ឧកញ៉ាសុត្តន្តប្រីជាឥន្ត
ជីវប្រវត្តិសង្ខេប
[កែប្រែ]ឧកញ៉ា សុត្តន្តប្រីជាឥន្ទ(១៨៥៩-១៩២៤) កំណើតកើតនៅស្រុកទន្លេធំ គឺភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មាតាឈ្មោះយាយមុំ បិតាឈ្មោះបពា្ចងកែ។ ឧកញ៉ាកើតថ្ងៃចន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ២៤០៣ ត្រូវនឹង ថ្ងៃទី២២ កក្កដា ឆ្នាំ១៨៥៩។ កាលអាយុ ១០ឆ្នាំនៅវត្តសិក្សាអក្សរខែ្មរ អាយុ១៥ឆ្នាំចេញរៀនប្រែព្រះបរិយត្តិ បួសជាសាមនេរ រួចទៅរៀន នឹងលោកព្រះអាចារ្យពេជ ស្រុកព្រះត្រពាំង។ អាយុ១៨ឆ្នាំ លោកបានទៅរៀននឹងលោកគ្រូព្រះពុទ្ធឃោសាចារ្យប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លុះដល់១៩ ឆ្នាំ លោកក៏បានទៅរៀននឹងលោកគ្រូព្រះអាចារ្យសុខ វត្តកែវ ស្រុកបាត់ដំបង។ ដល់អាយុ២០ ឆ្នាំ លោកឧកញ៉ាបានបួសជាភិក្ខុ នៅវត្តកែវ បាន១វស្សាទើបលាព្រះឧជ្ឈាយាចារ្យទៅរៀន នៅក្រុងបាងកក ស្រុកសៀម។ ក្រោយពីរៀនបាន៧វស្សាក៏វិលមកស្រុកខែ្មរវិញ ក្នុងអំណាចលោកព្រះយ៉ាកថាថន(ញ៉ុញ) នៅវត្តកណ្តាល ស្រុកបាត់ដំបង រួមបាន១០វស្សា ក៏លាសិក្ខាបទសឹកមកមានបុត្រភរិយានៅភូមិជ្វាធំ លោក កថាថន(ឈុំ) ចិញ្ចឹមជាទី ហ្លួងវិចិត្រវោហារបានតែងបានប្រែបាលីជាសម្រាយមានឈ្មោះ៤៤ ឈ្មោះជាសៀវភៅខ្លះ ចារស្លឹករឹតខ្លះ។ លុះអាយុបាន៥៥ឆ្មាំ រាជការក្រុងភ្នំពេញ បានអោយលោកយកមកតាំងទីជា ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ប្រោសអោយជួយតែងសព្វវចនាធិប្បាយខែ្មរ នៅទីសាលាបាលី។ ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ៦៥ឆ្នាំ លោកបានលារាជការវិល មកនៅស្រុកបាត់ដំបងវិញ។ លុះនៅថ្ងៃ ១០កើត ខែអស្សុជ ឆ្នាំជូត ឆស័ក លោកធ្លាក់ខ្លួនព្យាធិ ដោយមានរោគក្អក បណ្តាកូនចៅរាល់គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំ រកគ្រូរក្សាពុំចេះធូរឡើយ លុះដល់ថ្ងៃ អាទិត្យ ១២កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក គឺថ្ងៃ ៨ វិច្ឆិកា ឆ្នាំ ១៩២៤៕
ស្នាដៃ
[កែប្រែ]- គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
- និរាសនគរវត្ត ពាក្យកាព្យ (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
- រឿងអំបែងបែក (ជាសាស្ត្រាស្លឹករឹត)
- បឋមសម្ពោធិ (ជាក្រាំង)
- លោក នីតិបករណ៍ (ពាក្យកាព្យ)
- សុភាសិតច្បាប់ស្រី (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
- ក្បួនមេកាព្យ
- និងស្នាដៃដទៃច្រើនទៀតបូករួមមាន ៤៤ មុខ។
ឯកសារពិគ្រោះ
[កែប្រែ]- មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅប្រទេសស្វីស Archived 2011-11-04 at the វេយប៊ែខ ម៉ាស៊ីន.
- សៀវភៅ អ្នកនិពន្ធខែ្មរដែលមានឈ្មោះល្បី, លោក លីធាមតេង ឆ្នាំ១៩៧២