Jump to content

រឿងផ្កាស្រពោនវគ្គទី២

ពីវិគីភីឌា

រាត្រីស្ងាត់។ពន្លឺអគ្គិសនីដែលបំភ្លឺផ្លូវធ្លា ចោលរន្ទះពណ៌មាសទៅក្នុងទឹកពណ៌ខ្មៅនៃស្ទឹងសង្កែ ដែលហូរត្រកួញខ្មាញ់។

ម៉ោង១០យប់ហើយ។នៅត្រើយខាងកើត ចង្រិតយំមួយៗ ហើយយូរៗម្តងមានរ៉ឺម៉ករត់រោឆ្លងស្ពានដែក ដឹកនាំអ្នកដែលត្រឡប់មកពីអាស្រ័យបបរសាមចូក នៅទីផ្សារវិលទៅកាន់ភូមិស្ថានវិញ។

នៅតាមមាត់កំពង់ដែលមានជួរដើមអំពិលធំៗត្រឈឹងត្រឈៃជាលម្អ ពួកក្មេងកម្លោះតែងមកប្រជុំគ្នានៅអង្គុយលើរានតូចៗ ដើម្បីយករំហើយ ហើយនិយាយកំសាន្តរទូៗ។

នៅភូមិវត្តពោធិក្នុង ត្រង់កំពង់ចម្លងឆ្ពោះទៅសាលារៀន ក៏មានកូនរានមួយជ្រកក្រោមអំពិលផ្អែមមួយដើមដែរ។តែដោយភូមិនេះពុំមានក្មេងកម្លោះដូចភូមិឯទៀត កូនរាននេះក៏នៅទំនេរ ឥតមាននរណាមកអ៊ូអែឡើយ។

នៅយប់ដែលយើងដំណាលរឿងនេះ បើប្រសិនជាមានអ្នកដំណើរណាមួយមកឈប់អង្គុយលេងលើរានអំពិលផ្អែម គេនឹងឮសម្លេងនារីពីរោះក្រអៅអណ្តែតចេញមកល្វើយៗ ពីផ្ទះមួយដែលមានព្រឹក្សាដុះគ្របជុំវិញ។ឱសម្លេងអើយ ដែលរសាត់មកតាមវាយោជាមួយនឹងពិដោរក្រអូបត្រជាក់នៃផ្កាម្លិះ និងកុលាប! ឱសំឡេងអើយ ថ្លាដូចចរណៃគួរឲ្យពិសម័យដល់ម្ចាស់សម្លេងនោះពន់ប្រមាណ។

អ្នកដំណើរ កាលបើបានស្តាប់សម្លេងនេះហើយ ក៏មិនងាយនឹងដកខ្លួនចេញពីរាននោះរួចទេ ព្រោះកម្រណាស់នឹងមានសំណាងបានស្តាប់សម្លេងដែលមានឱជារសយ៉ាងនេះឡើយ!

បើប្រសិនជាអ្នកដំណើរនោះឆ្ពោះវង់ភ័ក្ត្រមើលត្រង់ទៅខាងកើត ក៏នឹងឃើញពន្លឺចង្កៀងចាំងចេញតាមប្រឡោះស្លឹករុក្ខជាតិ ហើយនឹងឃើញមានផ្លូវមួយក្រាលឥដ្ឋ នាំជំហានទៅដល់ជណ្តើរនៃគេហដ្ឋានមួយដែលសង់ជារោងដោយដំបូលប្រក់ក្បឿង ជញ្ជាំងក្តារឥតលាបថ្នាំ ដែលប្រែសម្បុរទៅជាប្រផេះដោយត្រូវភ្លៀង និងត្រូវពន្លឺថ្ងៃ។នៅយ៉ខាងមុខដែលភ្ជាប់នឹងរានហាល មានសង់ហោណាំងមួយ ប្រក់សង្កសីនឹងមានបន្ទះឈើជាចំរឹងព័ទ្ធពីខាងមុខ។នៅទីនោះមានក្តារងឿងមួយធ្វើពីខ្លឹមក្រកោះខ្មៅរលើប។ អ្នកម្ចាស់ផ្ទះ មុននឹងបិទទ្វារដេក តែងមកសន្ធឹងយករំហើយនៅកន្លែងនេះ។

គេហដ្ឋានដ៏មានរបងស្តុកស្តម្ភ តែងស្ងាត់ជ្រងំដោយមានតែមនុស្សស្រីបីនាក់ស្ថិតនៅ។

យាយនួនមានអាយុ៥០ឆ្នាំប្លាយហើយ សក់ស្កូវមួយៗ ហើយកោរខ្លី ដោយគាត់កាន់ឧបោសថមិនដែលខានឡើយ។ នេត្រគាត់ដែលមានពន្លឺថ្លាយង់ ហើយជ្រកនៅក្នុងរូងព្រមទាំងរង្វង់ថ្គាមមាំ យ៉ាងរឹងប៉ឹង សម្តែងឲ្យយល់ថា ស្ត្រីនេះជាអ្នកចិត្តរឹងរូសមានៈណាស់។ បើគំនិតគាត់បែរទៅចាប់អ្វីហើយ គ្មាននរណាងាយនឹងដកគំនិតនោះយកមកបានទេ។ តាំងតែប្តីគាត់ស្លាប់ចោលទៅកាលណា គាត់លះបង់ជំនួញជួញប្រែទាំងអស់។គាត់ខំតែការពារធនធានដែលមានទាំងប៉ុន្មាន ទុកឲ្យកូនស្រីគាត់ដែលគាត់មានសេចក្តីប្រតិព័ទ្ធលើសលប់ជាងអ្វីៗទាំងអស់។

នាងវិធាវីជាបុត្រីយាយនួន។នាងចម្រើនវ័យបាន១៧ឆ្នាំហើយ។នាងមានរូបឆោមលោមពណ៌ស្រស់ចំប្រប់ រាងរៀវទន់ភ្លន់ មុខមូលវែង ហើយទុកសក់ប្រះស្មាខ្មៅញាប់។នាងជាអ្នកសុភាព ស្តាប់ដំបូន្មានម្តាយនាងជាដរាប។កាលដែលនៅពីតូច នាងបានទៅរៀនអក្សរនៅសាលាវត្តពោធិវាល។គ្រូនាងតែងសរសើរពីប្រាជ្ញារបស់នាង។លុះនាងបានពេញជំទង់ហើយ ម្តាយនាងឲ្យឈប់រៀន។ដូច្នេះនាងក៏នៅកាន់កាប់ការតែក្នុងផ្ទះទៅ តែបើមានពេលទំនេរនាងតែងទៅសិក្សារៀនភាសាសៀម និងរៀនប៉ាក់ជុលជាមួយគ្រូស្រីម្នាក់ ដែលនៅជិតផ្ទះនាង។មិនប៉ុន្មានខែក្រោយមក នាងក៏ចេះមើលសៀវភៅរឿងសៀមបាន។ឯបង្អួចផ្ទះ ស្រោមខ្នើយសោត ក៏មានក្បាច់ភ្ញីលម្អឡើងដោយស្នាដៃនាងក្នុងការអញ្ជុល។

អ្នកផ្ទះទីបីគឺយាយផៃ។គាត់បាននៅបម្រើគ្រួសារយាយនួននេះតាំងតែពីមុនសម័យដែលនាងវិធាវីមកចាប់បដិសន្ធិ។ គាត់មានអាយុចាស់ជាងយាយនួនទៅទៀត ស្បែកគាត់ក៏សឹងស្វិតជ្រីវ សក់គាត់ក៏សឹងស្កូវស្ទើរគ្មានសល់មួយសរសៃទៅហើយ។នាងវិធាវីតែងរាប់អានគាត់ដូចជាសាច់ញាតិពេញទី។មួយទៀត យាយផៃគាត់ក៏មិនចង់ដើរទៅណាឡើយ ព្រោះគាត់ធ្លាប់បីបមនាងវិធាវី ហើយធ្លាប់ស្រឡាញ់តាំងតែពីកូនង៉ាមក។គាត់ហៅយុវតីនេះថា នាងតូចៗដូច្នេះ។

នៅយប់ដែលយើងពណ៌នានេះ យាយនួនគាត់មានកង្វល់ក្នុងចិត្ត ហើយគាត់បានបបួលកូនគាត់ ឲ្យមើលក្រាំងព្រះលក្សិណវង្សគ្រាន់កែអផ្សុក។

នៅពេលនោះ ចង្កៀងធូបមួយអុជដាក់ចម្រើនលើក្បាលដំណេកនៃនាងវិធាវី។នារីនេះស្លៀកសំពត់ខ្មៅ ពាក់អាវព្រែសាច់ម៉ដ្ឋពណ៌កុលាប ហើយបើកាលណានាងយារដៃឆ្វេងបើកសន្លឹកក្រាំងម្តងៗឡើង ចិញ្ចៀនពេជ្រទាំងគ្រាប់ត្បូងមួយ ដែលជាគ្រឿងលម្អនៃដៃនាងដ៏ដេញភ្លើងភ្លឺព្រោងព្រាយ។នាងអានរឿងព្រះលក្សិណវង្សធ្វើបទបញ្ចេញសម្លេងមូលក្រឳពីរោះឥតឧបមា។ គឺសម្លេងនេះហើយ ដែលអ្នកដំណើរបានស្តាប់ឮល្វើយៗពីធ្លាមាត់កំពង់។

ពេលនេះយាយនួនមានមុខស្ងួត ដេកនៅស្ងៀមអែបនៅកៀនបុត្រីគាត់។ឯភ្នែកគាត់សម្លឹងដោតពិដានខ្ជាប់ធ្វើឲ្យយល់ថា វិញ្ញាណស្ត្រីនេះអណ្តែតអណ្តូងទៅក្នុងគំនិតមួយ ដែលមានសណ្ឋានកណ្តាញ់ចាក់ស្រែះដូចអំបោះដែលសំផុរហើយរកដើម រកចុងមិនឃើញជាពុំខាន។

ចំណែកយាយផៃវិញ គាត់អង្គុយត្របោមជង្គង់ ខ្នងផ្អែកនាជញ្ជាំង ហើយស្តាប់ធ្វើមាត់ប្រហើរ។លុះមើលដល់ត្រង់ព្រះលក្សិណវង្សជឿតាមពាក្យក្លែងនាងយីស៊ុន ហើយប្រើពេជ្ឈឃាតយកចៅព្រាហ្មណ៍ទៅសម្លាប់ យាយផៃគាត់ជូតទឹកភ្នែកយ៉ាងញឹកញាប់។លុះដល់គេបណ្តើរឲ្យនាងព្រាហ្មណ៍កេសរស្រែកអាក្រោសតាមផ្សារ យាយផៃគាត់ខឹងខ្លាំងណាស់ទប់មិនក៏ស្ទុះក្រោកឈរឡើងហើយស្រែកថា៖

  • អញថាហើយ!...ថាកុំឲ្យមកតាម...ប្រុសឥឡូវតែយ៉ាងនេះឯង! បានថ្មីចោលចាស់ ឥតពិគ្រោះពិចារណាទេ!

ឮសម្តីនេះហើយ នាងវិធាវីដែលកំពុងជក់តាមរឿង ក៏បែរភ័ក្ត្រមកមើលឃើញយាយផៃគាត់ស្ទុះក្រញេងក្រញាងដូច្នោះ នាងក៏ញញឹមសើចបញ្ចេញធ្មេញថ្លាដូចផ្កាម្លិះ ហើយសួរទៅដោយសម្តីផ្អែមថា៖

  • អីម៉េច ម៉ែផៃ!

ស្ត្រីនេះកាលបើឮសម្តីនេះហើយ ក៏ភ្ញាក់ភ្ញារដឹងខ្លួនដូចគេទើបក្រោកពីដេក។នៅស្រឡាំងកាំងមួយសន្ទុះ ទើបឆ្លើយតបថា៖

  • អត់ទោសឲ្យខ្ញុំចុះនាងតូច ខ្ញុំខឹងណាស់ ខឹងនឹងមនុស្សដែលធ្វើការអ្វីមិនមានពិចារណារករាក់ជ្រៅ វែងឆ្ងាយសោះ។

យាយនួនលុះឮវាចា យាយផៃថាដូច្នេះ ក៏ភ្ញាក់ខ្លួនព្រើតស្ទុះក្រោកអង្គុយឡើង ហើយនិយាយថា៖

  • អាវីកូន មើលប៉ុណ្ណឹងចុះ យប់ក្រែលល្មមរកដេកពួនហើយ។កុំភ្លេចថា យើងត្រូវក្រោកពីព្រឹកនឹងរកធ្វើការធ្វើងារនឹងគេ។

នាងវិធាវីឮហើយ ក៏ម្នីម្នាក្រោកអង្គុយ យកដៃក្បឹតសក់បិទក្រាំង ហើយកាន់ចង្កៀងចូលទៅខាងក្នុង។យាយផៃគាត់ក៏ជញ្ជូនប្រអប់ស្លា និងផ្តិលដែលនៅរាយខាងក្រៅដាក់ទៅខាងក្នុងផ្ទះដែរ។

បន្តិចក្រោយមក គន្លឹះទ្វារក៏ស្រែកគ្រាំងៗ។នាងវិធាវីផ្លុំភ្លើងពន្លត់ ហើយប្រវាមចូលទៅនិទ្រា ប្របនឹងមាតានាង។

  • អាវី កូនឯងងងុយដេកហើយឬនៅ?
  • នៅទេម៉ែ តើម៉ែមានការអ្វី?
  • គ្មានការអ្វីធំដុំទេ ម៉ែចង់និយាយនឹងឯងបន្តិច។ឯងស្គាល់ប៊ុន-ធឿនឬទេ?

នាងវិធាវីកាលបើឮឈ្មោះបុរសនេះឡើង ក៏ព្រឺព្រួចសប្បាយមួយសន្ទុះ។តែលុះនឹងឃើញផ្សេងៗក៏មានអារម្មណ៍ភ័យតក់ស្លុតទៅវិញ ដោយមានបារម្ភក្រែងមានគ្រោះកាចយ៉ាងណាមកបៀតបៀនដល់មិត្រនាងក៏មិនដឹង។នាងខំសង្កត់វិតក្កហើយឆ្លើយថា៖

  • ម៉ែ! ខ្ញុំមិនភ្លេចទេ ពីដើមបងធឿនគាត់តែងនាំខ្ញុំលេងបាយឡុកបាយឡ។
  • អើឯងដឹងរឿងប៊ុន-ធឿននេះ! កាលពីឪពុកឯងគេនៅរស់ គេរាប់អានគ្រួសារប៊ុន-ធឿននេះណាស់។ឪពុកឯងនិងចិកប៊ុន-ថន ឪពុកប៊ុន-ធឿននេះជាក្លើម្រាក់ចិត្តមួយនឹងគ្នា រកស៊ីមានបានជាមួយគ្នាហើយ...(ត្រង់នេះយាយនួនគាត់ឈប់អាក់មួយសន្ទុះ ហាក់ដូចជារកពាក្យនិយាយគ្មាន)...ហើយបាននិយាយផ្តែផ្តាំទុកដាក់ឯងនេះជាគូនឹងប៊ុន-ធឿន ដល់កាលណាចៅប៊ុន ធឿនជាប់ឌីប្លូម។បានជាឪពុកឯងហ៊ានប្តេជ្ញាយ៉ាងនេះ ព្រោះសម្លឹងឃើញចិកប៊ុន-ថន មានទ្រព្យធនធានល្មមចែកកូនគេឲ្យស្គាល់តែសេចក្តីសុខបាន។ឥឡូវនេះកូន ម៉ែពិបាកចិត្តពេក ចិកប៊ុន-ថនធ្លាក់ក្រដាបខ្លាំងណាស់ទៅហើយ...។
  • ឱពុទ្ធោ! ខ្ញុំអាណិតណាស់!

យាយនួនធ្វើហាក់ដូចជាមិនឮសម្តីបុត្រីគាត់ ហើយក៏ចរចា ទៅទៀតថា៖

  • ពីឆ្នាំមុនៗនេះចិកប៊ុន-ថនគាត់ជួញស្រូវចេះតែខាតសម្បត្តិ គាត់ចេះតែរបេះទៅៗ។នៅក្នុងរដូវវស្សានេះគាត់បានខ្ចីប្រាំងបាំង(ធនាគារ)ចំនួន១០.០០០រៀល ទិញស្រូវផ្ទុកទូកប៉ុកចាយមួយ ដឹកចុះទៅព្រៃនគរតាមទន្លេសាប។ឥឡូវនេះកូនអើយ មានព្យុះបោកទូកនោះធ្លាយលិចកណ្តាលទន្លេហើយ...។

កន្ទុយពាក្យយាយនួន រលាយសូន្យក្នុងផែនស្ងប់ស្ងៀមនៃរាត្រី។

នាងវិធាវីសែនខ្លោចផ្សាក្នុងចិត្ត ដោយនឹកអាណិតប៊ុន-ធឿន។បើប្រសិនណាជានាងមានធនធានជាកម្មសិទ្ធិខ្លួនឯងវិញ ម្ល៉េះសមនាងរត់ទៅជួយគ្រួសារដែលរងគ្រោះនេះឲ្យផុតពីសេចក្តីទោសទុក្ខ...បើនឹងសម្លឹងទៅចិត្តម៉ែខ្លួន?...នាងក៏គ្មានរំពឹងសោះឡើយ។

យូរបន្តិចមក យាយនួននិយាយខ្សាវៗទៅទៀតថា៖

  • ទ្រព្យសម្បត្តិឪពុកប៊ុន-ធឿនរលាយអស់រលីងហើយ។ គ្រឿងមាសប្រាក់កែវកង និងស្រែភ្លឺមើលទៅក៏លក់បញ្ចាំគ្មានសល់ ដើម្បីយកប្រាក់សងបាំង និងសងគេអ្នកដទៃឯទៀតផង។អស់រលីងហើយ មុខតែវេទនាពុំខាន! ម៉ែមិនដឹងគិតធ្វើដូចម្តេចទេ។នែ៎កូន អញមានចិត្តគិតឯងយ៉ាងបំផុត ប្រាក់កាសអញមិនមានក្រាស់ក្រែលប៉ុន្មានទេ ល្មមគ្រាន់តែទុកឲ្យឯងមិនព្រួយលំបាកទៅថ្ងៃក្រោយប៉ុណ្ណោះ។ឥឡូវប៊ុន-ធឿនក្រហើយ។
  • ម៉ែមានប្រសាសន៍យ៉ាងនេះមិនត្រូវទេ បងធឿនធ្លាក់ខ្លួនក្រខាងទ្រព្យធនមែនពិតតែគេនៅមានសម្បត្តិមួយយ៉ាងទៀតប្រពៃណាស់ គឺចំណេះវិជ្ជា។កាលបើកាលណាគេប្រឡងជាប់ឌីប្លូមហើយ...

ត្រង់នេះយាយនួនគាត់នឹកក្នាញ់នឹងសម្តីកូនគាត់ពេក គាត់ក៏បញ្ចប់សេចក្តីដោយពាក្យចំអកទៅវិញថា៖

  • គេដើរលេងប៉ោឡែប៉ោឡោ គេផឹកស្រាស្រវឹងងុល គេដើរចោលប្រពន្ធកូនទុកឲ្យដេកត្រាំទឹកភ្នែកនៅផ្ទះ!
  • ម៉ែខ្ញុំស្គាល់ចិត្តប៊ុន-ធឿនតាំងពីតូចដូចគ្នាមក។គាត់មិនមែនជាមនុស្សខូចកាចដូចម៉ែថានោះទេ។
  • នរណាដឹង? នរណាមើលធ្លុះ? ម៉ែយល់គំនិតកូនឯងអស់ហើយ។កូនឯងនេះមានគំនិតចង់ពឹងផ្អែកទៅលើប្រាក់ខែថីឌីប្លូម!
  • សាមសិបប្លាយរៀល! ធ្វើដូចម្តេចក៏ស៊ីមិនគ្រាន់ដែរ។នេះថាគ្មានជំពាក់ឆ្វាក់អីផង។បើប្រសិនជាមានជាប់ជំពាក់គេទៀត កូនឯងមុខជាតោកយ៉ាកពុំខាន។ទ្រព្យអ្វីដែលម៉ែនឹងចែកឲ្យកូនទាំងប៉ុន្មានទៅ មុខជាប្តីឯងយកទៅសងបំណុលគេអស់។ ឱកូនអើយ! ជឿម៉ែចុះ ក្នុងលោកនេះ បើមានសម្បត្តិហើយ សេចក្តីទុក្ខសោកនានាឥតមកបៀតបៀនបានឡើយ។ ម៉ែយល់ថា ប៊ុន-ធឿនជាមនុស្សមានកម្មវេរាក្រាស់ក្រៃ មិនមែនជាគូគ្រងរបស់កូនឯងទេ។ដូច្នោះហើយ បានជាទេវតាដែលចាំរក្សាកូនឯង លោកនាំបង្កើតហេតុភេទឲ្យឃើញថា កូនឯងនេះគ្មានចំណងនិស្ស័យនឹងប៊ុន-ធឿនសោះទេ។

យាយនួនគាត់ឈប់មួយលើក ឯនាងវិធាវីក៏នៅស្ងៀមឡឹនឡង់។មួយស្របក់ក្រោយមក ទើបគេឮមាត់ម្តាយនាងនិយាយតទៅទៀត៖

  • កូនអើយ ឯងកុំអាក់អន់ថ្វី ចូរនាងរក្សាចិត្តនាងឲ្យនឹងនរ បំភ្លេចចោលប៊ុន ធឿន ចោលទៅ។ដល់ថ្ងៃក្រោយទៅ លុះនាងបានប្រកបដោយតែសុវត្ថិភាព និងសុភមង្គល នាងនឹងនឹកឃើញថា ម៉ែគាត់និយាយត្រូវមែន។

ក្នុងវេលានោះ គេឮសូរសម្លេងស្អកនាឡិកាវាយម៉ោង១២អាធ្រាត្រ។យាយនួនគាត់នៅស្ងៀមលែងស្តី គាត់ប្រែខ្លួនទៅម្ខាង ហើយនិន្ទ្រាលក់ទៅ។

នាងវិធាវីខ្សឹកខ្សួលអន់អួលទឹកនេត្រាហូរល្ហែងស្រប់អស់ភ័ក្ត្រ។នាងគិតឃើញថា ម្តាយនាងនិយាយខុសទាស់ច្រើនកន្លែងណាស់។តែនាងជាយុវតីមួយ ដែលធ្លាប់ស្តាប់បង្គាប់ម្តាយជានិច្ចនិរន្តន៍ នាងមិនដែលហ៊ានតបវាចាឆ្លងឆ្លើយនឹងម្តាយនាងដោយរឹងត្អឹងឡើយ។មួយវិញទៀតនាងមានខ្មាសច្រើន។ បើកាលណាឮគេនិយាយពីគូស្រករឡើង ខេមរកញ្ញាយើងជាធម្មតាតែងតែនៅស្ងៀមមិនចរចាទេ ទោះត្រូវចិត្តឬមិនត្រូវចិត្តក៏ដោយ។

ប៊ុន-ធឿន! នាងស្រមៃឃើញមុខកម្លោះនេះនៅពីមុខភ្នែកនាង។នាងគេងជញ្ជឹងគិត កាលពីកុមារតូចៗតែងលេងជាមួយគ្នា។នាងនឹកឃើញថា កាលដែលប៊ុន-ធឿនមកលានាងទៅប្រឡងឯភ្នំពេញ ហើយយប់ៗឡើងនាងតែងអុជធូបបូជាទេវតា សុំឲ្យបងប៊ុន-ធឿនបានសម្រេចក្នុងការប្រឡងនេះ។នាងនឹកឃើញកាលដែលប៊ុន-ធឿនត្រឡប់មកពីក្រុងភ្នំពេញវិញ ហើយមានទឹកមុខរីករាយដោយមានជ័យជំនះក្នុងការរៀនសូត្រ។នាងនឹកឃើញកាលដែលប៊ុន-ធឿននិទានរឿង” ប៉ូល និងវៀហ្ស៊ីនី “ប្រាប់នាង។ថ្ងៃនោះឯង នាងបានហៅសំឡាញ់នាងជាល្បែងថា បងប៉ូលៗ។ប៊ុន-ធឿនក៏ឆ្លើយហៅ នាងថា អូនវៀហ្ស៊ីនីវិញ។នាងនឹកដល់កាលដែលប៊ុន-ធឿនជិតឡើងរថយន្តចាកចេញទៅរៀនឯក្រុងភ្នំពេញ។ថ្ងៃនោះប៊ុន-ធឿន បានខ្សឹបនឹងនាងថា៖

  • អូន! បួនឆ្នាំទៀត យើងនឹងជួបគ្នាលែងឃ្លាតហើយ។

នាងវិធាវីកន្ទក់កន្ទេញទោម្នេញ និន្ទ្រាមិនលក់ ចេះតែប្រែបម្រះខ្លួន ហាក់ដូចជាពួកកន្ទេលនាងក្លាយទៅជារងើកភ្លើង។

នៅជិតខាង យាយនួនគាត់ស្រមុកក្រោកក្រាកៗ។នៅខាងក្រៅផ្ទះ ខ្យល់បក់ហ៊ូៗ បោកធាងដូងទៅលើដើមជម្ពូ។មាត់មាន់ក៏រងាវម្តងៗ ល្វើយៗ ឯសម្រែកខ្លែងស្រាកក៏បញ្ចេញឡើង ធ្វើឲ្យព្រឺខ្លួនជនណាដែលមានដំណេករឹង៕