ស្រា

ពីវិគីភីឌា

គុណសម្បត្តិនៃស្រា[កែប្រែ]

ស្រាជាពាក្យក្លាយឃ្លាតមកអំពីសុរាគឺទឹកស្រវាំងមានដើមកំណើតដំបូងបង្អស់កើតអំពីព្រានព្រៃឈ្មោះសុរៈ[១]។ ការស្រាវជ្រាវ​ជា​ច្រើន​បាន​មើល​ពី​ឥទ្ធិពល​វិជ្ជមាន​លើ​បេះដូង និង​ផ្នែក​ដទៃទៀត​នៅក្នុង​ខ្លួន​នៃ​ការ​ផឹកស្រា និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ផ្សេងទៀត​។ ប៉ុន្តែ​ហានិភ័យ​ទៅលើ​សុខភាព​ក៏មាន​ដែរ ដូចដែល​យើង​បានដឹង​យ៉ាងច្បាស់​ថា​វា​អាច​គំរាមកំហែង​ដល់​អាយុជីវិត ដែល​រួមមាន ការគ្រោះថ្នាក់​ដោយសា​រកា​រ​បើកបរ​ក្នុង​ពេល​ស្រវឹង និង​អាច​ញៀន​។​ ការ​ផឹក​ស្រា​ក្នុង​កម្រិត​មធ្យម​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​លទ្ធផល​ល្អ​។ ការស្រាវជ្រាវ​បាន​បង្ហាញថា ការ​ផឹកស្រា​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, ការបង្កើត​ជា​ដុំ​គ្រួស​, ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​វង្វេង​។ វា​ក៏​ជួយ​ផ្តល់​អោយ​មាន​មេតាបូលីស​ផ្សេងៗ​។​ វេជ្ជបណ្ឌិត ស៊ូ​សាន ស្តេន​ប៊ូម​(Suzanne Steinbaum) ជា​ប្រធាន​ផ្នែក​ជំងឺ​បេះដូង និង​ស្ត្រី​នៅ​មន្ទីរពេទ្យ Lenox Hill ក្នុង​ទីក្រុង​ញូវយ៉ក និង​ជា​អ្នកនាំពាក្យ​អោយ​សមាគមន៍​បេះដូង​អាមេរិក​បាន​និយាយថា ស្រា ជាពិសេស​ស្រាក្រហម​, មាន resverato, ប្រឆាំង​នឹង​អុកស៊ីតកម្ម​, bioflavonoids និង polyphenols ដែល​ធាតុ​ផ្សំ​ទាំង​នេះ​ជួយ​អោយ​សរសៃឈាម​រីក និង​បន្ថយ​ការ​រលាក​។​ គាត់​បាន​និយាយថា ស្រា​អាចជា​ផ្នែក​មួយ​នៃ​ចំណី​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​បេះដូង​ប្រសិនបើ​អ្នក​ទទួល​ទាន​វា​ដោយ​ត្រឹមត្រូវ​។​ អ្នកស្រាវជ្រាវ​ដទៃទៀត​បាន​សម្គាល់​ឃើញថា ប៉ុន្តែ ការ​ទទួលទាន​ស្រា​ដោយ​ត្រឹមត្រូវ​អាច​មានន័យថា ជាការ​ទទួលទាន​ទាប​ជាង​អ្វី​ដែល​អ្នក​គិត​។​ អា​លីហ្សា​ប៊ែត កូវា​ស​(Elizabeth Kovacs) ជា​ប្រធាន​នៃ​កម្មវិធី​ស្រាវជ្រាវ​អាល់កុល​ក្នុង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Loyola ក្នុង​ទីក្រុង ឈី​កា​ហ្គូ​បាន​ពន្យល់ថា ការទទួល​ស្រា​កម្រិត​មធ្យម​ចំពោះ​ស្ត្រី​គឺ​មួយ​កែវ​ក្នុង​មួយថ្ងៃ និង​សម្រាប់​បុរស​វា​គឺ​២​កែវ​ក្នុង​មួយថ្ងៃ​។​ ស្តេន​ប៊ូម​បាន​ចង្អុលបង្ហាញ​ថា អ្នក​គួរតែ​ប្រុងប្រយ័ត្ន​នៅពេលដែល​ក្នុងការ​ទទួលទាន​ពីព្រោះ​ការ​ទទួលទាន​មួយ ឬ​ពីរ​កែវ​នៃ​ស្រា​នៅ​ភោជនីយដ្ឋាន​អាចជា​កែវ​ដែល​ធំ​។​ កូវា​ស​បាន​បន្ថែមថា អត្ថប្រយោជន៍​នៃ​ស្រា​ត្រូវបាន​ដាក់​កំណត់ ហើយ​វា​នឹង​មាន​ប្រយោជន៍​ប្រសិនបើ​អ្នក​ទទួល​ទាន​វា​ក្នុង​កម្រិត​មួយ​ទាប​, អ្នក​មិន​ប្រើ​ថ្នាំ​មួយចំនួន​, អ្នក​មិន​មាន​បញ្ហា​ថ្លើម ឬ​លំពែង និង​អ្នក​មិន​មាន​ផ្ទៃពោះ​។​ អ្នកជំនាញ​បាន​យល់​ស្រប​ថា មិន​មាន​អត្ថប្រយោជន៍​នៃ​ស្រា​ណា​ដែល​ជា​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ចាប់ផ្តើម​ការ​ទទួលទាន​ស្រា​នោះទេ​។​ ស្តេន​ប៊ូម​បាន​និយាយថា ប្រសិនបើ​អ្នក​មិនទាន់​រួចរាល់​ក្នុងការ​ទទួលទាន​វា​នោះទេ​, សូម​កុំ​ចាប់ផ្តើម​ទទួលទាន​វា​ដើម្បី​សុខភាព​អោយសោះ​។ អ្នក​អាច​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ដូច​ជា​បន្លែ​, ផ្លែឈើ​វិញ​។ អ្នក​កុំ​ទទួលទាន​ស្រា​ដើម្បី​ការពារ​បេះដូង​របស់​អ្នក​អោយ​សោះ​។​

គុណវិបត្តិនៃស្រា[កែប្រែ]

ស្តេន​ប៊ូម​បាន​សង្កត់ធ្ងន់ថា ប៉ុន្តែ​បរិមាណ​តិច​នៃ​ស្រា​អាច​ជួយ​បេះដូង​, បរិមាណ​ច្រើន​មិន​ជួយ​អោយ​ប្រសើរ​នោះទេ​។ គាត់​បាន​បន្ថែមថា ស្រា​អាច​បង្កើន​កម្រិត​ទ្រី​ក្លី​សេរីត​, ប៉ះពាល់​ដល់​ជាតិ​ខ្លាញ់​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ឈាម ហើយ​វា​អាច​នាំ​អោយ​កើនឡើង​សម្ពាធ​ឈាម​ផងដែរ​។​ មនុស្ស​មួយចំនួន​ទំនោរ​ជាង​មាន​បញ្ហា​បេះដូង​ដែល​បណ្តាលអោយមាន​ចង្វាក់បេះដូង​លោត​មិន​ស្មើគ្នា​នៅពេល​ដែល​អ្នក​ផឹក​ស្រា ប៉ុន្តែ​មនុស្ស​មួយចំនួន​អាច​ទទួល​ទាន​វា​ក្នុង​បរិមាណ​តិច​ដោយ​មិន​មាន​បញ្ហា​នោះ​ទេ​។​ ស្តេន​ប៊ូម​បាន​សម្គាល់​ឃើញថា ការ​ទទួលទាន​ជាតិ​ស្រា​ខ្ពស់​អាច​នាំអោយ​ឡើង​ទម្ងន់ និង​ជាតិ​ស្រា​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​តម្រង​នោម និង​ថ្លើម​ផងដែរ ជាពិសេស​ចំពោះ​អ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​មួយចំនួន ដូច​ជា​ថ្នាំ statins ដើម្បី​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល ឬ​ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា Acetaminophen (Tylenol) ជាដើម​។​ បន្ថែម​ពីលើ​នេះ​ទៅទៀត​, ការស្រាវជ្រាវ​ថ្មីៗ​បាន​ផ្សារភ្ជាប់​ការ​ទទួលទាន​ជាតិ​ស្រា​គឺ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មួយចំនួន​, ជំងឺ​ហឺត និង​អាឡែ​ស៊ី​។ ស្រា​ក៏​អាច​បណ្តាលអោយមាន​បញ្ហា​ដល់​អ្នក​ដែល​ប្រើ​ថ្នាំ​បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម ដូចជា ថ្នាំ​អាំង​ស៊ុយ​លីន ដោយសារ​តែ​វា​អាច​បណ្តាល​អោយ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ធ្លាក់ចុះ​ខ្លាំង និង​ធ្វើអោយ​គ្រោះថ្នាក់​។​ លទ្ធផល​អាក្រក់​បំផុត​មួយចំនួន​នៃ​ការ​ទទួលទាន​ស្រា​រួម​មាន​ការ​ញៀន​, ការពុល​, ការខូចខាត​ខួរក្បាល​, មាន​អំពើ​ហិង្សា និង​គ្រោះថ្នាក់​នៅ​ពេល​បើកបរ​។​ កូវា​ស​បាន​និយាយថា ស្រា​បង្កើន​ឪ​កាស​គ្រោះថ្នាក់​នៅ​ពេល​បើកបរ​, ប្រើ​អំពើហិង្សា​ទៅ​អ្នកដទៃ​, ចម្លងជំងឺ​កាមរោគ​, ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ចង់​បាន​ជាដើម​។​ គាត់​បាន​សម្គាល់​ឃើញថា ស្រា​ដើរតួនាទី​១/៣​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍ និង​ដោយ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​អាមេរិក​បាន​អោយដឹងថា វា​ជា​កត្តា​មួយ​នៃ​២/៣​ដែល​បង្ក​អោយមាន​អំពើ​ហិង្សា​។​ កូវា​ស​បាន​បន្ថែមថា វា​ជា​រឿង​សំខាន់​ដែល​មនុស្ស​ត្រូវបាន​គេ​បញ្ជាក់​អំពី​ឥទ្ធិពល​របស់​ស្រា​លើ​ខ្លួន​របស់​ពួកគេ ដូចនេះ​ពួកគេ​អាច​ត្រូវបាន​រៀបចំ​ដើម្បី​មិន​ទទួលទាន ឬ​ទទួលទាន​ប្រកបដោយ​ការទទួលខុសត្រូវ​។ អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ស្រា​គឺ​ទាប​បើ​ធៀប​នឹង​ហានិភ័យ​។​

ការផលិតស្រា[កែប្រែ]

គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែមានការផលិតស្រាទាំងអស់ និងមានការនាំចេញទៅលក់ក្រៅប្រទេសផងដែរ មិនតែប៉ុណ្ណោះ ស្រាក៏ជាប្រភពនៃចំណូលរបស់ជាតិនីមួយៗផងដែរ។ តួយ៉ាង ការផលិតស្រានៅក្នុងប្រទេសបារាំង ពិសេសគឺស្រាទំពាំងបាយជូរ ដែលគេស្គាល់ និងនិយមចូលចិត្ត។ ចំណែកឯការផផលិតនៅក្នុងស្រុកខ្មែរវិញ ក៏មានមិនចាញ់បណ្តាប្រទេសក្នុងតំបន់ដែរ តាំងពី ស្រាស រហូតដល់ ស្រាពិសេស ព្រមទាំងស្រាបៀរផងដែរ។

ពាណិជ្ជកម្ម[កែប្រែ]

មិនថាប្រទេសណា ប្រទេសណីនោះទេ ពាណិជ្ជកម្មស្រាតែងតែមាន​ គ្រាន់តែថា ការផ្សាយមានលក្ខណៈខុសគ្នា និងតាមមធ្យោបាយជាច្រើន ទោះបីមានការហាមឃាត់ នៅក្នុងបណ្តាប្រទេសខ្លះក៏ដោយ។ បើក្រលេកមកមើលពាណិជ្ជកម្មស្រា នៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ ពាណិជ្ជកម្មនេះ មានច្រើនសម្បូរបែប តួយ៉ាងដូចជា ស្រាបៀរអង្គរ និង ស្រាបៀរខេមបូឌៀ ជាដើម ស្ទើរតែឃើញការផ្សាយពាណិជ្ជកម្ម រៀងរាល់ម៉ោង និងស្ទើរតែគ្រប់កម្មវិធីនៅលើកញ្ចក់ទូរទស្សន៍ទាំងអស់ មិនតែប៉ុណ្ណោះ សូម្បីតែប្រព័ន្ធទំនាក់ទំនងសង្គម ក៏មានការផ្សាយពាណិជ្ជកម្មផងដែរ។

អំពីការបិទស្រានៅសម័យអង្គរ[កែប្រែ]

ស្រាស្រុកគេនេះមានបួនយ៉ាងស្រាលេខមួយចិនហៅថាស្រាទឹកឃ្មុំ ដែលយកជាតិថ្នាំ នឹងទឹកឃ្មុំលាយជាមួយទឹកហើយផ្សំធ្វើឡើង។ បន្ទាប់មកហៅតាមអ្នកស្រុកហៅថាផេងកេស៊ី ដែលគេយកស្លឹកឈើមកផ្សំគឺស្លឹងឈើឈ្មោះផេងកេស៊ីនេះឯង។ បន្ទាប់មកទៀតគេយកអង្ករ ឬបាយដែលសេសសល់យកទៅបិទស្រាហៅថាប៉ាវឡេងកាក ព្រោះពាក្យប៉ាវឡេងកាកនេះប្រែថាអង្ករ[២]។ ក្រៅពីនោះមានស្រាមួយទៀតមានស្រាទឹកល្ងៃស្ករ​ ដែលគេយកជាតិស្ករមកបិទឱ្យកើតទៅជាស្រា។ គេចូលទៅស្រុកភូមិក្បែរមាត់ទន្លេគេបរទះឃើញស្រាមួយមុខទៀតធ្វើអំពីទឹក្រចាប់ ព្រោះក្រចាប់ដុះមាត់ព្រែកហើយស្លឹកវាមានជាតិស្ករ ដែលអាចយកមកធ្វើជាស្រាបាន[៣]

ឯកសារយោង[កែប្រែ]

  1. វចនានុក្រមខ្មែរ សម្តេច ជួន ណាត
  2. ពីដើមពាក្យអង្ករ ហៅថារង្ករ
  3. សៀវភៅ កំណត់ហេតុជីវ តាក្វាន់ អំពីប្រពៃណីអ្នកស្រុកចេនឡា លោក​លី ធាមតែង ឆ្នាំ១៩៧៣ ទំព័រទី២៩