ភូមិសាស្ត្រនយោបាយចិន និងសហរដ្ឋអាមេរិក
ភូមិសាស្ត្រនយោបាយចិន និងសហរដ្ឋអាមេរិក
[កែប្រែ]ឆ្នាំ២០០១ចិនប្តូរយុទ្ធសាស្រ្តជាលើកទី៣ លើកនេះដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក
[កែប្រែ]នៅឆ្នាំ២០០១ អ្វីដែលធ្វើឲ្យថ្នាក់ដឹកនាំចិនបារម្ភខ្លាំង គឺជំហររបស់សហរដ្ឋអាមេរិកដែលឋិតនៅក្រោមការគ្រប់គ្រងរបស់George Bush កូន។ Bushកូន ចាត់ទុកចិនថាជាគូប្រជែងយុទ្ធសាស្រ្ត និងប្រកាន់ជំហរឯកតោភាគីនិយមជ្រុលពេក នៅលើឆាកអន្តរជាតិ។ អ៊ីចឹងហើយ បានជាថ្នាក់ដឹកនាំចិនសម្រេចផ្លាស់ប្តូរយុទ្ធសាស្រ្តម្តងទៀត។
នៅខែកញ្ញាឆ្នាំ២០០១ ថ្នាក់ដឹកនាំចិនត្រូវបង្ខំចិត្តផ្លាស់ប្តូរយុទ្ធសាស្ត្រម្តងទៀត ដោយហេតុតែព្រឹត្តិការណ៍ពីរសំខាន់ៗ។ ព្រឹត្តិការណ៍ទីមួយ គឺGeorge Bushកូនឡើងធ្វើជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ រីឯព្រឹត្តិការណ៍ទីពីរ គឺមហាភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១ ដែលបានធ្វើឲ្យអាមេរិកតក់ស្លុតខ្លាំង។
នៅពេលដែលប្រជាជាតិអាមេរិកកំពុងភ័យតក់ស្លុត George Bushកូន និងពួកទីប្រឹក្សាអភិរក្សនិយមដែលនៅជុំវិញលោក បានសម្រេចធ្វើសង្គ្រាម នៅអាហ្វហ្កានីស្តង់(Afghanistan)។ កងទ័ពអាមេរិក១៧០០០នាក់ និងកងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(OTAN)៥០០០នាក់ ចូលវាយរំលំរបបតាលីបង់នៅKaboulដែលជួយលាក់ខ្លួននិងការពារBen Laden មេដឹកនាំអង្គការភេរវកម្មអន្តរជាតិAl-Qaïda។
សង្គ្រាមអាហ្វហ្កានីស្តង់ធ្វើឲ្យចិនសប្បាយចិត្តផងនិងបារម្ភផង។ ចិនសប្បាយចិត្ត ពីព្រោះរបបតាលីបង់អ៊ីស្លាមនិយមជ្រុលបានរលាយ។ ចិនបារម្ភ ពីព្រោះតាមរយៈសង្គ្រាមអាហ្វហ្កានីស្តង់ កងទ័ពអាមេរិកបានឆ្លៀតចូលមកដល់អាស៊ីកណ្តាល ដែលជាតំបន់ជាប់ជិតបង្កើយនឹងប្រទេសខ្លួន។ ជាក់ស្តែង ដើម្បីធ្វើសង្គ្រាមនៅអាហ្វហ្កានីស្តង់ សហរដ្ឋអាមេរិកបានដាក់ទាហាននៅមូលដ្ឋានQarshi Hanabad ក្នុងប្រទេសOuzbekistan និង នៅមូលដ្ឋានManasប្រទេសKirghizstan។
ថ្នាក់ដឹកនាំចិនយល់ឃើញថាអាមេរិកបានយកសង្គ្រាមប្រឆាំងភេរវកកម្មមក ធ្វើជាលេសដើម្បីចូលមកកៀកប្រទេសខ្លួន និងផ្តើមធ្វើការឡោមព័ទ្ធប្រទេសខ្លួន។ ម្ល៉ោះហើយ បានជានៅឆ្នាំ២០០១នោះ ថ្នាក់ដឹកនាំចិនសម្រេចបង្កើនថវិកាយោធាចំនួន១៧,៧% ជាហេតុធ្វើឲ្យកញ្ចប់ប្រាក់នៃក្រសួងការពារជាតិឡើងដល់ទៅ១៧០០០ លានដុល្លារ។ ហើយតាំងពីឆ្នាំ២០០១នោះមក កញ្ចប់ថវិកាយោធារបស់ប្រទេសចិនកើនឡើងជាលំដាប់ ដើម្បីទប់ទល់នឹងការគំរាមកំហែងជាយថាហេតុពីសំណាក់អាមេរិក។
គ្រោះថ្នាក់បង្កឡើងដោយអាមេរិក មិនមែនអាចត្រឹមតែលេចចេញមកតាមច្រកអាស៊ីកណ្តាលតែប៉ុណ្ណោះទេ។ វាក៏អាចចេញមកតាមច្រកអាស៊ីបូព៌ាដែរ ពីព្រោះនៅខ្ទង់ឆ្នាំ២០០១-២០០២ ប្រមុខរដ្ឋអាមេរិកGeorge Bush ផ្តើមនិយាយឡើងវិញពីផែនការសាងសង់ខែលមីស្ស៊ីលប្រឆាំងមីស្ស៊ីល។ Bushថែមទាំងប្រាប់ឲ្យដឹងថាចង់ពង្រីកខែលមីស្ស៊ីលនេះ ទៅដល់ជប៉ុននិងតៃវ៉ាន់ ដើម្បីជួយការពារដែនដីទាំងពីរនេះឲ្យរួចផុតពីការវាយប្រហារ ជាយថាហេតុពីសំណាក់ប្រទេសចិន។
អ៊ីចឹងហើយបានជាចិនបារម្ភ។ ពីព្រោះបើសិនជាអាមេរិកពិតជាចង់ដាក់តៃវ៉ាន់ នៅក្រោមកិច្ចការពាររបស់ខ្លួនមែន នោះថ្នាក់ដឹកនាំតៃវ៉ាន់នឹងកក់ក្តៅក្នុងចិត្តជាងមុន រហូតដល់អាចហ៊ានប្រកាសឯករាជ្យនៃកោះនេះ នៅថ្ងៃណាមួយមិនខានឡើយ។ ទន្ទឹមជាមួយគ្នានេះដែរ ចិនក៏បារម្ភមិនតិចដែរ នៅចំពោះមុខជប៉ុន ជាពិសេសតាំងពីJunichiro Koizumi ឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០១មក។ ពីព្រោះ ចំពោះថ្នាក់ដឹកនាំចិន Koizumi ជាអ្នកជាតិនិយមជ្រុល មាននិន្នាការផ្អៀងទៅខាងសហរដ្ឋអាមេរិកខ្លាំងពេក។ និយាយបែបផ្សេង ចិនខ្លាចជប៉ុនរបស់Koizumi ប្រកាន់ជំហរយោធានិយម ដូចកាលពីអតីតកាល និងខ្លាចជប៉ុនមានមហិច្ឆតាចង់ក្លាយជាមហាអំណាចនុយក្លេអ៊ែរ។
ក្រៅពីពង្រឹងប្រព័ន្ធការពារជាតិ ថ្នាក់ដឹកនាំចិនក៏ប្រឹងប្រែងបង្កើនសកម្មភាពទូត នៅអាស៊ីបូព៌ាដែរ។ នេះគឺដើម្បីទប់ស្កាត់កុំឲ្យអាមេរិករកលេស ចូលមកបង្កបញ្ហា នៅក្នុងតំបន់នេះបាន។ ជាក់ស្តែង ចាប់ពីខែមករាឆ្នាំ២០០៣ទៅ គឺក្រោយពីកូរ៉េខាងជើងបានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាមិនសាយភាយ អាវុធនុយក្លេអ៊ែរ ចិនក៏ចេញមុខដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់កូរ៉េកុម្មុយនិស្ត តាមរយៈអ្វីដែលគេហៅថាកិច្ចចរចាប្រាំមួយប្រទេស គឺសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន និងកូរ៉េទាំងពីរ។ ថ្នាក់ដឹកនាំចិនពិតជាមានឆន្ទៈបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឲ្យផលិត គ្រាប់បែកបរមាណូ។ នេះគឺដើម្បីកុំឲ្យអាមេរិកមានលេសចូលមកបង្ករឿងនៅឧបទ្វីប កូរ៉េបាន និងកុំឲ្យជប៉ុនមានលេសចង់ផលិតអាវុធ នុយក្លេអ៊ែរនឹងគេដែរ។
ទន្ទឹមជាមួយគ្នានេះ យុទ្ធសាស្ត្រទូតរបស់ចិនក៏ដៅទៅរកការទាញកូរ៉េខាងត្បូងឲ្យឃ្លាត ចេញបន្តិចម្តងៗពីសហរដ្ឋអាមេរិកដែរ។ ចូរកុំភ្លេចថាតាំងពីចប់សង្គ្រាមកូរ៉េ នៅឆ្នាំ១៩៥៣មក ចិនមិនពេញចិត្តនឹងវត្តមានទាហានអាមេរិកនៅកូរ៉េខាងត្បូងទេ ហើយប៉ងចង់កំចាត់ឥទ្ធិពលនយោបាយនិងយោធារបស់អាមេរិកឲ្យអស់ពី ឧបទ្វីបកូរ៉េ៕
ឯកសារយោង
[កែប្រែ]ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ http://www.khmer.rfi.fr/china%20change%20strategy%20to%20face%20US%20economic Archived 2011-02-21 at the វេយប៊ែខ ម៉ាស៊ីន.