ហុក ឡងឌី
អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ហុក ឡងឌី បានទទួលមរណភាពកាលពីយប់ថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨កន្លងទៅនេះ ក្នុងជន្មាយុ៥១ឆ្នាំ ដោយសារឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅឯខេត្តស្វាយរៀង។
អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ហុក ឡងឌី |
ប្រវត្តិរូបសង្ខេប
[កែប្រែ]លោកឧត្ដមសេនីយ៍ ហុក ឡងឌី មានភរិយាឈ្មោះ ម៉ែន ភក្ដី មានកូនចំនួន៥នាក់ ប្រុសបី ស្រីពីរ។បើតាមវចនានុក្រមប្រវត្តិសាស្ត្រកម្ពុជាដែលសរសេរដោយ លោក Justin Cornfield និង Laura Summers និងយោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា លោក ហុក ឡងឌី កើតនៅឆ្នាំកុរ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៥៧ នៅទីរួមខេត្តស្វាយរៀង មានខ្សែស្រឡាយវៀតណាម ជាកូនក្នុងគ្រួសារយោធាមួយ មានឪពុកឈ្មោះ ហុក ណាំ ម្ដាយឈ្មោះ មុំ អូន។
លោកឧត្ដមសេនីយ៍ ហុក ឡងឌី មានបងប្អូនបង្កើត៣នាក់ ហើយលោកជាកូនទី២។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម លោក ហុក ឡងឌី រស់នៅភូមិតាពៅ ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧៧ លោក ហុក ឡងឌី បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ហើយនៅថ្ងៃទី២ មីនា ឆ្នាំ១៩៧៨ បានចូលរួមក្នុងកងស៊ើបអង្កេតនៃកងទ័ពរំដោះជាតិរណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា។ ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នៅពេលដែលកងទ័ពវៀតណាមចូលមកក្នុងទឹកដីខ្មែរ ហើយផ្ដួលរំលំរបបខ្មែរក្រហមនោះ លោក ហុក ឡងឌី ត្រូវបានតំឡើងឋានៈជាបន្តបន្ទាប់។
- លោក ហុក ឡងឌី ត្រូវបានតែងតាំងជាប្រធានចាត់តាំងខេត្តស្វាយរៀង និងបានក្លាយជាប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តស្វាយរៀង នៅឆ្នាំ១៩៨៧។ នៅឆ្នាំ១៩៩០ លោក ហុក ឡងឌី ត្រូវបានតែងតាំងជាអនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនក្រុងភ្នំពេញ។
- នៅខែមករា ឆ្នាំ១៩៩៤ លោក ហុក ឡងឌី ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង ហើយនៅខែកញ្ញា ឆ្នាំ១៩៩៤ លោកបានទទួលភារកិច្ចជាអគ្គស្នងការនគរបាលជាតិរហូតមកទល់ពេលដែល លោកទទួលមរណភាព។
- នៅខែមករា ឆ្នាំ១៩៩៧ លោក ហុក ឡងឌី ត្រូវបានមហាសន្និបាតវិសាមញ្ញនៃគណបក្សប្រជាជនកម្ពុជាសម្រេចបោះ ឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការកណ្ដាលនិងក្លាយជាសមាជិក អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅឆ្នាំ ២០០១។
នៅក្នុងឆ្នាំ២០០៦ សហរដ្ឋអាមេរិកបានបដិសេធមិនព្រមផ្ដល់ទិដ្ឋាការដល់លោក ហុក ឡងឌី ដើម្បីចូលរួមក្នុងសន្និសីទដោយសារតែមានការចោទថា លោក ហុក ឡងឌី មានការពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស។ ប៉ុន្តែនៅឆ្នាំ២០០៦ដដែល លោក ហុក ឡងឌី បានទទួលមេដាយពីការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) ក្នុងការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ នៅឆ្នាំ២០០៧ លោក ហុក ឡងឌី បានចូលរួមក្នុងកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ដែលបានរៀបចំនៅរដ្ឋធានី Washington សហរដ្ឋអាមេរិក។
លោកឧត្ដមសេនីយ៍ ហុក ឡងឌី ធ្វើជាអគ្គស្នងការនគរបាលជាតិចំនួន១៤ឆ្នាំ ហើយជាសមាជិកជាន់ខ្ពស់បំផុតក្នុងលំដាប់លេខរៀងទី២០ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ហើយមានសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។
នៅឆ្នាំ២០០២ កូនស្រីរបស់លោក ហុក ឡងឌី ឈ្មោះ ហុក ជិនដាវី បានរៀបការជាមួយនឹងកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ៊ុន ម៉ានិត ដែលបានធ្វើឲ្យចំណងមិត្តភាពរវាងលោក ហុក ឡងឌី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែរឹងមាំថែមទៀត។
ការចោទប្រកាន់នានា
[កែប្រែ]- ទាក់ទងនឹងការចោទប្រកាន់ថា លោក ហុក ឡងឌី មានសែស្រឡាយវៀតណាមនោះ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានឲ្យដឹងថា លោក ហុក ឡងឌី មិនមែនជាប់សែស្រឡាយវៀតណាមទាំងស្រុងនោះឡើយ ហើយថា ការចោទប្រកាន់នោះបានធ្វើឡើងក៏ដោយសារតែលោក ហុក ឡងឌី បានកើតនៅទឹកដីជាប់ព្រំប្រទល់វៀតណាម ហើយចេះនិយាយភាសាវៀតណាមថែមទៀតផង។ លោកបានបន្តថា លោក ហុក ឡងឌី ធ្លាប់បានមកសិក្សានៅឯវិទ្យាល័យសុរិយោវង្ស ក្នុងខេត្តស្វាយរៀងនោះផងដែរ។
លោក ជាម យៀប បានមានប្រសាសន៍ថា ៖ «ដូចជាឯកឧត្ដម ហុក ឡងឌី មិនមែនជាសែស្រឡាយយួនពិតប្រាកដទាំងស្រុងនោះទេ។ ខ្ញុំមិនបានដឹងប្រវត្តិគាត់ផ្ទាល់ គាត់នៅខាងស្វាយរៀង ខ្ញុំនៅខាងព្រៃវែង ហើយដូចជាឯកឧត្ដម ហុក ឡងឌី គាត់នៅស្វាយរៀងតាំងពីតូចៗ គាត់នៅបាវិតផង ជិតព្រំប្រទល់ដែន អ៊ីចឹងគេងាយចោទប្រកាន់ថា គាត់ជាវៀតណាមអីគ្រប់បែបយ៉ាង ប៉ុន្តែតាមការពិតយើងឃើញថា គាត់មករៀននៅវិទ្យាល័យសុរិយាវង្សនៅស្វាយរៀង រហូតមកដូចជាគាត់នៅបាវិតហ្នឹង គាត់ចេះវៀតណាមស្ទាត់ ចេះទាំងអក្សរវៀតណាមអី ព្រោះបាវិតឈានមួយជំហានទៅដល់ព្រំដែនវៀតណាម អ៊ីចឹងទេវៀតណាមក៏មានចេះខ្មែរដែរនៅហ្នុងនោះ»។
លោក ជាម យៀប បានឲ្យដឹងថា ៖ «ក្នុងនោះស្នាដៃរបស់លោកជាបន្ត បន្ទាប់ គឺទាល់តែមានស្នាដៃបានអាចឡើងឋានៈ ឡើងតួនាទីហ្នឹងបាន ទន្ទឹមនេះការដឹកនាំផ្នែកខាងនគរបាលជាតិ សន្តិសុខសណ្ដាប់ធ្នាប់សង្គម គឺថាបានល្អប្រសើរនៅទូទាំងប្រទេសដែលគួរកោតស្ញប់ស្ញែងកន្លងមក។ ទន្ទឹមនេះលោកបានធ្វើទំនាក់ទំនងជាមួយនឹងនគរបាលអន្តរជាតិបរទេសបាន យ៉ាងល្អប្រសើរដែលធ្វើជាគំរូជាមេរៀនល្អសម្រាប់នាយនគរបាលជាតិ របស់យើងជំនាន់ក្រោយដែលធ្វើបន្តពីលោកតទៅទៀត»។
- ទោះជាយ៉ាងណា កាសែត The Guardain របស់ប្រទេសអង់គ្លេស ធ្លាប់បានសេរសេរថា នៅក្នុងព្រឹត្តិការណ៍នៃការដណ្ដើមអំណាចគ្នារវាងគណបក្សប្រជាជន កម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិចនាឆ្នាំ១៩៩៧ លោក ហុក ឡងឌី បានដើរតួយ៉ាងសំខាន់ក្នុងប្រតិបត្តិការសម្លាប់ក្រៅរង្វង់ច្បាប់ទៅ លើមន្ត្រីរាជានិយម រួមមានមន្ត្រីមកពីគណបក្សហ៊្វុនស៊ិនប៉ិច លោក ហូ សុខ ដែលត្រូវបានឃុំខ្លួននៅឯក្រសួងមហាផ្ទៃ ហើយត្រូវបានបាញ់សម្លាប់ដោយនគរបាលនៅទីនោះ។
- អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ ក៏ធ្លាប់បានបង្ហើបបញ្ហាសម្លាប់មនុស្សនេះដែរបន្ទាប់ពីលោកមាន ជម្លោះបែកបាក់គ្នាជាមួយនឹងលោក ហុក ឡងឌី។
កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០០៦ អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ ក៏ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយជាសាធារណៈដោយចោទថា លោក ហុក ឡងឌី ស្ថិតនៅពីក្រោយខ្នងនៃការវាយប្រហារដោយគ្រាប់បែក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៥ នៅបរិវេណគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ដែលបានបណ្ដាលឲ្យមនុស្សជាងដប់នាក់ស្លាប់បាត់បង់ជីវិត ការគប់គ្រាប់បែកទៅលើក្រុមបាតុករនៅមុខអតីតវិមានរដ្ឋសភាដែល ដឹកនាំដោយលោក សម រង្ស៊ី ដែលបានបណ្ដាលឲ្យមនុស្សជាង២០នាក់ស្លាប់បាត់បង់ជីវិត និង ១៤០នាក់ផ្សេងទៀតរងរបួស។
- លោក ហេង ពៅ ក៏បានចោទទៀតថា លោក ហុក ឡងឌី ស្ថិតនៅពីក្រោយខ្នងនៃការសម្លាប់អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហូ សុខ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ ការសម្លាប់តារាភាពយន្ត ពិសិដ្ឋ ពីលិកា ការសម្លាប់អតីតសមាជិករដ្ឋសភា ឱម រដ្ឋសាឌី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៣ ការសម្លាប់មេដឹកនាំសហជីពកម្មករ លោក ជា វិជ្ជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ និងការប៉ុនប៉ងធ្វើឃាតនិពន្ធនាយកនិងជាចាងហ្វាងកាសែតកោះសន្តិភាព លោក ថុង អ៊ុយប៉ាង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៩៨ជាដើម។
ឆ្លើយតបទៅនឹងការចោទប្រកាន់ថា លោក ហុក ឡងឌី មានការពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស ការសម្លាប់មន្ត្រីនានា និងអំពើរំលោភសិទ្ធិមនុស្សមួយចំនួននោះ លោក ជាម យៀប បានឲ្យដឹងថា ការចោទប្រកាន់នោះមិនមែនសុទ្ធតែត្រឹមត្រូវទាំងអស់នោះឡើយ ហើយថា ភាពយឺតយ៉ាវនិងភាពស្មុគស្មាញក្នុងការស៊ើបអង្កេតវែកមុខរកជនដៃដល់ បាននាំឲ្យមានការចោទប្រកាន់នោះឡើង។
លោក ជាម យៀប បានបញ្ជាក់ថា ៖ «ក៏ប៉ុន្តែយើងឃើញថា បទល្មើសដែលមិនទាន់ឃើញឬមិនទាន់បានកាត់ទោស អាចថានៅ ១០ ឬ ១៥ឆ្នាំទៀត មិនមែននៅនេះប៉ុន្មានដែរទេ ប៉ុន្តែក្នុងកាលៈទេសៈណាថា ក្នុងនាមជាមេត្រូវតែធ្វើយ៉ាងម៉េចរំឭកអ្នកក្រោម ឬតាមដានត្រួតពិនិត្យឲ្យអ្នកក្រោមធ្វើឲ្យបានទាន់ពេលវេលា ឲ្យឆាប់ទាន់ពេលវេលា»។
ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានមានប្រសាសន៍ថា លោក ហុក ឡងឌី បានបន្សល់ស្នាដៃមួយចំនួនដូចជា ការទប់ស្កាត់អំពើភេរវកម្ម និងការរក្សាសណ្ដាប់ធ្នាប់សាធារណៈជាដើម។ ទោះជាយ៉ាងណា លោក នី ចរិយា បានឲ្យដឹងថា លោក ហុក ឡងឌី មិនបានចាត់វិធានការចំពោះមន្ត្រីនគរបាលដែលមានការពាក់ព័ន្ធនឹង ការជួញដូរមនុស្សនិងការរំលោភសិទ្ធិមនុស្សនោះទេ។
លោក នី ចរិយា បានមានប្រសាសន៍ថា ៖ «ជាស្នាដៃមួយដែរក្នុងការដែលរក្សាបាននូវស្ថិរភាព សុវត្ថិភាព សន្ដិសុខ ក្នុងការការពារ ទាំងការពារប្រជាពលរដ្ឋ ក៏ដូចជាការពារទៅដល់ ជាពិសេសទាក់ទិនទៅនឹងស្ថានទូតប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក អី យើងឃើញថា មិនមានភេរវកម្មដូចប្រទេសមួយចំនួនទៀត ដែលស្ថានទូតត្រូវទទួលរងនូវការវាយប្រហារពីភេរវកម្មអីទេ។ ក៏ប៉ុន្តែទន្ទឹមនឹងហ្នឹងយើងឃើញមានការខ្វះចន្លោះ ដូចជានៅមានមន្រ្តីប៉ូលិសមួយចំនួននៅតែប្រព្រឹត្តនូវអំពើរំលោភ សិទ្ធិមនុស្ស ដូចជាមានអំពើធ្វើទារុណកម្ម និងអំពើបង្ករបួសស្នាមទៅលើប្រជាពលរដ្ឋ ក៏ដូចមនុស្សខ្សោយអីជាដើម ហើយមិនត្រូវទទួលបាននូវការដាក់ទោសពិន័យអីជាដើម។ នេះគឺជាចំណុចអវិជ្ជមានដែលកើតឡើងនៅពេលកន្លងមកនៅក្នុងដំណាក់កាល នៃការគ្រប់គ្រងរបស់គាត់»។
លោក នី ចរិយា បានឲ្យដឹងទៀតថា អង្គការរបស់លោកក៏បានធ្វើការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថា លោក ហុក ឡងឌី មានការពាក់ព័ន្ធនឹងការសម្លាប់លោក ហូ សុខ តារាភាពយន្ត ពិសិដ្ឋ ពីលិកា និងមេដឹកនាំសហជីព លោក ជា វិជ្ជា ជាដើម ប៉ុន្តែថារហូតមកទល់នឹងពេលនេះ គេនៅមិនទាន់រកឃើញភស្តុតាងណាមួយដែលអាចបញ្ជាក់ថា ការចោទប្រកាន់នោះជារឿងត្រឹមត្រូវនោះឡើយ។
លោក នី ចរិយា បានឲ្យដឹងថា ៖ «គឺជាករណីដែលយើងបានធ្វើការស៊ើប អង្កេតដែរ ក៏ប៉ុន្តែយើងមិនទាន់បានរកឃើញថា ឯកឧត្ដម ហុក ឡងឌី នៅពីក្រោយខ្នងនូវអំពើទាំងនោះនៅឡើយទេ ហេតុនេះខ្ញុំមិនអាចជម្រាបជូនបានថា តើឯកឧត្ដម ហុក ឡងឌី ពិតជាអ្នកដែលនៅពីក្រោយខ្នងនៃអំពើទាំងអស់នោះបានទេ...»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានឲ្យដឹងថា ក្នុងរយៈកាលដែលលោក ហុក ឡងឌី កាន់តំណែងជាស្នងការនគរបាលជាតិ មានករណីសម្លាប់ក្រៅរង្វង់ច្បាប់ធ្ងន់ធ្ងរដោយសាររឿងនយោបាយយ៉ាងហោច ណាស់ក៏១០ករណីដែរ ហើយថា នៅមានករណីសម្លាប់ផ្សេងទៀតទៅលើសិល្បករជាដើម។
លោក អ៊ូ វីរៈ បានឲ្យដឹងថា នគរបាលសុទ្ធតែបានដឹងករណីទាំងអស់នេះ ប៉ុន្តែនគរបាលមានការចូលរួមហើយនិងមិនបានរកយុត្តិធម៌ដល់ជនរងគ្រោះ ឡើយ។
លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា ៖ «ច្រើនណាស់ករណីដែលយើងដឹង ច្បាស់ថាជារឿងនយោបាយ ដូចករណី លោក ជា វិជ្ជា ចៅក្រម ករណីបោកគ្រាប់បែក សុទ្ធតែរឿងនយោបាយមិនទាន់បានដោះស្រាយ ហើយបញ្ហាផ្សេងៗទាក់ទងរឿងថ្មីៗ ដូចជា ឃឹម សម្បូរណ៍ និងអ្នកកាសែតដទៃទៀត។ យ៉ាងហោចបំផុតខាងប៉ូលិសដឹងដែរ ដឹងថាអ្នកណាជាអ្នកប្រព្រឹត្ត ហើយមិនបានចាត់វិធានការដើម្បីពិន័យឧក្រិដ្ឋជន ឬមួយក៏ដើម្បីរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះអី។ ក្នុងហ្នឹងខ្ញុំមើលទៅក្នុងពេលថ្មីៗជាច្រើន ឧទាហរណ៍ករណីយកឡាមទៅកាត់វីជេ អាណូ ដែលត្រូវរបួសធ្ងន់ធ្ងរ បំផ្លាញជីវិតរបស់គ្នានៅវ័យក្មេង ហើយនិងការបាញ់អ្នកចម្រៀងល្បីឈ្មោះមួយចំនួន ដែលដឹងថាមានទំនាក់ទំនងជាមួយនឹងអ្នកធំជាដើម។ ក្នុងករណីនេះគឺមិនពិបាកក្នុងការស៊ើបអង្កេតទេ បើសិនជាប៉ូលិសមានឆន្ទៈ ហើយខ្ញុំជឿជាក់ថា ប៉ូលិសដឹងថាតើជាអ្នកណាអ្នកប្រព្រឹត្ត ប៉ុន្តែសំណួរសួរថា តើប៉ូលិសពីដើមមកបានបំពេញតួនាទីរបស់ខ្លួនឬមួយក៏អត់? ចម្លើយខ្ញុំថា គឺអត់ទាន់បានបំពេញតួនាទីទេ បើសិនជាយើងដឹងហើយ យើងអត់រកយុត្តិធម៌ បានន័យថាយើងចូលរួមប្រព្រឹត្ត»។
លោកបានបន្តទៀតថា នគរបាលជាតិដែលស្ថិតក្រោមការដឹកនាំរបស់លោក ហុក ឡងឌី មិនបានជួយឲ្យមានសណ្ដាប់ធ្នាប់សង្គមនោះទេ ៖ «ហើយ ជាច្រើនឆ្នាំកន្លងមកនេះ ការដែលកូនអ្នកធំបាញ់គ្នានៅកណ្ដាលទីក្រុងភ្នំពេញជាដើម ពួកខាងប៉ូលិសដែលអ្នកមានប្រដាប់អាវុធគាត់កាន់កាំភ្លើងចូលទៅ កន្លែងផឹកស៊ី កន្លែងរាំរែក ហើយឈានទៅដល់ការបាញ់ដែលមានគ្រោះថ្នាក់ដល់គ្នាឯង ឬមួយក៏មានគ្រោះថ្នាក់ដល់អ្នកដែលធ្វើការនៅក្នុងកន្លែងទាំងអស់ នោះ ហើយនេះជាការមួយគំរាមកំហែងដល់អ្នករកស៊ី និងគំរាមកំហែងជាពិសេសដល់អ្នកទៅបំពេញការងារហ្នឹងដើម្បីចិញ្ចឹម ជីវិត»។
គួរជម្រាបថា សពលោក ហុក ឡងឌី ត្រូវដង្ហែចេញពីគេហដ្ឋាននារាជធានីភ្នំពេញ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០០៨ ហើយត្រូវបញ្ចុះនៅវេលាម៉ោង៣រសៀលថ្ងៃដដែល នៅភូមិបាវិត ឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយរៀង៕
សូមមើលផងដែរ
[កែប្រែ]- វិទ្យុអាស៊ីសេរី Archived 2013-12-08 at the វេយប៊ែខ ម៉ាស៊ីន.