Jump to content

ព្រះពុទ្ធ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សម្មាសម្ពុទ្ធ)
រូបចម្លាក់ព្រះពុទ្ធកំពុងធ្វើសមាធិនៅក្នុងវត្តព្រះមរកត

ទំព័រគំរូ:ព្រះពុទ្ធសាសនា ប្រទេសកម្ពុជា មហាអំណាចសេដ្ឋកិច្ចពិភព []ព្រះពុទ្ធ ទួនសុចអាយុ80ឆ្នាំ​

សមណគោតម (ប្រសូត​មក​ប្រហែល​ជា ៥៦៣/៤៨០ - បានចូលបរិនិពា្វនប្រហែលជា ៤៨៣/៤០០ មុន គ.ស.) ត្រូវបានគេស្គាល់ផងដែរថាជា សិទ្ធាថ៌ គៅតម (सिद्धार्थ गौतम) នៅក្នុងភាសាសំស្ក្រឹត ឬ សិទ្ធត្ថ គោតម (शिद्धत्थगोतम) នៅក្នុងភាសាបាលី ឬព្រះពុទ្ធ ជាព្រះសង្ឃ មេដឹកនាំស្ម័គ្រចិត្ត ទស្សនវិទូ គ្រូបង្រៀននិង មេដឹកនាំសាសនាដែលត្រូវបានគេចាត់ទុក្ខជាអ្នកបង្កើតពុទ្ធសាសនា​ ​​ ។​​ ព្រះអងត្រូវបានគេជឿថាបានរស់នៅនិងបង្រៀនភាគច្រើននៅភាគឦសាន​នៃ​ប្រទេសឥណ្ឌាបុរាណនៅរវាងសតវត្សទី៦ និងទី៤ មុន គ.ស.​ ​​ ។​ល។​

ព្រះ​សមណគោតម​បានបង្រៀនមាគ៌ាកណ្តាលមួយរវាងចំណង់ចំណូលចិត្ដត្រេកអរនិងភាពស៊ីជម្រៅដែលបានរកឃើញនៅក្នុងចលនា ស្រមណៈ (នៅភាសាសំស្ក្រឹត श्रमण ឝ្រមណ ម្នាក់ដែលខំប្រឹងធ្វើការឬប្រឹងប្រែងដោយខ្លួនឯងចំពោះគោលបំណងខ្ពស់ជាងឬសាសនា) ដែលជាទូទៅនៅក្នុងតំបន់របស់លោក ​​ ។​ ក្រោយមកគាត់បានបង្រៀននៅតំបន់ផ្សេងៗទៀតនៃប្រទេសឥណ្ឌាភាគខាងកើត​ ដូចជាមគធៈនិងកោសល​ ​​ ។​

ព្រះ​សមណគោតម​ គឺ​ជាតួ​អង្គ​សំខាន់​នៃ​ពុទ្ធសាសនា​ ​​ ។​​ ពុទ្ធសាសនិកជន​ទុក​ព្រះ​អង្គ​ជា​គ្រូបង្រៀន​ ដែល​បាន​ត្រាស់​ដឹង​​ ដែល​បានសម្រេច​ពុទ្ធភូមិ​ពេញ​ទំហឹង​ ហើយបាន​ចែក​ចាយ​ការ​យល់​ដឹង​របស់​ព្រះ​អង្គ​​ ដើម្បី​ជួយ​សត្វ​មាន​ជីវិត​បញ្ចប់​ការ​កើត​និង​ការ​ឈឺ​ចា​ប់​ ​​ ។​ គណនេយ្យនៃជីវិតរបស់គាត់, សុន្ទរកថានិងវិន័យសង្ឃត្រូវបានជឿដោយពុទ្ធសាសនិកត្រូវបានសង្ខេបបន្ទាប់ពីការសោយទិវង្គតរបស់​ព្រះ​អង្គ​និងការ​ចង​ចាំ​ដោយ​ពួក​អ្នក​គាំ​ទ្ររបស់​ព្រះ​អង្គ​ ​​ ។​​ ការ​ប្រមូល​ផ្តុំ​នៃ​ការ​ប្រៀន​ប្រដៅ​​ ដែល​បាន​សន្មត​ ថា​ ត្រូវ​បាន​គេ​ហាម​ឃាត់​ដោយ​ប្រពៃណី​ផ្ទាល់មាត់​និង​ដំបូង​បង្អស់​ក្នុង​ការ​សរសេរ​ប្រហែល ៤០០ ឆ្នាំ​ក្រោយ​មក ​​ ។​

កុមារភាព

[កែប្រែ]

ព្រះពុទ្ធមានព្រះនាមដើមថា សិទ្ធត្ថគោតម ​​ ។​ សិទ្ធត្ថកុមារ ជា ព្រះរាជបុត្រ នៃ ព្រះបាទសុទ្ធោទនៈ និង ព្រះនាង សិរិមហាមាយា ​​ ។​ ព្រះអង្គ​ ជា ពូជសាក្យវង្ស ដែលមានព្រះរាជនិវេសដ្ឋាន នៅក្រុង កបិលព័ស្តុ នៃដែន សក្កជនបទ ជាប្រទេសចំណុះឲ្យដែន កោសល ​មាន​ព្រះបាទ ​បសេនទិ​ គ្រងរាជ្យ​មានក្រុង សាវត្ថី ជា​រាជធានី ​​ ។​ ព្រះពោធិសត្វចុះចាប់បដិសន្ធិក្នុងថ្ងៃព្រហស្បន៍ ១៥កើត ខែអាសាឍ ឆ្នាំរការ​​ ។​​ នៅក្នុងថ្ងៃដែលព្រះពោធិសត្វចុះបដិសន្ធិ ព្រះនាងសិរិមហាមាយា យល់សុបិន្តឃើញមានដំរីសមួយមានប្រមោយពណ៌ដូចប្រាក់ក្ដោបផ្កាឈូកពណ៌ស ជ្រែកចូលតាមផ្ទៃពោះព្រះនាងខាងស្ដាំ​​ ។​ លុះ១០ខៃក្រោយមក នៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច ព្រះសិទ្ធត្ថកុមារ ទ្រង់ប្រសូតិក្នុងឧទ្យាន លុម្ពិនី​ ​(សព្វថ្ងៃស្ថិតនៅប្រទេស នេប៉ាល់) ​ក្នុង​រវាង​ព្រះរាជ​និវត្តន៍​ទៅកាន់​មាតុប្រទេសនៃព្រះនាង សិរិមហាមាយា ព្រះពុទ្ធមាតា ​​ ។​

ការ​រៀប​អភិសេក​

[កែប្រែ]

ព្រះអង្គ រៀបអភិសេក​ជាមួយ​​ព្រះនាង ​យសោធរា (ពិម្ពា) រាជបុត្រី​នៃ​ព្រះបាទ សុប្បពុទ្ធ និង ព្រះនាង បមិត្តា ព្រះរាជកនិដ្ឋា​ពៅ នៃ​ព្រះបាទ សុទ្ធោទនៈផ្ទាល់ ​​ក្នុង​ព្រះ​ជ​ន្មាយុ ១៦ ព្រះវស្សា ហើយ​តមកព្រះជន្មាយុបាន ២៩ ព្រះវស្សា​ព្រះនាង ពិម្ពាទេវី ក៏បានប្រសូតិព្រះ រាហុល នាថ្ងៃពេញបូរមីព្រះ​ចន្ទ​ពេញវង់ ​​ ។​

ការ​ចេញ​សាង​ផ្នួស​

[កែប្រែ]

ព្រះ សិទ្ធត្ថរាជកុមារ ក៏បានសម្រេចចិត្តចេញសាងព្រះផ្នួសនៅថ្ងៃព្រហស្បតិ៍ ខែអាសាឍ ក្នុងជន្មយុ២៩វស្សារ បន្តាប់ពីបានទតឃើញនូវនិមិត្ត៤ប្រការគឺ មនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ និងបព្វជិត​​ ។​ ទ្រង់ធ្វើទុក្ករកិរិយា ៦ ព្រះវស្សា ហើយក្រោយមក​​បាន​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ​ក្រោម​គល់​ពោធិព្រឹក្ស​នា​មាត់​ស្ទឹង នេរញ្ជរា​ (ពុទ្ធគយា​សព្វថ្ងៃ) នៅថ្ងៃពុធ ១៥កើត ខៃពិសាខ មុនពុទ្ធសករាជ៤៥ឆ្នាំ ​​ ។​ ព្រះធម៌​ដែល​ព្រះអង្គ​​បាន​ត្រាស់ដឹង​នោះ​ហើយ​បាន​ពុទ្ធាភិសេក​ព្រះអង្គ​ឲ្យ​បាន​ជា​អង្គ​ព្រះសម្មាសម្ពុទ្ធ ឬ​ព្រះពុទ្ធនេះឯង ​​ ។​

ព្រះគោតម​សម្មា​សម្ពុទ្ធ​គឺ​ជា​ព្រះ​ពុទ្ធ​អង្គ​ទី​៤​នៅ​ក្នុង​ភទ្ទកប្ប​នេះ​​ ។​ បាន​ជា​កប្ប​នេះ​ឈ្មោះ​ភទ្ទកប្ប​ព្រោះ​អត្ថ​ថា ជា​កប្ប​ដ៏​ចម្រើន ដែល​មាន​ព្រះ​ពុទ្ធ​៥​ព្រះ​អង្គ​ត្រាស់​ដឹង តួ​យ៉ាង​ដូច​ជា​កប្ប​យើង​សព្វ​ថ្ងៃ​នេះ មាន​ព្រះ​សព្វញ្ញូពុទ្ធ​ ៥ ​ព្រះ​អង្គ ​គឺ ​កុកសន្ធោ ​កោនាគមនោ ​កស្សបោគោតម និង​ ​អរិយមេតេ្តយ្យ ​ដែល​នឹង​​ត្រាស់​ដឹង​​នា​អនាគត​កាល ​​ ។​

រាជវង្ស កំណើត

[កែប្រែ]

ព្រះបាទ​សុទ្ធោទន រាជវង្ស គោតម ព្រះ​រាជា​បក្ស​សម្ព័ន សាក្យៈ​សោយ​រាជ​សម្បត្តិ នៅ​នគរ​កបិលពស្តុ ព្រះ​អគ្គ​មហេសី​ព្រះ​នាម សិរិមហាមយា ជា​បុត្រី​ព្រះ​រាជា​បក្ស​សម្ព័ន​កោឌយៈ នៅ​នគរ​ទេវទហៈ ជាប់​ព្រំ​ដែន​នគរ​កបិលពស្តុ​ ព្រះ​នាង សិរិមហាមយា ទ្រង់​បាន​សុបិន​និមិត្ត​ឃើញ​ដំរី​ស​មួយ​មាន​ភ្លុក​៦ ចុះ​ពី​ស្ថាន​តុសិត ហើយ​ចូល​មក​ក្នុង​ព្រះ​ឧទរ​ព្រះ​នាង​ផ្នែក​ខាង​ស្តាំ ទំ​នាយ​ថា ព្រះ​នាង​នឹង​មាន​រាជ​បុត្រ​មួយ​ព្រះ​អង្គ ប្រកប​ដោយ​បុណ្យ​បារមី​យ៉ាង​លើស​លុប​ខ្ពស់​អស់​សព្វ​សត្វ​ទាំង​ពួង​​ ។​

តាម​រយៈ​គម្ពីរ​មហា​វេស្សន្តរ​ជាតក មាន​ទេវ​បុត្រ​មួយ​ព្រះ​អង្គ​ ព្រះនាម​ សន្តុសិត​ទេវបុត្រ បាន​យាង​ចុះ​ពី​ឋាន​តុសិត​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ព្រះ​នាង​​ ។​ ​ក្នុង​កំឡុង​ដែល​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ឧទរ​នៃ​ព្រះ​មាតា​ មាន​ទេវបុត្រ​៤​អង្គ​តែង​ចូល​ទៅ​រក្សា​ក្នុង​ទិស​ទាំង​៤​ ដោយ​គិត​ថា កុំ​​ឲ្យ​​មាន​មនុស្ស​ និង​អមនុស្ស​ណា​មួយ​មក​បៀត​បៀន​ព្រះ​ពោធិសត្វ និង​ព្រះ​មាតា​ព្រះ​ពោធិសត្វ​បាន​ឡើយ​​ ។​ ព្រះនាង​មាយា បាន​​ទ្រង់​គភ៌​អស់​ចំនួន​១០​ខែ​គត់​​ ។​ ដល់គម្រប់​១០ខែ គឺ​នៅថ្ងៃសុក្រ ១៥​កើត​ពេញ​បូណមី ខែ​ពិសាខ ឆ្នាំច​ ​ព្រះ​នាង​​មាន​ព្រះ​រាជ​បំណង​នឹង​ស្តេច​យាង​ទៅ​កាន់​នគរ​ទេវទហៈ​ដែល​ជា​ជាតិ​ភូមិ​របស់​ព្រះ​នាង ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​សុទ្ធោទន​មហារាជ​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ខ្ញុំ​ម្ចាស់​ប្រា​ថ្នា​នឹង​ទៅ​កាន់​នគរ​ទេវទហៈ​​ ។​ គ្រា​នោះ​ព្រះ​បាទ​សុទ្ធោទនៈ ទ្រង់​អនុញ្ញាតិ ហើយ​ទ្រង់​ត្រាស់​បង្គាប់​​ឲ្យ​​ពួក​សេវកាមាត្យ​​រៀប​ចំ​ក្បួន​ដើម្បី​ដង្ហែរ​ព្រះ​នាង​ទេវី​​ ។​ ទៅ​ដល់​ចន្លោះ​ព្រំ​ប្រទល់​នគរ​ទាំង​ពីរ គឺ​កបិលវត្ថុ​និង​ទេវទហៈមាន​សាល​វ័ន​ជា​មង្គល​មួយ​ឈ្មោះ លុម្ពិនីវ័ន ដែល​មាន​ផ្ការីក​យ៉ាង​ល្អ និង​ហ្វូង​បក្សី​៥​ពណ៌​​ ។​ ព្រះ​នាង​ទេវី​ក៏​ប្រាថ្នា​នឹង​ឈប់​សម្រាក​ទី​នោះ​​ ។​ ខណៈ​ដែល​ព្រះ​នាង​យាង​ទៅ​ដល់​ក្រោម​ដើម​សាលព្រឹក្ស​មួយ​ដើម ខ្យល់​កម្មជ្ជវាត​ក៏​បណ្តាល​កម្រើក​ឡើង​នៅ​ក្នុង​ព្រះ​ឧទរ​នៃ​ព្រះ​នាង​​ ។​ មហាជន​បាន​ជ្រាប​ហេតុ​ជិត​នឹង​ប្រសូត្រ​ ក៏​បាន​រៀប​ចំ​បិទ​បាំងនៅ​ក្រោម​ដើម​នោះ ហើយ​ថយ​ចេញ​មក​​ ។​ ព្រះនាង​ទ្រង់​ឈោង​ចាប់​មែក​សាល​ព្រឹក្ស​ប្រថាប់​ឈរ ព្រះ​ពោធិសត្វ​ក៏​ប្រសូត្រចាក​ព្រះ​ឧទរ​នៃ​ព្រះ​វរ​មាតាក្នុង​វេលា​នោះ​​ ។​ ក្នុង​ថ្ងៃ​ដែល​ព្រះ​ពោធិសត្វ​ប្រសូត្រ​នោះ ព្រះ​រាជ​ទេវី​ពិម្ពារ១ ឆន្ន​អាមាត្យ១ កាឡុទាយី​អាមាត្យ​១ ព្រះ​អានន្ទ១ សេះ​កណ្ឋកៈ១ មហាពោធិព្រឹក្ស​១ កំណប់​ទ្រព្យ​ទាំង​៤​រណ្តៅ១ បាន​កើត​ឡើង​ព្រម​គ្នា​​ ។​ ពួក​អ្នក​នគរ​បាន​នាំ​ព្រះ​ពោធិសត្វ​ត្រឡប់​ទៅ​នគរ​កបិលពស្តុវិញ​​ ។​

ឯកសារ​​ពុទ្ធ​ប្រវត្តិ​សង្ខេប​របស់​​ឃុន​សិរីមេធី ស្រី អ៊ូ

[កែប្រែ]

(ត​មក​នឹង​ចប់)

មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ១០០ កោដិ ទី ២ មាន​ព្រះ​ខីណាស្រព ៩០ កោដិ​ទី ៣ មាន​ព្រះ​ខីណាស្រព ៨០ កោដិ ព្រះ​ជន្មាយុ ១ សែន​ឆ្នាំ​បរិនិព្វាន ​​ ។​ សម័យ​នោះ ព្រះ​លោកវិទូ​របស់​យើង​ទ្រង់​កើត​ជា​តាបស​ឈ្មោះ មង្គល មាន​តេជះ​ដ៏​ខ្ពង់ខ្ពស់ ប្រកប​ដោយ​អភិញ្ញា​ពល បាន​យក​ផ្លែ​ព្រីង​ថ្វាយ​ព្រះ​ពុទ្ធ​ព្រះ​នាម​សិទ្ធត្ថ​ព្រះ​អង្គ​ទាយ​ថា តាបស​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ​​ ។​

១៧- ព្រះ​ពុទ្ធ​តិស្សៈ

ព្រះ​មាតា​នាម​ព្រះ​នាង​បទុមា ព្រះ​បិតា​ជា​ក្ស័ត្រ​ព្រះ​នាម​ជនសន្ទ អគ្គមហេសី​នាម​ព្រះ​នាង​សុភន្ទា ព្រះ​រាជ​បុត្រ​ព្រះនាម​អានន្ទ ក្នុង​នគរ​ឈ្មោះ​ខេមកៈ ព្រះ​ជន្មាយុ ៧ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​សេះ ធ្វើ​ទុក្ករកិរិយា​កន្លះ​ខែ ដើម​ធ្នង់​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​ព្រហ្មទេវៈ ១ ឧទយៈ ១ ឧបដ្ឋាក ១ រូប ឈ្មោះ​សមគៈ អគ្គសាវិកា ២ រូប គឺ​ផុស្សា ១ សុទត្តា ១ មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ១ សែន​អង្គ ទី ២ មាន​ព្រះ​ខីណាស្រព ៩០ សែន​អង្គ ទី ៣ មាន​ព្រះ​ខីណាស្រព ៨០ សែន​អង្គ ព្រះ​ជន្មាយុ ១ សែន​ឆ្នាំ ទើប​បរិនិព្វាន ​​ ។​

សម័យ​នោះ ព្រះ​មហាមុនី​របស់​យើង ទ្រង់​កើត​ជា​ក័្សត្រ​ព្រះ​នាម​សុជាត បាន​លះ​បង់​ភោគ​សម្ប័ទ​ដ៏​ច្រើន ហើយ​ទៅ​ជា​បួស​ជា​ឥសី កាល​ដែល​ទ្រង់​ព្រះ​ផ្នួស​ហើយ បាន​ឮ​ថា ព្រះ​ពុទ្ធ​ព្រះ​នាម​តិស្ស​ត្រាស់​ឡើង​ក្នុង​លោក ក៏​ត្រេកអរ​រីករាយ បាន​យក​ផ្កា​មន្ទា​វរ​ព្រឹក្ស ផ្កា​ឈូក​នឹង​បារីច្ឆតត្តព្រឹក្ស​ជា​ទិព្យ​បក់​ថ្វាយ ហើយ​ឈរ​បាំង​ផ្កា​ពី​ខាង​លើ ព្រះ​ពុទ្ធ​តិស្ស​ទ្រង់​ទាយ​ថា ឥសី​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ​​ ។​

១៨- ព្រះ​ពុទ្ធបុស្ស

ព្រះ​មាតា​នាម​ព្រះ​នាង​សិរិមា ព្រះ​បិតា​ជា​ក័្សត្រ​ព្រះ​នាម​ជយសេន អគ្គមហេសី​ព្រះ​នាង​កីសាគោតមី ព្រះ​រាជបុត្រ​ព្រះ​នាម​អានន្ទ ក្នុង​កាសិតនគរ ព្រះ​ជន្មាយុ ៩ ពាន់​ឆ្នាំ​ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​ដំរី ធ្វើ​ទុក្ករកិរិយា ៧ ថ្ងៃ ដើម​កន្ទួត​ព្រៃ​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​សុរក្ខិត ១ ធម្មសេន ១ ឧបដ្ឋាក ១ រូប ឈ្មោះ​សភិយ្យ អគ្គសាវិកា ២ រូប គឺ​ចាលា ១ ឧបចាលា ១ មាន​សាក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ៦០ សែន ទី ២ មាន​ព្រះ​ខីណាស្រព ៥០ សែន​អង្គ ទី ៣ មាន​ព្រះ​ខីណាស្រព ៤០ សែន​អង្គ ព្រះ​ជន្មាយុ ៩ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ​​ ។​

សម័យ​នោះ ព្រះ​អរហំ​សម្ពុទ្ធ​របស់​យើង ទ្រង់​កើត​ជា​ក័្សត្រ​ព្រះ​នាម​វិជិត ទ្រង់​លះ​រាជ្យ​ចោល ហើយ​ចេញ​ទៅ​ទ្រង់​ព្រះ​ផ្នួស​ក្នុង​សំណាក់​ព្រះ​ពុទ្ធ​បុស្ស​នោះ ព្រះ​អង្គ​ទាយ​ថា ភិក្ខុ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ​​ ។​

១៩- ព្រះ​ពុទ្ធ​វិបស្សី

ព្រះ​មាតា​នាម​ព្រះ​នាង​ពន្ធុមតី ព្រះ​បិតា​ជា​ក័្សត្រ​ព្រះ​នាម​ពន្ធុម អគ្គមហេសី​នាម​ព្រះ​នាង​សុទស្សនា ព្រះ​រាជ​បុត្រ​ព្រះ​នាម​សមវត្តក្ខន្ធ ក្នុង​នគរ​ពន្ធុមតី ព្រះ​ជន្មាយុ ៨ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​រថ ធ្វើ​ទុក្ករកិរិយា ៨ ខែ ដើម​ច្រនៀង​ជា​ពោធិព្រឹក្ស អគ្គសាវក ២ គឺ​ខន្ធ ១ តិស្សនាម ១ ឧបដ្ឋាក ១ រូប ឈ្មោះ​អសោក អគ្គ​សាវិកា ២ រូប គឺ​ចន្ទា ១ ចន្ទមិត្តា ១ មាន​សាវក​សន្និបាត ៣ លើក ទី មាន​ព្រះ​ខីណាស្រព ៦៨ សែន​អង្គ ទី ២ មាន​ភិក្ខុ ១ សែន​អង្គ ទី ៣ មាន​ភិក្ខុ ៨ ហ្មឺន​អង្គ ព្រះ​ជន្មាយុ ៨ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ​​ ។​

ក្នុង​សម័យ​នោះ ព្រះ​លោកនាថ​របស់​យើង​ទ្រង់​កើត​ជា​ស្ដេច​នាគ​ឈ្មោះ​អតុល មាន​រិទ្ធិ​ច្រើន​មាន​បុណ្យ​រុងរឿង មាន​នាគ​បរិវារ​ច្រើន​សែន​នាក់​ចូល​គាល់​ព្រះ​ពុទ្ធវិស្សី ហើយ​ប្រគំ​ដោយ​តូរ្យដន្ត្រី​ទិព្យ​ថ្វាយ ហើយ​ប្រគេន​តាំង​មាស​ដល់​ព្រះ​ពុទ្ធ​អង្គ​នោះ ព្រះ​អង្គ​ទ្រង់​ទាយ​ថា ស្ដេច​នាគ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ​​ ។​

២០- ព្រះ​ពុទ្ធសិខី

ព្រះ​មាតា​នាម​ព្រះ​នាង​បភាវតី ព្រះ​បិតា​ជា​ក្សត្រ​ព្រះ​នាម​អរុណ អគ្គមហេសី​នាម​ព្រះ​នាង​សព្វកាមា ព្រះ​រាជ​បុត្រ​ព្រះ​នាម​អតុល ក្នុង​នគរ​អរុណវតី ព្រះ​ជន្មាយុ ៧ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា ដោយ​យាន​ដំរី ធ្វើ​ទុក្ករកិរិយា ៨ ខែ ដើម​ស្វាយ​សដា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​អភិភូ ១ សម្ភវៈ ១ ឧបដ្ឋាក ១ រូប​ឈ្មោះ​ខេមង្ករ អគ្គសាវិកា ២ រូប គឺ​មខិលា បទុមា មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ភិក្ខុ​ជា​ខីណាស្រព ១ សែន​អង្គ ទី ២ មាន​ភិក្ខុ ៨ ហ្មឺន​អង្គ ទី ៣ មាន​ភិក្ខុ ៧ ហ្មឺន​អង្គ ព្រះ​ជន្មាយុ​ប្រមាណ ៧ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ​​ ។​

សម័យ​នោះ ព្រះ​ជិនស្រី​របស់​យើង​ទ្រង់​កើត​ជា​ស្ដេច​ព្រះ​នាម​អរិន្ទមៈ បាន​ប្រគេន​ចង្ហាន់​ដល់​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​តាក់តែង​យាន​ដំរី​ប្រគេន​ព្រះ​សម្ពុទ្ធ​ព្រះ​នាម​សិខី ព្រះ​អង្គ​ទាយ​ថា ព្រះ​រាជា​អង្គ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ​​ ។​

២១- ព្រះ​ពុទ្ធវេស្សភូ

ព្រះ​មាតា​នាម​ព្រះ​នាង​យសវតី ព្រះ​បិតា​ជា​ក្សត្រ​ព្រះ​នាម​សុប្បតិតៈ អគ្គមហេសី​នាម​ព្រះ​នាង​សុចិត្តា ព្រះ​រាជ​បុត្រ​ព្រះ​នាម​សុប្បពុទ្ធ​ក្នុង​នគរ​ឈ្មោះ​អនោមៈ ព្រះ​ជន្មាយុ ៦ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​ព្រះ​សិវិកា ធ្វើ​ទុក្ករកិរិយា ៦ ខែ ដើម​រាំង​ធំ​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​សោណៈ ១ ឧត្តរៈ ១ ឧបដ្ឋាក ១ រូប​ឈ្មោះ​ឧបសន្តៈ អគ្គសាវិកា ២ រូប គឺ​រាមា ១ សមលា ១ មាន​សាវក​សន្និបាត ៣ លើក ទី ១ មាន​ព្រះ​ខីណាស្រព ៨០ ពាន់​កោដិ ទី ២ មាន ៧០ ពាន់​រូប ទី ៣ មាន​ភិក្ខុ ៦០ ពាន់​រូប ព្រះ​ជន្មាយុ​ប្រមាណ ៦០ ពាន់​ឆ្នាំ ទើប​បរិនិព្វាន ​​ ។​

សម័យ​នោះ ព្រះ​សុគត​របស់​យើង​ទ្រង់​កើត​ជា​ស្ដេច​ព្រះ​នាម​សុទស្សនៈ បាន​ប្រគេន​ចង្ហាន់​នឹង​សំពត់​ដល់​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​បួស​ក្នុង​សំណាក់​ព្រះ​ជិនស្រី​អង្គ​នោះ ព្រះ​ពុទ្ធ​វេស្សភូ​ទ្រង់​ទាយ​ថា ស្ដេច​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ​​ ។​

២២- ព្រះ​ពុទ្ធកក្កុសន្ធៈ

មាតា​ឈ្មោះ​នាង​វិសាខា បិតា​ឈ្មោះ​អគ្គិទត្តព្រាហ្មណ៍ ភរិយា​ឈ្មោះ​នាង​រោបិនី បុត្រ​ឈ្មោះ​ឧត្តរ ក្នុង​នគរ​ឈ្មោះ​ខេមវតី ព្រះ​ជន្មាយុ ៤ ពាន់​ឆ្នាំ​ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​រថ ធ្វើ​ទុក្ករកិរិយា ៨ខែ ដើម​ច្រេស​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​វិធុរ ១ សញ្ជីវនាម ១ ឧបដ្ឋាក ១ រូប ឈ្មោះ​ពុទ្ធិជ អគ្គសាវិកា ២ រូប គឺ​សាមា ១ ចម្បនាមា ១ មាន​សាវក​សន្និបាត តែ ១ លើក មាន​ព្រះ​ខីណាស្រព ៤០ ពាន់​អង្គ ព្រះ​ជន្មាយុ​ប្រមាណ ៤០ ពាន់​ឆ្នាំ​ទើប​បរិនិព្វាន ​​ ។​

សម័យ​នោះ ព្រះ​សុគត​របស់​យើង​ទ្រង់​កើត​ជា​ក័្សត្រ ព្រះ​នាម​ខេមៈ បាន​ប្រគេន​ទាន​ដ៏​ច្រើន មាន​បាត្រ ចីវរ ថ្នាំ​បន្តក់ ឈើអែម​ជា​ដើម​ដល់​ព្រះ​ពុទ្ធ​កក្កុសន្ធ​ព្រម​ទាំង​ព្រះ​សង្ឃ ព្រះ​ពុទ្ធ​កក្កុសន្ធ​ទ្រង់​ទាយ​ថា ព្រះ​រាជា​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ​​ ។​

២៣- ព្រះ​ពុទ្ធកោនាគមនៈ

មាតា​ឈ្មោះ​នាង​ឧត្តរា បិតា​ឈ្មោះ​យញ្ញទត្តព្រាហ្មណ៍ ភរិយា​ឈ្មោះ​នាង​រុចិគត្តា បុត្រ​ឈ្មោះ​សត្ថវាហ ក្នុង​នគរ​សោភវតី ព្រះ​ជន្មាយុ ៣ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​យាន​ដំរី ធ្វើ​ទុក្ករ​កិរិយា ៦ ខែ ដើម​ឧទុម្ពរ​ជា​ពោធិព្រឹក្ស អគ្គសាវក ២ រូប គឺ​ភិយ្យោស ១ ឧត្តរ ១ ឧបដ្ឋាក ១ រូប ឈ្មោះ​សោត្ថិជ អគ្គ​សាវិកា ២ រូប គឺ​នាង​សមុទ្ទា ១ឧត្តរា១ មាន​សាវក​សន្និបាត​តែ ១ លើក មាន​ព្រះ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព ៣ ហ្មឺន​អង្គ ព្រះ​ជន្មាយុ​ប្រមាណ ៣ ហ្មឺន​ឆ្នាំ ទើប​ព្រះ​បរិនិព្វាន ​​ ។​

សម័យ​នោះ ព្រះ​គោតមសម្ពុទ្ធ​របស់​យើង​ទ្រង់​កើត​ជា​ក្សត្រ ព្រះ​នាម​បព្វតៈ បាន​យាង​ទៅ​ព្រះ​សម្ពុទ្ធ ហើយ​ស្ដាប់​ធម៌​ទេសនា​ដ៏​ប្រពៃ បាន​ប្រគេន​ទាន​ដ៏​ច្រើន​គឺ​បាត្រ សំពត់​រោម​សត្វ សំពត់​កម្ពល​ជា​ដើម​ដល់​ព្រះ​សង្ឃ​ព្រម​ទាំង​ព្រះ​ពុទ្ធ ​​ ។​ ព្រះ​ពុទ្ធ​កោនាគមនៈ​ទ្រង់​ទាយ​ថា ព្រះ​រាជា​អង្គ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​មិន​ខាន ​​ ។​

២៤- ព្រះ​ពុទ្ធកស្សប

មាតា​ឈ្មោះ​ធនវតី បិតា​ជា​ព្រាហ្មណ៍​ឈ្មោះ​ព្រហ្មទត្ត ភរិយា​ឈ្មោះ​សុនន្ទា បុត្រ​ឈ្មោះ​វិជិត-សេន ក្នុង​នគរ​ពារាណសី ព្រះ​ជន្មាយុ ២ ពាន់​ឆ្នាំ ទើប​ចេញ​បព្វជ្ជា​ដោយ​ប្រាសាទ ធ្វើ​ទុក្ករកិរិយា ៧ ថ្ងៃ ដើម​ជ្រៃ​ជា​ពោធិព្រឹក្ស អគ្គ​សាវក ២ រូប គឺ​តិស្ស ១ ភារទ្វាជ ១ ឧបដ្ឋាក ១រូប ឈ្មោះ​សព្វមិត្ត អគ្គ​សាវិកា ២ រូប គឺ​នាង​អនុលា ១ ភុវេលា ១ មាន​សាវក​សន្និបាត​តែ ១ លើក មាន​ព្រះ​ខីណាស្រព​ ២ ពាន់​អង្គ ព្រះ​ជន្មាយុ ២ ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ​​ ។​

កាល​នោះ ព្រះ​សក្យមុនី​របស់​យើង​ទ្រង់​កើត​ជា​មាណព ឈ្មោះ​ជោតិបាល ជា​អ្នក​រៀន​មន្ត​ចេះ​ចប់​ត្រៃវេទ ស្គាល់​ផែនដី​នឹង​អាកាស ចេះ​ការពារ​រោគ ​​ ។​ គ្រា​នោះ ឃដិកា​ជា​ឧបដ្ឋាក​របស់​ព្រះ​ពុទ្ធ​កស្សប​បាន​នាំ​ជោតិបាល​មាណព ចូល​ទៅ​គាល់​ព្រះ​ជិនស្រី​ព្រះ​នាម​កស្សប ហើយ​បួស​ក្នុង​សំណាក់​ព្រះ​ជិនស្រី​នោះ ជា​អ្នក​មាន​ព្យាយាម​ឆ្លៀវឈ្លាស​ក្នុង​វត្ត​តូច​ធំ បាន​បំពេញ​កិច្ច​ក្នុង​សាសនា​ព្រះ​ពុទ្ធ​កស្សប​នោះ ព្រះ​អង្គ​ទ្រង់​ឃើញ​សេចក្ដី​អស្ចារ្យ​ខ្លាំង ទើប​ទ្រង់​ព្យាករណ៍​ថា ជោតិបាល​ភិក្ខុ នេះ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​មិន​ខាន ​​ ។​

២៥- ព្រះ​ពុទ្ធ​គោតម

ព្រះ​មាតា​នាម​ព្រះ​នាង​មហាមាយា ព្រះ​បិតា​ព្រះ​នាម​សុទ្ធោទនៈ អគ្គមហេសី​នាម​ព្រះ​នាង​យសោធរា ព្រះ​រាជ​បុត្រ​ព្រះ​នាម​រាហុល ក្នុង​នគរ​កបិលវត្ថុ ព្រះ​ជន្មាយុ ២៩ ទើប​ចេញ​បព្វជ្ជា ដោយ​យាន​សេះ ធ្វើ​ទុក្ករកិរិយា ៦ ឆ្នាំ ដើម​ពោធិ​ជា​ពោធិព្រឹក្ស អគ្គ​សាវក ២ រូប គឺ​កោលិត ១ ឧបតិស្ស ១ ឧបដ្ឋាក ១ រូប ឈ្មោះ​អានន្ទ អគ្គ​សាវិកា ២ រូប គឺ​នាង​ខេមា ១ ឧប្បវណ្ណា ១ មាន​សាវក​សន្និបាត​តែ ១ លើក មាន​ព្រះ​ខីណាស្រព ១២៥០ អង្គ ព្រះ​ជន្មាយុ​ប្រមាណ ១០០ ឆ្នាំ ទើប​បរិនិព្វាន ​​ ។​

ក្នុង​សៀវភៅ​ពុទ្ធប្បវត្តិ​សម្រាយ​ថា ព្រះ​សាស្ដា​របស់​យើង​ទ្រង់​បរិនិព្វាន​ក្នុង​ព្រះ​ជន្មាយុ ៨០ ឆ្នាំ គឺ​ព្រះ​ជន្ម ២៩ ឆ្នាំ​ចេញ​បព្វជ្ជា ធ្វើ​ទុក្ករកិរិយា ៦ ឆ្នាំ បាន​ត្រាស់​អនុត្តរ​សម្ពោធិ ហើយ​បំពេញ​ពុទ្ធ​កិច្ច ២៥ ឆ្នាំ ទើប​បរិនិព្វាន បូក​រួម​ត្រូវ​ជា​ព្រះ​ជន្ម ៨០ ឆ្នាំ​គត់ តែ​ក្នុង​សុត្តន្តបិដក​ខុទ្ទកនិកាយ​ពុទ្ធ​វង្ស ព្រះ​ពុទ្ធ​ទាំង ២៤ ព្រះ​អង្គ​ទ្រង់​ព្យាករណ៍​ថា ព្រះ​លោកនាថ​របស់​យើង​មាន​ព្រះ​ជន្ម ១០០ ឆ្នាំ ​​ ។​

ពិធីថ្វាយព្រះនាម

[កែប្រែ]

ក្រោយ​ពី​ព្រះ​រាជ​ឱរស​ប្រសូត​បាន​ប្រាំ​ថ្ងៃ ព្រះបាទ​សុទ្ធោទនៈ​បានជ្រើស​រើស​ព្រាហ្មណ៍ដ៏ពូកែ​ៗ​៨​នាក់ ដើម្បី​ឲ្យ​​ថ្វាយព្រះនាម ​មើល​និង​ទាយ​នូវ​លក្ខណៈ​របស់​ព្រះ​ពោធិសត្វ​​ ។​ ព្រះ​នាម​របស់​ព្រះ​បរម​ពោធិសត្វ​ត្រូវបាន​ជ្រើស​រើស​​ថា សិទ្ធត្ថ ដែល​ប្រែ​ថា អ្នក​សំ​រេច​ប្រ​យោជន៍​​គ្រប់​យ៉ាង​​ ។​ ក្រោយពីមើលលក្ខណៈព្រះពោធិសត្វរួច ឃើញថា ព្រះអង្គ​ប្រកប​ដោយ​មហា​បុរិស​លក្ខណៈ​៣២​ប្រការ ព្រាហ្មណ៍​៧​នាក់​ក៏​លើក​ម្រាម​ដៃ​ពីរ​ទាយ​ថា បើ​ព្រះ​រាជ​កុមារ​ស្ថិត​នៅ​ជា​ក្សត្រ ព្រះ​អង្គ​នឹង​បាន​ជា​ស្តេច​ចក្រ​ពត្តិ បើ​ព្រះ​អង្គ​ចេញ​សាង​ផ្នួស​​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ កាលនោះ​ព្រាហ្មណ៍​ម្នាក់​នៅ​ក្មេង​ជាង​គេ​ឈ្មោះ កោណ្ឌញ្ញ​ព្រាហ្មណ៍​បាន​ពិចារណា​លើ​ទី​កន្លែង​ដែល​ទ្រង់​ប្រសូត​ គឺ​នៅ​ក្នុង​ឧទ្យាន​ក៏​លើក​ម្រាម​ដៃ​តែ​មួយ​ទាយ​ថា ព្រះ​រាជ​កុមារ​ប្រាកដ​ជា​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​​ ។​ ក្រោយ​ពេល​ព្រះ​អង្គ​ប្រសូត​បាន​៧​ថ្ងៃ​ ព្រះ​មាតាព្រះអង្គក៏​សោយ​ទី​វង្គត់​​ ។​ ព្រះ​រាជ​កុមារ​សិទ្ធត្ថ ត្រូវ​បាន​ព្រះ​មាតុច្ឆាព្រះអង្គ​​ព្រះ​នាម​មហា​បជា​បតី​គោតមី​បី​បាច់​រក្សា​ត​មក​​ ។​

រាជពិសេក

[កែប្រែ]
ទ្រង់​អភិសេកនឹង​ព្រះនាង​ពិម្ពា

ព្រះ​សិទ្ធត្ថ​ទ្រង់​​​ចម្រើន​​ព្រះ​ជន្ម​បាន ១៦​ព្រះ​វស្សា ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​ស្តេច​សុប្បពុទ្ធព្រះ​នាម ពិម្ពាយសោធរា​ដែល​ជា​នារី​ល្អ​ឯក​លើស​អស់​សព្វ​នារី​ទាំង​ពួង​​ ។​ ដោយ​ចង់​​ឲ្យ​​ព្រះ​សិទ្ធត្ថ​ក្លាយ​ជា​ស្តេច​ចក្រ​ពត្តិ ព្រះ​បិតា​គឺ​ព្រះ​បាទ​សុទ្ធោទនៈ​បាន​រៀប​ចំ​ចាត់​ចែង​គ្រប់​យ៉ាង​ ដើម្បី​ឃា​ឃាំង​​ឲ្យ​​ព្រះ​សិទ្ធត្ថ​ទ្រង់​គង់​នៅ​ជា​ស្តេច​ដោយ​សុខ​សប្បាយ​​ ។​ ព្រះបាទ​សុទ្ធោទនៈ ទ្រង់​បាន​ជ្រើស​រើស​យក​តែ​មនុស្ស​ក្មេង​ៗ​មក​នៅ​បំរើ​ព្រះ​ពោធិសត្វ ឯ​មនុស្ស​ចាស់​ជរា ឈឺ​ជាដើម ព្រះអង្គ​មិន​​ឲ្យ​​ព្រះ​ពោធិសត្វ​បាន​ឃើញ​ឡើយ​​ ។​ ព្រះបាទ​សុទ្ធោទនៈ​​ទ្រង់​ចាត់​​ឲ្យ​​គេ​សង់​ប្រាសាទ​បី តម្រូវ​ទៅ​តាម​កាល​រដូវ​ទាំង​បី គឺ​សំរាប់​រដូវ​ក្តៅ រដូវ​រងារ និង​រដូវ​រំហើយ​​ ។​ លុះ​ព្រះ​បរម​ពោធិសត្វព្រះ​ជន្ម​បាន​២៩​ព្រះ​វស្សា​ ​ព្រះ​នាង​ពិម្ពា ក៏​ប្រសូត​​ព្រះ​រាជ​បុត្រ​មួយ​​អង្គ​ព្រះ​នាម​ រាហុល​​ ។​

និមិត្ត៤យ៉ាង

[កែប្រែ]

ដោយចង់ឲ្យព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់ឲ្យគេយាមមិនឲ្យមានមនុស្សចាស់ ជរា ឈឺ ឬស្លាប់ ឲ្យព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបម្រើភិលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់​​ ។​ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ​​ ។​ នៅថ្ងៃមួយ ព្រះបរមពោធិសត្វទ្រង់មានព្រះទ័យអផ្សុកយ៉ាងខ្លាំង ព្រះអង្គក៏ត្រាស់ឲ្យឆន្នអាមាត្យរៀបចំក្បួនដើម្បីនឹងទៅក្រសាលឧទ្យាន​​ ។​ នៅតាមផ្លូវព្រះអង្គទតឃើញ

  • បុរសចាស់ មានឆ្អឹងជំនីរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់ជាគ្រឿងទប់ទល់ កំពុងញាប់ញ័រក្រហល់ក្រហាយ មានវ័យកន្លងហើយ លុះព្រះពោធិសត្វឃើញហើយ ក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាសក់គាត់មិនដូចជាសក់អ្នកឯទៀត ទាំងកាយគាត់ក៏មិនដូចកាយអ្នកដទៃដែរ​​ ។​ ឆន្នអាមាត្យក៏ក្រាបបង្គំទូលថា បពិត្រព្រះអង្គ នេះគេហៅថា បុរសចាស់ តពីនោះគាត់នឹងមិនរស់នៅយូរប៉ុន្មានទេ​​ ។​ ទោះព្រះអង្គក៏គង់នឹងចាស់ជាធម្មតា មិនអាចកន្លងសេចក្តីចាស់ទៅបានទេ​​ ។​
  • កាលកន្លងទៅ ព្រះអង្គក៏យាងក្រសាលឧទ្យានម្តងទៀត​​ ។​ ព្រះអង្គបានទតឃើញបុរសមានអាពាធដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ដេកត្រាំក្នុងទឹកមូត្រនិងលាមករបស់ខ្លួន មានជនទាំងឡាយដទៃលើកឲ្យក្រោកឡើង ផ្តេកឲ្យដេក លុះទតឃើញហើយ ព្រះអង្គក៏សួរទៅឆន្នអាមាត្យថា បុរសនេះធ្វើដូចម្តេច បានជាភ្នែករបស់គាត់មិនដូចជាភ្នែកអ្នកដទៃ ក្បាលក៏មិនដូចជាក្បាលអ្នកដទៃ​​ ។​ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនេះហៅថា បុរសឈឺ​​ ។​ បុរសនេះមិនអាចនឹងរួចពីជំងឺបានឡើយ ទោះព្រះអង្គក៏នឹងមានជំងឺជាធម្មតា មិនអាចកន្លងសេចក្តីឈឺចាប់បានឡើយ​​ ។​
  • ថ្ងៃបន្ទាប់ក្រោយមក ព្រះពោធិសត្វក៏ទៅក្រសាលឧទ្យានទៀត​​ ។​ ម្តងនេះ ព្រះអង្គបានទតឃើញបុរសស្លាប់ ក៏ត្រាស់សួរឆន្នអាមាត្យ នោះជាអ្វី​​ ។​ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះអង្គ ព្រោះបុរសនោះហៅថាធ្វើមរណកាលហើយ​​ ។​ ញាតិទាំងឡាយនឹងមិនឃើញបុរសនោះទៀតឡើយ ទាំងបុរសនោះសោតក៏លែងបានឃើញញាតិទាំងឡាយរបស់គាត់ដែរ​​ ។​ ទោះបីព្រះអង្គក៏នឹងធ្វើមរណកាលដូចគ្នា មិនអាចកន្លងសេចក្តីស្លាប់បានឡើយ​​ ។​ ព្រះបរមពោធិសត្វក៏មានសេចក្តីសង្វេកជាខ្លាំង សញ្ជប់សញ្ជឹងគិតថា ជរា ព្យាធិ និងមរណា តែងមានប្រាកដដល់សត្វលោក​​ ។​
ទ្រង់សង្វេកក្នុងព្រះទ័យ
  • ថ្ងៃកន្លងមកបន្ទាប់ព្រះអង្គក៏ទៅក្រសាលឧទ្យានម្តងទៀត​​ ។​ ព្រះពោធិសត្វបានទតឃើញបុរសមានសីសៈរលីង ជាអ្នកបួស ស្លៀកដណ្តប់សំពត់កាសាវពស្ត្រ លុះឃើញហើយ ក៏សួរឆន្នអាមាត្យ បុរសនេះធ្វើដូចម្តេច បានជាក្បាលរបស់គាត់មិនដូចក្បាលអ្នកដទៃ ទាំងសំពត់របស់គាត់ ក៏មិនដូចរបស់អ្នកដទៃ​​ ។​ ឆន្នអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព នេះគេហៅថា អ្នកបួស​​ ។​ បុរសនោះប្រព្រឹត្តធម៌ដោយប្រពៃ មិនបានបៀតបៀន តែងអនុគ្រោះដល់សត្វដទៃ​​ ។​ ព្រះអង្គក៏ពិចារណាថា អ្នកបួសគឺជាការស្រួលណាស់ព្រោះមិនបៀតបៀនគេ តែងអនុគ្រោះដល់គេ​​ ។​


នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើឲ្យព្រះអង្គទ្រង់មានការសង្វេក និងគិតដល់និមិត្តទាំង៤ដែលព្រះអង្គទតឃើញ​​ ។​ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាដល់សមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយ ព្រះអង្គក៏មានសទ្ធាពេញព្រះហរទ័យ ត្រេកអរជាក្រៃពេក ក៏គិតនឹងចេញសាងផ្នួស​​ ។​

សាងផ្នួស

[កែប្រែ]
ទ្រង់​យាង​សាង​ព្រះ​ផ្នួស

ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំង​ហើយព្រះអង្គ​សព្វ​ព្រះ​ហរ​ទ័យ​ដោះ​ស្រាយ​បញ្ហា​ជិវិត​ដោយ​ការ​ចេញ​សាង​ព្រះ​ផ្នួស ដើម្បី​ស្វែង​រក​នូវ​ព្រះ​សម្មា​សម្ពោ​ធិ​ញាណ​ធម៌​​ ។​ កណ្តាល​រាត្រី​ស្ងាត់​ព្រះ​សិទ្ធត្ថ ចូល​ទៅ​បបោស​អង្អែល​រាហុល​បុត្រា​ជា​ទី​ស្រលាញ់ ងាក​បែរ​សំ​លឹង​ទៅ​ភរិយា​ពិម្ពា​កំពុង​លង់​លក់​ក្នុង​បន្ទុំ មាន​ដំណាល​ថា ទេវតា​នៅ​ស្ថាន​តុសិត​​បាន​ចុះ​មក​ជួយ​ព្រះ​សិទ្ធត្ថ​ដោយ​ធ្វើ​​ឲ្យ​​ព្រះ​នាង​ពិម្ពា និង​រាហុល លង់​លក់​ក្នុង​បន្ទំ​យ៉ាង​ស៊ប់ ដើម្បី​កំ​​ឲ្យ​​ភ្ញាក់​ធ្វើ​ការ​រំខាន​ដល់​ការ​សំរេច​ចិត្ត​របស់​ព្រះ​អង្គ ហើយ​ជប់​សេះ​រាជ​រដ្ឋ ជូន​ដំណើរ​ព្រះ​សិទ្ធត្ថ​ទៅ​ដល់​ព្រៃ​ទៅ​ហោង​​ ។​

ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា "បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធ​មែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ" អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំ​ងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោ​កក្នុងគ្រានោះទៅ​​ ។​

កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រា​ស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤​អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ​​ ។​

ការសិក្សា និង ទុក្ករកិរិយា

[កែប្រែ]
ការធ្វើទុក្ករកិរិយារបស់ព្រះពុទ្ធ

កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបស ពីរព្រះអង្គ មាននាមថា អាឡារតាបស១ និង អុទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គ ពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គឯងវិញ​​ ។​ ព្រះអង្គទ្រង់ធ្វើទុក្ករកិរិយា (SN 39.16) គឺការ​ប្រតិបត្តិធម៌​យ៉ាងតឹងរឹង ធ្វើ​ឲ្យ​មានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ករកិរិយា អស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ​​ ។​ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយ​​ឲ្យ​​ព្រះអង្គ​ទ្រង់​បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើ​ឲ្យ​មានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយ​ខ្សែ​ពិណ រិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ​​ ។​ ទេពនិមិត្តជាអ្នកដេញពិណរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិត​ឲ្យ​ត្រូវ មិន​តឹង​ពេក មិន​ឲ្យ​ធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់​ពិចារណា​ប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្ត​ឲ្យ​តឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការ ត្រាស់​ដឹង​បានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើ​ឲ្យ​ដាច់ ក៏ជាហេតុមិនអាច​ឲ្យ​ព្រះអង្គត្រាស់ដឹងបានឡើយ​​ ។​ លុះ​ទ្រង់​ពិចារណា​ហេតុ​ផល​ដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ករកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ​​ ។​ ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា ​ឱ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយ​ក៏​បបួល​គ្នា​ឈប់ តាម​បំរើ​ព្រះអង្គទៀតតាំងពីនោះមក​​ ។​

ត្រាស់ដឹង

[កែប្រែ]

ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរា ដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យកស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល្ល័ង្ក​មួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើ​រតនបល្ល័ង្ក​​ដោយសុខស្រួលហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា ៖ "ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូរ​​ឬ​ងស្ងួតចុះ បើអាត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពី​រតនបល្ល័ង្ក​​នេះឡើយ"​​ ។​ ព្រះអង្គទ្រង់ចាប់ផ្តើម​​ចម្រើន​ ​អានាបាណស្សតិ​ ធ្វើព្រះចិន្តា​ឲ្យ​ស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់​​ ។​

ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់​ឈ្វេងយល់​ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេមនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តា ថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញ​ឲ្យ​ឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែលជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម​​ ។​ សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់​ឈ្វេងយល់​យ៉ាងច្បាស់ថា ប្រភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា​​ ។​ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូលជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង ៥ គឺ ៖ រូបខន្ធ, វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារខន្ធ និង​វិញ្ញាណខន្ធ ​​ ។​

ឥឡូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើង​​ចម្រើន​លូតលាស់បានឡើយ​​ ។​

ផ្ចាញ់មារ

[កែប្រែ]
បុត្រីមារ មក​ផ្ចាញ់ព្រះ

ពេល​ព្រលប់ ព្រះសិទ្ធត្ថ ទ្រង់​គង់​លើ​រតនបល្ល័ង្ក ក្រោមពោធិព្រឹក្ស ទ្រង់​បាន​ផ្ចាញ់​មារ ដែល​នាំ​កូន​ស្រី​ក្រមុំ​ទាំង​ ៣ នាក់​គឺ តណ្ហា​​, អរតី និង រាគា មក​បញ្ចូល​ចិត្ត​ព្រះ​សមណគោតម ដើម្បី​ឲ្យ​​ព្រះអង្គ​លះបង់​​ការ​ស្វែង​រក​ការ​ត្រាស់ដឹង​ចោល តែ​​ព្រះ​​សមណគោតម​ពុំ​មាន​ការ​ចាប់រម្មណ៍​ឡើយ ធ្វើ​ឲ្យ​​នាង​ទាំង ៣ វិនាស​អន្តរធាន​ទៅ ​​ ។​​

បន្ទាប់​​ពី​​ទទួល​​បរាជ័យ​​ក្នុង​​ការ​​បញ្ចុះបញ្ចូល​​ចិត្ត​ព្រះ​សមណគោតម​ មក មារនៅ តែមានចិត្តឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាច​កាច​សាហាវ​តូច​ធំ​ទាំងឡាយ​ជា​ច្រើន​ឲ្យ​មក​ច្បាំងដណ្តើមយកបល្ល័ង្កពីព្រះអង្គទៀត​​ ។​ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់ ១៥០ យោជន៍ (១ យោជន៍មាន ១៦ គីឡូម៉ែត្រ) និមិត្ត​ដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ ។ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២​យោជន៍​ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍​​ ។​ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេច​នាគ​កាល​បាន​បញ្ចេញឫទ្ធិ​​ធ្វើឲ្យ​កង​ពលរបស់មារខ្លបខ្លា​ច​រត់ប្រាសអាយុរៀងៗខ្លួន​​ ។​ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជ​ដែល​ភ័យ​ញញើត​ស្រែក​ប្រាប់ពលរេហ៍ថា ៖ នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ។ ចូរពួកយើងកុំចូលមកចំពីមុខ​​ ។​

មារ​ចាប់​ថ្លែង​សរ​​ឲ្យ​កើត ជា​ខ្យល់​ព្យុះដែលមាន​កម្លាំង​បោក​បក់ភ្នំឲ្យ​រលំបាន តែខ្យល់នោះមិនបានធ្វើ​ឲ្យ​កំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ ។ មារ​បង្កើត​ឲ្យ​មាន​ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹតសូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែ​គ្រឿង​ប្រហារ​ទាំងនោះ​​មិន​បាន​បៀតបៀន​អ្វី​ដល់​ព្រះ​អង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ​​ ។​ ឃើញដូចនោះ មារាធិរាជ​ក៏​បរ​ដំរី​ដៃ​កាន់​អាវុធ​ ១ ពាន់ចូលទៅជិតព្រះអង្គស្រែក​គំរាមថា ៖ "នែសិទ្ធត្ថ! ចូរអ្នកដើរចេញពី​រតនបល្ល័ង្ក​នេះភ្លាមទៅ ។ ​រតនបល្ល័ង្ក​នេះរបស់យើង" ។ ព្រះ​សមណ​គោត​មទ្រង់​ត្រាស់​​ទៅ​កាន់​មារ​វិញថា ៖ "ម្នាលមារ, ​រតនបល្ល័ង្ក​នេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ ។ អ្នក​មិន​មែន​ជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ"​​ ។​ មាររិតតែខឹងខ្លាំងឡើង ហើយ​ក៏​គ្រវែង​ចក្រាវុធ​ ដ៏​មាន​មុខ​ស្រួច​សំដៅ​ព្រះ​អង្គ ។ ​ចក្រាវុធ​នោះក៏ក្លាយជា​ពិតាន​ការពារ​ព្រះអង្គទៅវិញ ។ រី​ឯ​ក្រុមរេហ៍​ពល ដែល​ដក​ភ្នំ​គ្រវែង​មក​លើ​ព្រះអង្គ​ពេល​នោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជា​ព្រះអង្គទៅវិញ​​ ។​

ដោយទាល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារ​សំឡុត​ព្រះ​អង្គ​ថា ៖ តើព្រះអង្គ​មានព័ស្តុតាងគុណធម៌អ្វីជាអាង​​ ។​ ព្រះពុទ្ធធ្វើការត្រិះរិះថា ​រតនបល្ល័ង្ក​​តែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ហើយ​រតនបល្ល័ង្ក​​នេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូច​នេះ​ហើយ​ក៏​សួរ​ទៅ​មារ​វិញ​ថា ៖ "ម្នាលមារ បើ​រតនបល្ល័ង្ក​​នេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី " ។ មារឆ្លើយតប​ដោយ​ខែងរែង​ថា ៖ "រេហ៍​ពល​យើង​ទាំង​អស់​នេះ​ជា​បន្ទាល់" ៖ ចុះសិទ្ធត្ថ​ឯងវិញ មានអ្វីជាសាក្សី​?​ ព្រះសមណគោតមទ្រង់លើកព្រះហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី ឲ្យ​ជួយ​ធ្វើ​សាក្សី ទទួលដឹងឮ​នូវអំពើល្អរបស់ព្រះអង្គ ។ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង​​ ។​ សមុទ្រ ឬ​កាយវិការ​នៃ​ព្រះហស្ថ​នេះ​គឺ "ការផ្ចាញ់មារ" ​​ឬ​ថា "ការយកព្រះធរណីធ្វើ ជាសាក្សី" គ្រាន់តែមានព្រះបន្ទូល​ដូច្នេះ មហា​ប្រថពី​ក៏​លាន់​រញ្ជួយ​កក្រើក​ឡើង ទទួលខ្លួនជាសាក្សីបន្ទាល់ចំពោះព្រះអង្គ ។ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់​ដំរី​បច្ច័យនាគេន្ទ ដែល​ព្រះ​អង្គ​ទ្រង់​ប្រទាន​ដល់​អ្នក​ស្រុក​​ក្លិង្គរាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា​វេស្សន្តរពោធិសត្វ ។ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏​ឱន​ក្បាល លុត​ជង្គង់​ក្រាប​ថ្វាយបង្គំព្រះអង្គ​ដោយគោរព ។ រីព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពល​រេហ៍​​របស់​មារ​អស់ជាច្រើន​​ ។​ មារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា ៖ "បពិតមហាបុរស អ្នក​ជា​អ្នក​មាន​ញាណ​ញេយ្យ​ដ៏​​អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្ការដោយគោរព"​​ ។​

ព្រលឹមអរុណរះ នាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បី​យក​ទៅ​ថ្វាយ​បូជា ដល់ដើមពោធិព្រឹក្សដែលនាង​បាន​ធ្វើ​ការ​បន់​ស្រន់​សុំ​បុត្រ​នៅ​ទី​នោះ ។ មក​ដល់​ដើមពោធិព្រឹក្ស ​នាង​ទ្រង់​យល់​ឃើញ​ព្រះសម្មាសម្ពុទ្ធត្រេកអរ​ប្រកបដោយ​សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ​មធុបាយាដល់ព្រះសម្មាសម្ពុទ្ធ ។ ព្រះ​អង្គ​ទ្រង់​ពូត​មធុបាយាស​ជា ៧ ពុំនូតហើយទ្រង់សោយ ។ ទ្រង់បានយកភាជន៍នោះ​គ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិច​ភាជន៍​​នៃ​ព្រះ​ពុទ្ធ​អង្គ​មុន​ៗ ធ្វើ​ឲ្យ​នាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា ៖ ​ឱ! មានព្រះពុទ្ធ​​ត្រាស់​​មួយអង្គទៀតហើយតើ! ។ ព្រះសមណ សិទ្ធត្ថគោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥ វស្សា​​ ។​

កំណត់​សម្គាល់ ៖

រឿង​និទាន​អំពី​ការផ្ចាញ់មារ​​ គ្រាន់​តែ​ជា​វិធី​ប្រៀបធៀប​ឲ្យ​អ្នក​ស្តាប់ និង អ្នក​អាន​ងាយ​យល់​ អត្ថន័យ​នៃ​ទស្សនវិជ្ជា​​​ផ្លូវ​ចិត្ត​ ដែល​មនុស្ស​សាមញ្ញ​​ពិបាក​យល់​ ​​ ។​ អ្នក​និពន្ធ​សាច់​រឿង​នោះ​ បាន​លើក​យក​តួអង្គ​មារ និង បុត្រ​ទាំង ៣ ធ្វើ​ជា​តំណាង​ឲ្យ​ដួង​ចិត្ត​​អាក្រក់​របស់​បុគ្គល​ម្នាក់​ៗ ដែល​ប្រយុទ្ធ​តស៊ូ​​ជាមួយ​នឹង​​ដួង​ចិត្ត​ល្អ នៅ​ចំពោះ​មុខ​រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់ ​​ ។​ មិត្ត​អ្នក​អាន​​ជ្រាប​ហើយ​ថា គ្មាន​តួ​អង្គ​មារ​ ឬ បុត្រី​របស់​មារ ឬ កង​ទ័ព​របស់​មារ​​ ពិត​ប្រាកដ​​ទេ ប៉ុន្តែ​ពួក​វា​គឺ​ជា​ចិត្ត​ដែល​ច្បាំង​គ្នា​នៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ម្នាក់​ៗ​ នៅ​គ្រប់​វិនាទី ​​ ។​

បឋមទេសនា

[កែប្រែ]
ព្រះ​ពុទ្ធ​ទ្រង់​ទេសនា​ពន្យល់​បញ្ចវគ្គីយ៍​ជា​មិត្ត​សំឡាញ់

ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិនញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាម​ឲ្យ​ត្រាស់ដឹងបានឡើយតថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការយ៉ាងនោះឡើយ​​ ។​ គ្រានោះសហម្បតីព្រហ្មជាឥសីលោកា ទ្រង់ចូលគាល់ព្រះសាស្តា​ឱន​សិរសី លើកដៃបង្គំ អារាធនា​ឲ្យ​ព្រះអង្គទ្រង់ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួលសំដែងធម៌ ទេសនា​ឲ្យ​សត្វលោកដោយករុណាតាំងពីពេលនោះមក​​ ។​ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃ​ឥសិបតន​មិគទាយវ័ន​​ ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបានឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡាយចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយនោះ​ឲ្យ​សោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ ​បញ្ចវគ្គីយ៍​ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ​​ ។​ ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ​ធម្មចក្កប្បវត្តនសូត្រ​ ដែលហៅថាបថមទេសនាប្រោសដល់​បញ្ចវគ្គីយ៍​បានសំរេចសោតាបត្តមគ្គក្នុងគ្រានោះឯង ។​ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅ​តាមការគួររៀងៗខ្លួន​​ ។​ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិងព្រះនាងពិម្ពាយ ជាព្រះជយា​​ ។​ ព្រះនាងពិម្ពាទ្រង់បង្គាប់​ឲ្យ​រាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់បីតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក​​ ។​

ពុទ្ធកិច្ច

[កែប្រែ]

ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ ៖

  • នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
  • នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន​​ ។​
  • នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ​​ ។​
  • នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ​​ ។​
  • នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ​​ ។​

ដាក់ព្រះជន្ម

[កែប្រែ]

ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត​​ ។​ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិសេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោកស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់​ឲ្យ​ព្រះអង្គចូលបរិនិពា្វនឡើយ​​ ។​

បរិនិពា្វន

[កែប្រែ]
ព្រះពុទ្ធទ្រង់ចូលបរិនិព្វាន

ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយនៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយផ្សិតម្យ៉ាងដែលប្រគេនដោយនាយចុន្ទៈ ទ្រង់យាងចូលទៅដល់ព្រៃសាលវន្ត ហើយទ្រង់ត្រាស់​ឲ្យ​អានន្ទរៀបកន្លែងថ្វាយព្រះអង្គផ្ទុំព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា "អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍​ឲ្យ​សំរេចដោយកិរិយាមិនប្រមាថចុះ" ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ​​ ។​ ព្រះពុទ្ធទ្រង់ចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ព្រះវស្សា​​ ។​

កត់សំគាល់

[កែប្រែ]

ទោះ​បី​មាន​អត្ថបទ​និទាន​ជា​ច្រើន​អះអាង​ការពារ​ថា​ព្រះពុទ្ធ​សមណគោតម​ទ្រង់​ប្រសូត​ និង សុគត​ នៅ​ថ្ងៃ​ខែ​ឆ្នាំ ឬ នៅ​កន្លែង​នេះ ឬ កន្លែង​នោះ​ក៏​ដោយ ក៏​ពុំទាន់​មាន​ឯកសារ​ផ្លូវការ​ផ្នែក​វិទ្យាសាស្ត្រ ពិសេស​​បុរាណវិទ្យា ​ណាមួយ​អាច​អះអាង​ថា​​​រឿង​នោះ​ជា​ការ​ពិត​ដែរ ​​ ។​ អ្នក​អាន​បាន​ជ្រាប​ហើយ​ថា ព្រះត្រៃបិដក​ក្តី គម្ពីរ​ផ្សេងៗ​ទៀត​ខាង​ពុទ្ធសាសនា​ក្តី ត្រូវ​បាន​អ្នក​ចេះ​ដឹង​ជំនាន់​ក្រោយ​តាក់តែង​ឡើង​ក្រោយ​សម័យ​កាល​ដែល​ព្រះ​ពុទ្ធ​បាន​បរិនិព្វាន​​​ទៅ​ជាង ៥០០​ ឆ្នាំ ​​ ។​ ការ​ចង​ចាំ​របស់​មនុស្ស​បាន​សាបរលាប​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​​ ។​ ដូច្នេះ​ការ​ពឹង​លើ​ការចងចាំ​សាច់​រឿង និង ការ​និយាយ​តៗ​គ្នា​ ដើម្បី​ធ្វើ​ជា​វិធី​បញ្ជូន​ចំណេះ​ដឹង​ គឺ​ពិត​ជា​ពិបាក​នឹង​ទទួល​យក​បាន​ណាស់ ​​ ។​ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​សម័យ​ក្រោយ​បង្កើត​អក្សរ​ដើម្បី​កត់​ត្រា​ព្រឹត្តិការណ៍​ផ្សេងៗ​ជំនួស​​ឲ្យ​ខួរ​ក្បាល​មនុស្ស​ ​​ ។​ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ងាយ​ចងចាំ​​ពុទ្ធប្រវត្តិ អ្នក​ប្រាជ្ញ​ព្រមព្រៀង​គ្នា​កំណត់​យក​ថ្ងៃ​ខែ​ឆ្នាំ និង ទី​កន្លែង​ទាក់​ទង​នឹង​ព្រះពុទ្ធ​កំណើត ពុទ្ធ​កិច្ច​ និង បរិនិព្វាន ដូចតទៅនេះ ៖

  • ទ្រង់ប្រសូត ថ្ងៃសុក្រ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច​​ ។​
  • ត្រាស់ដឹង ថ្ងៃពុធ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា​​ ។​
  • ដាក់ព្រះជន្ម វស្សាទី ៤៥ ថ្ងៃ ១៥ កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់​​ ។​
  • បរិនិពា្វន ថ្ងៃអង្គារ ១៥ កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់​​ ។​

មើលផងដែរ

[កែប្រែ]

ឯកសារ​យោង

[កែប្រែ]
  1. ព្រះត្រៃបិដក > សុត្តន្តបិដក
  2. អត្ថបទពីមជ្ឍមណ្ឌលវប្បធម៍ខ្មែរនៅស្វ៊ីស មជ្ឍមណ្ឌលវប្បធម៍ខ្មែរនៅស្វ៊ីស Archived 2011-11-04 at the វេយប៊ែខ ម៉ាស៊ីន.
  3. ពុទ្ធប្រវត្តិសង្ខេប
  4. ព្រះពុទ្ធសាសនា
  5. ព្រះពុទ្ធ​២៨​ព្រះអង្គ
  1. ព្រះពុទ្ធគង់នៅសេរីលង្ការ