សករាជ
សករាជ មានពាក្យ ស័កៈ និង រាជ ។ ស័កៈ មានន័យថា កាលសម័យ ការរាប់លំដាប់ឆ្នាំ ។ រាជ មានន័យថា ស្ដេច ឬអច្ឆរិយបុគ្គល ។ សករាជ មានន័យថា ការរាប់ថ្ងៃ ខែ ឆ្នាំ ឬយកត្រឹមតែឆ្នាំរៀងមក ពីថ្ងៃ ឬខែ ឬឆ្នាំ ដែលបុគ្គលអស្ចារ្យ ឬហេតុអស្ចារ្យណាមួយ ដែលជនានុជនបានកត់ត្រាទុក ។ នៅក្នុងកម្រងអត្ថបទប្រវត្តិវិទ្យាប្រទេសកម្ពុជាគេឃើញមានពាក្យពុទ្ធសករាជ និងគ្រិស្តសករាជ ។
សេចក្តីផ្តើម
[កែប្រែ]មនុស្សក្នុងសាកលលោកគ្រប់ជាតិគ្រប់សាសន៍ សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើទាំងអស់គ្នា គ្មានអ្នកណានៅស្ងៀមឡើយ ព្រោះធម្មតាលោកបង្គាប់ឲ្យធ្វើ ។ ឯកិច្ចការរបស់អ្នកស្រុកទាំងអស់នោះ ដែលនឹងចំរើនកើនឡើងតាមលំដាប់ទៅបាន ដោយសារតែមានពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ជាគ្រឿងកត់សំគាល់ ដូចមានពេលព្រឹក - ល្ងាច - ថ្ងៃ - យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា ក៏ត្រូវចុះថ្ងៃ - ខែ - ឆ្នាំខានមិនបានដែរ ។ ហេតុនេះ ការចេះចាំថ្ងៃ - ខែ - ឆ្នាំ មានប្រយោជន៍ជាច្រើនយ៉ាង ។ បើប្រទេសណាមិនប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំទេ ប្រទេសនោះនឹងធ្វើការអ្វី ៗ ឥតកម្រិត ឥតរបរ ឥតក្របខ័ណ្ឌ ឥតរបៀប មិនរៀបរយ នាំឲ្យការងារទាំងនោះច្របូកច្របល់រសេមរសាម គឺធ្វើការព្រឹកជាល្ងាច ៗ ជាព្រឹក, ខែនេះជាខែនោះ, ឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដតែរដូវថា រដូវភ្លៀង, រដូវរាំង, រដូវទឹកឡើង, រដូវទឹកស្រក នឹងរដូវស្លឹកឈើជ្រុះជាដើម ។ ពុំនោះសោត គេទុកដាក់នូវមនុស្សពួកនោះ ថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាមិលក្ខៈ គឺមនុស្សព្រៃ, មនុស្សព្នង ដែលអាស្រ័យនៅក្នុងកោះតូចតាច ឆ្ងាយដាច់ស្រយាលពីគេ ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ ជាចន្លោះប្រទេសរបស់គេ, មនុស្សចំពូកនេះប្រើតែគំនូសជំនួសអក្សរ តាំងពីរកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌នឹងគេសោះ ។ ហេតុដូច្នោះ បានជាលោកអ្នកប្រាជ្ញជាន់ដើមកំណត់ឲ្យប្រើពេល - ម៉ោង - ថ្ងៃ - ខែ - ឆ្នាំ ហៅថា "សករាជ" ជាគ្រឿងចំណាំ ។
ឯសករាជដែលគេនិយមប្រើក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ មាន ៤ យ៉ាងគឺ៖
- ពុទ្ធសករាជ
- គ្រិស្តសករាជ
- មហាសករាជ
- ចុល្លសករាជ
ឯសករាជទាំង ៤ យ៉ាងនេះគេរៀបរៀងតាមលំដាប់ដែលកើតមុន កើតក្រោយ ដូចតទៅនេះ គឺ
- ពុទ្ធសករាជ កើតមុនសករាជ ទាំង ៣,
- គ្រិស្តសករាជ កើតក្រោយ ព. ស. ៥៤២ ឆ្នាំ,
- មហាសករាជ -ដ- -ដ- ៦២១ -ដ-,
- ចុល្លសករាជ -ដ- -ដ- ១១៨១ -ដ- ។
ដើមកំណើតនៃសករាជទាំង ៤
[កែប្រែ]ពុទ្ធសករាជ
[កែប្រែ]ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៦២៩ ប្រាប់ថា ពុទ្ធសករាជ គេកំណត់រាប់ចំនួនថ្ងៃខែឆ្នាំ តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់, រាប់ពីត្រឹមថ្ងៃ ១ រោច ខែពិសាខ ឆ្នាំនោះមក ជាពុទ្ធសករាជ ។
ការរាប់ពុទ្ធសករាជ ជាការកំណត់ថ្ងៃខែឆ្នាំរបស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងសាសនា ដែលហៅថា "បកសករាជ" ។ របៀបនេះ រាប់យកចំណែកខាងរនោចខែមួយមុនមកប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា ១ ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោច ខែពិសាខ មកដល់ថ្ងៃ ១៥ កើត ខែជេស្ឋ ជា ១ ខែ ។ល។ ពីថ្ងៃ ១ រោច ខែចេត្រ មកដល់ថ្ងៃ ១៥ កើត ខែពិសាខ ជា ១ ខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែនោះជាបច្ចុប្បន្នកាល មិនទាន់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥ រោច ខែស្រាពណ៍ ឆ្នាំមមី បន្ទាប់ឆ្នាំពុទ្ធបរិនិព្វាន ត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាត្រឹមប៉ុណ្ណោះ), តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួង ឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមីដែលចូលក្នុងរវាងឆ្នាំ គំរប់ ២ នុ៎ះឯងថា ពុទ្ធសករាជ ២ ឆ្នាំ ឬពុទ្ធសករាជ ២, បើប្រើអក្សរសង្ខេបត្រូវប្រើអក្សរជា ព. ស. ២ ។
ពុទ្ធសករាជនេះ ចាប់ផ្ដើមកើតមានឡើងជាដំបូងនៅក្នុងប្រទេសឥណ្ឌា ដោយពួកពុទ្ធបរិស័ទមានព្រះសង្ឃជាដើមក្នុងប្រទេសនោះកំណត់ឲ្យប្រើ ឡើង ចាប់រាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ចូលបរិនិព្វានទៅ បាន ១ ថ្ងៃ គឺកំណត់រាប់តាំងពីត្រឹមថ្ងៃពុធ ១ រោច ខែពិសាខ ឆ្នាំម្សាញ់នោះមក ឲ្យឈ្មោះថាជាពុទ្ធសករាជ ដោយមានថ្ងៃបរិនិព្វាននៃព្រះពុទ្ធជាគោលចារិក, ហើយតមកក្នុងប្រទេសនានា ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូចប្រទេសខ្មែរជាដើម ក៏និយមប្រើត ៗ គ្នាមករហូតដល់សព្វថ្ងៃនេះ ។
ឯប្រទេសឥណ្ឌាកាលពីសម័យមុន ដែលពុំទាន់មានពុទ្ធសករាជនៅឡើយ គេនិយមប្រើបុរាណសករាជ គឺសករាជខាងសាសនាព្រាហ្មណ៍ជាច្រើនពាន់ឆ្នាំមកហើយ ។ លុះដល់មានពុទ្ធសករាជ ប្រទេសឥណ្ឌា ក៏ចាប់ប្រើពុទ្ធសករាជជាប់ឡើង ។ ក្នុងសម័យបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាឈប់ប្រើពុទ្ធសករាជទៅហើយ, តែគេប្រើសករាជអ្វីយើងមិនបាច់និយាយ ។
គ្រិស្តសករាជ
[កែប្រែ]ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ៧៩៧ ប្រាប់ថា គ្រិស្តសករាជនេះ គេបង្កើតឡើងតាមនាមនឹងពង្សាវតានៃសាស្ដាម្នាក់ឈ្មោះ យេស៊ូ ឬ យេស៊ូវ - គ្រិស្ត (Jésus ou Jésus - Christ) ជាអ្នកបង្កើតលទ្ធិ ឬសាសនាមួយ ហៅថាសាសនាគ្រិស្ដ«Religion Chretienne» ក្នុងកាលសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ (ព. ស. ៥៤២) ។ ពិតមែនតែព្រះយេស៊ូ - គ្រិស្ត ទទួលមរណភាពក្នុង ព. ស. ៥៧៥ ក្នុងអាយុគំរប់ ៣៣ ឆ្នាំ តែគេបានតាំងសករាជនោះគិតពីថ្ងៃដែលសាស្តានេះកើត គឺក្នុង ព. ស. ៥៤២ ហៅថា គ្រិស្តសករាជ សរសេរអក្សរសង្ខេបថា គ. ស. គឺសករាជដែលគេនិយមប្រើក្នុងប្រទេសអឺរុបនឹងប្រទេសអាស៊ីដោយច្រើន ក្នុងសម័យសព្វថ្ងៃនេះ ។
មហាសករាជ
[កែប្រែ]ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៧២២ នឹងភាគទី ២ ទំព័រ ១០៨១ ប្រាប់ថា ស័ក ប្រែថា "កាល", សម័យយុគ ...," រាជ ប្រែថា "ស្ដេច" ។ ការរាប់ថ្ងៃខែឆ្នាំ ឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ ឬដោយមានហេតុអស្ចារ្យណាមួយ ដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ ហៅថា "សករាជ" ៗ នេះកើតឡើងអំពីជនមួយពួកហៅថា ពួកតាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌៀ ក្នុងកាល ព. ស. ៦២១ ឆ្នាំ ។ កាលជនពួកនេះមានជ័យជំនះក្នុងការលុកលុយចូលមកវាតអំណាចក្នុង ប្រទេសឥណ្ឌៀប៉ែកខាងលិច បានតាំងក្សត្រជាតិរបស់ខ្លួនមានព្រះនាមថា សកៈ ឬសាលិវាហនៈ, ហើយក៏ចាប់ផ្ដើមរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះថា "ស័ក ឬសការជ" ដែលចំណេរតមក ហៅថា "មហាសករាជ" ប្រែថា "សករាជធំ" នេះកើតមុនចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់មានប្រើក្នុងប្រទេសខ្មែរយើងតាំងពីរវាងសតវត្សរ៍ទី១០ នៃពុទ្ធសករាជ (ព. ស. ៩២១) រហូតមកដល់សព្វថ្ងៃនេះ ប្រើអក្សរសង្ខេបថា ម. ស.1។
មហាសករាជ ប្រាកដជាកើតឡើងក្នុងប្រទេសឥណ្ឌៀជាដំបូងក្នុង ព. ស. ៦២១ ឆ្នាំ អំពីជនពួកមួយ ដែលមានរៀបរាប់ខាងលើនេះ, មិនមែនកើតឡើងជាដំបូងនៅប្រទេសខ្មែរដោយព្រះកេតុមាលាតាំងឡើង ក្នុង ព. ស. ៦២១ នោះទេ ។
ក្នុងព្រះរាជពង្សាវតារខ្មែរ ភាគទី ២ ថា ព្រះកេតុមាលាកាលស្ដេចឡើងគ្រងរាជសម្បត្តិក្នុង ព. ស. ៦២១ ឆ្នាំមែន ជាមួយនឹងឆ្នាំដែលប្រទេសឥណ្ឌៀបង្កើតឲ្យប្រើមហាសករាជ, ប៉ុន្តែទ្រង់ពុំទាន់បញ្ញត្តឲ្យប្រើមហាសករាជ ក្នុងឆ្នាំនោះនៅឡើយទេ ។ លុះដល់មក ព. ស. ៦២៣ ឆ្នាំ ព្រះកេតុមាលាទ្រង់បានទទួលឥន្ទ្រាភិសេកជាថ្មី ក៏តាំងជាមហាសករាជដរាបមក ។ (ត្រង់នេះហើយប្រហែលជា ព្រះកេតុមាលាបញ្ញត្តឲ្យប្រើមហាសករាជ តាមប្រទេសឥណ្ឌៀ ហើយគេនិយមថា ព្រះកេតុមាលាផ្ដើមបង្កើតមហាសករាជ ជាប្រឋមនៅប្រទេសខ្មែរ) ។
ចុល្លសករាជ
[កែប្រែ]ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ១៥២ ប្រាប់ថា ចុល្លសករាជ ប្រែថា "សករាជតូច" ៗ នេះចាប់ផ្ដើមតាំងឡើងនៅថ្ងៃចន្ទ១២ កើត ខែចែត្រ ឆ្នាំកុរឯកស័ក ព. ស. ១១៨១។
ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ១.០៨១ ប្រាប់ថា ក្នុងព្រះរាជពង្សាវតារខ្មែរថាព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ (ព្រះកេតុលាមា) បានតាំងមហាសករាជ ១ ក្នុងកាល ព. ស. ៦២១ ។ ព្រះបាទសម្ដេចសន្ធិពអមរិន្ទបរមព្រហ្មកិល (ពញាក្រែក) បានតាំងចុល្លសករាជ ១ ក្នុងកាល ព. ស. ១១៨១ ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យនៅនគរធំ ។
ក្នុងច្បាប់រាជពង្សាវតារក្រុងកម្ពុជាធិបតីខ្សែ ២ ប្រាប់ថា គ. ស. ៦៣៩ ព្រះបាទសម្ដេចព្រះបទុមសុរិយាវង្ស ស្ដេចតាំងឲ្យមានជាចុល្លសករាជឡើងរាប់ ១ រៀងមក ។
ក្នុងច្បាប់ប្រះរាជពង្សាវតារក្រុងកម្ពុជា ដែលលោកទេពពិទូរ ឈឹម - ក្រសេម បានរួបរួមឡើងជាថ្មីថា ក្សត្រមនបានតាំងឡើងជាដំបូងក្នុងប្រទេសមននោះក៏បាន ។ បើនឹងយល់ថា ក្សត្រខ្មែរ បានតាំងចុល្លសករាជឡើងជាដំបូងក្នុងប្រទេសខ្មែរក៏បានដែរ ។ ប៉ុន្តែ ត្រូវយល់ថា មានតែព្រះបាទជយវរ្ម័នទី ១ (2) ទ្រង់បានតាំងចុល្លសករាជឡើងជាដំបូង ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យ ក្នុង ព. ស. ១១៨១ នេះ ឃើញគួរជាង ព្រោះក្សត្រអង្គនេះសោយរាជ្យនៅនគរវត្ត ហើយបានតាំងប្រើចុល្លសករាជដរាបមក (ដែលថាយ៉ាងនេះដោយអាងច្បាប់ព្រះរាជពង្សាវតារដែលលោកទេពពិទូរ ឈឹម - ក្រសេម រួបរួមជាន់ក្រោយ) ។
ការប្រើសករាជក្នុងប្រទេសកម្ពុជា
[កែប្រែ]ក្នុងប្រទេសកម្ពុជាប្រើសករាជ ៤ យ៉ាង គឺ ពុទ្ធសករាជ, មហាសករាជ, ចុល្លសករាជ និងគ្រិស្តសករាជ ។
ឯពុទ្ធសករាជ និងមហាសករាជ ប្រាកដជាមានដើមកំណើតកើតឡើងក្នុងប្រទេសឥណ្ឌា ដោយសារជនជាតិឥណ្ឌាសាយភាយចូលមកក្នុងប្រទេសខ្មែរយើងផង បានជាខ្មែរយើងចាប់និយមប្រើពុទ្ធសករាជ និងមហាសករាជខ្លះ តាមអារ្យធម៌ឥណ្ឌៀតាំងពីសម័យនោះមក ។
តែកាលពីសម័យនគរភ្នំជាដំបូង រហូតមកទល់គ្នានឹងសម័យនគរធំ ជនជាតិខ្មែរពុំទាន់បានប្រើពុទ្ធសករាជនិងចុល្លសករាជជាផ្លូវការនៅ ឡើយទេ ប្រើតែមហាសករាជមួយយ៉ាងប៉ុណ្ណោះ លុះមកដល់ខាងចុងសម័យនគរធំ ទើបមានប្រើចុល្លសករាជផងជាផ្លូវការ រួមជាមួយពុទ្ធសករាជ និងមហាសករាជ រឿងនេះដឹងបានដោយសារមានសិលាចារឹកជាភស្ដុតាង ។
ចំណែកគ្រិស្តសករាជ ចាប់ផ្ដើមប្រើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គដួង) គឺតាំងពី ព. ស. ២៣៨៩ គ. ស. ១៨៤៧ រៀងមក ដោយសារប្រទេសបារាំងសែស និងប្រទេសកម្ពុជា មានការទាក់ទងគ្នាតាំងពីសម័យនោះមក ។
ការរៀបរៀងអត្ថបទសករាជដូចខាងលើនេះ ឃើញថាត្រឹមត្រូវល្មមទុកជាគតិទៅអនាគតបាន ដោយមានក្បួនតម្រាជាភស្ដុតាងគ្រប់សករាជ, ប៉ុន្តែ បើពិនិត្យអំពីការប្រើសករាជនៅប្រទេសខ្មែរយើង ក្នុងសម័យបច្ចុប្បន្ននេះ ជាផ្លូវការក្ដី ជាសាធារណៈក្ដី ឃើញច្រើនតែប្រើគ្រិស្តសករាជពុំសូវមានប្រើពុទ្ធសករាជឡើយ ។
ហេតុនេះ ក្នុងសម័យនេះ គួរលើកយកពុទ្ធសករាជមកចុះប្រើជាផ្លូវការ និងប្រើជាសាធារណៈទុកជាសរណៈដល់ពុទ្ធសករាជ, នេះឃើញថាជាទីសមរម្យដល់ប្រទេសកាន់ពុទ្ធសាសនា ដូចជាប្រទេសថៃជាដើម ។