ការប្រកួតចាក់ធុងទឹកកក
ការប្រកួតចាក់ធុងទឹកកក (អង់គ្លេស៖ Ice Bucket Challenge ឬ ALS Ice Bucket Challenge) គឺជាកម្មវិធីចាក់ទឹកកកមួយធុងពីលើក្បាល ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំងឺប្រព័ន្ធប្រសាទចលករ (ណឺរ៉ូនចលករ) ដែលហៅជាអង់គ្លេសថា amyotrophic lateral sclerosis (ALS) និងដើម្បីស្វែងរកថវិកាសម្រាប់ការស្រាវជ្រាវរកថ្នាំព្យាបាលជំងឺនេះ។ កម្មវិធីប្រកួតនេះចាប់ផ្ដើមមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមនៅពាក់កណ្ដាលឆ្នាំ២០១៤ នេះ។
ការប្រកួតនេះ តម្រូវឲ្យអ្នកដែលចូលរួមធ្វើរួចហើយនោះបបួលមនុស្សដទៃទៀតមកប្រកួតបន្ត ហើយអ្នកទាំងនោះក៏ត្រូវបបួលអ្នកដទៃទៀតដូច្នេះដែរ។ លក្ខខណ្ឌនៅក្នុងកម្មវិធីនេះ អ្នកដែលត្រូវបានគេបបួលមានពេល ២៤ ម៉ោងក្នុងការថតវីដេអូបង្ហាញអំពីការចាក់ទឹកកកលើក្បាល បើមិនដូច្នោះទេ គេត្រូវបរិច្ចាកប្រាក់ទៅអង្គការដែលស្រាវជ្រាវអំពីជំងឺនេះ។