សិល្បៈប្រើវោហារបង្ហូរគំនិត

ពីវិគីភីឌា

ធម្មជាតិជាកវីនិពន្ធ

សិល្បៈប្រើវោហារបង្ហូរគំនិត

ដោយលោក នភ ហង្សផលា ខែកក្កដា២០១១


អ្នកប្រាជ្ញមិនមែនជាប្រាជ្ញ ដោយការនិយាយច្រើន តែប្រាជ្ញដោយសារគំនិតនិងការប្រព្រឹត្ត ប្រកប ដោយ សីលធម៌ គុណធម៌ និងការនាំនូវគតិបណ្តុះនូវគុណប្រយោជន៍ សម្រាប់មនុស្សផង ជាទូទៅ ដោយការប្រើពាក្យពេចន៍ ប្រពៃថ្លៃថ្នូរ មានន័យខ្លឹមសារ មានគំនិតនិងឆន្ទៈ ឧត្តុង្គឧត្តម មានសច្ចៈភាព សមរម្យតាមកាលៈទេសៈ មានន័យថា អ្នកប្រាជ្ញទាំងឡាយរមែងត្រិះរិះ គិតវែកញែក វិភាគល្អិតល្អន់ ច្បាស់លាស់ អំពីគុណសម្បត្តិនិងគុណវិបត្តិ ដែលជាផលនៃ ពាក្យពោលស្ដីរបស់ខ្លួន ទាំងឡាយ។ ដូច្នេះ យើងគប្បីជ្រើសរើស គំរូល្អរបស់លោកបែបខាងលើនេះ យកមកប្រើប្រាស់ ដើម្បីបង្កើន ថ្វីដៃនិពន្ធរបស់យើង អោយឈានចូល កម្រិតមួយ យ៉ាងខ្ពស់ត្រដែត គង់វង្សយូរអង្វែង។

ពូជពង្សសាវតារខ្មែរជាអ្នកសិល្បៈកាព្យឃ្លោង

បើសិនយើងនាំគ្នាសង្កេត អោយជាក់លាក់ទៅ យើងនឹងបានឃើញថា ស្មេរខ្មែរដ៏ល្បីល្បាញ ទាំងឡាយ ច្រើននិយមជ្រើសរើស ចងក្រងអក្សរសិល្ប៍ លក្ខណៈកម្រងកែវ បែប កំណាព្យ (ដូចជានៅក្នុងរឿង រាមកេរ្តិ៍ ក្រុងសុភមិត្រ ទុំទាវ ច្បាប់អប់រំ ច្បាប់ផ្សេងៗ) ចម្រៀង(ទំនុកច្រៀងមហោរី ប្រពៃណី ប្រជាប្រិយ និងសម័យ) និង ភាសិតផ្សេងៗ ជាដើម។ មូលហេតុចំបងដែលខ្មែរយើងមាន ទម្លាប់សរសេរ បែបកាព្យឃ្លោង គឺមកពីឥទ្ធិពលនៃ តន្ត្រីនិងសិល្បៈ បានដោតដាំ ក្នុងសន្ដាន របស់យើងតាំងពី បុរេកាលមក ដោយសារការយល់ឃើញ ជាប់ជានិច្ចថា ‍‌ជីវិតខ្មែរគឺជាសិល្បៈ សិល្បៈគឺជាជីវិតខ្មែរ។ ទស្សនៈនេះ បានញ៉ាំងអោយប្រទេសជាតិខ្មែរ ទទួលនូវការរីកដុះដាល ចម្រុងចម្រើន ច្រើនសម័យ កាល រាប់មិនអស់ រហូតធ្លាប់ត្រូវបានគេទទួលស្គាល់ ទូទាំងសកលលោកថា ជាអាណាចក្រមួយ ដែលប្រកបដោយវប្បធម៌ និង អរិយធម៌យ៉ាងខ្ពង់ខ្ពស់ ត្រកុំត្រកាល ទៀតផង។ ទន្ទឹមនឹងការរីក ចម្រើននេះ កម្រងកែវ ផ្នែកកំណាព្យកាព្យឃ្លោង ក៏បានក្លាយជា គោលចំបង នៃការនិពន្ធ អក្សរសិល្ប៍ ខ្មែរ ដែលអ្នកប្រាជ្ញបញ្ញវ័ន្ដ និងកវីរបស់យើង ជាច្រើនជំនាន់តមក និយម ជ្រើសយកមកធ្វើជាគោល ក្នុងការសរសេរ ផ្តិតគំនិតនិងឆន្ទៈរបស់ខ្លួន នៅក្នុងការណែនាំអ្នកអាន អោយបានទទួល នូវការ កំសាន្តផង ទទួលចំណេះចេះដឹងផង និងបណ្តុះស្មារតីជាតិនិយមផង ព្រមជាមួយគ្នាយ៉ាងពេញទំហឹង តែម្តង។ ដោយមូលហេតុនេះ ទើបយើងឃើញ សិល្បៈកំណាព្យ បានធ្វើដំណើរវិវដ្ត ជ្រួតជ្រាប ក្នុងជីវិតរបស់ខ្មែរ គ្រប់ស្រទាប់វណ្ណៈ រហូតមានជាប់ជាទំនៀមទម្លាប់ តរៀងដល់សព្វថ្ងៃនេះ ដូចជា ប្រភេទ សំនៀងតូរ្យតន្ត្រី ដែលគេច្រៀងប្រគំឡើង នៅពេល មានបុណ្យទាន ឬពិធីសំខាន់ៗ ដូចជា ពីធីមង្គលការ ពីធីឡើងផ្ទះ ពិធីបង្កក់កូនចៅ ពិធីឈាបនកិច្ច ជាដើម។

កវី ការគិត និង ការបង្ហូរគំនិត

កវីទាំងឡាយ ច្រើនផ្តល់ការវិភាគលំអិត ទៅលើអ្វីៗទាំងពួង ដែលទាក់ទិនទៅនឹងរឿងរ៉ាវក្នុងជីវិត របស់ខ្លួន ឬក្នុងសង្គម ត្បិតអី កវីជាប្រភេទអ្នកនិពន្ធដែលចូលចិត្តធ្វើការសង្កេត ពិនិត្យ ល្អិតល្អន់ ជាទីបំផុត។ មិនថានៅទីណា កន្លែងណា កវីតែងសម្លឹងរក លក្ខណៈប្លែកៗ ពិសេសៗ អស្ចារ្យ នៃអ្វីៗ ជុំវិញខ្លួនជានិច្ច ហើយចងក្រងនូវគំហើញផ្សេងៗរបស់គេ ទុកជាបទចម្រៀង ឬ ជាកំណាព្យផ្សេងៗ ដែលមានចុងចួនពិរោះរណ្ដំ តាមក្បួនខ្នាតនៃសិល្បៈកំណាព្យខ្មែរ។ កវីឆ្នើម ច្រើនមានទេពកោសល្យ ខ្ពស់ ក្នុងការប្រើប្រាស់ពាក្យពេចន៍ ពិរោះរណ្ដំ តាមលក្ខណៈអក្សរសិល្ប៍ ដើម្បីបង្ហាញនូវគំនិត និង អារម្មណ៍ផ្សេងៗ ដែលទាក់ទងទៅនឹងសោភ័ណជីវិត និងប្រយោជន៍ទាំងឡាយ ដែលនាំជីវិត អោយ កាន់តែថ្កុំថ្កើងរុងរឿង។ លក្ខណៈពិសេសនៃសំណេរកវី គឺផ្តោតទៅលើ គោលការណ៍ច្បាស់លាស់ មាន ចេតនាអ្វីមួយពិត ប្រាកដ ដែលធ្វើអោយអារម្មណ៍ អ្នកអានរំភើបរីករាយសប្បាយ និងទទួលភាព រមនានៅក្នុងចិត្ត ទើបស្នាដៃនិពន្ធនិមួយៗនោះ មានអត្ថន័យ រសខ្លឹមសារ ពណ្ណរាយ សម្រាប់កវី ខ្លួនឯងផង សម្រាប់អ្នកអានទាំងឡាយផង។ ស្នាដៃចងក្រងនិមួយៗ ជាប្រភពបែងចែកកវីនិពន្ធ អោយ មាន លក្ខណៈពិសេសៗ រៀងៗខ្លួន យោងទៅតាមគំនិត ប្រាជ្ញា និង ការបណ្ដុះ ភាពរីករាយ របស់កវី ចំពោះអ្នកអាន។

ជាធម្មតា កវីច្រើនមានគោលបំណងក្នុងការចងក្រងអត្ថបទអក្សរសិល្ប៍ ដូចជា៖

១. និពន្ធដើម្បីកំសាន្ដ សប្បាយជាទូទៅ ២. និពន្ធដើម្បីរៀបរាប់អំពីបទពិសោធន៍ និង អារម្មណ៍របស់អ្នកនិពន្ធ ៣. និពន្ធដើម្បីបញ្ចេញមតិយោបល់ ឬ គំនិតផ្សេងៗ ទាក់ទងទៅនឹងសង្គម និង ជីវិត ៤. និពន្ធដើម្បីការអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង បង្កើនស្មារតីទទួលខុសត្រូវរបស់មនុស្សក្នុងសង្គម

១. ការនិពន្ធដើម្បីកំសាន្ដ សប្បាយជាទូទៅ

កវីដែលនិពន្ធសម្រាប់កំសាន្ដ ច្រើនរៀបរាប់ពីសម្ព័ន្ធចំណងដួងចិត្ត រវាងអ្នកនិពន្ធ និង ធម្មជាតិស្រស់ត្រកាល ពីសេចក្ដីស្រឡាញ់ ប្រតិព័ទ្ធភក្ដីភាព ឬ ពីអារម្មណ៍រំជើបរំជួល ជ្រួលក្នុងបេះដូង ដូចជា នៅក្នុងបទចម្រៀង ឬ កំណាព្យកាព្យឃ្លោងពិរោះរណ្ដំ ដើម្បីខាបអារម្មណ៍អ្នកស្ដាប់ អោយអណ្ដែត អណ្ដូង តាមរយៈសំនួនវោហារដ៏ផ្អែមល្ហែម របស់អ្នកនិពន្ធ។ កវីយើង និយមចងក្រងពីសោភ័ណ ធម្មជាតិ មានដូចជា ទឹកជ្រោះ ព្រឹក្សាលតាវល្លិ៍ ព្រៃភ្នំក្រំថ្ម ទឹករលកសមុទ្រ ជើងមេឃ ពពកខ្យល់ ម្រឹគីម្រឹគា បក្សីបក្សា មច្ឆា និង ភូមិករ។ល។ ទាំងនេះជាលក្ខណៈពិសេស ដែលកវីបញ្ចេញ ទឹកដមស្នាដៃបង្កអារម្មណ៍អ្នកអាន អោយយល់នូវភាពរមនា សប្បាយរីករាយ ក្សេមក្សាន្ដ នៅក្នុង ក្រអៅបេះដូង យ៉ាងជ្រាលជ្រៅបំផុត។

២. និពន្ធដើម្បីរៀបរាប់អំពីបទពិសោធន៍ និង អារម្មណ៍របស់អ្នកនិពន្ធ

នៅក្នុងរឿងជីវិតជាទូទៅ មនុស្សយើងម្នាក់ៗ រមែងឆ្លងកាត់ហេតុការណ៍ច្រើនរាប់មិនអស់ ដែលជាបទពិសោធន៍ផ្ទាល់ខ្លួន ប្លែកៗ ផ្សេងៗគ្នា។ ជួនកាលកវីយើងខ្លះ មានត្រឹមតែបទពិសោធន៍ ផ្ទាល់ខ្លួននេះ សម្រាប់់បន្ធូរបន្ថយភាពតានតឹង ដែលមានក្នុងចិត្តរបស់ខ្លួន អោយបានធូស្រាល នៅពេល ដែលខ្លួនគេ កំពុងប្រឈមមុខនឹងអារម្មណ៍ណែនណាន់ តានតឹង ពិបាកអ្វីមួយ។ បទពិសោធន៍មិនល្អ បង្កអោយមានអារម្មណ៍មិនល្អ។ នេះជាហេតុនាំអោយកវីយើង មួយចំនួន និយមលើកយកតែ អារម្មណ៍ ហ្មួហ្មងរបស់ខ្លួន មកបញ្ចេញតាមរយៈទឹកខ្មៅចុងប៉ាកា ដែលជាហេតុបង្ក និង ជម្រុញអោយអ្នកអាន មានអារម្មណ៍ធុញថប់ តប់ប្រមល់ តាមអត្ថរសសំណេរអវិជ្ជមានរបស់កវី ដូចជា ការសរសេរ អំពីគំនុំសងសឹក លាយឡំនិង កំហឹងទោសៈស្អប់ខ្ពើម និន្ទារិះគន់ ច្រណែន ប្រទុស្តឫស្យា ការបន្ទាប បន្ថោកតម្លៃមនុស្សភាពរបស់ខ្លួន ឬ អ្នកដទៃ ជាដើម។ ប្រការនេះ ជាបញ្ហាដ៏ធំមួយនៅក្នុង សង្គមខ្មែរ បច្ចុប្បន្ននេះ ព្រោះថាការចងក្រងតាមលក្ខណៈអវិជ្ជមានបានបាក់ក្លាយជាផ្នត់គំនិត ចាក់ស្រែះ ក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរ ហើយនៅមិនទាន់ឃើញមានការកែប្រែ អោយប្រសើរវិជ្ជមានច្រើន នៅ ឡើយទេ។ ដើម្បីកែប្រែទម្លាប់មិនល្អនេះ ស្មេរទាំងឡាយ គប្បីរក្សាសតិស្មារតីរបស់ខ្លួន អោយ មានលំនឹង និង រក្សាទឹកដមស្នាដៃ អោយឋិតនៅក្នុងភាពវិជ្ជមានជានិច្ច ជាពិសេសនៅពេលដែល ចងក្រងអត្ថបទ ដែលនឹងមានប្រិយភាពយូរលង់ចេរកាល នៅក្នុងប្រវត្តិអក្សរសិល្ប៍ខ្មែរ។ ស្មេរ ទាំងឡាយ គប្បីសិក្សា សម្រាំងយកក្បួនល្អៗ ពីកវីបណ្ឌិត និង អ្នកប្រាជ្ញខ្មែរ ដូចដែលយើងបាន រៀបរាប់ពីខាងដើម។ នៅពេលណាដែលស្មេរ ចងក្រងអត្ថបទ ដែលនាំមកនូវភាពរុងរឿង ថ្កុំថ្កើង ក្សេមក្សាន្ដ នោះសង្គមខ្មែរយើងនឹងបរិបូរណ៍ទៅដោយភាពវិជ្ជមាន មានវឌ្ឈនៈភាព និងសុខមាលភាព ក្នុងដួងចិត្តយ៉ាងពិតប្រាកដ។

៣. និពន្ធដើម្បីបញ្ចេញមតិយោបល់ ឬ គំនិតផ្សេងៗ ទាក់ទងទៅនឹងសង្គម និង ជីវិត

សិទ្ធសេរីភាពក្នុងការបញ្ចេញមតិយោបល់ មានតម្លៃខ្លាំងណាស់ សម្រាប់ការរីកចំរើន របស់ សង្គមយើង ព្រោះថា គំនិតនិមួយៗ មិនដូចគ្នា ហើយអាចនាំប្រយោជន៍ដល់សង្គមយើង ប្រសើរៗ ផ្សេងៗគ្នាដែរ។ កវីនិពន្ធយើងមួយចំនួន បានស្គាល់ច្បាស់នូវតម្លៃនេះហើយ ក៏បានខំប្រឹងព្យាយាម យកក្បួនតែងកំណាព្យផ្សេងៗ មកប្រើប្រាស់ជាទបង្ហូរគំនិត ឆន្ទៈ និង ការពិសោធន៍ផ្ទាល់ខ្លួន ដើម្បី ដុះខាត់ នូវទេពកោសល្យរបស់ខ្លួន ដើម្បីពង្រីកនិងពង្រឹង ភាពរីកចម្រើនក្នុងផ្នែកអក្សរសិល្ប៍ខ្មែរផង ក្នុងការបណ្ដុះបណ្ដាល គំនិតពណ្ណរាយ របស់មនុស្សក្នុងសង្គមជាតិផង។ មតិយោបល់ ដែលមានតម្លៃបំផុត គឺជាមតិដែលនាំនូវសារៈប្រយោជន៍ប្លែកៗ យ៉ាងបរិបូណ៌ ដល់សង្គម ក្នុងគោល បំណង កែលំអអោយបានប្រសើរជាងមុន អោយមានភាពរីកចំរើន អោយមានការដុះដាល ទាំងប្រភព ធនធានមនុស្ស និង សង្គម ជាទូទៅ។ រីឯគំនិតល្អៗទាំងនោះវិញសោត ក៏អាស្រ័យទៅលើការ ដែលយើងអាចយកគំនិតនោះ ទៅអនុវត្តន៍ ប្រើប្រាស់បាន ដោយមានប្រសិទ្ធភាពជាក់ស្ដែង។ កវី ដែលមានគោលដៅបែបនេះ ច្រើនសរសេររៀបរាប់លើកយកហេតុផល គុណសម្បត្តិ មកបង្ហាញ ដើម្បី ជាឯកសារយោង គាំទ្រគំនិតយោបល់របស់ខ្លួន។ កាលបើអ្នកអានណាមួយ ប្រទះស្នាដៃ និង គំនិតជ្រៅជ្រះ បែបលក្ខណៈខាងលើនេះ គួរឆ្លៀតឱកាស ស្រង់គំនិតនិងមតិយោបល់ល្អៗ ទាំងឡាយ នោះ មកវិភាគពិចារណា អោយបានហ្មត់ចត់ មុននឹងយកទៅអនុវត្តន៍ ពិសោធន៍ អោយបាន ឃើញជាក់ច្បាស់។

៤. និពន្ធដើម្បីការអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង បង្កើនស្មារតីទទួលខុសត្រូវរបស់មនុស្សក្នុងសង្គម

ភ័ព្វសំណាងមួយរបស់ខ្មែរគឺ ប្រទេសយើងបរិបូណ៌ ទៅដោយអ្នកប្រាជ្ញ សឹងតែគ្រប់សម័យកាល គ្រប់ជំនាន់ ជាពិសេស អ្នកប្រាជ្ញដែលមានឆន្ទៈមុតមាំក្នុងការអប់រំ ណែនាំ កូនចៅ អោយទទួលនូវគំនិត និង ការទូន្មានល្អៗ ទៅអនុវត្តន៍បណ្ដុះបណ្ដាលភាពរីកចម្រើន និង សុភមង្គលក្នុងជីវិត។ ជាតិជាអ្នកប្រាជ្ញ រមែងប៉ិនប្រសប់ ក្នុងការស្វែងរកវិធីសាស្ដ្រផ្សេងៗ ដើម្បីអប់រំ ណែនាំ បង្ហាញផ្លូវ ក្នុងចំណោមនោះ មានការសរសេរចងក្រងគំនិតអប់រំ ជាកំណាព្យ ជាកម្រងកែវទំនុកចម្រៀង ជាភាសិតពិរោះៗ ជាពាក្យស្លោក ជាច្បាប់ទូន្មាន ជារឿងព្រេងនិទាន ជារឿងប្រលោមលោក ជាអត្ថបទសិក្សា ផ្សេងៗ។ល។

កវីអ្នកប្រាជ្ញរបស់យើង និយមលើកយកសេចក្ដីល្អ ក្នុងសីលធម៌ និង គុណធម៌ ចាំបាច់សម្រាប់ការរស់នៅ ដោយសុខសន្តិភាព និង វឌ្ឍនៈភាព ដូចជា៖

- កំណត់សម្គាល់នូវសេចក្ដីល្អ និង វិន័យប្រចាំខ្លួន គឺ សីលធម៌

- កំណត់សម្គាល់នូវអំពើល្អ របស់មនុស្ស គឺ គុណធម៌

- ការសម្ដែងកតញ្ញូតា ចំពោះអំពើល្អ របស់បុគ្គល ដូចជាអ្នកមានគុណ គ្រូបាអាចារ្យ ជាដើម។

- កំណត់សម្គាល់នូវសេចក្ដីព្យាយាមរបស់មនុស្ស ដើម្បីជម្រុញ ពង្រឹងចិត្តកូនចៅ អោយខិតខំតស៊ូ បំពេញកិច្ចការ តាមមុខនាទី។

- ពង្រឹងស្មារតីទទួលខុសត្រូវ របស់កូនចៅ ដូចជាការផ្ដល់ឳវាទ អប់រំ រំលឹកដាស់តឿន កូនចៅ ឬ មនុស្សទាំងឡាយក្នុងសង្គម អោយប្រព្រឹត្តខ្លួនសមរម្យ ក្នុងការចិញ្ជឹមជីវិតដោយសុចរិត ដោយកម្លាំងសតិប្រាជ្ញា កម្លាំងកាយចិត្ត និងមានស្មារតី មនសិការ រក្សាការពារ ផ្ទះសម្បែង ទីលំនៅ បរិដ្ឋាន ញាតិមិត្រ ទ្រព្យសម្បត្តិ។ល។

- ពង្រីកសាមគ្គីភាព ដោយក្រើនរំលឹក អោយមនុស្សចេះសម្របសម្រួលខ្លួន ចិត្ត គំនិត រួម សហការ រវាងគ្នានឹងគ្នា ដើម្បីសម្រេចគោលការណ៍អ្វីមួយ ព្រមទាំងបង្ហាញ អោយមនុស្ស គ្រប់រូប បានឃើញបានយល់នូវសារៈប្រយោជន៍ និង កម្លាំងដ៏មុតមាំអស្ចារ្យនៃសាមគ្គីភាព។

- បណ្ដុះសុខមាលភាព គឺ ភាពកក់ក្ដៅក្នុងគ្រួសារ និង ពន្លាតឥទ្ធិពលនៃសុភមង្គលរបស់មនុស្ស ទៅលើសង្គមញាតិមិត្តជុំវិញខ្លួន និង សង្គមជាតិទាំងមូល។

- កំណត់សម្គាល់នូវសប្បុរសធម៌ យោគយល់ អធ្យាស្រ័យ របស់មនុស្សចំពោះមនុស្សដូចគ្នា គឺ ការលើកបង្ហាញនូវភាពប្រសើរ របស់បុគ្គលដែលមានទង្វើល្អ មានអនុគ្រោះ និង ការអត់ អោន រវាងគ្នានឹងគ្នា។

ក្នុងចំណោមចំនុចសំខាន់ៗខាងលើ យើងគប្បីផ្ដល់តម្លៃ និង ចំណាប់អារម្មណ៍ ខ្ពស់បំផុតទៅលើ ការនិពន្ធដើម្បីអប់រំទូន្មាន បណ្ដុះប្រាជ្ញា និង ស្មារតីទទួលខុសត្រូវ។ សូមបញ្ជាក់ថា ការអប់រំដែលប្រសើរ ពុំមានការបង្គាប់បញ្ជា អោយអ្នកអានធ្វើអ្វីៗ តាមពាក្យបញ្ជា ដោយមិនទុកឱកាស អោយគេបានពិចារណា គ្រប់ជ្រុងជ្រោយនោះឡើយ។ ផ្ទុយទៅវិញ ការអប់រំល្អប្រសើរ រមែងជួយអោយអ្នក ទទួលនូវពន្លឺប្រាជ្ញា និង ភាពស្រស់ត្រកាលក្នុងជីវិត ប្រកបដោយក្ដីសង្ឃឹមក្នុងដួងចិត្ត និង ភាពវិជ្ជមាន នៅក្នុងគំនិតជានិច្ច ជាកាល។ ស្មេរអាចសម្រេចគោលបំណងធំនេះ ដោយប្រសិទ្ធបាន អាស្រ័យទៅលើទេពកោសល្យប្រើវោហារ បែបអ្នកប្រាជ្ញប៉ិនប្រសប់ ដើម្បីបញ្ចេញនូវគំនិតល្អៗ រាប់មិនអស់ សាបព្រោះក្នុងសង្គមខ្មែរ អោយរីកចម្រើនរុងរឿងនិរន្តន៍។


‹សច្ចៈភាពជាជំហរ សីលធម៌បរិបូណ៌ នាំអភិរម្យ គុណធម៌ប្រពៃជាគោលធំ យុត្តិធម៌មុតមាំជាកំពូល› ‹វិន័យជាគន្លឺះ ភាពថ្លៃថ្នូរជាគ្រឹះ ខន្តីជាជំហរ អភ័យជាគ្រឿងលំអ ចិត្តបវរជាសរសរគំនិតអ្នកប្រាជ្ញ› ‍‍ ~ នហផ