រឿងមហាចោរនៅទល់ដែនវគ្គទី៨៖ត្រលប់ពីច្បាំង

ពីវិគីភីឌា

ព្រះអរុណថ្ងៃនេះរះឡើងយ៉ាងត្រចះត្រចង់។ ប្រជាជនគ្រប់រូបភ្ញាក់ពីព្រលឹមខុសពីធម្មតា ។ ម្នាក់ៗ សំរេចចិត្ដចាំមើលក្បួនទ័ពមានមានន្ទដែលវិលត្រលប់ពីច្បាំង។ យើងរាល់គ្នាស្លៀកល្អ ពាក់ល្អ ឈរកុះករនៅនឹងផ្សារ។ មិនយូរប៉ុន្មានក្បួនទ័ពមកដល់។

ដំបូងគេឮស្គរជ័យយ៉ាងអ៊ឹកធឹក ។ បន្ដិចក្រោយមកអង្គទ័ពមកដល់។ ទាហានដើរជាជួរសម្បើមដោយអាវុធដែលកាន់គ្រប់ៗដៃ គឺមានខែល លំពែង ស្នា ព្រួញ ដាវជាដើម។ ពលរេហ៍ដើរកក្រើកផែនដី។ បន្ទាប់មកគឺទ័ពសេះដែលសង្ហាជាងគេ ។ ម្នាក់ៗ អង្គុយលើខ្នងអាជានេយ្យ ត្រង់ខ្លួនគ្មានងាកទៅណាឡើយ ។ ដាវដែលព្យួរនៅចង្កេះឃើញគួរស្ញើប។ ក្រោយមកទៀត មានទ័ពខាងដំរីដែលតុបតែងដោយគ្រឿងអលង្ការនៅភ្លុក នៅលើក្បាល និងទៅលើខ្នង មើលឃើញរុងរឿងបីដូចក្នុងរឿងមួយពាន់មួយយប់ ។ នៅលើខ្នងដំរីនេះ អ្នកឈរមើលពលរេហ៍ គឺមានន្ទមេទ័ព។

មានន្ទឈរធ្មឹង ដាវដែលហូតហើយ ដែលកាន់នៅដៃនោះមានរស្មីចាំងនឹងព្រះអាទិត្យភ្លឺព្រាតៗ ។ ដោយគ្រឿងសម្លៀកបំពាក់ ដោយមាឌមាំ វីរបុរសហាក់មានអំណាចឥតឧបមា។ មានន្ទនាំទ័ពដែលមានចំនួនប្រមាណប្រាំពាន់នាក់ ។ រួចគេឮសូរសម្រែកយ៉ាងខ្លាំង បញ្ជាឲ្យពលរេហ៍ឈប់។ តាមរបងប្រជាជន ក្មេង ចាស់ ប្រុស ស្រី ដែលឈរមើលក៏បន្លឺនូវសម្រែកថា ជយោលាន់ឮរំពងឡើង។ ឱ! តាំងពីកាលណាមក ពុំដែលមានព្រឹត្ដិការណ៍ដ៏រីករាយដូច្នោះទេ ក្នុងអាណាខេត្ដសេរីសោភ័ណយើង។ មនុស្សម្នាក់ៗ សប្បាយគ្រប់ៗគ្នា។ អ្នកលក់ដូរក៏ចេញទៅលក់ព្រោងព្រាត ។ អ្នកដើរមើលក្បួនទ័ពក៏ច្រើន ណែនណាន់តាន់តាប់ ដើរចុះឡើងប្រជ្រៀតប្រជែងគ្នា។ ទ័ពក៏ហែព័ទ្ធជុំវិញបន្ទាយព្រះកម្ពុត ចំនួនបីជុំ ឆាកហោជយោលាន់ឮរណ្ដំគ្នាអឹងកង ។ ភ្លេង និង ស្គរឲ្យចង្វាក់ដល់ទាហានដែលដើរ។ ក្មេងៗរត់តាមមើលប្រញាយ កាន់ដៃគ្នារណោង។ នាងទេវីនៅផ្ទះតែងខ្លួនស្អាតបាត។ ធីតាចង់ទៅទទួលប្ដី តែនាងពុំហ៊ានទៅទេ ព្រោះខ្លាចក្រែងគេសើចនាង ។ ស្រ្ដីបារម្ភក្រែងនាងយំនៅមុខគេឯង នាំឲ្យខ្មាសគេ។ ទេ! នាងពុំទៅទេ ព្រោះប្រាំបីខែមកហើយ ពុំដឹងប្រុសប្រែប្រួលយ៉ាងណា។ បើនាងទៅទទួលគេ ហើយស្រាប់តែគេធ្វើពុំស្គាល់នាងក៏ពុំដឹង នោះនាងមុខជាដាច់ខ្យល់ស្លាប់ភ្លាមក្នុងពេលនោះមិនខាន។ កល្យាណនឹកទៅទៀតថា បើគេស្មោះចំពោះនាង ស្រលាញ់នាងពិតៗ ប្រាកដជាគេមករកនាងហើយ ។ អាស្រ័យហេតុនេះ នាងសម្រេចថាត្រូវរង់ចាំប្ដីអែផ្ទះទើបត្រូវ។ ស្រីនៅផ្ទះមែន តែនាងលួចស្ដាប់សូរស្គរ និង សូរមាត់គេដែលស្រែកទ្រហឹងអឹងកង។ នាងស្រៀវក្នុងចិត្ដចង់ទៅឲ្យឆាប់បានឃើញមុខប្ដី។ ចំណង់នេះរកទប់ស្ទើរពុំឈ្នះ។ ដើម្បីបំភ្លេចសេចក្ដីទន្ទឹង នាងដើរចុះដើរឡើង តែក្នុងផ្ទះម្នាក់ឯង ក្នុងការទន្ទឹងរង់ចាំនេះ មួយនាទីយូរដូចមួយសតវត្ស។ មនុស្សម្នាក់លោតចូលតាមបង្អួចឮសូរគ្រឹប។ នាងទេវីភ្ញាក់ងាកទៅ ស្រាប់តែឃើញកាមាជាប្អូនមានន្ទមកដល់។ នាងភ័យតក្កមា ស្ទើរស្លុតស្មារតី។ កាមាដើរទៅរកនាងឈរជំទាញជើង ដៃទាំងពីរកាន់ដាវ ដែលហូតទុកជាស្រេច។

  • ថ្ងៃនេះជាថ្ងៃចុងក្រោយបំផុតដែលខ្ញុំប្រើវិធីឃោរឃៅ . . . ។ ខ្ញុំបាននិយាយនឹងអ្នកឲ្យមានចិត្ដស្មោះស្ម័គ្រនឹងខ្ញុំ ព្រោះខ្ញុំបានស្រលាញ់អ្នកស្មើជីវិត។ ពាក្យដែលខ្ញុំនិយាយទៅអ្នក អ្នកឥតស្ដាប់ខ្ញុំសោះ។ ខ្ញុំដាក់ខ្លួនរហូតដល់ទៅហ៊ានអង្វរចិត្ដអ្នក ។ ឥឡូវខ្ញុំឈប់និយាយ ឈប់អង្វរទៀតហើយ ។ ខ្ញុំចាប់ប្រើវិធីអកុសលប្រាកដ ។ ខ្ញុំស្ដាយណាស់ដោយអ្នកបង្ខំឲ្យខ្ញុំលេងវិធីដ៏លាមកនេះដែលខ្ញុំពុំចង់លេងឡើយ។ តែខ្ញុំធ្វើនេះ គឺប្រាកដធ្វើដោយចិត្ដចង់ ដោយចេតនា ដើម្បីលុបលាងអាម៉ាស់របស់ខ្ញុំចំពោះអ្នក ដែលខ្ញុំបានរាយលើកំណាត់ជីវិតរបស់ខ្ញុំជាមួយនឹងអ្នក ។ ថ្ងៃនេះ ជាថ្ងៃផ្ដាច់ព្រាត់របស់ខ្ញុំ។

កាមានិយាយដោយពាក្យធ្ងន់ៗ ។ នាងទេវីចំហមាត់ បើកភ្នែកធំៗស្ដាប់ ។ សេចក្ដីភិតភ័យមួយយ៉ាងធំមកគ្របដន្ដប់ដួងចិត្ដនាងជាប់។ នាងយំអង្វរថា ៖

  • ទេ ! លោក ៗ កុំធ្វើបាបខ្ញុំ . . . ។

កាមាគំហកវិញថា៖

  • ខ្ញុំធ្វើល្អណាស់ហើយជាមួយនឹងអ្នក។ អ្នកពុំព្រមយល់ ពុំព្រមធ្វើតាម ពុំព្រមជឿខ្ញុំ។ នែ ! ទេវីស្រីវរលក្ខណ៍ មើលនុ៎ះហ្ន៎ !

កាមាចង្អុលទៅបង្អួចដែលចំហនៅផ្ទះធំមួយទៀត។ នាងទេវីមើលតាម ឃើញកូនស្រីរបស់នាងគេងលក់ស្កប់ស្កល់។ នាងស្ទុះក្រោក តែចុងដាវកាមាចុចជាប់ត្រង់កនាងកន្លែងជីពចរមិនឲ្យស្រីកម្សត់ក្រោកបាន។ ដោយតឹងទ្រូងពេក ធីតាទ្រហោយំ ហើយពោលយ៉ាងរអាក់រអួលថា៖

  • កូន ៗ មាសម្ដាយ កូន ! ម្ដាយនឹកកូនណាស់ កូនមកនេះមក។ កូនមកពីណាបាត់យូរម៉្លេះ ? កូននឹកម្ដាយទេ ?។ ឱ !កូនគេងលក់ទេ ? ម្ដាយស្មានតែកូនស្លាប់ទៅហើយ។ កូនទៅណាបាត់ប៉ុន្មានថ្ងៃ? កូនបានអ្វីបៅ ? លោក ! ខ្ញុំសុំកូនខ្ញុំមកវិញ។

កាមាគំហកទៀតថា៖

  • នៅឲ្យស្ងៀម មើលទៅទៀតមើល!

នាងទេវីចោលភ្នែកទៅទៀត នាងស្រែកយ៉ៃឡើង ដោយនាងបានឃើញមនុស្សម្នាក់មាឌធំ ចាប់លើកបីកូននាងដែលនៅក្នុងពូកឡើង។ មនុស្សមោហនេះយកចុងដាវដាក់លើកូននាងដែលដេកលក់ ហាក់បម្រុងនឹងប្រហារជីវិត។

  • អៃ ! ធ្វើយ៉ាងនេះស្លាប់កូនខ្ញុំហើយ។ លោកធ្វើអ្វីយ៉ាងហ្នឹង អាណិតកូនខ្ញុំទៅកុំធ្វើបាបគ្នា។ ឱ ! ស្លាប់ឥឡូវហើយ ព្រះម្ចាស់ថ្លៃអើយ ! កុំ ៗ លោកជួយខ្ញុំផង កុំៗ។

នាងទេវីញ័ររន្ធត់អស់អង្គប្រាណ។ កល្យាណបម្រះននៀលរមួលខ្លួន។ ចុងដាវធ្វើឲ្យនាងតក់ស្លុតត្រជាក់ចុងដៃ និងចុងជើង។ នាងដាក់ភ្នែកចុះ ពុំមែនកែវពុំហ៊ានមើលទេ តែស្រីរអាក្នុងចិត្ដក្រៃពេក។ នាងយំឮឃឹសៗ។ កាមាពេបមាត់និយាយថា៖

  • ទេវី ! វាមិនទាន់ស្លាប់ទេ ។ ចូរអ្នកជ្រាបថា គឺខ្ញុំនេះហើយដែលបានលួចយកកូនអ្នកទៅ។
  • ច៎ាះ ! លោក ! ឱ ! លោកយកកូនខ្ញុំទៅឬ ? ច៎ាះ !
  • ឥឡូវនេះអ្នកចង់បានកូនអ្នកវិញទេ?
  • ច៎ាះ លោក ចង់បាន សុំអាណិតខ្ញុំទៅ ខ្ញុំអង្វរ . . . !
  • តើអ្នកស្រលាញ់កូនអ្នកទេ ?
  • ច៎ាះ លោក ស្រលាញ់ ហ៊ី ! ស្រលាញ់ណាស់ . . . ពេក ស្រលាញ់ផុតអស់របស់ដែលមានក្នុងលោកនេះ។
  • តើអ្នកចង់ឲ្យកូនអ្នកស្លាប់ ឬ រស់ ?
  • ច៎ាះ ! ចង់ឲ្យរស់!
  • អើ ! បើចង់ឲ្យកូននេះរស់ ងាយណាស់ !
  • ឲ្យខ្ញុំធ្វើយ៉ាងណា ? ច៎ាះ ខ្ញុំចង់ឲ្យរស់ ធ្វើយ៉ាងណាលោក ខ្ញុំធ្វើទាំងអស់។ ជម្រាបប្រសាសន៍មកខ្ញុំធ្វើ។

កាមាសើច មើលមុខកល្យាណយ៉ាងកំណាច។ បុរសបន្ដវាចាទៅទៀតថា៖

  • កិច្ចអ្នកត្រូវធ្វើងាយទេ។ បន្ដិចទៀត ប្ដីអ្នកមុខជាមកដល់ទីនេះហើយ ។ ដើម្បីឲ្យកូនរស់ ដើម្បីឲ្យបានកូនមកដៃអ្នកវិញ ដល់ប្ដីអ្នកមក ឲ្យអ្នកនៅស្ងៀមធ្វើថ្លង់ ធ្វើដូចគ កុំនិយាយឲ្យសោះ។
  • គ្រាន់តែកុំនិយាយឲ្យសោះប៉ុណ្ណោះ ឬ លោក ?
  • អើ ! ទោះជាមួយមានន្ទ ក៏កុំនិយាយដែរ។
  • ទេ ! ខ្ញុំនឹកប្ដីណាស់ ខ្ញុំសុំនិយាយរកគាត់បានបួនដប់ម៉ាត់ អាណិតខ្ញុំទៅ ខ្ញុំនឹកគាត់ណាស់។
  • មិនបាន ! បើអ្នកហ៊ានតែហើបមាត់មួយម៉ាត់ កូនអ្នកមុខជាស្លាប់មិនខាន អ្នកឃើញទេខ្ញុំនៅទីនេះ បើអ្នកហ៊ាននិយាយមួយម៉ាត់ ខ្ញុំគ្រាន់តែធ្វើសញ្ញាបន្ដិចទៅ អ្នកដែលកាន់កូនអ្នកនោះសម្លាប់កូនអ្នកចោលមិនខាន ។ ម៉េចអ្នកយល់ទេ ?
  • ច៎ាះ ! ខ្ញុំយល់ហើយ ហ៊ី ! លោកគ្មានមេត្ដាដល់ខ្ញុំសោះ ម៉េចក៏លោកមិនចង់ឲ្យខ្ញុំនិយាយនឹងប្ដីខ្ញុំ ? ខ្ញុំធ្វើដូចលោកមិនកើតទេ សូមលោកអត់ទោសចុះ ។ ឱប្ដីអើយ ! ឱកូនអើយ ! ខ្ញុំស្លាប់ហើយ។
  • មើលហ្ន៎ ! ឃើញទេ ?
  • អស់ ! ឱ ទេៗ កុំសម្លាប់កូនខ្ញុំ ទេ! លោកអើយ លោកអើយ ឱ!
  • ម៉េចធ្វើតាមខ្ញុំឬទេ ឆាប់ៗឡើង ?
  • ហ៊ីស លោកអើយ!
  • ថាឲ្យភ្លាមមក !
  • ច៎ាះ ! ខ្ញុំធ្វើតាមទាំងអស់ហើយ!
  • ម៉េចអ្នកធ្វើតាមខ្ញុំទេ ? និយាយឲ្យត្រង់ទៅ!
  • ច៎ាះ ខ្ញុំយល់ព្រមហើយលោក!
  • អើ ! អ្នកត្រូវនៅឲ្យស្ងៀមមួយកន្លែងនេះ។
  • ច៎ាះ ! ខ្ញុំធ្វើបាន . . . តែកាលណាទៅបានលោកឲ្យកូនមកខ្ញុំវិញ។
  • មិនអីទេ ចាំខ្ញុំយកមកឲ្យ។
  • កាលណាទៅ ទើបខ្ញុំអាចនិយាយបាន ?
  • ចាំខ្ញុំជូនដំណឹងជាក្រោយ តែមិនយូរទេ មួយភ្លែតប៉ុណ្ណោះក៏បានហើយ
  • ច៎ាះ ! ខ្ញុំត្រេកអរណាស់ ខ្ញុំមិនភ្លេចទេ ខ្ញុំធ្វើតាមលោកមិនឲ្យខុសទេ គឺនៅស្ងៀមមួយកន្លែងនេះ រួចមិននិយាយមួយម៉ាត់សោះ ។ អូ តិចលោកច្រឡំធ្វើសញ្ញាអ្វីទៅ។ គេសម្លាប់កូនខ្ញុំហើយ។
  • ទេ ! ទេ ! ខ្ញុំមិនច្រលំទេ!
  • អោ ! កូនកំសត់អើយ . . . ។

ជើងសេះមួយលាន់ឮរំពង ឯវាលស្រែ។ សូរជើងសេះនេះកាន់តែមកជិតដល់។ នាងទេវី ព្រឺព្រួចក្នុងក្នុងចិត្ដ។ កាមាមើលតាមបង្អួចទៅឃើញប្រាកដជាបងរបស់ខ្លួន គឺមានន្ទនោះឯង។

  • ឥឡូវនៅស្ងៀមឈប់និយាយ។

នាងទេវីក៏ប្រុងស្មារតី ដៃទាំងពីរសំពះឱនមុខលុតជង្គង់ ។ ធីតាឮសូរជើងសេះដែលធ្វើឲ្យនាងព្រឺអស់ទាំងខ្លួន។ នាងភ័យផងអរផង។ នាងនឹកឆ្ងល់ថា អាកាមានេះវាឲ្យនាងធ្វើដូច្នោះ តើមានប្រយោជន៍អ្វី ? នាងបំបែរដៃនាងដែលសំពះឲ្យចំមាត់ទ្វារ ព្រោះកែវវរលក្ខណ៍ដឹងថាគឺតាមច្រកទ្វារនោះហើយដែលប្ដីនាងបម្រុងនឹងចូលមក។ មានន្ទមកដល់មុខខ្ទម លោតចុះពីលើខ្នងសេះយ៉ាងរហ័ស។ អ្នករត់តម្រង់ទៅមាត់ទ្វារខ្ទម។ លុះទៅដល់មាត់ទ្វារអ្នកទុចង៉ក់ មើលឃើញកាមានៅឈរច្រត់កែងដៃនឹងបង្អួច ឃើញនាងទេវីសំពះអ្នកយ៉ាងស្មោះស្ម័គ្រ។

  • កាមា រឿងអី ?

កាមាសើចនិយាយយ៉ាងស្ងួតថា៖

  • ខ្ញុំសូមជូនបងស្រីដែលបងបានផ្ញើខ្ញុំ ថែរក្សានោះមកបងវិញ។

មាន្ទននៅស្ងៀមស្ដាប់កាមា រួចនិយាយថា៖

  • ម្ដេចក៏ឯងនិយាយសើចហាក់ខ្ពើមរអើមម៉្លេះ ?
  • ហាស់ ៗ ពីព្រោះជារឿងដែលខ្ញុំពុំគួរនឹងជម្រាបបងសោះ។

មានន្ទខាំធ្មេញក្រឹត។

  • រឿងអីកាមា ? កាមាប្រាប់មកឲ្យឆាប់ !
  • កាមាដើរធ្វើរាយមាយនៅជិតបង្អួចនោះ
  • អើ ! សមណាស់ហើយ ប្រពន្ធបងនោះ ។ សមមុខបងឯងណាស់ហើយ ។ កាលបងផ្ដាំផ្ញើខ្ញុំ ៗ នឹកស្មានថាជាស្រីមួយល្អគួរគោរព ។ តែដល់ចុងបង្ហើយ ហ៊ី ! ខ្ញុំមិនចង់និយាយទៀតទេ។

មាន្ទនស្ទុះទៅចាប់កាមា ញេញធ្មេញ មុខឡើងក្រហម។ ទេវីរលត់អស់ស្មារតី។

  • កាមានិយាយ តោងនិយាយប្រាប់បងឲ្យឆាប់មក!
  • រឿងនេះក្រែងបងខឹងជ្រុលណា!
  • រឿងអ្វី ? កាមារឿងអ្វី ? យី ! កាមាតោងនិយាយមក។
  • ដោយបងតឿនឲ្យខ្ញុំនិយាយហើយ ខ្ញុំក៏និយាយទៅចុះ ប្រពន្ធបង ខ្ញុំបានបណ្ដេញចេញពីភូមិយើង។ ខ្ញុំសូមទោសបងទៅចុះ។ តែបានជាបណ្ដេញនេះ ពីព្រោះទេវីជាស្រីមួយយ៉ាងអាក្រក់បំផុត នាងលួចមានសហាយ។
  • យី ! អីទេវីមានសហាយ ? ទេវីក្បត់អញ ?
  • បាទ !
  • សហាយនឹងអ្នកណា ? អាណាមួយហ៊ានសហាយជាមួយប្រពន្ធអញ ? ប្រាប់មកៗ អូនប្រាប់បងមក។
  • បើបងដឹងបងធ្វើអាសហាយនោះយ៉ាងណាទៅ ?
  • ហ៊ីស កាមាអូន ! ដាវៗ កាត់ហុតឈាម!
  • ហ៊ីៗ សហាយវានេះមិននៅឆ្ងាយទេ គឺនៅជិតៗនេះ។ គឺជាមនុស្សម្នាក់ខែងសម្ដីលើក ឫកពាខ្ពង់ខ្ពស់ បុណ្យស័ក្ដិធំ ប៉ុន្ដែបងទៅចងពៀរនឹងអាសហាយនោះបានជាការអ្វី ? ស្រីវាខូចទេតើ ?
  • អញផ្ដាន្ទាទោសទាំងពីរហ្នឹង ។ កាមា ! អញឲ្យឯងជួយរក្សា ឯងគ្មានបានការអីទេ។
  • ខ្ញុំមើលអស់ប៉ុណ្ណឹងហើយ!
  • កាមា អាណាមួយមានបណ្ដាសក្ដិធំ ហ៎ ? តើអាណាមួយ . . . បងចង់ស៊ីសាច់ហុតឈាមវាឥឡូវ កាមាប្រាប់មងមក វានៅជិតៗនេះរឺ ?

កាមាសើច និយាយមួយៗថា៖

  • មនុស្សអប្រិយកំណាចចិត្ដទាបអាម៉ាស់នោះ គឺ . . . គឺ . . . គឺ . . . ខ្ញុំ ។
  • ប្អូនឯង ? យី ! អីប្អូនឯងសហាយនឹងប្រពន្ធបង ?
  • បាទ គឺខ្ញុំនេះឯង !
  • យី ! កាមា ! ប្អូនសំលាញ់ . . . នែ! ម្ដេចទេវីអូន ! ម្ដេចអូនធ្វើដូច្នោះ? ទេវីអូន ! បងស្រលាញ់អូនប្ដូរជីវិតគ្មានតក់ គ្មានណាយ គ្មានភ្លេចមួយពេល។ បងអាណិត ប្អូនរាល់វេលា។ ទេវីអូន ! បងស្រលាញ់ហៅពេញបង់ចិត្ដ អូនក្បត់ចិត្ដបង។ បើអូនទៅស្រលាញ់អ្នកណា ក្រៅពីប្អូនរបស់បង ៗមិនថាអ្វីទេ នេះប្អូនស្រលាញ់ប្អូនប្រុសរបស់បង។ ក្ដៅណាស់ ក្រហាយណាស់ ឈឺណាស់ ! ទេវី ! ទេវីអូន ! ហេតុម្ដេចយ៉ាងហ្នឹង ? អូននិយាយមកមើល ប្រាប់មក ពន្យល់មក។
  • មើលហ្ន៎ ! សត្វនេះវានៅស្លៀមឈឹង ។
  • ទេវី ៗ !យើងព្រាត់គ្នាពីពេលនេះហើយ។

មែន ! នាងទេវីព្រាត់មែន ព្រាត់ព្រោះនាងនិយាយពុំរួច កម្រើកខ្លួនពុំបាន។ ធីតាមានតែទឹកភ្នែកដែលហូរប៉ុណ្ណោះ ។ ដៃនាងឡើងញ័រ ចិត្ដនាងតឹងៗជាងជាប់ចំណងប្រាំប្រការទៅទៀត ។ ពាក្យរបស់កាមាមួយម៉ាត់មានពាក្យថា នាងបានសហាយនឹងវា ធ្វើឲ្យចិត្ដនាងធ្លាក់ក្ដុកយ៉ាងខ្លាំង។ ពាក្យនេះចាក់ដោតដួងចិត្ដនាងយ៉ាងរកាំបំផុត រួចមុតដូចកាំបិតដែលចាំងរំលំព្រឹក្សានៃសេចក្ដីសុខរបស់ស្រី។ ឱ ! ប្ដីនាងពុំដឹងរឿងនឹកស្មានថាការនេះជាការពិត។ មានន្ទបែរទៅនិយាយជាមួយកាមាថា

  • ថ្ងៃបែរគងភ្នំ ប្អូនឯងទៅជួបនឹងបងនៅក្រោមដើមពោធិ៍កុំខាន។

កាមាសើចក្អាកក្អាយងក់ក្បាលតបវិញ៖

  • បាទបង ! ថ្ងៃបែរគងភ្នំជួបគ្នាក្រោមដើមពោធិ៍។

រួចមានន្ទបែរមកមើលនាងទេវីជាចុងក្រោយបង្អស់។ អ្នកមួម៉ៅក្ដៅក្រហាយក្នុងចិត្ដជាពន់ពេក។ ពីដើមរូបនាងទេវីជាទីត្រជាក់ចិត្ដ ឥឡូវរូបដដែលនេះក្លាយទៅជាភ្លើងទៅវិញ។ អ្នកខឹងយ៉ាងខ្លាំង រហូតដល់លែងមើលមុខនាងទៀត អ្នកនិយាយជាទីបង្ហើយថា៖

  • ទេវី ស្រីកាលកាឡកណ្ណីឫស្យា អញលែងបានឃើញឯងទៀតហើយ។

ថាដូច្នោះស្រេច មានន្ទស្ទុះចេញពីផ្ទះ រត់ឡើងលើខ្នងសេះទៅ។ ព្រលឹងនាងទេវីស្ទុះតាមបណ្ដាលឲ្យរូបនាងដួលដេកស្ដូកលើក្ដារ។ លើខ្នងសេះ មានន្ទឈឺចាប់ក្នុងចិត្ដជាពន់ពេក។ ភ្នែកលែងមើលអ្វីឃើញ ត្រចៀកលែងឮអ្វី នេះហើយដែលជាស្ថានភាពដែលអ្នករស់ក្នុងកេសារបស់អ្នកហាក់មានអ្វីវិលស្លុង នាំឲ្យនឹកអ្វីពុំឃើញ គិតអ្វីក៏ពុំយល់ មានតែរឿងនាងទេវីកាឡកណ្ណីប៉ុណ្ណោះទេដែលមកបុកដើមទ្រូងអ្នក ញ៉ាំងៗ គ្មានត្រាប្រណី។ បុរសនឹកឃើញកាលគ្រាមុន អ្នកស្រលាញ់ស្រ្ដីនេះយ៉ាងអស់ពីពោះ។ អ្នកបានប្ដេជ្ញាថា រស់ស្លាប់ជាមួយទេវីតែមួយរហូតរៀងទៅ ដោយជឿថា ជីវិតអ្នកមុខជាបានរស់និត្យនៅជាមួយនាងមិនខាន។ ហើយស្មានទៀតថា នាងមុខជាធ្វើឲ្យអ្នក បានសប្បាយជានិច្ចវិញ។

មាណពប្រឹងត្រិះរិះរកឃើញថា កាលស្រលាញ់គ្នានោះ នាងនេះបាននិយាយនឹងអ្នក រួចកាលនិយាយគ្នានោះ នាងបានបង្ហាញឲ្យឃើញថា នាងស្មោះត្រង់មែនស្ទើរហ៊ានចាត់ទុកថា គ្មាននារីណាមួយមកប្រៀបបានឡើយ ពីព្រោះគ្រប់ពាក្យដែលនាងចេញស្ដី នាងគ្មានបានគិតទេ ស្រីនិយាយរអិលរអិចទាក់។ រីឯពាក្យមួយម៉ាត់ៗ បុរសជាសង្សារសង្កេតឃើញទឹកចិត្ដមែនៗ នៃសេចក្ដីស្នេហា។ មកដល់មួយពេលនេះ ទេវីស្រីដាច់ចិត្ដមានសហាយទៀត ភ្លេចអ្នកជាប្ដី ភ្លេចអស់ពាក្យសម្ដី ភ្លេចអស់អំពើដែលធ្វើទៅវិញទៅមកតាំង ពីអំពើតូចតាច បន្ដិចបន្ដួចរហូតដល់ទៅលូកដៃចោលខ្លួនទាំងស្រុងចូលក្នុងរង្វង់ដៃគ្នាទៅវិញទៅមក រហូតដល់រួមរស់ រួមមេត្រីនែបនិត្យគ្នាជាប្ដីប្រពន្ធ។ មានន្ទនឹកឃើញសព្វគ្រប់ដូច្នោះ អ្នកអស់កម្លាំងចិត្ដហេវនឹងរកជឿស្រីណាទៀតមិនបាន។ ក្នុងពេលនោះ អ្នកចាត់ស្រីទាំងអស់ជាភេទអប្បលក្ខណ៍ អាក្រក់រកគ្មាន។ ភេទមោហៈ នេះជាភេទស្រើបស្រាល នឹងកាមរាគ ចិត្ដមិនធ្ងន់ មិនចេះអត់ មិនស្គាល់ខុសត្រូវ អាក្រក់ល្អ ស្រេកឃ្លាននឹងកាមគុណ ឃ្លាន ! ឃ្លាន ! . . . ណាស់ឃ្លានរហូតទៅក្បត់។ មានន្ទខាំធ្មេញ ដោយហាក់មើលឃើញនាងទេវីធ្វើឫក ធ្វើពារកកាមាជាសហាយ។ កម្លោះហាក់ឃើញនាងញញឹមដោយឥតអៀនខ្មាស ដាក់ប្រុសថ្មី ហាក់ឃើញនាងបើកទ្វារឲ្យគេចូលមក ដោយស្ទុះទៅទទួលគេ ចោលខ្លួនទាំងស្រុង ទៅក្នុងកណ្ដាប់ដៃគេ បណ្ដោយឲ្យគេឱបរឹតដូចកាលនាងបានធ្វើជាមួយអ្នកដែរ ។ ស្រីឫស្យានេះនិយាយរកគេ ដូចបាននិយាយនឹងអ្នកជាប្រាកដ។

មានន្ទនឹកទៀតថា បើអ្នកមកទាន់ក្នុងពេលនោះ អ្នកមុខជាហូតដាវវាត់ឲ្យដាច់ចង្កេះទាំងពីរនាក់ឲ្យស្លាប់ ជាមួយគ្នាមួយរំពេចមិនខាន ។ ក្រោយពីសុបិននេះ មានន្ទសន្មតថា ស្រីដែលមានរូបល្អជាស្រីមានចិត្ដអាក្រក់ ។ រូបវាល្អណាស់ វាអាងរូប ចង់ឲ្យតែគេរាល់គ្នាស្រលាញ់វា។ ឱ ! ទេវី ! ស្រីទាំងអស់អាក្រក់គ្មានសល់មួយនាក់ ទោះមានរូបមិនល្អក៏ដោយ គឺថាណាមួយក៏ដូចណាមួយ។ អាស្រ័យហេតុនេះ មានន្ទនឹកដល់ព្រះពុទ្ធអង្គលោកបានហៅចំជាកំពូលមនុស្សមែន។ លោកយល់រឿងនេះ រួចបានលះបង់ទាំងអស់ដើម្បីព្រះនិព្វាន ដែលជាឋានផុតទុក្ខ។

ជិះលើខ្នងសេះមានន្ទវង្វេងអស់ស្មារតី។ នឹកម្ដងឃើញថាត្រូវសម្លាប់ស្រីៗឲ្យអស់។ នឹកម្ដងឃើញថា ត្រូវសម្លាប់ប្រុសៗដែលអាក្រក់ ទៅស្រលាញ់ប្រពន្ធគេឲ្យអស់បានត្រូវជាង។ នឹកតទៅទៀតឃើញថាទេ! កុំរវល់ នេះហើយជាជីវិត មានទុក្ខ មានសុខ មានក្បត់ មានស្រលាញ់ មានស្អប់ . . . ៘ សំរេចសេចក្ដី មានន្ទនៅតែមានទុក្ខដដែល។ វាលដែលអ្នកកំពុងជិះសេះកាត់ធំល្វឹងល្វើយ បីដូចវាលវដ្ដសង្សារដែលអ្នកកំពុងឆ្លងកាត់។ អ្នកឃើញថា អ្នកប្រឹងទៅមុខតែម្នាក់ឯងត្បិតគូស្នេហាគេចោលអ្នកហើយ។ វាលនេះមើលយូរបន្ដិចទៅ ក្លាយទៅជាមហាសាគរមួយដ៏ធំក្រៃលែង ដែលរកមើលជើងមេឃពុំឃើញ ។ ខ្យល់ដែលបក់រវិចៗ ក្លាយទៅជាខ្យល់ព្យុះព្យោមាយ៉ាងខ្លាំងអនេក ។ សេះដែលអ្នកជិះក្លាយជាកូនទូកតូចមួយ ដែលឃ្លេងឃ្លោងៗ កណ្ដាលសមុទ្រ បោកបក់ដោយជំនោរខ្យល់។ តែកូនទូកនេះ គឺមានន្ទដែលភ័យប្រឹងតស៊ូនឹងខ្យល់ កុំឲ្យលិចទូកបាន។

ទឹកភ្នេកក៏ហូរចេញពីភ្នែកមានន្ទធ្លាក់ដល់ដី។ អតីតសង្សារនាងទេវីនឹកសង្វេគខ្លួនពន់ពេក។ បុរសពុំដែលយំសោះ តែក្នុងពេលនេះអ្នកយំ ។ អ្នកនិយាយក្នុងចិត្ដថា៖

  • ទេវីអូន ! បងព្រាត់ពីអូនតាំងពីពេលនេះហើយ ! អូនជាគូកម្ម នឹងបងទេ ។ បងមិនធ្វើអ្វីដល់អូនទេ ! កុំព្រួយ ។ បងមិនចងពៀរទេ។ សូមអូនទៅរស់ជាមួយគូថ្មីរបស់អូនចុះ រស់ឲ្យបានសប្បាយតាមបំណងចិត្ដអូនចុះ។ បងមិនខឹងទេ ពីព្រោះបងធ្លាប់ដែលបានរួមរក្សរូបអូនហើយ ។ បងមានជ័យជំនះលើអូនជានិច្ច មានតែអូនទេដែលចោលបងនោះ ចាញ់បង ។ បងឈប់ស្រលាញ់អូនទៀតហើយព្រោះអូនស្រលាញ់គេ។ បងមិនស្ដាយអូនទេ ព្រោះអូនមិនស្ដាយបង។ ពីពេលនេះទៅអូនដើរផ្លូវមួយ បងដើរផ្លូវមួយ ព្រោះផ្លូវយើងដើរនោះវាបែកគ្នា ។ អូនមានសង្សារថ្មី បងដើរទៅមុខតែម្នាក់ឯង គ្មានសង្សារ ។ អូននៅតែមានទុក្ខ បងផុតអស់ទុក្ខហើយ ។ អូននៅតែមានចំណងចង បងទៅណាក៏បានធ្វើអ្វីក៏បាន ដេកត្រង់ណាក៏បាន បាយត្រង់ណាក៏បាន តាមចិត្ដឥតចំណង បងមានប្រៀបលើអូនជានិច្ច ព្រោះថាបើប្ដូរប្រុសរបស់អូននឹងបង គង់ឃើញថាបងគ្រាន់បើជាងប្រាកដ ទាំងផ្លូវចិត្ដ ទាំងផ្លូវលើសីលធម៌ ទាំងផ្លូវមនុស្សធម៌ ទាំងផ្លូវតម្រិះវិជ្ជា ទាំងផ្លូវបុណ្យសក្ដិ ទាំងផ្លូវថ្លៃថ្នូរ។ លើពិភពផែនដីនេះ តើអូនរកមនុស្សណាឲ្យបានដូចបងទៀតទេ ? ។ បងជាមនុស្សចេះជួយសង្គ្រោះគេ ដោយមិនគិតគ្រោះខ្លួន ចេះគោរពស្រលាញ់គេជាងស្រលាញ់ខ្លួនឯង ចេះឈឺឆ្អាលដល់រឿងគេដោយឥតគិតដល់រឿងខ្លួនហួសហេតុ ចេះជួយកិច្ចការឲ្យគេ ហ៊ានធ្វើការឲ្យគេ ទោះតែម្នាក់ឯងក៏ហ៊ានធ្វើដែរ។ ឱ ! អូនទេវី ! អូនស្រលាញ់គូថ្មីព្រោះអ្វី ? ព្រោះប្រាក់មែនទេ? ព្រោះគេ

ចេះសប្បាយហ៊ឺហា ព្រោះគេចេះបញ្ឆោត ចេះបោកផងមែនទេ ?។ ទេវីអូន ! បងពុំចេះដូចគេទេ ។ ហេតុនេះ សេចក្ដីសំរេចវាសនាអូន គឺអូន។ បងទុកឯកសិទ្ធិនេះលើអូនចុះ តែបងគ្រាន់តែអាណិតអូនដោយស្រីមើលតំលៃមនុស្សខុស។ ទេវីអូន ! បងខំបំភ្លេចរឿងអូន និង បងឲ្យភ្លេចសូន្យពីពេលនេះទៅ។

ព្រះអាទិត្យជ្រៀងជ្រេគងលើភ្នំស្វាយហើយ។ ពពកក្រហមឆ្អៅនៅផ្ដុំរាយមាយត្រង់នេះ ត្រង់នោះ ។ ឃើញមេឃចិត្ដកើតក្ដីសង្វេគដោយនឹករឮកដល់ពេលដែលទ្វីបលោកត្រូវឆេះកល្បទៅអនាគត។ គឺក្នុងពេលចុងបំផុតនេះហើយ ដែលមនុស្សត្រូវរលាយរូប រលាយខន្ធ ប្រាសចាកអស់ទុក្ខផងទាំងពួង។ ឱ ! គឺថ្ងៃគងភ្នំនេះហើយដែលលោកអ្នកចាំបានថា មានន្ទសន្យាជួបកាមាជាប្អូន។ មានន្ទស្ទុះលោតលើខ្នងសេះ បំផាយត្រង់ឆ្ពោះទៅដើមពោធិ៍កណ្ដាលស្រែដែលបាននិយាយទុក។ តាំងពីព្រឹកមក អ្នកលេបបាយពុំរួច ដេកពុំលក់ចេះតែរសាប់រសល់។ លុះដល់ទីកំណត់អ្នកលោតចុះពីលើខ្នងអាជានេយ្យដែលអ្នកចងនៅជិតនោះ។ បុរសច្រត់កែងដៃទាំងពីនៅចង្កេះដើរចុះដើរឡើង មើលនាយអាយរួចឈរគិតរឿងដដែលតែមួយ គឺរឿងនាងទេវីជាភរិយាក្បត់ចិត្ដអ្នក។

នៅជើងមេឃ សេះមួយទៀតផាយកាន់តែជិតមក។ មានន្ទឈប់ឈរនៅស្ងៀមមើលសេះនេះ។ លុះបានមកដល់ជិត អ្នកជិះសេះលោត ចុះមកដីលែងសេះឲ្យបរិភោគស្មៅទើបមកគោរពមានន្ទយ៉ាងគួរសម។ ដោយឥតមាននិយាយមួយម៉ាត់ មានន្ទហូតដាវខ្វាកប្រាប់ថា៖

  • កាមាប្អូនប្រុងខ្លួន ពីព្រោះបងបានសន្យាថាសំលាប់អាចោរលួច ប្រពន្ធគេឲ្យអស់ពីដែនដីខ្មែរ។
  • មានជាការអីបង !

កាមាញញឹម ក៏ហូតដាវវិញ ដាវមានន្ទកាប់ឆ្វេងឮឆាំងៗ រន្ថើនគ្នារន្ដំដូចលាចផ្ទុះ។ តែកាមាកាត់ឮច្រែស ៗ ដូចសូរផាវ។ មានន្ទកាប់ខាងស្ដាំប៉ាំង ៗ សូរជាប់ប្រកិតគ្នា ។ កាមារងជាប់យ៉ាងអង់អាច។ មានន្ទគ្រវាសដាវកាប់ពីលើប៉ាំងៗ។ កាមាវាសដាវរងបានទៀត មានន្ទចាក់បណ្ដើរសើចបណ្ដើរ

  • យើ ! ប្អូនឯងគ្រាន់បើឥឡូវ!
  • បាទ ! ល្មមតែស៊ីសងបានដែរ ។ ហ៊ី សុំជូនបងវិញម្ដង!

ក្នុងពេលនោះ ដាវកាមារហ័សដូចរន្ទះ ស្ទុះវាត់មានន្ទខាងឆ្វេងត្រឹមចង្កេះ រួចរត់វឹងទៅរះខាងស្ដាំ រួចលោតមកពីលើវិញ។ បើភ្នែកពុំរឹង ស្មារីតីពុំបាន ប្រហែលជាពុំអាចរងនឹងមុខដាវទាំងពីរយ៉ាងដែលមានទម្ងន់មហិមានេះទេ។ តែមានន្ទវៃណាស់ រងទាន់ឮប៉ែសៗ បែកព្រាយព្រិចៗ។ កាមាសើចនិយាយម្ដងថា៖

  • យើ ! គ្រាន់បើដែរ។

មានន្ទសើចតបវិញ

  • មិនអ្វីទេ !

លំដាប់នោះគេឮសូរតែដាវវីតៗ ផាំងៗ គួរស្ញើបក្រៃពេក។ ជនទាំងពីរសុទ្ធសឹងតែចំណានក្នុងវិធីកាន់អាវុធ។ ជនទាំងពីរជួនកាល ជួបជិតគ្នា ស្អិតដូចតាំងម៉ែ ជួនកាលថយឆ្ងាយពីគ្នា។ ជួនកាលមានន្ទជាបងជំពប់ជើងដួល កាមាស្ទុះទៅបម្រុងសម្លាប់ចោល តែមានន្ទគេចផុត បណ្ដាលឲ្យកាមាជ្រុលខ្លួនដាំទីង នឹងដី។ រួចក្រោកឡើងទាំងពីរវិញបន្ទាន់បន្ទាប់គ្នា ចុងដាវក៏ប្រកៀកប្រកិតគ្នាជាថ្មី។ កាមាដួលវិញ មានន្ទស្ទុះទៅសង្កត់ពីលើ ប្រឹងរមួតដៃទប់គ្នាកុំឲ្យចុងដាវផ្ទាប់ជាប់នឹងកខ្លួន រួចធាក់គ្នាដួលផ្កាប់ផ្ងារ ។ មានន្ទដួលវិញ កាមាស្ទុះទៅចាក់បុកជញ្ជ្រាំពីលើដូចគេរុតត្រី។ តែមានន្ទគេចឆ្វេងស្ដាំ . . . ផុត។ រួចផ្លែដាវទាំងគូមកប្រកួតគ្នាវិញដដែលយ៉ាងស្វិតស្វាញ។

មានន្ទមានវាចាថា៖

  • អញទុកចិត្ដឯង។ អញជឿសម្បថឯង ព្រោះឯងស្បថឲ្យអញ ឯងមកក្បត់អញវិញ។

កាមាសើច

  • ហ៊ីៗៗ មនុស្សក្បាលខ្មៅ គ្មានសម្បថឯណា គ្មានពាក្យសច្ចាឯណាធំជាងចិត្ដទេ។
  • អញប្រដៅឯងឲ្យដឹងបន្ដិច!
  • ឥតប្រយោជន៍ទេបង ! ខ្ញុំប្រដៅបងឲ្យចេះស្រលាញ់ស្រី កុំឲ្យទុកចិត្ដស្រី។
  • បើក្នុងពេលនេះ អញសំលាប់ឯងមិនបាន អញសុខចិត្ដស្លាប់។
  • ប្រាកដហើយ!
  • អញយកឈាមឯងលាងអាម៉ាស់ដែលឯងបានប្រព្រឹត្ដ។
  • តាមចិត្ដ!
  • អញកាត់ក្បាលឯងដោតឲ្យអ្នកផងមើល។
  • តាមត្រូវការ!
  • ឯងនេះហៅចំជាព្រហើន!
  • ពិតមែន អ្នកណាមិនស្គាល់កាមា ? បងឯងនេះជាមនុស្សយ៉ាប់ណាស់ បានប្រពន្ធមួយ ប្រពន្ធនោះក្បត់ ហាស់ៗ ។
  • លុះកាមានិយាយដូច្នោះ មានន្ទនឹកខឹងនាងទេវីក្រៃពេក។ រូបនាងលេចចេញនៅចុងដាវ លេចចេញនៅមុខអ្នក ខាំធ្មេញដាក់អ្នក សម្លក់អ្នក រូបនេះញញឹមដាក់អ្នក សំពះអ្នក អង្វរអ្នក។ មានន្ទភ្លេចនឹកដល់អាវុធដែលកំពុងកាន់ ស្រាប់តែ . . . អុ ! ស្រាប់តែចុងដាវរបស់កាមា ស្ទុះវ៉ីតមកបុកចំដើមទ្រូងអ្នក។ បុរសផ្អៀងខ្លួនតែពុំផុត ចុងដាវរុកចូលក្នុងស្មាស្ដាំ ឈាមហូរខ្ចាយក្រហមឆ្អៅ។ ចុងដាវធ្វើឲ្យអ្នកចុកពើតក្រៃលែង។ កាមា បានឱកាសនេះវាយផ្ដាច់ព្រ័ត្រ កាប់ឆ្វេងស្ដាំ ពីចំហៀង មានន្ទប្រឹងរងគេចយ៉ាងត្រដរ។ ក្នុងពេលនោះមានន្ទដឹងខ្លួនឡើងថា អ្នកកំពុងតស៊ូដើម្បីរស់ ទើបអ្នកផ្លាស់ដាវមកកាន់ដៃឆ្វេងវិញ ចាក់តទៅទៀត។

កាមាសើចយ៉ាងរីករាយ។

  • ម៉េចបង បងថាយកឈាមខ្ញុំ ឥឡូវគឺបងទេដែលហូរឈាម . . . ។
  • អត់ទាន់អីទេ ! ប្អូន !

សូរដាវក៏លាន់ឮរន្ថើនយ៉ាងខ្លាំងឡើងវិញដដែល។

និយាយពីអ្នកស្រុកដែលដឹកគោបញ្ចូលក្រោល ដើរជិតនោះ កាលបើបានឃើញមានន្ទ និងកាមាប្រកាប់ប្រចាក់គ្នាដូច្នាះ មានសេចក្ដីភិតភ័យយ៉ាងខ្លាំង រត់ទៅភូមិប្រាប់អស់ញាតិមិត្ដឲ្យមកជួយជាប្រញាប់។ តែព្រះអាទិត្យលិចបាត់ទៅហើយ។ ពន្លឺព្រះចន្ទក៏បំភ្លឺឡើងស្រាងៗ។ អ្នកស្រុកខ្លះអុចចង្កៀង ខ្លះអុជចន្លុះរត់មកទីសមរភូមិនៃបងប្អូនទាំងពីរនោះ មានចំនួនច្រើនអនេក ។ តែគ្មានអ្នកណាមួយហ៊ានចូលឃាត់សោះ ពីព្រោះដាវទាំងពីរនៅតែប្រកៀកជាប់គ្នាជានិច្ច ។ ដល់ឃើញអ្នកស្រុកមកកាន់តែច្រើនឡើង មានន្ទប្រកិតដាវរបស់កាមាជាប់ រួចនិយាយថា៖

  • ចូលប្អូនប្រុងខ្លួនឲ្យមែនទែនហ្ន៎ា !
  • ខ្ញុំអត់ភ័យទេ បងឯងចាក់ដៃឆ្វេងនោះ!
  • ដៃឆ្វេងបង ក៏ប្រើការបានដូចដៃស្ដាំ ប្រុងអូន !

ដាវមានន្ទបុករុញៗទៅមុខប៉ាច់ៗ ដូចព្រួញដែលដេញកាមាជាប់។ កាមាភ័យនឹងចុងដាវនេះដែរ ពីព្រោះឃើញថាបងផ្លាស់ស្នៀតថ្មីហើយទម្ងន់ដៃឃើញថា ខ្លាំងជាងធម្មតារកទប់ស្ទើរពុំរួច តែកាមាប្រឹងឆ្មក់រកឱកាសល្អ។ ក្រោយមកស្រាប់តែដាវមានន្ទវាត់ក្រឡាច់ចំពាក់កណ្ដាលដើមទ្រូង កាមាធ្វើឲ្យកាមាដួលតូង ក្រាបស្រប៉ាបលើដីឈាមហូរគគុក។ កាមាប្រឹងក្រោកឡើងទៀត តែដួលទៅវិញ ។ អ្នកស្រុកលាន់មាត់ស្រែកថា អូយគ្រប់ៗគ្នា។ កាមាប្រែខ្លួនធ្វើអ៊ឹះៗ។ មានន្ទដែលអស់កម្លាំងណាស់ទៅហើយ លុះឃើញកាមាអស់តដៃបាន ក៏ជូតដាវដែលប្រលាក់ឈាម ស៊កចូលក្នុងស្រោមវិញ ដើរទាំងធេងធោងៗ ទៅរកសេះ។ ដល់ហើយ អ្នកឡើងលើខ្នងអស្សពាហ៍បំបោលទៅខាងទិសឯត្បូងក្នុងងងឹតបាត់ទៅ។

អ្នកស្រុកដែលទៅមើលទាំងប៉ុន្មាន ក៏លើកកាមាឡើង ខ្លះជួយជូតឈាមខ្លះជួយស្រែកហៅ តែកាមាសន្លប់បាត់ស្មារតីយូរណាស់ទៅហើយ ។ អ្នកសួរដោយភិតភ័យថា៖

  • ស្លាប់ហើយ ឬអី ?
  • ទេ ! មិនទាន់ស្លាប់ទេ!
  • របួសតិច រឺខ្លាំង ?
  • របួសខ្លាំងណាស់ មិនដឹងជាស្លាប់ ឬរស់ទេ!

អ្នកទាំងអស់គ្នាក៏សែងកាមាយកទៅគេហដ្ឋានព្រះកម្ពុតទាំងយប់ឥតបង្អង់ឡើយ៕

ជំនួយបន្ថែម[កែប្រែ]