អ្នកសង្កេតការណ៍បោះឆ្នោត

ពីវិគីភីឌា

អក្សរកាត់[កែប្រែ]

គ.ជ.ប គណៈកម្មាធិការរៀបចំការបោះឆ្នោត

គធ/ខប គណៈកម្មការរាជធានី/ខេត្ដរៀបចំការបោះឆ្នោត

លធ/ខប លេខាធិការដ្ឋានរាជធានី/ខេត្ដរៀបចំការបោះឆ្នោត

គឃ/សប គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត

គកប/គករ គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត

កបឃ/ស ក្រុមប្រឹក្សាឃុំ សង្កាត់

ច.ប.ត.រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ

ច.ប.ព.ស ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ច.ប.ក ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

ការបកស្រាយ[កែប្រែ]

ពាក្យ " ការបោះឆ្នោត" និង " ដំណើរការបោះឆ្នោត " មានន័យរួមបញ្ចូលទាំងការចុះឈ្មោះបោះឆ្នោត កុំទ្យូទ័រកម្មបញ្ជីបោះឆ្នោត ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការចុះបញ្ជីបេក្ខជន ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផលបណ្ដោះអាសន្ន និងបណ្ដឹងតវ៉ា ឬបណ្ដឹងជំទាស់ ឬ/នឹងបណ្ដឹងទាក់ទងនឹងករណីខាងលើ។ ប៉ុន្ដែពាក្យនេះ ក៏មានន័យរួមបញ្ចូលផងដែរនូវសកម្មភាពនានាមុន និងក្រោយថ្ងៃបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងគណបក្យនយោបាយ។

ពាក្យ "អ្នកសង្កេតការណ៍" ក្នុងក្រមសីលធម៌នេះ គឺសំដៅតែលើអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិប៉ុណ្ណោះ មិនបានគិតបញ្ចូលអ្នកសារពត៌មានជាតិ និងអន្ដរជាតិ និងតំណាង ឬ/និងភ្នាក់ងារនៃគណបក្សនយោបាយទេ។

គោលដៅនៃក្រមសីលធម៌[កែប្រែ]

  1. កិច្ចសង្កេតការណ៍ការបោះឆ្នោត ត្រូវធ្វើឡើងដោយសុចរិត និងតម្លាភាព។
  2. អ្នកសង្កេតការណ៍បំពេញការងារដោយពុំមានការជ្រៀតជ្រែក។

តួនាទីនៃអ្នកសង្កេតការណ៍[កែប្រែ]

សមាគម និងអង្គការមិនមែនក្រៅរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនឲ្យចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោតទាំងមូល។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអញ្ជើញតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្ដរជាតិ អង្គការអន្ដរជាតិ និងប្រទេសនានាឲ្យចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់ជាផ្លូវការហើយ អ្នកសង្កេតការណ៍ទាំងឡាយមានសិទ្ធិធ្វើសកម្មភាពសង្កេតការណ៍ដោយឯករាជ្យពីរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងទទួលនូវកិច្ចសហប្រតិបត្ដិការយ៉ាងពេញទំហឹងពីអាជ្ញាធរដែនដី គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៀតផង។

អ្នកសង្កេតការណ៍ទាំងឡាយមានសិទ្ធិសង្កេតមើលគ្រប់សកម្មភាព ដែលទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផល និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។ ប៉ុន្ដែអ្នកសង្កេតការណ៍មិនត្រូវជ្រៀតជ្រែក ឬប៉ុនប៉ងប្រើឥទ្ធិពលរបស់ខ្លួនក្នុងគោលបំណងរំខាន ឬរារាំងដំណើរការនៃការបោះឆ្នោតឡើយ។

សិទ្ធិ ភារកិច្ច និងបម្រាមសម្រាប់អ្នកសង្កេតការណ៍[កែប្រែ]

សិទ្ធិ និងភារកិច្ចរបស់អ្នកសង្កេតការណ៍[កែប្រែ]

នៅពេលបានទទួលស្គាល់ជាផ្លូវការ និងបានទទួលប័ណ្ណសម្គាល់អ្នកសង្កេតការណ៍រួចហើយ អ្នកសង្កេតការណ៍ទាំងឡាយនឹងមានឯករាជ្យភាព ព្រមទាំងមានសិទ្ធិ និងភារកិច្ចដូចខាងក្រោម៖

  1. អ្នកសង្កេតការណ៍អន្ដរជាតិ អាចធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំចាំបាច់មានការអនុញ្ញាត ឬជូនដំណឹងជាមុនឡើយ លើកលែងតែដោយសារមូលហេតុច្បាស់លាស់ទាក់ទងនឹងសន្ដិសុខផ្ទាល់ខ្លួនប៉ុណ្ណោះ។
  2. អ្នកសង្កេតការណ៍ជាតិ អាចធ្វើដំណើរសង្កេតការណ៍ក្នុងរង្វង់រាជធានីខេត្ដ ដែលខ្លួនបានស្នើសុំប៉ុណ្ណោះ។
  3. ក្នុងករណីអ្នកសង្កេតការណ៍មានជួបគ្រោះអាសន្ន ឬអសន្ដិសុខអ្វីមួយ ត្រូវជូនដំណឹងទៅមន្ដ្រីបោះឆ្នោតពាក់ព័ន្ធ និងអាជ្ញាធរដែនដីដើម្បីជួយដោះស្រាយទាន់ពេលវេលា។
  4. អាចអមដំណើរគណៈប្រតិភូនៃ គកប/គករ គឃ/សប គធ/ខប គ.ជ.ប នៅរាល់ពេលដឹកជញ្ជូនហិបឆ្នោត និងសម្ភារៈបោះឆ្នោតទាំងទៅ និងមក។
  5. សង្កេតការណ៍នូវរាល់សកម្មភាពនានារបស់ កបឃ/ស ស្មៀនឃុំសង្កាត់ ឬគកប/គករ ឬគឃ/សប ឬលធ/ខប ឬគធ/ខន និងគ.ជ.ប ទាំងនៅមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត។
  6. ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលផ្លូវការជាមួយនឹងលទ្ធផលបណ្ដោះអាសន្នដែលបានកត់ត្រាក្នុងអំឡុងពេល នៃការរាប់សន្លឹកឆ្នោតនៅថ្ងៃរាប់សន្លឹកឆ្នោត។
  7. ធ្វើរបាយការណ៍អំពីការរំលោភច្បាប់ ឬបទបញ្ជា និងនីតិវិធីដែលត្រូវបានចោទប្រកាន់ និងអំពីភាពមិនប្រក្រតីនានាជូនថ្នាក់ដឹកនាំផ្ទាល់របស់ខ្លួន និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ។ អាចធ្វើរបាយការណ៍អំពីបញ្ហាធ្ងន់ធ្ងរនានា ជាបន្ទាន់ជូនគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ និងត្រូវជូនរបាយការណ៍នេះមួយ (១) ច្បាប់ទៅ គ.ជ.ប ផង។
  8. រក្សាការសម្ងាត់នៃការបោះឆ្នោត
  9. មានសេរីភាពធ្វើរបាយការណ៍ស្ដីពីការរកឃើញ ការកត់សម្គាល់ និងសេចក្ដីសន្និដ្ឋានរបស់ខ្លួនឆ្លងតាមរយៈថ្នាក់ដឹកនាំរបស់ខ្លួនដោយផ្អែកតាមការណែនាំជាកំណត់របស់ថ្នាក់ដឹកនាំ ឬអង្គការរបស់ខ្លួន។
  10. មានសេរីភាពក្នុងការជួប ឬនិយាយ ឬលើកសំណួរជាមួយគ្រប់បេក្ខជន​ ឬគណបក្សនយោបាយ និងមន្ដ្រីបោះឆ្នោត ប្រសិនបើកម្មវត្ថុនៃការជជែកនោះ មិនទាក់ទងនឹងការគាំទ្រ ឬប្រឆាំងនឹងបេក្ខជន ឬគណបក្សនយោបាយណាមួយ។
  11. ត្រូវគោរពច្បាប់ ដែលមានជាធរមាននៅកម្ពុជា និងត្រូវទទួលស្គាល់អធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។
  12. ត្រូវតែយល់ដឹងពីច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ក្នុងករណីមានការរំលោភ ត្រូវធ្វើសេចក្ដីសន្និដ្ឋានរបស់ខ្លួនដោយផ្អែកលើមូលដ្ឋានឯកសារត្រឹមត្រូវ ព្រមទាំងភស្ដុតាងច្បាស់លាស់ និងអាចពន្យល់បញ្ជាក់បាន។
  13. មានសិទ្ធិចេញចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
  14. ចំនួនអ្នកសង្កេតការណ៍ដែលចូលក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតក្នុងការពេលតែមួយត្រូវបានកំណត់ត្រឹមបួន (៤) នាក់យ៉ាងច្រើន។ ក្នុងករណីមានអ្នកសង្កេតការណ៍ច្រើនលើសពីបួន (៤) នាក់ អ្នកសង្កេតការណ៍ទាំងនោះត្រូវធ្វើការផ្លាស់ប្ដូរតាមការកំណត់របស់ កបឃ/ស ឬប្រធាន គកប/គករ។
  15. ត្រូវមានជំហរអព្យាក្រិត និងមិនត្រូវប្រកាន់បក្សពួក ហើយត្រូវជៀសវាងក្នុងការបង្ហាញឲ្យគេឃើញតាមរយៈឯកសណ្ឋានពណ៌ ឬវត្ថុដទៃទៀតដែលជានិមិត្ដរូបនៃការគាំទ្រ ឬការប្រឆាំងនឹងបេក្ខជន ឬគណបក្សនយោបាយណាមួយ។
  16. ត្រូវបង្ហាញភស្ដុតាងបញ្ជាក់អំពីអត្ដសញ្ញាណរបស់ខ្លួនភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដែលបានសាកសួរដល់ខ្លួន ហើយត្រូវពាក់ប័ណ្ណសម្គាល់ខ្លួនដែលត្រូវបានសម្រេចទទួលស្គាល់ និងចេញដោយ គ.ជ.ប។
  17. ពុំមានសិទ្ធិចេញរួមជជែកវែកញែកក្នុងដំណើរការដោះស្រាយបណ្ដឹងណាមួយក្នុងអំឡុងពេលបោះឆ្នោតឡើយ ប៉ុន្ដែអាចសង្កេតការណ៍លើការដោះស្រាយបណ្ដឹងនេះបាន។
  18. ក្នុងអំឡុងពេលចុះសង្កេតការណ៍នៅការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងនីតិវិធីដែលបានកំណត់ដោយ គ.ជ.ប និងការណែនាំរបស់មន្ដ្រីបោះឆ្នោត ឬគណៈកម្មការបោះឆ្នោតនៅថ្នាក់ក្រោម ហើយមិនត្រូវធ្វើឲ្យរាំងស្ទះដល់ដំណើរនៃការបោះឆ្នោតឡើយ។
  19. ត្រូវទទួលខុសត្រូវទូទាត់ផ្ទាល់ដោយខ្លួនឯង ឬ/និងដោយអង្គការរបស់ខ្លួនលើរាល់តម្លៃ និងការចំណាយផ្សេងៗទៀតនៅក្នុងអំឡុងពេលនៃបេសកកម្មសង្កេតការណ៍របស់ខ្លួន។

បម្រាមសម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត[កែប្រែ]

ក្នុងការសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត និងរាល់សកម្មភាពនានានៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ទាំងនៅមុនពេល ក្នុងពេល និងក្រោយពេលនៃការបោះឆ្នោត អ្នកសង្កេតការណ៍ត្រូវជៀសវាង៖

  1. ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
  2. ការជជែកពិភាក្សាទាក់ទងនឹងបញ្ហាគាំទ្រ ឬប្រឆាំងគណបក្សនយោយបាយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោតណាមួយជាមួយនឹងអ្នកចុះឈ្មោះបោះឆ្នោត ឬអ្នកបោះឆ្នោត។
  3. ការរំខាន ឬការជ្រៀតជ្រែកក្នុងកិច្ចការផ្សេងៗរបស់គណៈកម្មការរៀបចំការបោះឆ្នោតនៅថ្នាក់ណាមួយ នៅពេលដំណើរការនៃការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតកំពុងប្រព្រឹត្ដទៅ
  4. ការយកតាមខ្លួននូវគ្រឿងអាវុធ ជាតិផ្ទុះ ឬវត្ថុដែលអាចបង្កឲ្យមានគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញភារកិច្ចសង្កេតការណ៍របស់ខ្លួន
  5. ការប៉ះពាក់ឯកសារ ឬសម្ភារៈ បរិក្ខារបោះឆ្នោត ក្នុងនោះរួមទាំងសន្លឹកឆ្នោតផង
  6. ការប្រើប្រាស់ម៉ាស៊ីនថតរូប ថតវីដេអូ ថតសំឡេង ឬទូរស័ព្ទថតរូបនៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត
  7. ការនៅក្បែរបន្ទប់សម្ងាត់សម្រាប់គូសសន្លឹកឆ្នោត។
  8. ការផ្ដល់ដំបូន្មាន ឬការស្ដីបន្ទោសឲ្យកែតម្រូវកំហុសដល់មន្ដ្រីបោះឆ្នោត និងមន្ដ្រីរាប់សន្លឹកឆ្នោតដែលខ្លួនបានរកឃើញ និងការបង្អាក់ដំណើរការបោះឆ្នោត។

ទោសប្បញ្ញត្ដិ[កែប្រែ]

ដោយមិនគិតពីទោសប្បញ្ញត្ដិដូចមានចែងក្នុងច្បាប់បោះឆ្នោត គ.ជ.ប មានអំណាចឆន្ទានុសិទ្ធិក្នុងការបដិសេធលែងទទួលស្គាល់អង្គការសង្កេតការណ៍ ឬអ្នកសង្កេតការណ៍ណាមួយនៅពេលដែល គ.ជ.ប យល់ឃើញថា អង្គការ ឬអ្នកសង្កេតការណ៍នោះ៖

  1. មិនគោរពតាមសេចក្ដីណែនាំ និងសេចក្ដីបង្គាប់បញ្ជារបស់មន្ដ្រីបោះឆ្នោតមានសមត្ថកិច្ចនៅថ្នាក់ណាមួយ
  2. បង្ហាញជាសាធារណៈថា បានលំអៀងទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ
  3. បង្អាក់ ឬធ្វើឲ្យរាំងស្ទះក្នុងការបំពេញការងារនៃមន្ដ្រីបោះឆ្នោត
  4. រំលោភបំពានលើក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត

គ.ជ.ប ត្រូវប្រគល់សិទ្ធិជូនគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោមឲ្យបណ្ដេញចេញពីទីស្នាក់ការ ឬការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនូវអ្នកអង្កេតការណ៍ទាំងឡាយណាដែលពុំបានគោរពតាមក្រមសីលធម៌នេះ។ ដើម្បីអនុវត្ដសិទ្ធិអំណាចខាងលើ គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ក្រោមត្រូវរាយការណ៍ពីព្រឹត្ដការណ៍នេះតាមឋានានុក្រមមក គ.ជ.ប

នីតិវិធីទទួលស្គាល់អ្នកសង្កេតការណ៍[កែប្រែ]

អ្នកសង្កេតការណ៍ជាតិ[កែប្រែ]

  1. គ.ជ.ប ត្រូវពិនិត្យពាក្យសុំ និងសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ
  2. គ.ជ.ប ត្រូវប្រគល់សិទ្ធិអំណាចឲ្យមន្ដ្រី លធ/ខប គធ/ខប ពាក់ព័ន្ធចេញប័ណ្ណសម្គាល់ខ្លួនឲ្យអ្នកសង្កេតការណ៍ជាតិ និងប័ណ្ណសម្គាល់ខ្លួនអ្នកសង្កេតការណ៍គណបក្សនយោបាយដែលមិនមានបេក្ខជនឈរឈ្មោះបោះឆ្នោត។ ប័ណ្ណសម្គាល់ខ្លួននេះអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិមានសិទ្ធិ និងបំពេញភារកិច្ចរបស់ខ្លួននៅការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតចំណុះរាជធានី/ខេត្ដ។ ប័ណ្ណសម្គាល់ខ្លួននេះត្រូវតែជាប័ណ្ណដែលផលិតដោយ គ.ជ.ប
  3. ប័ណ្ណសម្គាល់ខ្លួននេះក៏អាចប្រើប្រាស់បាននៅក្នុងការបោះឆ្នោតសាជាថ្មីណាមួយដែលអាចធ្វើឡើង បន្ទាប់ពីមានការបដិសេធលទ្ធផលនៃការបោះឆ្នោតនៅការិយាល័យបោះឆ្នោតណាមួយ។

អ្នកសង្កេតការណ៍អន្ដរជាតិ[កែប្រែ]

  1. អ្នកសង្កេតការណ៍អន្ដរជាតិ អង្គការអន្ដរជាតិណាមួយដែលចង់ចូលរួមសង្កេតការណ៍មើលការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា អាចទាក់ទងជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាដែលប្រចាំនៅសាមីប្រទេស។
  2. គ.ជ.ប ត្រូវពិនិត្យសម្រេច និងចេញប័ណ្ណសម្គាល់ខ្លួនឲ្យអ្នកសង្កេតការណ៍អន្ដរជាតិ។ អ្នកសង្កេតការណ៍អន្ដរជាតិត្រូវបានអនុញ្ញាតឲ្យសង្កេតការណ៍នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍សន្និដ្ឋាន[កែប្រែ]

បន្ទាប់ពីដំណើរការបោះឆ្នោតបានចប់សព្វគ្រប់ហើយ សាមីសង្កេតការណ៍ទាំងឡាយ ត្រូវផ្ដល់របាយការណ៍ជាលាយលក្ខណ៍អក្សរ ស្ដីពីការសង្កេតឃើញ និងសេចក្ដីសន្និដ្ឋានរបស់ខ្លួននៅក្នុងដំណើរការបនៃការបោះឆ្នោតផ្ញើជូន គ.ជ.ប ដើម្បីឲ្យ គ.ជ.ប មានមូលដ្ឋានគ្រឹះសម្រាប់ធ្វើការវាយតម្លៃជាចុងក្រោយ។

[១]

  1. ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត ដែលផ្សព្វផ្សាយដោយ គ.ជ.ប ឆ្នាំ ២០១៣