អង្គការអភិវឌ្ឍន៍សហគមន៍
ប្រវត្តិរបស់អង្គការ
[កែប្រែ]អង្គការកម្មវិធីអភិវឌ្ឍន៍ស្ត្រីក្នុងសហគមន៍ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ជាអង្គការ គ្រីស្ទានមួយ ដែលជាកម្មវិធីមួយនៅក្នុងអង្គការសឺវែន ( SERVENTS ) មានសកម្មភាពផ្នែកកម្មវិធីសន្សំឥណទាន ដោយភ្ជាប់ជាមួយការអប់រំសុខភាពបឋមដល់គ្រួសារស្ត្រីក្រីក្រក្នុង សហគមន៍ ចំនួន១៦ភូមិ នៅ ៦សង្កាត់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឆ្នាំ២០០០ អង្គការអភិវឌ្ឍន៍សហគមន៍បានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ធ្នូ ២០០០។ នៅក្នុងខែមេសា ឆ្នាំ២០០៦ កម្មវិធីសន្សំ-ឥណទានត្រូវបានបញ្ចប់ ដោយការផ្ទេរការទទួលខុសត្រូវទៅសហគមន៍ជាអ្នកអនុវត្តបន្ត។ បន្ទាប់មកអង្គការកម្មវិធីអភិវឌ្ឍន៍ស្ត្រីក្នុងសហគមន៍ បានប្ដូរយុទ្ធសាស្ត្រ ដោយប្រែក្លាយទៅជាកម្មវិធីអភិវឌ្ឍន៍ចម្រុះ មានឈ្មោះថា "ការអប់រំសហគមន៍ដើម្បីកាត់បន្ថយភាពក្រីក្រ" ដែលស្របទៅតាមទិសដៅអង្គការ និងគោលការណ៍កាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ហើយបានប្ដូរឈ្មោះមកជាអង្គការអភិវឌ្ឍន៍សហគមន៍ "អ.អ.ស" Community Development Organization "CODO" ដែលចេញដោយក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៧។
ទស្សនៈ វិស័យ
[កែប្រែ]ចង់ឃើញនូវគុណភាពនៃការរស់នៅរបស់គ្រួសារក្រីក្រ គ្រួសារដែលងាយទទួលរងគ្រោះ ជាពិសេសគ្រួសារដែលរស់នៅក្នុងសហគមន៍ក្រីក្រនៅប្រទេសកម្ពុជា ឱ្យមានភាពរីកចម្រើន និងសុខុមាលភាព តាមរយៈព្រះជាម្ចាស់។
បេសកកម្ម
[កែប្រែ]គាំទ្រដល់សហគមន៍ក្រីក្រ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព តាមរយៈការកសាងសមត្ថភាព កម្មវិធីមត្តេយ្យសាលា ផ្សព្វផ្សាយអំពីយេនឌ័រ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការអប់រំសុខភាពបឋម ការចងក្រងក្រុមជួយខ្លួនឯង ដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ។
គុណតម្លៃ
[កែប្រែ]ការគោរពស្រឡាញ់ មេត្តាករុណា សង្គ្រោះ មានសេចក្ដីស្មោះត្រង់ សាមគ្គីភាព មានការប្ដេជ្ញាខ្ពស់ មានការចូលរួម មានការប្រាស្រ័យទាក់ទងល្អ មានគំនិតច្នៃប្រឌិត មានគណនេយ្យភាព និងធ្វើការងារជាក្រុម។
គោលដៅ
[កែប្រែ]ចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្សព្វផ្សាយអំពីយេនឌ័រ និងការអប់រំសុខភាពបឋម ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការចងក្រងក្រុមជួយខ្លួនឯង និងការផ្ដល់ការអប់រំជាមូលដ្ឋានគ្រឹះ ដល់កុមារអាយុពី ៣-៥ ឆ្នាំ។
គោលបំណង
[កែប្រែ]- ផ្សព្វផ្សាយការយល់ដឹងលើផ្នែកយេនឌ័រ ដល់ក្រុមគ្រួសារក្រីក្រគោលដៅ ក្នុងគោលបំណងឲ្យស្ត្រី និង បុរស មានភាពស្មើគ្នាក្នុងការងារ និងចែករំលែកការទទួលខុសត្រូវ ដើម្បីឲ្យមានការអភិវឌ្ឍន៍ក្នុងជីវភាពរស់នៅ ដោយគ្មានអំពើហិង្សាក្នុងគ្រួសារ។
- ជំរុញឲ្យមានការផ្លាស់ប្ដូរឥរិយាបថ និងការយល់ដឹង តាមរយៈការបណ្ដុះបណ្ដាល ការទទួលព័ត៌មាន ការអប់រំ និងទទួលបានសេវាកម្មអប់រំសុខភាពបឋម មូលដ្ឋាន ក្នុងការថែទាំសុខភាព និងការទប់ស្កាត់ជំងឺកាមរោគ HIV/អេដស៍។
- ធ្វើឲ្យប្រសើរឡើង នូវស្ថានភាពអប់រំរបស់កុមារក្រីក្រក្នុងសហគមន៍គោលដៅ ឲ្យមានលទ្ធភាពបានទៅរៀនសាលារដ្ឋ និងជួយកាត់បន្ថយ ការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កុមារ និងអក្ខរកម្ម។
- បង្កើតក្រុមជួយខ្លួនឯង តាមរយៈការចងក្រងជាក្រុមសន្សំ សាមគ្គីភាព ការជួយគ្នា និងបណ្ដុះបណ្ដាល នៅតាមមូលដ្ឋានសហគមន៍ក្រុមគោលដៅ ដោយមានការចូលរួមពីសហគមន៍។
ដើម្បីសម្រេចបាននូវគោលបំណងខាងលើអង្គការមានគម្រោងសកម្មភាព ៣
១- គម្រោងផ្សព្វផ្សាយ យេនឌ័រ និងអប់រំសុខភាពបឋម យេនឌ័រ បណ្ដុះបណ្ដាល ចំណេះដឹងយេនឌ័រ ជាមូលដ្ឋានដល់ភ្នាក់ងារអប់រំមិត្តតាមសហគមន៍ គោលដៅ ក្នុងគោលបំណងលើកស្ទួយសិទ្ធអំណាចស្ត្រី។ សុខភាព ធ្វើការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់សមាជិកក្រុមគោលដៅនូវប្រធានបទ អប់រំសុខភាពបឋម ការទប់ស្កាត់ជំងឺកាមរោគ HIV/អេដស៍ និង វិធីសាស្ត្រក្នុងការពន្យារកំណើត។ ក្នុងនោះផងដែរ គម្រោងបានផ្ដល់ព័ត៌មានទៅសហគមន៍ ពីស្ថាប័នអង្គការ មន្ទីរពេទ្យ និង មណ្ឌលសុខភាព ដែលមិនគិតថ្លៃសេវាកម្មព្យាបាល ឬគិតក្នុងតម្លៃទាប ដើម្បីឲ្យពួកគាត់មានលទ្ធភាពទទួលនូវសេវាទាំងនោះ។
២-គម្រោងអប់រំមត្តេយ្យសាលា ផ្ដល់សេវាអប់រំកម្រិតមត្តេយ្យសាលាដល់កុមារក្នុងតំបន់ក្រីក្រ ដែលមានអាយុពី ៣ ទៅ ៥ឆ្នាំ ឲ្យបានទទួលមូលដ្ឋានចំណេះដឹងក្នុងការអាន ការរាប់ និងការសរសេរ ហើយអាចមានលទ្ធភាព បន្តចូលរៀននៅសាលាបឋមសិក្សា។
៣-គម្រោងក្រុមសន្សំជួយខ្លួនឯង ជួយសម្របសម្រួល និងគាំទ្រឲ្យមានឡើងវិញ នូវការចេះជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ តាមរយៈ ការជួយជាកម្លាំងចិត្ត គំនិត ការផ្លាស់ប្ដូរបទពិសោធន៍ ការសន្សំ-ខ្ចីប្រាក់ក្នុងក្រុម ជួយធ្វើឲ្យលក្ខខ័ណ្ឌចិញ្ចឹមជីវិត របស់គ្រួសារក្រីក្រក្រុមគោលដៅមានភាពប្រសើរឡើង។
ប្រភពពត៌មាន
[កែប្រែ]- អំពីស្រ្តី Archived 2008-11-18 at the វេយប៊ែខ ម៉ាស៊ីន.