រឿង ត្មាតបោកដំរីស

ពីវិគីភីឌា

កាលពីព្រេងនាយ មានស្ដេចត្មាតមួយ មានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ។ យប់មួយស្ដេចត្មាតនោះ ដេកទៅយល់សប្ដិឃើញថា បានចាប់ស្ដេចដំរីស ។ ពួកសេនារេហ៏ពលក៏ហើរសំដៅទៅលំនៅស្ដេចដំរីសនោះ ដល់ហើយក៏ស្រែកហៅស្ដេចដំរីសថា បងដំរី! ម្ចាស់យើង ឱ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ ដោយម្ចាស់ យើងយល់សប្ដិថា “បានស៊ីសាច់បងដំរីឯង”។ ដំរីឮដូច្នោះ ក៏ភ័យញ័រឥតឧបមា យំបណ្ដើរ លាប្រពន្ឋកូន និងពលសេនា បណ្ដើរ ដើម្បីទៅតាមពលត្មាតតាមបញ្ជារបស់ស្ដេចត្មាត។ លុះមកដល់កណ្ដាលផ្លូវ បានជួបនឹងសុភាទន្សាយៗក៏សួរទៅ ស្ដេចដំរីថា “យើ ! បងដំរីទៅណាមកណា ក៏រលះរលាំង ថែមទាំយំសស្រាក់យ៉ាងនេះ?” ដំរីឆ្លើយថា “ឱ បងសុភាអើយ ! ស្ដេចត្មាតគេយល់សប្ដិឃើញថា បានស៊ីសាច់ខ្ញុំ ឥឡូវនេះខ្ញុំទៅឱ្យគេស៊ីខ្ញុំហើយ”។ ទន្សាយឆ្លើយថា “យើ ! បងដំរី រូបប៉ុនបងឯងម្ដេចសុខចិត្ដ ទៅឱ្យអាសត្វត្មាតស៊ីទទេៗយ៉ាងនេះ ចាំខ្ញុំជួយដោះទុក្ខបងឯងឱ្យរួចរស់បាន”។ ស្ដេចដំរីបានឮដូច្នោះ មានចិត្ដត្រេកអរណាស់ ក៏ហៅទន្សាយឡើងជិះលើខ្នងដើរសំដៅទៅលំនៅស្ដេចត្មាត។ លុះឃើញដំរីដើរមក ដល់ហើយ ស្ដេចត្មាតអរញញឹមញញែម រួចនិយាយទៅកាន់ដំរីថា “អឺ ! បងដំរីមកដល់ហើយ យើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះ ព្រោះយើងយល់សប្ដិឃើញថា បានស៊ីសាច់បងឯង”។ នៅពេលដែលដំរីជួបនឹងស្ដេចត្មាតនោះ ទន្សាយធ្វើពុតជាដេកលក់លើខ្នងដំរី។ ស្ដេចត្មាតក៏ស្រែកទៅកាន់ទន្សាយថា “នែ ! បងសុភា ម៉េចមកដេកលក់លើខ្នងដំរីដូច្នេះ? ចុះចេញឱ្យឆាប់ យើងនឹងស៊ីដំរីឥឡូវនេះ”។ ទន្សាយឆ្លើយថា “ឈប់ៗ កុំអាលសិន! បងនិយាយជាមួយដំរីដូចម្ដេចខ្លះ អម្បាញ់មិញយើងមិនបានស្ដាប់ ព្រោះរវល់តែងងុយពេក” ស្ដេចត្មាតឆ្លើយថា “យើងយល់សប្ដិឃើញថា បានស៊ីសាច់ដំរីស”។ ទន្សាយថា “អឺ! មែនហើយអម្បាញ់មិញ ខ្ញុំដេកលក់មួយភាំងទៅយល់សប្ដិថា “បានស្រលាញ់ប្រពន្ឋ ស្ដេចត្មាតឯង”។ ស្ដេចត្មាតឆ្លើយថា “យើ បងសុភា ! យើងមិនត្រូវការឱ្យប្រពន្ឋយើងទៅបងសុភាឯងទេ” ។ ទន្សាយថា “បើបងឯងមិនឱ្យ ការយល់សប្ដិរបស់បងត្មាតឯងក៏ឥតបានការអ្វីដែរ ដំរីក៏ខ្ញុំមិនឱ្យបងត្មាតឯងស៊ីដូចគ្នា”។ ត្មាតក៏ ខានបានស៊ីសាច់ដំរី ដោយចាញ់កលឧបាយសុភាទន្សាយ។ ដំរីក៏វិលទៅលំនៅខ្លួនវិញទៅ ។ ទន្សាយក៏បោលចូលព្រៃ ទៅបាត់ដែរ។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ