ប៉ុលពត
ប៉ុលពត | ||||
នាយករដ្ឋមន្ត្រី នៃរបប កម្ពុជាប្រជាធិបតេយ្យ (1975-1979) | ||||
ឈ្មោះ | ប៉ុល ពត (Political Potentail) | |||
ឈ្មោះកំណើត | សាឡុត ស | |||
ថ្ងៃ.ខែ.ឆ្នាំកំណើត | 19 ឧសភា 1928 | |||
ម្ដាយ | សុក ណែម (ជនជាតិថៃ) | |||
ឪពុក | ប៉ែន សាឡុត (ជនជាតិចិន) | |||
មុខតំណែង | នាយករដ្ឋមន្ត្រី នៃរបប កម្ពុជាប្រជាធិបតេយ្យ | |||
តួនាទីក្នុងបក្ស | អង្គលេខាធិការបក្សកុម្មុយនីស្តកម្ពុជា | |||
លទ្ធិដឹកនាំ | លទ្ធិកុម្មុយនីស្ត ផ្ដាច់ការ | |||
លទ្ធិដឹកនាំនិយម | កុម្មុយនីស្តនិយមចិន | |||
ស្លាប់ | 15 មេសា 1998 | |||
ស្នាដៃបន្សល់ទុក |
|
ប៉ុលពត (អង់គ្លេស: Pol Pot), ឈ្មោះកំណើត៖ សាឡុត ស (Saloth Sar) កើតនៅថ្ងៃទី 19 ខែឧសភា ឆ្នាំ 1928 ។ លោក គឺជាជនបដិវឌ្ឍន៍នយបាយ មួយរូប នៃ បក្សកុម្មុយនីស្តកម្ពុជា ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ 1951 ។ ប៉ុលពត បានក្លាយជានាយករដ្ឋមន្ត្រី ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ អំឡុងពេលដែលកងទ័ពរបស់លោក បានយកឈ្នះកងកម្លាំង នៃរបប សាធារៈណរដ្ឋខ្មែរ របស់លោក សេនាប្រមុខ លន់ នល់ នៅទីក្រុង ភ្នំពេញ នាថ្ងៃទី 17 ខែមេសា ឆ្នាំ 1975 ហើយលោកបានបន្តដឹកនាំ រហូតដល់ របបរបស់លោក ត្រូវបានដួលរលំទៅវិញ ដោយកងទ័ពចំរុះ នៃកងកម្លាំងរំដោះប្រជាជនកម្ពុជា នៅថ្ងៃទី 7 ខែមករា ឆ្នាំ 1979 ។[១]
ជីវិតចាប់ផ្ដើម
[កែប្រែ]Early life
ប៉ុលពត មានឈ្មោះកំណើតហៅថា សាឡុត ស កើតក្នុងគ្រួសារត្រកូលកសិករស្តុកស្តម្ភមួយនៅ ភូមិវាលស្បូវ ខេត្តកំពង់ធំ ឪពុករបស់លោកមានឈ្មោះថា ប៉ែន សាឡុត ជាជនជាតិចិន ម្តាយឈ្មោះ សុក ណែម ជាជនជាតិថៃ ឪពុកម្ដាយរបស់ប៉ុលពត បានធ្វើអន្តោរប្រវេសន៍មករស់នៅកម្ពុជា និងបានបង្កើត ប៉ុលពត នៅទីនោះ ។ ប៉ុលពត ដែលមានឈ្មោះកំណើតហៅថា សាឡុត ស លោកមានបងប្អូនទាំងអស់ ៩នាក់ ក្នុងនោះប្រុស៧នាក់ និងស្រី២នាក់ សាឡុត ស គឺជាកូនទី៨ នៅក្នុងគ្រួសារផងដែរ ហើយគ្រួសាររបស់ សាឡុត ស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះបរមរាជវាំង នៅក្នុងឆ្នាំ១៩២៩ បងស្រីជីដូនមួយម្នាក់របស់ សាឡុត ស ឈ្មោះ មាឃ គឺជាអ្នករាំរបាំនៅក្នុងព្រះបរមរាជវាំង ។ ក្រោយមក មាឃ ក៏បានក្លាយជាស្នំឯករបស់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីវង្ស ហើយទទួលបានតំណែងជា ឃុនអ្នកម្នាង ដែលមានអំណាចត្រួតលើស្រីភីលៀងទាំងអស់នៅក្នុងរាជវាំង ។ ចំណែកឯបងប្រុសច្បងរបស់ សាឡុត ស ឈ្មោះ សាឡុត សួង ក៏ជាបុគ្គលិកម្នាក់បម្រើការនៅក្នុងការិយាល័យពិធីការនៃព្រះបរមរាជវាំងផងដែរ ។ មិនយូរប៉ុន្មានក្រោយមក ប្អូនស្រីរបស់ សាឡុត ស ឈ្មោះ សារឿន ក៏បានចូលមកបម្រើការក្នុងក្រុមរបាំព្រះបរមរាជវាំង ហើយបានក្លាយជាស្នំឯករបស់ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដូច មាឃ ដែលជាបងប្អូនជីដូនមួយនេះផងដែរ ។ នៅឆ្នាំ១៩៣៤ សាឡុត ស ដែលកាលនោះមានអាយុ៦ឆ្នាំ និងបងប្រុសម្នាក់ទៀត ឈ្មោះ សាឡុត ឆាយ ត្រូវបានគ្រួសារបញ្ជូនពីកំពង់ធំឱ្យមករស់នៅ ភ្នំពេញ ជាមួយ មាឃ និង សួង ដែលជាបង។ មិនយូរប៉ុន្មានក្រោយពីមកដល់ភ្នំពេញ សាឡុត ស ក៏បានទៅបួសរៀនធម៌ និងភាសាខ្មែរនៅ វត្តបុទមវត្តី ដែលស្ថិតនៅជាប់នឹងព្រះបរមរាជវាំង គួរបញ្ជាក់ផងដែរថា នៅពេលនោះ ប្រទេសកម្ពុជាកំពុងស្ថិតក្រោមអាណាព្យាបាលបារាំង ហើយនៅតាមសាលារៀនរបស់រដ្ឋ គេតម្រូវឱ្យរៀនជាភាសាបារាំង ។ ហេតុដែលនាំឱ្យ សាឡុត ស មានគំនិតជាតិនិយមជ្រុល នោះបណ្ដាលមកពី អត្ថបទនយោបាយជាច្រើន បានបណ្ដុះស្មារតីរបស់លោក ឱ្យមានការគិតបែបរវើរវាយ និង ការតាំងចិត្តផ្ដាច់ជ្ញាខ្ពស់ ។ នៅក្នុងអំឡុងពេល ដែល សាឡុត ស ទើបតែបានចូលរៀននៅសាលាបឋមសិក្សា សឺន ង៉ុកថាញ់ ដែលជាពលរដ្ឋខ្មែរកម្ពុជាក្រោម យកនាមត្រកូល សឺន តាមរយៈលោកឧកញ៉ា (សឺន គុយ) ដោយក្មេងជំនាន់ក្រោយមិនបានរៀនប្រវត្តិសាស្ត្រខ្មែរជ្រៅជ្រះនោះទេក៏បានលាបពណ៌មកលើលោកថា ជាពួកយួន ឬ ពួកក្បាលយួនខ្លួនខ្មែរ ដោយក្រឡៃឈ្មោះនាមត្រកូលរបស់លោក មកជា (សឺង ង៉ុកថាញ់) ។ សឺន ង៉ុកថាញ់ ដែលធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតកម្ពុជាក្នុងក្រុងភ្នំពេញ បានទទួលការអនុញ្ញាតពីអាជ្ញាធរបារាំង ឱ្យបោះផ្សាយកាសែតជាភាសាខ្មែរមួយឈ្មោះ “នគរវត្ត” ដែលជាកាសែតភាសាខ្មែរលើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ។ កាសែត នគរវត្ត មានការចុះផ្សាយនូវអត្ថបទវិចារណកថាជាច្រើន ដែលបង្ហាញ ពីគំនិតជាតិនិយម និង ទ្រឹស្ដីនយោបាយ ហើយ សាឡុត ស ដែលរស់នៅជាមួយបងស្រី ប្រហែលជាបានអានកាសែតនេះជាប្រចាំ ពីព្រោះថាបងស្រីរបស់ សាឡុត ស ដែលមានឋានៈជាអ្នកម្នាង បានជាវកាសែត នគរវត្ត មកអានជាប្រចាំ ដោយបែបនេះហើយ សាឡុត ស អាចនិងផុងខ្លួនក្នុងទ្រឹស្ដីនយោបាយទាំងអស់នេះ ។ ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត គឺនៅពេលដែល សាឡុត ស បានចូលរៀននៅវិទ្យាល័យ ក្នុងអំឡុងឆ្នាំ 1949 ហើយសាឡុត ស ដែលទទួលបាននៅពត៌មានជាតិនិយមស្ដីពីបារាំងដែលបានកាត់ទឹកដីកម្ពុជា នៃដែនដីកម្ពុជាក្រោម ទៅឱ្យពួកវៀតណាម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប៉ុន្តែសច្ចភាពនៃប្រវត្តិសាស្ត្របានបង្ហាញថា ការចុះហត្ថលេខារវាងប្រធាននាធិបតីបារាំង និង ស្ដេចវៀតមិញ នាម បាវដាយ (Bao Dai) ដែលធ្វើឡើងនៅថ្ងៃ ទី៤ មិថុនា ឆ្នាំ ១៩៤៩ គឺជាថ្ងៃដែលបារាំងបានប្រគល់ទឹកដីកូសាំងស៊ីន ដែលបារាំងបានច្បាំងដណ្តើមយកពីពួកវៀតមិញ នៅឆ្នាំ ១៨៦២ ទៅឱ្យពួកវៀតមិញវិញប៉ុណ្ណោះ មិនមែនជាការកាត់យកទឹកដីកម្ពុជាទៅឱ្យវៀតណាមនោះទេ ព្រោះទឹកដីកម្ពុជាក្រោម បានបាត់បង់ក្នុងអំឡុងឆ្នាំ ១៨៣៤ ក្នុងរាជក្សត្រីអង្គមុី ដូចនេះហើយ បារាំងមិនបានដាក់បញ្ចូលដែនដីកូសាំងសុីនមកក្នុងទឹកដីកម្ពុជាវិញនោះទេ តែបារាំងបានយកដែនដីកូសាំងស៊ីននេះទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Ouetre-Mer) ដោយសារប្រជាជនខ្មែរមួយចំនួនមាន អក្ខរៈកម្ម ខ្សោយនៅការគិតពិចារណា និង ខ្វះការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជាតិ ទើបប្រជាជនមួយចំនួនបន្តការយល់ខុសមកដល់សព្វថ្ងៃនេះ ។[២]
ការធ្វើបដិវឌ្ឍន៍
[កែប្រែ]Revolution
នៅឆ្នាំ១៩៤៧ សាឡុត ស បានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យកំពង់ចាម ហើយមានបំណងចង់បន្តការសិក្សានៅ វិទ្យាល័យព្រះសុីសុវត្ថិ ប៉ុន្តែវិទ្យាល័យមួយនេះ តម្រូវឱ្យសិស្ស ត្រូវធ្វើទេស្តប្រឡងចូលទើបអាចរៀននៅទីនេះបាន ដោយសារ សាឡុត ស បានប្រឡងធ្លាក់ ទើបសាឡុត ស បានទៅចូលរៀននៅសាលាបច្ចេកទេសមួយ នៅក្នុង ខណ្ឌទួលគោក (បច្ចុប្បន្ន: បំបែកជា ខ័ណ្ឌឫស្សីកែវ) ក្រុងភ្នំពេញ ដោយយកជំនាញខាងជាងដែក ក្នុងឆ្នាំ ១៩៤៨ ។ បន្ទាប់មក សាឡុត ស បានប្រឡងចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងកម្រិតពិន្ទុមធ្យមភាគ ដែលមានន័យថា បិះធ្លាក់ជាលើកទី២ អំឡុងពេលកំពុងរៀន សាឡុត ស រកបានមិត្តជិតស្និតម្នាក់ ឈ្មោះ អៀង សារី ។ យោងតាមប្រាសាសន៍លោក កេង វណ្ណសាក់ ដែលជាមន្រ្តីថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ សាឡុត ស និង អៀង សារី បានចូលរួមយ៉ាងសកម្ម ជួយគណបក្សប្រជាធិបតេយ្យ ក្នុងពេលបោះឆ្នោតជាតិឆ្នាំ១៩៤៩ ។ នៅពេលនោះ គណបក្សប្រជាធិបតេយ្យ ដែលមានអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជាប្រធាន បានទទួលជ័យជំនះយ៉ាងលើសលុប ដោយដណ្តើមបាន ៦០អាសនៈ ក្នុងចំណោមអាសនៈសរុបទាំង ៧៥ នៅរដ្ឋសភា ។ នៅឆ្នាំ ១៩៥០ សាឡុត ស បានទទួលអាហារូបករណ៍ ដើម្បីទៅបន្តការសិក្សានៅប្រទេសបារាំង ផ្នែកអេឡិចត្រូនិច ។[៣] សំណួរសួរថា ហេតុអ្វីបានជា សាឡុត ស ដែលមិនមែនជាសិស្សរៀនពូកែ ក្នុងលំដាប់ពិន្ទុខ្ពស់ តែបែរជាទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងបែបនេះ? នេះប្រហែលជាមកពីហេតុផលសំខាន់ពីរ ៖
ទី១ នៅពេលនោះ ក្រសួងអប់រំស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ ដែលឈ្នះឆ្នោត កាលពីឆ្នាំ១៩៤៩ ហើយប្រហែលជាដោយសារតែ សាឡុត ស បានជួយធ្វើការឃោសនាបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ ទើបរដ្ឋមន្រ្តីក្រសួងអប់រំផ្តល់អាហារូបករណ៍ឱ្យ សាឡុត ស បានទៅរៀននៅប្រទេសបារាំង ។
ទី២ សាឡុត ស ទំនងជាចេះភាសាបារាំង និង អាចនិយាយភាសាបារាំងបានទើប រដ្ឋមន្រ្តីក្រសួងអប់រំផ្តល់អាហារូបករណ៍ឱ្យ សាឡុត ស ដើម្បីបន្តការសិក្សាផ្នែកបច្ចេកទេសអេឡិចត្រូនិច នៅប្រទេសបារាំង ។
ការទទួលយកគំនិតកុម្មុយនីស្ត
[កែប្រែ]Acceptance of communist ideas
សាឡុត ស ដែលកំពុងរៀនសូត្រក្នុងប្រទេសបារាំង នាពេលមួយដែលលោកបានចុះកម្មសិក្សានៅក្នុងប្រទេស "យូហ្គោស្លាវី" (Yugoslavia) លោកបានជាប់ចិត្តនៅអត្ថបទមួយរបស់ស្ថាបនិក នៃលទ្ធិកុម្មុនីស្ត នោះគឺលោក ជោសេប ស្តាលីន (Joseph Stalin) ដែលជាថ្នាក់ដឹកនាំនៃរបបកុម្មុយនីស្ត នៅ សហភាពសូវៀត ដែលអត្ថបទនោះបានពិពណ៌នាអំពីគោលនយោបាយកុម្មុយនីស្តជាច្រើនចំនុច រួមមានការបង្កើតរដ្ឋដោយបក្សតែមួយ ឧស្សាហូបនីយកម្មរួម ដែលមានន័យថា ការប្រែក្លាយ ការផលិតបែបឯកជនគ្រួសារ មកជាការផលិតបែបឧស្សាហកម្មរួម ទ្រឹស្ដីសង្គមនិយម ដែលមានន័យថា ការលុបបំបាត់កម្មសិទ្ធិឯកជន សមូហភាពនៃកសិកម្ម ដែលមានន័យថា ការសំដៅដល់ជនទាំងឡាយដែលមករួមគ្នាជាក្រុមដើម្បីធ្វើកសិកម្ម ឬ ធ្វើជាសម្ព័ន្ធកសិកម្មតែមួយ ការលុបបំបាត់ជម្លោះវណ្ណៈ ដែលមានន័យថា គ្មានអ្នកមាន គ្មានអ្នកក្រ ការរស់នៅក្នុងសង្គមដែលមានវណ្ណៈស្មើគ្នា ដោយជាប់ចិត្តទៅនិង អត្ថបទនៃលទ្ធិកុម្មុយនីស្ត របស់លោក ស្តាលីន សាឡុត ស ដែលបានសិក្សានៅប្រទេសបារាំង ចាប់ពីឆ្នាំ ១៩៥០ រហូតដល់ឆ្នាំ ១៩៥៣ លោកបានសំរេចចិត្តមកប្រទេសកម្ពុជាវិញ ទោះបីលោកនៅសល់រយៈពេល ២ឆ្នាំទៀតទើបរៀនបញ្ចប់ការសិក្សានៅប្រទេសបារាំង ដូចនេះ សាឡុត ស មិនបានរៀនបញ្ចប់ការសិក្សាក្លាយជាបញ្ញាវ័ន្ត នៅប្រទេសបារាំងនោះទេ ។[៤]
ការផ្ដើមនយោបាយ
[កែប្រែ]Political initiatives
លទ្ធិកុម្មុយនីស្តបានចាប់ផ្តើមរីកដុះដាលជាខ្លាំង នៅទូទាំងពិភពលោក តាមរយៈចលនាប្រឆាំងនឹងមហាអំណាចអាណានិគម ដែលចាប់ផ្ទុះឡើង នៅក្រោយពេលបញ្ចប់ សង្គ្រាមលោកលើកទី២ ។ នៅឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង ក៏មានចលនាកុម្មុយនីស្តមួយដែរ គឺ "បក្សកុម្មុយនីស្តឥណ្ឌូចិន" ដែលបង្កើតឡើងដោយលោក ហូ ជីមិញ នៅឆ្នាំ ១៩៣០ ដែលបក្សនេះប្រមូលផ្តុំចលនាកុម្មុយនីស្តដែលមកពីប្រទេស កម្ពុជា ឡាវ និង វៀតណាម ។ នៅកម្ពុជា សាខាបក្សកុម្មុយនីស្តឥណ្ឌូចិន ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៤២ ដោយអាចារ្យមៀន ហៅ សឺន ង៉ុកមិញ បក្សគុម្មុយនីស្តនេះ គឺជាការច្របាច់បញ្ចូលគ្នារវាង សឺន ង៉ុកថាញ់ និង ហូ ជីមិញ ការធ្វើបែបនេះ គឺក្នុងគោលដៅឆ្លៀតយកចំណេញពីប្រជាប្រិយភាពរបស់ សឺន ង៉ុកថាញ់ ដែលជាប្រមុខដឹកនាំចលនាប្រឆាំងបារាំងដ៏ល្បីល្បាញមួយ គឺចលនា ខ្មែរឥស្សរៈ (Khmer Issarak) ប៉ុន្តែ សឺន ង៉ុកថាញ់ មិនមែនជាមនុស្សក្នុងក្រុមកុម្មុយនីស្តនោះទេ ។ នៅឆ្នាំ ១៩៥១ សឺន ង៉ុកមិញ បានបង្កើតចលនាប្រដាប់អាវុធមួយ ដោយដាក់ឈ្មោះថា "សមាគមខ្មែរឥស្សរៈ" ទៀតផង ជាហេតុនាំឱ្យមានការភាន់ច្រឡំ មិនដឹងមួយណាជាខ្មែរឥស្សរៈកុម្មុយនីស្ត និងមួយណាមិនមែនជាខ្មែរឥស្សរៈកុម្មុយនីស្ត នោះទេ ។ នៅឆ្នាំដដែលនេះដែរ វៀតណាម បានសម្រេចបំបែក បក្សកុម្មុយនីស្តឥណ្ឌូចិន ឱ្យទៅជាបក្សកុម្មុយនីស្តផ្ទាល់របស់ប្រទេសនីមួយៗវិញ ។ ក្រុមខ្មែរឥស្សរៈកុម្មុយនីស្ត ក៏សម្រេចបង្កើតបក្សកុម្មុយនីស្តផ្ទាល់របស់ខ្លួន ដែលមានឈ្មោះថា "បក្សប្រជាជនបដិវត្តន៍កម្ពុជា" បក្សនេះដឹកនាំដោយគណៈកម្មាធិការមជ្ឈិមបក្សបណ្តោះអាសន្នមួយ ដែលមាន សឺន ង៉ុកមិញ ជាប្រធាន ទូ សាមុត ជាអនុប្រធាន និង សៀវ ហេង ជាអគ្គលេខាធិការ ក៏ប៉ុន្តែ ពីឆ្នាំ ១៩៥១ រហូតដល់ឆ្នាំ ១៩៦០ ក្រុមខ្មែរកុម្មុយនីស្តមិនបានរៀបចំធ្វើសន្និបាតបង្កើតបក្សជាផ្លូវការណ៍នោះទេ ដែលជាហេតុនាំឱ្យ បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលមិនទាន់មានឯករាជម្ចាស់ការលើខ្លួនឯង បានដាច់ស្រឡះពី បក្សកុម្មុយនីស្តឥណ្ឌូចិននោះទេ ។ នៅខែកញ្ញា ឆ្នាំ១៩៦០ ពោលគឺ ៩ឆ្នាំក្រោយពេល "បក្សប្រជាជនបដិវត្តន៍កម្ពុជា" បានធ្វើការបំបែកចេញពី គណបក្សកុម្មុយនីស្តឥណ្ឌូចិន ទើបបក្សប្រជាជនបដិវត្តន៍កម្ពុជាបានរៀបចំធ្វើសន្និបាតដោយលួចលាក់មួយ ក្នុងគោលដៅបង្កើតជាផ្លូវការណ៍នូវគណបក្សកុម្មុយនីស្តផ្ទាល់របស់កម្ពុជា ប៉ុន្តែបក្សនេះ បានប្តូរឈ្មោះទៅជា “បក្សពលករកម្ពុជា” វិញ ។ បក្សថ្មីនេះ មាន ទូសាមុត ជាលេខាបក្ស នួនជា ជាលេខារងបក្ស ហើយ សាឡុត ស គឺជាមេដឹកនាំលំដាប់ទីបីក្នុងជួរបក្ស ហើយ អៀងសារី ដែលជាមិត្តភក្តិរបស់ សាឡុត ស ក៏ត្រូវបានជ្រើសរើសឱ្យធ្វើជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សថ្មីនេះដែរ ។ សម្រាប់ក្រុមខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុលពត សន្និបាតខែកញ្ញា ឆ្នាំ១៩៦០ ទើបជាការចាប់ផ្តើមពិតប្រាកដនៃចលនាកុម្មុយនីស្តរបស់ខ្លួន ប៉ុន្តែក្រោយពេលចាប់ខ្លួនពួកខ្មែរក្រហម យកមកកាត់ទោសដោយតុលាការកាត់ក្ដីខ្មែរក្រហម ដែលបង្កើតឡើងដោយរដ្ឋាភិបាល និង អង្គការសហប្រជាជាតិ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៣ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ពួកខ្មែរក្រហមតែងធ្វើការបដិសេធមិនទទួលស្គាល់ថាខ្លួនមានកំណើតចេញពី បក្សប្រជាជនបដិវត្តន៍កម្ពុជានោះទេ ។ ពួកខ្មែរក្រហមដែលបដិសេធបែបនេះ ក្នុងចេតនាផ្តាច់បដិវត្តន៍របស់ពួកគេឱ្យដាច់ស្រឡះពីបក្សកុម្មុយនីស្តឥណ្ឌូចិន ដើម្បីកុំឱ្យពួកគេមានជាប់ពាក់ព័ន្ធជាមួយ និងវៀតណាមខាងជើង ដែលមានន័យថា ទោះជាពួកគេស្លាប់ ក៏ពួកគេ នៅតែអាចក្លែង ឬ បំភ្លៃសេចក្ដីពិតថា ពួកគេគឺជាអ្នកស្នេហាជាតិនោះទេ ដើម្បីលាងនៅបាបកម្មរបស់ពួកគេ ដែលសម្លាប់ប្រជាជនខ្លួនអស់រាប់លាននាក់ ។ ផ្ទុយទៅវិញ គណៈបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នជាគណបក្សកាន់អំណាចនៅកម្ពុជា តែងតែប្រកាន់យកបក្សប្រជាជនបដិវត្តន៍កម្ពុជា ជាប្រភពដើមរបស់ខ្លួន ហើយកំណត់យកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាថ្ងៃកំណើតបក្សជាប់រហូតមកទល់ពេលបច្ចុប្បន្ននេះ ដែលមានន័យថា បក្សគុម្មុយនីស្តកម្ពុជា របស់ប៉ុលពត និង បក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ដែលកើតចេញពីបក្សគុម្មុយនីសឥណ្ឌូចិនតែមួយ ប៉ុន្តែបក្សទាំងពីរបានបែកចេញជាបក្សពីរផ្សេងគ្នាដែលមាននៅរចនាសម្ព័នបក្សដាច់ដោយឡែកពីគ្នា ប៉ុន្តែអ្នកនយោបាយមួយចំនួន នូវតែបន្តនយោបាយលាបពណ៌ថាបក្សទាំងពីរនេះជាបក្សតែមួយទៅវិញ ដែលផ្ទុយពីសច្ចភាពប្រវត្តិសាស្ត្រទាំងស្រុង ។ នៅក្រោយពេលដែល ទូសាមុត បានបាត់ខ្លួន នៅឆ្នាំ១៩៦៣ សាឡុត ស ក៏បានឡើងមកកាន់តំណែងជាលេខាបក្សពលករកម្ពុជា រំលង នួនជា ដែលជាលេខារងបក្ស ក្នុងអំឡុងចុងឆ្នាំ ១៩៦៤-១៩៦៥ សាឡុត ស បានទៅធ្វើទស្សនកិច្ចនៅ ទីក្រុងហាណូយ នា វៀតណាមខាងជើង និងបន្តធ្វើទស្សនកិច្ច នៅ ទីក្រុងប៉េកាំង នា ប្រទេសចិន ។ ក្រោយពេល សាឡុត ស បានទទួលនូវការផ្ដល់យុត្តិសាស្ត្រ និង ទទួលបានការគាំទ្រ ពីសំណាក់ វៀតណាមខាងជើង និង ប្រទេសចិន សាឡុត ស ក៏បានប្រកាសប្ដូរឈ្មោះ "បក្សពលករកម្ពុជា" មកជា "បក្សកុម្មុយនីស្តកម្ពុជា" វិញ ដែលប្រកាសឡើងនៅ ខែកញ្ញា ឆ្នាំ១៩៦៦ ។[៥]
ការពង្រីកឥទ្ធិពល កុម្មុយនីស្ត
[កែប្រែ]Expansion of communist influence
ក្រោយពេល ប៉ុលពត ទទួលបានការគាំទ្រ ពីសំណាក់ មហាអំណាច សហភាពសូវៀត ចិន និង វៀតណាមខាងជើង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ១៩៦៨ កងទ័ពខ្មែរក្រហម បានបើកការវាយប្រហារចូលកាន់កាប់ ខេត្តសៀមរាប ពីរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ ព្រះនរោត្តមសីហនុ ដោយពួកខ្មែរក្រហម បានយកទីតាំង នៃប្រាសាទសំខាន់ៗរបស់កម្ពុជា ធ្វើជាលានដ្ឋានទ័ពដើម្បីលាក់ខ្លួន ដែលមានន័យថា បើសម្ដេចសីហនុ ចង់កំចាត់កងទ័ពរបស់ពួកខ្មែរក្រហម ដោយការទម្លាក់គ្រាប់បែក នោះប្រាកដណាស់ទ្រង់ត្រូវទម្លាក់គ្រាប់បែកកំទេចប្រាសាទបុរាណរបស់ខ្លួនផងដែរ ហើយវាជារឿងដែលលំបាកសម្រាប់ព្រះអង្គ ក្នុងការតទល់ជាមួយនិងពួកទ័ពព្រៃរបស់ ប៉ុលពត ដែលប្រើយុទ្ធសាស្ត្រយកប្រាសាទបុរាណធ្វើជាចំណាត់ខ្មាំង ដូចជា ប្រាសាទ អង្គរវត្ត និង ប្រាសាទផ្សេងៗទៀត ។ នៅដើមឆ្នាំ 1969 ដោយមើលឃើញថា កងទ័ពវៀតណាមខាងជើង រាប់សែននាក់ បានចូលមកលាក់ខ្លួន ក្នុងទឹកដីភាគខាងជើង របស់កម្ពុជា ដូចនេះ សហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់ប្រធានាធិបតី លោក "រិចឆាត នីកសុន" (Richard Nixon) បានបញ្ជារឱ្យបើកប្របិត្តការទម្លាក់គ្រាប់បែកនៅកម្ពុជា តាមរយៈកងទ័ពជើងអាកាស B-52 ដែលធ្វើឡើង នៅខែមិនា ឆ្នាំ 1969 គ្រាប់បែកដែលធ្លាក់មក មិនសូវរងផលប៉ះពាល់ដល់កងទ័ពវៀតណាមខាងជើង នោះទេ ព្រោះពួកគេបានជីករូងក្រោមដី ដែលមានជម្រៅជ្រៅជាច្រើនសិបម៉ែត្រដើម្បីពួនគេចពីការទម្លាក់គ្រាប់នេះ ផ្ទុយទៅវិញ ប្រជាជនខ្មែរ ដែលមិនមានអ្នកជ្រោមជ្រែង ក្នុងការជីករូងក្រោមដី ដើម្បីគេចចេញពីការទម្លាក់គ្រាប់នេះ គ្រាប់បែកទាំងអស់នេះបានធ្វើឱ្យប្រជាជនខ្មែរ ប្រមាណជា ៥០,០០០ (៥មុឺននាក់) បានបាត់បងជីវិតក្នុងអំឡុងពេលទម្លាក់គ្រាប់នេះ ដូចនេះ ប្រជាជនភាគឦសាន នៃប្រទេសកម្ពុជា បានបង្ករជាការចងគំនុំ ទៅលើសហរដ្ឋអាមេរិក ហើយពួកគេបានចុះចូល និង កងទ័ពរបស់ ប៉ុលពត កាន់តែច្រើនឡើងៗ រហូតបានធ្វើឱ្យចំនួនទ័ពរបស់ ប៉ុលពត កើនឡើងយ៉ាងឆាប់រហ័ស ។ សម្ដេចសីហនុ ដោយមើលឃើញថា ប្រទេសចិន និង មិនលែងដៃក្នុងសង្គ្រាមប្រឆាំងចក្រព័ទ្ធអាមេរិកនោះទេ បើព្រះអង្គ ប្រកាសចុះចូល និង សហរដ្ឋអាមេរិក នោះចិន និង ជួយប៉ុលពត ប្រកាសរដ្ឋស្វ័យភាពភាគជើងភ្លាមៗ ដែលមានន័យថា ប្រទេសកម្ពុជាត្រូវដាច់ជាពីរ ដូចគ្នាទៅនិង ឧបទ្វីបកូរ៉េ ប៉ុលពត ដែលបានកាន់កាប់ បាត់ដំបង សៀមរាប កំពង់ធំ មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង ប្រកាសជា ប្រទេសកម្ពុជា ភាគខាងជើង ជាក់ជាមិនខាន ហើយពេលនោះកម្ពុជាទាំងមូលនិងខាតបង់ច្រើនក្នុងសង្គ្រាមនេះ ដូចនេះហើយ ព្រះនរោត្តម សីហនុ មានតែរៀបចំ សំរេចឱ្យលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទ្រង់ ដើម្បីបោះឆ្នោតដកសេចក្ដីទុកចិត្តទ្រង់ ចេញពីអំណាចសភាប៉ុនណោះ ទើបកម្ពុជាអាចពឹងពាក់ សហរដ្ឋអាមេរិក ដោយបើកចំហបាន ដើម្បីតទល់និងពួកកុម្មុយនីសជាបន្តទៀត ។[៦]
ជ័យជំនះ ដែលមិនបានគ្រោងទុក
[កែប្រែ]Unplanned Victory
ជ័យជំនះ ដែលមិនបានគ្រោងទុក របស់ពួកខ្មែរក្រហម គឺនៅពេលដែល សហរដ្ឋអាមេរិក ប្រកាសដកខ្លួនចេញពីការធ្វើសង្គ្រាមនៅឧបទ្វីបឥណ្ឌូចិន ដែលបានប្រកាសក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ ១៩៧៣ ដែលសភាអាមេរិក តម្រូវឱ្យកងទ័ពអាមេរិកទាំងអស់ ត្រូវដកចេញពីសង្គ្រាមនៅឧបទ្វីបឥណ្ឌូចិន ពេលនោះហើយដែល របបសាធារណៈរដ្ឋខ្មែរ របស់លោក សេនាប្រមុខ លន់ នល់ ត្រូវបាត់បង់ខ្នងបង្អែកយ៉ាងធំនោះគឺ សហរដ្ឋអាមេរិក ចំណែកឯ ព្រះនរោត្តមសីហនុ ដោយមើលឃើញថា មិនយូរមិនឆាប់ របបសាធារណៈរដ្ឋខ្មែរ និង ត្រូវដួលរលំដោយកងទ័ពខ្មែរក្រហម ដោយមាន ចិន សហភាពសូវៀត និង វៀតណាមខាងជើង នៅពីក្រោយ ហើយពិតណាស់ក្រុមប៉ុលពត និង មិនខ្វល់ពីព្រះមហាក្សត្រនោះទេ ឬ ពួកគេអាចរំលាយរាជវង្សស្ដេចថែមទៀតផង ដូចនេះ នៅខែឧសភា ឆ្នាំ ១៩៧៣ ព្រះនរោត្តមសីហនុ បានចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងប៉េកាំង ដើម្បីចរចារជាមួយនិងថ្នាក់ដឹកនាំចិន ដើម្បីឱ្យខាងភាគីចិន ជួយសម្រួលដល់ទ្រង់ ជាមួយនិងពួកខ្មែរក្រហម ដើម្បីឱ្យទ្រង់ទទួលបានតំណែងជាព្រះប្រមុខរដ្ឋ នៅក្នុងគំនិតនយោបាយរបស់ព្រះអង្គ បើសិនជាព្រះអង្គនៅតែអាចដឹកនាំប្រទេស ពិតណាស់ កម្ពុជានិង មានការបង្រួបបង្រួមជាតិឡើងវិញ ក្រោយពេលព្រះនរោត្តមសីហនុ បញ្ចប់ការចរចារ ជាមួយពួកខ្មែរក្រហម ទ្រង់បាន ប្រកាសតាមវិទ្យុប៉េកាំង សូមឱ្យប្រជាជនកម្ពុជា ដែលគោរពស្រលាញ់ដល់ព្រះអង្គ ចូលព្រៃម៉ាគីកាន់អវុធ ដើម្បីយកអំណាចឱ្យព្រះអង្គវិញ ដែលការប្រកាសនេះធ្វើឡើងនៅ ខែកញ្ញា ឆ្នាំ ១៩៧៤ ។ ក្រោយមកកងទ័ពរបស់ពួកខ្មែរក្រហមក៏យកឈ្នះលើរបប សាធារណៈរដ្ឋខ្មែរ របស់លោក សេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ហើយព្រះនរោត្តមសីហនុ ដែលកាន់តំណែងជាព្រះប្រមុខរដ្ឋ ទ្រង់មិនមានអំណាច បញ្ជារលើមេបញ្ជារការកងទ័ព របស់ពួកខ្មែរក្រហមនោះទេ ដែលមានន័យថា ទ្រង់មានតំណែងតែឈ្មោះប៉ុនណោះ ដោយដឹងថា ពួកខ្មែរក្រហម ចាត់ទុកទ្រង់គ្រាន់តែជាឧបករណ៍សម្រាប់ប្រើប្រាស ដូចនេះ ព្រះនរោត្តមសីហនុ ក៏ប្រកាសលាលែងតំណែងចេញពីព្រះប្រមុខរដ្ឋ នាខែមេសា ឆ្នាំ ១៩៧៦ ។[៧] [៨]
សមាជិកបក្សកុម្មុយនីស្តកម្ពុជា
[កែប្រែ]Member of the Communist Party of Kampuchea
សមាជិកបក្សកុម្មុយនីស្តកម្ពុជា និង មុខតំណែងក្នុងរដ្ឋាភិបាល មានដូចជា៖
- ប៉ុលពត (នាយករដ្ឋមន្ត្រី)
- នួនជា (ប្រធានសភា)
- តាម៉ុក (អនុប្រធានសភាទី១)
- ខៀវសំផន (ប្រមុខរដ្ឋ)
- ឈឹមសាមោក (នាយកខុទ្ទកាល័យ)
- អៀងសារី (ក្រសួងការបរទេស)
- សុនសេន (ក្រសួងការពារជាតិ)
- វនវេត (ក្រសួងសេដ្ឋកិច្ច)
- ហូនឹម (ក្រសួងឃោសនាការ)
- អៀងធារិទ្ធ (ក្រសួងសង្គមកិច្ច)
- យុនយ៉ាត (ក្រសួងវប្បធម៌និងអប់រំ)
- ជួនជឿន (ក្រសួងសុខាភិបាល)
- កងចាប (ក្រសួងយុត្តិធម៌)
- ចេងអន (ក្រសួងឧស្សាហកម្ម)
- ណងសួន (ក្រសួងកសិកម្ម)
- កុយធួន (ក្រសួងពាណិជ្ជកម្ម)
- តូចភឿន (ក្រសួងសាធារណៈការ)
- កាំងហ្កិចអ៊ាវ (ប្រធានមន្ទីរឃុំឃាំង ស២១).
សច្ចភាព ប្រវត្តិសាស្ត្រ
[កែប្រែ]Historical facts
មានក្រុមមនុស្សល្ងិតល្ងង់មួយចំនួន តែងតែលើកឡើងថា អ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្ត្រ ការលើកឡើងនេះជាការយល់ឃើញ ដោយមិនឆ្លុះបញ្ចាំងពី សច្ចភាព ប្រវត្តិសាស្ត្រនោះទេ ប្រវត្តិសាស្ត្រពិត ត្រូវបានសរសេរនិង ចងក្រងដោយអ្នកជំនាញ ផ្នែកប្រវត្តិសាស្ត្រពិភពលោក ដែលឈរលើភាពអព្យាក្រឹត ការសរសេរថ្លឹងថ្លែងដោយជញ្ជីងប្រវត្តិសាស្ត្រ ដែលផ្អែកលើទឡ្ហីករណ៍ នៃភស្តុតាងបែបវិទ្យាសាស្ត្រ និង សម្រង់យកពាក្យពេចន៍ របស់ជនរងគ្រោះ ក្នុងចំនួនរាប់សែននាក់ ដែលជាសាក្សីដ៏សំខាន់ ផ្ដល់ជាសេណារីយ៉ូ (Scenario) ក្នុងការផ្គូរផ្គងព្រឹត្តិការណ៍ទាំងអស់នោះឱ្យរៀបរៀងទៅតាមលំដាប់លំដោយ នៃព្រឹត្តិការណ៍ដែលបានកើតឡើងជាក់ស្ដែង ដោយមិនផ្អែកតាមនិន្នាការរបស់ជននយោបាយណាម្នាក់ឡើយ គ្មានជនណាម្នាក់អាចបំភ្លៃប្រវត្តិសាស្ត្រ និង ព្រឹត្តិការណ៍របស់ពិភពលោកបាននោះទេ ។
មានការលើកឡើងដោយពួកល្ងិតល្ងង់មួយចំនួនថា ប៉ុលពត មិនមែនជាអ្នកសម្លាប់ប្រជាជនខ្មែរនោះទេ អ្នកដែលសម្លាប់ប្រជាជនខ្មែរគឺជាជនបរទេស ដែលបង្កប់ខ្លួនក្នុងកម្មាភិបាលខ្មែរក្រហម នេះជាភាពល្ងង់ខ្លៅរបស់អ្នកដែលយល់ឃើញបែបនេះប៉ុនណោះ ។ ក្នុងការគ្រប់គ្រងរបស់ពួកខ្មែរក្រហម ប៉ុលពត បានបង្កើតឱ្យមានការឃ្លាំមើលនិងតាមដានជាសំងាត់ រាល់សកម្មភាព នៃគណៈកម្មាភិបាលរបស់ខ្លួនគ្រប់ជាន់ថ្នាក់ រាប់តាំងពី ឧបនាយករដ្ឋមន្ត្រី រហូតដល់ប្រធានភូមិសហករ ដែលត្រូវបានឃ្លាំមើលដោយកងឈ្លប កងឈ្លបទាំងនេះត្រូវបានចាត់តាំងតាមសេណារីយ៉ូច្បាស់លាស់ ដែលត្រូវបានគេឱ្យឈ្មោះថា "អង្គការភ្នែកម្នាស់" (Pineapple Eye Organization) ហើយប៉ុលពត សុទ្ធតែមានបញ្ជីរាយឈ្មោះតែងតាំង ថ្នាក់ដឹកនាំរបស់ខ្លួនគ្រប់ជាន់ថ្នាក់ យោងតាមទឡ្ហីករណ៍ ពីសំណាក់ប្រជាជនខ្មែរដែលរងគ្រោះនៅទូទាំងប្រទេស ពួកគាត់ជាសាក្សីយ៉ាងសំខាន់ ដែលស្ថិតក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ ពួកគាត់បានបញ្ចាក់យ៉ាងច្បាស់ ពីរបៀបនៃការដឹកនាំរបស់ ប៉ុលពត ដែលសម្លាប់ប្រជាជនខ្មែរជាប្រព័ន្ធ តាមរយៈការចងគុំនុំសុទ្ធសាធ ដោយធ្វើការចោទប្រកាន់ដាក់ទោស ហើយប្រើដៃអ្នកដែលបានចោទថាជាអ្នកទោសនេះ ឱ្យយកប្រជាជាជនខ្មែរទៅសម្លាប់ ក្នុងរូបភាពចោទប្រកាន់ដូចគ្នានេះ ដែលមានន័យថា ប៉ុលពត ខ្ចីដៃប្រជាជនខ្មែរ សម្លាប់ប្រជាជនខ្មែរ គ្រាន់តែដើម្បីការពារនូវអំណាចរបស់ខ្លួន តែប៉ុណោះ ។
សារនយោបាយ
[កែប្រែ]Political message
ប្រជាជនកម្ពុជាគ្រប់រូបតែងតែមានមានៈសិកា ស្នេហាជាតិ ស្រលាញ់ទឹកដី ប៉ុន្តែការស្នេហាជាតិក៏ទាមទារឱ្យមានការត្រិះរិពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនោះដែរ ដែលការស្រលាញ់ជាតិនេះត្រូវបានចាត់ទុកជា ២របៀប ដូចជារបៀបទី១ ការស្រលាញ់ជាតិបែបជ្រុលនិយម និង របៀបទី២ ការស្រលាញ់ជាតិបែបឆ្លាតវ័យ ។
ស្រលាញ់ជាតិបែបជ្រុលនិម គឺមានន័យថា ការគិតយល់ត្រូវចំពោះតែខ្លួនឯង មានន័យថា ការយល់ឃើញថាមានតែខ្លួនឯងម្នាក់គត់ស្រលាញ់ជាតិនិងទឹកដី ហើយមើលឃើញថាអ្នកដ៏ទៃ សុទ្ធតែជាអ្នកមិនស្រលាញ់ជាតិដូចខ្លួន ។ ឈឺចាប់និងអតីតកាលនៃការបាត់បង់ទឹកដី ក៏បង្កើនជាការចងគំនុំក្នុងចិត្តកាន់តែច្រើនឡើងៗ ដោយមិនខ្វល់ពីព្រឹត្តិការណ៍នៃការបាត់បង់ទឹកដីនោះ ដោយមូលហេតុអ្វី ឬ ដោយរបៀបណានោះទេ ។ ការចងគំនុំគុំគួនទៅលើជាតិសាសន៍ដ៏ទៃ ដោយគ្មានការត្រិះរិះពិចារណា ឧទាហរណ៍: ថ្នាក់ដឹកនាំប្រទេសមួយ មានគោលគំនិតវៀតទីពង្រីកទឹកដី តាមគោលនយោបាយនៃមហិច្ឆិតារបស់ខ្លួន ថ្នាក់ដឹកនាំជាអ្នកបញ្ជារលើស្ថាប័នកងទ័ពគួរបើកការឈ្លានពានទៅលើប្រទេសនោះឬ ទេ ? ឬ ក៏ទៅវាយឈ្លានពានទឹកដីលើជាតិសាសន៍នោះ ឬ ទេ ? ដូចនេះវាអាស្រ័យលើគោលគំនិតរបស់បុគ្គលជាថ្នាក់ដឹកនាំនោះប៉ុនណោះ ហើយពេលខ្លះវាមិនពាក់ព័ន្ធ និង គោលគំនិតរបស់ប្រជាជនទូទៅ នៃជាតិសាសន៍នោះទេ ។ ប៉ុន្តែបុគ្គលជាតិនិយមជ្រុល តែងតែផ្សារជាប់ការចងគំនុំអំពីរឿងទឹកដីទៅលើប្រជាជននៃជាតិសាសន៍ដ៏ទៃទៅវិញ ពួកគេ គួរតែពិចារណាទៅធៀបនិងបុគ្គលដែលជាថ្នាក់ដឹកនាំវិញ ល្អជាជាងចងគំនុំមកលើប្រជាជននៃជាតិសាសន៍មួយ ដោយធ្វើការត្មិះដៀល និង រើសអើងជាតិសាសន៍ ដែលផ្ទុយពីមូលហេតុចម្បង ដែលកើតចេញពីគោលគំនិតរបស់បុគ្គលសុទ្ធសាធ ។ ឧទាហរណ៍: ស្ដេចយួន ឬ ថ្នាក់ដឹកនាំប្រទេសយួន មានគោលគំនិតវាតទីពង្រីកទឹកដី ដោយលើកទ័ពច្បាំងយកទឹកដីខ្មែរ ដូចនេះវាជាគោលគំនិតរបស់បុគ្គលដែលជាថ្នាក់ដឹកនាំ មិនពាក់ព័ន្ធនិង គោលគំនិតរបស់ប្រជាជននោះទេ ជាការពិតណាស់ គ្មានប្រជាជនក្នុងលោកណា ចង់ធ្វើសង្គ្រាមកាប់សម្លាប់គ្នានោះទេ ប្រជាជនគ្រប់ជាតិសាសន៍គ្រាន់តែចង់បានការរស់នៅដោយភាពស្ងប់សុខ ប៉ុនណោះ ដោយការរស់នៅក្នុងប្រទេសខ្លួនពេលខ្លះមានការលំបាករឿងជីវភាព ពេលខ្លះលំបាកផ្លូវចិត្ត ការរស់នៅកាន់តែលំបាកវេទនាពេក ក៏សម្រេចចិត្តប្រថុយទៅរស់នៅប្រទេសដ៏ទៃ បង្កើតបានជាលំហូរជនអន្តោរប្រវេសន៍ ឬ ជន់ចំណាកស្រុក ដោយឆ្លាសគ្នានៃការរស់នៅទៅវិញទៅមកនៅទូទាំងពិភពលោក ។ ការស្រលាញ់ជាតិបែបជ្រុលនិយមនេះហើយ បង្កើតឱ្យមានការស្អប់គុំគួនចងគំនុំរវាងជាតិសាសន៍មួយ និង ជាតិសាសន៍មួយ ដែលត្រូវបានចាត់ទុកថាជាការស្រលាញ់ជាតិបែបល្ងង់ខ្លៅ ដើរចាក់រុកប្រជាជនខ្មែរឱ្យស្អប់គុំគួនប្រជាជនយួន ក៏កើតទៅជាសង្គ្រាមនៅថ្ងៃអនាគត យួន និង ខ្មែរកាប់សម្លាប់គ្នា ស្លាប់ទាំងសងខាង អ្នកចាក់រុករត់ចោលស្រុកទៅរស់នៅប្រទេស ថៃ ឬ រត់ទៅរស់នៅលោកខាងលិចយ៉ាងសុខសាន្ត អ្នករងគ្រោះគឺប្រជាជនខ្មែរ ដែលមានសង្គ្រាមមិនចេះចប់ ។
ស្រលាញ់ជាតិបែបឆ្លាតវ័យ គឺមានន័យថា ស្រលាញ់ជាតិ ដោយការត្រិះរិះពិចារណាបានគ្រប់ជ្រុងជ្រោយ ដោយមានន័យថា ការយល់ថា ខ្លួនរបស់យើងស្រលាញ់ជាតិ ហើយយើងយល់ថាអ្នកដ៏ទៃក៏ស្រលាញ់ជាតិដូចយើងផងដែរ គ្រាន់តែមានពេលខ្លះពួកគេមិនបញ្ចេញសកម្មភាព ឬ ពាក្យសម្ដីចេញមកក្រៅ ប៉ុនណោះ ។ ឧទាហរណ៍: ប្រទេសដ៍ទៃមកឈ្លានពានទឹកដីប្រទេសយើងហើយ អ្នកខ្លះជួយជាកម្លាំងផ្ទាល់តាមរយៈការចូលរួមបម្រើកងទ័ព អ្នកខ្លះមិនជួយជាកម្លាំង តែជួយជាទឹកចិត្តតាមរយៈការជួយជាថវិកា ឬ ឧប្ថម្ភស្បៀងអាហារផ្សេងៗ ។ ការស្រលាញ់ជាតិ ក្នុងរូបភាពផ្សេងៗទៀត ដូចជាៈ ជួយសង្គមតាមរយៈ អំពើមនុស្សធម៌ ដាំដើមឈើ សាងសង់ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ល-។ សុទ្ធតែជាគោលគំនិតនៃការស្រលាញ់ជាតិគ្រាន់តែវាមានរូបភាពផ្សេងគ្នាប៉ុនណោះ ។ ការមិនត្មិះដៀលជាតិសាសន៍ដទៃ ដោយមិនមានមូលហេតុ ការមិនរើសអើងជាតិសាសន៍ក្នុងសង្គម សុទ្ធតែជាគោលគំនិតនៃការស្រលាញ់ជាតិបែបឆ្លាតវ័យ ឧទាហរណ៍: ជនជាតិយួនអន្តោរប្រវេសន៍ដែលមករស់នៅកម្ពុជា អ្នកខ្លះការរស់នៅប្រទេសរបស់ខ្លួនលំបាកពេក ក៏មករស់នៅប្រទេសកម្ពុជា អ្នកខ្លះក៏រកសុីមានបាន អ្នកខ្លះក៏ រៀនភាសាខ្មែរ រៀនរបាំខ្មែរ យកប្ដី ឬ ប្រពន្ធខ្មែរ ចូលសញ្ជាតិខ្មេរ ចូលបម្រើវិស័យផ្សេងៗក្នុងសង្គមខ្មែរ មិនថាការលក់ដូរ បម្រើកាងារក្នុងស្ថាប័នរដ្ឋ សុទ្ធតែធ្វើឱ្យកម្ពុជារីកចម្រើនទាំងអស់ អ្នកខ្លះមករស់នៅច្រើនឆ្នាំ ចាត់ទុកកម្ពុជាជាផ្ទះកំណើតទី២ របស់ពួកគេដូចគ្នា ប្រជាជនសាសន៍ណាក៏មានមនុស្សល្អ និង មនុស្សអាក្រក់ដែរ បើពួកគេមកមិនល្អ បង្ករភាពវឹកវរដល់សង្គម កម្ពុជាគឺមានច្បាប់ មានមន្ត្រីប៉ូលិសអាជ្ញាធរជាអ្នកដោះស្រាយហើយ យើងមិនគួរទៅចងគំនុំគុំគួន រើសអើងជាតិសាសន៍នោះទេ នោះប្រទេសនិងអន្តរាយ ដោយការគិតបែបល្ងិតល្ងង់ទាំងអស់នេះ ដូចគ្នាទៅនិងការគិតបែបល្ងង់ខ្លៅ របស់ ប៉ុលពត ដែលអាចនាំឱ្យកម្ពុជាអន្តរាយម្ដងហើយម្ដងទៀតផងដែរ ។
សេចក្ដីប្រតិកម្ម
[កែប្រែ]មួយរយៈនេះតាមការស្រាវជ្រាវ របស់ក្រុមបុរាណាចារ្យ មាន ជនជាតិថៃ មួយចំនួន បានកាត់តរូបភាព ប៉ុលពត ជាមួយនិង រូបលោក Elun Musk ដែលជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន SpaceX ដាក់បញ្ចូលគ្នាធ្វើជារូបភាពសើច ប្រមាថមាក់ងាយ ភាពឈឺចាប់ដល់ពលរដ្ឋកម្ពុជា មិនត្រឹមតែប៉ុនណោះ ជនជាតិថៃ មួយចំនួននោះ បានកាត់ត បទចម្រៀង ទន្សាយកំពូល៥ របស់អ្នកចម្រៀងខ្មែរសុរិន្ទ ក្នុងឆ្នាំ 1972 ដែលចម្លងចេញពីបទ មើលសត្វទីទុយ របស់លោក ស៊ីន ស៊ីសាមុត ដាក់បញ្ចូលខ្លឹមសាររូបភាពរបស់ ប៉ុលពត ក្នុងចេទនាមើលងាយ មើលថោក បង្កើតសេចក្ដីឈឺចាប់ដល់ប្រជាជនខ្មែរ ហើយយុវជនខ្មែរល្ងិតល្ងង់មួយចំនួនបានបន្តចាញ់បោក និងធ្វើសកម្មភាពគាំទ្រដល់ Video កាត់តទាំងនេះ ដូចនេះហើយ ក្រុមបុរាណាចារ្យ សូមអំពាវនាវ ឱ្យប្អូនៗកូនក្មួយ ត្រូវបញ្ឈប់សកម្មភាពដ៏ឆ្គួតលីលានេះជាបន្ទាន់ ដើម្បីលើកកម្ពស់ក្រមសីលធម៌ និង សេចក្ដីថ្លៃថ្នូរ ក្នុងសង្គមកម្ពុជា ។
មើលផងដែរ
[កែប្រែ]See also
ឯកសារយោង
[កែប្រែ]- ↑ Jack Anderson, Bill Pronzini (1981) The Cambodia File, Publisher: Doubleday, Original from the University of Michigan p.431 ISBN: 0385149840, 9780385149846
- ↑ Samuel Totten, William S. Parsons, Israel W. Charny (2004) Century of Genocide: Critical Essays and Eyewitness Accounts, Publisher: Psychology Press p.507 ISBN: 0415944309, 9780415944304
- ↑ David P Chandler (1999) Brother Number One: A Political Biography Of Pol Pot, Publisher: Avalon Publishing p.280 ISBN: 0813346355, 9780813346359
- ↑ Daniel Chirot (1996) Modern Tyrants: The Power and Prevalence of Evil in Our Age, Édition: illustrée, réimprimée, révisée, Publisher: Princeton University Press p.496 ISBN: 0691027773, 9780691027777
- ↑ Elizabeth Becker (1986) When the War was Over: The Voices of Cambodia's Revolution and Its People, Publisher: Simon and Schuster p.502 ISBN: 0671417878, 9780671417871
- ↑ Ben Kiernan (1985) How Pol Pot Came to Power: A History of Communism in Kampuchea, 1930-1975, Publisher: Verso, Original from the University of Michigan p.430 ISBN: 0860910970, 9780860910978
- ↑ United States. Department of the Army (1979) The Department of the Army Manual, Publisher: [Department of Defense], Department of the Army p.220
- ↑ Arindam Sen Gupta (1984) The Survivors, Kampuchea, 1984, Publisher: Patriot Publishers, Original from the University of Michigan p.132