Jump to content

វិគីភីឌា:Your first article

ពីវិគីភីឌា

ល្បែង​អង្គញ់ គេ​ឲ្យឈ្មោះ​តាម​វត្ថុ​ដែល​គេ​យក​មក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំង​ចាស់​ទាំង​ក្មេង នៅ​វេលា​ថ្ងៃ ឬ​វេលាយប់​ខែ​ភ្លឺ នា​រដូវចូលឆ្នាំ ។​ ​ ​សកម្មភាព​របស់​អ្នកលេង ដូច​រូចភាព​នេះ​: ​ ​ល្បែង​អង្គញ់ គេ​លេង​បាន​តាំង​ពី​គ្នា ២ នាក់​ឡើង​ទៅ​ដល់ ១០ នាក់ ដោយ​ចែកចេញជា​ពី​ពួក​មាន​ចំនួន​ស្មើ​គ្នា ដែល​មាន​ស្រី​ម្ខាង​ប្រុស​ម្ខាង​ក៏​បាន ចម្រុះ​គ្នា​ទាំង​សងខាង​ក៏​បាន ។ អង្គញ់​ដែល​គេ​យ​កមកលេង​នេះ​ ឲ្យឈ្មោះ​ថា ‹​កោ​យ​› ចែកចេញ​ជា​ពីរ​ផ្នែក​ដែរ គេ​ហៅថា កោ​យដាំ​មួយ​ពួក កោយ​បោះ​មួយ​ពួក ។ កើយ​មួយ​ពួកៗ​មាន​ចំនួន ៣ ឬ ចំនួន ៥ គឺថាបើដាំ​កោ​យ​ ៣ ក៏​បោះ​កោ​យ ៣ ,​បើ​ដាំ​កោ​យ ​៥ ក៏​បោះ​កោ​យ ៥ តាម​ចំនួន​អ្នកលេង​មាន​តិច​ឬ​ច្រើន ។ ដែល​ហៅថា កោយ​ដាំ គឺ​គេ​ដាំ​ភ្ជាប់​ទៅ​នឹង​ដី មាន​ជួរ​បែក​កន្ធែកចេញពី​កោ​យ​កណ្ដាល​មួយ ដែល​ហៅថា ‹​មេក្លោង ឬ​កន្លោង​› ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេង មាន​សណ្ឋាន​ដូច​ក្អែកទឹក​ហើរ ដែល​ឲ្យ​មេខ្យល់​មួយ​នាំមុខ ហើយ​ក្អែកទឹក​ហ្វូង​បែក​គ្នា​ជាជួរ​បញ្ឆៀងៗ​គ្នា​ពី​ក្រោយ ។ រីឯ​កោយ​បោះ គឺ​កោយ​ទាំងឡាយ​ដែល​គេ​កាន់​យក​ទៅ​ទី ហើយ​បោះ​ក្ដី ធ្វើ​អ្វី​គ្រប់​បែប​ទៀត​ក្ដី សម្រាប់​រំលំ​កោ​យ ដាំ​ទាំង​ប៉ុន្មាន​នោះ ។ ត្រង់​រណ្ដៅ​តូចៗ​ដែល​ឆ្កៀល​ដី យក​កន្លែង​ដាំ​កើយ​ឲ្យ​ជាប់​នោះ គេ​ហៅថា ‹​រន្ធ​ ឬ​រន្ធ​កោ​យ​› ។ គេ​កំណត់​កន្លែង​មួយ​ពី​មុខ​កោយ​ដាំ​ប្រមាណ​ជា ៣ ឬ ៤ ម៉ែត្រ សន្មតហៅថា ‹​ទី​› គឺ​ជា​ទី​ដែល​គេ​ត្រូវ​បោះ ឬ​ទៅ​ធ្វើ​អ្វីមួយ ពី​ត្រឹមនោះ​តម្រង់​ម​កកោយ​ដាំ​វិញ ។ អ្នក​ដែល​ត្រូវឡើង​មុន​គឺ​បាន​ទៅ​បោះ​ពី​ទី​មុន​គេ​នោះ សម្រេច​លើ​ការព្រមព្រៀង​គ្នា​,​ជាធម្មតា គេ​ច្រើន​តែ​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ខ្សោយ​ជាង​មាន​សិទ្ធិ​ទៅ​បោះ​មុន​គេ ទុក​ដូចជា​តទី​ឲ្យ​ដែរ ឯការ​ចាញ់ឈ្នះ​ស៊ីសង​ត្រង់​នរណា​ធ្វើ​ត្រូវ​កោយ​ដាំ​ចប់សព្វគ្រប់​មុនគេ គឺ​គ្រប់​បែប​គ្រប់​ថ្នាក់ ដែល​របៀប​លេង​អង្គញ់​តម្រូវ​ឲ្យ​ទាំង​ប៉ុន្មាន ។ ប៉ុន្តែ​គេ​ច្រើន​សន្មតគ្នា​បន្ថែម​ឲ្យ​អ្នក​ចាញ់ធ្វើ ៣ ឬ ៤ ក្ដារ​សិន ហៅថា ‹​តាម​› ដូច្នេះ​បាន​ជា​មុន​នឹង​លេង គេ​សន្មតគ្នា​ថា តាម​ប៉ុន្មាន​ក្ដារ​? បើ​គេ​សម្រេច​គ្នា​ថា ប៉ុន្មានៗ​ដល់​ទីបំផុត​ត្រូវ​តែ ‹​តាម​› ប៉ុណ្ណោះ​ក្ដារ​សិន ។ បើ​ផុតកំណត់​ហើយ នៅតែ​មិន​បាន​ធ្វើ ត្រូវ​អស់​ទៀត​នោះ​ទើប​ទុក​ជា​ចាញ់ ហើយ​ពួក​ខាង​ឈ្នះ ត្រូវ​ជោះ​ពួក​ខាង​ចាញ់​តាម​ចំនួន​ដែល​គេ​សន្យា​គ្នា ឧបមារ​ថា គេ​សន្យាថា កោយ​មួយ​ជោះ ១០ ដូច្នេះ​នរណា​កាន់​កោយ​បោះ​មួយ បើ​ឈ្នះ​ត្រូវបាន​ជោះ​គេ ១០ តែបើ​ចាញ់​ក៏​ត្រូវ​គេ​ជោះ ១០ ដែរ ។​ ​ ​ល្បែង​នេះ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ណាស់ បើ​ធ្វើ​ខុស​បទ​វិន័យ​ណាមួយ​នឹង​ត្រូវ​ទទួលពិន័យ​ភ្លាម​មួយ​រំពេច ។ លក្ខខណ្ឌ​ទាំង​នេះ យើង​និង​បរិយាយ​របៀប​លេង​ខាងក្រោម​នេះ ។​ ​ ​ល្បែង​អង្គញ់​ចែក​ចេញ​ច្រើន​ជាន់​ថ្នាក់​ជា​សង្កាត់ៗ​មាន​៖

​ ​ ​១- បោះ (​កាន់​បោះ​មកពី​ទី តម្រង់​កោយ​ដាំ​) ​ ​ ​២- ស៊ី​គោល (​បាញ់​ដោយ​ម្រាមដៃ​ដាក់​លើ​ក្បាលជង្គង់​) ​ ​ ​៣- ស៊ី​ប៉ា​រ៉េត (​បាញ់​ដោយ​ម្រាមដៃ​ដាក់​ផ្ទាល់​នឹង​ដី​) ​ ​ ​៤- ត្រ​កង (​ប្រមៀល​អង្គញ់​មកពី​ទី​) ​ ​ ​៥- ចាក់​ខ្ទែក (​ដាក់​អង្គញ់​លើ​ខ្នងជើង​ដើរ​បី​ជំហាន​) ​ ​ ​៦- បោះ​ជោះ (​បោះ​សម្រេច​ជា​ចុងក្រោយ​បំផុត​)

​ ​របៀប​លេង​ក្នុង​សង្កាត់​នី​មួយៗ​មាន​ដូចតទៅ​៖ ​ ​ថ្នាក់​ទី​មួយ បោះ​= ពួក​អ្នក​ដែល​ត្រូវ​ឡើង​ទៅ​បោះ គេ​បោះ​តម្រង់​ទៅ​កោយ​ដែល​ដាំ​ណាមួយ​,​កាល​បោះ​ទៅ​ត្រូវ​កោយ​ដាំ​នោះ​ហើយ កោយ​នោះ​ក៏​ខ្ទេច​ចេញពី​រន្ធ​ទៅ កោយ​បោះ​ក៏​នៅ​ក្នុង​រន្ធ​កោយ​ដាំ​, ហើយ​អ្នក​ដាំ​ទះ​កោយ​បោះ​នោះ​បង្កប់ថែមទៀត យ៉ាង​នេះ​គេ​ហៅថា ‹​ស្អុយ​› ។ បើ​បោះ​ត្រូវ​កោយ​ណាមួយ​ហើយ បើ​បោះ​កោយ​មួយ​ក្រោយ ទៅ​ត្រូវ​កើយ​ដដែល​ទៀត​គេ​ហៅថា ‹​ម៉ា​យ​› ។ បើ​អ្នក​បោះ​ប្រព្រឹត្ត​ខុស​វិន័យ​ទាំង​នេះហើយ ត្រូវ​អ្នក​ដាំ​ទៅ​បោះ អ្នក​បោះ​មក​ដាំ​វិញ​ម្ដង ។ កាលណា​បោះ​ទៅ​ត្រូវ​កោយ​ដែល​ដាំ​ដួល​ទាំងអស់​រួចហើយ អ្នក​បោះ​ត្រូវ​ចាប់​បន្ត​ធ្វើ​ស៊ី​គោ​ល​តទៅទៀត ។​ ​ ​ថ្នាក់​ទី ២ ស៊ី​គោល​= កាល​បើ​បោះ​ត្រូវ​អស់​ហើយ​គេ​យក​កោយ​របស់គេ​ដែល​សំដៅ​ទៅ ‹​ទី​› ហើយ​អង្គុយច្រហោង​រុញ​ក្បាលជង្គង់​ម្ខាង​ទៅ​មុខ​បន្តិច យក​កោយ​ដាក់​លើ​ក្បាលជង្គង់​នោះ ទាត់​កោយ​ដោយ​មេដៃ​ឬ​ចង្អុ​កដៃ តម្រង់​ទៅ​កើយ​ដាំ​ណាមួយ ។ បើ​កោយ​ធ្លាក់​ទៅ​នោះ ធ្លាក់​ជិត​កោយ​ដាំ​ពេក​ប្រមាណ​ជាមួយ​ចំអាម ឬ​កន្លះ​ចំអាម​នោះ​, អ្នក​ស៊ីគោល​គេ​សួរ​អ្នក​ដាំ​ថា ‹​វ័ធ​ឬ​ណាប់​?› បើ​អ្នក​ដាំ​ឆ្លើយថា ‹​វ័ធ​› អ្នក​ស៊ីគោល​ត្រូវ​វ៉ាស់​ជា​ចំអាម​ដោយ​យក​មេដៃ​ដាក់​លើ​កើយ​របស់ខ្លួន​ចង្អុលដៃ​វ័ធ​កោយ​ដាំ​ឲ្យ​ដួល​តែ​ម្ដង ។ បើ​អ្នក​ដាំ​ឆ្លើយថា ‹​ណាប់​› អ្នក​ស៊ីគោល​គេ​លើក​កោយ​របស់​គេ​គប់​ទៅ​កោយ​ដាំ​នោះ​ឲ្យ​ដួល​តែ​ម្ដង ។ ដូចនេះ​កោយ​ដែល​ស៊ីគោល​ធ្លាក់​ជិត​ពេក​នោះ គេ​ឲ្យឈ្មោះ​ថា ‹​វ័ធ​-​ណាប់​› ។ បើ​កោយ​ដែល​ស៊ីគោល​ទៅ​ហើយ​ធ្លាក់​ឆ្ងាយ​ពី​កោយ​ដាំ​ជាង​មួយ​ចំអាម​នោះ អ្នក​ស៊ីគោល​ត្រូវ​លុតជង្គង់ ហើយ​យក​កើយ​នោះ មក​ដាក់​លើ​ក្បាលជង្គង់​ផ្ទាត់​តម្រង់​ទៅ​កោយ​ដាំ​បន្តទៅ​ម្ដងទៀត ទាល់តែ​អស់​កើយ​របស់ខ្លួន ។ បើ​កោយ​ស៊ីគោល​នោះ​រត់​ទៅ​ប៉ះ​ដូចជា​កើយ​ស៊ីគោល​ទៅមុន​ធ្លាក់​ត្រង់​កន្លែង​ណាមួយ​ ហើយ​កើយ​ទៅក្រោយរ​ត់​ទៅ​ប៉ះ​កោយ​មុន​នោះ ដល់​ពេល​អ្នកបាញ់​ពេល​ទៅ​បាញ់​ម្ដង​ទៀតនោះ អ្នក​ដាំគេ​ត្រូវ​ពិន័យ​ដូច្នេះ គឺ​កោយ​មុន​គេ​ឲ្យ​ផ្ទាត់​ដោយ​ស្រលៀង​ភ្នែក​ម្ខាង គឺ​ឲ្យ​ធ្មេចភ្នែក​ម្ខាង ឯ​កោយ​ក្រោយ​គេ​ឲ្យ​ផ្ទាត់​ដោ​យខ្វាក់ភ្នែក គឺ​ឲ្យ​ធ្មេចភ្នែក​ទាំងសងខាង ។ ដូច្នេះ​ទើប​គេ​ឲ្យឈ្មោះ កើត ២ នេះ​ថា កោយ​ខ្វាក់​ និង​ស្រលៀង​តាម​ទណ្ឌកម្ម​ដែល​គេ​ពិន័យ ស៊ីគោល​ដូច​បាន​រៀបរាប់​មក​នេះ​ត្រូវ​កោយ​ដាំ​ដួល​អស់​ហើយ​ គេ​ត្រូវធ្វើ​ស៊ី​ប៉ា​រ៉េត​តទៅទៀត ។​ ​ ​ថ្នាក់​ទី ៣ ស៊ី​ប៉ា​រ៉េត​= ពួក​អ្នក​ស៊ីគោល​នោះ កាល​បានធ្វើ​ស៊ីគោល​រួចហើយ​គេ​នាំគ្នា យក​កោយ​ទៅ​ដាក់​ផ្ទាល់​នឹង​ដី ហើយ​បាញ់​ដោយ​ម្រាម​ដាំ​មួយ​ម្ដងៗ តម្រង់​ទៅ​រក​កោយ​ដាំ រហូតដល់​អស់​កើយ ការពិន័យ​មាន វ័ធ ណាប់ ស្រ​លៀង ខ្វាក់ របៀប​ដូច​ស៊ីគោល​ដែរ ខុស​គ្នា​ត្រង់​ស៊ីគោល​គេ​ធ្វើ​លើ​ក្បាលជង្គង់ , ចំណែក​ស៊ី​ប៉ា​រ៉េត ដាក់​កោយ​ផ្ទាល់​នឹង​ដី​តែ​ប៉ុណ្ណោះ ។ លុះ​ធ្វើ​ស៊ី​ប៉ា​រ៉េត​រួចហើយ​គេ​ធ្វើ​ត្រកង​តទៅទៀត ។​ ​ ​ថ្នាក់​ទី ៤ ត្រ​កង ឬ ត្រឡ​ង​កង​= ក្រោយ​ដែលធ្វើ​ស៊ី​ប៉ា​រ៉េត​ត្រូវ​អស់ហើយ គេ​ចាប់​ធ្វើ​បន្តទៅទៀត គឺ​ត្រកង ។ ត្រកង​នេះ គឺ​គេ​ប្រមៀល​កោយ (​គ្រាប់​អង្គញ់​) ឲ្យ​រមៀល​ដូច​បរកង់ ហេតុនេះ​បាន​ជា​គេ​ហៅថា ‹​ត្រកង​ឬ​ត្រឡ​ង​កង​› ។ ត្រកង​មាន​ពីរ​បែប​,​គេ​យក​បែប​ណាមួយ​មក​លេង ក៏​បាន​តាមតែ​គេ​ណាត់​គ្នា ហៅថា ត្រកង​ទប់ ​និង​ត្រកង​ធា ។ ត្រកង​ទប់​,​គឺ​គេ​ប្រមៀល​កោយ​ទៅ​ហើយ​ត្រូវ​រត់តាម​ទៅ​យកដៃ​ខ្ទប់​ឲ្យទាន់ មុន​កោយ​នោះ​ដួល ហើយ​មិន​ឲ្យ​ហួស​មេក្លោង​ផង តែបើ​ទប់​មិនទាន់ បណ្ដោយ​ឲ្យ​កោយ​ដួល​ស្លៀម​ខ្លួន​វា ឬ​ទប់​ដែរ​តែ​មិន​បាន​យកដៃ​ខ្ទប់​ឲ្យ​ជិត​ល្អ លើ​កោយ​នោះទេ នោះ​គេ​ទុក​ជា​ស្អុយ​មិនបានការ​, ពួក​ខាង​ម្ខាង​ត្រូវ​ឡើង​ធ្វើ​ម្ដង ។ បើ​កើយ​នោះ រត់​លឿន​ពេក​ទៅ​ហួស​មេក្លោង​ឬ​មួយ​ក៏​ទង្គិច​ដួល​កោយ​ដាំ​ណាមួយ ក៏​ទុក​ជា​ស្អុយ​ត្រូវគេ ‹​ឡើង​› ដែរ ។ ឯ​ត្រកង​ធា​វិញ ពុំ​ពិបាក​រត់តាម​ខ្ទប់​ទេ តែ​ត្រូវ​មាន​វិន័យ​មិន​ឲ្យ​ហួស​មេក្លោង​ និង​ទង្គិច​កោយ​ដាំ​ឡើយ ។ របៀប​ត្រកង ក៏ដូចជា ស៊ី​គោល ឬ ស៊ី​ប៉ា​រ៉េត​ដែរ គឺ​ធ្វើបាន​ពី​ដំណាក់ គឺ​ត្រកង​ពី​ទីទៅដល់​ត្រង់​ណា​ហើយ អាច​តាម​ទៅ​បាញ់​ដល់​ម្រាមដៃ​ផ្ទាល់​នឹង​ដី​តម្រង់​ទៅ​កោយ​ដាំ​ម្ដងទៀត ប្រសិន​ជា​មាន​រះ​ដួល​កោយ​ដាំ​ម្ដង​ពីរ​ឬ បី​, ម៉ា​យ​,​ងីងើ​មិន​ដួល កោយ​ដាំ​នោះ គ្រាន់តែ​រង្គើ​ក៏​ត្រូវ​ទទួល​បទ​ពិន័យ​ដូច​មុនៗ​ដែរ ។​ ​ ​ថ្នាក់​ទី ៥ ចាក់​ខ្ចែក​= ចាក់ខ្ចែ​ក​មាន​របៀប​ប្លែក​ពីមុនៗ​ គឺ​គេ​ឈាន​មួយ​ជំហាន​គំនិតពី​​ទី រួច​យក​អង្គញ់​ដាក់​លើ​ខ្នង​ជើង ហើយ​ឈាន​ពីរ​ជំហាន​ទៅមុខទៀត ទើបរ​លាស់​ចុងជើង គ្រ​វាត់គ្រាប់​អង្គញ់​ទៅ​ឲ្យ​ត្រូវ​កោយ​ដាំ ។ កាលណា​មិនត្រូវ​ក៏​ស្អុយ​កោយ​បោះ​នោះ ចោល​ទៅ កាលណា​ត្រូវ​អាច​យក​កោយ​ដដែល​នោះ​មក​ធ្វើ​សារជាថ្មី​បាន​ម្ដង​ទៀត ។ ប្រសិន​ជា​ដាក់​កោយ​ខ្នងជើង ហើយ​ឈាន​ពុំទាន់​ដល់​កោយ​ដាំ​​ស្រាប់តែ​ជ្រុះ​កោយ​ទៅ នោះ​គេ​ទុក​ជា​បាក់​កលៀន​អណ្ដាត គឺ​គេ​ឲ្យ​យក​ទៅ​ធ្វើ​ម្ដង​ទៀត​តែ​ឲ្យ​អ្នកនោះ ងើយ​ក​ឡើង​លើ​លៀន​អណ្ដាត មិនឲ្យ​មើល​ទៅកោយ​ដាំ​ទេ គឺថា ធ្វើ​ប្រថុយៗ​តាម​ស្មាន ។ ចាក់​ខ្ចែក ឥត​ធ្វើ​ពី​ដំណាក់​ឈើ​តាម​ទៅ​ផ្ទាត់​បាន​នៅ​ជិត​កោ​យ ដាំ​ដូច​ត្រ​កង ស៊ី​គោល​-​ស៊ី​ប៉ា​រ៉េត​ទេ គេ​ធ្វើ​យក​ត្រូវ​ពី​ទី​តែម្ដង ។ កាលបើ​មាន​រះ ,​មា​យ​,​កប់ គេ​ពិន័យ​ដូច​ធ្វើ​អ្វីៗ​ពីមុន​មក​ដែរ ។​ ​ ​ថ្នាក់​ទី ៦ បោះ​ជោះ = បោះ​ជោះ​ក៏ដូចជា​បោះ​ពី​ដំបូង​ដែរ វិន័យ​គ្រប់បែបគ្រប់យ៉ាង​ដូចគ្នា​ទាំងអស់​សុទ្ធសាធ ។ គិត​ទៅ​បោះ​ជួស​នេះ ហាក់ដូចជា​គ្រាន់តែ​ជា​វិញ្ញាសារ​មួយ​សម្រាប់​រង់ចាំ​ពួក​ខាង​យឺត​ជាង ឲ្យបាន​ឱកាស​ដេញ​តាម​តែ​ប៉ុណ្ណោះ ។ បាន​ជា​ហៅថា បោះជោះព្រោះបន្ទាប់តែពីបោះនេះទៅ ត្រូវបានជោះហើយ (​គ្រាន់តែ​រង់ចាំ​ឲ្យគេ​តាម​ប៉ុន្មាន​ក្តារ ដែល​បាន​សន្មត់​តែប៉ុណ្ណោះ​) ។​ ​ ​របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅដល់​ក្បាលជង្គង់ ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពី​លើ រាប់​ចំនួន​តាម​ដែល​គេ​ត្រូវ​ជួស ។ ធ្វើ​បែប​នេះ​ហៅថា ‹​ជោះ​បាយ​ត្រជាក់​› ។ មួយ​បែប​ទៀត​ហៅថា ‹​ជោះ​បាយ​ក្ដៅ​› របៀប​នេះ​គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា គឺមួយ​ផ្តេក មួយ​បញ្ឈរ ហើយ​ជោះ​ខ្លាំងៗ​ទៅលើ​ក្បាលជង្គង់​មួយៗ​ឡើង​ក្រហម​សាច់ ទំរាំ​តែ​អស់​ចំនួន ៣០-៤០ សឹងតែ​ហើម​ក្បាលជង្គង់​តែម្ដង ជួនកាល គេ​យក​បំពង់​ឫស្សី​មក​ខោក​ក្បាលជង្គង់​ធ្វើ​ជា​ជោះ​ជំនួស​គ្រាប់​អង្គញ់​ក៏មាន ។​ ​ ​ឯ​ឈ្មោះ​ពិន័យ​ដែល​ប្រើ​ក្នុង​ល្បែង​អង្គញ់​នេះ​មាន ៩ បែប​៖

​ ​ ​១- ស្អុយ (​គឺ​ធ្វើ​ខុស​ទុក​កោយ​នេះ ជា​អាសា​របង់​) ​ ​ ​២- មា​យ (​ត្រូវ​ម្ដង​ហើយ​ ត្រូវ​ដដែល​ម្ដងទៀត​) ​ ​ ​៣- រះ (​កោយ​បោះ​មួយ ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​) ​ ​ ​៤- ងីងើ (​កោយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើមិនដួល​) ​ ​ ​៥- ស្រ​លៀង -​ខ្វាក់ (​ព្រោះ​កើយ​បោះ​ទង្គិច​គ្នា​) ​ ​ ​៦- វ័ធ​-​ណាត់ (​កោយ​បោះ​ជិត​កោយ​ដាំ​ពេក​) ​ ​ ​៧- បាក់ក​លៀន​អណ្ដាត (​ចាក់​ខ្ទាត​ធ្លាក់​កើយ​កណ្ដាល​ទី​) ​ ​ ​៨- កប់​ទះ (​កោយ​ដាំ​ខ្ទេច​ចេញ កោយ​បោះ​នៅក្នុង​រន្ធ​ដាំ​) ​ ​ ​៩- ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេក្លោង​) ​ ​​​បទ​ពិន័យ​លើ​កំហុស​ទាំងអស់នេះ​មិន​ជា​ការ​ធ្ងន់​ពិបាក​ប៉ុន្មាន​ទេ មាន​កំហុស​ខ្លះ​គេ​គ្រាន់តែ ‹​ឡើង​› គឺ​គេ​ទុក​ក្ដារនេះ​ជា​អាសាបង់ ត្រូវ​ផ្ទេរ​ឲ្យ​ពួក​ម្ខាង​ទៀត​ឡើង​ទៅ​ធ្វើ​ម្ដង​ដូច​យ៉ាង ​ម៉ា​យ រះ កប់​ទះ ជាដើម ប៉ុន្តែ​ទោះជា​ត្រូវ ‹​ឡើង​› ក្ដី ក៏​លើក​ក្រោយ​គេ​អនុញ្ញាត​ឲ្យ​ពួក​នេះ ទុក​ជា​ធ្វើ​ត្រូវ​ទាំងអស់​នេះ​ដែរ ។ ឯ​បទ​ពិន័យ​ផ្សេង​ទៀត​ក៏​គ្រាន់តែ​ដាក់ទណ្ឌកម្ម ឲ្យ​លំបាក​ក្នុង​ការ​ធ្វើ​តែ​ប៉ុណ្ណោះ ពុំ​ទាន់​ចាត់​ទុក​ឲ្យ​កោយ​នោះ​ស្អុយ​ភ្លាមៗ​ទេ ។ ដូច្នេះ​បទ​ពិន័យ​គ្រាន់តែ​ឲ្យបាន​សប្បា​យបានយូរ​បន្តិច​ប៉ុណ្ណោះឯង ។​ ​ ​សេចក្ដីបញ្ជាក់​: ​ ​គ្រាប់​អង្គញ់​ដូចគ្នានេះ គេ​អាច​យក​ទៅ​លេង​ជា​ល្បែង​មួយទៀត​ហៅថា ‹​លេង​កេល​› ។ គឺថា គេ​យក​កោយ​ដាំ​ប្រាំ​ដែរ ដាំ​ដង្ហែជាមួយ​ជួរ ហើយ​មាន​គូស​ទីមួយ ជា​កន្លែង​សន្មត ដាក់​កោយ​បោះ ៥ ដែរ តែ​ដាក់​ផ្ទាល់​និង​ដី គេ​យក​ជើង​កៀស​គឺ​ជើងឆ្វេង​ឈរ​ស្ងៀម លូក​ទៅ​មុខ​,​ជើង​ស្ដាំ​ថយ​មក​ក្រោយ​ចុច​កែង​ឲ្យ​ជាប់ទៅ​នឹង​ដី​ ហើយ​ចុង​ម្រាម​ឆ្កើស​យ៉ាងខ្លាំង​ ឲ្យ​កោ​យរត់​ទៅ​ត្រូវ​កោយ​ដាំ​ម្ដង​មួយៗ ទាល់តែ​អស់ បើ​កោយ​ណា​មិន​បាន​ត្រូវ​កោយ​ដាំ​ទេ គេ​ទុក​ជា​ស្អុយ តែបើ​បាន​ត្រូវ​គេ​ឲ្យ​ត្រឡប់យកម​កកេល (​ឆ្កើស​ចុង​ម្រាមជើង​) បាន​ម្ដង​ទៀត ។ ពួក​ខាង​ណា​ធ្វើ​ត្រូវអស់​មុន ឈ្មោះថា ឈ្នះ អាច​ជួស​អ្នកចាញ់​បាន ។​ ​ ​របៀប​លេង​គ្រាប់​អង្គញ់​មួយ​យ៉ាង​ទៀត​គេ​ហៅថា ‹​បាញ់​រង​› គឺ​មាន​អ្នកលេង​ពីរ​ពួក ។ ពួក​ម្ខាងៗ​មាន​កោយ ១០ រៀងខ្លួន​គឺ​សម្រាប់​ដាំ ៥ បាញ់ ៥ ។ គេ​ដាំ​ជួរ​តម្រៀប​គ្នា​ម្ខាង​ម្នាក់ ហើយ ​​យក​កោយ​បាញ់ បាញ់​ទៅ​ខាង​ពួក​បរ​បក្ខ​ម្ដងម្នាក់ ខាង​ណា​បាញ់​រំលំ​របស់​ពួក​ម្ខាង​គេ​អស់​មុន​ឈ្មោះ​ថា ឈ្នះ បាន​ជោះ​គេ ឯ​បាញ់​នោះ គឺ​ឈរ​បត់​ក្បាលជង្គង់​ម្ខាង​ដាក់​ចោល​លើ​ក្បាលជង្គង់​បាញ់នឹង​ម្រាមដៃ តម្រង់​ទៅ​កោយ​ដាំ​តែម្ដង ។​ ​ ​ល្បែង​អង្គញ់​អាច​រ៉ាប់​ចូល​ក្នុង​ពួក​កីឡា ហាត់​ដៃ​ឲ្យ​ត្រង់ ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​មូល ៕​ - See more at: http://www.cen.com.kh/culture/detail_khmergame/OTBkZTQwZWFhZGE#sthash.4yZbovnZ.dpuf