ប្រជាមតិជាតិសិង្ហបុរីឆ្នាំ១៩៦២

ពីវិគីភីឌា

ប្រជាមតិជាតិសិង្ហបុរីឆ្នាំ១៩៦២ ជាប្រជាមតិដំបូងគេបំផុតនៅសិង្ហបុរី ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១ កញ្ញា ១៩៦២ ដើម្បីសំរេចពីការបញ្ជូលសិង្ហបុរីទៅក្នុងប្រទេសម៉ាឡេស៊ី។ ប្រជាជនត្រូវបានគេផ្ដល់នូវ៣ជំរើស ដែលក្នុងនោះមិនមានជំរើសប្រឆាំងការបញ្ជូលនេះទេ។

  • ជំរើសទី១ ៖ ពលរដ្ឋសិង្ហបុរីទាំងអស់​នឹងក្លាយជាពលរដ្ឋម៉ាឡេស៊ីដោយស្វ័យប្រវត្តិ ហើយសិង្ហបុរីនឹងនៅតែមានស្វ័យភាពនិងអំនាចជារដ្ឋមួយលើបញ្ហាពលកម្មការងារ​និងការអប់រំ។ សិង្ហបុរីនឹងនៅតែរក្សាគោលនយោបាយស្ដីពីភាសារបស់ខ្លួន ដោយទុកអោយមានការប្រើភាសាទាំង៤ដដែល (ភាសាអង់គ្លេស ភាសាចិន ភាសាម៉ាឡេ និង ភាសាតាមិល)
  • ជំរើសទី២ ៖ សិង្ហបុរីនឹងក្លាយជារដ្ឋសហព័ន្ឋ​មួយដូចរដ្ឋ១១ផ្សេងទៀតដែរ ដោយគ្មានស្វ័យភាពជាងរដ្ឋដទៃទៀតទេ។ ហេតុនេះសិង្ហបុរីត្រូវបោះបង់​អំនាចដឹកនាំលើគោលនយោបាយពលកម្មការងារ​និងការអប់រំ​ទៅអោយរដ្ឋាភិបាលសហព័ន្ឋ​នៅកូឡាឡាំពួរ។ នេះមានន័យផងដែរថា​ នឹងមានការប្រើប្រាស់តែភាសាអង់គ្លេស​និងភាសាម៉ាឡេ​ ក្នុងការងារផ្លូវការផ្សេងៗ​​ និងការអប់រំផងដែរ។ មានតែអ្នកដែលកើតនៅសិង្ហបុរី​និងកូនចៅរបស់អ្នកទាំងនោះទេ​ដែលអាចក្លាយជាពលរដ្ឋម៉ាឡេស៊ី។ ចំនួនប្រជាជនទាំងនេះនឹង​សំរេចពីភាគរយ​តំណាងសិង្ហបុរីនៅសភា។
  • ជំរើសទី៣ ៖ សិង្ហបុរីនឹងចូល​ក្នុងលក្ខខណ្ឌអនុគ្រោះមិនតិចជាងដែនដីបរនេអូ (សាបា និង សារ៉ាវ៉ាក់)ដែលកំពុងពិភាក្សាពីការបញ្ជូលខ្លួននេះដែរ។ ការណ៍នេះដើម្បី​អោយម៉ាឡេស៊ី​មិនមានការរើសអើងពីពូជសាសន៍។

ជំរើសទី១ បានទទួលសំលេងគាំទ្រច្រើនជាងគេ (៧៣%)។

យោងតាមការធ្វើប្រជាមតិនេះ សិង្ហបុរីបានរំលាយខ្លួនចូលទៅក្នុងសហព័ន្ឋម៉ាឡេស៊ី​នៅថ្ងៃទី ១៦ កញ្ញា ១៩៦៣។