រឿងមហាចោរនៅទល់ដែនវគ្គទី៧៖បាត់កូន

ពីវិគីភីឌា

នាងទេវី និង នាងភួងបានបីបាច់រក្សាកូនស្រីយ៉ាងហ្មត់ចត់ ។ នាងទាំងពីរបានដាក់ឈ្មោះកុមារីថា បទុម ។ រាល់ថ្ងៃ នាងទេវីឱបក្រសោបនាងបទុមជាប់នៅនឹងដើមទ្រូង។ ធីតាពុំឲ្យបុត្រីកំព្រានេះយំមួយវ៉ាសបានឡើយ។ នាងតែងបំពេកែវជាបុត្រីឲ្យគេងលក់ស្កប់ស្កល់រាល់ថ្ងៃ ដោយបានបំបៅស្រីឲ្យបានឆ្អែតឆ្អល់ជានិច្ច។ នាងតែងបបោសអង្អែលកូន ក្រែងមានសត្វស្រមោចសង្អាខាំ។ នាងថើបស្រី ជាបុត្រភ្ងា។

ជីវិតនាង និង ជីវិតកុមារី រួមចូលគ្នាជាធ្លុងមួយដែលវេញគ្នាយ៉ាងត្របាញ់អស្ចារ្យ ។ បុត្រីនេះជាព្រលឹងរបស់ធីតា ។ ក្នុងរូបដ៏តូចច្រឡឹងនេះទេវីហាក់ឃើញជីវិតនាងបន្ដសង្ខារទៅមុខទៀត។ បុត្រីនេះហើយ ជាថ្នាំទិព្វមួយដែលរំលាយទុក្ខ បំភ្លេចសេចក្ដីព្រួយរបស់នាង រួចធ្វើឲ្យរស់រៀងតទៅ។ កុមារីចេះញញឹមយ៉ាងស្រស់ប្រិមប្រិយហើយ។ កែវចេះឆ្លើយឆ្លងបន្ដិចៗ នឹងនាងដែលជាហេតុរឹតតែឲ្យនាងស្រលាញ់ថែមទៀត។ ឱ ! សេចក្ដីស្នេហានៃមាតាចំពោះបុត្រ គ្មានវត្ថុក្នុងនាលោកនេះអាចប្រៀបធៀបបានឡើយ។ តាំងពីបានបុត្រីកំសត់នេះមក នាងទេវីកើតទុក្ខតែនាងសប្បាយយ៉ាងអនេក ។ នាងកើតទុក្ខក្នុងសង្គម ព្រោះនាងព្រាត់ប្រាស់ឪពុក ព្រាត់ប្រាស់ប្ដីសម្លាញ់ ។ ម្យ៉ាងទៀត ព្រោះកាមាជាមនុស្សបានមកយាយីដល់រូបនាងរាល់ពេលវេលា រហូតដល់បណ្ដេញនាងឲ្យចេញពីភូមិឋានផ្ទះសំបែង។ នាងសប្បាយ សប្បាយព្រោះក្នុងសង្គមដដែលនេះ អរុណមួយថ្មីរះក្នុងជីវិតនាង គឺនាងបទុមតែមួយនេះ។

មែននាងសប្បាយមែន សប្បាយប្រហែលលើសអស់មាតាទាំងពួង។ ណាមួយកុមារីប្រកបដោយសុខភាពបរិបូណ៍ មានសំណើចស្រស់ចិញ្ចាច មានសាច់សស្អាត មានសម្ដីរអាក់រអួលបន្ដិចផង គួរជាទីស្នេហាប្រាកដ។ បទុមបានមួយខែហើយ។ ថ្ងៃនេះនាងទេវីបំបៅបុត្រី ។ នាងដាក់កូនទៅក្នុងអង្រឹង រួចមាតាកម្សត់ដេកយោលកូនដែលលក់ស្កប់ស្កល់។ មិនយូរប៉ុន្មាន នារីជាមាតាក៏លង់លក់ទៅជាមួយកូនដែរ។ ស្រីយល់សប្ដិឃើញមានន្ទជាប្ដីនាងមកឱបក្រសោបនាង។ ធីតាយំដាយរឮកប្ដីខ្លាំងពេក។ ទេវីលង់លក់ក្នុងដំណេក។ លុះដល់នាងភ្ញាក់ដឹងខ្លួនឡើង ព្រះសុរិយាជ្រៀងជ្រេណាស់ទៅហើយ។ នាងទាញអង្រឹងយោលបទុមជាបុត្រី ។ តែ ! អ្វីក៏ដូច្នាះ ? អង្រឹងទ្រង់ស្រាលស្ងើក។ ឆវីក្រោកឡើងដូចគេកន្ដ្រាក់។ បាត់បុត្រីទៅណាហើយកែវកូនអើយ។ កែវល្អស្ទុះចេញទៅក្រៅស្រែកហៅមីងភួង តែខាងក្រៅស្ងាត់ឈឹង ។ យាយភួងទៅផ្សារពុំទាន់មកផង។ នាងនឹកថា ប្រហែលយាយភួងមកលើកកូនយកទៅមុជទឹកឯស្ទឹងហើយ ។ ស្រីរត់ទៅរកស្ទឹង តែគ្មានឃើញអ្វីសោះ។ នាងសួរអ្នកឯទៀតដែលនាងជួបប្រទះថា «ឃើញអ្នកណាមកយកកូនខ្ញុំទេ ?» គេឆ្លើយថា «ទេ ! . . . យ៉ាងណាដូច្នោះ ?»។ ទេវីកំសត់ពន្យល់ប្រាប់គេវិញពុំទាន់ចប់ផង នាងរត់ទៅសួរអ្នកជិតខាងទៀត។ នារីឆ្លេឆ្លា បីដូចមេមាន់រកពង។ មុខនាងឡើងស្លាំងត្បិតអ្នកទាំងពួងឆ្លើយមកនាងវិញតែពាក្យដដែល។ មិនយូរប៉ុន្មានមនុស្សក្នុងភូមិជួយឆោឡោរកបុត្រីរបស់នាងទេវី ។ នាងភួងមកដល់ទៀត ក៏ជួយរកទៀត។ ទឹកភ្នែកហូរសស្រាក់ នាងទេវីស្រែកទ្រហោយំថា៖

  • ឱ ! ម្ចាស់ថ្ងៃអើយ លោកអ្នកណាយកកូនខ្ញុំទៅ ? ខ្ញុំលង់ដំណេកភ្ញាក់ឡើងស្រាប់តែបាត់កូន។ ឱ! អ្នកណានោះអីក៏ចិត្ដអាក្រក់ម៉្លេះ ? លួចអីមិនលួច ៗកូនខ្ញុំ។ កូនទើបបានមួយខែ ថ្ងៃនេះផង។ ឱ ! តើនាងបានអីបៅ តើគេយកថ្លៃទៅសម្លាប់ចោលរឺអ្វី ? ។ កូន ៗ ! ទើបបានឃើញពន្លឺព្រះអាទិត្យមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែវិនាសទៅវិញ។ នាងពុំទាន់ចេះនិយាយ ចេះគិតគូរផង ស្រាប់តែបាត់ទៅ។ ឱ ! លោកអ្នកអើយជួយកូនខ្ញុំផង ខ្ញុំស្លាប់ក្នុងពេលនេះជាប្រាកដហើយ ។ ពូមីងអើយ ! ជួយយោងជីវិតខ្ញុំផង។ ខ្ញុំគ្មានទ្រព្យធនអ្វីទេ។ ខ្ញុំមានតែកូនមួយនេះ។

នាងទេវីដើរបណ្ដើរ យំបណ្ដើរ ពីផ្ទះមួយទៅផ្ទះមួយ រៀបរាប់សព្វគ្រប់ ។ អ្នកផងដែលស្ដាប់ក៏ជួយយំផងគ្រប់ៗគ្នា។ រាត្រីក៏ដណ្ដប់ពិភពលោកធ្វើឲ្យងងឹតស្លុង ។ នាងទេវីរឹងរឹតតែខ្លោចផ្សាទៅទៀត ។ នាងដើរពេញភូមិសួរគេ។ ដោយពុំឃើញ នាងដើរទៅដល់ព្រៃក្រោយផ្ទះ ត្រចៀកប្រុងស្ដាប់ក្រែងឮសូរមាត់កូនយំ ។ ស្រីអុជចន្លុះដើរឆួលក្រោមគុម្ពផ្កា តាមគៀនរបង តាមរូងរន្ធផ្សេងៗ ក្រែងអ្នកណាយកកូននាងទៅលាក់នៅទីនោះ។ ធីតាយកឈើមួយកំណាត់ដើរវែកព្រៃល្បោះទាំងពួង ដើម្បីឲ្យកូននាងភ្ញាក់ឡើង យំឡើង ឲ្យនាងឮសូរសម្លេង នឹងអាលនាងបានរត់ទៅលើកឱបកូននោះមកវិញ។ កល្យាណបានយកចែវច្រវាទៅកូរក្នុងដងស្ទឹងក្រែងអ្នកណា យកកូននាងទៅចោលក្នុងទឹក។ នាងលួចសំលឹងដីណាថ្មីៗ ក្រែងគេកប់កូននាង។ លុះដល់កូនដំបូកណាមួយ ធីតាឡើងលើដំបូកនោះក្រែងបានឮសូរ រឺ បានឃើញកូននាង។ កន្លែងត្រង់ណាខ្មៅស្រទំគួរសង្ស័យ នាងរុកចូលទៅខំកកាយ ញែកវែករកបទុមកូនសម្លាញ់។

រាត្រីកន្លងទៅ បុត្រីនាងនៅតែបាត់ដដែល។ ថ្ងៃមួយមកជំនួសរាត្រីសង្វេគនេះទៀត ស្រីនៅតែដើររកកូននាង ទឹកភ្នែកដែលហូរ ឈប់ហូរអស់រលីងនៅតែទឹកចិត្ដទេដែលហូរតទៅទៀត។ ថ្ងៃមួយទៀតកន្លងមក ពីរថ្ងៃទៀតកន្លងមក គ្មានលេចឮដំណឹងអ្វីមួយពីបុត្រសង្សារនាងសោះ ឱ ! ស្ងាត់អ្វីក៏ស្ងាត់ម៉្លេះ ។ នាងទេវីអស់សង្ឃឹម។ នាងពុំដេកពួនសោះ។ ដោយអស់កំលាំងខ្លាំងពេក មាតាទុគ៌តចូលទម្រេតខ្លួនលើគ្រែប្របនាងភួងដែលអស់កំលាំងដូចគ្នា។ កាលនាងនឹកដល់បុត្រី នាងឃើញមុខស្រីកល្យាណនៅតែនឹងភ្នែក មុខមូលក្រលង់ញញឹមស្រល់ ។ ស្រីមើលទៅឆ្វេង ស្រមៃឃើញកូនកម្សត់មើលទៅខាងស្ដាំឃើញរូបកូន មើលលើតុហាក់ឃើញកូន មើលគ្រប់ទិសឃើញកូនដរាប។ រូបកូនបែងចែកគ្រប់ទិសានុទិស។ ធីតាឈោងដៃចាប់ កូនថយទៅ។ នាងដើរតាម កូនថយទៅទៀត។ នាងថយមកវិញ កូនដើរតាមមក ។ ស្រីអង្គុយសំពះឲ្យកូន នៅស្ងៀមមួយកន្លែង រួចសើចគ្រហាញមករកនាងវិញ។ ឱ ! រកាំក្នុងចិត្ដអ្វីម៉្លេះទេ ធីតារមួលអស់ទាំងខ្លួន។ ទេវីជិតតែនឹងទៅជាឆ្កួតទៅហើយ។ កែវរលក្ខណ៍ដើរមួយៗ ទៅយកកាំបិតស្នៀតមកកាន់ថើបអាវុធពីក្រៅស្រោម ឱបអាវុធជាប់នឹងទ្រូង សើចដាក់អាវុធ រួចនាងយំដាក់អាវុធ រួចទឹកភ្នែកស្រក់តក់ៗ។ មួយៗ នាងហូតកាំបិតចេញពីស្រោម ។ នាងយកមេដៃស្ទាបមុខកាំបិត ។ នាងមើលចុងកាំបិត។ ឱ ! កាំបិទមុត ៗ មែនចុងស្រួច។ ស្រីកម្សត់និយាយតិចៗថា៖

  • ថ្ងៃនេះ ខ្ញុំផុតអស់ទុក្ខហើយ ។ កាំបិតនេះហើយជាមិត្ដ ជាទីអវសានរបស់ខ្ញុំ។ កាំបិតនេះជាថ្នាំដែលស្រាយចំណងខ្ញុំឲ្យមានសេរីភាពពិតៗ ក្នុងវដ្ដសង្សារ ។ ជីវិតមនុស្សហាក់វេទនាណាស់ មានតែទុក្ខ គ្មានសុខមែន ! !

ធីតានឹកទៀតថា តើរស់នៅធ្វើអ្វី បើចិត្ដ បើថ្លើមស្លាប់អស់ទៅហើយ។ ទេវីថើបចុងកាំបិទហាក់ដូចស្រលាញ់ណាស់។ នាងយកដៃបេះឡេវអាវ រួចមើលទៅចុងដង្ហើមខ្លួន។ នាងយកចង្អុលដៃចុច ៗចុងដង្ហើមនាងនេះ ដើម្បីរកមើលកន្លែងដែលចុងកាំបិតត្រូវលូកចូលទៅ។ កញ្ញាលុតជង្គង់សំពះដល់ទេវតា សុំកុំឲ្យយកទោសនាង ៗនឹងសម្លាប់ខ្លួនក្នុងពេលនេះហើយ ។ ចុងកាំបិតក៏ចុចលើចុងដង្ហើមគ្មានបង្អង់។ ស្រីប្រាថ្នាថា កើតជាតិនានា កុំឲ្យមានទុក្ខដូចជាតិនេះទៀត។ កាំបិតស្នៀតរុញទៅមុខ ស្រាប់តែអ្នកស្រុកម្នាក់ស្ទុះចូលមកពីក្រោយនាង ស្រែកយ៉ាងរីករាយថា៖

  • ខ្ញុំទើបបានដំណឹងមួយថា លោកមេទ័ពមានន្ទពុំទាន់ស្លាប់ទេ នាងទេវីលួចលាក់កាំបិទដ៏មុតថ្លានោះ សៀតនៅចង្កេះបង្កប់ក្នុងអាវដែលនាងបិទឡេវវិញយ៉ាងស្រួលបួល។ កែវបែរយ៉ាងស្ងួតមករកពូនោះ៖
  • ពូដឹងពីណាមក ?
  • យី ! អាសូរវាមកដល់ហើយ។

នាងហាក់បានកើតម្ដងទៀត ។ នាងសើចទាំងទឹកភ្នែក។

  • កាលណាបានបងមកដល់ ?
  • អាសូរវាថា បីថ្ងៃទៀត។
  • ម្ដេចបងមិនមកថ្ងៃនេះ ?
  • ថាចាំរៀបទ័ពហែក្បួនឲ្យបានសង្ហាបន្ដិច។
  • ខ្ញុំត្រេកអរណាស់ពូ ! ឱ ! ពូអើយខ្ញុំផុតអស់ទុក្ខហើយ ប្អូនសូម . . . ឱ ! ពូអញ្ជើញទៅវិញហើយ ?
  • បាទ ! ហេតុតែសំណាងនាង។
  • ច៎ាះ ! អរគុណពូណាស់ អញ្ជើញចុះ។

នាងទេវី រីករាយយ៉ាងក្រៃលែងនឹងដំណឹងនេះ។ នាងរត់ទៅប្រាប់នាងភួង ដែលអរ កខិបកខុប ។ នាងទៅមុជទឹកលុបលាងកាយ ដុសសាប៊ូ លាបល្មៀតយ៉ាងស្អាត។ បើជនណាដែលពុំស្គាល់នាង មុខជាចាត់ថានាងនៅក្រមុំមិនខាន។ ចំនួនយូរខែមកហើយ នាងពុំដែលតុបតែងខ្លួនសោះ។ ទើបតែថ្ងៃនេះនាងហៅយាយភួងសិតសក់នាង ឲ្យជួយលាបម្សៅនាង។ ឆវីញញឹមដោយឃើញថា នាងនៅតែល្អស្រស់ដដែល។ សំណើចនាងធ្វើឲ្យឃើញធ្មេញសស្គុស។ ធីតាពាក់អាវល្អ សំពត់ល្អ។ នាងបេះផ្កាមកចងជាបូដាក់លើសក់ នាងប្រុងខ្លួនចាំទទួលប្ដី ប្ដីដែលនាងនឹកជាយូរមកហើយ ប្ដីដែលជាគូកម្សត់ព្រាត់យូរថ្ងៃខែមកហើយ ប្ដីដែលស្រលាញ់នាងវិញយ៉ាងពេញចិត្ដ។

មាណវីនឹកថា ត្រូវនាងតុបតែងខ្លួន កុំឲ្យធុំឆ្អេះឆ្អាបទៅលើប្ដីដែលរឮកនាងដែរ។ ឱ ! បីថ្ងៃទៀត មុខជានាងបាននិត្យនៅជាប់នឹងដើមទ្រូងប្រុសសម្លាញ់នេះហើយ គឺនឹងបាននិយាយរៀបរាប់ប្រាប់ទុក្ខនាង ប្រាប់ការកំព្រាដែលនាងបានឆ្លងរួចមក ប្រាប់អំពីកំនើតបុត្រី ប្រាប់អំពីបុត្រី។ មកដល់ត្រង់នេះ នាងទេវីហូរទឹកភ្នែករហាមវិញ។ សេចក្ដីសប្បាយទាំងប៉ុន្មានរត់ចេញអស់ពីចិត្ដនាង។ សេចក្ដីរីករាយរបស់នាងហាក់របេះមួយម្ដងៗ ធ្លាក់ទៅក្នុងរណ្ដៅជ្រៅមួយ។ ស្រីនឹកថា បើបុត្រីជាទីស្នេហានៅម៉្លេះ សមនឹងបានពបុត្រីនេះទៅបង្ហាញប្ដី ឲ្យប្ដីថើបបុត្រនេះផង។ តែឥឡូវ ដៃនាងទទេ ។ នាងហាក់ស្រាលខ្លួនស្ងើក។ ក្នុងពេញមួយថ្ងៃនេះ ធីតាប្រឹងរៀបចំផ្ទះសម្បែង បោសសំអាត ដុសលាងវត្ថុនានា ខាត់តុបតែងយ៉ាងឱឡារិក រួចចាត់ការទិញម្ហូបអាហារធ្វើនំ ទុកចាំប្ដីមានទិញចានល្អៗ ទុកសម្រាប់ដាក់ឲ្យស្វាមីបរិភោគអាហារ និងទិញកន្ទេលថ្មីៗ ឲ្យអ្នកប្រុសសំរាន្ដ។ ឱ !នាងចេះតែនឹកឃើញចំណុចឯទៀតៗ ជាច្រើនណាស់តែនាងពុំអាចធ្វើតាមចិត្ដដែលនាងនឹកឃើញទាំងអស់នោះឡើយ ពីព្រោះស្រីក្រណាស់។ គំនិតនិមួយៗ ដែលដុះលេចឡើងក្នុងវិញ្ញាណរបស់នាងក្នុងមួយពេលនេះគឺដុះលេចមកឯងៗ រួចគំនិតនីមួយៗ ជាសន្ដានចិត្ដនាងដែលស្មោះចំពោះលើស្វាមី៕

ជំនួយបន្ថែម[កែប្រែ]