លោក ចន ថមសុន
ប្រវត្តិ លោក ចន ថមសុន
[កែប្រែ]នៅពេលដែលកំណត់ហេតុនៃការធ្វើដំណើររបស់លោក ហង់រី មូហូត៍ (Henri Mouhot) ស្តីពីអង្គរ បានចេញផ្សាយនៅក្នុងឆ្នាំ១៨៦៣និងឆ្នាំ១៨៦៤ ដែលធ្វើឲ្យទ្វីបអឺរ៉ុបមានការចាប់អារម្មណ៍ដល់ប្រទេសកម្ពុជាជារហូតនោះ អ្នកថតរូបជនជាតិស្កុតឈ្មោះ ចន ថមសុន (John Thompson) កើតមានគំនិតថតរូបប្រាសាទដែលគូសព្រាងដោយអ្នកធម្មជាតិនិយមនិងជាអ្នកស្រាវជ្រាវជនជាតិបារាំង។ ការនិយាយស្រួលជាងការធ្វើកាលពី១៥០ឆ្នាំមុន គឺមិនមែនមានន័យថាត្រឹមតែត្រូវរៀបចំធ្វើដំណើរទៅកាន់ទីតាំងជ្រៅក្នុងព្រៃស្បាតប៉ុណ្ណោះទេ តែថែមទាំងត្រូវដឹកជញ្ជូនឧបករណ៍ថតរូបសម័យនោះ ដែលត្រូវការអ្នកដឹកជញ្ជូនដល់ទៅ១០នាក់ទៀតផង។ ការធ្វើដំណើរ កាលពីឆ្នាំ១៨៦៦នោះ លោក ថមសុន បានចំណាយពេលបីខែ ដែលនៅពេលនោះលោកស្ទើរតែស្លាប់ដោយសារជំងឺគ្រុនចាញ់ទៅហើយ។ ប៉ុន្តែនៅឆ្នាំបន្ទាប់មកមានការបោះពុម្ពផ្សាយសៀវភៅរបស់លោកមានចំណងជើងថា “វត្ថុបុរាណកម្ពុជា” ដែលបង្ហាញឲ្យឃើញរូបថតប្រាសាទអង្គរចំនួន១៦សន្លឹកដំបូងដែលមិនធ្លាប់មានពីមុនមក។ ទោះជាយ៉ាងនេះក្តី ដោយសារដំណើរការត្រូវចំណាយលុយកាក់ច្រើននិងរយៈពេលយូរទាក់ទិននឹងការបោះផ្សាយរូបថតក្នុងសៀវភៅមួយក្បាលនៅពេលនោះ អត្ថបទត្រូវបានបោះពុម្ពមុន ហើយរូបថតដាក់ចូលម្តងមួយៗលើចន្លោះទំព័រទំនេរនោះ សៀវភៅរបស់លោក ថមសុន មួយចំនួនតូចប៉ុណ្ណោះបានចេញផ្សាយកាលពីឆ្នាំ១៨៦៧ ហើយមិនដែលត្រូវបានបោះពុម្ពជាថ្មីទេតាំងពីពេលនោះមក។ កើតក្នុងគ្រួសារវណ្ណៈកណ្តាលនៅទីក្រុង អេឌីនប៊ឺក លោក ថមសុន ទទួលបានការហាត់រៀនជាអ្នកធ្វើវ៉ែនតា និងមានជំនាញខាងធ្វើឬជួសជុលនាឡិកានិងឧបករណ៍វិទ្យាសាស្ត្រផ្សេងទៀត។ មកដល់ឆ្នាំ១៨៦២ ពេលដែលគាត់ចូលរួមជាមួយបងប្រុសដែលជាអ្នកថតរូបឈ្មោះ វីលៀម ថមសុន នៅប្រទេសសិង្ហបុរី ដោយធ្វើដំណើរតាមទូកជាមួយគូដណ្តឹងរបស់បងប្រុសរបស់គាត់រយៈពេលមួយខែនោះ គាត់បានចាប់ផ្តើមក្លាយខ្លួនជាអ្នកថតរូបតែម្តង។ មកដល់ទ្វីបអាស៊ីថ្មីៗ លោក ថមសុ៊ន បានចាប់ផ្តើមថតរូបភ្លាមរហូតដល់បានដាក់លក់នៅក្នុងទីក្រុងកំពង់ផែដ៏ជឿនលឿននេះ។ មុខរបរនេះបានធ្វើឲ្យគាត់ធ្វើដំណើរមកដល់តំបន់តាំងលំនៅច្រកសមុទ្រ (Straits Settlements) ជាទឹកដីអាណានិគមអង់គ្លេស ដែលសព្វថ្ងៃ មួយផ្នែកធំជាប្រទេសម៉ាឡេស៊ី ពោលគឺជាបទពិសោធមួយដែលក្រោយមកលោកបានចងក្រងធ្វើសៀវភៅមួយមានចំណងជើងថា “ច្រកសមុទ្រ ម៉ាឡាកា” ដែលនៅក្នុងសៀវភៅនោះ គាត់បានរៀបរាប់អំពី ម៉ាឡាយ៉ា ថាជា “កន្លែងមួយដែលថា ការលំហែកាយហាក់ដូចជាស្ថិតនៅមាត់ទ្វាររបស់មនុស្សគ្រប់គ្នា ដែលមានអារម្មណ៍ចង់សម្រាក ព្រោះជាសមុទ្រស្ងប់ស្ងាត់ ហើយក៏មានដើមត្នោតដ៏ធំស្កឹមស្កៃ ដែលមានស្លឹកធំៗរបស់វាយោកពីលើផ្ទះល្អប្រណីតដែលទទួលរងប៉ះពាល់ពីកត្តាធាតុអាកាស។ ប៉ុន្តែការបោះពុម្ពផ្សាយស្នាដៃរបស់លោក Henri Mouhot ក្នុងឆ្នាំ១៨៦៣និង១៨៦៤នៅទ្វីបអឺរ៉ុប បានផ្តល់ឲ្យលោក ថមសុន នូវគោលបំណងថ្មីមួយ នោះគឺទៅសៀម ដែលក្រោយមកហៅថាប្រទេសថៃ ហើយចេញពីទីនោះបានបន្តដំណើរទៅប្រាសាទអង្គរ។ នៅពេលលោកសរសេរក្នុងសៀវភៅរបស់លោកស្តីពីអង្គរ “ការរៀបរាប់មាននៅក្នុងស្នាដៃរបស់លោក Henri Mouhot អំពីភាពរុងរឿងនៃទីក្រុងនានាដែលរងការបែកបាក់ ដែលអ្នកនិពន្ធបានរកឃើញនៅកណ្តាលព្រៃនៅប្រទេសកម្ពុជា បានអន្ទងរូបខ្ញុំមិនត្រឹមតែធ្វើឲ្យខ្ញុំតាំងចិត្តធ្វើទស្សនកិច្ចប្រទេសសៀមប៉ុណ្ណោះទេ តែថែមទាំងធ្វើដំណើរឆ្លងប្រទេសនេះ និងចូលខាងក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងរុករកនិងថតទីក្រុងបាក់បែករបស់ប្រទេសកម្ពុជាទៀតផង”។ លោក ថមសុន ត្រូវការពេលបួនខែនៅក្នុងខេត្តសៀមរាបដើម្បីរៀបចំការធ្វើដំណើររបស់គាត់ ដែលក្នុងអំឡុងពេលនោះ គេបានហៅលោកឲ្យទៅថតព្រះមហាក្សត្រមង្គុតរបស់សៀម និងក៏បានថតរូបព្រះអង្គម្ចាស់ក្សត្រីជាច្រើអង្គទៀត។ ដោយសារតែខេត្តបាត់ដំបង សៀមរាប មង្គលបុរី និង សុីសុផុន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមនៅពេលនោះ ដែលក្រោយមកប្រគល់ឲ្យប្រទេសកម្ពុជាវិញនៅឆ្នាំ១៩០៧តាមរយៈសន្ធិសញ្ញាមួយរវាងប្រទេសបារាំងនិងប្រទេសសៀមនោះ លោក ថមសុន ត្រូវសុំការអនុញ្ញាតពីព្រះមហាក្សត្រ មង្គុត ដើម្បីទៅអង្គរ។ លោក H.G. Kennedy នៃស្ថានទូតអង់គ្លេសប្រចាំក្រុងបាងកកបានស្មគ្រ័ចិត្តទៅជាមួយគាត់ក្នុងនាមជាអ្នកបកប្រែភាសាថៃរបស់គាត់។ ក្នុងបរិបទនៃការប្រជែងគ្នារវាងប្រទេសបារាំងនិងប្រទេសអង់គ្លេសក្នុងតំបន់ ដែលប្រទេសទាំងពីរចង់បានជាខ្លាំងគឺដើម្បីពង្រីកអំណាចរបស់ខ្លួននោះ មន្ត្រីបារាំងដែលអ្នកទាំងពីរបានជួបនៅអង្គរ បានសន្និដ្ឋានថា លោក កេនណេឌី ជាចារបុរស។ បន្ទាប់ពីការធ្វើដំណើរដោយថ្មើរជើង ដោយរទេះគោ និងនៅពេលខ្លះដោយទូកតូចៗអស់រយៈពេលជាច្រើនសប្តាហ៍ នៅទីបញ្ចប់លោក ថមសុន បានមកដល់អង្គរ។ មិនបង្អង់យូរ លោកបានថតរូបអង្គរវត្ត និងប្រាសាទបាយ័ន ដោយផ្តោតលើមុំដែលបានក្លាយជារូបថតក្លាសិកនៃប្រាសាទនានា។ ប៉ុន្តែការជួសជុលមិនទាន់ធ្វើទេពេលនោះ ប្រាសាទនានារុំព័ទ្ធជុំជិតទៅដោយព្រៃ។ ការសរសេរអំពីប្រាសាទបាយ័ននោះ លោក ថមសុន បានរៀបរាប់ថា “ប្រាសាទនេះរុំព័ទ្ធជុំជិតយ៉ាងក្រាស់ដោយព្រៃព្រឹក្សា លតាវល្លិ៍តោងព័ន្ធព័ទ្ធរយីងរយោង និងមានព្រៃបន្លាស្អេកស្កះ ដែលទាល់តែខំកាប់ត្រាយមួយថ្ងៃ ទើបយើងអាចឆ្ការសម្អាតតួប្រាសាទបានល្មមដើម្បីថតយករូបភាព”។ ព្រះរាជតំណាងម្នាក់របស់ព្រះមហាក្សត្រមង្គុត ក្រោយមកបានធ្វើដំណើរមកដល់អង្គរដើម្បីប្រគល់ព្រះរាជសារពីព្រះមហាក្សត្រ ដែលស្នើឲ្យលោក ថមសុន ថតរូបឲ្យបានច្រើន។ ពេលត្រឡប់ទៅក្រុងបាងកកវិញ លោកបានទទួលលិខិតមួយច្បាប់ពីព្រះមហាក្សត្រអង្គនេះ ដែលស្នើឲ្យគាត់ត្រូវរៀបរាប់ក្នុងការពិភាក្សារបស់គាត់និងសរសេរអំពីអង្គរថា “ខេត្តបាត់ដំបង និង អង្គរឬ នគរសៀមទាំងនោះជារបស់សៀមជាប់រហូតមករយៈពេល៨៤ឆ្នាំមកហើយ មិនត្រូវបានរារាំងដោយស្តេចខ្មែរ ឬ កូសាំងស៊ីន(Cochin China) ឡើយ។ សំណង់ការពារកន្លែងទាំងនោះត្រូវបានសាងសង់ឡើងដោយរដ្ឋាភិបាលសៀម៣៣ឆ្នាំមកហើយ”។ លោក ថមសុន បានធ្វើតាមនិងបានបញ្ចូលចុតហ្មាយរបស់ព្រះមហាក្សត្រអង្គនេះទៅក្នុងសៀវភៅរបស់លោកស្តីពីអង្គរ។ បន្ទាប់ពីការធ្វើដំណើររបស់លោកនៅប្រទេសកម្ពុជា លោក ថមសុន បានស្នាក់នៅក្នុងក្រុងហុងកុង និងប្រទេសចិន ជាច្រើនឆ្នាំមុនពេលវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ។ នៅក្រុងហុងកុង គូដណ្តឹងរបស់លោកបានចូលរួមការងារជាមួយលោក ហើយអ្នកទាំងពីរបានរៀបការនឹងគ្នា។ ជាសមាជិកម្នាក់នៃស្ថាប័នសង្គមភូមិសាស្ត្រនិងសង្គមជាតិពន្ធុវិទ្យាដ៏មានកិត្យានុភាពនៅក្រុងឡុង លោកធ្វើសន្និសីទស្តីពីប្រទេសនានាដែលលោកបានពន្យល់បង្ហាញក្នុងស្នាដៃរបស់លោក។ នៅពេលក្រោយមកទៀត លោកបានក្លាយជាជាងគំនូររូបថតសង្គមទំនើបម្នាក់នៅក្រុងឡុង និងបង្រៀនការថតរូបដែរ។ លោកបានទទួលមរណភាពនៅឆ្នាំ១៩២១ ក្នុងវ័យ៨៤ឆ្នាំ។លោក ថមសុន ចាប់អារម្មណ៍យ៉ាងពិសេសលើមនុស្ស ពោលគឺលោកមិនអាចថាមិនបញ្ចូលប្រជាជនខ្មែររួមជាមួយរូបថតអង្គររបស់លោកបានទេ។ ចំណែកឯរបាយការណ៍ដ៏កម្រមួយស្តីពីប្រទសកម្ពុជារបស់លោក កេនណេឌី ជាមន្ត្រីនៅស្ថានទូតអង់គ្លេសដែលបារាំងសង្ស័យថាជាចារបុរស។ អ្នកនិពន្ធជាច្រើនសរសេរអំពីសេចក្តីរាយការណ៍ថា “ប្រហែលជាការវិភាគអំពីប្រទេសកម្ពុជាត្រឹមត្រូវនិងល្អិតល្អន់បំផុត ជាភាសាអង់គ្លេសពីពាក់កណ្តាលសតវត្សរ៍ទី១៩នោះ”។ លោក កេនណេឌី បានកត់សម្គាល់ថា បារាំងបានដឹងអំពីសារៈសំខាន់របស់ប្រទេសកម្ពុជា ហើយពង្រឹងឥទ្ធិពលរបស់ខ្លួននៅតំបន់ខាងកើត មានផែនការរក្សាទុកវាជា “រាជាធិបតេយ្យដ៏សំខាន់មួយស្ថិតក្រោមការមើលខុសត្រូវរបស់ខ្លួនផ្ទាល់” ជាការបង្ហាញដែលសង្ខេបយ៉ាងច្បាស់ គឺអាណាព្យាបាលបារាំងតែម្តង[១]។
ឯកសារយោង
[កែប្រែ]- ↑ ដកស្រង់ពី The Cambodia Daily FEBRUARY 12, 2015