សារ៊ាំ ប៉ាក់

ពីវិគីភីឌា

អ្នកស្រី សារាំប៉ាក់ ជាអ្នកចម្រៀងអាយ៉ៃដ៏ល្បីល្បាញម្នាក់ពីទសវត្សឆ្នាំ៥០រហូតដល់ទសវត្សឆ្នាំ៧០។

អ្នកស្រី សារ៉ាំប៉ាក់ មានឈ្មោះដើម ចៅ ប៉ាក់ កើតឆ្នាំ១៩២១ នៅភូមិត្រពាំងទា ឃុំពងទឹក ស្រុកដង្កោ ខេត្តកណ្ដាល (បច្ចុប្បន្ន ស្ថិតនៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ) ។ ឪពុកឈ្មោះ ចៅ ម្តាយ ឈ្មោះ យ៉ាន។ អ្នកស្រីសារាំប៉ាក់មានបងប្អូនបង្កើតចំនួន៥នាក់ ស្រី ៤ ប្រុស ១ រួមមាន៖

  1. អ្នកស្រី ចៅ រើន (ស្លាប់)
  2. អ្នកស្រី ចៅ ប៉ាក់(សារ៉ាំប៉ាក់-ស្លាប់)
  3. អ្នកស្រី ចៅ រឿន (ស្លាប់)
  4. លោក ចៅ ផន (ស្លាប់)
  5. អ្នកស្រី ចៅ លោត (ស្លាប់)

កាលពីកុមារអ្នកស្រី សារ៉ាំប៉ាក់ គឺជាក្មេងដែលស្រឡាញ់ចូលចិត្ត ផ្នែកសិល្បៈបុរាណ ហើយគាត់ក៏បានទទួលបានការបណ្ដុះបណ្ដាលពីចាស់ទុំ ដែលឋិននៅក្នុងភូមិស្រុករបស់គាត់ផ្ទាល់។លុះដល់វ័យ ពេញក្រមុំ ម្តាយបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ថី ចេស។ អ្នកស្រីសារាំប៉ាក់មានកូនចំនួន ៣ នាក់គឺ៖

  1. ចៅ ពុំ (ស្លាប់ ជំនាន់ ប៉ុល ពត)
  2. ចៅ ហ៊ាន (បច្ចុប្បន្នរស់នៅបារាំង)
  3. ចៅ ញ៉ (បច្ចុប្បន្នរស់នៅសហរដ្ឋ)
  • ប៉ាក់ សុម៉ាលី (ជាកូនចិញ្ចឹម បច្ចុប្បន្នអ្នកស្រីសុម៉ាលីរស់នៅអ្នកលឿង ខេត្តព្រៃវែង មានអាយុ ៧២ ឆ្នាំហើយ)។

លុះមកឆ្នាំ១៩៧៥ នាង សារ៉ាំប៉ាក់ក៏ដូចជា ប្រជាពលរដ្ឋ ដទៃ ត្រូវបានគេជម្លៀសចេញពីក្រុងភ្នំពេញ ។ នាង សារ៉ាំប៉ាក់ បានទៅរស់នៅ ក្នុងស្រុក បារាយណ៍ ខេត្តកំពង់ធំ ។នៅឆ្នាំ១៩៧៨គាត់បានជិះរទេះទៅស្រុកចំការលើ ហើយអ្នកស្រុកអ្នកភូមិកាលបើឃើញអ្នកស្រីរួចក៏បានយកអង្ករ ពោត សណ្ដែក ព្រមទាំងសម្ភារៈហូបចុកផ្សេងៗមកជូនគាត់។ ពួកខ្មែរក្រហមកាលបើដឹងដំណឹងនេះហើយបាននាំគាត់ទៅសាកសួរ។ កូនៗគ្រាន់តែឮក៏អង្វរថា កុំយកម៉ែខ្ញុំ ទៅអីគាត់ចាស់ហើយ ពួកគេក៏តបមកវិញដោយនិយាយថា ខ្ញុំមិនយកគាត់ទៅសម្លាប់ទេ គ្រាន់តែយកគាត់ទៅសាកសួរដ្បិតអីគេប្រាប់ថាគាត់ជាអ្នកនយោបាយធំ ។ រួចហើយអ្នកស្រីសារាំប៉ាក់ ក៏ទាញស្លឹកចេកក្រៀមមកមូរជាបារីជក់ រួចដោះក្រវិល ខ្សែក ទទូរក្រម៉ា បាក់អាវសារូ ស្លៀកខោកាំទឺ រួចប្រគល់ក្រវិលនោះទុកឱ្យកូនរួចក៏ដើរចេញទៅ ។ ដើរមិនឆ្ងាយពីផ្ទះពួកគេបានសម្លាប់អ្នកស្រីសារាំប៉ាក់នៅទីនោះឯងនៅក្នុងឆ្នាំ១៩៧៨។

ក្រោយថ្ងៃដែលគេសម្លាប់អ្នកស្រីសារាំប៉ាក់បាន៧ថ្ងៃ ក្រុមរណសិរ្យសង្គ្រោះជាតិកម្ពុជាបានរំដោះប្រជាជនឱ្យបានរស់រានមានជីវិតឡើងវិញ និងរួចរំដោះពីការត្រួតត្រា​ប្រើនិងធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ...។(នេះបើតាមការបញ្ជាក់របស់អ្នកស្រីសុម៉ាលី)