រឿង​អាមាត្យ​ព្រះ​បាទ​ពិម្ពិសាររាជ​និង​​អជាសត្រូវ

ពីវិគីភីឌា

ដំណើរថា កាលព្រះអជាសត្រូវរាជកុមារស្ដាប់ពាក្យទេវទត្ដត្ថេរ ញុះញង់អោយសំរលាប់ព្រះបាទពិម្ពិសារ ជាព្រះបិតា នឹង​យក​រាជ​សម្បត្ដិ​ ថៃ្ង​មួយ​អជា​សត្រូវ​កុមារ សៀត​កាំ​បិត​គ្រឿងប្រហារចូលទៅក្នុងព្រះរាជវាំង ដើម្បីនឹងពិឃាត ព្រះវររាជបិតា។ ឯ​ពួក​រាជ​អា​មាត្យ​នាយ​តំរួត​ រក្សា​អង្គ បាន​ឃើញ​ព្រះ​រាជ​កុមារ​ចូល​ក្នុងព្រះមន្ទីរខុសកាលដូច្នោះ ក៏ហាមឃាត់មិនអោយចូល ឯព្រះរាជកុមារ​ចេះ​តែ​ចចេស​ចូល​ទៅ ​ទើប​ នាយ​តំរួត​នាំ​គ្នា​ចាប់​ត្រួត​មើល​ក្នុង​អង្គ​កាយ បានឃើញកាំបិតគ្រឿងប្រហារព្រះរាជកុមារសៀតមកដូច្នោះ ក៏ចាប់ចង​ដាក់​ទោស​តាម​រាជ​ បញ្ញាត្ដិ ហើយ​នាំ​គ្នា​ពិភាក្សា​ទោស​ព្រះ​រាជ​កុមារ ព្រះរាជកុមារក៏អោយការតាមខ្លួនគិតសំលាប់បិតានោះ។ ឯនាយតំរួត​ទី១ ឆ្លើយ​ឡើង​ថា​ «ទោស​ក្បត់​នេះ​ត្រូវ​សំលាប់​ព្រះ​រាជ​កុមារ​ផង ត្រូវសំលាប់ព្រះទេវទត្ដត្ថេរ និងលោកសង្ឃបណ្ដាជាពួកគប់គិតចូលគំនិត​គ្នា​ទាំង​អស់​ផង​។​ ឯ​នាយ​តំរួត​ទី​ពីរ​ឆ្លើយ​ឡើង​ថា ទោស​ក្បត់​នេះ​ត្រូវ​សំលាប់តែព្រះរាជកុមារ និងព្រះទេវទត្ដតេ្ថរទើបគួរ ឯបណ្ដាលោកសង្ឃឯ​ទៀត​ៗ​នោះ​មិន​ ត្រូវ​សំលាប់​ទេ ព្រោះ​លោក​ពុំ​បាន​ដឹង​លឺ​ផង​។ ឯ​នាយ​តំរួត​ទី៣ ជាមន្រ្ដីមានសតិសម្បជញ្ញៈឆ្លើយឡើងថា «លោកអ្នករាល់គ្នាកាត់​ទោស​យ៉ាង​ នេះ​មិន​ត្រូវ​ទេ ឯ​ទោស​នេះ​បើ​រូប​អ្នក​ដទៃ​ឯ​ទៀត​នោះ គួរ​ហើយ តែនេះព្រះរាជកុមារជាព្រះរាជបុត្រារបស់លោក ព្រះទេវទត្ដ​សោត​ជា​វង្ស​ សាក្យ​បុត្ដិយ៍ ព្រះ​ចៅ​ជា​ម្ចាស់​ក៏​រាប់​អាន​គោ​រព​ប្រតិ​បត្ដិ យើង​នឹង​កាត់ទោសពិឃាតឯងថា កាចឯណាបាន ទោសនេះហួសវិស័យ​យើង​ជា​ មន្រ្ដី​​ពិភាក្សា គួរ​តែ​នាំ​គ្នា​ឡើង​ក្រាប​ទូល​អោយ​ទ្រង់​ជ្រាប បើ​ជា​ទ្រង់​ប្រោសយ៉ាងណាៗ ក៏តាមតែព្រះអង្គលោកចុះ ព្រោះកូនគេ អាពុកគេថា យ៉ាង​ណា​សឹម​យើង​ធ្វើ​តាម​ជា​ក្រោយ»។ ឯ​នាយ​តំរួត​ទាំង​៣​ពួក​ពិគ្រោះ​គ្នាឃើញផ្លូវរៀង ខ្លួនយ៉ាងនេះ ទើបនាំគ្នាចូលទូល​ព្រះ​បាទ​ពិម្ពិ​សារ​ រាជ​​បិតា​តាម​ដំនើរ​ដែល​ព្រះ​អជា​ត​សត្រូវ​រាជ​កុមារ ប្រតិ​បត្ដិ​ការ​ខុស​ប្រ​ពៃណី កន្លងព្រះរាជបញ្ញាត្ដិនោះសព្វប្រការ។ ឯព្រះបាទ​ពិម្ពិ​សារ​ស្ដេច​ ជ្រាប​ហើយ ទើប​ត្រាស់​ថា «អើ​ទោស​យ៉ា ង​នេះ អ្នក​ទាំង​ឡាយ​ពិភាក្សា​ទៅ​តើយល់​ដូច​ម្ដេច​?​។

ឯអាមាត្យទាំងបីពួក ក៏ក្រាបទូលតាមដំនើរដែលខ្លួនគិតយល់ផ្សេងៗគ្នានោះឯងទើបព្រះបាទពិម្ពិសាររាជស្ដេច​ទ្រង់​ត្រាស់​ថា «​អើ​ពួក​នាយ​ តំរួត​ទី១​ ពិភាក្សា​ថា ត្រូវ​សំលាប់ ទាំង​ទេវ​ទត្ដ​ត្ថេរនិងសង្ឃទាំងពួងព្រមទាំងព្រះរាជកុមារផងនោះ ពាក្យវិនិច្ឆ័យនោះ​យល់​កើន​ហួស​ណាស់​ ត្រូវ​អោយ​ដក​ងារ​បន្ថយ​យស​សក្ដិ ក៏ឯអាមាត្យទី២ ពិភាក្សាថាត្រូវអោយសំលាប់ព្រះរាជកុមារ ព្រមទាំងទេវទត្ដ​ត្ថេរ​នោះ ពាក្យ​វិនិច្ឆ័យ​នោះ​ ត្រូវ​បន្ថយ​ប្រាក់​ខែ​បៀ​វត្ស ឯ​អាមាត្យ​ទី៣ ពិភាក្សាថាត្រូវឡើងក្រាបទូលសិននោះ ពាក្យវិនិច្ឆ័យនោះត្រូវឡើង​យស​សក្ដិ​ប្រាក់​ខែ​បៀ​វត្ស​ថែម​ ព្រោះ​ជា​អ្នក​មាន​សតិ​សម្ប​ជញ្ញៈ​ចេះ​ពិចារ​ណា​ត្រូវតាមវត្ថុ តាមសម័យកាល»។

រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងព្រះគម្ពីរសុត្ដន្ដបិដកឯណោះ ឯងស្ដាប់មើលចុះលោកអ្នកមានសតិសម្ប​ជញ្ញៈ ពិចារ​ណា​មើល​វត្ថុ​ មើល​សម័យ​កាល​គួរ​ដល់​កាល​នេះ​សឹងចំរើននូវយសសក្ដិបរិបូណ៌បាន អ្នកមានសតិស្មារតីនេះ មិនដែលភ្លាត់ភ្លើទៅ​ក្នុង​ការ​ភ្នាក់​ងារ​ដែល​ខ្លួន​ ធ្វើ គឺ​នឹង​ដើរ​ក្ដី អង្គុយ​ក្ដី ដេក​ក្ដីឈរ​ក្ដី លើក​ដៃ​លើកជើងលាតបត់ដៃបត់ជើងក្ដី ឬបរិភោគភោជនាហារជាវត្ថុទន់ឬរឹងក្ដី កាល​ទំពា​ស៊ី​ក្ដី​កាល​ លេប​ចូល​ទៅ​ក្នុង​ពោះ​ក្ដី តែ​បើពុំមានសតិ ស្មារតី នឹកជាមុនហើយ ការអស់នោះសឹងភ្លាត់ទៅផ្សេងៗមាន ដួលឬប៉ះត្រូវ​បន្លា​ជា​ដើម បើ​ខាង​ បរិ​ភោគ​ផឹក​ស៊ី​សោត មាន​ស្លាក់​ឆ្អឹង​ត្រី ត្រូវម្ទេសហើរជាដើម អ្នកគ្មានសតិបញ្ញានោះ លោកថា ជាមនុស្សប្រមាទ សេចក្ដី​ប្រ​មាទ​មួយ​នេះ​ មាន​នៅ​លើ​បុគ្គល​ណា​ហើយ​បុគ្គល​ទាំងនោះ នឹងតាំងខ្លួនអោយមាំមួនពុំបាន បើធ្វើការអ្វី ការនោះខូចបង់វិញ ដូចនិ ទាន​ស្មៀន​កាន់​ភ្នាក់​ងារ​ រក្សា​ឈើ​រាជ​ការ​របស់​ព្រះ​បាទ​ពិម្ពិ​សារ​រាជនោះឯង។