Jump to content

ហង្ស ធុនហាក់

ពីវិគីភីឌា


លោក ​ហង្ស ធុនហាក់ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩២៦ នៅ​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខែត្រ​​កំពង់ចាម ។ កាល​​នៅ​​យុវវ័យ​​ គាត់​បាន​​ទៅ​សិក្សា​វិជ្ជា​ល្ខោន​នៅ​ សាលា​នាដកម្ម Sarah Bernard នៅ​ទី​ក្រុង​ប៉ារីស ។ នៅ​ទីនោះ​គាត់​បាន​ចូល​ជា​មួយ​ក្រុម​និស្សិត​មួយ​ក្រុម​ដែល​​គាំ​ទ្រ​ លោក​ កេង​ វ៉ាន់​សាក់ ។ ​គាត់​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​​នៅ​ឆ្នាំ ១៩៥១ ដោយ​ចូល​រួម​ជា​មួយ​ លោក សឹង ង៉ុកថាញ់ ដើម្បី​ប្រឆាំង​នឹង​រដ្ឋបាល​អាណានិគម ។ នៅ​ឆ្នាំ ១៩៥៣ គាត់​​បាន​ផ្ដាច់​ខ្លួន​មក​រស់​នៅ​ក្នុង​សង្គម​វិញ ។

គាត់​បាន​និពន្ធ​រឿង​ល្ខោន​ជា​ច្រើន​ដូច​ រឿង​ថ្ម​រាំ និង​​រឿង​កញ្ញា​ចរិយា (កំឡុង​ឆ្នាំ ៥០) ដែល​វាយ​ប្រហារ​​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​រដ្ឋាភិបាល​ពុក​រលួយ​នៅ​សម័យ​នោះ ។ ដោយ​គាត់​មាន​​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​នឹង ម្ចាស់​ក្សត្រិយានី កុសុមៈ រឿង​ល្ខោន​ទាំង​​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​សម្ដែង​ដោយ​គ្មាន​ការ​រារាំង ។

គាត់​​បាន​ទទួល​មេដាយ​អស្សឫទ្ធិ​មុនី​សារភណ្ឌ​ នៅ​ពេល​ដែល​គាត់​​ជា​សមាជិក​ក្រុម​មេ​ប្រយោគ​ ក្នុង​ការ​ប្រលង​ប្រជែង​លើក​ទី ១ ​នៃ​សមាគម​​អ្នក​និពន្ធ​ខ្មែរ ដែល​បាន​ដាក់​នាម​ថា ការ​ប្រលង​ប្រជែង​អក្សរសាស្ត្រ​រង្វាន់ ឥន្ទ្រ​ទេវី សម្រាប់​ឆ្នាំ ១៩៦០ – ១៩៦១ ។

គាត់​បាន​​បង្រៀន​នៅ​ សាលា​ល្ខោន​ជាតិ ហើយ​បាន​ធ្វើ​ជា​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ចាប់​ពី​ឆ្នាំ ១៩៦៥  ។ គាត់​​បាន​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សហគមន៍ ហើយ​ក្រោយ​មក​បាន​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ ថ្ងៃទី១៧ តុលា ១៩៧២ ដល់​ថ្ងៃ​ទី ១៧ មេសា ១៩៧៣ ។

នៅ​ក្រោយ​ឆ្នាំ​១៩៧០ គាត់​បាន​ដឹក​នាំ​ គណបក្ស​ប្រជាជន (គណបក្ស​សង្គម​និយម) ប៉ុន្តែ​បាន​ទៅ​ចូល​រួម​ជា​មាន​ គណបក្ស​សង្គម​សាធារណរដ្ឋ​ របស់ លោក​ លន់ ណុន វិញ ។ នៅ​ពេល​ដែល​សង្គ្រាម​ស៊ីវិល​កំពុង​ឆាប​ឆេះ គាត់​បាន​ព្យាយាម​ទាក់ទង​ជា​មួយ​នឹង​ សម្ដេច​សីហនុ ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ ហើយ​ក៏​បាន​ទាក់ទង​ជា​មួយ​នឹង​ពួក​ខ្មែរ​ក្រហម​​តាម​រយៈ​ លោក ហ៊ូ យន់ ផង​ដែរ ។ គាត់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ក្រោយ​ពេល​ដែល​គាត់​​ព្យាយាម​ការពារ ម្ចាស់​ក្សត្រិយានី កុសុមៈ និង​ដង្ហែ​ទ្រង់​ទៅ​កាន់ ក្រុង​ប៉េកាំង នៅ​ឆ្នាំ១៩៧៣ ។

គាត់​​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ពួក​ខ្មែរ​ក្រហម​នៅ​ ថ្ងៃ​ទី១៨ មេសា ១៩៧៥ ក្រោយ​បដិសេធ​មិន​ព្រម​រត់​ចេញ​​ទៅ​ក្រៅ​ប្រទេស ទោះ​ជា​យ៉ាង​ណា​ ភរិយា និង​កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ជម្លៀស​ទៅ​ប្រទេស​បារាំង​ដោយ​សុវត្ថិភាព ។

ស្នាដៃ​របស់​គាត់​​រួម​មាន ៖

ឈ្មោះ ប្រភេទ កាលបរិច្ឆេទ ផ្សេងៗ
រឿង​ ថ្ម​រាំ ល្ខោន ១៩៥៤ (ភ្នំពេញ)
រឿង​ កញ្ញា​ចរិយា ល្ខោន ១៩៥ ? (ភ្នំពេញ)
រឿង​ ពិសោធន៍​ស្នេហា ល្ខោន ១៩៦៤ (ភ្នំពេញ)
រឿង​ ចោល​សំបុក​ឥត​មេបា ល្ខោន ១៩៦៥ (ភ្នំពេញ)
រឿង ព្រះអាទិត្យ​រះ​ហើយ ល្ខោន ១៩៦៦ (ភ្នំពេញ)
រឿង ចិញ្ចៀន​បញ្ចាំ​ចិត្ត ល្ខោន ១៩៦៩ (ភ្នំពេញ)
រឿង បង​ពុក​ឲ្យ​ហៅ ភាព​យន្ត ១៩៦៦ (ភ្នំពេញ)
រឿង វាសនា ឬ​ការ​កសាង ភាព​យន្ត ១៩៦៦ (ភ្នំពេញ)
រឿង រាត្រី​និម្មិត​នៃ​វស្សាន​រដូវ (A Midsummer Night’s Dream) ប្រលោម​លោក​​បក​ប្រែ ១៩៦៨ និពន្ធ​ដោយ William Shakespeare
រឿង អម្ចាស់ (Le Cid) ប្រលោម​លោក​​បក​ប្រែ ១៩៦៩ និពន្ធ​ដោយ​ Pierre Corneille
រឿង ប៉ូលវីហ្សានី (Paul et Virginie) ប្រលោម​លោក​​បក​ប្រែ ??? និពន្ធ​ដោយ Jacques-Henri Bernardin de Saint-Pierre
រឿង រ៉ូមីអូ និងស៊ូលីយែត (Romeo and Juliette) ប្រលោម​លោក​​បក​ប្រែ ១៩៧១ និពន្ធ​ដោយ William Shakespeare