ភ្នំបាយ៉ង

ពីវិគីភីឌា

ភ្នំ​បាយ៉ង​ស្ថិត​នៅ​ក្នុង​ភូមិ​ពោធិរោង ឃុំ​ព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ មានចំងាយ ១២១ គ.ម ពី​ក្រុងភ្នំពេញ​។ គេអាច​ទៅ​ដល់​ទីនោះ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ២​ កាត់​ស្រុកបាទី ស្រុកសំរោង ស្រុកដូនកែវ និង ស្រុកទ្រាំង ។ បើ​ធ្វើដំណើរ​ចេញពី​ទីរួមខេត្តតាកែវមានចំងាយ ៤៣គីឡួម៉ែត្រ នៅ​ប៉ែក​ខាងត្បូង​។

ប្រាសាទបាយ៉ង​ស្ថាបនាឡើងនៅលើ​កំពូល​ភ្នំបាយ៉ង​មានកំពស់ ៣១៣​ម៉ែត្រ និង មាន​ជណ្តើរ​បី ចំនួន ៩០កាំ​។ ប្រាសាទ​នេះ​កសាងឡើង​ក្នុង​សតវត្សទី៧ ពីឆ្នាំ​៦១៥-៦៣៥ ដោយ​ព្រះបាទ​ភវវរ្ម័នទី២​។​ ប្រាសាទនេះស្ថាបនាឡើង​អំពី​ថ្មបាយក្រៀម ​ឥដ្ឋ និង ថ្មស៊ីស្ត ថ្មស្រទាប់ ដែលមានបណ្តោយ ១៣ម៉ែត្រ ទទឹង ៩ម៉ែត្រ និង កំពស់ ១២​ម៉ែត្រ​។ បច្ចុប្បន្ន​ប្រាសាទនេះ​ត្រូវ​បាន​បាក់​បែក​ខូច​ខាត​យ៉ាង​ខ្លាំង បំណែក​ទាំង​ឡាយ​ត្រូវ​នៅ​រាយ​ប៉ាយ​ពេញ​ដី ផ្ទៃកំពូល​ប្រាសាទ​មាន​ធ្លាក់មកដី​ រីឯ​របង​ធ្វើ​អំពី​ថ្ម​បាយ​ក្រៀម​ត្រូវ​ខូច​ខាត​បាក់បែក​អស់​ដែរ។

ក្រៅពី​ប្រាសាទបាយ៉ង​នៅលើ​ភ្នំបាយ៉ង​មាន​ប្រាសាទ​ ៤​ទៀត​នៅ​ក្បែរ​នោះ រួម​មាន​ប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និង ប្រាសាទកំពូលកាណង់ ដែលត្រូវបាន​ស្ថាបនា​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ពីព្រោះ​នៅ​ចំកណ្តាល​ប្រាសាទ​មានតំកល់​លិង្គព្រះឥសូរ ក្នុង​សម័យកាល​សាងសង់​ប្រាសាទនោះ។