រឿងមនុស្សលោភ
ដំណើររឿង
[កែប្រែ]កាលពីព្រេងនាយមានកុមារីម្នាក់អាយុ១៤ឆ្នាំ ត្រូវម្ដាយប្រើឲ្យទៅជីកដំលូង។ ក្មេងនោះរៀបចបរួចស្រេចចេញដើរទៅរកដំលូង ទៅដល់ព្រៃធំមានដំបូកមួយមានរូងជ្រៅ ។ កុមារីនោះទៅជីកដំលូងនៅជើងដំបូកនោះរបូតផ្លែចប ជ្រុះធ្លាក់ទៅក្នុងរូងនោះ ។ នាងនោះមិនដឹងធ្វើដូចម្ដេចក៏ស្រែកប្រកាសថា "លោកណាជួយយកផ្លែចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក" ។ ស្រែកតែប៉ុណ្ណោះ មានខ្លាចាស់មួយដំបៅក្បាលរុយរោមបែងដង្កូវចុះគក្រិច ចេញមកពីក្នុងព្រៃប្រាប់ទៅនាងនោះថា "នាង!តាយកឲ្យបាន ផ្លែចបនោះ តែបើតាយកបានគ្រាន់តែនាងឯងរកចៃឲ្យតា ហើយតាមិនចាំបាច់យកគុណពីចៅទេ" ។
នាងឮដូច្នោះ ក៏និយាយថា "ឱលោកតាអើយ! ឲ្យតែលោកតាជួយយកឲ្យបានចុះ" ។ ខ្លានោះយកផ្លែចបបានពីក្នុងរូងឲ្យទៅនាងនោះ ហើយឲ្យនាងនោះរកចៃឲ្យ ។ នាងនោះយកបន្លាមកឆ្កិះដង្កូវនៅដំបៅក្បាលខ្លានោះ ។ ខ្លានោះចេះតែសួរនាងថា "នាង! ដំបៅតាស្អុយឬក្រអូប?” ដំបៅនោះស្អុយណាស់ ប៉ុន្តេនាងនោះឆ្លើយទៅវិញថា "ក្រអូបណាស់លោកតា" ។ ខ្លានោះចេះតែសួរនាងចេះតែថាក្រអូប ។ លុះឆ្កិះដង្កូវអស់ទៅ ខ្លានោះបាត់ឈឺបាត់រមាស់ ហើយនិយាយប្រាប់នាងនោះថា នាង! នាងយកជាលមួយមក តានឹងដាកដំលូងឲ្យ" ។ នាងនោះយកជាលមួយមកឲ្យខ្លាៗ ដាក់សុទ្ធតែមាសប្រាក់ពេញជាលនោះ ចងមាត់ជាលជាប់ ឲ្យទៅនាងនោះរួចប្រាប់នាងថា "នាង! នាង យកជាលនេះទៅផ្ទះហៅបងប្អួនមកជុំបិទទ្វារឲ្យជិតសឹបបើកមើល ។ នាងនោះលាខ្លាដើរទៅដល់ផ្ទះ ហៅបងប្អូនមកជុះ រួចក៏បើកជាលនោះ ដល់បើកទៅបានសុទ្ធតែមាសនឹងប្រាក់ចែកគ្នា ។
លុះយូរបន្តិចដឹងទៅដល់ស្រីឯទៀត ដែលមានកូនក្រមុំស្រីនោះបញ្ចោរកូនក្រមុំថា "ហងឯងមើលកូនគេៗ ទៅជីកដំលូងបានមាសប្រាក់យកមកចែកបងប្អូនគេ ហងឯងទៅជីកដំលូងបាន តែដំឡូងគ្មានបានខ្មោចអ្វីទេ" ។ ថ្ងៃក្រោយស្រីនោះឲ្យកូនទៅជីកដំលូងដូចនាងនោះទៀត លុះទៅបានជួបប្រទះនឹងខ្លាមុនទៀត ក៏ធ្វើជាជ្រុះចងដូចនាងមុនហើយថា "លោកណាយកចបឲ្យខ្ញុំៗនឹងសងគុណលោក" ។ ខ្លានោះឮហើយក៏មកយកឲ្យ រួចឲ្យនាងនោះចាប់ដង្កូវឲ្យ ។ ខ្លាសួរដូចពីមុនថា "នាង! ដំបៅតាស្អុយ ឬក្រអូប?” ។
នាងនោះឆ្លើយថា "ស្អុយណាស់" ។ ខ្លាឮដូច្នោះ "នាងយកជាលមួយមកតានឹងដាក់មាសប្រាក់ឲ្យ" ។ នាងយកជាលឲ្យខា្លៗដាក់សុទ្ធតែពស់វែកដាក់ពេញជាលហើយឲ្យទៅនាងនោះប្រាប់ថា "នាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យជិត សឹមបើក" នាង នោះទៅដល់ផ្ទះហើយប្រាប់ម្ដាយ ម្ដាយអរណាស់ឲ្យបងប្អូនមកជុំបិទទ្វារបើកចាលមើល ពស់វែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ ។
== ឯកសារយ
ប្រជុំរឿងព្រេងខ្មែរភាគ២