ប្រាង្គបី
ស្ថិតចម្ងាយពីទីក្រុងបាងកកប្រមាណ ១៥៤ គីឡូម៉ែត្រ តែប៉ុណ្ណោះ ប្រាសាទប្រាង្គមានកំពូលបីដ៏ធំ ដែលភាសាថៃហៅថា សាមយតមានន័យថា ប្រាង្គបី ឬព្រួញបី ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី១ ។ ប្រាសាទនេះស្ថិតក្នុងទីក្រុងលពបុរីបច្ចុប្បន្ន ដែលជាទីក្រុងមួយធំរបស់ខ្មែរនាសម័យចក្រភពអង្គរ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ។ ទីក្រុងល្វ ឬលពបុរីនេះ គឺជាឈ្មោះខ្មែរសុទ្ធសាធ ដែលត្រូវបានកត់ត្រាក្នុងផ្ទាំងសិលាចារឹកនៃប្រាសាទព្រះខ័ន នៅខេត្តសៀមរាបអង្គរ ។
ប្រាសាទព្រួញបី ដែលងាយស្រួលក្នុងការសម្គាល់ គឺប្រាសាទមានកំពូលបី ឬប្រាង្គបីត្រូវបានកសាងឡើងដោយថ្មបាយក្រៀមបូកពីក្រៅដោយបាយអ ។ ស្ថាបត្យកម្មខ្មែរនាសម័យអង្គរដ៏ល្អគ្មានពីរនេះ ជាការបង្ហាញពីបច្ចេកទេសដ៏ប៉ិនប្រសព្វរបស់ខ្មែរ នាសម័យព្រះបាទសុរិយាវរ្ម័នទី១ ដែលបានស្ថាបនាបូជនីយដ្ឋាននេះបញ្ចប់ជាស្ថាពរ ។ ការប្រើថ្មបាយក្រៀម ដើម្បីសាងសង់ប្រាង្គប្រាសាទបែបនេះ បានចាប់ពន្លកតាំងពីសម័យនគរភ្នំ និងចេនឡា គឺជាប្រពៃណីខ្មែរសុទ្ធសាធ ។ ថ្វីត្បិតតែផ្នែកសំខាន់ៗជាច្រើន នៃប្រាសាទកំពូលបី ឬព្រួញបីត្រូវបានជនទុច្ចរិតបំផ្លាញចោលទៅហើយក៏ដោយ ក៏ប៉ុន្ដែក្បាច់ក្បូរ និងចម្លាក់ដែលនៅសេសសល់បានបង្ហាញនូវសម្រស់ទឹកដម ជាលក្ខណៈស្ថាបត្យកម្មខ្មែរនាសម័យអង្គរ ។
ប្រាសាទព្រួញបី ត្រូវបានកសាងឡើងតាំងពីសម័យមុនគេបង្អស់ ដោយព្រះបាទសុរិយាវរ្ម័នទី១ នៅឆ្នាំ១០០២ ទៅ ១០៥០ ។ ប៉ុន្ដែនៅសម័យព្រះបាទសុរិយាវរ្ម័នទី២ ទើបបញ្ចប់ការស្ថាបនាជាស្ថាពរនៅឆ្នាំ១១១៣ ដល់ ១១៥០ ។ លុះដល់ចុងសតវត្សរ៍ទី១២ ប្រាសាទនេះត្រូវបានជួសជុលសាជាថ្មីឡើងវិញ ដោយព្រះបាទជ័យវរ្ម័នទី៧ ដែលកាន់ព្រះពុទ្ធសាសនា គឺមុនទីក្រុងល្វនេះធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ថៃ ដូច្នេះហើយពុទ្ធបដិមាទាំងនេះ ស្ថិតក្នុងរចនាបថបាយ័ន ។ ប្រាសាទបុរាណព្រួញបី នៅទីក្រុងល្វនេះមានទម្រង់ធំ បន្ទាប់ពីប្រាសាទពិមាយ និងប្រាសាទមឿងតាំ (ប្រាសាទក្រោម) ក្នុងខេត្តបុរីរម្យនាពេលបច្ចុប្បន្ន ។
តែទោះបីយ៉ាងណាក៏ដោយ សារសំខាន់នៃចម្លាក់បុរាណរបស់ប្រាសាទព្រួញបី គឺបានកែប្រែទស្សនៈមួយចំនួនដែលយល់ថា តំបន់នេះដើមឡើយជាទឹកដីរបស់មន ដែលព្រះបាទសុរិយាវរ្ម័នទី២ ដណ្ដើមបាននោះ ។ តាមពិតទៅទឹកដីនៃខេត្តលពបុរីនេះ គឺជាទឹកដីដែលខ្មែរយើងបានកាន់កាប់ត្រួតត្រាមុនសតវត្សទី១២ ម្ល៉េះ ដូចវត្តមានរបស់វត្ថុបុរាណជាសក្ខីកម្មស្រាប់ ៕ (ម.ត្រាណេ)[១]
Cite error: <ref> tags exist, but no <references/> tag was found