វេយ្យាករណ៍

ពីវិគីភីឌា

[១]ពាក្យ​​វេយ្យាករណ៍ គឺ​ជា​ពាក្យ​សំស្ក្រឹត​ហៅ​ថា វៃយាករណវ្យាករណ មាន​ន័យ​ថា​ធ្វើ​ឲ្យជាក់​ច្បាស់, ឲ្យ​ប្រាកដ, ការ​ពន្យល់, ពាក្យ​អធិប្បាយ, ពាក្យ​ដោះ​ស្រាយ ជា​ដើម។ ហេតុ​ដូច្នេះ​វេយ្យាករណ៍ គឺ​ជា​ក្បួន​ខ្នាត​សម្រាប់​រៀប​រៀង ភាសាឲ្យ​មាន​សណ្ដាប់​ធ្នាប់ ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ជៀស​វាង​ការ​ប្រើ​ទៅ​មាន​កំហុស។

តាម​ការ​ស្រាវ​ជ្រាវ របស់​ភាសា​វិទូ​ឃើញ​ថា ភាសា​ទាំង​អស់​មាន​ប្រហែល ៦០០០​ភាសា។ នៅ​ក្នុង​ភាសា​ខ្លះ មាន​វេយ្យាករណ៍ ហើយ​អ្នក​ប្រាជ្ញ​ខ្លះ​ថា គ្មាន​វេយ្យាករណ៍ ដូច​ជា​ភាសា​ចិន។ រីឯ​ភាសាង់គ្លេស មាន​វេយ្យាករណ៍​បន្តិច​បន្តួច។ ទោះ​បី​ជា​អ្នក​ភាសា​វិទូ​មាន​ទស្សនៈ​ដូច​គ្នា​ក៏​ដោយ ក៏​យើង​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា គ្រប់​ភាសា​ទាំង​អស់​តែង​តែ​មាន​វេយ្យាករណ៍ គ្រាន់​តែ​តិច ឬ ច្រើន ដូច​ករណី​ភសា​ថា គ្មាន​វេយ្យាករណ៍​នោះ តែ​បើ​យើង​សង្កេត​ទៅ​ឃើញ​ថា​ភាសា​ចិន មាន​សញ្ញា​មាន​សូរ​សម្លេង កត្តា​នេះ​ហើយ​គឺ​ជា​លក្ខណៈ​វេយ្យាករណ៍។

១.ហេតុ​អ្វី​បាន​ត្រូវ​រៀន វេយ្យាករណ៍?
-យើង​សិក្សា​វេយ្យាករណ៍​ព្រោះ​ថា វេយ្យាករណ៍​គឺ​ជា​ការ​សិក្សា​អំពី​ភាសា។ អាច​ធ្វើ​ឲ្យ​យើង​ដឹង​អំពី​វិធីសាស្ត្រ​ផ្សេងៗ និង​ក្បួន​ច្បាប់​របស់​ភាសា​និមួយៗ។
២.គោល​បំណង៖
វេយ្យាករណ៍​ជា​មុខ​វិជ្ជា​ឯកទេស​មួយ​ដែល​ជួយ​ឲ្យ​សិស្ស​ចេះ​សរសេរ​អក្ខរាវិរុទ្ធ​ ចេះ​និយាយ​ប្រើ​ពាក្យ​ពេចន៍ បង្កើត​ឃ្លា​ប្រយោគ​បាន​សម​ស្រប ក្នុង​ទំនាក់​ទំនង​ផ្ទាល់​មាត់​ក្ដី សំបុត្រ​ក្ដី ឬ​អត្ថបទ​ដែល​យើង​ហៅ​ថា​តែង​សេចក្ដីក្ដី។ ម្យ៉ាង​ទៀត ការ​សិក្សា​វេយ្យាករណ៍​ខ្មែរ នាំ​ឲ្យ​សិស្ស​មើល​ឃើញ​សម្បត្តិ​វប្បធម៌ ដែល​បុព្វបុរស​បុរាណាចារ្យ​របស់​យើង បាន​បង្កើត​ចង​ក្រង​ក្បួន​ខ្នាត សម្ដៅ​បម្រើ​ផល​ប្រយោជន៍​នៃ​ការ​រស់​នៅ របស់​ប្រជាជន​យើង។

ប្រវត្តិ​វេយ្យាករណ៍​សាស្ត្រ [២][កែប្រែ]

ការ​សិក្សា​វេយ្យាករណ៍​សាស្ត្រ គឺ​ធ្វើ​តាំង​ពី​បុរាណ​កាល ខាង​បូព៌ា​ទ្វីប ឬ ខាងបស្ចិម​ទ្វីប។ ការ​ស្រាវ​ជ្រាវ​នៃ​បណ្ឌិត​វេយ្យាករណ៍​សាស្ត្រ​ហិណ្ឌូ ដែល​មាន​បណ្ឌិត បានិនិ ជា​ប្រធាន (ក្នុង​សតវត្សរ៍​ទី៤ មុន​គ្រឹស្តសករាជ) មាន​កិត្តិសព្ទ​ល្បី​ល្បាញអស្ចារ្យ​ជា​ពន់​ពេក។ វេយ្យាករណ៍​សាស្ត្រ ខាង​បស្ចិម​ទ្វីប គឺ​ជាតិ​ក្រិកជា​អ្នក​បង្កើត។ ពួក​អ្នក​ចារណញ្ញាណ​បន្លំ (Sophistes), លោក​ទស្សនវិទូ​ក្រិក ប្លាតុង នៅ​ក្នុង​សៀវភៅ​នាម​ថា៖ "Cratyle" បាន​លើក​តម្កើង​ជា​កិត្តិយស ចំពោះ​ការ​អប់​រំ​ខាង​វេយ្យាករណ៍​សាស្ត្រ។ ពួក​នេះ​បាន​ព្យាយាម​រក​នូវ​បុព្វហេតុ​នៃ​ពាក្យ ឬ សព្វ។ លោក​ទស្សនវិទូ​ក្រិក អារីស្តូត បាន​បញ្ជាក់ថា៖ "ជោគ​វាសនា​នៃ​វេយ្យាករណ៍​សាស្ត្រ មាន​ហេតុ​ទាក់​ទង​នឹង​បច្ច័យវិទ្យា (Logique)"។ ពួក​ខន្តី (Stoiciens) បាន​រៀប​ចំ បែង​ចែក​វេយ្យាករណ៍​សាស្ត្រ​ជា​បួន​ករណី៖ នាម (nominatif), បច្ច័យ (génitif), កាលៈ (datif), កម្មៈ (accusatif)។ ពួក​បណ្ឌិត​វេយ្យាករណ៍​សាស្ត្រ​នៅ​ទី​ក្រុង អាលេកសង់ឌ្រី សុទ្ធ​តែ​ពួក​អក្សរ​សាស្ត្រ​បណ្ឌិត មាន​បំណង​ចង់​រចនា​កាព្យ​និទាន បណ្ឌិត "ហូមែរ" ឲ្យ​បាន​បរិសុទ្ធ​ស្អាត។ ពួក​នេះ​បាន​កំណត់​នូវ​វិធានការ​ខ្លះ​នៃ​វេយ្យាករណ៍។ មាន​ពួក​បណ្ឌិត​វេយ្យាករណ៍​នៅ​ទី​ក្រុង ប៉ែរកាម (ប្រទេស​អាស៊ី មីណើរ) ជា​បច្ចាមិត្រ​ពួក អាលេក​សង់​ដ្រាំង, បាន​ទទួល​ពី​បណ្ឌិត នេះ​នូវ​បញ្ជី​រាយ​ពាក្យ​ដែល​គេ​មិន​ប្រើ។ ពួក​បណ្ឌិត​នេះ​យល់​ថា ត្រូវ​ទុក​ពាក្យ​ដែល​មាន​ន័យ​ផ្ទុយ អហេតុកវិជ្ជា(anomalie) សភាព​ខុស​ពី​ធម្មតា ជា​បទ​បញ្ញត្តិ​ច្បាប់​ភាសា, អ្នក​ដែលយល់​ផ្ទុយ​ពី​នេះ គឺ​ជា​ពួក​ហេតុកវិជ្ជា(analogie)។ លោក ដឺនេស ដឺស្ត្រាស់ បាន​និពន្ធ​ក្នុង​សតវត្សរ៍​ទី១ មុន គ.ស នូវ​សៀវភៅ​មួយ​មាន​ឈ្មោះ​ថា "តម្រា​វេយ្យាករណ៍" ដែល​មាន​អនុភាព​ផ្សាយ​អស្ចារ្យ ហើយ​វេយ្យាករណ៍​នេះ​គេ​ទុក​ថា​ជា​ក្បួន ស្វ័យ​រាជ ក្នុង​ពេល​នោះ។ ក្នុង​សតវត្សរ៍​ទីពីរ នៃ គ.ស លោក អាប៉ូលូនីយសឌិស្កូល បាន​និពន្ធ​ដោយ​ជាក់​លាក់​នូវ តម្រា​រូបសាស្ត្រ(morphologie) ពួក​រ៉ូម៉ាំង​បាន​ខំ​ព្យាយាម​សិក្សា​វេយ្យាករណ៍​យ៉ាង​ស្វាហ័ប តែ​មិន​សូវ​បាន​ផល, ពួក​នេះ​បាន​បក​ប្រែ​នូវ អវសាន​សព្ទ​ភាសា​ក្រិក ជា​ភាសា​ឡាតាំង។ នៅ​មធ្យម​យុគ, គ្មាន​ការ​ចម្រើន​ខាង​កិច្ច​សិក្សា​វេយ្យាករណ៍​ទេ។ នៅ​សតវត្សរ៍​ទី​១៦ និង​ជា​ដំបូង​នៃ​សតវត្សរ៍​ទី​១៧, ពួក​បណ្ឌិត​ខាង​វេយ្យាករណ៍​បារាំង គឺ​មាន​តែ​ពួក​ចេះ​ភាសា​សាស្ត្រ​សុទ្ធៗ មិន​ដឹង​នូវ​ប្រវត្តិ​ភាសា​សាស្ត្រ ហើយ​ច្រើន​ប្រកាន់​នូវ​ទស្សនវិជ្ជា​ហួស​ហេតុ។ ការ​រៀប​ចំ​បែង​ចែក​ពាក្យ​ខាង​ភាសា​បារាំង​នេះ កើត​ឡើង​ដោយ​ភាគ​ច្រើន​ចំពោះ កា​រ​ព្យាយាម​នៃ​ពួក​បណ្ឌិត​នេះ​បាន​ជា​មាន​ពាក្យ​ផ្ទុយ, ពាក្យ​សុខុម។ តាំង​ពី​កើត​សៀវភៅ​វេយ្យាករណ៍ ប៉ូររ៉្វាយាល់ (ឆ្នាំ​១៦៦០) មាន​គេ​និពន្ធ​សៀវភៅ​វេយ្យាករណ៍​ជា​ច្រើន។ អ្នក​និពន្ធ​បាន​ខំ​ស្វះស្វែង​រក​គោល​ការ​ជា​សមូហភាពរវាង​គ្រប់​ភាសា​ទាំង​អស់។ ចំពោះ​អ្នក​និពន្ធ វេយ្យាករណ៍ មាន​លោក បូហ្សេ, កុង​ឌីយ៉ាក់, ឌុយ ម៉ារសេស៍ និង ដេស្ទុត្តដឺត្រាស៊ី។ នៅ​ចុង​សតវត្ស​ទី​១៨ មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ប្រវត្តិ​វេយ្យាករណ៍​គឺ៖ ការ​រក​ឃើញ​ភាសា​សំស្ក្រឹត។ បន្តិច​ទៀត​វេយ្យាករណ៍​ទូទៅ នឹង​បាត់​ហើយ​នឹង​លេច​ចេញនូវ "វេយ្យាករណ៍​តាម​ប្រវត្តិសាស្ត្រ នឹង​ប្រៀបធៀប" វិញ។ របៀប​នៃ​ការ​ពិសោធន៍ ត្រូវ​របៀប​សម្ដែង​ហេតុ​ផល​មាន​អនុភាព​ជា​លំដាប់​ត​ទៅ​មាន​ភាសា​សាស្ត្រ​បណ្ឌិត ៣នាក់យ៉ាង​ចំណាន​ជាង​គេ​ត្រង់​ប្រើ​តម្រា​សម្ដែង​ហេតុ​ផល​គឺ លោក ប៉ូប្ប គ.ស ១៨៣៣ ក្នុង​សៀវភៅ "វេយ្យាករណ៍​ប្រៀប​ធៀប​ចំពោះ​ភាសា​ឥណ្ឌា សែរម៉ានិក", លោក​សាកុប គ្រីម្យ គ​.ស ១៨១៩ ក្នុង​សៀវភៅ "វេយ្យាករណ៍​អាល្លឺម៉ង់", លោក​ហ្វ្រេដេរិក ឌីយេ គ.ស ១៨៣៦ ក្នុង​សៀវភៅ "វេយ្យាករណ៍​ប្រៀប​ធៀប​ភាសា​រូម៉ាន"​, តែ​ការ​ស្វែង​រក​បែប​នេះ ចូល​ទៅ​ក្នុង​វិជ្ជា​មួយ​ដែល​ហៅ​ថា​ភាសា​សាស្ត្រ។

ប្រវត្តិ​វេយ្យាករណ៍​ខ្មែរ[៣][កែប្រែ]

ចំណែក​ឯ​ប្រវត្តិ​នៃ​វេយ្យាករណ៍​ខ្មែរ លំបាក​ក្នុង​ការ​ស្រាវ​ជ្រាវ​ជាពន់​ពេក ព្រោះ​វេយ្យាករណ៍​ខ្មែរ​មាន​បច្ច័យ​ទាក់​ទង​នឹង​វេយ្យាករណ៍​សំស្ក្រឹត និង បាលី។ ឯ​វេយ្យាករណ៍ សំស្ក្រឹត និង បាលី ប្រហែល​ជា​មាន​បណ្ឌិត​បាន​និពន្ធ​តាំង​ពី​សម័យ​អង្គរ​ធំ, បាន​ជា​សិលា​ចារិក​ថា​ភាសា​សំស្ក្រឹត តែ​សូម​ពោល​ត្រឹម​តែ​សម័យ​បច្ចុប្បន្ន, មាន​សៀវភៅ​កច្ចាយនូបត្ថម្ភកៈ​របស់ សម្ដេច​ព្រះ​មហា​សុមេធា​ធិបតី ជួន ណាត នាម​ឆាយា​ជោតញ្ញាណោ សង្ឃ​នាយក​គណៈ​មហា​និកាយ, លំដាប់​មក​មាន​វេយ្យាករណ៍​សំស្រឹត របស់ ព្រះ​ពោធិវង្ស ហួត តាត នាម​ឆាយា​វិជិវបញ្ញោ ចាង​ហ្វាង​សាលា​បាលី​ជាន់​ខ្ពស់ (៩ កញ្ញា ១៩៤០), រួច​សៀវភៅ វេយ្យាករណ៍​បាឋ របស់​លោក​អាចារ្យ អ៊ុក ជា, វេយ្យាករណ៍​ខ្មែរ​បច្ឆិមដ្ឋាន និង ឧត្តមដ្ឋាន របស់​លោក​គ្រូ ពូវ អ៊ុម (១៩៥០), វេយ្យាករណ៍​ខ្មែរ និង ភាសា​ខ្មែរ​សម្រាប់​ថ្នាក់ បរិវច្ឆនដ្ឋាន-អាទិកដ្ឋាន (១៩៥៣)។

ឯកសារ​យោង[កែប្រែ]

  1. សៀវភៅ វេយ្យាករណ៍​ខ្មែរ សម្រាប់​គ្រប់​ថ្នាក់ ដោយ​សាស្ត្រាចារ្យ ឈុន លិះ
  2. ដក​ស្រង់​ចេញ​ពី​សៀវភៅ ខេមរ​វេយ្យាករណ៍ ដោយ​លោក រ៉ាយ​ប៊ុក ព.ស ២៤៩៨, គ.ស ១៩៥៥
  3. ដក​ស្រង់​ចេញ​ពី​សៀវភៅ ខេមរ​វេយ្យាករណ៍ ដោយ​លោក រ៉ាយ​ប៊ុក ព.ស ២៤៩៨, គ.ស ១៩៥៥

អត្ថបទ​ទាក់​ទង[កែប្រែ]