វត្តដំណាក់​

ពីវិគីភីឌា

វត្តដំណាក់​ គឺ​ជាវត្តអារាមបែបព្រះពុទ្ធសាសនាតាមបែបថេរវាទមួយនៅខាងកើតដងស្ទឹងសៀមរាប ខេត្តសៀមរាប។

វត្តដំណាក់
មុខព្រះវិហារវត្តដំណាក់
សាសនា
សាសនាព្រះពុទ្ធសាសនាថេរវាទ
Location
ទីតាំងខេត្តសៀមរាប
ប្រទេសប្រទេសកម្ពុជា

ប្រវត្តិសាស្ត្រ[កែប្រែ]

វត្ត​នេះ​ពីមុន​គឺ​ជា​ទីតាំង​ព្រះរាជ​ដំណាក់​របស់​ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ ក្នុង​កំឡុងឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩២៧។ លុះក្រោយ​មក ព្រះរាជដំណាក់​របស់​ព្រះមហាក្សត្រត្រូវ​បាន​ប្ដូរ​ទីតាំង​ទៅ​នៅ​ជិត​អាស្រមព្រះអង្គចេក ព្រះអង្គចមវិញ។ ក្រោយ​ពី​ព្រះរាជដំណាក់​ត្រូវបាន​ផ្លាស់​ប្ដូរទីតាំង ទីធ្លា​បរិវេណ​រាជដំណាក់ចាស់ត្រូវ​បាន​ប្រែក្លាយ​ជា​វត្ត​អារាម​ព្រះពុទ្ធសាសនាម្ដង។

ជាអកុសល នៅ​ក្នុង​របបខ្មែរក្រហម វត្តដំណាក់​ត្រូវ​បាន​កងទ័ពខ្មែរក្រហមប្រើប្រាស់​ជា​មូលដ្ឋា​នយោធារបស់​ពួកគេ។

ការ​សិក្សា[កែប្រែ]

បច្ចុប្បន្នវត្តនេះ មិន​ត្រឹម​តែ​ជា​ទីអារាម​របស់​ព្រះពុទ្ធសាសនាសម្រាប់​ព្រះសង្ឃគង់នៅបដិបត្តិធម៌ និង​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​ធ្វើបុណ្យទានប៉ុណ្ណោះទេ តែវត្តនេះ​ក៏​ជាថ្នាលបណ្តុះចំណេះវិជា្ជដល់​ព្រះសង្ឃផងដែរ ដោយសារ​នៅ​ក្នុង​វត្តមាន​ពុទ្ធិកបឋមសិក្សា​សម្រាប់​ព្រះសង្ឃសិក្សារៀនសូត្រ ភាសាបាលី សំស្ក្រឹត និង​ព្រះធម៌វិន័យនានា។ លើសពី​នេះ នៅ​ក្នុង​បរិវេណវត្ត​ក៏​មាន​សាលាបឋមសិក្សា​សម្រាប់​ឲ្យ​កុមារសិក្សារៀនសូត្រទៀតផង។ បន្ថែមពីលើនេះ ជារៀងរាល់​ថ្ងៃ តែងតែ​មានជនានុជន​ជាច្រើន​បាន​ទៅអានសៀវភៅ ឬធ្វើកិច្ចការសាលា​នៅ​ទីនោះ។

បណ្ណាល័យខេមរសិក្សា[កែប្រែ]

ដោយឡែក នៅ​ក្នុង​វត្ត​ក៏​មាន​បណ្ណាល័យ​មួយហៅថា " មជ្ឈមណ្ឌលខេមរសិក្សា " ដែល​បាន​បើក​សម្រាប់​ឲ្យ​សាធារណជន​ចូល​ធ្វើការ​សិក្សា​ស្រាវជ្រាវ​​ឯកសារ និង​អានសៀវភៅ​នានា​យ៉ាងសម្បូរបែប។ នៅ​តាម​ដងផ្លូវ​ក្នុង​វត្ត​ មាន​រៀបចំនូវពាក្យស្លោក និង​សុភាសិតជាច្រើន​សម្រាប់​ដាស់តឿន​ដល់​សាធារណជនទាំងឡាយ។

ទេសចរ[កែប្រែ]

វត្តនេះ​ក៏​បាន​នឹងកំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​នៅ​វត្តនេះផង​ដែរ ដោយសារ​តែ​ការរៀបចំប្រកបដោយ​សោភ័ណភាព​នៃវត្តនេះ និងអាយុ​កាល​ដ៏ចំណាស់ដែល​មានពាក់ព័ន្ធនឹង​ប្រវត្តិសាស្ត្រផងនោះ។ ព្រះវិហារ​នៃ​វត្តនេះ មាន​ចំណាស់​ប្រហែល ១០០ ឆ្នាំមកហើយ។ [១]

ម្ហូបអាហារ[កែប្រែ]

សាច់​គោ​អាំង​ដែល​ល្បី​នៅ​ម្ដុំ​វត្ត​ដំណាក់​នេះ​បាន​បើក​​លក់​​ជាង​ ២ ​ទសវត្សរ៍​មក​ហើយ គឺ​តាំងពី​អំឡុង​ឆ្នាំ​ ១៩៩០ ​មក​ម្ល៉េះ។ ខុស​ប្លែក​ពី​សាច់គោ​អាំង​នៅ​ភ្នំពេញ​ដែល​មាន​​ចង្កាក់​ស្ដួច​វែង សាច់​គោ​អាំង​​ដែល​ល្បី​នៅ​ម្ដុំ​វត្តដំណាក់​​មាន​ចង្កាក់​ឫស្សី​សំប៉ែត​ខ្លី។ សាច់គោ​ដោត​លាយ​ខ្លាញ់​នៅ​ខាង​ចុង​ត្រូវ​បាន​គេ​ប្រែ​ចុះ​ឡើង​ដោយ​លាប​ទឹក​គ្រឿង​ពណ៌​ក្រហម​​បន្ថែម​រសជាតិ។ [២]

ឯកសារយោង[កែប្រែ]