រូបសំណាកសេរីភាព
រូបសំណាកសេរីភាព (Statue of Liberty) ដែលឈរយ៉ាងត្រដែតនៅទីក្រុងញូវយ៉ក គឺជារូបសំណាកមួយដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ គឺជារូបសំណាកដែលមានប្រជាប្រិយភាពខ្លាំង ត្រូវបានមនុស្សជាច្រើនស្គាល់ ឬធ្លាប់ឃើញ។ គេឃើញរូបសំណាកនេះក្នុងភាពយន្ត រូបភាព និងសៀវភៅ។ នេះជារូបសំណាកដែលបង្ហាញពីស្រ្តីម្នាក់ ដៃមួយខាងកាន់សៀវភៅ និងដៃម្ខាងទៀតលើកកាន់អង្គប់ភ្លើង។ វាត្រូវបានគេសាងសង់នៅពីលើកោះឡាយបឺរធី នាតំបន់ឆ្នេរនៃទីក្រុងញ៉ូវយក។ រូបសំណាកមួយនេះត្រូវបានគេបញ្ឈរយ៉ាងខ្ពស់ នៅចំពីមុខប្រជាជនចំណាកស្រុករាប់លាននាក់ទាំងឡាយ នៅពេលដែលធ្វើដំណើរមកទឹកដីនៃសហរដ្ឋអាមេរិក ក្នុងការកសាងជីវភាពថ្មី តាមកប៉ាល់ ឬតាមនាវា ជាពិសេសនៅក្នុងសម័យសង្គ្រាមលោកលើកទីមួយ។[១] រូបសំណាកទង់ដែងដែលជាអំណោយពីប្រជាជនបារាំងដល់ប្រជាជនសហរដ្ឋអាមេរិក ត្រូវបានរចនាឡើងដោយជាងចម្លាក់ជនជាតិបារាំង ហ្វ្រេដេរិក អូហ្គុស បាស់សូលឌី (Frédéric Auguste Bartholdi)ហើយគ្រោងដែករបស់វាត្រូវបានសាងសង់ដោយ គ្រូស្តាវ អេហ្វែល (Gustave Eiffel)។ រូបសំណាកនេះត្រូវបានឧទ្ទិសនៅថ្ងៃទី 28 ខែតុលាឆ្នាំ 1886 ។ ដែលបានសាងសង់ចាប់ពីឆ្នាំ១៨៧៥-១៨៨៤ ។ រូបសំណាកនេះឈរនៅលើប៉មរាងចតុកោណមួយ ដែលមានខឿនកម្ពស់បីថ្នាក់តាមលំដាប់ ខណៈរូបសំណាកទាំងមូលមានកម្ពស់ ៤៦ ម៉ែត្រ ក្បាលជួតក្រណាត់ និងពាក់មកុដបញ្ចេញរស្មីប្រាំពីរពណ៌។ ដៃម្ខាងៗមានប្រវែង ១២.៨ ម៉ែត្រ ខណៈដៃស្ដាំកាន់គប់ភ្លើងលើកឡើងយ៉ាងខ្ពស់ ចំណែកដៃឆ្វេងកាន់សៀវភៅយ៉ាងធំមួយក្បាល ដោយនៅលើគម្របសៀវភៅនោះមានសរសេរឃ្លាថា «៤ កក្កដា ១៧៧៦» ដែលជាថ្ងៃប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកពីអាណានិគមអង់គ្លេស។ ស្ថាបត្យកម្មដ៏ធំនេះត្រូវបានចំណាយថវិកាសាងសង់អស់ប្រមាណ ៧០០,០០០ ដុល្លារអាមេរិក និងត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៨៨៦។[២]