បដិច្ចសមុប្បាទធម៌
ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > និទានវគ្គ > តតិយភាគ > អភិសមយសំយុត្ត > ពុទ្ធវគ្គ ទី១
បដិច្ចសមុប្បាទសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវបដិច្ចសមុប្បាទធម៌ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ៦កើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈ៦ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតមានព្រម ព្រោះជាតិជាបច្ច័យ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទធម៌។
[៣] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតសេសសល់នៃអវិជ្ជា ការរលត់នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ ការរលត់នៃអាយតនៈ៦ ព្រោះការរលត់នៃនាមរូប ការរលត់នៃផស្សៈ ព្រោះការរលត់នៃអាយតនៈ៦ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រមែងរលត់ទៅ ព្រោះការរលត់នៃជាតិ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។ ចប់សូត្រ ទី១។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > និទានវគ្គ > តតិយភាគ > អភិសមយសំយុត្ត > ពុទ្ធវគ្គ ទី១ ( សៀវភៅភាគ៣១ ទំព័រទី ១ និង ២)
ปฏิจจสมุปบาท Archived 2021-10-21 at the វេយប៊ែខ ម៉ាស៊ីន.
SN 12.2 Paticca-samuppada-vibhanga Sutta: Analysis of Dependent Co-arising