អប្សរា
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
អប្សរាម្នាក់ (សំស្ក្រឹត: अप्सरा: apsarāḥ អប្សរាះ, ពហុវចនៈ अप्सरस: apsarasaḥ អប្សរសះ, បាលី Accharā អច្ឆរា) ជាព្រលឹង ដួងវិញ្ញាណស្ត្រី នៃពពក និងទឹក ក្នុងជំនឿហិណ្ឌូ និង ពុទ្ធសាសនា។
អប្សរាជាភាវៈអរូបី ពួកគេលេចចេញមកជាស្ត្រីក្មេង មានរូបសំរស់ស្អាត ដែលមានភាពប៉ិនប្រសប់ក្នុងសិល្បៈរបាំ។ ពួកគេជាភរិយារបស់ពួក គំធវ៌ ជាមន្ត្រីជាន់ខ្ពស់របស់ព្រះឥន្ទ្រ។ ពួកអប្សរារាំតាមភ្លេងដែលលេងដោយប្តីរបស់ពួកគេ ជាទូទៅស្ថិតនៅក្នុងរាជវាំងរបស់ព្រះអាទិទេព ដើម្បីបន្ធូរអារម្មណ៍របស់ព្រះអាទិទេពនិងពួកវីរបុរសដែលបាត់បង់ កេរ្តិ៍ឈ្មោះ។ អប្សរាត្រូវបានគេនិយាយថា អាចប្រែកាយបាន ហើយជាអ្នកកំនត់សំនាងនៅក្នុងល្បែងស៊ីសង។ ឧរ្វសី, មេនកា, រម្ភា និង តិលោត្តម ជាអ្នកល្បីល្បាញបំផុត ក្នុងចំនោមពួកគេ។ អប្សរាម្នាក់ៗនៃអប្សរាទាំង២៦នាក់ ក្នុងរាជវាំងរបស់ព្រះឥន្ទ្រ តំនាងអោយទិដ្ឋភាពផ្សេងៗគ្នានៃការសំដែងសិល្បៈ។ អប្សរាជាប់ទាក់ទងនឹងទឹក និងនឹងពិធីបួងសួងសុំកូនរឺសមត្ថភាពផ្លូវភេទ។ ក្នុងជំនឿហិណ្ឌូ អប្សរាថ្នាក់ទាបបំផុតជួនកាលត្រូវគេចាត់ទុកថា ជាព្រលឹង ដែលអាចអន្ទងមនុស្សប្រុសអោយទៅរកក្តីស្លាប់បាន។
មាតិកា |
[កែប្រែ] អប្សរាក្នុងអក្សរសាស្ត្របុរាណ
[កែប្រែ] ឫគវេទ
គម្ពីរឫគវេទបាននិយាយអំពី អប្សរាម្នាក់ ដែលជាភរិយារបស់គំធវ៌ ប៉ុន្តែគម្ពីរឫគវេទ ក៏បានបង្ហាញផងដែរថា អាចមានអប្សរាច្រើនជាងម្នាក់។ អប្សរាដែលមានឈ្មោះជាពិសេសដែលគេស្គាល់គឺ ឧរ្វសី។ អប្សរាផ្សេងទៀតស្ថិតនៅក្នុងសំដីសាសងគ្នារវាង ឧរ្វសី និងគូស្នេហ៍របស់នាង គឺបុរុរវ។ ក្នុងសាស្ត្រាហិណ្ឌូផ្សេងទៀត បាននិយាយអំពីអប្សរាជាច្រើន ដែលដើរតួនាទីជាស្រីបំរើរបស់ព្រះឥន្ទ្រ រឺក៏ជាស្រីរបាំនៅក្នុងរាជវាំងរបស់គាត់។
[កែប្រែ] មហាភារត
ក្នុងរឿងជាច្រើនទាក់ទងគ្នាក្នុងមហាភារត អប្សរាមាននៅក្នុងតួនាទីជំនួយការសំខាន់ៗជាច្រើន។ វីរកថាបាននិយាយអំពីតារាងផ្សេងៗនៃឈ្មោះអប្សរាសំខាន់ តារាងនិមួយៗមិនសុទ្ធតែដូចគ្នានោះទេ។ ហើយនេះជាតារាងមួយ ដែលបានអធិប្បាយអំពីការលេចឡើងនៃអប្សរានៅចំពោះមុខម្ចាស់ផ្ទះ និងភ្ញៀវ នៅក្នុងរាជវាំងរបស់អាទិទេព៖
"ឃ្ឫតឆីនេះមួយ មេនកនេះមួយ រម្ភនេះមួយ បុរ្វឆិត្តីនេះមួយ ស្វ័យំប្រភនេះមួយ ឧរ្វសីនេះមួយ មិស្រកេសីនេះមួយ ទន្ទគោរីនេះមួយ វរុថិនីនេះមួយ គោបលីនេះមួយ សហជន្យានេះមួយ កុម្ភយោនីនេះមួយ ប្រជគរនេះមួយ ឆិត្រសេនានេះមួយ ឆិត្រលេខានេះមួយ សហនេះមួយ មធុរស្វននេះមួយ ពួកនេះនិងបរិវាររាប់ពាន់នាក់ មានភ្នែកដូចជាស្លឹកឈូក ដែលប្រើសំរាប់សណ្តំបេះដូងអ្នកប្រត្តិបត្តតបៈ រេរាំនៅទីនោះ។ ហើយមានចង្កេះរាវ និងត្រគាកធំ ពួកគេចាប់ផ្តើមចលនាផ្សេងៗ រំញ័រដើមទ្រូងមូលក្តំរបស់ពួកនាង ហើយចោលកន្ទុយភ្នែកមើលទស្សនិកជនគ្រប់គ្នានៅជុំវិញ ហើយកាច់ឫកកាច់រាងដើម្បីល្បួងយកបេះដូង និងសេចក្តីអង់អាចនិងទឹកចិត្តរបស់ទស្សនិកជន"។
[កែប្រែ] លក្ខណៈរបស់អប្សរាម្នាក់ៗ
ឯកសារមហាភារត បាននិយាយប្រាប់អំពីអប្សរាម្នាក់ៗ ដូចជា តិលោត្តម (តិល =គ្រាប់ល្ង + ឧត្តម= ឧត្តម) ដែលបានជួយពិភពលោកពីកំហឹងរបស់បងប្អូនអសុរា សុន្ទ និង ឧបសុន្ទ ហើយ ឧរ្វសី ដែលព្យាយាមតាមចែចង់មហាបុរស អរ្ជុន។
[កែប្រែ] អត្ថបទខ្លីអំពីអប្សរានិងពួកឥសី
រឿងខ្លីៗនៅក្នុងមហាភារត បាននិយាយអំពីអប្សរាត្រូវបានបញ្ជូនមកបំបែកកម្មដ្ឋានរបស់ឥសី មិនអោយធ្វើតបៈបានសំរេច។ រឿងមួយដែលនិយាយអំពីឆាកឈុតនេះគឺការរៀបរាប់របស់វីរនារីនៃ វីរកថា សកុន្តលា ដែលនិយាយរៀបរាប់អំពីឪពុកម្តាយរបស់នាង
"មាន កាលមួយនោះ ឥសី វិស្វមិត្រ បានបង្កើតថាមពលដ៏ខ្លាំងក្លាមួយ ដោយប្រើវិធីតប របស់គាត់ រហូតដល់ព្រះឥន្ទ្រមានការភ័យខ្លាច។ ដោយសំរេចចិត្តថា ឥសីរូបនេះគួរតែបោះបង់ចោលតបចោល ព្រះឥន្ទ្រក៏បញ្ជូន អប្សរា មេនក ទៅដាក់ស្នេហ៍តាបសរូបនេះ។ មេនក មានការភ័យខ្លាចចំពោះកំហឹងរបស់តាបសដ៏ពូកែរូបនេះ ប៉ុន្តែនាងត្រូវតែស្តាប់តាមបញ្ជារបស់ព្រះឥន្ទ្រ។ នៅពេលដែលនាងទៅជិតវិស្វមិត្រ ខ្យល់របស់ព្រះវាយុ បានបក់បំប៉ើងសំលៀកបំពាក់របស់នាងចេញពីខ្លួន។ ដោយឃើញនាងគ្មានសំលៀកបំពាក់បែបនេះ ឥសីក៏លង់ក្នុងសំនាញ់តណ្ហា។ អប្សរានិងឥសី រស់នៅសប្បាយជាមួយគ្នាមួយរយៈកាល ដែលក្នុងអំលុងពេលនោះ តបរបស់វិស្វមិត្រត្រូវបាន ខកខាន។ ជាលទ្ធផល មេនក បានផ្តល់កំនើតបុត្រីម្នាក់ ដែលនាងបានបោះបង់ចោលនៅមាត់ទន្លេ។ បុត្រីនោះគឺនាង សកុន្តលា អ្នកនិយាយរឿងនេះនេះឯង"។
[កែប្រែ] អប្សរានៅក្នុងសិល្បៈ
[កែប្រែ] អប្សរានៅក្នុងសិល្បៈរបស់ជ្វានិង ពលី(បា-លី) បុរាណ ប្រទេសឥណ្ឌូនេស៊ី
រូបភាពអប្សរា ត្រូវបានគេរកឃើញនៅក្នុងប្រាសាទនានា របស់ជ្វាបុរាណ សង់កាលពីសម័យអធិរាជ សៃលេន្ទ្រៈ ដល់ចក្រភព មជបហិត។ ជាទូទៅអប្សរា មិនត្រូវបានគេរកឃើញថាឆ្លាក់ក្នុងគោលបំនងតែងលំអប្រាសាទនោះទេ តែច្រើនតែជាផ្នែកមួយនៃវីរកថា ដូចជានៅ បូរ៉ូបុដួរ មេនដុត ប្រាំបាណាន់ ប្លៅសាន់ និង ប៉េនាតារាន់។ នៅ បូរ៉ូបុដួរ អប្សរា ត្រូវបានចាត់ទុកជាស្រីសួគ៌ដ៏ស្អាត ត្រូវបានគេឆ្លាក់ជារូបឈរ រឺ ហោះ ជាទូទៅដៃកាន់ផ្កាឈូក បាចផ្កា រឺបក់បោយកន្សែង ហាក់ដូចជាប្រើដើម្បីជួយអោយហោះអញ្ចឹង។ នៅលើប្រសាទមេនដុត ជិត បូរ៉ូបុដួរ មានឆ្លាក់ទេវតាមួយក្រុម កំពុងហោះហើរលើស្ថានសួគ៌ ដោយក្នុងនោះមានរូបអប្សរាដែរ។
ជាទូទៅ អប្សរា ត្រូវបានគេចាត់ថាជាស្រីសួគ៌ រស់នៅជាមួយព្រះឥន្ទ្រ។ ពួកគេត្រូវបានគេស្គាល់ដោយសារភារកិច្ចពិសេស៖ បញ្ជូនទៅផែនដីដោយព្រះឥន្ទ្រ ដើម្បីចែចង់ពួកឥសី ដែលអាចបង្កគ្រោះថ្នាក់ រឺអាចនឹងមានអំនាចខ្លាំងជាងព្រះឥន្ទ្រ។ ឆាកឈុតនេះ មានជាញញៗក្នុងប្រពៃណីជ្វា ដូចជាក្នុងរឿង "កុកាវិន អរជុនវិវាហ" និពន្ធដោយ កន្វ នាឆ្នាំ ១០៣០ ក្នុងរាជស្តេច ឰលន្គគ។ រឿងនោះបាននិយាយថា អរជុន ដើម្បីឈ្នះយក្ស និវតកវច បានតាំងចិត្តធ្វើតប នៅពេលនោះព្រះឥន្ទ្របានបញ្ជូនអប្សរាមកចែចង់បំបែកកម្មដ្ឋានគាត់។ អរជុនបានឈ្នះកាមតណ្ហារបស់ខ្លួនឯង ក៏ទទួលបានពរពីព្រះជាម្ចាស់ ហើយក៏ធ្វើសង្គ្រាមឈ្នះយក្សនោះទៅ។
[កែប្រែ] អប្សរានៅក្នុងសិល្បៈនិងស្ថាបត្យកម្មខ្មែរ
អប្សរាជាផ្នែកដ៏សំខាន់មួយនៅក្នុងចំលាក់នានាលើប្រសាទ បុរាណខ្មែរ។ ចំលាក់នៅលើប្រាសាទខ្មែរមានរូបស្ត្រីសួគ៌ពីរប្រភេទ៖រូបមួយបង្ហាញ ពីលក្ខណៈកំពុងតែរាំ រឺរៀបចំនឹងរាំ មានឈ្មោះថាអប្សរា និងមួយទៀតមានរូបភាពឈរនៅនឹងថ្កល់ មុខមើលទៅមុខ មានលក្ខណៈជាអ្នកការពារប្រាសាទ មានឈ្មោះថាទេវតា។[១]
រូបចំលាក់អប្សរាមានច្រើននៅលើប្រសាទអង្គរវត្ត។ អ្នកប្រាជ្ញបានរាប់ឃើញថា មានរូបអប្សរាចំនួនច្រើនជាង ១ ៨៦០ នៅលើប្រសាទសវ.ទី១២នេះ ខ្លះឆ្លាក់លើសសរ ខ្លះលើជញ្ជាំង ខ្លះលើកំពូលប្រសាទ។
ការសិក្សាមួយ ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៩២៧ ដោយលោក Sappho Marchal បានរៀបរាប់អំពីម៉ូតសក់ ការតុបតែងលើក្បាល សំលៀកបំពាក់ ជំហរ គ្រឿងអល្លង្ការ និងផ្កាលំអ ដែលលោក Marchal បានសន្និដ្ឋានថា ចំលាក់អស់នេះផ្អែកលើជីវភាពពិតៗរបស់មនុស្សសម័យអង្គរ។ អប្សរាខ្លះយកដៃអោបអប្សរាផ្សេងទៀត ហើយហាក់ដូចជាកំពុងស្វាគមន៍អ្នកទស្សនា។[២]