ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
ច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៧ នាសម័យប្រជុំរដ្ឋសភា លើកទី ៧ នីតិកាលទី ៣ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី ៤ នីតិកាលទី ២ ហើយដែលមានសេចក្ដីទាំងស្រុង ដូចតទៅនេះ:
ជំពូកទី១ បទប្បញ្ញត្តិទូទៅ
[កែប្រែ]មាត្រា ១.- គោលបំណងនៃច្បាប់នេះ
[កែប្រែ]ច្បាប់នេះ មានគោលបំណងបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទដើម្បីការពារសិទ្ធិ និង សេចក្ដីថ្លៃថ្នូររបស់មនុស្ស និងបង្កើននូវសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និង រក្សាការពារ លើកកម្ពស់នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ជាតិនិងមានគោលបំណង អនុវត្តឱ្យ បានសមស្របផងដែរ តាមពិធីសារអង្គការសហប្រជាជាតិស្ដីពីការទប់ស្កាត់ ការបង្ក្រាប និង ការផ្ដន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារបន្ថែមលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន ឬ ឧបករណ៍ ឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀត ទាក់ទងនឹងការជួញដូរមនុស្សដែលព្រះរាជាណាចក្រកម្ពុជា បានឱ្យ សច្ចាប័ន ឬ ចុះហត្ថលេខា។
មាត្រា ២.- ការអនុវត្តច្បាប់នេះនៅក្នុងដែនដី
[កែប្រែ]ច្បាប់នេះត្រូវអនុវត្តទៅលើបទល្មើស ដែលត្រូវបានប្រព្រឹត្តឡើងនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងច្បាប់នេះ រួមបញ្ចូលទាំងនាវា ឬ អាកាសយានណាមួយដែលមានសិទ្ធិប្រើប្រាស់ទង់ជាតិកម្ពុជា។
បទល្មើសមួយត្រូវចាត់ទុកថា បានប្រព្រឹត្តនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលអំពើ រួមផ្សំណាមួយនៃបទល្មើសនោះកើតឡើងនៅក្នុងដែនដីនៃព្រះរាជាណាចក្រ កម្ពុជា។
មាត្រា ៣.- ការអនុវត្តច្បាប់នេះនៅក្រៅដែនដី
[កែប្រែ]ច្បាប់នេះត្រូវអនុវត្តទៅលើបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលត្រូវបានប្រព្រឹត្តឡើង នៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយពលរដ្ឋខ្មែរ។
ច្បាប់នេះអនុវត្តទៅលើបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលត្រូវបានប្រព្រឹត្តឡើង នៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយជនបរទេស ហើយជនរងគ្រោះគឺជាពលរដ្ឋខ្មែរនៅពេលដែលបទល្មើសកើតឡើង។
មាត្រា ៤.- ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ
[កែប្រែ]រាល់ការប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ ត្រូវផ្ដន្ទាទោស និងត្រូវទទួលខុសត្រូវ ដូចករណីដែលបទល្មើសត្រូវបានប្រព្រឹត្ត។
អ្នកសមគំនិត និង អ្នកផ្ដើមគំនិត ក្នុងបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ ត្រូវផ្ដន្ទាទោស និងត្រូវទទួលខុសត្រូវដូចចារីដែលប្រព្រឹត្តបទល្មើស។
អ្នកសមគំនិត និងអ្នកផ្ដើមគំនិតរួមមាន អ្នករៀបចំ ឬ ចង្អុលបង្ហាញជាអាទិ៍ឱ្យជនដទៃប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ។
នៅពេលដែលអ្នកតំណាង ភ្នាក់ងារ ឬ និយោជិត នៃនីតិបុគ្គល ឬ ភារប្បទាយីណាមួយប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែងនៅក្នុងច្បាប់នេះ ក្នុងក្របខ័ណ្ឌនៃមុខជំនួញឬ ផលប្រយោជន៍នៃនីតិបុគ្គល ឬ ភារប្បទាយីនោះ នីតិបុគ្គល ឬ ភារប្បទាយីនោះ ត្រូវផ្ដន្ទាទោសដោយពិន័យជាប្រាក់ និង ទោសបន្ថែម ដោយយោងទៅតាមការផ្ដន្ទាទោសដែលមានចែងនៅក្នុងមាត្រាដែល ពាក់ព័ន្ធ។
មាត្រា ៥.- ការប្រកាសមូលទោស
[កែប្រែ]នៅក្នុងគ្រប់ករណី ដែលបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារផង និង ពិន័យជាប្រាក់ផង តុលាការអាចប្រកាស:
១-ទោសជាប់ពន្ធនាគារ និងទោសពិន័យត្រួតគ្នា។
២-ទោសដាក់ពន្ធនាគារតែមួយប៉ុណ្ណោះ។
៣-ឬ ក៏ទោសពិន័យជាប្រាក់តែមួយមុខប៉ុណ្ណោះ។
មាត្រា ៦.- បទល្មើសត្រួតគ្នា
[កែប្រែ]កាលបើនៅក្នុងពេលចោទប្រកាន់តែមួយ ជនជាប់ចោទត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទល្មើសច្រើន ទោសនីមួយៗ អាចត្រូវប្រកាសឡើង។ ប៉ុន្តែកាលបើទោសត្រូវទទួលមានច្រើន និងមានប្រភេទដូចគ្នា ទោសតែមួយនៃប្រភេទនេះ អាចត្រូវបានប្រកាសជាអតិបរមានៅក្នុងព្រំដែនស្របច្បាប់ដែលខ្ពស់ ជាងគេ។
មាត្រា ៧.- និយមន័យនៃអនីតិជន
[កែប្រែ]អនីតិជន នៅក្នុងច្បាប់នេះមានន័យថា ជាជនដែលមានអាយុក្រោម ១៨ ឆ្នាំ។
ជនណាដែលរក្សាទុកអនីតិជនឱ្យ ស្ថិតនៅក្រោមការគ្រប់គ្រង ឬ ត្រួតពិនិត្យរបស់ខ្លួននឹងត្រូវចាត់ទុកថា បានដឹងពីអាយុរបស់អនីតិជននោះ លើកលែងតែជននោះបង្ហាញឱ្យឃើញថា ខ្លួនមានការជឿជាក់ដោយសមហេតុផលថា អនីតិជននោះ មានអាយុ ១៨ ឆ្នាំ ឬច្រើនជាង ១៨ ឆ្នាំ។
ជំពូកទី ២ អំពើលក់-ដូរមនុស្ស
[កែប្រែ]មាត្រា ៨.- និយមន័យនៃការនាំយកចេញដោយមិនស្របច្បាប់
[កែប្រែ]ការនាំយកចេញដោយមិនស្របច្បាប់ នៅក្នុងច្បាប់នេះមានន័យថា:
១-ការធ្វើឱ្យ មនុស្សម្នាក់ ផ្លាស់ទីពីទីកន្លែងដែលគេកំពុងរស់នៅទៅកាន់ទីកន្លែងដទៃដែល ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ខ្លួន ឬ របស់តតិយជន តាមមធ្យោបាយបង្ខិតបង្ខំ គម្រាមកំហែង បោកបញ្ឆោត បំពានដោយអំណាច ឬ លួងលោម។
២- ការនាំយកអនីតិជន ឬ ជនដែលនៅក្រោមអាណាព្យាបាលទូទៅ ឬ នៅក្រោមហិតូបត្ថម្ភ ឬ នៅក្រោមអ្នកគ្រប់គ្រងស្របច្បាប់ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ឬ យុត្តិកម្មតាមផ្លូវច្បាប់ ចេញពីការគ្រប់គ្រងស្របច្បាប់នៃឪពុកម្ដាយ អ្នកថែរក្សា ឬ អ្នកអាណាព្យាបាលរបស់គេ។
មាត្រា ៩.- ការនាំយកអនីតិជន ជាអាទិ៍ ចេញដោយមិនស្របច្បាប់
[កែប្រែ]ជនណានាំយកអនីតិជន ឬ ជនដែលនៅក្រោមអាណាព្យាបាលទូទៅ ឬ នៅក្រោមហិតូបត្ថម្ភ ឬ នៅក្រោមអ្នកគ្រប់គ្រងស្របច្បាប់ចេញដោយមិនស្របច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ការផ្ដន្ទាទោសត្រូវលើកលែង ឬទទួលស្ថានសម្រាល ក្នុងករណីលក្ខខណ្ឌទាំងអស់ ត្រូវបានបំពេញដូចតទៅនេះ:
១- បើជនស្ថិតនៅក្រោមការគ្រប់គ្រង ដែលគេនាំយកទៅនោះ មានអាយុចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅ និងយល់ព្រមដោយស្ម័គ្រចិត្ត ចំពោះអំពើល្មើស។
២- ការពុំមានប្រើវិធានការណាមួយ ដែលមានចែងក្នុងកថាខណ្ឌទី ១ មាត្រា ៨ នៃច្បាប់នេះ ត្រូវបានប្រើប្រាស់។
៣- ជនល្មើសមិនមានគោលបំណង ប្រព្រឹត្តបទល្មើសណាមួយ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ អាចធ្វើការចោទប្រកាន់ បាន លុះត្រាតែមានពាក្យបណ្ដឹងពីឪពុកម្ដាយ អ្នកថែរក្សា ឬ អ្នកអាណាព្យាបាលស្របច្បាប់ ប្រសិនបើមធ្យោបាយណាមួយដូចមានចែងនៅក្នុងកថាខណ្ឌទី ១ មាត្រា ៨ នៃច្បាប់នេះ ត្រូវបានប្រើប្រាស់។
មាត្រា ១០.- ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ
[កែប្រែ]ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅស្វែងរកប្រយោជន៍ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬ ទម្រង់ណាមួយនៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល:
-ជនរងគ្រោះជាអនីតិជន។
-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
ពាក្យថា ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត នៅក្នុងមាត្រានេះ និងមាត្រា ១២ មាត្រា ១៥ មាត្រា ១៧ និងមាត្រា ១៩ នៃច្បាប់នេះ រួមមាន ការកេងប្រវ័ញ្ចន៍លើពេស្យាកម្មជនដទៃ រូបភាព និងសម្ភារៈអាសអាភាស ពាណិជ្ជកម្មផ្លូវភេទ សេវា ឬ ពលកម្មដោយបង្ខំទាសភាព ឬ ការអនុវត្តស្រដៀងគ្នានឹងទាសភាព ការបញ្ចាំខ្លួនដោះបំណុលសេវភាពដោយមិនស្ម័គ្រចិត្ត ពលកម្មកុមារ ឬ ការដកហូតសរីរាង្គ។
ការយល់ព្រមរបស់ជនរងគ្រោះចំពោះគោលដៅដែលមានចែងក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ មិនទាក់ទងនឹងមធ្យោបាយណាមួយដែលមានចែងក្នុងកថាខណ្ឌទី ១ មាត្រា ៨នៃច្បាប់នេះ ដែលត្រូវបានប្រើនោះទេ។ ករណីនេះត្រូវយកទៅអនុវត្តផងដែរ ចំពោះបទល្មើស ដែលមានចែងក្នុងមាត្រា ១៥ មាត្រា ១៧ និងមាត្រា ១៩ នៃច្បាប់នេះ។
មាត្រា ១១.- ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន
[កែប្រែ]ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ ឬ នាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំដល់១៥ (ដប់ប្រាំ) ឆ្នាំ។
ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រគល់ ឬ នាំជននោះទៅប្រទេសផ្សេងទៀត ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ ខាងលើ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល:
-ជនរងគ្រោះជាអនីតិជន។
-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ១២.- ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍
[កែប្រែ]ការជ្រើសរើសដោយមិនស្របច្បាប់នៅក្នុងច្បាប់នេះ មានន័យថា ការបញ្ចុះបញ្ចូលការជួល ឬ ការឱ្យជនណាមួយបម្រើការក្រោមទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេង ទៀត តាមមធ្យោបាយបោកបញ្ឆោត បំពានដោយអំណាច ការបង្ខាំងខ្លួន ការប្រើប្រាស់កម្លាំង ការគម្រាមកំហែង ឬ មធ្យោបាយបង្ខិតបង្ខំផ្សេងទៀត។
ជនណាដែលជ្រើសរើសជនដទៃដោយមិនស្របច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល:
-ជនរងគ្រោះជាអនីតិជន។
-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ១៣.- និយមន័យនៃអំពើលក់-ដូរមនុស្ស
[កែប្រែ]អំពើលក់-ដូរមនុស្សមានន័យថា ប្រគល់ឱ្យដោយខុសច្បាប់នូវការគ្រប់គ្រងលើជនណាម្នាក់ទៅជនដទៃ ឬ ទទួលយកដោយខុសច្បាប់នូវការប្រគល់ការគ្រប់គ្រងលើជនណាម្នាក់ពី ជនដទៃ ដោយផ្ដោះប្ដូរទៅនឹងរបស់មានតម្លៃអ្វីមួយ ដោយរាប់បញ្ចូលទាំងសេវា និងមនុស្សផង។
អំពើធ្វើជាភ្នាក់ងារកណ្ដាលនៃការលក់-ដូរមនុស្ស ត្រូវផ្ដន្ទាទោសដូចគ្នានឹងអំពើលក់-ដូរមនុស្សដោយផ្ទាល់។
មាត្រា ១៤.- អំពើលក់-ដូរមនុស្ស
[កែប្រែ]ជនណាដែលលក់-ដូរជនដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥(ប្រាំ) ឆ្នាំ។
មាត្រា ១៥.- អំពើលក់-ដូរមនុស្សដោយមានគោលដៅ
[កែប្រែ]ជនណាដែលលក់-ដូរជនដទៃ ដោយមានគោលដៅស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះស្មុំកូន ឬ ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល:
-ជនរងគ្រោះជាអនីតិជន។
-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ១៦.- អំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន
[កែប្រែ]ជនណាដែលលក់-ដូរជនដទៃ ក្នុងគោលដៅប្រគល់ ឬ នាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ)ឆ្នាំ។
ជនណាដែលលក់-ដូរជនដទៃ ក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅប្រគល់ ឬ នាំជននោះ ទៅប្រទេសផ្សេងទៀត ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ ខាងលើ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល:
-ជនរងគ្រោះជាអនីតិជន។
-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ១៧.- ការដឹកជញ្ជូនដោយមានគោលដៅ
[កែប្រែ]ជនណាដែលដឹកជញ្ជូនជនដទៃ ដែលត្រូវបាននាំយកចេញដោយមិនស្របច្បាប់ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូន ដោយដឹងថាជននោះត្រូវបាននាំយកចេញដោយមិនស្របច្បាប់ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូន ក្នុងគោលដៅដើម្បីស្វែងរកប្រយោជន៍ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬ ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល:
-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ១៨.- អំពើនាំឆ្លងដែន
[កែប្រែ]ជនណាដែលនាំយកជនដទៃ ដោយដឹងថាជននោះ ត្រូវបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
ជនណាដែលនាំយកជនដទៃ ដោយដឹងថាជននោះ ត្រូវបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេស ផ្សេងទៀត ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ ខាងលើ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល:
-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ១៩.- ការទទួលយកមនុស្សដោយមានគោលដៅ
[កែប្រែ]ជនណាដែលទទួល ផ្ដល់ជម្រក ឬ លាក់បំពួនជនណាមួយ ដែលបានមកពីអំពើនាំយកចេញដោយមិនស្របច្បាប់ ឬ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនក្នុងគោលដៅ ដើម្បីស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាព អាសអាភាស អាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬ ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល:
-ជនរងគ្រោះជាអនីតិជន។
-អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
-អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ២០.- ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស
[កែប្រែ]ជនណាដែលទទួល ផ្ដល់ជម្រក ឬ លាក់បំពួន ជនរងគ្រោះក្នុងអំពើនាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូន ក្នុងគោលដៅដើម្បីជួយដល់ជនល្មើសដែលបាននាំយកចេញដោយមិនស្រប ច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនជនរងគ្រោះនោះ ត្រូវផ្ដន្ទាទោសពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ ក្នុងករណីជនរងគ្រោះជាអនីតិជន។
ជំពូកទី ៣ ការបង្ខាំង
[កែប្រែ]
មាត្រា ២១.- ការចាប់ពង្រត់ ការឃុំឃាំង ឬ ការបង្ខាំង
[កែប្រែ]បុគ្គលដែលចាប់ឃុំឃាំង ឬ បង្ខាំងជនដទៃ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវផ្ដន្ទាទោស:
១-ជាប់ពន្ធនាគារពី ៣ (បី) ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ បើការចាប់ ការឃុំឃាំង ឬការបង្ខាំងខ្លួន មានរយៈពេលតិចជាងមួយខែ។
២-ជាប់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការបង្ខាំងខ្លួន មានរយៈពេលស្មើ ឬ លើសពីមួយខែ។
មាត្រា ២២.- ស្ថានទម្ងន់ទោស
[កែប្រែ]បុគ្គលដែលចាប់ឃុំឃាំង ឬ បង្ខាំងជនដទៃ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងករណីដូចខាងក្រោម:
១-ដោយមានទារុណកម្ម ឬ អំពើឃោរឃៅ
២-បណ្ដាលឱ្យ មានមនុស្សស្លាប់ ឬ
៣-ប្រព្រឹត្តក្នុងគោលដៅជំរិតយកប្រាក់។
ជំពូកទី ៤ អំពើពេស្យាចារ និង អំពើពេស្យាចារកុមារ
[កែប្រែ]មាត្រា ២៣.- និយមន័យនៃអំពើពេស្យាចារ និង អំពើពេស្យាចារកុមារ
[កែប្រែ]"អំពើពេស្យាចារ" នៅក្នុងច្បាប់នេះមានន័យថា ការរួមភេទជាមួយជនណាម្នាក់ដែលមិនកំណត់ ឬ អំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ ដោយផ្ដោះប្ដូរនឹងវត្ថុមានតម្លៃអ្វីមួយ។
"អំពើពេស្យាចារកុមារ" នៅក្នុងច្បាប់នេះមានន័យថា ជាអំពើរួមភេទ ឬ អំពើគ្រប់រូបភាពផ្សេងទៀតដែលទាក់ទងនឹងភេទ រវាងអនីតិជនជាមួយជនដទៃ ដើម្បីផ្ដោះប្ដូរទៅនឹងវត្ថុមានតម្លៃអ្វីមួយ។
មាត្រា ២៤.- អំពើអូសទាញ
[កែប្រែ]ជនណាអូសទាញដោយចេតនានូវជនដទៃក្នុងទីសាធារណៈក្នុងគោលដៅ ប្រព្រឹត្តអំពើពេស្យាចារផ្ទាល់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ដល់ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ៣.០០០ (បីពាន់) រៀល ដល់ ១០.០០០ (មួយម៉ឺន) រៀល។
អនីតិជនត្រូវលើកលែងពីការផ្ដន្ទាទោសចំពោះបទល្មើស ដូចមានចែងនៅក្នុងមាត្រានេះ។
មាត្រា ២៥.- និយមន័យនៃសញ្ចារកម្ម
[កែប្រែ]អំពើសញ្ចារកម្ម នៅក្នុងច្បាប់នេះ មានន័យថា:
១- ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់ជនដទៃ
២- ជួយ ឬ ការពារអំពើពេស្យាចាររបស់ជនដទៃ
៣- ជ្រើសរើស អូសទាញ ឬ បណ្ដុះបណ្ដាលបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ
៤- ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។
អំពើដូចខាងក្រោមនេះ ត្រូវចាត់ទុកថា ដូចគ្នាទៅនឹងសញ្ចារកម្ម:
១-អំពើធ្វើជាអន្តរការីរវាងបុគ្គលដែលធ្វើពេស្យាចារ និងបុគ្គលដែលប្រកបអាជីវកម្ម ឬ ឱ្យលាភការដល់ពេស្យាចារជនដទៃ។
២-អំពើរបស់ជនណាដែលបានជួយសម្រួល ឬ បិទបាំងនូវធនធានដែលខ្លួនបានដឹងថាបានមកពីអំពើសញ្ចារកម្ម។
៣-អំពើរារាំងដល់ការបង្ការ ការជួយ ឬ ការអប់រំជាថ្មី ដោយទីភ្នាក់ងារសាធារណៈ ឬ ដោយអង្គការឯកជនដែលមាននីតិសម្បទា ដែលធ្វើឡើងដើម្បីជាគុណប្រយោជន៍ដល់បុគ្គលដែលប្រព្រឹត្តពេស្យាចារ ឬ កំពុងមានគ្រោះ ដោយការធ្វើពេស្យាចារ។
មាត្រា ២៦.- សញ្ចារកម្ម
[កែប្រែ]ជនណាដែលប្រព្រឹត្តសញ្ចារកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ។
មាត្រា ២៧.- ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម
[កែប្រែ]ជនណាប្រព្រឹត្តសញ្ចារកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ក្នុងករណីដូចខាងក្រោមនេះ:
១-កាលបើសញ្ចារិក សញ្ចារិកា ឬជនជាមេពេស្យាជាបុព្វញាតិ ឬ បច្ឆាញាតិមានខាន់ស្លា អត់ខាន់ស្លា ឬ សាច់បង្កើត ឬ ចិញ្ចឹមរបស់បុគ្គលដែលធ្វើពេស្យាចារ។
២-កាលបើសញ្ចារិក សញ្ចារិកា ឬ ជនជាមេពេស្យា រំលោភអំណាច ដែលមុខងាររបស់ខ្លួនផ្ដល់ឱ្យទៅលើបុគ្គលដែលធ្វើពេស្យាចារ។
៣-កាលបើសញ្ចារិក សញ្ចារិកា ឬ ជនជាមេពេស្យាប្រើហឹង្សា ឬ ការបង្ខិតបង្ខំ ចំពោះបុគ្គលដែលធ្វើពេស្យាចារ។
៤-កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តជាក្រុមមានការចាត់តាំង។
៥-កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តលើបុគ្គលច្រើននាក់ធ្វើពេស្យាចារ។
មាត្រា ២៨.- សញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ
[កែប្រែ]សញ្ចារកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ទៅ ១៥ (ដប់ប្រាំ)ឆ្នាំកាលបើបុគ្គលដែលធ្វើពេស្យាចារនោះជាអនីតិជន។
ពាក្យថា "ពេស្យាចារ" នៅក្នុងបទប្បញ្ញត្តិពាក់ព័ន្ធនានានៃជំពូកនេះ ត្រូវជំនួសដោយពាក្យ "ពេស្យាចារកុមារ" នៅពេលដែលបទល្មើសដែលមានចែងនៅក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ ត្រូវអនុវត្ត។
មាត្រា ២៩.- សញ្ចារកម្មដោយមានការធ្វើទារុណកម្ម
[កែប្រែ]សញ្ចារកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើសញ្ចារិក សញ្ចារិកា ឬ មេពេស្យាបានប្រើទារុណកម្ម ឬ អំពើឃោរឃៅចំពោះបុគ្គលដែលធ្វើពេស្យាចារ។
មាត្រា ៣០.- ការដឹកនាំពេស្យាចារ
[កែប្រែ]ជនណាដឹកនាំ ធ្វើអាជីវកម្ម ធ្វើប្រតិបត្តិការ ឬ ចេញប្រាក់ឱ្យគ្រឹះស្ថានពេស្យាចារដោយផ្ទាល់ ឬ តាមរយៈអន្តរការី ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ។
មាត្រា ៣១.- ការដឹកនាំគ្រឹះស្ថានពេស្យាចារ
[កែប្រែ]ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីរ ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ កាលបើបានយល់ព្រមឬ បានអនុគ្រោះ:
១-ឱ្យបុគ្គលណាម្នាក់ប្រព្រឹត្តពេស្យាចារនៅក្នុងគ្រឹះស្ថាន ឬ នៅក្នុងឧបសម្ព័ន្ធរបស់គ្រឹះស្ថាន ឬ
២-ឱ្យបុគ្គលណាម្នាក់រកភ្ញៀវ ដើម្បីធ្វើពេស្យាចារនៅក្នុងគ្រឹះស្ថាន ឬនៅក្នុងឧបសម្ព័ន្ធរបស់គ្រឹះស្ថាននេះ។
មាត្រា ៣២.- ការផ្ដល់ទីកន្លែងសម្រាប់ធ្វើពេស្យាចារ
[កែប្រែ]ជនណាលក់ ឬ ដាក់ឱ្យ បុគ្គលណាម្នាក់ប្រើប្រាស់ទីកន្លែង ដែលមិនមែនប្រើប្រាស់ដោយសាធារណជន ដោយដឹងថាបុគ្គលនោះនឹងប្រើប្រាស់ទីកន្លែងនោះ សម្រាប់ធ្វើសកម្មភាពពេស្យាចារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ។
មាត្រា ៣៣.- បទល្មើសទាក់ទងនឹងពេស្យាចារកុមារ
[កែប្រែ]ជនណាប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែងក្នុងមាត្រា ៣០ មាត្រា ៣១ និងមាត្រា ៣២ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ បើបទល្មើសដែលបានប្រព្រឹត្តនោះទាក់ទងនឹងពេស្យាចារកុមារ"។
ពាក្យថា "ពេស្យាចារ" នៅក្នុងបទប្បញ្ញត្តិពាក់ព័ន្ធនានានៃជំពូកនេះ ត្រូវជំនួសដោយពាក្យ "ពេស្យាចារកុមារ" នៅពេលដែលបទល្មើសដែលមានចែងនៅក្នុងកថាខណ្ឌទី ១ នៃមាត្រានេះត្រូវអនុវត្ដ។
មាត្រា ៣៤.- ការទិញពេស្យាចារកុមារ
[កែប្រែ]ជនណារួមភេទ ឬ ធ្វើអំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទជាមួយអនីតិជន ដែលមានអាយុចាប់ទី ១៥ ឆ្នាំ ឡើងទៅដោយផ្ដល់ ឬ សន្យាផ្ដល់វត្ថុមានតម្លៃអ្វីមួយទៅឱ្យអនីតិជននោះ ឬ ទៅឱ្យអន្តរការី ឪពុកម្ដាយ អ្នកអាណាព្យាបាល ឬ ជនដទៃទៀតដែលគ្រប់គ្រង ឬ ត្រួតពិនិត្យលើអនីតិជននោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ។
ជនណាដែលប្រព្រឹត្តបទល្មើសខាងលើ ជាមួយអនីតិជនដែលមានអាយុតិចជាង១៥ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ)ឆ្នាំ។
មាត្រា ៣៥.- អំពើអូសទាញពេស្យាចារកុមារ
[កែប្រែ]ជនណាអូសទាញជនដទៃសម្រាប់អំពើពេស្យាចារកុមារ ឬ ផ្សាយពាណិជ្ជកម្មនូវអំពើពេស្យាចារកុមារក្នុងគោលដៅធ្វើជាអន្តរការី នៃអំពើពេស្យាចារកុមារនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល។
ជនណាប្រព្រឹត្តបទល្មើសខាងលើធ្វើជាមុខរបរ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ។
មាត្រា ៣៦.- ការឱ្យខ្ចីប្រាក់ដោយមានលក្ខខណ្ឌទាក់ទងទៅនឹងអំពើពេស្យាចារកុមារ
[កែប្រែ]ជនណាឱ្យជនដទៃខ្ចីប្រាក់ ឬ វត្ថុមានតម្លៃអ្វីមួយដោយភ្ជាប់ទៅនឹងលក្ខខណ្ឌដែលតម្រូវឱ្យ អនីតិជន ប្រកបរបរពេស្យាចារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ។
ជនណាឱ្យអនីតិជនខ្ចីប្រាក់ ឬ វត្ថុមានតម្លៃអ្វីមួយ ដោយភ្ជាប់ទៅនឹងលក្ខខណ្ឌដែលតម្រូវឱ្យអនីតិជននោះ ប្រកបរបរពេស្យាចារ ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ នៃមាត្រានេះ។
មាត្រា ៣៧.- កិច្ចសន្យានៃអំពើពេស្យាចារកុមារ
[កែប្រែ]ជនណាធ្វើកិច្ចសន្យាជាមួយជនដទៃដែលក្នុងកិច្ចសន្យានោះតម្រូវ ឱ្យអនីតិជនប្រកបរបរពេស្យាចារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ។
ជនណាធ្វើកិច្ចសន្យាជាមួយអនីតិជនដែលក្នុងកិច្ចសន្យានោះតម្រូវ ឱ្យអនីតិជននោះប្រកបរបរពេស្យាចារ ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ នៃមាត្រានេះ។
ជំពូកទី ៥ រូបភាព និង សម្ភារៈអាសអាភាស
[កែប្រែ]មាត្រា ៣៨.- និយមន័យនៃរូបភាព និង សម្ភារៈអាសអាភាស
[កែប្រែ]រូបភាព និង សម្ភារៈអាសអាភាស នៅក្នុងច្បាប់នេះមានន័យថា ជាសម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈអេទ្បិចត្រូនិច ដែលពិពណ៌នាអំពើកេរភេទ ឬ ភាពអាសអាភាស ប្រហាក់ប្រហែលផ្សេងទៀតដែលធ្វើឱ្យរំភើប ឬ រំជួលដល់ចំណង់ផ្លូវភេទ។
មាត្រា ៣៩.- រូបភាព និង សម្ភារៈអាសអាភាស
[កែប្រែ]ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញនៅទីសាធារណៈនូវរូបភាពនិងសម្ភារៈអាសអាភាស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ថ្ងៃ ដល់ ១ (មួយ) ខែនិង ពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ដល់ ២០០.០០០ (ពីរសែន)រៀល។
ជនណាកាន់កាប់ ដឹកជញ្ជូន នាំចូល ឬ នាំចេញនូវរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការ ប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ ខាងលើ។
ជនណាផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការ ប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី ១ និងទី ២ នៃមាត្រានេះ ត្រូវ ផ្ដន្ទាទោសដាក់ ពន្ធនាគារពី១ (មួយ)ខែ ដល់ ១ (មួយ) ឆ្នាំ និង ពិន័យជាប្រាក់ពី ២០០.០០០ (ពីរសែន)រៀល ដល់ ២.០០០.០០០ (ពីរលាន) រៀល។
មាត្រា ៤០.- និយមន័យនៃរូបភាព និង សម្ភារៈអាសអាភាសនៃកុមារ
[កែប្រែ]រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ នៅក្នុងច្បាប់នេះមានន័យថា សម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈ អេទ្បិចត្រូនិច ដែលបង្ហាញពីរូបរាងអាក្រាតរបស់អនីតិជនដែលធ្វើឱ្យរំភើប ឬ រំជួលដល់ចំណង់ផ្លូវភេទ។
មាត្រា ៤១.- រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ
[កែប្រែ]ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ និង ពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល។
ជនណាកាន់កាប់ ដឹកជញ្ជូន នាំចូល ឬនាំចេញនូវរូបភាព និងសម្ភារៈអាសអាភាសនៃកុមារក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការ ប្រព្រឹត្តបទល្មើស ដូចមានចែងនៅក្នុងកថាខណ្ឌទី ១ ខាងលើត្រូវផ្ដន្ទាទោសដូចគ្នា។
ជនណាផលិតរូបភាព និង សម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ។
ជនណាផលិត រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ ក្នុងគោលដៅយកទៅប្រើប្រាស់ នៅក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី ១ និងទី២ ខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់)ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ។
ជំពូកទី ៦ អំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ ឆ្នាំ
[កែប្រែ]មាត្រា ៤២.- អំពើរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ
[កែប្រែ]ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ)ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ។
មាត្រា ៤៣.- អំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ ឆ្នាំ
[កែប្រែ]អំពើអាសនៅក្នុងច្បាប់នេះ មានន័យថា ជាអំពើនៃការប៉ះពាល់ ឬ ការបង្ហាញកេរភេទ ឬ ផ្នែកភេទផ្សេងទៀតរបស់ជនដទៃ ឬ ការឱ្យជនដទៃប៉ះពាល់កេរភេទ ឬ ផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬ របស់តតិយជនក្នុងចេតនាធ្វើឱ្យរំជួល ឬ រីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។
ជនណាដែលប្រព្រឹត្តអំពើអាសទៅលើជនដទៃ ដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ឆ្នាំ ដល់ ៣ (បី) ឆ្នាំ និង ពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន)រៀល ដល់ ៦.០០០.០០០ (ប្រាំមួយលាន)រៀល។
ជនណាដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា ៤២ ឬ មាត្រានេះ បើមិនរាងចាលទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារទ្វេដង។
មាត្រា ៤៤.- ការលើកលែងពីការផ្ដន្ទាទោស
[កែប្រែ]ជនណាដែលមានអាយុក្រោម ១៥ ឆ្នាំ នឹងត្រូវលើកលែងពីការផ្ដន្ទាទោស ចំពោះបទល្មើសដូចមានចែងនៅក្នុងមាត្រា ៤២ និងមាត្រា ៤៣ នៃច្បាប់នេះ។
ជំពូកទី ៧ សំណងរដ្ឋប្បវេណី
[កែប្រែ]មាត្រា ៤៥.- កិច្ចសន្យាសម្រាប់អំពើលក់-ដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ
[កែប្រែ]កិច្ចសន្យាមួយនឹងត្រូវចាត់ទុកជាមោឃៈ ប្រសិនបើកិច្ចសន្យានោះត្រូវបានធ្វើឡើងដោយមានគោលដៅបំពេញនូវ អំពើលក់-ដូរមនុស្ស ឬ អំពើធ្វើអាជីវកម្មផ្លូវភេទ។
កិច្ចសន្យាឱ្យខ្ចីនឹងត្រូវចាត់ទុកជាមោឃៈ ប្រសិនបើកិច្ចសន្យានោះ ត្រូវបានធ្វើឡើងដោយភ្ជាប់ទៅនឹងអំពើលក់-ដូរមនុស្ស ឬ អំពើធ្វើអាជីវកម្មផ្លូវភេទ។
"អំពើលក់-ដូរមនុស្ស" ឬ "អំពើធ្វើអាជីវកម្មផ្លូវភេទ" នៅក្នុងមាត្រានេះ និងមាត្រាបន្តបន្ទាប់មានន័យថា ជាអំពើខុសច្បាប់ដែលពាក់ព័ន្ធទៅនឹងបទល្មើសទាំងឡាយ ដូចមានចែងនៅក្នុងច្បាប់នេះ។
មាត្រា ៤៦.- សំណងបដិទានលើការទទួលបានផលប្រយោជន៍ ដោយមិនសមហេតុផល
[កែប្រែ]ជនណាទទួលយកនូវផលប្រយោជន៍ ដោយគ្មានហេតុផលស្របច្បាប់ ដោយដឹងថាផលប្រយោជន៍នោះ បានមកពីអំពើលក់-ដូរមនុស្ស ឬ អំពើធ្វើអាជីវកម្មផ្លូវភេទនឹងត្រូវទទួលខុសត្រូវលើសំណងបដិទាន ចំពោះអំពើទទួលបានផលប្រយោជន៍ ដោយមិនសមហេតុផលព្រមទាំងការប្រាក់ដែលកើតឡើង។
ជនដែលត្រូវគេកេងយកប្រយោជន៍ អាចប្ដឹងទាមទារសំណងលើការខូចខាតជាបន្ថែមលើសំណងបដិទាន ចំពោះអំពើទទួលបានផលប្រយោជន៍ដោយមិនសមហេតុផល។
ជនណាបានបង្កើតកិច្ចសន្យាឱ្យខ្ចី ឬ ការផ្ដល់ផ្សេងទៀតទៅជនដទៃក្នុងគោលដៅធ្វើការលក់-ដូរមនុស្ស ឬ ធ្វើអាជីវកម្មផ្លូវភេទ មិនអាចប្ដឹងទាមទារសំណងបដិទាន ចំពោះការផ្ដល់នោះបានទេ។
មាត្រា ៤៧.- សិទ្ធិជាអាទិភាពក្នុងការទទួលបានទ្រព្យសម្បត្តិដែលត្រូវគេរឹបអូស
[កែប្រែ]ជនរងគ្រោះ ត្រូវទទួលបានដោយអាទិភាពនូវទ្រព្យដែលត្រូវបានរឹបអូសដោយរដ្ឋ សម្រាប់ជាសំណងលើការខូចខាត និង សំណងបដិទានដល់ជនរងគ្រោះនោះ។
ជំពូកទី ៨ បទប្បញ្ញត្តិបន្ថែម
[កែប្រែ]មាត្រា ៤៨.- ទោសបន្ថែម
[កែប្រែ]ចំពោះបទល្មើស ដែលមានចែងនៅក្នុងច្បាប់នេះ អាចត្រូវទទួលទោសបន្ថែមដូច
១- រឹបអូសឧបករណ៍ សម្ភារៈ ឬ វត្ថុទាំងឡាយដែលត្រូវបានប្រើប្រាស់ ឬ នឹងត្រូវប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស
២-រឹបអូសសម្ភារៈទាំងឡាយ ដែលជាកម្មវត្ថុនៃបទល្មើស
៣-រឹបអូសប្រាក់ចំណូល ឬ ទ្រព្យដែលរកបាន ឬ ជាផលនៃបទល្មើស
៤- បិទការផលិត ដែលបម្រើដល់ការប្រព្រឹត្តបទល្មើស
៥- ការដាក់កំហិតលើសិទ្ធិពលរដ្ឋ និង
៦- ការហាមឃាត់ការស្នាក់នៅ។
មាត្រា ៤៩.- ការលាក់បាំងនូវអត្តសញ្ញាណនៃជនរងគ្រោះ
[កែប្រែ]សារព័ត៌មាន និងគ្រប់មធ្យោបាយផ្សព្វផ្សាយដទៃទៀត ត្រូវហាមឃាត់មិនឱ្យ ធ្វើការបោះពុម្ពផ្សាយ ឬ ផ្សព្វផ្សាយនូវព័ត៌មាន ដែលអាចធ្វើឱ្យ សាធារណជនដឹងអំពីអត្តសញ្ញាណរបស់ជនរងគ្រោះក្នុងបទល្មើសទាំងឡាយដែល មានចែងនៅក្នុងច្បាប់នេះ។
ជំពូកទី ៩ អវសានប្បញ្ញត្តិ
[កែប្រែ]មាត្រា ៥០.- និរាករណ៍នៃច្បាប់ដែលផ្ទុយ
[កែប្រែ]ច្បាប់ស្ដីពី "ការបង្ក្រាបអំពើពង្រត់ និងលក់ដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើមនុស្ស" ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០២៩៦/០១ត្រូវទុកជានិរាករណ៍។
ច្បាប់នេះ ត្រូវមានអាទិភាព ប្រសិនបើបទប្បញ្ញត្តិនៃច្បាប់ផ្សេងទៀត មិនស្របគ្នានឹងបទបញ្ញត្តិនៃច្បាប់នេះ។
មាត្រា ៥១.- ការជំនួសដោយក្រមព្រហ្មទណ្ឌ
[កែប្រែ]មាត្រា ២ មាត្រា ៣ មាត្រា ៤ និង មាត្រា ៦ នៃច្បាប់នេះ ត្រូវជំនួសដោយបទប្បញ្ញត្តិពាក់ព័ន្ធទាំងឡាយដែលមានចែងនៅក្នុង ក្រមព្រហ្មទណ្ឌ នៅពេលដែលក្រមនោះចូលជាធរមាន។
មាត្រា ៥២.- ការអនុវត្តច្បាប់នេះ
[កែប្រែ]ច្បាប់នេះ ត្រូវបានប្រកាសជាប្រញាប់។