង្ហូតឡើង[កែប្រែ]

ត្រូវការប្រើមនុស្សពីរនាក់ ដើម្បីបង្ហូតឡើង បង្ហូតចុះ និងបត់ទង់ជាតិ។ដំបូងម្នាក់ត្រូវកាន់ទ្រទង់ជាតិដោយដៃពីរកុំអោយធ្លាក់ប៉ះដី។ ម្នាក់ទៀតត្រូវចងខ្សែទង់ជាតិភ្ជាប់ទៅនឹងខ្សែបង្ហូត។ នៅពេលភ្លេងជាតិបន្លឺឡើង ឬ ពេលចាប់ផ្ដើមច្រៀងបទនគររាជ អ្នកដែលចងនេះត្រូវបង្ហូតឡើងយឺតៗល្មមតែដល់លើ នៅពេលដែលភ្លេងឬចំរៀងចប់។ នៅពេលទង់ជាតិចេញផុត ពីដៃអ្នកដែលកាន់ទ្រអស់ហើយ អ្នកនេះត្រូវឈានជំហានថយក្រោយមគំនាប់ទង់ជាតិហើយរង់ចាំអ្នកទីមួយអោយចងទង់ជាតិរួច។


(គ) ការបង្ហូតចុះ[កែប្រែ]

មនុស្សម្នាក់ស្រាយខ្សែពីបង្គោល ស្ដាប់ភ្លេង ឬចំរៀងជាតិ ផ្ដើមបង្ហូតចុះយឺតៗហើយម្នាក់ទៀតឈរគំនាប់។ នៅពេលទង់ជាតិធ្លាក់ដល់ល្មមឈោងចាប់បាន អ្នកគំនាប់នេះត្រូវយកដៃទ្រទង់ជាតិដរាបដល់អ្នកទីមួយស្រាយខ្សែនឹងចងខ្សែទៅនឹងបង្គោលអោយជាប់។


(ឃ) ការបត់ទង់ជាតិ[កែប្រែ]

ចូរបត់គ្នាពីរនាក់ ដោយបត់អោយចេញជាត្រីកោណទីមួយ រួចយកភាគដែលនៅសល់បត់ពីលើត្រីកោណទីមួយ ដើម្បីអោយនៅជាត្រីកោណដដែល រួចបត់ជាត្រីកោណមួយឬពីរជាន់ថែមទៀត។ នៅទីបញ្ចប់យើងអាចមើលឃើញកំពូលប្រាសាទនៅចំកណ្ដាលផ្នត់។


(ង) ការគំនាប់ទង់ជាតិ[កែប្រែ]

កាលណាអ្នកស្លៀកពាក់ឯកសណ្ឋានកាយរិទ្ធមានឬគ្មានមួកក៏ដោយអ្នកត្រូវគោរពទង់ជាតិ នៅពេលណាដែលគេបង្ហូតទង់ជាតិឡើង ឬ ចុះ ឬនៅពេលអ្នកធ្វើសច្ចាប្រណិធានចំពោះជាតិ។ កាលណាអ្នកគ្មានឯកសណ្ឋាន អ្នកគ្រាន់តែឈរក្នុងស្ថានភាពប្រុងបែរមុខទៅរកទង់ជាតិ។ ក្នុងករណីនេះបើអ្នកពាក់មួក អ្នកគប្បីដោះមួកចេញ។


(ច) ការកាន់ហែទង់ជាតិ[កែប្រែ]

ទង់ជាតិអាចដាក់ដងកាន់ក្នុងការហែក្បួន ក្នុងពេលផ្ដើមនិងពេលបញ្ចប់កិច្ចប្រជុំពួក ឬនៅក្នុងពិធីបុណ្យធំៗ។ គេត្រូវតែកាន់លើកអោយផុតពីក្បាលមនុស្ស។នៅពេលមានទង់ជាតិរបស់ខ្មែរតែម្នាក់ឯង ត្រូវមានអ្នកកាន់ម្នាក់ ហើយមានអ្នកអមឆ្វេងស្ដាំម្នាក់ៗទៀត។ បើមានទង់ជាតិច្រើនប្រទេស ហើយធ្វើដំណើរទៅមុខ ទង់ជាតិខ្មែរត្រូវស្ថិតនៅខាងមុខបង្អស់ បើឈរជាខ្សែ ទង់ជាតិខ្មែរត្រូវស្ថិតនៅខាងស្ដាំបង្អស់។ មិនត្រូវបង្អោនទង់ជាតិខ្មែរក្រោមឥទ្ធិពលមនុស្ស ឬ វត្ថុអ្វីណាមួយឡើយ។


(ឆ) ការដាក់តាំងទង់ជាតិ[កែប្រែ]

កាលណាដាក់តំាងលើដងដែលមានកំពស់មិនស្មើគ្នា ដងទង់ជាតិខ្មែរត្រូវតែខ្ពស់ជាងដងទង់ជាតិដទៃទៀត។ ត្រូវបង្ហូតទង់ជាតិខ្មែរឡើងមុន ហើយបង្ហូតចុះក្រោយគេ។កាលណាដាក់តាំងលើដងដែលមានកំពស់ស្មើគ្នា ត្រូវដាក់ទង់ជាតិខ្មែរនតែនៅខាងមុខដងទង់ជាតិដទៃ ឬ អោយស្ថិតនៅខាងស្ដាំបង្អស់។កាលណាដាក់តំាងនៅលើជញ្ជាំង ត្រូវអោយកំពូលអង្គរវត្តឡើងលើជានិច្ចនៅក្នុងវិហារ សាលារៀន ឬ សាលប្រជុំ ត្រូវដាក់ទង់ជាតិខ្មែរនៅខាងស្ដាំវាគ្មិន។តាមច្បាប់អន្ដរជាតិ មិនត្រូវដាក់តាំងទង់ជាតិខ្មែរនៅលើទង់ជាតិណាមួយទៀតឡើយ។ទង់ជាតិនៃប្រទេសនិមួយៗដែលត្រូវតែមានទំហំប្រហាក់ប្រហែលគ្នា ត្រូវដាក់តាំងនៅតាមដងទង់រៀងៗខ្លួន។


រៀបរៀងដោយ សុខគឹមហេង

០៦ តុលា ឆ្នាំ២០១០

(ដកស្រង់ចេញពីសៀវភៅ ខេមរកាយរិទ្ធ ឯកសារបណ្តុះបណ្ដាលកាយរិទ្ធឆ្នាំ២០០០)