វិសាខា
កុមារភាព
[កែប្រែ]នៅថ្ងៃមួយ ពេលមេណ្ឌកសេដ្ឋីបានឮដំណឹងថាព្រះបរមសាស្តាចារ្យមួយអន្លើដោយភិក្ខុសង្ឃកំពុងធ្វើដំណើរមក កាន់ក្រុងភទ្ទិយៈ ទើបចាត់ឲ្យកុមារី វិសាខា និង បរិវាររបស់ខ្លួន ចេញទៅទទួលព្រះពុទ្ធជាម្ចាស់នៅខាងក្រៅក្រុង ខណៈពេល ដែលព្រះអង្គកំពុងសម្រាកព្រះឥរិយាបថនៅទីនោះកុមារី វិសាខា និង បរិវារចូលទៅក្រាបបង្គំ គាល់ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះពុទ្ធទ្រង់សម្តែងព្រះធម៌ទេសនាឲ្យពួកនាងស្តាប់ ពេលចប់ព្រះធម៌ទេសនាភ្លាម កុមារី វិសាខា ដែលមានអាយុ ៧ ឆ្នាំព្រមទាំងបរិវារបានសម្រេចសោតាបត្តិផលទាំងអស់គ្នា ។ ឯមេណ្ឌកសេដ្ឋី កាលបើព្រះសាស្តានិមន្តមកដល់ហើយទើបប្រញាប់ចូលទៅគាល់ហើយបានស្តាប់ព្រះធម៌ទេសនា ក៏បានសម្រេចសោតាបត្តិផលដូចគ្នា ហើយបានក្រាបអារាធនានិមន្តព្រះសាស្តាមួយអន្លើដោយព្រះភិក្ខុសង្ឃ ឲ្យទទួលអាហារបិណ្ឌបាតនៅផ្ទះរបស់ខ្លួនអស់រយៈពេល ១៥ ថ្ងៃចាប់តាំងពីព្រះសាស្តាទ្រង់ប្រថាប់នៅក្នុងភទ្ទិយ នគរនោះ។
ថ្លែងពីព្រះបាទបសេនទិកោសលក្រុងសាវត្ថី និង ព្រះបាទពិម្ពិសារក្រុងរាជគ្រឹះមានសម្ព័ន្ធភាពគ្នាជិតដិតដោយ សារបានព្រះរាជភគិនី (ប្អូនស្រី) នៃគ្នា និងគ្នាជាមហេសី ហើយដោយក្នុងក្រុងសាវត្ថីនៃព្រះបាទបសេនទិកោសល នោះ មិនមានត្រកូលសេដ្ឋីណាៗមានទ្រព្យសម្បត្តិច្រើនឡើយថែមទាំងបានដឹងថាក្នុងក្រុងរាជគ្រឹះនៃព្រះបាទ ពិម្ពិសារនោះ មានសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភរាប់មិនអស់ដល់ទៅ ៥ ត្រកូលឯណោះ ។ ដូច្នេះទើបព្រះបាទបសេនទិកោសលស្តេចយាងមកកាន់ក្រុងរាជគ្រឹះចូលបង្គំគាល់ព្រះបាទពិម្ពិសារដើម្បីទូលចែងសូមព្រះរាជានុញ្ញាតព្រះរាជទានត្រកូលសេដ្ឋីមួយដើម្បីឲ្យប្តូរទៅនៅក្នុងក្រុងសាវត្ថី ឮ ។ ព្រះបាទពិម្ពិសារទ្រង់ព្រះសណ្តាប់ហើយ ក៏ទ្រង់តបថាការផ្លាស់ប្តូរត្រកូលធំៗត្រឹមត្រកូលមួយក៏ដូចជាផែនដីទ្រុឌទៅហើយប៉ុន្តែដើម្បីរក្សាសម្ព័ន្ធមេត្រីភាព ព្រះអង្គបានប្រឹក្សាជាមួយនឹងមហាអាមាត្យទាំងឡាយហើយ ក៏យល់ឃើញត្រូវគ្នាថាគួរតែប្តូរត្រកូលធនញ្ជ័យសេដ្ឋី ឲ្យទៅនៅក្នុងក្រុងសាវត្ថីជាមួយនឹងព្រះបាទបសេនទិកោសល។ ធនញ្ជ័យសេដ្ឋីបានដឹកជញ្ជូនទ្រព្យសម្បត្តិមួយ អន្លើដោយបរិវារ និង សត្វចិញ្ចឹមធ្វើដំណើរទៅកាន់ក្រុងសាវត្ថីជាមួយនឹងព្រះបាទបសេនទិកោសល។ ក្នុងរវាង ការធ្វើដំណើរចូលដល់ខេត្តដែនរបស់ព្រះបាទបសេនទិកោសល និង ឈប់សម្រាកពាក់កណ្តាលផ្លូវពេលយប់ មុនចូលទីក្រុងនោះ កន្លែងបរិវេណ ភូមិប្រទេស ដែលស្នាក់អាស្រ័យនោះជាជ័យភូមិល្អណាស់ ទាំងខ្លួនឯងក៏ មានបរិវារមកជាមួយច្រើន បើទៅកសាងផ្ទះសម្បែងក្នុងទីក្រុងនោះវានឹងចង្អៀត ទើបបង្គំទូលសូមព្រះរាជានុញ្ញាតសាងស្រុក និង ទីក្រុងនៅទីនោះតែម្តងដោយដាក់ឈ្មោះថ្មីថា ក្រុងសាកេត ដែលនៅមិនឆ្ងាយពីក្រុងសាវត្ថី ប្រមាណ ៧ យោជន៍ ។
អាពាហ៍ពិពាហ៍
[កែប្រែ]ក្នុងក្រុងសាវត្ថីនោះ មានត្រកូលសេដ្ឋីមួយ ដែលគេធ្លាប់ស្គាល់ថា មិគារសេដ្ឋី ។ សេដ្ឋីនេះមានកូនប្រុសមួយឈ្មោះ បុណ្ណវឌ្ឍនកុមារ លុះចម្រើនវ័យធំឡើងល្មមរៀបការបានហើយ មាតាបិតាក៏អង្វរឲ្យកូនរៀបការដើម្បីបន្តវង្សត្រកូល តែបុណ្ណវឌ្ឍនមាណព មិនប្រាថ្នាសោះ ។ លុះដល់មាតាបិតាទទូចខ្លាំងពេក ទើបគេរកឧបាយដើម្បីគេចវេះ ដោយប្រាប់ឳពុកម្តាយថា បើសិនបានស្រ្តីមានលម្អ ៥ យ៉ាង ដែលហៅថា បញ្ចពិធកល្យាណី នោះគេនឹងព្រមរៀបការភ្លាម ។
ស្រ្តីមានលម្អ ៥ យ៉ាង
[កែប្រែ]
១-កេសកល្យាណ ស្រ្តី ដែលមានសក់ល្អវែងដល់ចង្កេះ និង ចុងសក់បះឡើងដោយធម្មជាតិ
២-មំសកល្យាណ ស្រ្តី ដែលសាច់ល្អ គឺមានបបូរមាត់ក្រហមដូចកុលាបក្រហម និង សាច់រាបស្និទ្ធជិតល្អ
៣-អដ្ឋិកល្យាណ ឆ្អឹងល្អ គឺស្រ្តី ដែលមានធ្មេញព័ណ៌សដូចស័ង្ខ និង រាបស្មើល្អ
៤-ឆវិកល្យាណ សម្បុរល្អគឺស្រ្តី ដែលមានសម្បុរម៉ដ្ឋខៃ បើខ្មៅក៏ខ្មៅដូចផ្កាឧប្បលខៀវ បើសក៏សដូចផ្កាកណ្ណិកា
៥-វយកល្យាណ វ័យល្អគឺស្រ្តីសូម្បីតែធ្លាប់សម្រាលកូន ១០ ដងហើយ ក៏គង់សភាពនៅដូចស្រ្តីទើបតែ សម្រាលកូនម្តង ។
ដំណើរស្វែងរក បញ្ចពិធកល្យាណី ស្ត្រីគ្រប់លក្ខណ៍
[កែប្រែ]មាតាបិតាកាលបើបានស្តាប់កូនថាដូច្នេះហើយ ក៏ឲ្យអញ្ជើញព្រាហ្មណ៍អ្នកជំនាញលក្ខណៈមកសួរថាចុះស្រ្តីមាន លម្អគ្រប់ ៥ យ៉ាងដូច ដែលថាហ្នឹងមានឬទេ ? ពួកព្រាហ្មណ៍ក៏ឆ្លើយថាមានហើយក៏បញ្ជូនព្រាហ្មណ៍ទាំងនោះទៅស្វែងរកក្នុងនគរតូចធំដោយផ្តល់កម្រងផ្កា និង គ្រឿងមាសទៅជាមួយដែរ ។
ពួកព្រាហ្មណ៍ទាំងឡាយបានធ្វើដំណើរស្វះស្វែងរកតាមខេត្តក្រុងតូចធំផ្សេងៗរហូតទៅដល់ទីក្រុងសាកេត ក៏បានជួបនាង វិសាខា មានលក្ខណៈខាងក្រៅត្រឹមត្រូវតាមតម្រាស្រ្តីគ្រប់ប្រការ ខណៈពេលនាង និង ស្រ្តីបរិវារចេញមកលេងទឹកនាកំពង់ទឹកមួយ ជួនជាចៃដន្យពេលនោះភ្លៀងធ្លាក់យ៉ាងខ្លាំង ស្រ្តីជាបរិវារទាំងឡាយនាំគ្នារត់ជ្រកទឹក ភ្លៀងចូលទៅក្នុងសាលា ចំណែកឯនាង វិសាខា នៅដើរព្រងើយតាមប្រក្រតីធ្វើឲ្យពួកព្រាហ្មណ៍ទាំងនោះចម្លែកក្នុង ចិត្តថែមទាំងចង់ឃើញលក្ខណៈធ្មេញរបស់នាងផងទើបសួរទៅនាងថា ហេតុអ្វីនាងមិនរត់ដូចអ្នកផ្សេងដែរ ?
នាង វិសាខា ឆ្លើយតបថា បុគ្គល ៤ ពួកនៅពេលរត់ មើលទៅមិនល្អភ្នែក
[កែប្រែ]
១-ព្រះរាជា ព្រះអង្គទ្រង់ប្រដាប់គ្រឿងអាភរណៈ (គ្រឿងប្រដាប់កាយ) គ្រប់យ៉ាង
២-បព្វជិត អ្នកគ្រងសំពត់កាសាវពស្តុ
៣-ស្រ្តី បើរត់មិនត្រឹមតែមិនល្អមើលទេ ប៉ុន្តែថែមទាំងអាចកើតអន្តរាយនាំឲ្យដួលរបួស ឬពិការខូចសម្ផស្ស ដែលនាំឲ្យបាត់បង់តម្លៃស្រ្តី
៤-ដំរីមង្គល មានខ្លួនប្រដាប់ដោយគ្រឿងអាភរណៈសម្រាប់ដំរីគ្រប់យ៉ាង ។
ព្រាហ្មណ៍ទាំងឡាយបានឃើញបញ្ញាដ៏ឆ្លៀវឆ្លាត និង គុណសម្បត្តិបញ្ចពិធកល្យាណីគ្រប់ប្រការរបស់នាងវិសាខាហើយក៏សូមឲ្យនាងនាំទៅផ្ទះរបស់ខ្នាងដើម្បីធ្វើការស្តីដណ្តឹងនាងតាមប្រពៃណី ។ពេលបានសួរដឹងពីជាតិត្រកូល និង ទ្រព្យសម្បត្តិឃើញថាស្មើគ្នាហើយ ទើបព្រាហ្មណ៍បំពាក់កម្រងផ្កាឲ្យនាង វិសាខា ហើយកំណត់យកថ្ងៃវិវាហមង្គល ។
ឯធនញ្ជ័យសេដ្ឋីបានប្រើឲ្យជាងមាសធ្វើគ្រឿងប្រដាប់ឈ្មោះមហាលតាបសាធនៈ ដើម្បីប្រគល់ឲ្យកូនស្រី ដែល ជាគ្រឿងប្រដាប់ប្រភេទពិសេស មានប្រវែងតាំងពីក្បាលដល់ចុងជើង សម្រេចដោយមាស និង រតនៈ ផ្សេងៗមាន តម្លៃ ៩ កោដិកហាបណៈ និង ថ្លៃឈ្នួល ១ សែនកហាបណៈទៀត ។ គ្រឿងប្រដាប់នេះ ស្រ្តីដទៃៗមិនអាចពាក់បាន ទេព្រោះធ្ងន់ណាស់ ក្រៅពីនេះធនញ្ជ័យសេដ្ឋីនៅប្រគល់មាសប្រាក់របស់ប្រើប្រាស់ព្រមទាំងស្រ្តីបរិវារ និង គោដ៏ច្រើនអនេករាប់មិនអស់ជាមួយនឹងកុដុម្ពីអ្នកជំនាញការផ្នែកផ្សេងៗជាទីប្រឹក្សាជួយមើលថែនាង ៨ នាក់ទៀតផង មុននឹងបញ្ជូនកូនស្រីទៅខាងត្រកូលប្តី ។
ធនញ្ជ័យសេដ្ឋី បានអប់រំមារយាទសម្បត្តិកុលស្រ្តី ដល់កូនស្រី ១០ ប្រការ
[កែប្រែ]
១-ឱវាទថា កុំនាំភ្លើងចេញក្រៅផ្ទះ គឺថាកុំយកសេចក្តីមិនល្អរបស់ឪពុកក្មេកម្តាយក្មេក ឬស្វាមីចេញទៅនិយាយ ឲ្យ អ្នកក្រៅស្តាប់ (កុំបរិហារកេរ្តិ៍ត្រកូលខាងស្វាមី)។
២-ឱវាទថា កុំយកភ្លើងខាងក្រៅចូលផ្ទះ គឺថាបើមានអ្នកស្តីនិន្ទាឪពុកក្មេកម្តាយក្មេក ឬស្វាមីយ៉ាងណាៗ កុំឲ្យនាំ រឿងទាំងនោះមកនិយាយឲ្យអ្នកផ្ទះស្តាប់ ។
៣-ឱវាទថា ត្រូវឲ្យវត្ថុដល់អ្នកដែលគួរឲ្យប៉ុណ្ណោះ គឺថាគួរឲ្យរបស់ដល់អ្នកខ្ចីណា ដែលចេះយកមកសងវិញ ។
៤-ឱវាទថា កុំឲ្យវត្ថុដល់អ្នក ដែលមិនគួរឲ្យ គឺថា មិនគួរឲ្យរបស់កម្ចីដល់អ្នក ដែលមិនសងវិញ ។
៥-ឱវាទថា ឲ្យដល់អ្នក ដែលគួរ និង មិនឲ្យដល់អ្នក ដែលមិនគួរឲ្យ គឺថាពេលមានញាតិមិត្តក្រកម្សត់មក សូមឲ្យជួយ សូមពំនាក់អាស្រ័យ ពេលឲ្យទៅហើយ គេសងក្តីមិនសងក្តីក៏គួរឲ្យ ។
៦-ឱវាទថា ឲ្យចេះអង្គុយជាសុខ គឺថាឲ្យចេះអង្គុយក្នុងកម្រិតរវាងឪក្មេក ម៉ែក្មេក និង ស្វាមី ។
៧-ឱវាទថា ឲ្យចេះដេកជាសុខ គឺថា គួរតែដេកក្រោយឪពុកក្មេកម្តាយក្មេក និង ស្វាមី ។
៨-ឱវាទថា ឲ្យចេះញ៉ាំជាសុខ គឺថាគួរចេះចាត់អាហារឲ្យឪពុកក្មេកម្តាយក្មេកបរិភោគហើយ ខ្លួនទើបហូបជា ក្រោយ ។
៩-ឱវាទថា ត្រូវចេះបម្រើភ្លើង គឺថាត្រូវដឹងខ្លួនជានិច្ចថា ឪពុកក្មេកម្តាយក្មេក និង ស្វាមីប្រៀបដូចជាភ្នក់ភ្លើង ឬ នាគរាជ ដែលខ្លួនត្រូវបម្រើ ។
១០-ឱវាទថា ត្រូវចេះគោរពទេវតាខាងក្នុង គឺថាត្រូវដឹងខ្លួនជានិច្ចថា ឪពុកក្មេក ម្តាយក្មេក និង ស្វាមីប្រៀបដូច ទេវតា ដែលខ្លួនត្រូវតែគោរព ។
រៀបចំគ្រឿងប្រដាប់ និង មហាលតាបសាធនៈ
[កែប្រែ]ធនញ្ជ័យសេដ្ឋីបានកំណត់ឲ្យពេល ៤ ខែក្នុងការចាត់ការត្រៀមទ្រព្យសម្បត្តិដើម្បីឲ្យនាង វិសាខា ប្រើប្រាស់ពេល ដែលនាងទៅនៅខាងត្រកូលស្វាមី ។ គ្រាន់តែគ្រឿងប្រដាប់មហាលតាបសាធនៈតែម្យ៉ាងក៏ត្រូវចំណាយពេលដល់ទៅ ៤ ខែ ទើបធ្វើរួច ។ លុះដល់ពេលកំណត់ហើយ នាង វិសាខា ក៏បានចេញដំណើរទៅកាន់ត្រកូលស្វាមី មួយអន្លើដោយពួកបរិវារ និង មាសប្រាក់ច្រើនអនេកអនន្តព្រមទាំងមានគោ ក្របី យ៉ាងច្រើន ដែលបិតានាងចាត់ឲ្យ ។ ទោះជាដូច្នោះក៏ដោយគោ ក្របី មួយចំនួនទៀតនៅទំលាយក្រោលរត់ទៅតាមដង្ហែនាង ។ ទាំងនេះក៏ព្រោះអានិសង្ស ដែលនាងបានសាងក្នុងអតីតជាតិ គឺក្នុងកាល ដែលនាងសោយជាតិជារាជធីតានៃព្រះបាទកិកិ ក្នុងសម័យនៃព្រះពុទ្ធព្រះនាម កស្សបៈ ។ នាងបានប្រគេនចង្ហាន់ និង បង្អែមដល់ភិក្ខុ និង សាមណេរឆាន់ជាប្រចាំនៅខណៈពេល ដែលភិក្ខុ និង សាមណេរ ទាំងនោះពោលថា ល្មមហើយៗ ក៏ដោយ ក៏នាងនៅតែមានបន្ទូលថា "លោកម្ចាស់ របស់នេះឆ្ងាញ់ របស់នេះគួរឆាន់ ហើយក៏ប្រគេនថែមពីលើទៀត ។ ដោយអានិសង្ស នៃការប្រគេនថែមនេះទើបបណ្តាលឲ្យគោ ក្របី ទាំងនោះ សូម្បីតែគេបិទទ្វារក្រោលហើយក៏ដោយ ក៏ពួកវានៅតែទម្លាយក្រោល ចេញទៅតាមនាងដែរ ។
ជីវភាពជាភរិយា, កូនប្រសារស្រី, និង ឧបដ្ឋាកនៃពុទ្ធសាសនា
[កែប្រែ]ទំនាស់ជាមួយបិតាក្មេក និង អ្នកបួសនិកាយអចេលកៈ
[កែប្រែ]ពេលនាងបានមកនៅ ក្នុងត្រកូលខាងស្វាមីហើយ ដោយអាស្រ័យនាងជាស្រ្តីធ្លាប់បានទទួលការអប់រំយ៉ាងល្អតាំងតែពីក្មេង និង ជាស្រ្តីមានសតិបញ្ញាឆ្លៀវឆ្លាត មានទឹកចិត្តល្អ ចរចាពីរោះ ចេះគោរពចាស់ទុំ ទើបនាងបានជាទីស្រឡាញ់ ពេញចិត្តរបស់មនុស្សទូទៅ លើកលែងតែមិគារសេដ្ឋីជាបិតាក្មេកម្នាក់ប៉ុណ្ណោះ ដែលមានចិត្តបែងចែកចំពោះអ្នកបួស ព្រោះគាត់គោរពអចេលក៍ អាក្រាតកាយ ។ សេដ្ឋីចាត់ពួកគេថាជា ព្រះអរហន្ត ហើយថ្ងៃមួយបាននិមន្តពួកអចេលក៍ទាំងនោះ មកឆាន់នៅផ្ទះរបស់គាត់ ទាំងបានបញ្ជាឲ្យនាងមកថ្វាយបង្គំព្រះអរហន្ត និង ជួយចាត់ចែងអាហារបរិភោគដល់ពួកអចេលក៍ទាំងនោះផង ។ ឯនាង វិសាខា ជាអរិយសាវិកាសោតាបន្នបុគ្គលម្នាក់ ត្រឹមតែឮពាក្យថាព្រះអរហន្តប៉ុណ្ណោះ នាងក៏មានបីតិសោមនស្ស រីករាយទៅកាន់ផ្ទះបិតាក្មេកជាប្រញាប់ ។ ប៉ុន្តែ នៅពេលឃើញពួកអចេលក៍អាក្រាតកាយភ្លាម នាងក៏តក់ស្លុត ទើបពោលថា ពួកដែលគ្មានសេចក្តីអៀនខ្មាសទាំងនេះ តើជាព្រះអរហន្តបានយ៉ាងម៉េចកើត! ហើយក៏បានពោល តិះដៀលសេដ្ឋី រួចត្រឡប់មកផ្ទះរបស់ខ្លួនវិញ ។
ក្រោយមក ខណៈពេល ដែលសេដ្ឋីជាបិតាក្មេកកំពុងបរិភោគអាហារ និង មាននាង វិសាខា នៅបម្រើប្រណិប័តន៍ផ្ទាល់ មានព្រះថេរៈមួយអង្គត្រាច់បិណ្ឌបាតឆ្លងកាត់មកឈរមុខផ្ទះមិគារសេដ្ឋី ។ នាង វិសាខា ដឹងច្បាស់ថា សេដ្ឋីទោះជាឃើញព្រះថេរៈហើយក៏ធ្វើពុតដូចជាមិនឃើញ ទើបនាងពោលទៅកាន់ព្រះថេរៈថា "និមន្តព្រះគុណម្ចាស់ទៅផ្ទះខាងមុខទៀតចុះ លោកសេដ្ឋីកំពុងបរិភោគរបស់ចាស់!" មិគារសេដ្ឋីគ្រាន់តែឮពាក្យនេះភ្លាម ក៏ខឹងច្រឡោតខ្លាំង ឈប់បរិភោគអាហារ រួចបញ្ជាឲ្យអ្នកបម្រើចាប់បណ្តេញនាង វិសាខា ចេញពីផ្ទះ ប៉ុន្តែមិនមានអ្នកណាហ៊ានចូលមកចាប់នាង វិសាខា ។ នាង វិសាខា ក៏បានជូនដំណឹងនេះដល់កុដុម្ពីទាំង ៨ នាក់ ដែលឪពុកបញ្ជូនមកជួយមើលថែនាង ឲ្យបានដឹងមុន ។ នៅពេល ដែលមិគារសេដ្ឋីឲ្យអញ្ជើញកុដុម្ពីទាំង ៨ នាក់នោះមកដើម្បីប្រាប់អំពីទោសរបស់នាង វិសាខា ។ នាង វិសាខា ក៏បានបង្ហាញសេចក្តីនោះថា ការដែលនាងនិយាយថា មិគារសេដ្ឋី កំពុងបរិភោគរបស់ចាស់នោះ គឺមានន័យថា សេដ្ឋីកំពុងបរិភោគបុណ្យចាស់ មិនមែនបរិភោគអាហារសេសសល់ ឬ ផ្អូមរលួយចាស់ៗ នោះទេ ។ កុដុម្ពីទាំង ៨ នាក់ទើបពោលនឹងមិគារសេដ្ឋីថា រឿងនេះនាង វិសាខា មិនមានទោសទេ ។ ពេលសេដ្ឋីបានឮពាក្យរបស់កូនប្រសាស្រីហើយ ក៏បាត់ខឹងបាត់គំនុំ ទាំងពោលសុំទោសនាង ហើយអនុញ្ញាតឲ្យនាង វិសាខា ទៅនិមន្តព្រះសាស្តាមួយអន្លើដោយភិក្ខុសង្ឃមកទទួលអាហារបិណ្ឌបាតក្នុងផ្ទះរបស់ខ្លួនទៀត ។
បានឈ្មោះថា មិគារមាតា
[កែប្រែ]ក្នុងខណៈ ដែលនាងកំពុងចាត់ចែងភត្តាហារដើម្បីព្រះសាស្តា និង ភិក្ខុសង្ឃនោះ នាងបានឲ្យមនុស្សទៅអញ្ជើញមិគារសេដ្ឋី មកថ្វាយភត្តាហារផងដែរ ប៉ុន្តែ នៅពេលគាត់មកដល់ គាត់មិនហ៊ានចេញទៅចំពោះព្រះភក្ត្រព្រះបរមសាស្តា ព្រោះមិនមានសទ្ធាជ្រះថ្លា ទើបសម្ងំអែបនៅក្រោយផ្ទាំងវាំងនន ។ ក្រោយពីព្រះបរមសាស្តាបានសម្រេចភត្តកិច្ច ព្រះអង្គបានសម្តែងព្រះធម៌ទេសនា ។ ចំណែកមិគារសេដ្ឋី ទោះជានៅខាងក្រោយវាំងននមែន ប៉ុន្តែគាត់មាន ឱកាសស្តាប់ព្រះធម៌រហូតចប់ថែមទាំងបានសម្រេចសោតាបត្តិផលប្រកបដោយសម្មាទិដ្ឋិ ទៀតផង ។ រំពេចនោះ មិគារសេដ្ឋី បានចេញពីវាំងននសំដៅទៅរកនាង វិសាខា ហើយយកមាត់ខ្លួនទៅបឺតដោះនាង វិសាខា ជាកូនប្រសាខ្លួន ហើយប្រកាសប្រាប់គេឯងឲ្យដឹងឮថា តាំងតែពីពេលនេះទៅ សូមនាងចូរជាមាតារបស់ខ្ញុំ ។ ហើយតាំង តែពីពេលនោះមកនាង វិសាខា ក៏បានឈ្មោះថា មិគារមាតា ។ មនុស្សទូទៅហៅនាងថា វិសាខា មិគារមាតា ។
គុណសម្បត្តិដ៏ប្រពៃ និង កម្លាំងដ៏អស្ចារ្យ
[កែប្រែ]បណ្តាឧបាសិកាទាំងឡាយ នាង វិសាខា រាប់ថាជាអ្នកមានបុណ្យសន្សំមកតាំងពីអតីតជាតិយ៉ាងពិសេសក្រៃលែង ជាងឧបាសិកានានា ច្រើនប្រការដូចជា ៖
១-ជាស្រ្តីមានវ័យល្អ គឺទោះជានាងមានអាយុច្រើន មានកូនប្រុសស្រីដល់ទៅ ២០ នាក់ ។ កូនទាំងនោះបានរៀប ការមានកូនម្នាក់ៗ ២០ ៗ នាង វិសាខា មានចៅទាំងអស់ ៤០០ នាក់ ។ ចៅទាំងនោះរៀបការមានកូនទៀតម្នាក់ៗ ២០ៗ នាងមានចៅទាំងអស់ ៨០០០ នាក់ ។ រួមទាំងអស់បាន ៨៤២០ នាក់ ដែលមានដើមកំណើតមកពីនាង វិសាខា តែម្នាក់ ។ នាងមានអាយុវែងបានឃើញកូន និង ចៅ និង ចៅទួតគ្រប់គ្នា ។ នាង វិសាខា មានអាយុវែងដល់ ១២០ ឆ្នាំ តែខណៈពេល ដែលនាងអង្គុយក្នុងចំណោមកូន, ចៅ និង ចៅទួតទាំងនោះ នាងក៏មានលក្ខណៈវ័យ ប្រហាក់ប្រហែលនឹងពួកគេនឹងដែរ ។ មនុស្សដទៃនឹងមិនដឹងថានរណាជានាង វិសាខា ទេ តែនៅនាងក្រោកឡើង ទើបគេដឹងបាន ព្រោះមនុស្សកម្លោះក្រមុំនៅពេល ដែលក្រោកឡើង គេក៏ក្រោកភ្លាម តែសម្រាប់នាងជាមនុស្ស ចាស់វិញ ត្រូវយកដៃច្រតដីរុញឡើងជំនួយផង និង ត្រូវលើកគូថឡើងមុនផង នោះហើយគឺនាង វិសាខា គេដឹង ដោយអាការៈដូច្នេះ ។
២-នាងមានកម្លាំងស្មើនឹងកម្លាំងដំរី ៥ ក្បាលរួមគ្នាសម័យមួយព្រះរាជាមានព្រះរាជប្រាថ្នាដើម្បីសាកល្បងកម្លាំង របស់នាង ទើបចេញរាជបញ្ជាឲ្យលែងដំរីច្រើនក្បាលដើម្បីឲ្យរត់ជល់នាង ។ នាង វិសាខា ឃើញដំរីរត់តម្រង់មករក នាងទើបគិតថា បើអញទទួលដំរីនេះដោយដៃម្ខាងហើយរុញទៅ ដំរីនឹងមានក្តីអន្តរាយដល់ជីវិត អញក៏បាបអញ គួររក្សាជីវិតដំរីចុះ ទើបនាងចាប់ដំរីត្រង់ប្រមោយតែម្រាមពីរប៉ុណ្ណោះហើយច្រានដំរីទៅ ដំរីនោះក៏ដួលខ្ពោកតែម្តង តែមិនងាប់ ។
ដោយគុណសម្បត្តិនេះជនទាំងឡាយនៅពេលចាត់ពិធីមង្គលផ្សេងៗក្នុងផ្ទះរបស់ខ្លួនតែងតែអញ្ជើញ នាងមកជាប្រធានក្នុងការចាត់ការពិធីនោះៗ សូម្បីតែអាហារក៏អញ្ជើញឲ្យនាងបរិភោគមុនដែរដើម្បីជាសិរី មង្គល ។ ដោយហេតុនេះហើយ នាងទើបមិនសូវមានពេលមើលថែប្រណិប័តន៍ព្រះភិក្ខុសង្ឃ ដែលនិមន្តមកឆាន់ ក្នុងផ្ទះរបស់ខ្លួនត្រូវប្រគល់ភារៈនេះដល់កូនៗ និង ចៅៗធ្វើជំនួសវិញ ។
ទុក្ខសោកកើតពីការបាត់បង់ចៅសម្លាញ់
[កែប្រែ]សម័យមួយ ព្រះមានព្រះភាគប្រថាប់គង់នៅក្នុងវត្តបុព្វារាម ដែលនាងសាងថ្វាយព្រះពុទ្ធជាម្ចាស់ក្នុងក្រុងសាវត្ថី ។ ខណៈនោះ ចៅសម្លាញ់បំផុតរបស់ នាង វិសាខា ម្នាក់ឈ្មោះ សុទត្តី បានមរណភាព ដែលធ្វើឲ្យនាង វិសាខា យំសោកស្តាយគ្រាំគ្រាចិត្តជាខ្លាំងព្រោះនឹក ដល់ចៅសម្លាញ់ នាងបានចូលទៅគាល់ព្រះដ៏មានព្រះភាគទាំងនៅយំបណ្តើរ ។ ព្រះពុទ្ធជាម្ចាស់ទោះជាព្រះអង្គ ជ្រាបសព្វគ្រប់ប្រការហើយក៏ទ្រង់នៅសាកសួរហេតុ ដែលនាងយំថា ម្នាល វិសាខា ក្នុងក្រុងសាវត្ថីនេះនាងត្រូវការ កូនចៅប៉ុន្មាននាក់ ? បពិត្រព្រះអង្គដ៏ចម្រើន! នាងខ្ញុំត្រូវការកូនចៅក្នុងនគរសាវត្ថីនេះទាំងអស់ព្រះពរម្វាស់! ។ ម្នាល វិសាខា ចុះក្នុងក្រុងសាវត្ថីនេះ មានមនុស្សស្លាប់មួយថ្ងៃប៉ុន្មាននាក់ ? បពិត្រព្រះអង្គដ៏ចម្រើន! ក្នុងក្រុងនេះ មានមនុស្សស្លាប់ក្នុងមួយថ្ងៃម្នាក់ខ្លះ ពីរនាក់ខ្លះ មានថ្ងៃខ្លះក៏ ១០ នាក់ ព្រះពរម្ចាស់ ! ។ ម្នាល វិសាខា តថាគតសូមប្រាប់នាងថា សេចក្តីទុក្ខ ការសោកសៅទង្គឹះខ្សឹកខ្សួល ដែលមនុស្សទាំងឡាយជួបប្រទះនៅក្នុងលោកនេះ ព្រោះអាស្រ័យសត្វ និង សង្ខារជាទីស្រឡាញ់ពេញចិត្ត បើមិនមានសត្វ និង សង្ខារជាទីស្រឡាញ់ហើយ សេចក្តីទុក្ខ ការសោកសៅទង្គឹះខ្សឹកខ្សួលទាំងនោះក៏មិនមានដែរ ពួកគេក៏នឹងមានតែសេចក្តីសុខ ដូច្នេះអ្នកប្រាថ្នាចង់បានសេចក្តីសុខ ក៏មិនគួរប្រកាន់យកសត្វ និង សង្ខារឲ្យជាទីស្រឡាញ់ពេញចិត្ត ។ នាង វិសាខា នៅពេលបានស្តាប់ព្រះតម្រាស់របស់ព្រះអង្គចប់ហើយ ក៏រំសាយសេចក្តីសោកសៅទៅតែដោយសារនាងមានកូន និង ចៅច្រើននាក់ពេក ក្រោយមកមិនយូរប៉ុន្មាន ចៅម្នាក់ទៀត ដែលនាងប្រគល់ភារៈនាទីឲ្យចាត់ការប្រណិប័តន៍ព្រះភិក្ខុសង្ឃ ដែលមក ឆាន់ឯផ្ទះនាង ក៏ដល់នូវមរណភាព នាងក៏នៅតែខូចចិត្តយំសោកស្តាយអាឡោះអាល័យចៅជាលើកទីពីរ ហើយ ព្រះពុទ្ធជាម្ចាស់ក៏ទ្រង់ទេសនាឲ្យនាងស្តាប់ដូចគ្រាមុនទៀត ។
ការសាងវត្តបុព្វារាមថ្វាយដល់ព្រះពុទ្ធ
[កែប្រែ]និយាយដល់វត្តបុព្វារាម ក៏មានហេតុ ដែលធ្វើឲ្យ នាង វិសាខា សាងថ្វាយដល់ព្រះពុទ្ធជាម្ចាស់ ។ ជាធម្មតា នាងតែងទៅវត្តពីរពេលក្នុងមួយថ្ងៃ ។ នៅពេលទៅវត្តនាង តែងតែមិនទៅដោយដៃទទេ ។ បើវេលាព្រឹក នាងតែងមានអាហារខាទនីយៈ និង ភោជនីយៈទៅប្រគេនដល់ភិក្ខុ សង្ឃ ។ បើវេលាល្ងាច នាងតែងមានភេសជ្ជៈអដ្ឋបាន ទៅប្រគេនដែរព្រោះនាងមានទម្លាប់ដូច្នេះជាប្រចាំទើបជាហេតុ ដែលធ្វើឲ្យភិក្ខុ សាមណេរ និង ឧបាសកឧបាសិកាដឹងគ្រប់ៗគ្នា។ សូម្បីតែនាងផ្ទាល់ បើថ្ងៃណាមិនមានរបស់អ្វីទេក៏នាងមិនហ៊ានទៅវត្តដែរ ព្រោះខ្មាសភិក្ខុសាមណេរ ដែលតែងតែរំពៃមើលដៃនាងថាតើថ្ងៃនេះនាងបានស្អីមកវត្ត ? ហើយមុនពេលនាងត្រឡប់ទៅវិញ នាងតែងតែដើរសាកសួរសុខទុក្ខភិក្ខុសាមណេរ និង បំណងប្រាថ្នា របស់លោកផង និង សួរសុខទុក្ខភិក្ខុសាមណេរអាពាធផងគ្រប់ៗព្រះអង្គទើបត្រឡប់ទៅ ។ ថ្ងៃមួយនាងបានដោះ គ្រឿងប្រដាប់ មហាលតាបសាធនៈឲ្យស្រ្តីបម្រើម្នាក់កាន់ ។ ក្រោយពេលចប់កិច្ចស្តាប់ព្រះធម៌ទេសនា និង ដើរសួរសុខទុក្ខភិក្ខុសាមណេររួចហើយ ខណៈដែលធ្វើដំណើរទៅផ្ទះនាងបានប្រើឲ្យស្រ្តីបម្រើយកគ្រឿងប្រដាប់មកពាក់ តែស្រ្តីបម្រើបានភ្លេចទុកនៅសាលាស្តាប់ធម៌ ទើបនាងឲ្យស្រ្តីបម្រើត្រឡប់ទៅយកមកដោយប្រាប់ថាបើសិន ព្រះអានន្ទរើសទុក មិនបាច់យកមកទេ ឲ្យប្រគេនលោកតែម្តងទៅ ព្រោះនាងគិតថានឹងមិនប្រដាប់គ្រឿងប្រដាប់ ណា ដែលភិក្ខុសាមណេរប៉ះពាល់ហើយ ព្រោះធម្មតាព្រះអានន្ទតែងតែរើសរបស់ ដែលញាតិញោមភ្លេចចោលក្នុង វត្តជានិច្ច ហើយវាក៏ដូចនឹងអ្វីដែលនាងបានគិតទុកមែន តែនាងក៏គិតឃើញម្យ៉ាងទៀតថា គ្រឿងប្រដាប់នេះនឹង មានប្រយោជន៍ដល់ព្រះថេរៈទាំងឡាយផង ដូច្នេះហើយទើបនាងសូមទទួលមកវិញទៅលក់ក្នុងតម្លៃ ៩ កោដិ និង ១ សែនកហាបណៈតាមតម្លៃដើម ប៉ុន្តែមិនមាននរណាមានទ្រព្យសម្បត្តិដើម្បីទិញរបស់នេះសោះនាងក៏ ចេញលុយកាក់ទិញគ្រឿងប្រដាប់នេះដោយខ្លួនឯង ហើយនាំមកទិញទីដី និង គ្រឿងប្រដាប់ប្រដារកសាងវត្តអារាមដើម្បីជាទីប្រថាប់គង់នៅនៃព្រះសាស្តា និង ជាទីនៅចាំព្រះវស្សារបស់ភិក្ខុសង្ឃសាមណេរផង ។ ព្រះពុទ្ធជា ទ្រង់ចាត់ឲ្យព្រះមោគ្គល្លានមើលខុសត្រូវលើការកសាង ដែលមានលក្ខណៈជាប្រាសាទពីរជាន់ និង មានបន្ទប់ សម្រាប់ភិក្ខុសាមណេរគង់នៅ ៥០០ បន្ទប់ ប្រើពេលវេលាកសាងអស់ ៩ ខែ ទើបសម្រេចហើយបានដាក់នាមថា វត្តបុព្វារាម ។
នាង វិសាខា ទូលសូមពរប្រគេន សំពត់សាដក ដល់ភិក្ខុ
[កែប្រែ]មហាឧបាសិកា វិសាខា ជាធម្មតានាងតែងតែក្រាបទូលអារាធនាព្រះពុទ្ធជាម្ចាស់ និង ភិក្ខុសង្ឃមក ឆាន់ភត្តាហារនៅផ្ទះនាងជាប្រចាំ ។ ថ្ងៃមួយ នៅពេល ដែលនាងបានត្រៀមភត្តាហារស្រេចបាច់ហើយក៏ប្រើឲ្យស្រ្តីបម្រើទៅនិមន្តព្រះមានព្រះភាគ និង ភិក្ខុសង្ឃមកឆាន់ ។ ស្រីបម្រើតែងតែមកតាមប្រក្រតីដូចសព្វដង តែថ្ងៃនោះមានភ្លៀងធ្លាក់ ព្រះភិក្ខុសង្ឃក៏នាំគ្នាស្រង់ទឹកអាក្រាតកាយ ពេលនាងស្រីបម្រើមកឃើញ ក៏ភ័យតក់ស្លុតព្រោះ ជាស្រីមានបញ្ញាតិចគិតថាជាពួកអចេលក៍អាក្រាតកាយ ទើបនាងប្រញាប់ត្រឡប់ទៅប្រាប់នាង វិសាខា ថាបពិត្រ ព្រះនាងម្ចាស់! ថ្ងៃនេះនៅឯវត្តមិនមានភិក្ខុសង្ឃនៅទេ ខ្ញុំឃើញតែពួកអចេលក៍កំពុងអាក្រាតកាយនាំគ្នាងូតទឹក នាង វិសាខា បានស្តាប់សម្តីស្រីបម្រើហើយ ក៏ដោយអាស្រ័យនាងជាព្រះអរិយបុគ្គលថ្នាក់សោតាមានបញ្ញា និង មានភាពស្និទ្ធស្នាលនឹងភិក្ខុសង្ឃផង ទើបនាងយល់ហេតុការណ៍ថា ព្រះបរមសាស្តាទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃមានសំពត់ប្រើប្រាស់តែ ៣ សំរាប់ប៉ុណ្ណោះ គឺចីវរ សម្រាប់ឃ្លុំមួយ, សង្ឃាដិ សម្រាប់បន្ថែមមួយ និង ស្បង់មួយ ដូច្នេះពេល ដែលព្រះភិក្ខុសង្ឃស្រង់ទឹកគឺមិនមានសំពត់សម្រាប់ផ្លាស់ប្តូរទេ ក៏ចាំបាច់ត្រូវតែអាក្រាតកាយហើយ។ ដោយហេតុនេះ ក្រោយពេលភត្តកិច្ចរួចរាល់ហើយនាង វិសាខា ក៏បានក្រាបបង្គំទូលសូមពរដើម្បីប្រគេនសំពត់ស្រង់ទឹក(សំពត់សាដក)ដល់ព្រះភិក្ខុសង្ឃ ព្រះបរមសាស្តាក៏ទ្រង់អនុញ្ញាតឲ្យតាមសំណូមពររបស់នាង ។ ប្រការនេះហើយ នាង វិសាខា ទើបក្លាយជាមនុស្សមុនដំបូងបង្អស់ ដែលបានប្រគេនសំពត់សាដកដល់ព្រះភិក្ខុសង្ឃ ។
នាង វិសាខា បានទទួលឈ្មោះថា មហាឧបាសិកា ជាកំពូលជាងឧបដ្ឋាយិកាទាំងឡាយ ដែលទំនុកបម្រុងព្រះពុទ្ធ សាសនាដោយចតុប្បច្ច័យ ទេយ្យទានផ្សេងៗ ទាំង ដែលបានប្រគេនដល់សង្ឃជារបស់រួម និង ប្រគេនជារបស់ឯក ជនផង ។ ការធ្វើបុណ្យរបស់នាងរាប់ថាគ្រប់លក្ខណៈជាបុញ្ញកិរិយាវត្ថុ ដូចពាក្យ ដែលនាងបានបន្លឺក្នុងថ្ងៃ ដែល សម្ពោធឆ្លងព្រះវិហារបុព្វារាម ដែលនាងសាងថ្វាយនោះថា “ សេចក្តីប្រាថ្នាយ៉ាងណាៗ ដែលយើងតាំងទុកហើយ ក្នុងកាលមុនសេចក្តីប្រាថ្នានោះៗទាំងអស់យើងបានសម្រេចគ្រប់ប្រការហើយ” ។
សេចក្តីប្រាថ្នាទាំងឡាយរបស់នាង វិសាខា
[កែប្រែ]
១-សេចក្តីប្រាថ្នានឹងសាងប្រាសាទ (វិហារ) ដោយឥដ្ឋថ្វាយជាវិហារទាន
២-សេចក្តីប្រាថ្នានឹងប្រគេនគ្រែ តាំង ពូក ខ្នើយ និង សេនាសនភណ្ឌ
៣-សេចក្តីប្រាថ្នានឹងប្រគេនសលាកភត្តជាភោជនាទាន
៤-សេចក្តីប្រាថ្នានឹងប្រគេនសំពត់កាសាវព័ស្ត សំពត់សម្បកឈើ ជាចីវរទាន
៥-សេចក្តីប្រាថ្នានឹងប្រគេនទឹកដោះស្រស់ ទឹកដោះខាប់ ប្រេង ទឹកអំពៅ ទឹកឃ្មុំជាភេសជ្ជទាន។
សេចក្តីប្រាថ្នាទាំងឡាយរបស់នាងសម្រេចគ្រប់ប្រការ ដែលធ្វើឲ្យនាងឆ្អែតកាយ ឆ្អែតចិត្ត ក្រៃពេក ក៏ដើរព័ទ្ធជុំវិញប្រាសាទដែលជាវិហារទាន ព្រមទាំងបានបន្លឺសម្លេងជាឧទានសព្ទដូចបានពោលខាងលើ ។ ចំណែកឯព្រះភិក្ខុសង្ឃទាំងឡាយ ពេលបានឃើញអាកប្បកិរិយារបស់នាងដូច្នោះ ក៏ចម្លែកចិត្ត មិនដឹងជានាងកើតអ្វី ក៏បបួលគ្នាចូលគាល់ព្រះសម្មាសម្ពុទ្ធ ដោយទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន! តាំងពីយើងខ្ញុំព្រះអង្គ បានជួប និង ស្គាល់នាង វិសាខា មកជាយូរ យើងខ្ញុំមិនដែលបានឃើញនាងច្រៀង សម្តែងអាការៈ បែបនេះពីមុនឡើយ ។ ថ្ងៃនេះ នៅកណ្តាលជំនុំកូន និង ចៅ, នាង វិសាខា បានដើរព័ទ្ធប្រាសាទ ហើយបន្លឺសម្លេងរហ៊ឹម ដូចជាកំពុងច្រៀង ។ នាង វិសាខា ប្រហែលជាមានចិត្តកំរើប ឬ ក៏នាងវិកលចរិត ឬ យ៉ាងម៉េចទេ ព្រះអង្គ ? ព្រះពុទ្ធទ្រង់ត្រាស់ទៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធីតារបស់តថាគតមិនបានច្រៀង ឬ វិកលចរិត ដូចដែលអ្នកទាំងឡាយយល់នោះទេ តែដែលនាងមានសភាពដូច្នោះ គឺព្រោះនាងមានបីតិសោមនស្ស ព្រោះសេចក្តីប្រាថ្នារបស់នាង ដែលបានតាំងចិត្តទុកហើយ បានសម្រេចគ្រប់ប្រការ នាងទើបដើរបន្លឺឧទានចេញ មកដោយការឆ្អែតកាយ ឆ្អែតចិត្តដូច្នោះ ។ ទីបំផុត ព្រះពុទ្ធក៏ទ្រង់ប្រកាសលើកសរសើរនាង វិសាខា ក្នុងតំណែងជាឯតទគ្គៈប្រសើរជាងឧបាសិកាទាំងឡាយ ថាជាកំពូលទាយិកាក្នុងព្រះពុទ្ធសាសនា ៕
គតិរបស់នាង វិសាខា
[កែប្រែ]ព្រះនាងវិសាខា ជាស្រ្តីមានធម៌ ដឹងច្បាស់ បានឲ្យទានហើយ បានឲ្យជាងធ្វើមហាវិហារដើម្បីសង្ឃ មានអាយុ១២០ឆ្នាំ លុះច្យុតពីមនុស្សលោកទៅ បានទៅកើតនៅក្នុងទេវលោក ជាន់និម្មានរតី បានជាបជាបតី (ភរិយា) នៃទេវរាជឈ្មោះសុនិម្មិត។
ឯកសារយោង
[កែប្រែ]- នាង វិសាខា (អង់គ្លេស)
- នាង វិសាខា ជាឧបាសិកាដ៏អស្ចារ្យម្នាក់ (អង់គ្លេស)
- នាង វិសាខា ស្ត្រីក្នុងពុទ្ធសាសនា (អង់គ្លេស)
- វិសាខាសូត្រ (អង់គ្លេស)
- សុត្តន្តបិដក ខុទ្ទកនិកាយ វិមានវត្ថុ