វីរៈ តារា
ឈ្មោះពេញ | វីរៈ តារា |
---|---|
ឈ្មោះដើម | គឹម ហៀក |
ថ្ងៃខែឆ្នាំកំណើត | ឆ្នាំ១៩៤៧ |
ទីកន្លែងកំណើត | ស្រុកកំពង់បាយ ខែត្រកំពត |
បិតានាម | កុក យិន |
មាតានាម | សេង ញុង |
ស្វាមី | លី ប៊ុនយីម |
ការងារ | តារាភាពយន្ត |
ជីវប្រវត្តិសង្ខេប
[កែប្រែ]អ្នកស្រីវីរៈ តារា ជាអតីតតារាភាពយន្តមួយដួងដែលមានប្រជាប្រិយភាពកាលពីអំឡុងទសវត្សរ៍ទី៦០ និងទី៧០ដែលទស្សនិកជននៅចងចាំមិនទាន់ភ្លេចនូវទេពកោសល្យសម្ដែងដ៏សក្តិសមឥតខ្ចោះរបស់អ្នកស្រីតាមរយៈខ្សែភាពយន្តនាសម័យនោះ។ អ្នកស្រីមានឈ្មោះដើមថាគឹម ហៀក កើតនៅឆ្នាំ ១៩៤៧ នៅឯទីរួមខេត្តកំពត។ ឳពុកអ្នកស្រីមានឈ្មោះកុក យិន អតីតអ្នកបើកបររថយន្តពេទ្យ ឯម្ដាយអ្នកស្រីឈ្មោះ សេង ញុង ជាមេផ្ទះ ។ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកលី ប៊ុនយីម នៅឆ្នាំ១៩៦៤ គឺមួយឆ្នាំមុនពេលដែលអ្នកស្រីចូលប្រឡូកវិស័យសិល្បៈ ហើយមានបុត្រ៥នាក់ សុទ្ធតែប្រុស។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រី និង ស្វាមី ត្រូវបានជម្លៀសទៅរស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានរយៈពេល៥ខែក៏លួចរត់ចេញទៅខេត្តហាទៀង ប្រទេសវៀតណាម ហើយឆ្លងចូលទៅប្រទេសឡាវ រហូតបានចេញទៅរស់នៅប្រទេសបារាំងនៅចុងឆ្នាំ១៩៧៦។ អ្នកស្រីបានលែងលះជាមួយស្វាមីគឺលោក លី ប៊ុនយីម នៅឆ្នាំ១៩៨៦។ សព្វថ្ងៃ អ្នកស្រីកំពុងរស់នៅប្រទេសបារាំង។
ជីវិតសិល្បៈ និង ស្នាដៃ
[កែប្រែ]អ្នកស្រីវីរៈ តារា បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរដំបូងនៅឆ្នាំ១៩៦៥ ក្នុងវ័យ១៨ឆ្នាំ តាមរយៈការជួយជ្រោមជ្រែងរបស់លោកលី ប៊ុនយីម ចាងហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត ដែលត្រូវជាស្វាមីរបស់អ្នកស្រី។ តួប្រុសដែលអ្នកស្រីធ្លាប់សម្ដែងជាមួយគឺលោកគង់ សំអឿន និង លោកណុប ណែម។ អ្នកស្រីបានសម្ដែងភាពយន្តឱ្យផលិតកម្មរន្ទះពេជ្រភាពយន្តសរុបបានប្រមាណ១០រឿង ជាអាទិ៍រួមមាន ៖
- រឿងសព្វសិទ្ធិ ១៩៦៥
- រឿងពុទ្ធិសែននាងកង្រី ១៩៦៧
- រឿងអដ្ឋិសុវណ្ណចន្ទកេសរ ១៩៦៩
- រឿងសំគមបាញ់លលក ១៩៧០
- រឿងអនអើយស្រីអន ១៩៧២
- រឿងចំណងដៃទឹកភ្នែក ១៩៧៤
- រឿងឯណាប្រពន្ធខ្ញុំ ១៩៧៥
- រឿងភ្នំពរកូន
- រឿងសេះសមុទ្រ(មិនទាន់បានបញ្ចាំង)
ឯកសារយោង
[កែប្រែ]- ទស្សនាវដ្តីជីវិតកំសាន្ត
- ទស្សនាវដ្តីព្រះច័ន្ទ
- Golden Age of Khmer Cinema