ជយវម៌្មទី៨

ដោយវិគីភីឌា
ជ័យ​វរ្ម័ន​ទី​៧
ចក្រវរ្តិន
JayavarmanVII.jpg
រូបចំលាក់ជយវម៌្មទី៧ សារៈមន្ទីរហ្គីម៉េត
រជ្ជកាល ១១៨១ – ១២១៨
រាជ្យមុន ត្រិភុវនាទិត្យវម៌្ម
រាជ្យបន្ត ឥន្ទ្រវម៌្មទី២
រាជសហពន្ធ ឥន្ទ្រទេវីទី២
ស្វាមី/មហេសី ជយរាជទេវី
បុត្រ ឝ្រីឥន្ទ្រកុមារ គមលិន្ត វីរកុមារ ឥន្ទ្រវម៌្មទី២ សូយ៌កុមារ មួយអង្គទៀតមិនស្គាល់
បច្ឆាមរណនាម
វ្រះបាទមហាបរមសៅគតបទ
សន្តតិវង្ស មហិធរបុរ
បិតា ធរណីន្ទ្រវម៌្មទី៣
មាតា ឝ្រីជយរាជចូឌាមណី
ប្រសូត ១១២៥
អង្គរ កម្វុជទេឝ
សុគត 1218 (អាយុ 92–93)
យឝោធរបុរ កម្វុជទេឝ
សាសនា ពុទ្ធសាសនាមហាយាន
ពីមុ. ព្រហ្មញ្ញសាសនា

វ្រះបាទជយវម៌្មទី៧ (អានថា: ចី-វ-រៈ-មៈ) (១១២៥-១២១៨) រជ្ជកាល (គ.ស ១១៨១-១២១៨) ព្រះបរមមរណនាម វ្រះបាទមហាបរមសៅគតបទ។ ព្រះនាមព្រះអង្គពេលសោយរាជ្យ មិនមានចារឹកលើសិលាចារឹកភាសាខ្មែរ យើងមិនហ៊ានសន្មតយ៉ាងណាឡើយ ក្នុងកាលជាអំម្ចាស់ទ្រង់ព្រះនាម ជយវធ៌ន។ ម្យ៉ាងទៀត សិលាចារឹកស្ទើរតែទាំងអស់ ដែលគេបានរកឃើញនៅកំឡុងរាជ្យព្រះអង្គ សុទ្ធសឹងសរសេរជាភាសាសំស្រ្កឹត។ ព្រះអង្គកសាងប្រាសាទដ៏ច្រើនលើសលប់នៅតំបន់អង្គរ ដូចជា ប្រាសាទបាយ័ន (សំរាប់ឧទ្ទិសពុទ្ធរាជ) ព្រះខ័នជយស្រី (ឧទ្ទិសចំពោះព្រះបិតា) នាគព័ន្ធ តាព្រហ្ម (ឧទ្ទិសចំពោះព្រះមាតា) បន្ទាយក្ដី តាសោម ក្រោលគោ តានៃ បន្ទាយឆ្មារ តាព្រហ្មបាទី (តាកែវ) វត្តនគរបាជ័យ (កំពង់ចាម) ភ្នំបាណន់ (បាត់ដំបង)... ជាពិសេសគឺការកសាងក្រុងអង្គរទី៣ ប្រកបដោយកំពែងថ្មយ៉ាងក្រាស់ ដែលមួយជ្រុងៗមានប្រវែង ៣ សហាតិមាត្រ និងគូទឹកយ៉ាងធំសំបើម នៅព័ទ្ធជុំវិញ។ ក្រុងនេះមានផ្ចិតនៅត្រង់ប្រាសាទបាយ័ន។ រាជគ្រូនាម ជយកិរត្តិបណ្ឌិត។ ព្រះរាជវង្សនិង​ជីវប្រវត្តិរបស់វ្រះបាទជយវម៌្មទី៧ យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំសិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបងសិលាចារឹកនៅប្រាសាទបាយ័ននៅបា្រសាទ តាព្រហ្មនិងជាពិសេសដោយសារសិលាចារឹកនៅប្រាសាទវិមានអាកាសដែលចងក្រងនិពន្ធតាក់តែងឡើងជាកំណាព្យ កាព្យឃ្លោងដោយព្រះអគ្គមហេសីរបស់វ្រះបាទជយវម៌្មទី៨ព្រះនាងឥន្រ្ទទេវី។ ទ្រង់ជាព្រះរាជបុត្រាវ្រះបាទធរណីន្ទ្រវម៌្មទី៣ (រ. ១១៥០-១១៦០) និងម្ចាស់ក្សត្រីឝ្រីជយរាជចូឌាមណី។ ទ្រង់រៀបអភិសេកនឹងព្រះនាងជយរាជទេវី ហើយក្រោយមកបន្ទាប់ពីព្រះនាងសោយទិវង្គត ទ្រង់រៀបអភិសេកជាមួយព្រះរៀមរបស់ព្រះនាងឥន្ទ្រទេវីទី២។ ស្ត្រីទាំងពីរអង្គនេះត្រូវបានគិតថាជាការជំរុញយ៉ាងធំរបស់ព្រះអង្គ ជាពិសេសក្នុងការគោរពបូជាទៅដល់ពុទ្ធសាសនា ជាក្សត្រខ្មែរមុនគេនៅអង្គរដែលបដិបត្តិពុទ្ធសាសនា។ ជយវម៌្មទី៧ត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូជាសកលថាជាក្សត្រខ្មែរមួយអង្គដែលមានឫទ្ធានុភាពបំផុតគ្រប់សម័យកាលទាំងអស់។ ទ្រង់ត្រូវជាព្រះភាតាមហយ្យកាមួួយរបស់វ្រះបាទសូយ៌្យវម៌្មទី២[១]

វ្រះបាទជយវម៌្មទី៧គង់សមាធិ

សិលាចារឹក[កែប្រែ]

សិលា​ចារឹក​ K-៩០៨ មាន​ចារ​ជា​អក្សរ​ទាំង​អស់​ចំនួន ១១១ គាថាបណ្ឌិត​បុរាណវិទូ​ខែ្មរលោកមីសែល-ត្រាណេ បាន​លើក​ឡើង​ថា ១៨ គាថា​ដើម​នៃ​សិលា​ចារឹក​នេះ មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិត​ទៅ​នឹង​ខ្លឹមសារ​នៃ​សិលា​ចារឹក​ប្រាសាទតាព្រហ្ម។ លោក​បណ្ឌិត​បាន​ធ្វើ​ការ​បក​ប្រែ​នូវ​គាថា​មួយ​ចំនួនជា​ពិសេសគាថា​ជីវប្រវត្តិ​របស់​វ្រះ​បាទ​ជយវម៌្មទី៨ដូច​ត​ទៅ​នេះ៖

  • «ជា​ព្រះ​រាជា​មួយ​ព្រះ​អង្គ ដែល​ត្រូវ​បាន​ព្រះ​រាជា​ទាំង​ពួង នៃ​ដែន​ដី​ដែល​នៅ​ដៃ​មាន​កាន់​យ៉ាង​ណែន មនុស្ស​គោរព​សក្ការៈ។ ព្រះ​អង្គ​ជា​គតិបណ្ឌិត​ដ៏​ឆ្នើម​ក្នុង​ចំណោម​គតិបណ្ឌិត​ផង​ទាំង​ឡាយ ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​រាជា ​វ្រះ​បាទ​ឝ្រុតវម៌្មទី២ និង​វ្រះ​បាទឝ្រីឝ្រេស្ឋវម៌្ម ជា​មនុស្ស​ល្អ​ប្រពៃ តាម​រយៈ​ព្រះ​សម្មិទ្ធិ​ដ៏​រុង​រឿង​ថ្កើង​ថ្កានជា​ប្រភព​នៃ​វង្ស​ក្សត្រ​ដ៏​បរិសុទ្ធ» (គាថា​ទី ៦) ។
  • « ព្រះ​អង្គ​ជា​ព្រះ​អាទិត្យ​នៅ​លើ​មេឃា ដែល​ជា​វង្ស​ត្រកូល​កម្ពុជា​ ដែល​បាន​ប្រសូត​ឡើង​នៅ​លើ​ភ្នំ​ខាង​កើត​នៃ​ជយាទិត្យបុរ។ ព្រះ​អង្គ​បាន​ដាស់​បេះដូង​ផ្កា​ឈូក​នៃសព្វ​សត្វ​លោក​ជា​ឃ្លាំង​នៃ​ភាព​ត្រចេះ​ត្រចង់ ជា​អធិរាជ​នៃ​ឝ្រេស្ឋបុរ » (គាថា​ទី ៧)។
  • « ប្រសូត​ឡើង​ក្នុង​មហា​នគរ​នៃ​គ្រួសារ​ខាង​ព្រះ​មាតា​ ដែល​ព្រះ​ចន្ទ​ចែង​ចាំង​នូវ​កាំ​រស្មី​ព្រះ​កិត្តនាម​ល្អ​ប្រពៃ​ឥត​ខ្ចោះ ភ្លឺ​ថ្លា​ដូច​ព្រះ​នាង​លក្ឝ្មី ​ព្រះ​នាង​បាន​នាំ​មុខ​កំពូល​ស្រ្តី​ទាំង​ឡាយ (គឺ​ព្រះ​រាជិនី) កម្វុជរាជលក្ឝ្មី » (គាថា​ទី ៨)"។
  • « ស្វាមី​នៃ​ដែន​ដី​ឯ​ភវបុរ វ្រះបាទភវម៌្មទេវ ប្រកប​ដោយសំរស់​ដ៏​ភ្លឺ​ថ្លា ដែល​នាំ​មក​នូវ​មន្ត​សេ្នហ៍​ចំពោះ​ព្រះ​រាជនគរ​របស់​ទ្រង់។ ពោរ​ពេញ​ទៅ​ដោយ​ទេពកោសល្យ​ ជា​ប្រភព​កំណើត​នៃរាជវង្សានុវង្ស ដូច​អ្នក​ដែល​បាន​ប្រកប​ដោយ​កាំ​រស្មី​អមតៈ។ ព្រះ​អង្គ​បាន​សំរាល​នូវ​ភាព​ឈឺ​ចុក​ចាប់​របស់​ប្រជានុរាស្រ្ត​របស់​ទ្រង់ » (គាថា​ទៅ ៩)។
  • « អ្នក​ដែល​មាន​អាកប្បកិរិយា​ល្អ ភាព​ល្បីល្បាញ វីរភាព ដែល​គេ​មិន​អាច​ស្តី​បន្ទោស​អ្វីៗ ទាំង​អស់​បាន​ឡើយ ហើយ​ទ្រង់​បាន​ប្រសូត​ក្នុង​ត្រកូល​របស់​អ្នក​នោះ ព្រម​ទាំង​បាន​បង្កើត​នូវ​កិច្ចការ​សំរាប់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន វ្រះ​បាទ​ឝ្រី​ហឝ៌វម៌្ម ជា​អ្នក​បំផ្លាញ​សេចក្តី​រីក​រាយ​របស់​សត្រូវ​ក្នុង​ចំបាំង ហើយ​មាន​ព្រះ​រាជសកម្មភាព​ដ៏​ថៃ្ល​ថ្លា​ ដែល​បាន​ផ្សព្វ​ផ្សាយ​ចេញ​ពី​វាចា​រគ្រប់​ទិស​ទី » (គាថា​ទី ១០)។
  • « តាម​រយៈ​ព្រះ​មហាក្សត្រ និង​ព្រះ​រាជមហេសី​នេះ ព្រះ​នាង​ឝ្រីជយរាជចូឌាមណី បាន​មាន​កំណើត​ឡើង » ... « ប្រៀប​ទៅ​នឹង​ធាត្រី​ដែល​បង្កើត​ឡើង​ដោយ​ភាព​រឹង​ប៉ឹង ដូច​កមលា ដោយ​សោភ័ណភាព​ ដូច​​អរុណោទ័យ ដោយ​អាកប្បកិរិយា​ដែល​មិន​អាច​ស្តី​បន្ទោស​បាន​ឡើយ ដូច​បៃត្រី​ដែល​បាន​ចាប់​កំណើត​ដោយ​សប្បុរសធម៌‌ » (គាថា​ទី ១១-១២)។
  • « បាន​សោយ​រាជសម្បត្តិ នៅ​ឯ​ឝ្រី​មន្ត​យឝោធរបុរ ព្រះ​មហាក្សត្រ​ជយវម៌្មទេវ ក្រោយ​ពី​ផ្ចាញ់​រលក​នៃ​ពួក​សត្រូវ ព្រះ​អង្គ​បាន​បោះ​បង្គោល​រហូត​ដល់​សមុទ្របង្គោល​នៃជ័យ​ជំនះ​គ្រប់​ទិស​ទី ព្រះ​អង្គ និង​បុព្វការីជន​ប្រថាប់​នៅ​ឯ​មហិធរបុរ » (គាថាទី ១៣) ។
  • « ព្រះ​រាជបុត្រី​របស់​វ្រះបាទឝ្រីហឝ៌វម៌្មបាន​ឲ្យ​កំណើត​ទៅ​មហាបុរស​មួយ​រូបគឺវ្រះ​បាទ​ជយវម៌្មទី៨ ប្រកប​ដោយ​ថាមពល​ចែង​ចាំង​ដូច​ភ្លើង​ក្រហម​ឆ្អៅ បៀ្រប​ដូច​ទៅ​នឹង​ព្រះ​នាង​អទិតិ ដែល​បាន​ធ្វើ​ឲ្យ​ព្រាហ៌្មសី​ក្លាយ​ទៅ​ជា​សេ្តច​នៃ​ពពួក​ទេវតា ដែល​ដោយ​សារ​ការ​ប្រណិប័តន៍​ដ៏​ល្អប្រពៃ​ដើម្បី​ការ​ការ​ពារ​ដែនដី បាន​សំលាប់​ពួក​មេ​ទ័ព​បច្ចាមិត្ត » (គាថា​ទី ១៨)។

រួម​សេចក្តី​មក គ្មាន​អ្វី​សង្ស័យ​ឡើយ វ្រះ​បាទ​ជយវម៌្មទី៨ ពិត​ជា​វង្ស​មហាក្សត្រា​ខែ្មរ​យ៉ាង​ពិត​ប្រាកដ​ ដែល​បាន​ត​ពូជ​ពង្ស​ពី​ព្រះ​មហា​វីរក្សត្រ​នា​សម័យ​នគរវ្នំ និងកម្វុជ ដ៏​មានមហិទ្ធិប្ញទិ្ធ​គួរ​ឲ្យ​ស្ញប់​សែ្ញង ហើយ​ព្រះ​អង្គ​ក៏​ជា​មហា​បុរស​រដ្ឋ ​ដែល​បាន​ការ​ពារ​ដែន​ដី​ខែ្ម​រយើងដោយ​មាន​ការ​លះ​បង់​ខ្ពស់រក​អ្វី​បៀ្រប​ពុំ​បាន​ឡើយ។

ព្រះកិត្តិនាម[កែប្រែ]

ព្រះបាទ​ជយវម៌្មទី៧ ជា​ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធខ្លាំង​​ពូកែ​ចុង​ក្រោយនៃកម្វុជទេឝ។ អ្នក​ប្រវត្តិសាស្រ្ត​អំពី​ប្រទេស​កម្ពុជា លោក អៃម៉ូនីញ៉េរ៍ បាន​សិក្សា​ពី​វ្រះ​បាទ​ជយវម៌្មទី៧ និង​សន្និដ្ឋាន​ថាជា​ក្សត្រ​បង្កើត​សម័យ​ដ៏​រុង​រឿង​នៃ​ប្រទេស។ ការ​បង្រួប​បង្រួម​ជាតិ​របស់​វ្រះបាទ​ជយវម៌្មទី៧ បាន​ចាប់​ផ្តើម​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រសាលា​បារាំង​ចុង​បូព៌ា‌ ដោយ​សារ​លោក ល្វីស៍-ភ្វីណូត៍ នូវ​អត្ថបទ​សិលា​ចារឹក​សំស្រ្កឹត​មួយដែល​ប្រទះ​ឃើញ​ដោយ​លោកហ្សក-ម៉ាស្ប៉េរ៉ូ នៅ​ត្រង់​ជ័យ​ផ្វុងជិត​ក្រុងវាំងចន្ទន៍ ដែល​ផ្តល់​ព័ត៌‌មាន​ពី​ការ​ក​សាង​មន្ទីរ​ពេទ្យ​នៅគ.ស ១១៨៦។ លោក ល្វីស៍-ភ្វីណូត៍បាន​កត់សំគាល់ថា សិលា​ចារឹក​នេះ​មាន​ន័យ​ដូច​សិលា​ចារឹក នៅ​សសរ​ស្តម្ភ ដែល​គេ​បាន​រក​ឃើញ​នៅ​ឈូង​សមុទ្រ​សៀម ជិត​ព្រំ​ដែន​កូសាំងចិន ហើយ​ព្រះ​នាមវ្រះ​បាទ​ជយវម៌្មទី៨ ត្រូវ​បាន​រំលឹក​ជា​ញឹក​ញាប់ នៅ​ក្នុង​សិលា​ចារឹក​ចាម​ថាជាអ្នកចំបាំងមួយ​យ៉ាង​ធំ។ លោក​បាន​សន្និដ្ឋាន​ថា «សិលា​ចារឹក​ដែល​មាន​ចាប់​ពី​ប្រទេស​លាវ​ខាង​ក្រោម ទៅ​ឆេ្នរ​សមុទ្រ​អណ្ណាម និង​ទៅ​ទឹក​ដី​កូសាំងចិនខាង​ក្រោម​ខ្លះ បាន​រៀប​រាប់​ពី​ជោគ​ជ័យ​របស់​ព្រះ​អង្គ ខ្លះ​ទៀត​និយាយអំពី​អំពើ​ល្អ​របស់​ព្រះ​អង្គ។ ទាំង​នេះ​បាន​បំភ្លឺ​ពី​រូបភាព​នៃ​ព្រះ​មហា​ក្សត្រ​អង្គ​នេះ​ពី​ក្នុង​ភាព​ងងឹត​នៃ​អតីតកាល​របស់​ប្រទេស​កម្ពុជា»។

ភាព​ងងឹត​ក៏​បាន​រសាយ​ដោយ​សារ​ការ​អត់​ធ្មត់​ក្នុង​ការ​ស្រាវ​ជ្រាវ​រយៈ​ពេល ៤០ ឆ្នាំ របស់​លោកល្វីស៍-ភ្វីណូត៍។ ព្រះ​នាម​របស់​សេ្តច​អង្គ​នេះ គេ​ទើប​នឹង​បាន​ស្គាល់​នៅ គ.ស. ១៩០០ ពេល​គេ​បង្កើត សាលា​បារាំង​ចុង​បូព៌ា។ ឥឡូវ​នេះ គេ​ចាត់​ទុក​ព្រះ​អង្គ​ជា​ព្រះ​មហា​ក្សត្រ​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​ក្នុងចំណោម​ព្រះ​មហា​ក្សត្រ​ដ៏​ខ្លាំង​ពូកែ​ផេ្សង​ទៀត​នៃកម្វុជទេឝ។ ព្រះ​អង្គ​បាន​ពង្រីក​ទឹក​ដី​យ៉ាង​ធំ​បំផុត គិត​ទាំង​ប្រទេស​ចាម្ប៉ា​ផង និង​ក​សាង​ប្រាសាទ​ជា​ច្រើន​ពាស​ពេញ​ប្រទេស។ សិលា​ចារឹក​ជា​ច្រើន ដែល​ព្រះ​អង្គ​បាន​បន្សល់​ទុក​មាន​សិលា​ចារឹក​បីគឺ​ សិលាចារឹក​តាព្រហ្ម ព្រះ​ខ័ន និង​បន្ទាយ​ឆ្មារដែល​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង​ចុង​បូព៌‌ា (Bulletin de L’École française d’Extrême-Orient) បាន​បោះ​ពុម្ព​ផ្សាយ។ បទ​បញ្ញត្តិ​នៃ​មន្ទីរ​ពេទ្យ​ ក្នុង​សិលា​ចារឹក​នៅ​ផែ្នក​ខាង​ក្រោម មក​ពី​ប្រាសាទ​វិមាន​អាកាស ដែល​គេ​បាន​ប្រទះ​ឃើញនៅ​គ.ស. ១៩១៦ ក្នុង​ព្រះ​បរម​រាជវាំង​អង្គរ​ធំ និង​សិលា​ចារឹក​ចាម​មួយ​នៅ​មីសឺន (Mỹ-Sơn) គឺ​លោកល្វី-ភ្វីណូត៍បាន​បោះ​ពុម្ព​នៅ​ក្នុង​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង។ វ្រះបាទជយវម៌្មទី៨ ខ្លាំង​ពូកែ​ដូច​ព្រះ​មហា​ក្សត្រ​បារាំងសែសព្រះ​នាម ល្វីទី៧ និងភ្វីលីប-អុហ្គុស្តេដែល​រជ្ជកាល​របស់​ព្រះ​អង្គ​ស្ថិត​នៅ​ក្នុង​សម័យ​ជាមួយ​គ្នា។

ព្រះ​រាជពង្សាវតារ​របស់​ព្រះ​អង្គ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​លាស់។ ព្រះ​វរ​រាជ​បិតា​របស់​ព្រះ​អង្គ សោយ​រាជ្យ​រយៈ​ពេល​យ៉ាង​ខ្លី​ក្នុង​រវាង គ.ស. ១១៥៥។ ព្រះ​អង្គ​ម្ចាស់ជយវធ៌ន ត្រូវ​ជា​បង​ប្អូន​ជីទួត​មួយ​និងវ្រះបាទសូយ៌្យវម៌្មទី២ ដែល​ទ្រង់​បាន​ធ្វើ​សង្រ្គាម​រហូត​ដល់​តុងកឹង និង​ក​សាង​ប្រាសាទអង្គរវត្ត ជា​ប្រាសាទ​ចេតិយ​របស់​ព្រះ​អង្គ។ ព្រះ​វរ​រាជ​មាតា​របស់​ព្រះ​អង្គ ជាប់​សាលោហិត​ទៅ​នឹង​ព្រះ​សន្តតិវង្ស​ពី​បរទេស ដែល​គ្រប់​គ្រង​ប្រទេស​ស្ទើរ​ពេញមួយ ស.វ.ទី១១ និង​ព្រះ​រាជិនី​កម្ពុជា​សម័យ​បុរេអង្គរ។ ព្រះ​អង្គ​ម្ចាស់​ជយវធ៌ន​ប្រសូត​​នៅ​រវាង គ.ស. ១១២០ ឬ​យ៉ាង​យូរ​ណាស់ គ.ស. ១១២៥ ក្នុង​រជ្ជកាលវ្រះបាទសូយ៌្យវម៌្មទី២ ហើយ​ព្រះ​អង្គ​បាន​រៀប​អភិសេកពី​កេ្មង​បន្តិចជាមួយ​ក្សត្រី​ជយរាជទេវីដែល​ព្រះ​នាង​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ព្រះ​អង្គ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស។

ក្រោយ​មកព្រះ​អង្គ​ត្រូវ​បញ្ជា​ឲ្យ​លើក​ទ័ពទៅ​វាយ​ប្រទេស​ចាម្ប៉ា​នៅ​តំបន់​វិជយ (បច្ចុប្បន្ន​ខេត្ត​ប៊ិញ​ឌិញ ប្រទេសវៀតណាម)។ អវត្តមាន​នៃ​ព្រះ​ស្វាមី​បាន​ធ្វើ​ឲ្យ ព្រះ​នាង​ជយរាជទេវី​ធ្លាក់​ព្រះ​កាយ​ទៅ​ក្នុង​អន្លង់​ទុក្ខ ដែល​សិលា​ចារឹក​នៃព្រះបរមរាជវាំង​ សរសេរ​ដោយ​ព្រះនាងឥន្រ្ទទេវី ត្រូវ​ជា​បង​បង្កើត​របស់​ព្រះនាង។ សិលា​ចារឹក​បាន​រៀប​រាប់​ថា ព្រះ​នាង​ស្ថិត​នៅ​អន្លង់​ជ្រោះ​ទឹក​ភែ្នក ទួញ​សោក​ដូច​នាង​សីតា​ព្រាត់​ប្រាស​ពី​ព្រះ​ស្វាមី ព្រះ​នាង​សុំ​បន់​ស្រន់​សូម​ឲ្យ​ព្រះ​ស្វាមី​វិល​វិញ មធ្យោបាយ​បំភេ្លច​ទុក្ខ​សោក​ដ៏​មហិមា​នេះ ព្រះ​នាង​បាន​បួស​ជា​បស្វី​ក្នុង​ព្រាហ្មណ៍សាសនា និង ក្រោយ​មកបួស​ក្នុង​ព្រះពុទ្ធសាសនា

សិលា​ចារឹក​បាន​សរសេរ​ថា « ទទួល​ការ​សិក្សា​អប់​រំ​ពី​បង​ស្រី​បង្កើត ព្រះ​នាង​គិត​ថា ព្រះ​ពុទ្ធសាសនា​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត ព្រះ​នាង​ប្រកាន់​យក​មាគ៌‌ា​របស់​ព្រះពុទ្ធសាសនា ដែល​ជា​មាគ៌‌ា​ដ៏​ស្ងប់ដើម្បី​ឆ្លង​កាត់​ភ្លើង​ទុក្ខ និង​សមុទ្រ​នៃ​សេចក្តី​ឈឺ​ចាប់ »។ នៅ​ពេល​ដែល​វ្រះបាទ​ជយវម៌្មទី៨ គង់​នៅ​ប្រទេស​ចាម្ប៉ាព្រះ​បិតា​របស់​ព្រះ​អង្គ​គឺ​វ្រះ​បាទ​ធរណីន្ទ្រវម៌្មទី៣ ទ្រង់​ចូល​ទិវង្គត ហើយ​ព្រះ​មហា​ក្សត្រ​ដែល​ស្នង​រាជ្យ​បន្ត​ ព្រះ​នាមយឝោវម៌្មទី២ ដែល​គេ​មិន​ស្គាល់​ពី​ជីវប្រវត្តិ។ ក្នុង​រជ្ជកាល​របស់​ព្រះ​មហា​ក្សត្រ​អង្គ​នេះ មាន​ព្រឹតិការណ៍​សោក​សៅ​មួយ ដែល​មាន​ចារ​នៅ​ក្នុង​សិលា​ចារឹក និង​រូប​ចំលាក់​នៅ​ប្រាសាទបន្ទាយឆ្មារ។ សិលា​ចារឹក និង​រូប​ចំលាក់​ប្រាសាទ​នេះបាន​ឲ្យ​ដឹង​ថាវ្រះបាទយឝោវម៌្មទី២ ត្រូវ​រាហុ​វាយ​លុក​ដូច​ពេល​មុន សូរ្យគ្រាស ឬ​ចន្រ្ទគ្រាស តែ​បាន យុវក្សត្រ​មួយ​អង្គ ជួយ​សង្រ្គោះ ទំនង​ជា​ព្រះ​រាជ​បុត្រ​ណា​មួយ​របស់​អនាគតវ្រះបាទ​ជយវម៌្មទី៨។

សិលា​ចារឹក​សរសេរ​ថា « នៅ​ពេល​ដែល​ភារតរាហុ​បះ​បោរ​ប្រឆាំង​នឹង​វ្រះ​បាទ​យឝោវម៌្ម ដើម្បី​វាយ​លុក ដណើ្តម​ព្រះ​រាជវាំង កង​ទ័ព​ការ​ពារ​ទី​ក្រុង​ បាន​បាក់​ទ័ព​រត់​អស់... ព្រះ​អង្គ​ម្ចាស់​ចូល​ប្រយុទ្ធ។ ទាហាន​ពីរ​នាក់ បាន​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ព្រះ​អង្គ ហើយ​បាន​ទទួល​ជ័យ​ជំនះ​លើ​ភរតរាហុ »។ ប៉ុនែ្ត វ្រះបាទយឝោវម៌្មទី២ បាន​ត្រូវ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ដណ្តើម​រាជ្យ​ ដោយ​យក​នាម​ថា ត្រិភុវនាទិត្យវម៌្ម នៅ គ.ស. ១១៦៥។ ព្រះ​អង្គ​ម្ចាស់​ជយវធ៌ន ក៏​ប្រញាប់​ប្រញាល់​យាង​ត្រឡប់​មក​ពី​ចាម្ប៉ាដើម្បី​ជួយសង្គ្រោះ​វ្រះបាទយឝោវម៌្មទី២។ សិលា​ចារឹក​បាន​បន្ត​ទៀត​ថា « ប៉ុនែ្ត វ្រះ​បាទ​យឝោវម៌្មទី២ ត្រូវ​អ្នក​ជ្រែក​រាជ្យ​ធ្វើ​គុត ហើយ​ព្រះ​អង្គ​ម្ចាស់​ជយវធ៌ន ក៏​គង់​នៅ​កម្វុជទេឝ ដើម្បី​រង់​ចាំ ពេល​វេលា​ល្អ​នឹង​ស្រោច​ស្រង់​ស្ថានការណ៍ ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឧក្រិដ្ឋ ។ ព្រះ​អង្គ​ម្ចាស់​ក្សត្រី ដែល​​កៀ្រម​ក្រំ​ដោយ​ទុក្ខ ពីព្រោះ​ព្រះ​ស្វាមី​អវត្តមាន ក៏​រលាយ​ពី​សេចក្តី​ទុក្ខ​ព្រួយ​វិញ ដោយ​ព្រះ​នាង​ចង់​ឃើញ​ព្រះ​អង្គ​រំដោះ​ប្រទេស​ពី​មហាសមុទ្រ​ទុក្ខ​ដែល​បាន​លិច​លង់ »។ ព្រះ​អង្គ​ម្ចាស់ជយវធ៌ន ដែល​បាន​យាង​ត្រឡប់​មក​ដល់​ប្រទេស​យឺត​ពេល និង​បាន​ឃើញ​អ្នក​ជ្រែក​រាជ្យ​នៅ​លើ​រាជបល្លង្ក ព្រះ​អង្គ​ក៏​មិន​ទ្រង់​យាង​ត្រឡប់​ទៅ​ចាម្ប៉ា​វិញ​ឡើយ និង​ដោយ​សារ​មាន​ការ​ជួយ​ទស្សនៈ​ពី​មហេសី​ផង ព្រះ​អង្គ​ក៏​គង់​នៅ​កម្ពុជា « រង់​ចាំ​ពេល​វេលា​ល្អ​សម​ស្រប » ។ ព្រះ​អង្គ​ត្រូវ​រង់​ចាំអស់​រយៈ​ពេល ១៥ ឆ្នាំ។ ក្នុង​​ពេល​ជាមួយ​គ្នា​ ដែល​នៅ​ពេលកម្វុជទេឝ​មាន​ការ​ជ្រែក​រាជ្យ នៅ​ប្រទេស​ចាម្ប៉ា​ក៏​មាន​ការ​ជ្រែក​រាជ្យ​ដែរ នៅ គ.ស. ១១៦៦-១១៦៧ ព្រះ​នាម​ជយ​ឥន្រ្ទវម៌ន។ សេ្តច​អង្គ​នេះបាន​លើក​សួយ​សារ​អាករ​ទៅ ថ្វាយ​សេ្តច​អណ្ណាម ព្រះ​នាមលី-អាញ់តុង នៅ គ.ស. ១១៧០ ដើម្បី​ឲ្យ​ប្រទេស​នេះ​ស្ថិត​នៅ​អព្យាក្រឹត

ក្នុង​​ពេល​​នេះ ព្រំ​ដែន​ខាង​ជើង​នៃ​ប្រទេស​ចាម្ប៉ា ស្ថិត​នៅ​ក្នុង​ភាព​ស្ងប់​ស្ងៀម ហើយ​សេ្តច​ជ្រែក​រាជ្យ​ចាម ក៏​លើក​ទ័ព​វាយ​លុក​កម្វុជទេឝ។ សិលា​ចារឹក​វិមាន​អាកាស​សរសេរ​ទៀត​ថា « វ្រះ​បាទ​ជយ​ឥន្រ្ទវម៌ន (សេ្តច​ចាម) ឥត​កោត​ខ្លាច​ដូច​ក្រុង​រាពណ៍ នៅ​លើ​រថកាន់​អាវុធ​វាយ​ប្រយុទ្ធ​កម្វុជទេឝ »។ ប៉ុនែ្ត ការ​វាយ​លុក​នេះ​ពុំ​បាន​ទទួល​ជោគ​ជ័យ​ទេ។ សេ្តច​ចាម​នាម​ជយឥន្រ្ទវម៌ន បាន​ដូរ​យុទ្ធវិធី​ពី​វាយ​តាម​ជើង​គោក ទៅ​វាយ​តាម​ជើង​ទឹក​វិញ។ នៅ គ.ស. ១១៧៧ សេ្តច​ចាម​អង្គ​នេះបាន​លើក​ទ័ព​ជើង​ទឹក​ចូល​វាយ​ខែ្មរ ដោយ​មាន​ចិន​លិច​សំពៅ​ម្នាក់ ជួយ​នាំ​ផ្លូវ។ ទ័ព​នោះ​បាន​ចូល​តាម​ទនេ្លមេគង្គ ហើយ​ឡើង​រហូត​ដល់​បឹងទនេ្លសាប។ ក្រុង​អង្គរ​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ចាម ហើយ​សេ្តច​ជ្រែក​រាជ្យ​ត្រិភុវនាទិត្យវម៌្ម ក៏​ត្រូវ​ធ្វើ​គត់​ក្នុង​សមរភូមិ។ កង​ទ័ព​ចាម​ក៏​ចូល​កាន់​កាប់​ទី​ក្រុង ហើយ​បំផ្លិច​បំផ្លាញ និង​ប្រមូល​ទ្រព្យ​សម្បត្តិ​យ៉ាង​សន្ធឹក​សន្ធាប់​អស់​ពី​ទី​ក្រុង។ ព្រះ​រាជបល្ល័ង្ក​ត្រូវ​នៅ​ទំនេរ គ្មាន​ព្រះ​មហាក្សត្រ​សោយ​រាជ្យ។ ព្រះ​អង្គ​ម្ចាស់​ជយវធ៌ន ឈេ្វង​យល់​ថា ពេល​វេលា​ល្អ​បាន​មក​ដល់​ហើយ។ ប៉ុនែ្ត មុន​នឹង​ប្រកាស​ជា​សេ្តច​សោយ​រាជ្យ ព្រះ​អង្គ​ត្រូវ​រំដោះ​ប្រទេស​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​បរទេស។ ព្រះ​អង្គ​ក៏​បាន​លើក​ទ័ព​ដេញ​កម្ចាត់​ពួក​ចាម​តាម​ជើង​ទឹក ដូច​ដែល​មាន​រូប​ចំលាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ ហើយ​បាន​រំដោះ​ប្រទេស​ទាំង​មូល។ បួន​ឆ្នាំ​ក្រោយ​ការ​ឈ្លាន​ពាន​របស់​ចាម​នៅ​ គ.ស. ១១៧៧ នៅ គ.ស. ១១៨១ កម្វុជទេឝ​បាន​សុខ​សន្តិភាព ហើយ​ព្រះ​អង្គ​ម្ចាស់​ជយវធ៌ន ក៏​ប្រកាស​ឡើង​គ្រង​រាជ្យ។ នៅ​ក្នុង​ពេល​ជាមួយ​នោះ ព្រះ​អង្គ​បានក​សាង​រាជធានី​ឡើង​វិញ។ « ទី​ក្រុង​យឝោធបុរ ដូច​ជា​ស្រី​ក្រមុំ​ម្នាក់​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ បាន​ផ្សំ​ផ្គុំ​ជាមួយគូ​ដណ្តឹង​របស់​ខ្លួន​ក្នុង​តណ្ហា ដែល​ពុះ​កញ្ជ្រោល​លំអទៅ​ដោយ​រាជវាំង​អំពី​ត្បូង​មាន​តំលៃ និង​គ្រប​ដណ្តប់​ទៅ ដោយ​កំពែង។ គូ​ស្វាមី​ភរិយា​នេះ បាន​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ដោយ​ព្រះ​រាជា​ ដើម្បី​បង្កើត​សុភមង្គល​នៃ​សត្វ​លោក​ ក្រោម​ជ័យ​ជំនះ​ដ៏​ធំ​ធេង ដែល​ព្រះ​អង្គ​ដណ្តើម​យក​បាន » ។ សិលា​ចារឹក​មួយ​នៅ​ជ្រុង​កំពែងអង្គរធំបាន​សរសេរ​ថា រាជបុរី​ដែល​ព្រះ​រាជា​រៀប​ពិធី​អភិសេក​នោះ គ្មាន​អ្វី​ក្រៅ​ពី​ទី​ក្រុង​អង្គរ​ធំ​ទេ ពុំ​មែន​ប្រាសាទ​បាខែង​នៅ​ចុង ស.វ. ទី ៩ ឡើយ តែ​ជា​ទី​ក្រុង​បច្ចុប្បន្ន​ ដែល​មជ្ឈមណ្ឌល​ជា​ប្រាសាទបាយ័ន។ ក្នុង​ពេល​ដែល​ចាម​ចូល​លុក​លុយ​ប្រទេស​នា​ គ.ស. ១១៧៧ តាម​អ្នក​ប្រវត្តិសាស្ត្រ​ចិន ឈ្មោះម៉ា-ទួន​លិនថាព្រះ​អង្គ​ម្ចាស់​ជយវធ៌ន « បាន​សច្ចា​ថា នឹង​សង​សឹក​សត្រូវ​របស់​ព្រះ​អង្គហើយ​កិច្ចការ​នេះ អត់​ទ្រាំ​ដោយ​ស្ងាត់​កំបាំង​រយៈ​ពេល ១៥ ឆ្នាំ »។ ប៉ុនែ្ត មុន​នឹង​សំរេច​សេចក្តី​សច្ចា​របស់​ព្រះ​អង្គ ដើម្បី​ធ្វើ​សង្រ្គាម​នឹង​ចាម​នៅ​ក្នុង​ប្រទេស ព្រះ​អង្គ​ត្រូវ​បង្រ្កាបការ​បះ​បោរ​នៅ​ផែ្នក​ខាង​ត្បូង​នៃ​ទឹក​ដី​បាត់ដំបង។ ដើម្បី​បង្រ្កាប​ការ​បះ​បោរ​នេះ ព្រះ​អង្គ​បាន​បញ្ជា ក្សត្រ​ចាម​មួយ​អង្គនាម វិទ្យានន្ទន៍ ឲ្យ​លើក​ទ័ព​ទៅ​បង្រ្កាប​បាន​រាប​ទាប​ឡើង​វិញ។ គួរ​បញ្ជាក់​ថា ក្សត្រ​ចាម​នេះ​បាន​មក​រស់​នៅអង្គរ​តាំង​ពី​កេ្មង​ម៉េ្លះ សិលា​ចារឹក​ចាម​នៅ​មី​សឺន​បាន​សរសេរ​ថា « កាល​ពី​កុមារភាព​របស់​ព្រះ​អង្គ នៅ គ.ស. ១១៨២ ព្រះ​អង្គ​ម្ចាស់​វិទ្យានន្ទន៍ បាន​យាង​មក​គង់​នៅ​ប្រទេស​កម្ពុជា។ ព្រះ​មហា​ក្សត្រ​កម្វុជទេឝ (គឺ​វ្រះ​បាទ​ជយវម៌្មទី៨ បាន​ឡើង​សោយ​រាជ្យ​មួយឆ្នាំ​មុន) បាន​ទត​ឃើញ​លក្ខណៈ ៣៣ យ៉ាង​របស់​ព្រះ​អង្គ​ម្ចាស់។ ក៏​មាន​ព្រះ​ទ័យ​ស្រឡាញ់​សព្វ​ព្រះ​រាជងហឫទ័យ ហើយ​​ព្រះ​​អង្គ​បង្រៀន​វិទ្យាសាស្រ្ត និង​ក្បួន​យុទ្ធសាស្រ្ត​ដល់​ព្រះ​អង្គ​ម្ចាស់ នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​គង់​នៅ​កម្វុជទេឝរាជាណាចក្រ​នេះ​មាន​តំបន់​មួយ​ឈ្មោះ មល្យង ដែល​មាន​មនុស្ស​អាក្រក់​រស់​នៅ ហើយ​បាន​ងើប​បះ​បោរ​ឡើងប្រឆាំង​នឹង​ព្រះ​មហាក្សត្រ​ខ្មែរ។ ព្រះ​រាជា​បាន​ទត​ឃើញ​ព្រះ​អង្គ​ម្ចាស់​នេះ​ពូកែ​ខាង​សឹក​សង្រ្គាម ក៏​បញ្ជា​ឲ្យ​ដឹក​នាំ​កង​ទ័ព​ខ្មែរ ដើម្បី​ទៅ​បង្រ្កាប​ការ​បះ​បោរ នៅ​មល្យង​នេះ​បាន​ទទួល​ជោគ​ជ័យ។ ដោយ​សារ​គុណ​បំណាច់ ព្រះ​មហា​ក្សត្រ​ខែ្មរ​ទ្រង់​​ព្រះ​រាជទាន​កិត្តិយស និង​ទ្រព្យ​សម្បត្តិ ដែល​មាន​តំលៃខ្ពស់ៗ ដល់​ទ្រង់​វិទ្យានន្ទន៍ »។

នៅគ.ស ១១៩០ វ្រះ​បាទ​ជយវម៌្មទី៨ បាន​ធ្វើ​ឲ្យ​មហា​វៀត (នៃ​មហារាជាលី​-កៅ​ទុន) នៅអព្យាក្រឹតដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​វាយ​ចាមក្នុង​ឆ្នាំ​ដដែល​ ឱកាស​ល្អ​ហុច​ឲ្យ​ដោយ​សេ្តចចាម​ជយឥន្រ្ទវម៌នទី៤ លើក​កង​ទ័ព​មក​វាយ​ខែ្មរ​ម្តង​ទៀត។ តើ​វ្រះ​បាទ​ជយវម៌្មទី៨ ទ្រង់​លើក​ទ័ពប្រឆាំង​នឹង​ការ​វាយ​លុក​របស់​ចាម​ឬ​យ៉ាង​ណា? សិលា​ចារឹក​នៅ​ពោធិនគរ (ឯ​ញ៉ា​ត្រាង) បាន​សរសេរ​ទុក​ថា « ព្រះ​អង្គ​វាយ​យក​បាន​រាជធានី​នៃ​ប្រទេស​ចាម្ប៉ា និង​ប្រមូល​យក​លិង្គ​ទាំង​អស់ »។ ជោគ​ជ័យ​នេះ​បាន​ ដោយ​សារ​ព្រះ​អង្គ​​បញ្ជា​ទ្រង់​វិទ្យានន្ទន៍​លើក​ទ័ព​ទៅ​ទប់​ទល់។ ទ្រង់​វិទ្យានន្ទន៍​វាយ​យក បាន​ក្រុង​វិជយ (ប៊ិញ​ឌិញ) ហើយ​ចាប់​សេ្តច​ចាម​ជយ​ឥន្រ្ទវម៌ន​ទី៤ជា​ឈ្លើយមក​ថ្វាយ​វ្រះបាទ​ជយវម៌្មទី៨។ ព្រះ​អង្គ​បាន​លើក​ព្រះ​អនុជ​ថៃ្ល​របស់​វ្រះ​បាទ​ជយវម៌្មទី៨ ឈ្មោះអិន (អនុជ​ព្រះ​នាងជយរាជទេវី) ឲ្យ​ឡើង​សោយ​រាជ្យ​នៅ​វិជយ ដោយ​មាន​ព្រះ​បរមនាម​​ថា សូយ៌្យជយវម៌្មទេវ រួច​ព្រះ​អង្គ​លើក​ទ័ព​បង្ហួស​ទៅ​វាយ​យកបណ្ឌុរង្គហើយ​ឡើង​សោយ​រាជ្យ​នៅ​ទី​នោះដោយ​មាន​ព្រះ​រាជ​បរមនាម​ថា សូយ៌្យវម៌្មទេវ។ ប្រទេស​ចាម្ប៉ា​បាន​ចែក​ជា​ពីរ​ផែ្នក មួយ​ផែ្នក​គ្រប់​គ្រង​ដោយ​ព្រះ​រាជា​ខែ្មរ និង​មួយ​ផែ្នក​ទៀត​ដោយ​ក្សត្រ​ចាមវិទ្យានន្ទន៍។ តែ​មិន​យូរ​ប៉ុន្មាន ពួក​ចាម​នៅ​វិជយបះ​ឡើងដោយ​បណេ្តញ​ព្រះ​អង្គ​ម្ចាស់​អិនរត់​ចូល​មក​ស្រុក​ខែ្មរ​វិញ ហើយ​លើក​សេ្តច​ចាម​ព្រះ​នាមស៌ុបតិឲ្យ​ឡើង​សោយ​រាជ្យ​ជា​ជំនួស​វិញ។ ឆ្លៀត​ឱកាស​នេះ ព្រះ​រាជា​វិទ្យានន្ទន៍​បាន​បង្រួប​បង្រួម​ប្រទេស​ចាម​ឲ្យ​មាន​ឯកភាព​ឡើង​វិញ ក្រោយ​ពី​បាន​ធ្វើ​គុត​ព្រះ​ជយ​ឥន្រ្ទវម៌នទី៥ (ស៌ុបតិ) ហើយ​ឡើង​សោយ​រាជ្យ​ប្រទេស​ចាម្ប៉ា​ទាំង​មូលពីគ.ស. ១១៩២ ដល់ ១២០៣។ នៅគ.ស. ១១៩៣ និង ១១៩៤ វ្រះ​បាទ​ជយវម៌្មទី៨ ទ្រង់​បាន​សាក​ល្បង​ឲ្យ​ព្រះ​វិទ្យានន្ទន៍​ទទួល​ស្គាល់​អំណាច​ព្រះ​អង្គ​វិញតែ​ឥតប្រយោជន៍រហូត​ដល់គ.ស. ១២០៣ ព្រះ​អង្គ​បាន​បញ្ជា​សេ្តច​ចាម​មួយ​អង្គ​ទៀតព្រះ​នាមអុងធនបតិក្រាម ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ទ្រង់​វិទ្យានន្ទន៍ឲ្យ​លើក​ទ័ព​ទៅ​វាយកំចាត់ក្មួយ​ព្រះ​អង្គ​ទាល់​តែ​បាន។ ចាប់​ពី គ.ស. ១២០៣ ដល់ ១២២០ ប្រទេស​ចាម្ប៉ា​ក៏​ក្លាយ​ទៅ​ជា​អាណាខេត្ត​របស់​ខែ្មរ។ ការ​លូក​ដៃ​ច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​ខាង​កើត ដែល​ជា​ប្រទេស​ជិត​ខាងពុំ​បាន​ទប់​ស្កាត់​មិន​ឲ្យ​ព្រះ​អង្គពង្រីក​ទឹក​ដី​ទៅ​ខាង​ជើង និង​ខាង​លិច​នៃ​កម្វុជទេឝ​ឡើយគឺ​នៅ​ក្នុង​រជ្ជកាល​នេះ​ហើយ ដែល​សិលា​ចារឹក​ជ័យផ្វុង (ជិត​ក្រុង​វាំងចន្ទន៍) បាន​បញ្ជាក់​ពី​កាលបរិចេ្ឆទ ហើយ​អ្នក​ប្រវត្តិសាស្រ្ត​ចិន បាន​និយាយ​ពី​អំណាច​របស់​វ្រះ​បាទ​ជយវម៌្មទី៨ បាន​ភ្ជាប់​ទឹក​ដី​មួយ​ផែ្នក​នៃ​ទៀបកោះ​ម៉ាឡេ និង​វាត​អំណាច​រហូត​ដល់ប្រទេសភូមា។ ម្យ៉ាង​ទៀត សិលា​ចារឹក​មួយ​នៃ​ប្រាសាទព្រះខ័ន​បាន​ឲ្យ​ដឹង​ថា ទឹក​មន្ត​ត្រូវ​បាន​ផ្តល់ ដោយ​ព្រាហ្មណ៍​សូយ៌្យភក្ត និង​ព្រហ្មណ៍​ឯ​ទៀត​ទាំង​អស់​ក្នុង​ព្រះ​បរម​រាជវាំង ព្រះ​រាជា​នៃ​យវនៈ និង​ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចម្ប៉ា។ ព្រាហ្មណ៍​សូយ៌្យភក្ត​ ប្រហែល​ជា​មេ​នៃ​ព្រាហ្មណ៍​ទាំង​អស់​ក្នុង ព្រះបរមរាជវាំង។ ព្រះ​រាជា​នៃ​យ្វន គឺ​ជា​អធិរាជ លី-អាញ់​តុង (Lý Anh Tông) ដែល​សោយ​រាជ្យ​នៅគ.ស ១១៧៥ មាន​ព្រះ​បរមនាម​សំរាប់​រាជ្យ​ថាលីកាវ​​តុង (Lý Cao Tông) និង​សោយ​រាជ្យ​រហូត​ដល់គ.ស ១២១០។ ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចាម្ប៉ាគឺ​ព្រះ​រាជា​សោយ​រាជ្យ​នៅ​ក្រុង​វិជយ (ប៊ិញ​ឌិញ) ដែល​ត្រូវ​ជា​ព្រះ​អនុជ​ថៃ្ល​នៃ​វ្រះ​បាទ​ជយវម៌្មទី៨ និង​ព្រះ​រាជា​ដែល​សោយ​រាជ្យ​នៅ​បណ្ឌុរង្គ (ផាន​រ៉ាង) គឺ​ទ្រង់វិទ្យានន្ទន៍ ដែល​ការ​ពារ​ដោយ​ព្រះ​ជយវម៌្មទី៨។ គេ​បាន​ដឹង​ថាការ​ថ្វាយ​ទឹក​មន្ត​មាន​ន័យ​ថាទទួល​ស្គាល់​ការ​ស្ថិត​នៅ​ក្នុង​ចំណុះ​នៃ​ប្រទេស​ដែល​គេថ្វាយ​នោះ។ ទំនៀម​នេះ​នៅ​មាន​រហូត​ដល់​សព្វ​ថៃ្ង​នេះ។ នៅ​ក្នុង​រាជវាំង​ក្រុង​ភ្នំពេញ ឬ​បាងកក នៅ​ពេល​ពិធី​អភិសេក​សេ្តច​ឡើង​សោយ​រាជ្យទឹក​មន្ត​សំរាប់ធ្វើ​ពិធី​គឺ​ជា​ទឹក​ដែល​ទទួល​បាន​ពី​ទនេ្ល​សំខាន់ៗ​ នៃ​ប្រទេស និង​ពី​ខេត្ត​ផេ្សងៗ នៃ​ព្រះ​រាជាណាចក្រ។ ការ​ស្ថិត​នៅ​ក្រោម​ចំណុះ​កម្វុជទេឝនៃ​ប្រទេស​ចាម្ប៉ា​ទាំង​ពីរ មិន​យូរ​អងែ្វង​ដូច​នៅ​ក្រោម​អំណាច​របស់​ជ្វា អំណាច​របស់​មហារាជ​អណ្ណាម​ឡើយ។ ក្រោយ​ពី​ព្រះ​នាង​ជយរាជទេវី​សោយ​ព្រះ​ពិរាល័យ​ទៅវ្រះបាទ​ជយវម៌្មទី៨ បាន​រៀប​រាជាភិសេក​ជាមួយ​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម​បង្កើត​របស់​ព្រះ​នាង​ជយទេវី។ ក្សត្រី​អង្គ​នេះ​ជា​ស្រ្តី​សំបូរទៅ​ដោយ​ចំណេះ​វិទ្យា។ ព្រះ​នាង​បាន​ទទួល​តំណែង​ជា​សាស្រ្តាចារ្យ​ក្នុង​វត្ត​ព្រះ​ពុទ្ធសាសនា​មួយ ហើយ​បាន​ក​សាង​សិលា​ចារឹក​វិមាន​អាកាស ដែល​ជា​ប្រភព​យ៉ាង​សំខាន់​ទាក់​ទង​នឹង​ព្រះ​ជីវប្រវត្តិ​នៃ​វ្រះ​បាទ​ជយវម៌្មទី៨។ គេ​មិន​ដឹង​ច្បាស់​ថាវ្រះ​បាទ​ជយវម៌្មទី៨ សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​ណា​ទេ។ ព្រះ​អង្គ​ទំនង​ជា​សោយ​រាជ្យ​រហូត​ដល់គ.ស. ១២១៨។ ព្រះ​អង្គ​មាន​ព្រះ​មរមនាម​ថា មហា​បរម​សៅគត។ ព្រះ​នាមនេះ​ស​ឲ្យ​ឃើញ​ថា ព្រះ​អង្គ​ជា​ពុទ្ធសាសនិកជន​មួយ​រូប តែ​ទោះ​បី​យ៉ាង​ហ្នឹង​ក៏​ដោយ ក៏​ព្រះ​អង្គ​មាន​ព្រាហ្មណ៍​បុរោហិត​មួយ​រូបឈ្មោះឫឞិកេឝ ដែល​ជា​សក្ខីភាព​ប្រាប់​ថាសាសនា​ព្រាហ្មណ៍​នៅ​ពេល​នោះ នៅ​មាន​ឥទ្ធិពល​ខ្លាំង​គួរ​សម​ដែរ។ តាម​រូប​បដិមា​វ្រះ​បាទ​ជយវម៌្មទី៨ មាន​សាច់​មាំព្រះ​កេស​មាន​ផ្នួង​សក់​តូច។ លក្ខណៈ​នេះ​មាន​ច្បាស់​នៅ លើ​ក្បាច់​ចំលាក់​ជា​ច្រើន គេ​បាន​ឃើញ​រូប​បដិមា​ពីរ គឺ​មួយ​នៅ​អង្គរធំ និង​មួយ​ទៀត​នៅ​ប្រាសាទ​វិមាយ​ជិត​គោរាជ (នគររាជ) ដែល​ថែ​រក្សា​នៅ​សារមន្ទីរ​ក្រុង​បាងកក។ រូប​បដិមា​ទាំង​ពីរ​នេះគឺ​ជា​ព្រះ​រូបរបស់​វ្រះ​បាទ​ជយវម៌្មទី៨។

អំពី​កាលបរិចេ្ឆទ​នៃ​ការ​សោយ​ទិវង្គត គេ​ពុំ​បាន​ដឹង​ពិត​ប្រាកដ​ទេ។ គេ​ចោទ​ជា​សំណួរ​ថា តើ​ព្រះ​អង្គ មាន​ព្រះ​រោគ​អ្វី ដែល​​នាំ​ឲ្យ​ព្រះ​អង្គ​សោយ​ទិវង្គត? មាន​រូប​ចំលាក់ពីរ​នា​សម័យ​នោះគឺ​រូប​ចំលាក់នៅ​ហោជាង​ប្រាសាទ​តូច ដែល​គេ​ហៅ​ថាមន្ទីរ​ពេទ្យស្ថិត​នៅ​ខាង​កើត​ប្រាសាទ​តាកែវ។ លោកវិកទ័រ-ហ្គោលូបេវ (V. Goloubew) បាន​សិក្សា​យ៉ាង​ល្អិត​ល្អន់​លើ​ក្បាច់​ចំលាក់ដើម្បី​សែ្វង​យល់​អំពី​រឿង « សេ្តចគំលង់ » ប៉ុនែ្តពុំ​មាន​រូប​បដិមា​ណា ដែល​ត្រូវ​នឹង​រឿង​នេះ​ឡើយ។ ហើយ​លោក​បាន​ផ្តល់​អត្ថបទ​របស់​លោក​វេជ្ជបណ្ឌិតម៉េស៍ណារដ៍ (Mesnard) ជា​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ក្រុង​ព្រៃ​នគរបាន​ប្រគល់​ឲ្យ​គាត់នៅគ.ស. ១៩៣៤ អំពី​អត្ថាធិប្បាយ​លើ​ក្បាច់​ចំលាក់​នៃ​ប្រាសាទ​បាយ័ន​ដូច​ត​ទៅ៖

  • « កំភួន​ដៃ និង​ដៃ​នៃ​អ្នក​ជំងឺ ជា​វត្ថុ​បំណង​នៃ​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ពី​ស្រ្តី​ដែល​នៅ​ព័ទ្ធ​ជុំវិញ។ កាយវិការ​នៃ​ស្រ្តី​ម្នាក់ មាន​លក្ខណៈ​ដូច​ជា​ចាប់​កាន់​ត្រចៀក​ខាង​ស្តាំបើក​ឲ្យ​ធំ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ដែល​សំខាន់​បំផុត »។
  • « អវយវៈ​ក្រោម​ ទ្រ​ដោយ​វត្ថុ​មួយ​នៅ​ក្រោម​ជង្គង់ »។
  • « ស្រ្តី​ម្នាក់​លើក​ជើង​ស្តាំ​របស់​មនុស្ស​នោះ ដោយ​ដៃ​ឆេ្វង និង​ដៃ​ស្តាំ​ដូច​ជា​រឹត​ច្របាច់​គក់​ជើង​ឆេ្វង »។
  • « កាយវិការ​នៃ​ស្រ្តី​ទាំង​នេះ ដូច​ជា​ចង្អុល​បង្ហាញ​ថា មនុស្ស​នោះ​មាន​ជំងឺ​នៅ​ចុង​អវយវៈ គឺ​ជំងឺ​ឃ្លង់?» ការ​កត់​ចំណាំ​សំខាន់​មួយ​ទៀត​នៅ​ជិត​ខ្លួន នៃ​មនុស្ស​នោះ​ មាន​ថូ​មួយ ដែល​ដាក់​ផែ្ល​ឈើ​រាង​មូល​ពេញ។ ផែ្ល​ឈើ​នេះ​ប្រហែល​ជា​ផែ្ល​ក្របៅ (Chaulmoogra) ។ ដើម​ក្របៅ (Hydnocarpus anthelmintica) ជា​ដើម​ឈើ ដែល​ដុះ​ពាស​ពេញ​ព្រៃ [២]

សន្តតិវង្ស[កែប្រែ]

តាមរយៈសិលាចារឹកដដែល យើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណីន្ទ្រវម៌្មទី៣នៅសោយរាជ្យជាព្រះមហាក្សត្រកម្ពុជា ព្រះជយវម៌្មទី៨បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា កាលនោះព្រះអង្គព្រះជន្មបាន ២៥ វស្សា បើតាមសិលាចារឹកយើងអាចសន្និដា្ឋនបានថាកាលនោះព្រះអង្គមានព្រះមហេសីរួចសេ្រចទៅហើយព្រះនាមរបស់ព្រះនាងគឺជយរាជទេវី។ រួមជាមួយនឹងព្រះនាងប្រហែលជាក្នុងគ.ស ១១៤៥ ព្រះអង្គបាន មានព្រះរាជ្សបុត្រមួយព្រះអង្គព្រះនាមឝ្រីឥន្ទ្រកុមារ។ វ្រះបាទជយវម៌្មទី៨ ព្រះអង្គត្រូវបែកព្រាត់បា្រស់ពីមហេសី បុត្រ ដោយក្តីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។ ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីទី២ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរចារវេញចងជាភួងកំណាព្យលើផ្ទាំងសិលាប្រាសាទវិមានអាកាស។ ព្រះនាង​ឥន្រ្ទទេវីបានរៀបរាប់អធិប្បាយថា: ព្រះមហេសីវ្រះបាទជយវម៌្មទី៨ ព្រះនាងជយរាជទេវីប្រៀបបានទៅព្រះនាងសីតាដែលកំពុងតែព្រាត់ពីស្វាមីគឺព្រះរាម។ ព្រះរាមគឺវ្រះបាទជយវម៌្មទី៨ ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។ នៅពេលដែលព្រះស្វាមីយាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះនាងជយរាជទេវីបានចូលកាន់សីលកាន់ត្រណមគោរពតាមក្បួនខ្នាតប្រពៃណីមិន ឮហ៊ានធ្វេសប្រហែសសោះឡើយ។ ព្រះនាងតែងខិតខំសិក្សាស្វាធ្យាយធម៌បួងសួងបន់ស្រន់សុំអោយព្រះស្វាមីបានជួបតែសេចក្តីសុខនិងជ័យ​ជំនះឈ្នះលើសត្រូវ ព្រះនាងមានរូបរាងកាយស្គាំងស្គមហើយមិនយកចិត្តទុកដាក់នឹងសុខទុក្ខរបស់ព្រះនាងឡើយ។ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។ តែការឈឺចុកចាប់នេះបានធ្វើអោយព្រះនាងសប្បាយរំសាយទុក្ខទៅវិញ។ ព្រះនាងជយរាជទេវីនៅស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះជយវម៌្មជានិច្ច។ បើ​តាម​ការ​សិក្សា​ស្រាវ​ជា្រវ​របស់​លោកហ៊្សក-សឺដេស​ វ្រះ​បាទ​ជយ​វម៌្ម​ទី​៨ ​ប្រ​ហែល​ជា​ប្រ​សូត​យ៉ាង​យូរ​ណាស់​ក្នុង ​គ.ស ​១១២៥។​ ព្រះ​មា​តា​ព្រះ​អង្គ​ព្រះ​នាម​ឝ្រីជយរាជចូឌាមណី​។ ព្រះ​បិ​តា​ព្រះ​អង្គ​ ព្រះ​នាម​ធរ​ណី​ន្រ្ទវ​ម៌្ម​ទី៣​ ដែល​សោយ​រាជ្យ​បន្ទាប់​ពី​វ្រះ​បាទសូយ៌្យវម៌្មទី២​។ ព្រះ​អង្គ​ត្រូ​វ​ជា​នត្តាមាតុច្ឆា​របស់​វ្រះ​​បា​ទ​ជយ​វម៌្មទី៧ ​​និង​​ត្រូវ​ជា​ក្មួយ​វ្រះ​បាទ​សូយ៌្យវម៌្ម​ទី២​។ ដូ​ច្នេះយើង​ឃើញ​ថា​តាម​រយៈម្តាយ​ព្រះ​អង្គ​ជាប់​ចុះ​មក​ពី​ព្រះ​រាជ​វង្ស​ព្រះ​មហា​ក្ស​ត្រ​ខ្មែ​រ​ជំនាន់​មុន​​មហាន​គរ ​(មុនអង្គរ​ឬក្នុង​សម័យ​នគរ​វ្នំ កម្វុជ)។ ហើយ​តាម​ខ្សែស្រ​ឡាយ​ព្រះ​រាជ​វង្ស​​ឪពុក​ព្រះ​អង្គ​ចុះ​មក​ពី​ ​ព្រះ​សន្ត​តិ​វង្ស​មហិ​ធរ​បុ​រ​។

ខាង​វិស័យ​សាសនា​វិញ ដូចជា ព្រះ​បិតា និង​ព្រះ​មាតា​ព្រះអង្គ​ដែរ វ្រះបាទ​ជយវម៌្មទី៨ និង​ព្រះរាជ​អគ្គមហេសី​ជយរាជទេវី ដែល​សោយ​ទិវង្គត​ទៅ ព្រម​ទាំង​ព្រះរាជ​អគ្គមហេសី​ឥន្ទ្រទេវី ដែល​ជា​ព្រះរៀម​របស់​ព្រះ​នាង​ជយរាជទេវី ដែល​ព្រះអង្គ​បាន​រៀប​អភិសេក​ខាង​ក្រោយ ហើយ​ជា​ព្រះ​ក្សត្រី​ប្រកប​ដោយ​ចំណេះ​វិជ្ជា​យ៉ាង​ជ្រៅជ្រះ សុទ្ធតែ​ជា​ពុទ្ធសាសនិកជន​យ៉ាង​ប្ដូរ​ផ្តាច់។ ព្រះអង្គ​គោរព​ពុទ្ធសាសនា​មហាយាន ពិសេស​គឺ​គោរព​បូជា​ព្រះ​ពោធិសត្វអវលោកេឝ្វរ ឬ​លោកេស្វរៈ។

ពិត​មែន​តែ​ព្រះអង្គ​កាន់​ពុទ្ធសាសនា ប៉ុន្តែ​ព្រះអង្គ​ក៏​បាន​ជួយ​ផ្គត់ផ្គង់​ថែ​រក្សា​ការពារ​ព្រហ្មញ្ញ​សាសនា អោយ​បាន​រីក​ចំរើនផង​ដែរ។ ប្រាសាទ​ភ្នំ​ទាំង​ឡាយ​ដែល​ក្នុង​រាជ្យ​មុនៗ តំកល់​លិង្គ​ទេវរាជ ហើយ​មក​ដល់​អង្គរវត្ត​នៃ​វ្រះបាទ​សូយ៌្យវម៌្មទី២ តំកល់​ព្រះ​បដិមា​ព្រះវិស្ណុ ប្រាសាទ​បាយ័ន ដែល​ជា​ស្នូល​នៃ​អង្គរ​ទី​៣ ត្រូវ​បាន​វ្រះបាទ​ជយវម៌្មទី៨ តំកល់​ព្រះ​បដិមា​ពុទ្ធរាជ​មួយ​អង្គ​យ៉ាង​ធំ​សំបើម មាន​កំពស់​ជិត ៤​ មាត្រ ឯកសារ​ខ្លះ​ថា​ដល់​ទៅ ៩​ មាត្រ។ វ្រះបាទ​ជយវម៌្មទី៨ ទ្រង់​ជា​ព្រះមហាក្សត្រ​ប្រកប​ដោយ​ធម៌​ ទសពិធ និង​មាន​ព្រហ្ម​វិហារ​ធម៌​សន្តោស​ប្រោស​ប្រណី​ដល់​អស់​សព្វ​សត្វ ដូច​សិលា​ចារឹកមន្ទីរពេទ្យ​របស់​ព្រះអង្គ​បាន​ចែង​ថា៖ «ជំងឺ​របស់​ប្រជារាស្ត្រ ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​ជាង​ជំងឺ​ផ្ទាល់​របស់​ព្រះអង្គ​ទៅ​ទៀត ព្រោះ​ថា គឺ​សេចក្តី​ឈឺ​ចាប់​សាធារណៈ​នេះ​ហើយ ជា​សេចក្តី​ឈឺ​ចាប់​របស់​ព្រះរាជា ពុំ​មែន​សេចក្តី​ឈឺ​ចាប់​ផ្ទាល់​ទេ ដែល​ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​នោះ»។

ជីវិតតស៊ូព្យាយាមរង់ចាំ[កែប្រែ]

វ្រះបាទ​ជយវម៌្មទី៨ ជា​ព្រះមហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​បំផុត​ក្នុង​ព្រះរាជ​ពង្សាវតារ​នៃ​ប្រទេស​កម្ពុជា។ ជយវធ៌នប្រហែលជាចំណាយពេលអស់ជាច្រើនឆ្នាំគង់នៅឆ្ងាយពីរាជធានីខ្មែរ។ នៅគ.ស ១១៦០ វ្រះបាទជយវម៌្មទី៨ កំពុងតែធ្វើចំបាំងប្រយុទ្ធជាមួយកងទ័ពនគរចាម្ប៉ានៅមុខទីក្រុងវិជយ គា្រនោះព្រះអង្គបានទទួលដំណឹងថាព្រះបិតាព្រះអង្គចូលទិវង្គតហើយវ្រះបាទយឝោវម៌្មទី២បានឡើងសោយរាជ្យជំនួសនៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបានផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់ព្រះអង្គនៅតែបន្តធ្វើសង្រ្គាមវាយប្រហារនគរចាមហើយគោរពស្មោះស្ម័គ្របំរើព្រះមហាក្សត្រថ្មីដោយគ្មានវៀចវេរឡើយ នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថានៅព្រះរាជធានីមានមន្រ្តីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រព្រះអង្គបានធ្វើដំណើរយាងចូលមកនគរវិញដើម្បីជួយការពារជ្រោមជ្រែងព្រះរាជាតែព្រះអង្គមកដល់យឺតពេលហើយ សោកនាដកម្មក៏បានកន្លងហួសផុតរួចស្រេចបាត់ទៅហើយវ្រះបាទយឝោវម៌្មទី២ ត្រូវគេធ្វើឃាតហើយព្រះរាជបុត្រព្រះអង្គព្រះឝ្រីឥន្ទ្រកុមារក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នាដែរក្នុងគ.ស ១១៦៥ បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ ព្រះអង្គបានសំងំរស់នៅតំបន់ប្រាសាទព្រះខ័ន​ក្នុងខេត្តកំពង់ស្វាយយកពេលស្មឹងស្មាធត្រិះរិះស្រាវជា្រវសិក្សាពិចារណារកផ្លូវចំរើន រង់ចាំឱកាសល្អដើម្បីដាក់ខ្លួនចូលបំរើជាតិ។ នៅ​ក្នុង​គ.ស​ ១១៧៧​ ស្តេច​ចាម​នាម​ ជយឥន្ទ្រ​វម៌ន​ទី៤ បាន​ឆ្លៀត​ឱកាស​លើក​ទ័ព​ឡើង​តាម​ទន្លេមេគង្គរួច​ឡើង​តាម​ទន្លេរសាប​​ដោយ​មាន​ពួក​ឈ្មួញ​សំពៅ​ចិន​ជា​អ្នក​នាំ​ផ្លូវ​ផង​ហើយ​ក៏​វាយ​យក​ក្រុង​អង្គរ​បាន​ដោយ​ជោគជ័យ ហើ​យ​មន្ត្រី​ក្បត់​ក៏​ត្រូវ​បាន​សំលាប់ចោ​ល​នា​ពេល​នោះ​ទៅ ។ វ្រះបាទជយវម៌្មទី៨ ព្រះអង្គរង់ចាំអស់រយៈពេល ១៧ ឆ្នាំ ពីគ.ស ១១៦០ ដល់ ១១៧៧ ទើបឱកាសល្អបានមកដល់។ នៅឆ្នាំ ១១៧៨ ពួកចាមបានផ្ដើមវាយឆ្មក់ទៅលើរាជធានីខ្មែរដោយការចេញទ័ពជើងទឹកឡើងទៅតាមទន្លេមេគង្គ ឆ្លងកាត់បឹងទន្លេសាប និងក្រោយមកឡើងតាមស្ទឹងសៀមរាប ដៃនៃបឹងទន្លេសាប។ ពួកឈ្លានពានបានលួចប្លន់រាជធានីយឝោធរបុរខ្មែរ និងប្រល័យព្រះជន្មស្ដេចខ្មែរ ដូចគ្នា ក៏មានការនាំពួកអ្នករបាំអប្សារាទៅដែរ។ ព្រឹត្តិការណ៍នគរចាម្ប៉ាវាយប្រហារលុកលុយកម្វុជទេឝ និងការអស់ព្រះជន្មរបស់ព្រះមហាក្សត្រជ្រែករាជ្យបានរុញច្រានជំរុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ ព្រះអង្គដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចាម្ប៉ាអស់រយៈពេល ៤ ឆ្នាំទើបបានទទួលលទ្ធផលល្អនៅ គ.ស ១១៨១ ដែលព្រះអង្គបានរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាម ព្រះអង្គបានប្រកាសជាព្រះមហាក្សត្រនគរកម្វុជទេឝ ហើយទទួលព្រះរាជាភិសេកក្នងឆ្នាំដដែល។ កាលនោះតាមការប៉ាន់ស្មានវ្រះបាទជយវម៌្មទី៨ បានព្រះជន្មប្រហែលជាជាង ៥០ វស្សាចំណែកខាងព្រះអគ្គមហេសីជយរាជទេវីវិញដើម្បីជាការអបអរ អរគុណដល់គុណបុណ្យបារមីព្រះរតនៈត្រៃ ដែលបានជួយព្រះនាងតាមការបន់ស្រន់បួងសួងព្រះរាជទេពីបានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និងប្រជានុរាស្រ្ត។ ក្រោយដែលព្រះអគ្គមហេសីជយរាជទេវីចូលទិវង្គត ព្រះនាងឥន្ទ្រទេវីទី២ជាបងត្រូវបានវ្រះបាទជយវម៌្មទី៨បានអភិសេកតែងតាំងជាព្រះអគ្គមហេសី។ ព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់មានបា្រជ្ញាភ្លឺថ្លាមោះមុតឈ្លាសវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្តមានធម៌មេត្តាសន្តោស ហើយគោរពបូជាព្រះពុទ្ធសាសនា។ ព្រះនាងជយរាជទេវី និងព្រះនាងឥន្រ្ទទេវីទី២ ដែលជាមហេសីរបស់វ្រះបាទជយវម៌្មទី៨ សុទ្ធតែធ្លាប់ ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមីតាមព្រះពុទ្ធឱវាទវ្រះបាទជយវម៌្មទី៨ ព្រះមហាក្សត្រខ្មែរព្រះអង្គគោរពបូជា និងមានជំនឿទៅលើព្រះពុទ្ធសាសនាផ្នែកមហាយានព្រះរាជបុត្រព្រះអង្គជាច្រើនសុទ្ធតែមានជំនឿ និងធ្វើសក្ការៈបូជាថ្វាយចំពោះព្រះពុទ្ធសាសនា។ បុត្រព្រះអង្គព្រះនាមគមលិន្តបានបួសជាសង្ឃហើយទៅបន្តការសិក្សានៅកោះឝ្រីលង្កា។ បុត្រមួយអង្គទៀតគឺព្រះវីរកុមារ​ដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អវែកញែកអធិប្បាយពីព្រះពុទ្ធនៅលើផ្ទាំងថ្មនៅប្រាសាទព្រះខ័ន

ដើមរជ្ជកាលទ្រង់ ទ្រង់ប្រហែលជាបានវាយរុញច្រានការវាយលុករបស់ចាមផ្សេងមួយទៀត និង បានបង្ក្រាបការបះបោររបស់នគរចំណុះមល្យង (បាត់ដំបង)។ ព្រះអង្គត្រូវបានជួយយ៉ាងច្រើនដោយជំនាញយោធានៃអ្នកជ្រកកោនជាមួយព្រះអង្គ គឺព្រះអង្គ​បាន​បញ្ជា​អោយ​យុវ​ក្សត្រ​ចាម ព្រះអង្គម្ចាស់ឝ្រីវិទ្យានន្ទន៍ដែល​បាន​មក​រស់នៅ​ប្រទេស​ខ្មែរ​តាំង​ពី​ក្មេង ដែលទ្រង់ក៏បានដើរតួជាផ្នែកមួយនៅក្នុងការបំផ្លិចបំផ្លាញ និងសញ្ជ័យចាម្ប៉ាជាបន្តបន្ទាប់មក (១១៩០-១១៩១)។ ឯ​នគរ​ចាម្ប៉ាវិញ ស្ដេច​ចាមជយឥន្ទ្រវម៌នទី៤បាន​លើក​ទ័ព​មក​ឈ្លាន​ពាន​ប្រទេស​កម្ពុជាសាជាថ្មី។ ព្រះអង្គ​ក៏​បាន​បញ្ជូន​កងទ័ព​វាយ​បង្ក្រាប​រហូត​ដល់​ទី​បំផុត រឹប​យក​នគរ​ចាម្ប៉ា ដាក់​ជា​អាណា​ខេត្ត​របស់​ប្រទេស​ខ្មែរ​បានតាំង​ពី​ឆ្នាំ ​១២០៣ រហូត​ដល់​ឆ្នាំ ​១២២៦ នៃ​គ្រិស្ដសករាជ។ ជយវម៌្មបានពង្រីកការគ្រប់គ្រងរបស់ខ្មែរក្នុងដងទន្លេមេគង្គឆ្ពោះទៅខាងជើងវាំងចន្ទន៍ និង ទៅដល់ខាងត្បូងចុះមកដល់បួរដីក្រៈ។ ឆ្នាំ​១២០៧ វ្រះបាទ​ជយវម៌្មទី៨ បាន​បញ្ជា​អោយ​ក្សត្រ​ចាមមួយ​អង្គ​ព្រះនាម ​អង្សរាជ អោយ​លើក​ទ័ព​ចម្រុះ​ខ្មែរ ភូមា សៀម ទៅ​វាយ​ប្រទេស​យួនមហា​វៀត

ដើម​សតវត្សរ៍​ទី​១៣ នៅ​ក្នុង​រជ្ជកាល​របស់​វ្រះបាទ​ជយវម៌្មទី៨ ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខ្មែរ​អាច​គ្រប់គ្រង​លើ​ទឹក​ដី​ប្រទេស​ខ្មែរ​សព្វថ្ងៃ រាប់​ទាំង​ដែនដី​កម្ពុជា​ក្រោម​ផង ប្រទេស​ចាម្ប៉ា ទាំង​មូល​ផង ទឹកដី​ប្រទេស​លាវ និង​ប្រទេស​ថៃ សព្វថ្ងៃ​ផង រួម​ទាំង​មួយ​ភាគ​នៃ​ជ្រោយ​ម៉ាឡេ រហូត​ដល់​ជ្រោយ​កោះក្រៈ ហើយ​និង​ប្រទេស​ភូមា រហូត​ដល់​ទន្លេ​សាល្វីន។

សង្គមកិច្ច និង បូជនីយដ្ឋាននានា[កែប្រែ]

រួបចំលងសំរឹទ្ធក្នុងចំណោមបដិមាថ្មទាំងម្ភៃបីរបស់ វ្រះបាទជយវម៌្មទី៨ ដែលបានបញ្ជូនទៅប៉ែកផ្សេងនៃនគររបស់ទ្រង់នៅឆ្នាំ ១១៩១។[៣] សារៈមន្ទីរសិល្បៈវ៉លថឺរស៍

ស្នាព្រះហស្ថ និង​ការ​កសាង​របស់វ្រះបាទ​ជយវម៌្ម​ទី​៨ ​មាន​វត្តមាន​នៅ​តាម​ខេត្ត​ខណ្ឌ​ នានា​ពាសពេញ​ទឹក​ដី​ខ្មែរ។ គឺ​ជា​សក្ខីភាព​ដែល​បញ្ជាក់​អំពី​ទំហំ​ទឹកដី​ពិត​ប្រាកដ​របស់​កម្វុជទេឝ

ជាងប៉ុន្មាន ៣០ ឆ្នាំនៃរជ្ជកាលរបស់ព្រះអង្គ ជយវម៌្មបានចេញដំណើរនូវកម្មវិធីកសាងជាតិទាំងពីរយ៉ាងដែលរួមមានទាំងសង្គមកិច្ច និងបូជនីយដ្ឋាន។ ជាពុទ្ធសាសនិកមហាយាន ក្ដីប្រាថ្នាស្ដែងឡើងរបស់ព្រះអង្គគឺសំរួលទុក្ខវេទនារបស់ប្រជារាស្ត្រព្រះអង្គ។ សិលាចារឹកមួយប្រាប់យើងថា «ព្រះអង្គ​ឈឺ​ចុកចាប់​ខ្លាំង​ណាស់​ដោយសារ​ទុក្ខ​ព្រួយ​របស់​ប្រជានុរាស្ត្រខ្លាំង​ហើយ​ធ្ងន់​ជាង​ការ​ឈឺ​ចាប់​របស់​ព្រះអង្គ​ផ្ទាល់។ គឺ​ទុក្ខព្រួយ​របស់​ប្រជារាស្ត្រ​ដែល​នាំ​មក​នូវ​ក្ដី​ឈឺ​ចុកចាប់​ដល់​ព្រះមហាក្សត្រ»។ ការថ្លែងដូចនេះត្រូវបានសឱ្យឃើញនូវការពិតជាក់ស្ដែងដែលមិនអាចប្រកែកបានចំពោះបូជនីយដ្ឋានជាច្រើនបានកសាងឡើងដែលតំរូវឱ្យមានកំលាំងពលករជាច្រើនពាន់នាក់ ហើយនៅក្នុងរជ្ជកាលរបស់ជយវម៌្មត្រូវបានគេកត់សំគាល់ដោយមជ្ឈការនៃរដ្ឋ និង ការប្រមូលផ្ដុំមនុស្សនៅក្នុងមណ្ឌលកណ្ដាលកាន់តែមានអត្រាច្រើនទៅៗជានិច្ច។

សិលាចារឹក ​ខ្មែរ​នៅ​ប្រាសាទ​តាព្រហ្ម និង​ជ័យផ្វុង​ក្នុង​ប្រទេស​លាវ​បាន​កត់​ត្រា​រៀបរាប់​អធិប្បាយ​យ៉ាង​ ក្បោះក្បាយ​អំពី​មន្ទីរពេទ្យ​ទាំង​នោះ ទាំង​ផ្នែក​ចាត់ចែង​គ្រប់គ្រង​ផ្គត់ផ្គង់​ ទាំង​ផ្នែក​ចំណាយ និង​ឈ្មោះ​ថ្នាំ​សង្កូវ។ មន្ទីរ​ពេទ្យ​នីមួយៗ​មាន​គ្រូពេទ្យ និង​បុគ្គលិក​រាជការ​រាប់​រយ​នាក់​ដែល​មាន​ភារកិច្ច​ជួយ​ថែរក្សា​ព្យាបាល​អ្នក​ជំងឺ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ ៤ ​វណ្ណៈ​មាន​សិទ្ធិ​សេរីភាព​អាច​មក​ព្យាបាល​រោគ​ ជំងឺ​នៅ​ទី​នេះ​បាន។ មន្ទីរពេទ្យ​ វ្រះបាទ​ជយវម៌្មទី​៨ ​បាន​ស្ថិត​ស្ថេរ​គង់វង្ស​រហូត​មក​ដល់​សព្វថ្ងៃ​ខ្លះដែរ។ មុន​សម័យ​កម្ពុជា​កើត​មាន​សង្គ្រាម​នា​ទសវត្សរ៍​១៩៧០ អ្នកស្រាជ្រាវ​បារាំង​បាន​រក​ឃើញ​មន្ទីរ​ពេទ្យ​វ្រះបាទ​ជយវម៌្ម​ទី​៨​ ចំនួន​៣៣ ក្នុង​ចំណោម​មន្ទីរពេទ្យ​ទាំង​១០២។ មន្ទីរពេទ្យ​ដែល​គេ​រក​ឃើញ​ ក្រៅ​អំពី​នៅ​ក្នុង​ស្រុក​ខ្មែរ​ មាន​នៅ​ប្រទេស​លាវ ប្រទេស​សៀម និង​យួន។ គេ​សង្កេត​ឃើញ​មន្ទីរពេទ្យ​ទាំង​នោះ​មាន​ទំហំ មាន​រូបរាង​ទ្រង់ទ្រាយ និងការ​ចាត់​ចែង​រៀប​ចំ​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ តាម​ទីកន្លែង​នីមួយៗ គេ​ក៏​បាន​រៀបចំ​ឲ្យ​មាន​ព្រះពុទ្ធរូប​ទុក​ជាទី​សក្ការៈបូជា​សំរាប​អ្នក​ជំងឺ​ដែរ។

ធម៌សាលា ឬ​សាលាសំណាក់ ក៏​មាន​ពាសពេញ​ទឹក​ដី​ខ្មែរ​ដែរ។ វ្រះបាទ​ជយវម៌្ម​ទី​៨​បាន​សង់​សាលា​សំណាក់​ទាំង​អស់​ ១២១ នៅ​តាម​ផ្លូវ​ឆ្ងាយ​ដែល​ចេញ​ពី​មហានគរ​ទៅ​ទីក្រុង​សំខាន់ៗ​ក្នុង​នគរសិលាចារឹក​ខ្មែរ​ជា​ច្រើន​បាន​បញ្ជាក់​បង្ហាញ​ជា​សក្ខីភាព​នៃ​ការ​កសាង​ ផ្លូវ​ថ្នល់គមនាគមន៍​ក្នុង​រជ្ជកាល​របស់​ព្រះអង្គ។ សិលាចារឹក​ប្រាសាទ​ព្រះខ័ន​បាន​ចារ​ឆ្លាក់​ទុក​មក​ថា៖ ពីព្រះរាជធានី ​នគរ​ធំ​ទៅ​ទីក្រុង​ចាម្ប៉ា មាន​ធម៌សាលា​ ៥៧ ដែល​សង់​ហូរ​ហែ​តាម​ផ្លូវ​សំរាប់​ជា​កន្លែង​ឈប់​សំណាក់​ដល់​អ្នក​ដំណើរ។ ធម៌សាលា​នីមួយៗ​សុទ្ធ​តែ​មាន​ភ្លើង​សំរាប់​បំភ្លឺពី​នគរ​ធំ​ទៅ​វិមាយបុរ ​មាន​ធម៌សាលា​ ១៧ ពី​រាជធានី​នគរ​ធំ​ទៅ​ទីក្រុង​ជយវត្តី ពី​ជយវត្តី​ទៅ​ទីក្រុង​សុវីរបុរ ហើយ​ជា​បញ្ចប់​ពី​សុវីរបុរ​ទៅ​ព្រះរាជធានី​យឝោបុរ ឬ​នគរ​ធំ ឬ​មហានគរ ធម៌សាលា​មាន​ចំនួន​ ៤៤ ដោយ​មាន​ភ្លើង​សំរាប់​បំភ្លឺ​ដែរ ធម៌សាលា​មាន​តែ​មួយ​ប៉ុណ្ណោះ ​សំរាប់​ទីក្រុង​នីមួយៗ​នៅ​ឝ្រីសូយ៌បវត៌ ឝ្រីវិជយាទិត្យបុរ និង​ កល្យាណសិទ្ធិក។ ធម៌សាលា​ទាំង​នេះ បើ​យើង​គិត​ទៅ​តាម​ចំងាយ​ផ្លូវសង់​ចន្លោះ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ពី ​១២ ​គ.ម ទៅ​ ១៨,៥ ​គ.ម។ នេះ ​ជា​សក្ខីភាព​ដែល​បញ្ជាក់​អំពី​ផ្លូវ​គមនាគមន៍ អំពី​ទំហំ​ទឹកដី សកម្មភាព​ធ្វើ​ដំណើរ​ និង​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា​នា​សម័យ​សតវត្ស​ទី​១២ ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះមហាក្សត្រ​ខ្មែរ​វ្រះបាទ​ជយវម៌្ម​ទី​៨ ​បាន​ខំ​ប្រឹង​កសាង​បណ្ដាញ​សេដ្ឋកិច្ចដើម្បី​សំរួលដល់​ជីវភាព​របស់​បណ្ដារាស្ត្រ។ ធម៌សាលា ឬ​សាលា​សំណាក់​វ្រះបាទ​ជយវម៌្ម​ទី​៨ ​មាន​សល់​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​លើ​ទឹកដី​កម្ពុជា នៅ​ប្រទេស​លាវ សៀម និង​យួន[៤]

ពួកអ្នកប្រវត្តិវិទូបានបញ្ជាក់នូវដំណាក់កាលបីក្នុងកម្មវិធីសាងសង់របស់ជយវម៌្ម។ ក្នុងដំណាក់កាលទីមួយ ទ្រង់បានផ្ដោតលើសំណង់មានប្រយោជន៍ ដូចជា មន្ទីរពេទ្យ សាលាសំណាក់ តាមផ្លូវ និងបារាយណ៍នានា។ ក្រោយចាប់ពីនោះមក ព្រះអង្គបានសាងប្រាសាទគូមួយក្នុងការគោរពដល់ព្រះមាតាបិតា: តាព្រហ្មជាព្រះកិត្តិយសសំរាប់មាតាទ្រង់ និង ព្រះខ័នព្រះកិត្តិយសចំពោះព្រះបិតាទ្រង់។ នៅទីបំផុត ទ្រង់បានកសាង"ប្រាសាទភ្នំ"ផ្ទាល់ព្រះអង្គនៅបាយ័ន និងបានអភិវឌ្ឍក្រុងអង្គរធំដែលនៅក្បែរនោះ។ ទ្រង់ក៏បានកសាងប្រាសាទនាគព័ន្ធដែរ ប្រាសាទមួយក្នុងចំណោមប្រាសាទតូចបំផុត ប៉ុន្តែជាប្រាសាទដែលស្រស់ស្អាតបំផុតនៅក្នុងសំណុំសំណង់អគារសម័យអង្គរ ប្រភពទឹកកើតមានឡើងដោយត្រពាំងបួនដែលនៅព័ទ្ធជុំវិញបង្កើតបានជាកោះក្នុងបឹងសិប្បនិមិត្ត។

ក្នុង​វិស័យ​សំណង់​វិញ វ្រះបាទ​ជយវម៌្មទី៨ ជា​ព្រះមហាក្សត្រ​ដែល​បាន​សាង​សមិទ្ធិ​ច្រើន​ជាង​គេ​បង្អស់។ ស្នា​ព្រះហស្ថ​ចំបង​របស់​វ្រះបាទ​ជយវម៌្មទី៨ គឺ​ការ​រៀបចំ​កសាង​រាជធានី​អង្គរ ដែល​ចាមបាន​វាយ​បំផ្លាញ​ពី​ឆ្នាំ ​១១៧៧ នោះ​អោយ​បាន​រៀប​រយ​ល្អ​ឡើង​វិញ ដោយ​មាន​កំពែង​ថ្មបាយក្រៀម និង​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​មាន​ប្រវែង ៣​ សហាតិមាត្រក្នុង​មួយ​ជ្រុងៗមាន​គោបុរៈគឺ​ទ្វារ​ធំ​ចំនួន​៥ និង​មាន​ប្រាសាទ​បាយ័ន ដែល​មាន​កំពូល​សុទ្ធតែ​មាន​មុខ ​៤ ដែល​គេ​ជឿ​ថាជា​ព្រះ​ភ័ក្ត្រ​របស់​ព្រះ​ពោធិសត្វអវលោកេស្វរ ជា​ស្នូល​កណ្ដាល ដែល​យើង​និយម​ហៅ​ថា​ក្រុង​អង្គរទី៣។

ប្រាសាទតាព្រហ្ម ប្រាសាទ​ព្រះខ័ន (សៀមរាប) ប្រាសាទ​ព្រះខ័ន (កំពង់ស្វាយ ក្នុង​ខេត្ត​កំពង់ធំ) ប្រាសាទបន្ទាយឆ្មារ (បន្ទាយមានជ័យ) ប្រាសាទ​បន្ទាយក្ដី ប្រាសាទ​តាសោម នាគព័ន្ធ ស្រះស្រង់ (នគរ​ធំ សៀមរាប) និង​ប្រាសាទ​វិមាយ (​សៀម) សុទ្ធ​សឹង​ជា​ស្នាដៃ​ដ៏​សំខាន់​ ដែល​វ្រះបាទ​ជយវម៌្ម​ទី​៨​បាន​កសាង។ វ្រះបាទ​ជយវម៌្ម​ទី​៨​បាន​ឧទ្ទិស​ប្រាង្គ​បាសាទ​ទាំង​នោះ​ថ្វាយ​ជូន​ទៅ​ មាតា​បិតា ជីដូន​ជីតា គ្រូបាធ្យាយ អ្នកប្រាជ្ញ និង​វីរបុរស​ខ្មែរ​ជា​ច្រើន​ដែល​ធ្លាប់​មាន​គុណ​បំណាច់​មក​លើ​ប្រទេស​ជាតិ។ នៅ​តាម​ប្រាសាទ គេ​សង្កេត​ឃើញ​ព្រះបដិមា និង​រូប​ចំលាក់​ខ្លះ​មាន​ព្រះភក្ត្រ​មុខ​មាត់​ដូច​តួ​អង្គ​ដែល​គេ​គោរព​បូជា​ និង​រំលឹក។

បាយ័ន[កែប្រែ]

នគរ ​ធំ ឬ​មហានគរ​មាន​ជ្រុង​នីមួយៗ​ប្រវែង ​៣​ សហាតិមាត្រហើយ​មាន​ទំហំ​ប្រហែល​ ៩ ​សហាតិមាត្រ​ក្រឡា។ នគរ​ធំ​មាន​កសិណ (គូ ឬ ប្រឡាយ​ទឹក) ដែល​មាន​ទទឹង​ប្រវែង ​១០០ ​មាត្រ និង​ជំរៅ​ ៥​ ឬ ​៦​ មាត្រ​ព័ទ្ធ​ជុំ​វិញ។ ដើម្បី​ចូល​ទៅ​ក្នុង​មហានគរ​ គេ​ត្រូវ​ដើរ​ឆ្លង​កាត់​តាម​ស្ពាន​ថ្ម​អម​ទៅ​ដោយ​រូប​ចំលាក់​ទេវតា និង​យក្ស​ ដែល​កំពុង​តែ​នាំ​គ្នា​ទាញ​នាគ។ ទេវតា និង​យក្ស ម្ខាងៗ​មាន​គ្នា ​៥៤​នាក់។ បន្ទាប់​មកយើង​ចូល​មក​ដល់​ក្លោង​ទ្វារ​មហានគរ​ដែល​នៅ​ខាង​លើ​មាន​រូប​ព្រះពោធិសត្វអវលោកេឝ្វរ

ជ្រុង​នគរ​ធំ​នីមួយៗ​មាន​ខ្លោង​ទ្វារ​មួយ​នៅ​ចំ​កណ្ដាល​បែរ​ទៅ​រក​ទិស​ទាំង​បួន។ លើក​លែង​តែ​ជ្រុង​ខាង​កើត​ដែល​មាន​ទ្វារ​ពីរ​ គឺ​ទ្វារ​ជ័យ​មួយទៀត​ដែល​ចាក់​ចំ​ទៅ​រក​ប្រាសាទ​វិមានអាកាស។ តាម​ខ្លោង​ទ្វារ​ទាំង​បួន​ទិស​មាន​ផ្លូវ​បួន​ទៅ​ជួប​កាត់​គ្នា​ចំ​កណ្ដាល​ ទីក្រុង​នគរ​ធំ​ដែល​នៅ​ទី​នោះ​វ្រះបាទ​ជយវម៌្មទី៨​បាន​សាង​ប្រាសាទ​មួយ​ ដែល​មាន​លក្ខណៈ​ខុស​ប្លែក​អំពី​ប្រាសាទ​មុនៗ។ តជាប់​នឹង​ខ្លោង​ទ្វារ​មាន​ជញ្ជាំង​ថ្ម​យ៉ាង​ខ្ពស់​សំរាប់ការពារ​ទីក្រុង​ ដែល​គេ​អាច​ដើរ​យាម​កាម​ចុះ​ឡើង​បាន។ នៅ​ជាប់​កំពែង​នោះ​មាន​ប្រឡាយ​ទឹក​តូច​មួយ​ទៀត​ព័ទ្ធ​ជុំវិញ​មហានគរ​ ហើយ​ហូរ​ភ្ជាប់​ចូល​ទៅ​ក្នុង​ស្រះ​ធំ​មួយ​ឈ្មោះ បឹងធំ ដែល​មាន​បណ្ដោយ​ប្រវែង ​៤០០ ​មាត្រ និង​ទទឹង​ ២០០ មាត្រ​។

ដោយ ​សំអាង​ទៅ​តាម​ទំហំ​ដី​ស្រែ​ចំការនៅ​ជិត​ជុំ​វិញ​ដែល​មាន​បញ្ជាក់​នៅ​ ក្នុង​សិលាចារឹក​ ដោយ​យោល​ទៅ​តាម​នយោបាយ​ទឹក​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​ចំនួន​បារាយណ៍ ស្រះ​ព្រែក និង​គូ​ទឹកជា​ច្រើន បូក​រួម​ទាំង​ប្រជាជន​ដែល​ប្រកប​មុខ​របរ​ផ្សេង​ទៀត​ផង នគរ​ធំ ឬ​មហានគរ​ត្រូវ​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​ពី ​៧០០ ០០០ ទៅ ​៧៥០ ០០០ ​នាក់។ នេះ​ជា​ការ​គន់​គូរ​ប៉ាន់​ស្មាន​របស់​អ្នក​ប្រវត្តិវិទូ និង​អ្នក​បុរាណវិទ្យា។

តាម​អ្នកឯកទេស​ដែល​សិក្សា​អំពី​បុរាណវិទ្យា នគរ​ធំ​ត្រូវ​បាន​សង់​ទៅ​តាម​បែប​ផែន​ទ្រឹស្ដី​ព្រះពុទ្ធសាសនា។ ទស្សនៈ​អ្នក​កាន់​ព្រះពុទ្ធសាសនា​យល់​ថា​ នៅ​ចំ​កណ្ដាល​ចក្រវាឡ​មាន​ភ្នំ​មួយ​យ៉ាង​ធំ​ដែល​គេ​ឲ្យ​ឈ្មោះ​ ភ្នំព្រះសុមេរុភ្នំ​នេះ​មាន​កំពូល​ប្រាំ ហើយ​នៅ​លើ​កំពូល​ភ្នំ​មាន​ស្ថាន​សួគ៌​បី​ជាន់។ ឯការ​សាងសង់​នគរ​ធំ​ក៏​មាន​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ។ គឺ​ជា​ទីក្រុង​មួយ​រាង​បួន​ជ្រុង​ដែល​នៅ​ចំ​កណ្ដាល​មាន​ប្រាសាទ​មួយ​ទៀត​ជា​ តំណាង​ភ្នំ​ព្រះសុមេរុ។ ប្រាសាទ​នេះ​គឺ​ប្រាសាទ​បាយ័ន ដែល​ខ្មែរ​ច្រើន​តែ​ហៅ​ ព្រហ្មបាយ័ន

ប្រាសាទ​បាយ័នគឺ​ជា​ឈ្មោះ​ប្រាសាទ​ថ្មី​​នេះ​ដែល​ព្រះអង្គ​បាន​សង់​ឡើង​សំរាប់​ឧទ្ទិស​ ថ្វាយ​ជូន​ចំពោះ​ព្រះពុទ្ធសាសនា។ ប្រាសាទ​បាយ័ន​បែរ​មុខ​ទៅ​ទិស​ខាង​កើត មាន​បណ្ដោយ​ប្រវែង​ ១៤០ មាត្រ ទទឹង ​១៣០ ​មាត្រ​ មាន​កំពូល​ទាំង​អស់​ ៥៤ ដូច​ចំនួន​ទេវតា និង​យក្ស​ដែល​យាម​នៅ​តាម​ស្ពាន​ចូល​នគរ​ធំ។ កំពូល​កណ្ដាល​ដែល​ខ្ពស់​ជាង​គេ​មាន​កំពស់ ​៤២ ​មាត្រ។ កំពូល​នីមួយៗ​មាន​រូប​ចំលាក់​ព្រះអវលោកេឝ្វរ ​ព្រះភក្ត្រ​បួន​ដែល​ខ្មែរ​ សាមញ្ញ​និយម​ហៅ​ថា​ព្រះព្រហ្ម។ ដូច្នេះ​លើ​ប្រាសាទ​បាយ័ន​មាន​ព្រះភក្ត្រ​អវលោកេឝ្វរ ​ទាំង​អស់​២១៦​ ដែល​ញញឹម​បែរ​សំលឹង​មើល​ទៅ​រក​កូន​ចៅ​ខ្មែរ​ និង​ត្រៀម​ខ្លួន​ប្រុង​ប្រយ័ត្ន​ចាំ​ថែរក្សា​ការពារ​នគរ​កម្ពុជា​ទប់ទល់​ ប្រឆាំង​នឹង​ខ្មាំង​សត្រូវ​គ្រប់​ទិសទី។

លក្ខណៈ​ប្រាសាទ​បាយ័ន​មួយ​ទៀត​ដែល​ខុស​ប្លែក​អំពី​ប្រាសាទ​ជំនាន់​មុន​គឺ​ស្ថិត​នៅ ​ត្រង់​សិល្បករ​ខ្មែរ​បាន​យក​ទិដ្ឋភាព​ជីវភាព​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​ សង្គ្រាម​រវាង​ខ្មែរ​និង​ចាម និង​ទស្សនៈ​សាសនា​មក​ឆ្លាក់​ដាក់​ផ្ទឹម​ក្នុង​បរិវេណ​ជាមួយ​គ្នា។ តាម​ចំលាក់​ទាំង​នោះ គេ​អាច​ឃើញ​នូវ​ទំនាក់​ទំនង​ជិត​ជាប់​គ្នា​រវាង​ព្រះពុទ្ធ ស្ថានសួគ៌ និង​លោកិយ ដែល​ជា​ទិដ្ឋភាព​មួយ​មិន​ធ្លាប់​មាន​ក្នុង​រូប​ចំលាក់​ជំនាន់​ដើម​ដែល​លើក​ យក​តែ​ប្រវត្តិ​ព្រះអាទិទេព និង​ទេវកថា​ផ្សេងៗ​មក​បកស្រាយ។

អង្គរធំគឺជាមជ្ឈមណ្ឌលទីក្រុងថ្មី ដែលគេបានហៅក្នុងសម័យនោះថាឥន្ទ្រប្រស្ថ។ នៅចំកណ្ដាលនៃទីក្រុងថ្មីមានប្រាសាទមួយឈរជើងនៅក្នុងចំណោមប្រាសាទដែលជាសមិទ្ធិផលដ៏ធំធេងបំផុតរបស់ទ្រង់ បច្ចុប្បន្នគេហៅថា បាយ័ន ជាប្រាសាទមានព្រះភក្តព្រះព្រហ្មច្រើន ប្រាង្គច្រើន ដែលលាយបញ្ចូលគ្នានូវបដិមាលេខន៍ខាងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ជញ្ជាំងខាងក្រៅរបស់ប្រាសាទមានចំលាក់លៀនរាក់ៗគួរឱ្យកត់សំគាល់មិនត្រឹមតែរឿងសឹកសង្គ្រាមទេ ប៉ុន្តែជាជីវភាពប្រចាំថ្ងៃនៃកងទ័ពខ្មែរ និង អាណាប្រជារាស្ត្ររបស់ទ្រង់។ ចំលាក់លៀនទាំងនេះបង្ហាញនូវប្រជារាស្ត្រអំពីសកម្មភាពជាមួយសត្វ និងរទេះគោ ព្រានប្រមាញ់ ស្រីៗចំអិនម្ហូបអាហារ ស្ត្រីអ្នករកស៊ីលក់ឥវ៉ាន់ទៅអោយឈ្មួញចិន និងការដើរក្បួននៃទាហានថ្មើរជើងសាមញ្ញ។ ចំលាក់លៀននេះក៏រៀបរាប់អំពីការច្បាំងគ្នាក្នុងមហាបឹង ទន្លេសាបផងដែរ។

តាព្រហ្ម[កែប្រែ]

នៅឆ្នាំ ១១៨៦ ជយវម៌្មបានឧទ្ទិសប្រាសាទតាព្រហ្មដល់ព្រះមាតារបស់ទ្រង់។ សិលាចារឹកបង្ហាញថាប្រាសាទដ៏ធំសំបើមនេះក្នុងពេលមួយនោះមានមនុស្ស ៨០០០០ នាក់ ត្រូវបានគេចាត់ឱ្យទៅទំនុកបំរុងថែរក្សាប្រាសាទ រួមមានបព្វជិតជាន់ខ្ពស់ ១៨ អង្គ និងស្រីរបាំ ៦១៥ នាក់។ ខ្សែភាពយន្ត ឡារ៉ា-ខ្រផ្វលើកដំបូងបានថតនៅប្រាសាទតាព្រហ្មក៏ដូចជា ឈុតឆាកតិចតួចនៅក្នុងខ្សែភាពយន្ត ត្រយ ផងដែរ។

ជយវម៌្មទី៨ គឺជាក្សត្រខ្មែរដ៏អស្ចារ្យនិងមានសប្បុរសធម៌។ ទ្រង់បានសាង មន្ទីរពេទ្យចំនួន ១០២ កន្លែង ដើម្បីព្យាបាលដល់ប្រជានុរាស្ត្ររបស់ទ្រង់។ តាមរយៈសិលាចារឹកព្រះខ័ន ទ្រង់មានព្រះមហេសីពីរព្រះអង្គ និង ព្រះរាជបុត្របួនព្រះអង្គ ខណៈនោះក៏មានកត់ត្រាលើសិលចារឹករបស់ប្រាសាទតាព្រហ្មផងដែរ។

គមនាគមន៍[កែប្រែ]

ស្នាម​ព្រះ​ហស្ត​ក្នុង​ការ​ក​សាង​ផ្លូវ​ជាតិ​ធំៗ ចំនួន ៥ ខែ្ស​ក្នុង​រជ្ជកាល​ព្រះ​អង្គ[កែប្រែ] មិន​ត្រឹម​តែ​ក​សាង​នូវ​មន្ទីរ​ពេទ្យ​និង​ធម្មសាលា ប្រាសាទ​ច្រើន​រាប់​មិន​អស់​ទេ ក្នុង​រជ្ជកាល​ព្រះអង្គ វ្រះ​បាទ​ជយវម៌្មទី៨ បាន​ក​សាង​ផ្លូវ​ជាតិ​ធំៗ ចំនួន ៥ ខែ្ស សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាណាចក្រ ។ លោក វង់ សុធារ៉ា សាស្រ្តាចារ្យ​សិលាចារឹកសាស្រ្ត និង​ប្រវត្តិសាស្រ្ត​ខែ្មរ និង​ជា​អនុប្រធាន​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង កាល​ពី​ពេល​ថ្មីៗ នេះ​ថា ក្នុង​រជ្ជកាល​ព្រះ​អង្គ ព្រះ​មហា​វីរក្សត្រ​អង្គ​នេះ​បាន​ទ្រង់​ក​សាង​ផ្លូវ​គមនាគមន៍​​សំខាន់ៗ ចំនួន ៥ ខែ្ស ។ ខែ្ស​ទី ១ ផ្លូវ​ខាង​លិច​ ចាប់​ពី​យឝោធបុរ​កាត់​ភ្នំ​ស្រុក តំរង់ ទៅ​ស្តុក​កក់​ធំ និង​បន្ទាយ​ឆ្មារ។ ខែ្ស​ទី ២ ផ្លូវ​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស ពី​យឝោធបុរ​ទៅ​ប្រសាទ​ពិមាយ។ ខែ្ស​ទី ៣ ផែ្នក​ខាង​ជើង (មិន​ដឹង​ច្បាស់) គេ​រៀប​រាប់​បែប​ជា​ផ្លូវ​វង់​មួយ គឺ​ចេញ​ពី​រាជធានី ទៅ​កាន់​ទី​ក្រុង​ជយវតី ជយសិង្ហវតី ជយវីរតី ជយរាជគិរី ស្រីសុវីរបុរី មក​ដល់​យឝោធបុរ​វិញ។ ចំណែក​ខែ្ស​ទី ៤ ផ្លូវ​ឦសាន​ ពី​រាជធានី​យឝោធបុរទៅ​កាន់​រាជធានី​របស់​ចាម និង​ទី ៥ ផ្លូវ​ខាង​កើត ពី​យឝោធបុរ ទំនង​ជា​តម្រង់​ទៅ​សម្បូរ​ព្រៃ​គុក ដែល​គេ​អាច​ឃើញ​ដាន​នៃ​សំណង់​ស្ពាន​បុរាណ​ជា​ច្រើន តាម​ដង​ផ្លូវ​ជាតិ​លេខ ៦ ចាប់​ពី​ស្ពាន​បុរាណ​នៅ​កំពង់​ក្តី​រហូត​ដល់​ដំ​ដែក ។ លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ក​សាង​ផ្លូវ​គមនាគមន៍​ចំនួន ៥ ខែ្ស​នេះ នៅ​តាម​ផ្លូវ​ព្រះអង្គ បាន​ក​សាង​ធម្មសាលា និង​ភ្លើង​បំភ្លឺ​ចំនួន ១២១ កនែ្លង សម្រាប់​ជា​ជម្រក​សាធារណៈ​ ដល់​អ្នក​ធ្វើ​ដំណើរ​ទូទៅ។ លោក​បន្ត​ថា ក្នុង​សិលា​ចារឹក​ប្រាសាទ​ព្រះខ័ន បាន​បន្ត​ឲ្យ​ដឹង​ថា តាម​ផ្លូវ​ពាយ័ព្យ មាន​ធម្មសាលា​ចំនួន ១៧ ផ្លូវ​ខាង​ជើង មាន​ធម្មសាលា​ចំនួន ១៤ និង មាន​ភ្លើង​ផ្លូវ​ឦសាន មាន​ធម្មសាលា​ចំនួន ៥៧ រួម​ទាំង​ភ្លើង​និងមួយនៅ​សូយ៌្យបវ៌ត​ គី​ភ្នំជីសូយ៌្យ1 នៅ​វិជយាទិត្យ​និង ១ នៅ​កល្យានសិទ្ធកៈ ទំនង​ជា​ត្រូវ​នឹង​ស្រុក​រំដួល ខេត្តស្វាយរៀង ។ បនែ្ថម​ពី​នោះ ធម្មសាលា​សល់​ចំនួន ៣០ ដោយ​សារ​មិន​មាន​អត្ថបទ​សិលា​ចារឹក ធម្មសាលា​ដែល​នៅ​សល់ ទំនង​ជា​សង់​តាម​ផ្លូវ​ខាង​លិច និង​ខាង​កើត តាម​កឆរ​បញ្ជាក់​របស់​លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា ។ លោក​បាន​បន្ត​ថា ក្រៅ​ពី​នេះ ព្រះ​អង្គ​បាន​ក​សាង​មន្ទីរពេទ្យ ដែល​ភាសា​ជំនាន់​នោះ​ហៅ​ថា អារោគ្យសាលា មាន​ចំនួន ១០២ កនែ្លង ប្រកប​​ដោយ​គឿ្រង​តង្វាយ​ដ៏​ច្រើន​អនេក សម្រាប់​ផ្គត់​ផ្គង់​ជីវភាព និង​សកម្មភាព​នៅ​តាម​មន្ទីរ​ព្យាបាល​នីមួយៗ ពេទ្យ​ជំនាញ ពេទ្យ​ជំនួយ អ្នក​បុក​ថ្នាំ អ្នក​ដាំ​ទឹក អ្នក​បម្រើ​ការ​ផេ្សងៗ ដែល​សរុប​មាន​ប្រមាណ ៩០ នាក់ សម្រាប់​មន្ទីរ​ពេទ្យ​នីមួយៗ ។ លោក​សាស្រ្តាចារ្យ វង់ សុវធារ៉ា បាន​បន្ត​ដោយ​គូស​បញ្ជាក់​ថា « អ្នក​ជំងឺ​គ្រប់​ឋានៈ​សង្គម អាច​ទទួល​ការ​ព្យាបាល​ ដោយ​គ្មាន​ការ​រើស​អើង » (សិលាចារឹក​សាយ​ហ្វុង លេខ K ៣៦៨)។ លោក​បនែ្ថម​ថា ដោយ​សារ​ព្រះអង្គ​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាលភាព​នេះ ហើយ​ដែល​រហូត​ធ្វើ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​សង្ស័យ​ថា ព្រះ​អង្គ​កើត​ឃ្លង់​ ដោយ​​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​ គ្រាន់​តែ​ពឹង​ផែ្អក​លើ​ការ​បក​ស្រាយ​រូប​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​រឿង​ព្រេង​និទាន​សេ្តច​គម្លង់ ដែល​គេ​ប្រឌិត​ឡើង នៅ​ពេល​ក្រោយ​ប៉ុណ្ណោះ ។ [២] [៥]

កាលប្បវត្តិវិទ្យា[កែប្រែ]

ទីសក្ការៈបូជានៃជយវម៌្មទី៨

កំណត់ត្រាប្រវត្តិសាស្ត្រគឺជាការលាយចំរុះគ្នានៃអត្ថបទយ៉ាងសុក្រិតត្រឹមត្រូវ (យើងដឹងកាលបរិច្ឆេទពិតប្រាកដ ដែលប្រាសាទត្រូវបានគេកសាងឧទ្ទិស) និង មិនច្បាស់លាស់ជាច្រើន ហើយនិងភស្តុតាងបុរាណវិទ្យា។ ដោយហេតុនេះ កាលកំណត់ភាគច្រើនកត់សំគាល់ ព្រះរាជជីវប្បវត្តិ និងរជ្ជកាលជយវម៌្មទី៨គឺជាបញ្ហានៃការសន្មត និង ការសន្និដ្ឋាន។ អ្វីដែលគេបានដឹងនោះគឺវ្រះបាទសូយ៌្យវម៌្មទី២ អ្នកកសាងមហាប្រាសាទអង្គរវត្ត បានសោយទិវង្គតនៅពេលណាមួយក្នុងដើមទសវត្សឆ្នាំ ១១៥០។ ទ្រង់ត្រូវបានស្នងរាជ្យដោយយឝោវម៌្មទី២ ដែលខ្លួនព្រះអង្គត្រូវបានជ្រែករាជ្យដោយត្រិភុវនាទិត្យវម៌្មត្រូវបានគេសន្មតថាជាស្ដេចជ្រែករាជ្យ។ មានមតិភាគតិចបង្ហាញថាជីវប្បវត្តិថ្មីៗនៃជយវម៌្មគឺជាការស្រមើស្រមៃ និងថាភស្តុតាងនេះអាចគ្រាន់តែជាការគាំទ្រដោយងាយស្រួល ទៅនឹងទិដ្ឋភាពដែលទ្រង់ក៏ជាក្សត្រជ្រែករាជ្យមួយអង្គដែរ។ ការកំណត់កាលមួយដែលត្រូវបានគេទទួលស្គាល់ជាទូទៅនោះគឺនៅឆ្នាំនោះ ១១៧៧ នៅពេលនោះចាម បានធ្វើការលុកលុយខ្មែរជាច្រើនដង បានដណ្ដើមបានទីក្រុងយឝោធរបុរ។ យ៉ាងណាក៏ដោយ កាលបរិច្ឆេទនេះ មិនបាននិយាយដល់ហេតុការណ៍ផ្ទាល់របស់ខ្លួនវាទេ ត្រូវបានចោទជាសំណួរដោយលោកម៉ៃឃើល-វិខ្ខឺរី ដែលសង្ស័យភាពជឿទុកចិត្តបាននៃប្រភពចិនចំពោះសម័យកាលនោះ។[៦] ស្ដេចចាមមួយអង្គបានយកព្រះគោរម្យងារថា ជយឥន្ទ្រវម៌ន។ នៅឆ្នាំ ១១៨១ ជយវម៌្មទី៨បានក្លាយជាក្សត្របន្ទាប់ពីការដឹកនាំទ័ពខ្មែរច្បាំងនឹងចាម។

ជយវម៌្មបានសោយទិវង្គតនៅប្រហែលឆ្នាំ ១២១៥ នៅក្នុងព្រះជន្មាយុចន្លោះចាប់ពី ៨៥ ដល់ ៩០ វស្សា។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយឥន្ទ្រវម៌្ម ចំពោះទ្រង់អង្គនេះស្ទើរតែគ្មានអ្វីគេសរសេររំលឹកដល់ឡើយ។ មានតែសិលាចារឹកមួយទេដែលគេនិយាយពីទ្រង់ សិលាចារឹកមួយនោះកសាងឡើង ទ្រង់បានសោយទិវង្គតទៅហើយនៅឆ្នាំ ១២៤៣។ កង្វះការស្ញើចសរសើរ និង ភាពរុងរឿងបាននាំឱ្យលោកដេវីដ-ឈែនដ្លឺរ ក្នុងអត្ថបទដែលប្រកបដោយឥទ្ធិពលមួយរបស់លោក បានប៉ាន់ស្មានថាឥន្ទ្រវម៌្មប្រហែលជាស្ដេចគំលង់ក្នុងរឿងព្រេងខ្មែរ និង កំណត់ត្រាសម័យក្រោយៗមកទៀត។ ឥន្ទ្រវម៌្មត្រូវបានសោយរាជ្យបន្តដោយជយវម៌្មទី៩ ដែលជាអ្នកត្រូវបានគេគិតថាជាអ្នកគាំទ្រដល់ការបះបោរខាងព្រហ្មញ្ញសាសនា។ ពិតជាមានភស្តុតាងនៃការធ្វើខូចរលុបស្នាព្រះហស្ថរបស់ជយវម៌្មទី៨មែន។ អង្គែទាំងអស់តាមកំពូលកំពែងជុំវិញទីក្រុងក្នុងនោះមានពុទ្ធបដិមាជាច្រើនអង្គ និងភាគច្រើននៃរូបពុទ្ធរូបទាំងនេះត្រូវបានគេគាស់ចេញ។ រូបចំលាក់នៃជយវម៌្មទី៨ត្រូវបានរកឃើញដោយអ្នកកំណាយថាត្រូវបានគេបោះចូលទៅក្នុងអណ្ដូងមួយ។ ពុទ្ធរូបនៅប្រាសាទព្រះខ័នត្រូវបានគេធ្វើឡើងវិញឱ្យត្រូវនឹងពួកព្រាហ្មណ៍។ នៅទីបញ្ចប់ខ្មែរនៅតែក្លាយជាប្រទេសពុទ្ធសាសនាដដែល ហើយកាន់ខាងថេរវាទ មិនមែនពុទ្ធសាសនាមហាយានដូចគ្រាដែលបដិបត្តិដោយជយវម៌្មទី៨ឡើយ។

ការបកប្រែ[កែប្រែ]

ប្រវត្តិចក្រភពខ្មែរមិនអាចត្រូវមើលតាមលំនាំលក្ខណៈរាជភាពរបស់អឺរ៉ុបឡើយ ទាំងការស្នងរាជ្យ រឺ ជាតិភាព។ ព្រះបុត្រារបស់ស្ដេចខ្មែរមិនត្រូវបានស្នងរាជ្យពីព្រះបិតារបស់ទ្រង់ផ្ទាល់ឡើយ ជយវម៌្មទី៨ព្រះអង្គឯងមានព្រះរាជបុត្រជាច្រើនអង្គ ដូចជាសូយ៌កុមារ និង វីរកុមារ ដែលជាម្កុដរាជកុមារ ប៉ុន្តែម្នាក់ៗមិនបានស្នងរាជ្យឡើយ លើកលែងតែព្រះឥន្ទ្រវម៌្មទី២ចេញ។[ត្រូវការអំណះអំណាង]

ជយវម៌្មទី៨នៅតែជានិមិត្តរូបសក្ដានុពលភាពនៃមោទនភាពជាតិសំរាប់ខ្មែរសម័យបច្ចុប្បន្ន។ ជាក្សត្រពុទ្ធសាសនិកក្នុងប្រទេសពុទ្ធសាសនិក ទ្រង់ត្រូវបានគេរាប់អានទ្រង់ដោយមហាគារវៈទៅដល់ទ្រង់។ ទ្រង់បានកសាងនិងជួសជុល 'សាលាសំណាក់' ជាច្រើនទូទាំងចក្រភព ដែលត្រូវបានគេយល់ថាជាទីកន្លែងសំរាប់សំរាក និងសំណង់ជាច្រើនដែលត្រូវគេហៅថា "មន្ទីរពេទ្យ"។ នេះបានជួយដល់ពុទ្ធរាជ ស្ដេចពុទ្ធនិយម ដែលបានប្រើមេត្តាករុណាធម៌គ្រប់គ្រងប្រទេស។ ទិដ្ឋភាពនៃជយវម៌្ម និង រជ្ជកាលរបស់ទ្រង់ត្រូវបានបន្ស៊ីទៅនឹងរូបចំលាក់ដ៏ស្អាតបាតរបស់ទ្រង់ក្នុងសភាពសមាធិ។[ត្រូវការអំណះអំណាង]

ទស្សនៈ​នយោបាយ[កែប្រែ]

វ្រះបាទជយវម៌្ម​ទី​៧ ​ជា​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ដ៏​ធំ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ព្រះអង្គ​ព្រម​ទាំង​ព្រះអគ្គមហេសី​ទាំង​ពីរ​អង្គ​បាន​ធ្វើ​ពលិកម្ម បរិច្ចាគ​កំលាំង​ ពលំ ទ្រព្យសម្បត្តិដើម្បី​បូជា​ថ្វាយ​ចំ​ពោះ​ប្រទេស​ជាតិ និង​ប្រជាជន។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រួច​ខ្លួន​ចេញ​ពី​នឹម​នគរ​ចាម្ប៉ា ហើយ​បាន​កសាង​នគរ​ឲ្យ​ក្លាយ​ទៅ​ជា​មហាអំណាច​មួយ​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍។ ស្នាដៃ និង​កិត្យានុភាព​របស់​ព្រះអង្គ​មិន​មែន​កើត​ដោយ​ឯង​ចៃដន្យ​នោះ​ទេ។ អ្វីទាំង​អស់​សុទ្ធ​តែ​ជា​ការ​គិត​គូរ ត្រិះរិះ​ពិចារណា ស្វែង​រក​ដឹង​រក​យល់​ជា​ការ​កសាង​រៀបចំ​ព្យាយាម ដាក់​ទិសដៅ​ជា​គំរោង​ផែនការណ៍ និង​ជាការ​កសាង។ តាមរយៈ​ប្រវត្តិ​របស់​ព្រះអង្គ យើង​អាច​ស្គាល់ និង​យល់​យ៉ាង​ច្បាស់​អំពី​ទឹក​ចិត្ត​ស្នេហា​ជាតិ អំពី​ឧត្ដមគតិ ទ្រឹស្ដី និង​ទ្សនៈ​នយោបាយ​កសាង​ប្រទេស​ជាតិ​របស់​ព្រះអង្គ។ [៧]

មើលបន្ថែម[កែប្រែ]

ឯកសារយោង[កែប្រែ]

  • Jean Boiselier: Refléxions sur l'art du Jayavarman VII., BSEI (Paris), 27 (1952) 3: 261-273.
  • Georges Coedès: Un grand roi de Cambodge - Jayavarman VII., Phnom Penh 1935.
  • Georges Coedès: Les hôpitaux de Jayavarman VII., BEFEO (Paris), 40 (1940): 344-347.
  • Louis Finot: Lokésvara en Indochine, Paris: EFEO, 1925.
  • Paul Mus: Angkor at the Time of Jayavarman VII., Bulletin de Société des Études Indochinoises (Paris), 27 (1952) 3: 261-273.
  • Jan Myrdal/Gun Kessle: Angkor - An Essay on Art and Imperialism, New York 1970.
  • Philippe Stern: Les monuments du style de Bayon et Jayavarman VII., Paris 1965.

A fictionalised account of the life of Jayavarman VII forms the basis of one thread of Geoff Ryman's 2006 novel The King's Last Song.

កំណត់[កែប្រែ]

តំណភ្ជាប់ខាងក្រៅ[កែប្រែ]


រាជ្យមុនដោយ:
ត្រិភុវនាទិត្យវម៌្ម
ចក្រវរ្តិនខ្មែរ
១១៨១–១២១៩
ស្នងរាជ្យដោយ:
ឥន្ទ្រវម៌្មទី២