អំពីពុទ្ធទំនាយសោឡសនិមិត្ត

ពីវិគីភីឌា

លំនាំ​ដើម[កែប្រែ]

មានរឿងតំណាលមកថា នៅនាវេលានោះឯង ព្រះបាទបសេនទិកោសល ទ្រង់យាងចូលព្រះទែនសយនាក្រឡាព្រះបន្ទំដូចសព្វមួយដង ។ ក្នុងរាត្រីនោះព្រះអង្គទ្រង់ផ្ទុំលក់យ៉ាងសែនស្កប់ស្កល់ក្នុងព្រះបន្ទំ តាំងពីវេលារំលងអធ្រាត្រ ទ្រង់យល់ព្រះសុបិននិម្មិតឃើញ ១៦ ប្រការយ៉ាងច្បាស់ទែង ហាក់បីដូចជាទ្រង់បានទតឃើញនិងព្រះនេត្រស្រស់ដូច្នោះដែរ ។ លុះព្រះអង្គតើនដឹងព្រះស្មារតីឡើងនៅនាវេលាទៀបភ្លឺនោះ ព្រះ អង្គទ្រង់នៅចាំព្រះសុបិនទាំង១៦ យ៉ាងច្បាស់ ឥតមានភ្លេចភ្លាំងដោយប្រការណាមួយឡើយ ។ ព្រះអង្គទ្រង់ព្រះចិន្តាថា "ព្រះសុបិននេះ ហាក់បីដូចជាចម្លែកពន់ពេកណាស់ នេះច្បាស់ជាប្រផ្នូលអ្វីខ្លះមិនលែងឡើយ" ។ កាលបើត្រង់ព្រះតម្រិះដូច្នេះហើយ ព្រះបាទបសេនទិកោលស ក៏ទ្រង់ត្រាស់ហៅពូករាជអាមាត្យឲ្យទៅអញ្ជើញអស់លោកជាព្រាហ្មណ៍បុរោហិត បណ្ឌិតហោរា មកកាន់ព្រះរាជរោងរម្យជាបន្ទាន់ ។ បន្ទាប់ពីទ្រង់ស្រង់ព្រះវារីរួចហើយ ព្រះអង្គទ្រង់ព្រះពស្ត្រតាមទម្លាប់ ប្រញាប់យាងទៅកាន់ព្រះរាជរោងរម្យ ជួបជុំអស់លោកបរោហិតព្រាហ្មណ៍ព្រឹទ្ធ បណ្ដិតហោរា ដែលបានអញ្ជើញមកចាំគាល់ត្រៀបត្រារួចជាស្រេច ។ ព្រះបាទសម្ដេចបសេនទិកោសល ទ្រង់ត្រាស់ទៅអស់លោកនាហ្មឺនទាំងនោះ ពីព្រះបំណងរបស់ព្រះ អង្គក្នុងការបើកអង្គប្រជុំជាវិសាមញ្ញមួយនេះ ។ រួចហើយព្រះអង្គក៏រៀបរាប់ជូនអង្គប្រជុំទាំងមូលអំពី "ព្រះមហាសុបិននិម្មិត១៦ ប្រការ" នោះ ។ ក្នុងចំណោមព្រះរាជហោរាក្ដី ព្រះរាជបុរោហិតក្ដី ដែលបានរៀនពីវិជ្ជានេះ ពុំមានអ្នកណាម្នាក់អាចកាត់យល់បាននូវប្រផ្នូល មានហោរាម្នាក់ទស្សន៍ទាយទាំងស្មានៗថ្វាយព្រះមហាក្សត្រ ថាព្រះអង្គនឹងត្រូវជួបគ្រោះថ្នាក់ណាមួយ ក្នុងគ្រោះថ្នាក់បីយ៉ាងដូចតទៅ៖

"ព្រះអង្គអាចខូចរាជសម្បត្តិ, ពុំនោះសោតត្រូវខូចមហេសី, ឬបើមិនដូច្នោះទេ ព្រះអង្គនិងត្រូវសោយទិវង្គតហើយ" ។

កាលបើទ្រង់សណ្ដាប់ឮទំនាយនោះហើយ ព្រះបាទបសេនទិកោសល ក៏ត្រាស់សួរយោបល់បុរោហិតថ្វាយយោបល់ថា តើត្រូវធ្វើដូចម្ដេច ដើម្បីរំដោះគ្រោះនេះបាន ។ បុរោហិតថ្វាយយោបល់ថា មានតែត្រូវប្រារព្ធពិធីបូជាយញ្ញប៉ុណ្ណោះ ។ ដោយហេតុថាពិធីបូជាយញ្ញ តម្រូវឲ្យមានការសម្លាប់មនុស្ស និងសត្វជាច្រើន ទើបព្រះនាងមល្លិកាជាព្រះអគ្គមហេសីទ្រង់ថ្វាយយោបល់ជំទាល់ថា " ដែលព្រះអង្គចង់រស់ខ្លួនឯងហើយទៅសម្លាប់គេដើម្បីបូជាយញ្ញនុ៎ះ វាមិនត្រឹមត្រូវទាល់តែសោះ! ៗ ។ ព្រះអគ្គមហេសី ក៏បានណែនាំព្រះស្វាមីឲ្យទៅទូលសូរព្រះសម្មាសម្ពុទ្ធមើល ដើម្បីចង់ដឹងថាតើន័យមហាសុបិននេះ វាពិតដូចបុរោហិតបានទូលថ្វាយមែន ឬមិនមែន ។

ព្រះបាទបសេនទិកោសល ក៏ទ្រង់ស្ដេចយាងទៅកាន់សំណាក់ នៃព្រះបរមសាស្តាសម្មាសម្ពុទ្ធ ដែលកំពុងគង់នៅវត្តជេតពន ។ លុះយាងទៅដល់ហើយព្រះបាទបសេនទិកោសល ក៏លើកករប្រណម្យធ្វើអភិវន្ទនកិច្ចចំពោះព្រះបរមសាស្តាទាំងទូលព្រះបរមសាស្ដាពីវត្ថុបំណងនៃការយាងរបស់ព្រះអង្គមកកាន់ទីនេះ ។ ដោយអានុភាពនៃទិព្វញាណរបស់ព្រះអង្គ ព្រះសម្មាសម្ពុទ្ធទ្រង់បានជ្រាបអំពីដំណើររឿងនេះរួចជាស្រេចទៅហើយ ។ ព្រះបាទបសេនទិកោសល ទ្រង់លើកពីព្រះមហាសុបិន្តរបស់ព្រះអង្គ ម្ដងមួយៗ ទូលព្រះបរមសាស្តា ។ ចំណែកឯព្រះបរមសាស្តាវិញ ព្រះអង្គក៏ទ្រង់ថ្វាយសេចក្ដីថា "បពិត្រមហារាជ, រឿងយល់សប្តិនេះ មិនមានន័យ អ្វីទាក់ទងទៅនឹងព្រះអង្គផ្ទាល់ ដូចបុរោហិតទូលថ្វាយទេ ។ រឿងទាំងអស់វានឹងកើតមានឡើងនៅនាអនាគតឯណោះ សម្រាប់មនុស្សលោកជាទូទៅផង និងសម្រាប់សាសនាតថាគតផង" ។ រួចហើយ ព្រះសម្មាសម្ពុទ្ធទ្រង់កាត់ព្រះមហាសុបិននិម្មិតទាំងអស់នោះ ថ្វាយព្រះបាទបសេនទិកោសល តាមលំដាប់លំដោយ ដូចតទៅនេះ៖

សុបិនទី ១[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគោឧសុភរាជបោលពីទិសទាំង៤ សំដៅមកព្រះលាន ក្នុងកិរិយាសង្ខើញពីចម្ងាយមកថានឹងជល់គ្នា ។ លុះបោលមកដល់ជួបគ្នានៅលើទីព្រះលានខាងមុខព្រះបរមរាជវាំង គោឧសុភរាជទាំងនោះ បែរជាមិនជល់គ្នាវិញ ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មេឃ អាកាស នឹងប្រែប្រួល លក្ខណៈខុសពីធម្មតា ។ ដោយសារមនុស្សមិនសូវកាន់ធម៌ គឺទាំងព្រះរាជា ទាំងនាម៉ឺន ទាំងប្រជាជន ទាំងសមណព្រាហ្មណ៍ច្រើនតែខ្វះសីលធម៌ នាំឲ្យទេព្តាពុំសប្បាយព្រះទ័យ ក៏បណ្ដាលឲ្យធាតុអាកាសប្រែប្រួលភ្លៀងបង្អុរមកពុំបានគ្រប់គ្រាន់ ដំណាំ និងឈើផងទាំងឡាយ ឲ្យផលានុផលមិនបានបរិបូណ៌ ។ ជួនកាលមេឃមីរងងឹតអួរអាប់ ដាបដោយពពកខ្មៅ ដែលតាមចំណាំថាបន្តិចទៀតទៅនឹងមានភ្លៀងបង្អុរធ្លាក់ចុះមក ។

មនុស្សម្នាប្រញាប់នាំគ្នាទៅសាស្រូវសាសម្លៀកបំបាក់ រីឯអ្នកដំណើរនាំគ្នារត់រកជម្រកតែរៀងៗខ្លួន ។ ស្រាប់តែគេពុំបានឃើញភ្លៀងធ្លាក់ទៅវិញ ។ មានពេលខ្លះ មេឃភ្លឺស្រឡះ ដែលតាមការចំណាំថា និងគ្មានភ្លៀងធ្លាក់ទេ ។ ប៉ុន្តែ បន្តិចក្រោយមក ក៏ស្រាប់តែមានភ្លៀងបង្អុរចុះមកយ៉ាងជោគជាំ ។

សុបិនទី ២[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឈើមួយដើម ទើបនឹងដុះបានកម្ពស់ប្រហែលមួយហត្ថ ក៏ស្រាប់តែបែកមែកត្រសុំត្រសាយសាខា មានផ្កា មានផ្លែរណេងរណោង ។

ព្រះសម្មាសម្ពុទ្ធបរមសាស្ត្រាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សម្នាចេះស្រឡាញ់គ្នា និងយកគ្នាជាប្ដីប្រពន្ធនៅក្មេងៗណាស់ ព្រោះតែគេមានកិលេសច្រើនពេក គឺអាយុបាន១៣,១៤,១៥ ឆ្នាំ គេនឹងរៀបការគ្នាជាប្ដីប្រពន្ធ មានកូន មានចៅ អាយុក៏កាន់តែខ្លី ឯក្មេងស្រីឆាប់មានរដូវណាស់ ។

សុបិនទី ៣[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមេគោធំៗបង្កើតកូនមកហើយក្នុងថ្ងៃហ្នឹង រួចក៏សុំបៅដោះកូនរបស់ខ្លួន ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សកាន់តែបាត់បង់សីលធម៌ច្រើន មិនសូវចេះគោរពមាតាបិតាគ្រូបាអាចារ្យរបស់ខ្លួនទេ ហើយយូរទៅមុខទៀតទៅ មាតាបិតាត្រូវអង្វរករកូនត្រូវផ្គាប់ចិត្តកូនរបស់ខ្លួន ដើម្បីឲ្យកូនចិញ្ចឹមខ្លួនជាឪពុកម្ដាយ ឲ្យបាយទទួលទាន ។

សុបិន្តទី ៤[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគេមិនទឹមគោធំៗទេ តែគេបែរជាទឹមគោតូចៗទៅវិញ ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សអ្នកចេះអ្នកដឹង មានការពិសោធន៍គេមិនឲ្យទទួលធ្វើការងារធំដុំទេ គឺគេយកតែក្មេងៗដែលខ្វះការពិសោធន៍ឲ្យធ្វើការវិញ ម្ល៉ោះហើយធ្វើការទៅមានត្រូវខ្លះខុសខ្លះ ដែលបង្កឲ្យមានការលំបាកជាពន់ពេកហោង ។

សុបិន្តទី ៥[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមានសេះមួយនោះមានមាត់ពីរ គេឲ្យស៊ីប៉ុន្មាន ក៏វាមិនចេះឆ្អែតដែរ ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ក្រឡាផ្ទៃក្រោមធ្វើអំពើអធម្ម កម្មពេកណាស់ហោង ។ ពួកតុលាការផង គេកាត់ក្ដីមិនប្រកបដោយសេចក្ដីសុចរិត យុត្តិធម៌បន្តិចណាសោះឡើយ គឺគេតែងឆ្លៀតយកការកាត់ក្ដីធ្វើជាឱកាសសម្រាប់ជំរឹតយកមាសប្រាក់ ឬទ្រព្យសម្បត្តិរបស់គូក្ដីទាំងសងខាង ដោយឥតមានត្រាប្រណីឡើយ ហើយទោះបីជាគូវិវាទទាំងសងខាងសូកប៉ាន់អស់ប៉ុន្មានៗ ក៏ចៅក្រមមិនចេះឆ្អែតឆ្អន់ដែរ គឺគេនៅតែប្រព្រឹត្តដូច្នេះជារហូត ។ ឯអ្នកកាត់ក្ដីនោះទៀតសោត ច្រើនតែជាមនុស្សក្មេងៗ ជាអ្នកមិនសូវមានចំណេះវិជ្ជាអ្វីជ្រៅជ្រះទេ ។

សុបិន្តទី ៦[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ គេយកភាជន៍មាស តម្លៃមួយសែនតម្លឹងទៅត្រង់ទឹកនោមឆ្កែចកក ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ អ្នកដែលធ្លាប់មានត្រកូលខ្ពង់ខ្ពស់នឹងធ្លាក់ខ្លួនទៅជាទ័លក្រ លំបាកតោកយ៉ាកថោកទាប ព្រោះឥតមានយសសក្តិនឹងគេ ។ចំណែកឯអ្នកដែលធ្លាប់នៅក្នុងត្រកូលទាបថោកវិញ គេត្រូវបាន ឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយសខ្ពស់ត្រដែតត្រដឹមម្ល៉ោះហើយ ពួកអ្នកត្រកូលខ្ពស់ទាំងនោះ ត្រូវបង្ខំចិត្តលើកកូនស្រីរបស់ខ្លួនឲ្យទៅធ្វើជាភរិយានៃអ្នកត្រកូលថោកទាប ដែលមានស័ក្តិយស មានអំណាច ដើម្បីឲ្យបានងាយស្រួលក្នុងការរស់នៅ ។

សុបិន្តទី ៧[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ ឆ្កែចចកស៊ីខ្សែ ដែលបុរសវេញហើយនោះទាល់តែអស់ ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ស្រីៗមានរាគៈ គឺមានតម្រេកយ៉ាងខ្លាំងក្លា ចូលចិត្តផឹកស្រា ស្រឡាញ់តែគ្រឿងអលង្ការ ចូលចិត្តតាក់តែងរាងកាយ សប្បាយតែខាងការត្រាច់ចរតាមច្រកល្ហករកប្រុសសាហាយ ឥតគិតគូររក្សាសីលទានសោះ សូម្បីតែការងារក្នុងផ្ទះសម្បែង ក៏ពុំសូវធ្វើឲ្យបានដិតដល់ដែរ, ឯប្ដីលំបាកចិត្តណាស់ ឥតបានសុខសាន្តទេ ព្រោះហេតុតែទុកប្រាក់កាសមិនចេះគង់ ដោយសារតែប្រពន្ធក្បត់ចិត្ត គិតតែពីចាយវាយខ្ជះខ្ជាយ ។

សុបិន្តទី ៨[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញក្អមធំមួយមានទឹកពេញព្រៀប និងក្អមទទេតូចៗ ជាច្រើននៅព័ទ្ធជុំវិញ ។ ព្រះអង្គទ្រង់ឃើញមានមនុស្សមកពីទិសទីទៃៗនាំគ្នាដងទឹកចាក់ចូលទៅតែក្នុងក្អមធំ មានទឹកពេញស្រាប់ដែលនៅត្រង់កណ្ដាលនោះ ឥតមាននរណាចាប់ភ្លឹកថា នឹងចាក់ទឹកទៅក្នុងក្អមទទេតូចៗទាំងនោះផងឡើយ ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ នៅក្រឡាផ្ទៃក្រោមនឹងមានកើតការប្រែប្រួល ដោយអ្នកកម្សត់ទុរគតនាំគ្នាជញ្ជូនប្រាក់កាសទៅបំពេញតែទូ និងហឹប របស់អ្នកមានធនធានស្រាប់ៗ ថែមទាំងត្រូវកំណែនឲ្យទៅធ្វើស្រែចម្ការច្បារដំណាំឲ្យអ្នកធំ ឲ្យអ្នកមានស្ដុកស្តម្ភ ចោលមុខរបររបស់ខ្លួនអស់ ខំបេះយកផលជញ្ជូនដាក់ឃ្លាំងរបស់អ្នកមានសម្បត្តិ ឥតឱកាសនិង ធ្វើការងាររបស់ខ្លួនឡើយ ។

សុបិន្តទី ៩[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញស្រះបោក្ខរណីមានទឹកល្អក់ត្រង់កណ្ដាល ដែលពុំមាននរណាទៅប៉ះពាល់សោះនុ៎ះ ឯទឹកតាមឆ្នេរនៅច្រាំងជុំវិញ ដែលមនុស្សសត្វផងតែងតែចុះអាស្រ័យ បែរជាថ្លាស្អាតល្អ ឥតមានកករល្អក់បន្តិចណាសោះឡើយ ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ពួកមន្ត្រីអ្នករាជការមានចិត្តមិនបរិសុទ្ធ រមែងប្រកបដោយអគិតទាំង៤យ៉ាង គឺកាត់ក្ដីមិនត្រឹមត្រូវតាមច្បាប់នេះ១, សម្លឹងចង់បានទ្រព្យសម្បត្តិរបស់គេនេះ១, គ្មានព្រហ្មវិហារធម៌ចំពោះបណ្ដារាស្ត្រសោះនេះ១, មានចិត្តកាចឃោរឃៅនេះ១, គឺគេធ្វើបាបរាស្ត្រខ្លាំងពេក រហូតដល់បណ្ដារាស្ត្ររត់ចោលស្រុកកំណើត រត់ចោលការងារជាមុខរបរ នាំគ្នាទៅនៅតាមដោយចុងកាត់មាត់ញក នាព្រៃភ្នំក្រំថ្ម ឯណោះទៅវិញ ទើបបានសុខស្រួល បានរួចរំដោះអស់ពីទុក្ខភ័យ ផុតក្ដីលំបាក ។

សុបិន្តទី ១០[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ បាយមួយឆ្នាំង មានឆ្អិនផង, មានឆៅផង, មានជ្រាយផង ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខស្រុកទេសនិងមានកើតហេតុភេទ ៣យ៉ាងដូចតទៅ៖

ទី១-មនុស្សផងទាំងឡាយគឺ ពួកមន្ត្រីរាជការ គហបតីនិងសមណជីព្រាហ្មណ៍ទាំងឡាយ មិនប្រកបដោយសីលធម៌សោះឡើយ ។

ទី២-ពួករុក្ខទេវតា, អារក្ខទេវតា, អាកាសទេវតាទាំងអម្បាលម៉ាន មិនកាន់សីល កាន់ធម៌ឡើយ ។

ទី៣- នៅភូមិភាគខ្លះ មានភ្លៀងធ្លាក់ច្រើនហួសពេក ទាល់តែរលួយសំណាប រលួយសន្ទូងអស់ ដំណាំដាំដុះឲ្យផលមិនបានគ្រប់គ្រាន់ធួនល្មមនិងសេចក្ដីត្រូវការឡើយ ។

សុបិន្តទី ១១[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ គេយកខ្លឹមចន្ទន៍តម្លៃមួយតម្លឹងទៅដូរយកទឹកដោះគោជូរ ផ្អូម ហើយស្អុយទៅវិញ ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកភិក្ខុសង្ឃដេលជាអ្នកបួសក្នុងសាសនាតថាគត គិតតែពីខាងលោភលន់ ចង់បានបច្ច័យ៤ ហួសហេតុ ព្រមទាំងចង់បានឋានៈខ្ពង់ខ្ពស់ ឥតបើមានអៀនខ្មាសសោះឡើយ ។ ធម៌វិន័យដែលតថាគតទេសនាទូន្មាននោះ គឺមិនឲ្យត្រេកអរនឹងបច្ច័យ៤ ទេ មិនឲ្យចង់បានឋានៈអ្វីឡើយ ឲ្យខំតែកម្ចាត់បង់នូវលោភៈ ទោសៈមោហៈ ចេញឲ្យផុតពីសន្តានចិត្ត ឲ្យខំប្រព្រឹត្តតែត្រៃសិក្ខាគឺ សីល, សមាធិ, បញ្ញា ឲ្យបានមុតមាំ មែនទែន ដើម្បីជាផ្លូវទៅកាន់ព្រះនិព្វាន ។ ប៉ុន្តែ លុះដល់តថាគតចូលបរិនិព្វានអស់កាលកន្លងទៅជាយូរអង្វែងពួកភិក្ខុទាំងឡាយទៅជានាំគ្នាប្រែក្លាយធម៌ របស់តថាគត ដោយទេសនាបញ្ចេញបញ្ចូលឲ្យតែខាងបានពីរោះល្បីល្បាញលើសគេ ដើម្បីឲ្យបានលាភសក្ការៈច្រើន មានឋានៈខ្ពង់ខ្ពស់ឥតខ្លាចបាបសោះ គឺ "ពួកភិក្ខុទាំងនោះហ៊ានយកធម៌សម្រាប់ព្រះនិព្វានទៅដូរយកបច្ច័យ៤" ។

សុបិន្តទី ១២[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឃ្លោកលិច អំបែងអណ្តែត ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខនិងមានការប្រែប្រួលនៅក្រឡាផ្ទៃក្រោម ដោយហេតុថា អ្នកល្ងង់ខ្លៅ ត្រូវបានឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយសខ្ពង់ខ្ពស់ត្រដែតត្រដឹម មានអំណាច រួចហើយគេលើកតំកើងតែមនុស្សល្ងង់ខ្លៅដូចគ្នា ឲ្យស្រដីលើអ្នកប្រាជ្ញបណ្ឌិត តម្រូវឲ្យអ្នកប្រាជ្ញបណ្ឌិតស្ដាប់បង្គាប់អ្នកល្ងង់ខ្លៅវិញ ។

សុបិន្តទី ១៣[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញថ្មមួយដុំធំប៉ុនផ្ទះ អណ្ដែតទឹកដូចជាទូក រួចរសាត់បាត់ទៅតាមខ្យល់ទៅ ។

ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខយសស័ក្តិខ្ពង់ខ្ពស់នឹងត្រូវបានទៅតែខាងពួកអ្នកឥតត្រកូល ពោលគឺពួកអ្នកត្រកូលថោកទាប អវិជ្ជា ត្រូវបានឡើងធ្វើជានាហ្មឹនធំៗ ចំណែកឯពួកមានត្រកូលល្អត្រឹមត្រូវសុចរិត យុត្តិធម៌ពិតៗ ត្រឡប់ទៅជាធ្លាក់ខ្លួនក្រខ្សត់ អ្នកផងលែងគោរពកោតក្រែង គឺគេនាំគ្នាគោរពកោតខ្លាចតែអ្នកឥតត្រកូលទៅវិញ ។ ម្យ៉ាងវិញទៀតគេនឹងលែងធ្វើគារវកិច្ចចំពោះព្រះសង្ឃដែលមានសីលល្អបរិសុទ្ធ តែគេបែរជាគោរពរាប់អានភិក្ខុអលជ្ជីដែលទ្រុស្ដសីលទៅវិញ ។ ពួកព្រះសង្ឃដែលប្រតិបត្តិត្រឹមត្រូវតាមធម៌-វិន័យ ត្រឡប់ជាខ្ចាត់ព្រាត់ពីទីប្រជុំសង្ឃ ទៅនៅឯក្រៅបាត់អស់ទៅ ។

សុបិន្តទី ១៤[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញសត្វកង្កែបតូចៗ លោតដេញខាំពស់វែកធំៗ ហើយទំពាស៊ីលេបបាត់ទៅ ។ ព្រះសម្មាសម្ពុទ្ធ​បរមសាស្ដា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា​ អំណឹះ​តទៅ​មុខ​លោក​នឹង​អាប់​ឱន​ទៅ​នៅ​ក្នុង​គ្រា​ដែល​មនុស្ស​ទាំងឡាយ​សឹង​ទៅ​ដោយ​កម្លាំង​កាមរាគ​ដ៏ខ្លាំងក្លា មាន​កិលេសតណ្ហា​គ្រប​សង្កត់​ជាប់​ បណ្ដាល​ឲ្យ​ប្តី​សី​សុខចិត្ត​នៅ​ក្រោម​អំណាច​ប្រពន្ធ​ក្មេងៗ ទាំង​ទ្រព្យ​សម្បត្តិ​សព្វ​សារពើរ​សោត ក៏​នៅ​ក្នុង​កណ្ដាប់​ដៃ​ប្រពន្ធ​ក្មេងៗ​ទាំង​នោះ​ដែរ ។ កាល​បើ​ប្ដី​សួរ​នាំ​ពី​ទ្រព្យសម្បត្តិ​ផ្សេងៗ​ ប្រពន្ធក្មេងៗ​តែង​ស្ដី​បន្ទោស ជេរ តបត​ទៅ​វិញ​ កំហែង​ប្ដី​ឲ្យ​លុះ​ក្នុង​អំណាច​របស់​ខ្លួន​នោះ​ ស្មើ​ខ្ញុំ​កំដរ ។

សុបិន្តទី ១៥[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញរាជហង្សហើរហែហមសត្វក្អែក បើក្អែកទៅទីណា រាជហង្សក៏ទៅទីនោះដែរ ។

ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកព្រះរាជាក្នុងខត្តិយត្រកូល និងពួកអ្នកដែលធ្លាប់នៅក្នុងត្រកូលខ្ពង់ខ្ពស់ មានចំណេះវិជ្ជា បែរជាទៅហែហមពួកល្ងង់ខ្លៅនៅក្នុងត្រកូលទាបៗ ដែលមានអំណាចដើម្បីទៅសុំបុណ្យ សុំសក្តិយសពីពួកត្រកូលទាបៗនោះវិញ ។

សុបិន្តទី ១៦[កែប្រែ]

ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ទូលទៅព្រះបរមសាស្តាថា "ខ្ញុំម្ចាស់យល់សប្តឃើញពពែដេញខាំខ្លា ។ បើតាមសុបិននេះតើនឹងមានកើតហេតុភេទទៅជាប្រែប្រួលយ៉ាងណាដែរទៅ ព្រះអង្គ? ឱ! ព្រះជាម្ចាស់ខ្ញុំអើយ! តាំងពីកើតមក ខ្ញុំព្រះអង្គធ្លាប់តែបានដឹង បានឮថា ធម្មជាតិជាសត្វខ្លា វាតែងខាំ តែងតែស៊ីពពែ ។ ប៉ុន្តែ ខ្ញុំព្រះអង្គបែរជាឃើញពពែដេញខាំស៊ីខ្លាវិញ ។ មិនតែប៉ុណ្ណោះ ខ្ញុំព្រះអង្គបានឃើញទៀតថា ហ្វូងខ្លាគ្រាន់តែឃើញពពែលឹមៗ ពីចម្ងាយក៏នាំគ្នាដាក់មេផាយបោលយ៉ាងលឿនចូលទៅក្នុងព្រៃធំ ខំលាក់ខ្លួនពួនសំងំ ព្រោះខ្លាចពពែខាំស៊ី ។

ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់មានព្រះពុទ្ធដីកាកាត់ព្រះមហាសុបិននេះថ្វាយព្រះបាទបសេនទិកោសលថា" ថ្វាយព្រះពរ មហារាជ, លុះចំណេរចីរកាលតទៅមុខទៀតទៅ ពួកបណ្ដាជនជាអ្នកឥតត្រកូល ហើយអវិជ្ជាត្រូវទទួលបានសេចក្ដីប្រោសប្រាណឲ្យឡើងធ្វើជានាហ្មឺនធំ ។ ឯជនដែលមានពូជ មានត្រកូលខ្ពង់ខ្ពស់បែរទៅជាអ័ព្ទយសសក្តិ ធ្លាក់ខ្លួនទៅជាអ្នកកម្សត់វិញ ។ អ្នកធំគេជឿតាមតែសេចក្ដីវិនិច្ឆ័យរបស់មន្ត្រីក្មេងៗ ដែលកេងប្រវ័ញ្ចយកមាស ប្រាក់ យកស្រែចម្ការ ជារបស់បណ្ដារាស្ត្រធ្វើជារបស់ខ្លួន ថែមទាំងឲ្យចាប់រាស្ត្រខ្លះធ្វើទារុណកម្ម ទាំងកំហែងថា "ឯងម៉េចបានជាហ៊ានបៀតបៀននឹងនាហ្មឺន!" ។ ជួនកាល មានដល់ទៅធ្វើទោសពៃកាត់ដៃ កាត់ជើង វាយខ្នងផង ម្ល៉ោះហើយ អ្នកមានពូជ មានត្រកូលខ្ពង់ខ្ពស់ចេះតែភ័យព្រួយបារម្ភ ខ្លាចគេរកឃើញ គេនឹងចាប់ចងយកខ្លួនទៅធ្វើទោសពៃរ៍ ។ ម្យ៉ាងទៀត ក្នុងសាសនាតថាគត ក៏មានកើតហេតុភេទដូចគ្នាដែរ គឺពួកភិក្ខុទ្រុស្ដសីលចេះតែរករឿងហេតុចាប់ទោស ចាប់កំហុសពួកភិក្ខុជាអ្នកមានសីលល្អបរិសុទ្ធទៅវិញ ។ ដូច្នេះ ពួកភិក្ខុដែលមានសីលស្អាតល្អបរិសុទ្ធទាំងនោះ ក៏នាំគ្នារត់រកទីពឹងនៅតាមដងព្រៃភ្នំក្រំថ្មអស់ទៅ ។

ថ្វាយព្រះពរ មហារាជ, ព្រះសុបិននិម្មិតទាំង១៦ ប្រការនេះ ឥតមានឲ្យកើតទោសជាទុក្ខ ជាភយន្តរាយ អ្វីដល់ព្រះអង្គសោះឡើយ ។ សូមមហារាជ កុំទ្រង់ព្រួយព្រះរាជហឫទ័យ! ។

ចប់ ពុទ្ធទំនាយ សោឡសនិម្មិត ស្ដីពីព្រះមហាសុបិន ១៦ ប្រការតែប៉ុណ្ណះ

អំពីអ្នកនិពន្ធ[កែប្រែ]

អត្ថបទ​ដើម​គឺ​ជា​ស្នាដៃ​របស់​លោក ធន់ ហ៊ិន ។

កំណត់សម្គាល់[កែប្រែ]

មានច្បាប់ខ្លះចែងថា ព្រះបាទបសេនទិកោសលទ្រង់ព្រះសុបិនឃើញពស់វែកមួយលូនចេញចាប់កង្កែប ។ លុះពស់ដេញទាន់កង្កែប ស្រាប់តែកង្កែបបែរជាលេបពស់នោះទៅវិញ ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ព្យាករតាមសុបិននិម្មិតនេះថា អំណឹះទៅនៅក្រឡាផ្ទៃក្រោមពួកចៅក្រម ប្រព្រឹត្តអំពើអយុត្តិធម៌ ពេកណាស់ គឺគេពុំកាន់ធម៌សុចរិតបន្តិចណាឡើយ ។ គេកាត់ក្ដីឲ្យអ្នកដែលត្រូវឈ្នះទៅជាចាញ់ រីឯអ្នកដែលត្រូវមានទោសទ័ណ្ឌពិតប្រាកដត្រូវចាញ់គេ បែរជាចៅក្រមកាត់ឲ្យឈ្នះក្តី ទៅវិញ ដោយសារតែចៅក្រមនោះទទួលសំណូកគេ ។

សុបិននេះ ជាជំនួសសុបិនឃើញ "គេទឹមគោតូចៗ មិនទឹមគោធំៗ " ។

សូមកត់សម្គាល់​បន្ថែម[កែប្រែ]

នៅប្រទេសឥណ្ឌា និង នៅប្រទេសកម្ពុជា មនុស្ស​មួយ​ចំនួន​ធំ​រួម​ទាំង​ស្តេច​គ្រប់គ្រង​ប្រទេស​មាន​ជំនឿ​ទៅ​លើ​ការទស្សន៍ទាយ​ព្រឹត្តិការណ៍​នៅ​ពេល​អនាគត ព្រោះ​​ពួកគេ​​ចង់​ដឹង​​ណាស់​ថា​តើ​នឹង​មាន​អ្វី​​កើត​​ឡើងចំពោះរូបគេ​នៅ​ថ្ងៃ​ស្អែក​ ខែ​ក្រោយ ឬ​ឆ្នាំ​ក្រោយ​ ។ ស្តេចផែនដីភ័យខ្លាចមានមនុស្សមកដណ្ដើមរាជបល្ល័ង្ក ឬ​ខ្លាច​សត្រូវ​នៅ​ប្រទេស​ជិតខាង​មក​ឈ្លានពាន រីឯ​មន្ត្រី​រាជការ​ភ័យខ្លាច​ស្តេចដកដំណែង ចំណែក​រាស្ត្រ​សាមញ្ញ​​ភ័យ​ខ្លាច​មន្ត្រីរាជការមកទារពន្ធ កេណ្ឌ​ជា​ទ័ព​ទៅ​ច្បាំង​នឹង​ប្រទេស​ជិតខាង ឬភ័យខ្លាចហេតុការណ៍អាក្រក់​ផ្សេងៗ​កើតឡើងដល់ខ្លួន ។ គ្រាន់តែ​រឿង​យល់​សុបិន​មិនល្អ​ក៏​នាំ​គ្នា​ភ័យ​ខ្លាច​រត់រកគ្រូទាយ ។ គ្រាន់​តែ​កូន​កើត​ភ្លាម​​ក៏​ហៅ​គ្រូទាយ​អំពី​អនាគត​របស់​កូន ដែល​ជា​រឿង​គ្មាន​នរណា​ដឹង​ប្រាកដ​ឡើយ ។ ពួក​ព្រាហ្មណ៍​បុរោហិត​ទាំង​នោះ​ ដោយ​ខ្លាច​ស្តេច​សម្លាប់​ ក៏​ច្នៃ​ប្រតិដ្ឋ​ចម្លើយ​ផ្សេងៗ​គ្នា​​និង​និយាយ​លើក​សរសើរ​ស្តេច​ឬ​កូន​ស្តេច ដោយ​មិន​ភ្លេច​បោកប្រាស់​ស្តេច​ឲ្យ​ធ្វើ​ពិធិ​បូជា​ផ្សេងៗ​ដែល​នាំ​​​ប្រយោជន៍​​ដល់​​បក្ស​​ពួក​ខ្លួន ។

រឿង​នេះ​គី​គ្រាន់​តែ​ជា​និទាន​ប្រៀបធៀប​សំរាប់ដាស់ស្មារតីពួកវណ្ណៈព្រាហ្មណ៍ និងវណ្ណៈក្សត្រ (ស្តេច) ដែលគិតតែពីកេងប្រវ័ញ្ចជិះជាន់មនុស្សនៅខាងក្រោមឥតមានត្រាប្រណី ឲ្យ​យក​ទៅ​ពិចារណា​និង​កែប្រែ​ឥរិយាបទ​ចំពោះ​មនុស្ស​នៅក្នុងវណ្ណៈក្រោម ។ ទីពីរ រឿង​នេះ​ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​នៅ​ក្នុង​វណ្ណៈ​ក្រោម​មាន​ក្តី​សង្ឃឹម ​និង ​ក្រោក​ឈរ​ប្រឆាំង​ការជិះជាន់​របស់​ពួក​មនុស្ស​នៅ​វណ្ណៈ​ខាង​លើ​ជា​ពិសេស​ស្តេច​គ្រប់គ្រងផែនដី ដើម្បីទាមទារសិទ្ធិសេរីភាពរបស់ពួកខ្លួនវិញ ។ ទី​បី រឿង​នេះ​បាន​បង្កប់​សារ​ដ៏​សំខាន់​មួយ​ ពោល​គឺ​​ការ​​វាយ​បំបាក់​ជំនឿ​ចាស់​បុរាណ​របស់​​មនុស្ស​ជា​ច្រើន​ដែល​តែង​ឲ្យ​តម្លៃ​លើ​ពួក​ព្រាហ្មណ៍​បុរោហិត ថាជាមនុស្សចេះដឹងខ្ពស់ជាងគេគ្មាននរណាប្រៀបបាន ដោយ​​ផ្ទៃ​រឿង​បាន​បង្ហាញ​ថា​ត្រកូល​ស្តេច​បាន​ចាប់​ផ្តើម​កែប្រែ​ឥរិយាបថ​ឈប់​ជឿ​តាម​ពាក្យ​របស់​ពួក​បុរោហិត​ដែល​និយាយ​តាម​តែ​គម្ពីរ​វេទ គម្ពីរ​តារាសាស្ត្រ​សំរាប់​ទស្សន៍ទាយ​តាម​ដំណើរ​ផ្កាយ​ដែល​គ្មានហេតុផល ហើយ​ងាក​មក​ជឿ​តាម​ការវិភាគ​ពិចារណា​បែប​ពុទ្ធសាសនា​វិញម្តង ។ ទី​បួន ផ្ទៃ​រឿង​ក៏​បាន​បង្កប់​សារ​សំខាន់​មួយទៀត​ គឺ​ប្រដៅ​មនុស្ស​ប្រុស​ទាំង​ឡាយ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្លួន​ កុំ​បណ្តោយ​ឲ្យ​​ស្ត្រី​ជា​ភរិយា​ទាមទារ​សិទ្ធិ​របស់​ពួក​គេ​បាន​ឡើយ គឺ​ធ្វើ​យ៉ាង​ណា​បន្ត​ប្រើ​ល្បិច​ជិះជាន់​ កេង​ប្រវ័ញ្ច​ស្ត្រី​តាម​គ្រប់​រូប​ភាព ។ ទី​ប្រាំ រឿង​នេះ​ក៏​បាន​ប្រដៅ​ឲ្យ​ស្ត្រី​​ទាំងឡាយ ជា​ពិសេស​​​ភរិយា​ ឲ្យ​ភ្ញាក់​រឭក​ដឹង​ខ្លួន​ និង ក្រោក​ឡើង​ទាមទារ​សិទ្ធិ​របស់​ខ្លួន មិន​ត្រូវ​បន្ត​ខាំមាត់​សង្កត់​ចិត្ត​បណ្តោយ​ឲ្យ​មនុស្ស​ប្រុស​ជិះជាន់​ខ្លួន​ ដោយពួក​បុរស​ទាំង​នោះ​សំអាង​​លើ​គម្ពីរ​​ទាំងឡាយ​ដែល​បក្សពួក​គេ​បាន​តាក់តែង​ឡើង​ដើម្បី​តែប្រយោជន៍​របស់​មនុស្ស​ប្រុស​​នោះ​ ។ ចុងបញ្ចប់ សូម្បី​ការ​បកស្រាយ​ដែល​អួតអាង​ថា​ជា​ចម្លើយ​របស់​ព្រះពុទ្ធ​ចំពោះ​ស្តេច​បសេនទិ​នោះ​ ក៏​មិន​មែន​ជា​ការ​បកស្រាយ​សមហេតុផល​អ្វី​ដែរ ភាគ​ច្រើន​នៃ​ចម្លើយ​ទាំង​នោះ​គឺ​ជា​ពាក្យ​បន្លំ​ដែល​ពួក​មនុស្ស​វណ្ណៈ​ព្រាហ្មណ៍​លួច​​ដាក់​បញ្ចូល​ដើម្បី​បន្ត​បោកប្រាស់​មនុស្ស​នៅ​វណ្ណៈ​ក្រោម​ ។ បើ​ពិចារណា​តាម​ទ្រឹស្តី​របស់​ព្រះពុទ្ធ​ ដែល​បង្រៀន​មនុស្ស​ឲ្យ​ពិសោធ​ពិចារណា​សិន​មុន​នឹង​ជឿ​តាម​ពាក្យ​នរណា​ម្នាក់ ពេល​នោះ​អ្នក​អាន​នឹង​ដឹង​ភ្លាម​ថា​ចម្លើយ​ទាំង​នោះ​មិន​មែន​ជា​ចម្លើយ​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះ​ពុទ្ធ​ទេ ប៉ុន្តែ​គឺ​ជា​ចម្លើយ​របស់​ពួក​ព្រាហ្មណ៍​ដែល​ព្យាយាម​ភ្ជាប់​តួអង្គ​ព្រះពុទ្ធ​ទៅ​សឹង​គ្រប់​រឿង​និទាន​ដើម្បី​បោកប្រាស់​ប្រជាជន​ឲ្យ​ជឿ​តាម​ដោយ​គ្មាន​ការ​ពិចារណា ។ សូម​បញ្ជាក់​ថា​ព្រះពុទ្ធ​ទ្រង់​មិន​ចូលចិត្ត​ការទស្សន៍ទាយ​ទេ ហើយ​ទ្រង់​ក៏​មិន​ពេញព្រះទ័យ​ដែល​ឃើញ​អ្នក​ដើរតាម​ទ្រង់​ជឿ​លើ​ការទស្សន៍ទាយ​ប្រភេទ​ណា​មួយ​ដែរ ។ រឿង​និទាន​ណា​ក៏​ដោយ​ដែល​ភ្ជាប់​រាល់​ការ​ទស្សន៍ទាយ​​ទៅ​នឹង​តួ​អង្គ​ព្រះ​ពុទ្ធ​នោះ​គឺ​ជា​រឿង​ដែល​មនុស្ស​និពន្ធ​ឡើង​នៅ​សម័យកាល​ក្រោយ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ សូម្បី​​ពួក​កុលសម្ព័ន្ធ​សាសន៍យូដា (Jews) ដែលជាពួកមនុស្សបានសរសេរគម្ពីរប៊ីប នាសម័យដើមនោះក៏ជឿទៅលើរឿងយល់សុបិននិមិត្តនោះ ហើយ​អ្នក​ដែល​អាច​បកស្រាយ​សុបិន​បាន​គឺ​មាន​តែ​ពួក​ព្យាការី (Prophets) របស់ព្រះយេហូវ៉ា(Jehovah) ប៉ុណ្ណោះ ។ រឿងនេះមានលក្ខណៈដូចគ្នានឹងសាសនាព្រាហ្មណ៍ដែរ ។ សូម​បញ្ជាក់​ថា​ពួក​សាសន៍​យូដា​បាន​កែច្នៃ​គម្ពីរ​ដើម​នោះ​ឲ្យ​ចេញ​ទៅ​ជា​គម្ពីរតូរ៉ា (Tora) ឬត័លមុដ(Tora) សម្រាប់សាសនាយូដា ពួកគ្រិស្តបរិស័ទកែច្នៃឲ្យចេញជាគម្ពីរប៊ីប (Bible) សម្រាប់គ្រិស្តសាសនា ហើយ​ពួក​អ៊ីស្លាមបរិស័ទ​បាន​កែច្នៃ​ឲ្យចេញជាគម្ពីរកូរ៉ាន (Qur’an) សំរាប់សាសនាអ៊ីស្លាម ។

ឯកសារយោង​[កែប្រែ]

កម្ពុជសុរិយា លេខ ៤ ឆ្នាំ ១៩៩៩