ការពិភាក្សារបស់អ្នកប្រើប្រាស់:Kao bun song
តើអាមេរិកដែលជារដ្ឌអធិបតេយ្យមួយអាចក្ស័យធនយ៉ាងដូចម្តេច
ផ្ងៃច័ន្ទទី ១៤ខែតុលាឆ្នាំ២០១៣ រដ្ឌាភិបាលសហព័ន្ធអាេមរិកនៅតែបន្តរបិទទ្វាមួយផ្នែក ដោយសារតែវិបត្តិថវិការ។ក្នុងពេលជាមួយគ្នាពេលកំណត់ដែលសភាអាមេរិកត្រូវប្រឈមនឹងការក្ស័យធន ក៏កាន់តែខិតជិតចូលមកដល់។លោកអូបាម៉ា និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឌមានពេលតែ៤ផ្ងៃទេៀតប៉ុណេ្ណាះេដីម្បីចរចាគ្នាលើការអនុម័តច្បាប់ឲ្យរដ្ឌាភិបាលអាចខ្ចីលុយមកបង្គ្រប់ការចំណាយ និងចេៀសពីការ
ក្ស័យធន។ «សំណួរ» អាេមរិកដូចជាចម្លែកពីប្រទេសផ្សេងទេៀត ព្រេាះមុននឹងរដ្ឌាភិបាលខ្ចីលុយគេបាន ទាល់តែទៅសំុការអនុញ្ាតពីសភាជាមុន‽ តាមពិត រដ្ឌាភិបាលអាមេរិកអាចខ្ចីលុយគេបាន ដោយមិនចាំបាច់សំុការអនុញ្ញាតពីសភាទេ ក៏ប៉ុន្តែធ្វើម៉េចកំុឲ្យតែបំណុលសរុប កើនឡើងហួសពីកម្រិតអតិបរមាមួយដែលកំណត់ដោយច្បាប់«បំណុលដល់តំបូល»។ បពា្ហាាដែលចោទឡើងនៅពេលនេះ គឺថវិការអាមេរិកចេះតែមានឧនភាពជាប្រចាំ។មុខចំណាយមានច្រើន ចំណែកចំណូលមានតិចធ្វើឲ្យរដ្ឌាភិបាលត្រូវខ្ចីបំណុលគេច្រើនដេីម្បីមកបង្រ្គប់ចំណាយ។ បំណុលផ្មីចេះតែបន្តរខ្ចី ច្រើនឡើង ចំណែកឯបំណុលចាស់សងរំលោះមិនទាន់ ធ្វើឲ្យបំណុលចេះតែគរឡើងដល់កំតិតអតិបរមា ទើបរដ្ឌាភិបាលរបស់លោក អូបាម៉ាលែងអាចខ្ចីបំណុលគេបន្ដែមទៀត ហេីយត្រូវសំុឲ្យសភាអនុម័តច្បាប់ផ្មី ដំឡើង កម្រិតអតិបរមានៃបំណុល ទើបន្តខ្ចីបំណុលគេតទៅទៀត។ ″ សំណួរ” កន្លងមកតើសភាអាមេរិកធ្លាប់បានតម្លើងកម្រិតបំណុអតិបរមានេះប៉ុន្មានលើកមកហើយ‽
តាំងពីមានច្បាប់កំណត់អំពីកម្រិតបំណុលអតិបរមា កាលពីឆ្នាំ១៩១៧ សភាអាមេរិកធ្លាប់បានដំឡើងកម្រិតបំណុលអតិបរមាចំនួន ៧៧ លើករួចមកហើយ ដោយមិនសូវមានបពា្ហាចោទខ្លាំងប៉ុន្មានទេ។ ការដំឡើងកម្រិត
បំណុលអតិបរមាបានក្លាយជារឿងស្មុគស្មាញ ចាប់តាំងពីឆ្នាំ២០១០មក នៅពេលដៃលគណបក្សប្រជាធិបតេយ្យបាត់បង់សំលេងភាគច្រើននៅក្នុងរដ្ឌសភា។ដោយសារតែការអនុម័តច្បាប់ដំឡើងកម្រិតបំណុលអតិបរមា ត្រូវឲ្យមានសំឡេងគាំទ្រសភាទាំងពីរ ់ ៉ព្រឹទ្ធសភា និងរដ្ឌសភា ៉ គណបក្សសាធារណរដ្ឌតែងតែរារាំងមិនឲ្យអនុម័តច្បាប់នេះដេីម្បីដាក់សម្ពាធ ទាមទារឲ្យលោក អូបាម៉ាផ្លាស់ប្តូរនយោបាយ ជាពិេសសដេម្បីប្រឆាំងនឹងច្បាប់ ស្តីពីកំណែទម្រង់ប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់លោក អូបាម៉ា។ «សំណួរ» នៅពេលនេះគេនាំគ្នាបារម្ភផា ប្រសិនបើសភាអាមេរិកមិនអនុម័តច្បាប់ តើអាមេរិកក្ស័យធនដូចម្តេច‽
ក្ស័យធនត្រង់ចំណុចនេះមិនមែនសំដៅលើការក្ស័យធនរហូតបិទទ្វារដូចជាករណីក្រុមហ៊ុនទ ឬសហគ្រាសទេ ប៉ុន្តែសំដៅទៅលើស្ដានភាពមួយដែលបំណុលត្រូវសងមានចំនួនច្រើនជាងលុយដែលមានសម្រាប់សងបំណុល
ត្រង់កន្លែងនេះចង់បពា្ជាក់ផា បំណុលត្រូវសងមិនមែនបំណុលដែលជំពាក់ទេ។ជួនកាលបំណុលដែលជំពាក់មានច្រើនដែរ ក៏ប៉ុន្តែមិនទាន់ដល់ពេលកំណត់ត្រូវសង។ក្នុងករណីក្ស័យធន បំណុលដែលជំពាក់គេហើយដល់ពេល កំណត់ត្រូវសង ប៉ុន្តែមិនមានលុយក្នុងដៃគ្រប់គ្រាន់ដើម្បីសងបំណុលទៅតាមពេលកំណត់។
ករណីក្ស័យធននេះធ្លាប់កើតមានកន្លងមកដូចជានៅ មុិចសុិក នៅឆ្នាំ១៩៨២ និងនៅ អាហ្យង់ទីនឆ្នាំ ២០០១។ ការក្ស័យធនរបស់រដ្ឌ ខុសពីការក្ស័យធនរបស់ក្រុមហ៊ុន ឬសហគ្រាស។ ក្រុមហ៊ុន សហគ្រាសដែលក្ស័យធន ម្ចាស់បំណុលអាចប្តឹងទៅតុលាការឲ្យលក់ឡាយឡុងទ្រព្យក្រុមហ៊ុន ដើម្បីសងបំណុល ហើយក្រុមហ៊ុន
ដែលក្ស័យធននេះអាចនឹងបិទទ្វារលែងតំណើរការទាំងស្រុង។
ចំពេាះរដ្ឌវិញ ដែលអធិបតេយ្យភាព គេមិនអាចទៅចាប់បង្ខំរដ្ឌមួយឲ្យសងបំណុលដូចជាក្រុមហ៊ុនឯកជណទេ(លើកលែងតែម្ចាស់បំណុលនោះជារដ្ឌមួយដែរ ហើមានកម្លាំងទ័ពខ្ាំាលាំង ដែលអាចប្រកាសសង្គ្រាម េដីម្បី
ទារបំណុល)។ ជាទូទៅក្នុងករណីរដ្ឌក្ស័យធន រដ្ឌច្រើនចរចាចាមួយម្ចាស់បំណុល ដើម្បីកាត់បន្ដយបំណុលមួយផ្នែក ឬពន្យាពេលសងបំណុល។ << សំណួរ>> ក្នុងករណីដែលភាពជាប់គាំងនៅសភាអាមេរិកអូសបន្លាយរហូតដល់មានការក្ស័យធនមែន តើវាអាចនឹងបង្កផលប៉ះពាល់អ្វីខ្លះ?
ប្រសិនបើអាមេរិកខកខានមិនបានសងបំណុលគេទៅតាមពេលកំណត់ទេ ទោះបីជាមិនសងទាំងអស់ ឬសងមិនទាន់ពេលក៏ដោយ បពា្ហាាដែលចោទឡើងគឺអត្រាការប្រាក់បំណុលរដ្ឌប្រាកដកើនឡើងខ្ពស់។ នេះជារឿង
ធម្មតា កាលណាខ្ចីលុយគេហើយមិនសងគ្រប់តាមកាលកំណត់ ពេលក្រោយចង់ខ្ចីគេទៀត គេប្រាកដជាមិនចង់ឲ្យខ្ចី ឬក៏ឲ្យខ្ចីដែរប៉ុន្តែទារការប្រាក់ខ្ពស់ ដើម្បីឲ្យសមនិងហានិភ័យនៃបំណុល។ អត្រាការប្រាក់ខ្ពស់គឺជា បន្ទុកធ្ងន់មួយ ដល់ហិរញ្ញាវត្ដុរបស់រដ្ឌ ហើយអាចនាំឲ្យអត្រាការប្រាក់នៅក្នុងទីផ្សាឥណទានឯកជនកើនឡើងខ្ពស់ដែរ ដែលជាបន្ទុកផ្ងន់សម្រាប់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។ ទាំងអស់នេះវាអាចនឹងនាំទៅបង្កើត ជាវិបត្តិសេដ្ឌកិច្ចធ្ងន់ធ្ងរ។
ទីផ្សាមូលប័ត្រអាមេរិកជាទីផ្សារដែលមានទំហំនៃការជួញដូរធំ វិបត្តិនៅអាមេរិកនឹងធ្វើឲ្យមានការចលាចលនៅទីផ្សារមូលបត្រនៅទូទាំងពិភពលោក។ អ្នកសេដ្ផកិច្ច ក៏ដូចជាប្រមុខដឹកនាំស្ដាប័នហិរញ្ញវត្ដុសំខាន់ៗដូចជា មូលនិធិរូបិយវត្ដុអន្តរជាតិ(IMF) និងធនាគាពិភពលោក ជាដើម សុទ្ទតែព្រមានទុកជាមុនរួចហើយផា ប្រសិនបើអាមេរិកក្ស័យធនមែន ពិភពលោក
ទាំងមូលនឹងត្រូវធ្លាក់តៅក្នុងវិបត្តិសេដ្ឌកិច្ច ដែលធ្ងន់ផ្ងរជាងវិបត្តិកាលពីឆ្នាំ ២០០៨ទៅទៀត៕ ស្វែងយល់អំពីផ្សារភាគហ៊ុន
តើផ្សារភាគហ៊ុនជាអ្វី?
បើនិយាយឲ្យខ្លី សាមញ្ញ ហើយស្រួលស្តាប់ ផ្សារភាគហ៊ុន គឺជាកន្លែងដែលគេទិញ-លក់ភាគហ៊ុន។
ចុះ ភាគហ៊ុន ជាអ្វី? ភាគហ៊ុន គឺជាចំណែកដើមទុន ដែលគេដាក់ចូលទៅក្នុងក្រុមហ៊ុនណាមួយ។ នៅពេលដែលក្រុមហ៊ុនចំណេញ ម្ចាស់ភាគហ៊ុនក៏បានចំណេញ ហើយបើក្រុមហ៊ុនខាត ម្ចាស់ភាគហ៊ុនក៏ខាត។ ការចំណេញ ឬខាតនេះ វាសមាមាត្រទៅនឹងចំណែកភាគហ៊ុនដែលខ្លួនមាន។ បើមានភាគហ៊ុនច្រើន ពេលចំណេញ ក៏ចំណេញច្រើន ហើយពេលខាត ក៏ខាតច្រើន។
ក្រុមហ៊ុនខ្លះ គេយកភាគហ៊ុនមួយផ្នែកទៅដាក់លក់ នៅលើទីផ្សារភាគហ៊ុន។ ប៉ុន្តែ មិនមែនគ្រប់តែក្រុមហ៊ុនទាំងអស់អាចលក់ភាគហ៊ុនបានទេ។ ទាល់តែជាប្រភេទក្រុមហ៊ុន ដែលច្បាប់កំណត់ថាអនុញ្ញាតឲ្យលក់ភាគហ៊ុនបាន ទើបអាចចុះភាគហ៊ុនលក់បាន។
តើអ្នកទិញភាគហ៊ុនអាចទទួលបានផលចំណេញអ្វីខ្លះ? ហើយអាចខាតបង់អ្វីខ្លះ?
កាលណាអ្នកណាទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយ អ្នកនោះនឹងក្លាយជាម្ចាស់ហ៊ុនរបស់ក្រុមហ៊ុននោះ ហើយមានសិទ្ធិដូចម្ចាស់ហ៊ុនផ្សេងទៀតដែរ ដូចជា សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជាដើម។ គ្រាន់តែថា អ្នកណាមានភាគហ៊ុនច្រើន មានសំឡេងបោះឆ្នោតច្រើន អ្នកមានភាគហ៊ុនតិច មានសំឡេងតិច។
នៅពេលដែលក្រុមហ៊ុនរកស៊ីបានចំណេញលុយ ហើយគេយកលុយចំណេញនេះមកចែកគ្នា ម្ចាស់ភាគហ៊ុនទាំងអស់ទទួលបានចំណែកប្រាក់ចំណេញនេះ ស្របទៅតាមភាគហ៊ុនដែលខ្លួនមាន។ បើមានភាគហ៊ុន ១% បានចំណេញ ១%។ ប៉ុន្តែ បើក្រុមហ៊ុនខាតវិញ ក៏ខាតទៅតាមចំណែកភាគហ៊ុននេះដែរ។
ហេតុអ្វីបានជាមានអ្នកលេងភាគហ៊ុនខ្លះចំណេញ ឬក៏ខាត រាប់ម៉ឺន ឬរហូតដល់រាប់លានដុល្លារ ក្នុងមួយប៉ព្រិចភ្នែក?
អ្នកលេងភាគហ៊ុនបែបនេះ ទិញភាគហ៊ុនមិនមែនទុកចាំទទួលចំណែកលុយចំណេញពីក្រុមហ៊ុនទេ គឺទិញមក ដើម្បីលក់ទៅវិញ យកចំណេញភ្លាមៗ។ ក្នុងករណីនេះ ភាគហ៊ុន ត្រូវក្លាយទៅជាទំនិញ ដែលគេលក់ចេញ ទិញចូល ដូចទំនិញដែលគេលក់នៅលើទីផ្សារធម្មតាដែរ។
ឧទាហរណ៍៖ ពេលខ្ញុំឮដំណឹងអំពីរឿងជំងឺផ្តាសាយអា កំពុងតែរីករាលដាលឡើង នៅម៉ិចស៊ិច ខ្ញុំវិភាគទៅ ឃើញថា ជំងឺនេះជាជំងឺឆ្លងខ្លាំង ដែលអាចរាលដាលទៅប្រទេសផ្សេងៗទៀត។ ដើម្បីបង្ការកុំឲ្យជំងឺនេះឆ្លងរាលដាល គេប្រាកដជាត្រូវនាំគ្នាចាក់វ៉ាក់សាំង។ អ៊ីចឹង ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រាកដជាលក់វ៉ាក់សាំងបានច្រើន ហើយចំណេញលុយច្រើន។ ដល់ពេលនោះ ភាគហ៊ុនក្រុមហ៊ុនផលិតវ៉ាក់សាំង ប្រាកដជាឡើងថ្លៃកប់ពពក ព្រោះអ្នកណាក៏ចង់ទិញភាគហ៊ុននេះដែរ។ ដូច្នេះ ខ្ញុំក៏ប្រមូលទិញភាគហ៊ុនក្រុមហ៊ុននេះទុក ទាន់ពេលនៅថោក។ ពេលដែលភាគហ៊ុននេះឡើងថ្លៃ ខ្ញុំក៏លក់ចេញទៅវិញភ្លាម យកចំណេញ។ ខ្ញុំចេះតែបន្តធ្វើអ៊ីចឹងរហូតទៅ ជាមួយក្រុមហ៊ុនផ្សេងទៀតក៏ធ្វើដូចគ្នា! ជួនកាលទិញពេលនេះ មួយម៉ោងក្រោយឡើងថ្លៃ លក់ទៅវិញភ្លាមក៏មាន។
ផ្ទុយទៅវិញ បើការវិភាគរបស់ខ្ញុំខុស ភាគហ៊ុនមិនឡើងថ្លៃ ស្រាប់តែចុះថ្លៃទៅវិញ ខ្ញុំក៏ខាតបង់ទៅតាមនោះដែរ។ បើសិនជាខ្ញុំដឹងខ្លួនទាន់ ពេលឃើញភាគហ៊ុនចាប់ចុះបន្តិច ខ្ញុំប្រញាប់លក់ចេញភ្លាមៗ ខ្ញុំខាតដែរ តែខាតតិច។ ក៏ប៉ុន្តែ ពេលខ្លះ ខ្ញុំមិនចង់លក់ចេញភ្លាមទេ អង្គុយចាំមើល ក្រែងវាឡើងមកវិញ។ បើវាឡើងមកវិញមែនវាគ្រាន់ ប៉ុន្តែ បើវាចេះតែចុះទៅទៀត ហើយខ្ញុំចេះតែចាំ ដល់ពេលមួយវាចុះទាបខ្លាំង បានខ្ញុំលក់ចេញ ពេលនោះខ្ញុំក៏ខាតឡុងចុងអ៊ីចឹងទៅ។
សូមបញ្ជាក់ថា ការលេងភាគហ៊ុនបែបនេះ គឺជារឿងប្រថុយប្រថានបំផុត។ ជួនកាល ចំណេញមក ខាតទៅវិញអស់ទៅវិញភ្លាមក៏មាន។ ខាតទាំងដើមអស់ទៅទៀតក៏មាន ប្រៀបដូចទៅនឹងការភ្នាល់ល្បែងដូច្នេះដែរ។ ការលេងភាគហ៊ុនរបៀបនេះឯង ដែលពេលខ្លះ ធ្វើឲ្យផ្សារភាគហ៊ុនដួលដាំដូង ហើយពេលខ្លះបង្កើតទៅជាវិបត្តិហិរញ្ញវត្ថុពាសពេញពិភពលោកក៏មាន។
តើអ្វីទៅជាមូលហេតុដែលនាំឲ្យភាគហ៊ុនឡើងថ្លៃ ឬចុះថ្លៃ?
ដោយសារតែភាគហ៊ុន ត្រូវគេយកមកទិញដូរយកចំណេញ ដូចទំនិញធម្មតា អ៊ីចឹង ភាគហ៊ុនឡើងថ្លៃ ឬក៏ចុះថ្លៃ វាគោរពទៅតាមច្បាប់ទីផ្សារធម្មតា ពោលគឺ វាអាស្រ័យទៅលើផ្គត់ផ្គង់ និងតម្រូវការ។ គឺអ្នកទិញ-លក់ភាគហ៊ុននេះឯង ដែលជាអ្នកកំណត់ថ្លៃ។ បើមានអ្នករកទិញច្រើន មិនសូវមានអ្នកចង់លក់ វាក៏ឡើងថ្លៃ។ បើមានអ្នកលក់ច្រើន មិនសូវមានអ្នកទិញ វាក៏ធ្លាក់ថ្លៃ។ អ្នកលេងភាគហ៊ុន គេនាំគ្នាលក់ ឬក៏នាំគ្នាទិញ គឺវាអាស្រ័យទៅលើការវិភាគរបស់អ្នកលេងម្នាក់ៗ ដែលគេមើលទៅថា តើភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយនឹងឡើងថ្លៃ ឬចុះថ្លៃ? ហើយការវិភាគនេះ គេធ្វើឡើងទៅលើហេតុការណ៍ផ្សេងៗ ដែលទាក់ទងនឹងក្រុមហ៊ុននេះ (សូមមើលឧទាហរណ៍ខាងលើ អំពី ក្រុមហ៊ុនផលិតវ៉ាក់សាំង និងគ្រុនផ្តាសាយអា)។
ឧទាហរណ៍មួយទៀត ពេលខ្លះ គ្រាន់តែមានលេចឮដំណឹងព្រាលៗមកថា អ៊ីស្រាអែលចង់ប្រើកម្លាំងទ័ពវាយប្រហារលើអៀរ៉ង់ ភាគហ៊ុនរបស់ក្រុមហ៊ុនប្រេងក៏ចាប់ធ្លាក់ចុះគ្រឹប ក៏មាន។
នៅពេលដែលគេនិយាយថា ភាគហ៊ុននេះ ឬភាគហ៊ុននោះ មាន ១០០០ Points ឬក៏ ២០០០ Points តើមានន័យថាម៉េច?
១០០០ ឬ២០០០ Points នេះ មិនមែនជាថ្លៃភាគហ៊ុនទេ គ្រាន់តែជាសន្ទស្សន៍តែប៉ុណ្ណោះ។ សន្ទស្សន៍របស់ភាគហ៊ុននេះ កំណត់ដោយក្រុមហ៊ុន ដែលមានជំនាងខាងហ្នឹង។ គេប្រើប្រាស់សន្ទស្សន៍ភាគហ៊ុន ដើម្បីតាមដានមើល អំពីការវិវឌ្ឍនៃទីផ្សារភាគហ៊ុន។ ឧបមាថា ពេលចាប់បើកលក់ពេលព្រឹក ភាគហ៊ុនមាន ១០០០ Point ហើយស្រាប់តែ ថ្ងៃរសៀល វាចុះមកនៅត្រឹម ៩០០ មានន័យថា ភាគហ៊ុនធ្លាក់ចុះ ១០០ Points ស្មើនឹង ១០% ឬក៏បើឡើងដល់ ១១០០ មានន័យថា ភាគហ៊ុនវាកើនឡើង ១០%។
អ្វីដែលសំខាន់ គឺមិនមែនចំនួន Point ១០០០, ២០០០ ឬក៏ ៣០០០ពាន់នេះទេ។ អ្វីដែលគេតាមដានខ្លាំងជាងគេ គឺភាគរយ ដែលអាចឲ្យគេដឹងថា ភាគហ៊ុននៅកន្លែងណាមួយ វាកើនឡើង ឬក៏ធ្លាក់ចុះ? បើកើនៗប៉ុន្មាន? បើចុះៗប៉ុន្មាន? ត្រូវទិញ ឬក៏ត្រូវលក់? លក់ឥឡូវ ឬមួយក៏ចាំបន្តិចទៀត?
តើធ្វើម៉េចដើម្បីឲ្យដឹងថាភាគហ៊ុន ដែលយើងមាននៅនឹងដៃ គិតជាលុយ មានតម្លៃប៉ុន្មាន?
វាអាស្រ័យថា តើយើងមានភាគហ៊ុនក្រុមហ៊ុនអ្វី? ភាគហ៊ុនរបស់ក្រុមហ៊ុននីមួយៗមានតម្លៃខុសៗគ្នា។
តាមការពិត ភាគហ៊ុនមួយ មិនឡើងថ្លៃ ឬចុះថ្លៃភ្លាមៗ ដូចដែលយើងឃើញនៅលើទីផ្សារភាគហ៊ុនទេ។ ឧបមាថា ក្រុមហ៊ុនមួយមានដើមទុន ១លានដុល្លារ ហើយបែងចែកជា១លានភាគហ៊ុន។ អ៊ីចឹង ១ភាគហ៊ុន គឺថ្លៃ១ដុល្លារ ហើយនៅតែ១ដុល្លារអ៊ីចឹងរហូត លើកលែងតែដល់ពេលណាមួយ គេបង្កើនដើមទុនក្រុមហ៊ុននេះដល់ ២លាន ពេលនោះ ទើបថ្លៃភាគហ៊ុនឡើងដល់ ២ដុល្លារក្នុងមួយហ៊ុន។ បើគណនាតាមតម្លៃភាគហ៊ុនបែបនេះ មិនមានអ្វីស្មុគស្មាញនោះទេ។ ១ហ៊ុនថ្លៃ១ដុល្លារ បើយើងមាន១ពាន់ហ៊ុន គឺស្មើនឹង១ពាន់ដុល្លារ។
ក៏ប៉ុន្តែ តម្លៃភាគហ៊ុន នៅលើទីផ្សារភាគហ៊ុនវាខុសពីតម្លៃហ៊ុន ដែលក្រុមហ៊ុនចុះបញ្ជីលក់។ តម្លៃភាគហ៊ុន នៅលើទីផ្សារភាគហ៊ុន ប្រែប្រួលឡើងចុះភ្លាមៗ មិនទៀងទាត់នោះទេ។ ដូច្នេះ តម្លៃភាគហ៊ុន ដែលអ្នកណាម្នាក់មានក្នុងដៃ វាប្រែប្រួលទៅតាមពេលវេលា។ ឧបមាថា ខ្ញុំមានភាគហ៊ុនក្រុមហ៊ុនតូតាល់ ចំនួន ១ពាន់ហ៊ុន។ តាមតម្លៃលើទីផ្សារ នៅពេលនេះ ម៉ោងនេះ ភាគហ៊ុនតូតាល់ ថ្លៃ១០ដុល្លារ ក្នុង១ហ៊ុន។ អ៊ីចឹង ខ្ញុំមាន១ពាន់ហ៊ុន វាស្មើនឹង ១ម៉ឺនដុល្លារ។ ក៏ប៉ុន្តែ ដរាបណាខ្ញុំមិនទាន់លក់ភាគហ៊ុនទាំងនេះចេញផុតពីដៃទេ ១ម៉ឺនដុល្លារនេះ គ្រាន់តែជាតម្លៃលើក្រដាសប៉ុណ្ណោះ។ កន្លះម៉ោងក្រោយវាអាចរលាយបាត់ទៅអស់ក៏មាន ឬក៏វាអាចកើនឡើងរហូតដល់ទៅ២ម៉ឺនក៏ថាបាន។
តើពាក្យថា “ទីផ្សារមូលបត្រ” និង “ទីផ្សារភាគហ៊ុន” ជាពាក្យតែមួយ ឬក៏ពាក្យពីរមានន័យខុសគ្នា?
និយាយឲ្យត្រឹមត្រូវមែនទែន ពាក្យពីរនេះមានន័យខុសគ្នា។ តាមពិត ភាគហ៊ុនគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ នៃមូលបត្រ។ ក្រៅពីភាគហ៊ុន នៅមានមូលបត្រផ្សេងទៀត ដែលគេយកមកធ្វើការទិញ-ដូរ នៅលើទីផ្សារមូលបត្រដែរ ដូចជា មូលបត្របំណុល មូលបត្រជាវត្ថុធាតុដើម ឬជារូបិយវត្ថុ ។ល។ និង។ល។
ដោយសារ តែពីដំបូងឡើយ ភាគហ៊ុន គឺជាប្រភេទមូលបត្រ ដែលគេទិញ-លក់ច្រើនជាងគេ។ ទើបយើងចំណាំតែនិយាយ “ផ្សារភាគហ៊ុន” ជាប់មាត់រហូតមក។ ប៉ុន្តែ បើតាមភាសាបច្ចេកទេសត្រឹមត្រូវ គេត្រូវហៅថា “ទីផ្សារមូលបត្រ”។
សំណួរ-ចម្លើយជុំវិញការលក់ភាគហ៊ុនជាសាធារណៈរបស់ Facebook
[កែប្រែ]តើ Facebook គ្រោងលក់ភាគហ៊ុនប៉ុន្មាន?
Facebook មានគោលដៅប្រមូលលុយឲ្យបាន ៥ពាន់លានដុល្លារ ពីការលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង (Initial Public Offering) នេះ។ ចំនួននេះតិចជាងការរំពឹងទុកពីពេលមុន (១០ពាន់លានដុល្លារ) ក៏ប៉ុន្តែ នៅតែច្រើនជាងការលក់ភាគហ៊ុនដំបូងរបស់ក្រុមហ៊ុនអ៊ីនធ័រនែតផ្សេងៗទៀត នាពេលកន្លងមក។
នៅពេលលក់ភាគហ៊ុនជាសាធារណៈលើកដំបូង កាលពីឆ្នាំ២០០៤ Google លក់បានតែ ១ ៦៧០លានដុល្លារប៉ុណ្ណោះ។
តើភាគហ៊ុនរបស់ Facebook មានតម្លៃប៉ុន្មាន?
នៅក្នុងឯកសារដែលបញ្ជូនទៅគណៈកម្មការមូលបត្រ Facebook មិនទាន់បានកំណត់តម្លៃភាគហ៊ុន ដែលត្រូវលក់នៅឡើយទេ។ ចំនួនពិតប្រាកដ នៃភាគហ៊ុន ដែលត្រូវដាក់លក់ជាសាធារណៈ ក៏ Facebook មានបានបញ្ជាក់នៅក្នុងឯកសារនេះដែរ។
នៅពេលបច្ចុប្បន្ននេះ គេប៉ាន់ប្រមាណថា ភាគហ៊ុន Facebook មានតម្លៃ ២៩,៧៣ដុល្លារ ក្នុងមួយហ៊ុន។ ប៉ុន្តែ អ្នកខ្លះបានព្យាករថា ភាគហ៊ុននេះអាចនឹងមានតម្លៃរហូតដល់ទៅ ៤០ដុល្លារ ក្នុងមួយហ៊ុន នៅពេលចាប់ផ្តើមលក់នៅលើទីផ្សារមូលបត្រ។ ទោះជាយ៉ាងណា ទាំងនេះ គ្រាន់តែការប៉ាន់ស្មានតែប៉ុណ្ណោះ។
នៅពេលណា ទើបគេអាចចាប់ផ្តើមទិញភាគហ៊ុនរបស់ Facebook បាន?
កាលពីថ្ងៃពុធ ម្សិលមិញនេះ Facebook គ្រាន់តែបញ្ជូនឯកសារ ដើម្បីសុំលក់ភាគហ៊ុន ប៉ុន្តែ នៅមិនទាន់ចាប់ផ្តើមលក់ភាគហ៊ុននៅឡើយទេ។ ដូច្នេះ គេនៅមិនទាន់អាចទិញភាគហ៊ុន Facebook បាននៅឡើយទេ នៅពេលនេះ។ គេត្រូវរង់ចាំយ៉ាងតិច ៣ខែទៀត (ក្រោយថ្ងៃទី២ ឧសភា) ទើប Facebook ចាប់ផ្តើមលក់ភាគហ៊ុន។
តើ Facebook មានប្រាក់ចំណូល និងប្រាក់ចំណេញប៉ុន្មានក្នុងមួយឆ្នាំៗ?
ចាប់ពីពេលនេះទៅ ដោយ Facebook ចង់លក់ភាគហ៊ុន នៅក្នុងទីផ្សារមូលបត្រ Facebook មានកាតព្វកិច្ចផ្សព្វផ្សាយជាសាធារណៈ នូវស្ថានភាពហិរញ្ញវត្ថុ និងសកម្មភាពជំនួញរបស់ខ្លួន។
នៅក្នុងឯកសារ ដែលបញ្ជូនទៅគណៈកម្មការមូលបត្រ Facebook បានបង្ហាញថា៖
ប្រាក់ចំណូលប្រចាំឆ្នាំ ២០១១ មាន ៣ ៧១១លានដុល្លារ ប្រាក់ចំណេញសុទ្ធ នៅឆ្នាំ២០១១ មាន ១០០០លានដុល្លារ អ្នកប្រើប្រាស់សកម្មប្រចាំខែ (Monthly active users) មាន ៨៤៥លាននាក់ នៅខែធ្នូ ២០១១ អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ (Daily active users) មាន ៤៨៣លាននាក់
តើប្រភពចំណូលរបស់ Facebook បានមកពីណា?
ប្រភពចំណូលធំបំផុតរបស់ Facebook គឺបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម (Online advertisement)។ នៅឆ្នាំ២០១១ ប្រាក់ចំណូល ដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម មានរហូតដល់ទៅ ៣ ១៥០ លានដុល្លារ ពោលគឺ ប្រមាណ ៨៥% នៃប្រាក់ចំណុលសរុបប្រចាំឆ្នាំ។
ប្រភពចំណូលធំទីពីរ គឺបានមកពីក្រុមហ៊ុន Zynga (១២% នៃប្រាក់ចំណូលសរុបប្រចាំឆ្នាំ២០១១)។ Zynga គឺជាក្រុមហ៊ុនផលិតល្បែងលើអ៊ីនធ័រនែត (Online Game) ដែលគេច្រើនលេងនៅលើ Facebook ដូចជា FarmVille, CastleVille, CityVille, Mafia Wars, Café World ។ល។
តើក្រុមហ៊ុន Facebook មានតម្លៃប៉ុន្មាន?
វាអាស្រ័យទៅលើតម្លៃភាគហ៊ុន Facebook ដែលអ្នកវិនិយោគហ៊ានឲ្យ នៅពេលដែលភាគហ៊ុនត្រូវដាក់លក់នៅលើទីផ្សារ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
ក៏ប៉ុន្តែ នៅពេលនេះ គេរំពឹងថា ក្រោយពេលចូលក្នុងទីផ្សារមូលបត្រ ក្រុមហ៊ុន Facebook អាចនឹងមានតម្លៃរហូតដល់ទៅ ១០០ពាន់លានដុល្លារ។ បើសិនជាពិតជាដូចនេះមែន Facebook ដែលទើបនឹងបង្កើតបាន ៨ឆ្នាំនេះ នឹងមានតម្លៃខ្ពស់ជាងក្រុមហ៊ុនធំៗ និងចំណាស់ៗរបស់អាមេរិក ដូចជា Amazon, Caterpillar, Goldman Sachs, Ford Motor និង Boeing ជាដើម។
តើអគ្គនាយក និងស្ថាបនិក Facebook (Mark Zuckerberg) មានភាគហ៊ុនប៉ុន្មាន?
លោក Mark Zuckerberg មានចំណែកហ៊ុន ២៨,៤% ក្នុងក្រុមហ៊ុន Facebook ហើយទទួលបានប្រាក់ចំណូលពី Facebook (ទាំងប្រាក់ខែ និងប្រាក់ចំណូលផ្សេងទៀត) ចំនួន ១ ៤៩០ ០០០ដុល្លារ (ឆ្នាំ២០១១)។
ប្រសិនបើតម្លៃក្រុមហ៊ុន Facebook ពិតជាកើនឡើងរហូតដល់ ១០០ពាន់លានដុល្លារ ដូចគេរំពឹងទុកមែន ភាគហ៊ុនរបស់លោក Mark Zuckerberg ក្នុងក្រុមហ៊ុន Facebook នឹងមានតម្លៃរហូតដល់ទៅជាង ២៨ពាន់លានដុល្លារ។ លោក Zuckerberg នឹងត្រូវក្លាយជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ លំដាប់ទី ៤ នៅសហរដ្ឋអាមេរិក និង ទី៩ នៅទូទាំងពិភពលោក។ សូម្បីតែបុគ្គលិករបស់ក្រុមហ៊ុន Facebook ក៏អាចក្លាយជាសេដ្ឋី ដែលមានទ្រព្យសម្បត្តិរាប់លានដុល្លារដែរ៕ តើ Facebook រកចំណូលបានដោយសារអ្វីទើបគេហ៊ានឲ្យតម្លៃរហូតដល់៥០ពាន់លានដុល្លារ?
Facebook គឺជាបណ្តាញសង្គមតាមអ៊ីនធ័រនែតមួយ ដែល បច្ចុប្បន្ន មានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ ហើយចំនួននេះចេះតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ អ្នកប្រើប្រាស់បណ្តាញ Facebook មិនតម្រូវឲ្យបង់ប្រាក់កម្រៃអ្វីនោះទេ។ បើដូច្នេះ តើ Facebook រកចំណូលបានពីណាមក?
ការផ្សាយពាណិជ្ជកម្ម
របៀបរកលុយរបស់ Facebook មិនខុសពីវិបសៃត៍ផ្សេងៗទៀតប៉ុន្មានទេ ដូចជា Google,Yahoo និង Youtube ជាដើម។ ប្រភពចំណូលធំបំផុតរបស់ Facebook គឺបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទំព័រវិបសៃត៍។ អ្នកដែលមានទំព័រ Facebook ពិតជាអាចមើលឃើញ នៅផ្នែកខាងស្តាំដៃ នៃទំព័រ Facebook តែងតែមានការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន ឬក៏ផលិតផលផ្សេងៗ។ អ្នកដែលផ្សាយពាណិជ្ជកម្មលើទំព័រនេះ គឺត្រូវបង់លុយទៅឲ្យ Facebook ហើយប្រភពចំណូលពីការផ្សាយពាណិជ្ជកម្មតាមអ៊ីនធ័រនែតបែបនេះ គឺមានទំហំកាន់តែធំ នៅពេលដែលមានអ្នកចូលមើលវិបសៃត៍កាន់តែច្រើន។
សព្វថ្ងៃនេះ Facebook មានអ្នកប្រើប្រាស់ជាង ៥០០លាននាក់។ ប្រសិនបើក្នុងមួយថ្ងៃ អ្នកប្រើប្រាស់ម្នាក់ ចូលមើលទំព័រ Facebook តែម្តង ក៏ Facebook អាចរកចំណូលបានមិនតិចដែរ ពីការផ្សាយពាណិជ្ជកម្ម។ សព្វថ្ងៃនេះ Facebook គឺជាទំព័រវិបសៃត៍ ដែលមានអ្នកចូលមើលច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺ ច្រើនជាង Google ច្រើនជាង Yahoo និងច្រើនជាង Youtube ទៅទៀត។
ដូច្នេះ អ្នកដែលជួយរកលុយឲ្យ Facebook គឺអ្នកប្រើប្រាស់ទាំងជាង ៥០០លាននាក់នេះឯង។ ថ្វីដ្បិតតែយើងអាចប្រើ Facebook ដោយមិនមានបង់លុយមួយសេនក៏ដោយ ក៏ប៉ុន្តែ រាល់លើកដែលយើងចូលមើលទំព័រ Facebook របស់យើង ឬចូលមើលទំព័ររបស់មិត្តភ័ក្តិ ឬទំព័រផ្សេងៗទៀតរបស់ Facebook យើងនាំលុយទៅឲ្យ Facebook ។ ដូច្នេះ Facebook មិនចាំបាច់ងាកមកយកកម្រៃសេវាកម្ម ពីអ្នកប្រើប្រាស់ ដើម្បីទទួលបានប្រាក់ចំណូល ដូចជាពាក្យចចាមអារ៉ាមខ្លះទេ។ អ្វីដែល Facebook ត្រូវការ គឺទុកឲ្យគេប្រើប្រាស់ទំព័រ Facebook ដោយឥតគិតថ្លៃដដែល ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឲ្យបានកាន់តែច្រើនថែមទៀត។
ការលក់ទំនិញ និងអំណោយផ្សេងៗ (Facebook Goods and Gifts)
អ្នកដែលមានទំព័រ Facebook ប្រហែលជាធ្លាប់ឃើញហើយថា នៅពេលដល់ថ្ងៃបុណ្យអ្វីមួយ ដូចជា បុណ្យកំណើតមិត្តភក្តិ បុណ្យណូអែល ឬបុណ្យសង្សារ ជាដើម Facebook តែងតែបង្ហាញឲ្យឃើញពីអំណោយ ដែលគេអាចផ្ញើទៅមិត្តភក្តិបាន។ អំណោយទាំងនេះអាចជា រូបផ្កា រូបកាដូ រូបនំបុណ្យកំណើត ជាដើម។ ដើម្បីបានរូបភាពទាំងនេះផ្ញើទៅជូនមិត្តភក្តិគេត្រូវបង់លុយឲ្យ Facebook ១ដុល្លារ ក្នុង១រូប។ ក្នុងតម្លៃទាបបែបនេះ ធ្វើឲ្យអ្នកខ្លះមិនខ្លាចនឹងទិញផ្ញើទៅមិត្តភ័ក្តិនោះទេ។ សម្រាប់ Facebook រូបមួយថ្លៃ ១ដុល្លារ គឺតិចតួចមែន ក៏ប៉ុន្តែ អ្នកប្រើ Facebook មានរហូតដល់ទៅជាង ៥០០លាននាក់។ ដូច្នេះ សក្តានុពលនៃប្រាក់ចំណូល គឺអាចមានច្រើន។
ទោះជាយ៉ាងនេះក៏ដោយ មានអ្នកវិភាគជាច្រើន នៅតែយល់ថា ការដែលធនាគារ Goldman Sachs ឲ្យតម្លៃ Facebook ដល់ទៅ ៥០ពាន់លានដុល្លារ គឺជាតម្លៃខ្ពស់ហួសហេតុពេក៕ សភាអាមេរិកអនុម័តច្បាប់កំណែទម្រង់ផ្សារមូលបត្រ
ច្បាប់ស្តីពីកំណែទម្រង់ទីផ្សារមូលបត្រ ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តក្នុងសំឡេងគាំទ្រ ៦០សំឡេង ទល់នឹង ៣៩សំឡេងប្រឆាំង។ កំណែទម្រង់នេះ ត្រូវបានធ្វើឡើង ក្នុងគោលដៅចៀសវាងកុំឲ្យវិបត្តិហិរញ្ញវត្ថុ ដូចកាលពីពេលថ្មីៗនេះ ផ្ទុះឡើងសាជាថ្មីម្តងទៀត នៅថ្ងៃអនាគត។
ការរកស៊ីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលមានហានិភ័យខ្ពស់នឹងត្រូវដាក់ក្រោមការត្រួតពិនិត្យរបស់ រដ្ឋាភិបាល។ ការផ្តល់ប្រាក់កម្ចីដល់សាធារណជនទូទៅ ក៏នឹងត្រូវរឹតបន្តឹងដែរ ដើម្បីការពារផលប្រយោជន៍អតិថិជន ជាពិសេស ដើម្បីចៀសវាងការផ្តល់ប្រាក់កម្ចីបែប Subprime ដូចពីមុន ដែលជាដើមហេតុនៃវិបត្តិហិរញ្ញវត្ថុពិភពលោក។ ម្យ៉ាងទៀត ក្រោយពីពេលច្បាប់នេះចូលជាធរមាន ក្រុមហ៊ុន ឬធនាគារណាដែលរកស៊ីខាត ហើយក្ស័យធន មិនអាចមកសុំឲ្យរដ្ឋាភិបាលជួយ ដូចពីមុនទៀតទេ។
បន្ទាប់ពីឡើងមកកាន់អំណាចបាន២ឆ្នាំ លោកអូបាម៉ា និងគណបក្សប្រជាធិបតេយ្យបានធ្វើកំណែទម្រង់ជាប្រវត្តិសាស្រ្តដល់ ទៅពីរ៖ កំណែទម្រង់ប្រព័ន្ធធានារ៉ាប់រងសុខភាព និងកំណែទម្រង់ហិរញ្ញវត្ថុ។ កំណែទម្រង់ហិរញ្ញវត្ថុសម្រេចបាន នៅតែ ៤ខែទៀតប៉ុណ្ណោះ មុននឹងដល់ពេលបោះឆ្នោតជ្រើសរើសសមាជិកសភា នៅខែវិច្ឆិកា។
ការអនុម័តកំណែទម្រង់ហិរញ្ញវត្ថុនេះ បានបង្ហាញអំពីជ័យជំនះរបស់លោកអូបាម៉ា ទល់នឹងការធ្វើ Lobby របស់អ្នកជំនួញ។ គេនៅចាំបានថា នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ ២០០៨ លោកអូបាម៉ាធ្លាប់បានសន្យាថា នឹងមិនបណ្តោយឲ្យអ្នកមានលុយប្រើឥទ្ធិពលរបស់ពួកគេមកលើនយោបាយ របស់រដ្ឋាភិបាលនោះទេ។ របៀបធ្វើការបែបនេះអាចនឹងទាក់ទាញការគាំទ្រពីសំណាក់ពលរដ្ឋអាមេរិក ដែលមិនចូលចិត្តការធ្វើនយោបាយដោយពឹងលើលុយ។
ក៏ប៉ុន្តែ នៅក្នុងការធ្វើកំណែទម្រង់ហិរញ្ញវត្ថុនេះ គណបក្សប្រជាធិបតេយ្យទំនងជាបានបង្កសត្រូវច្រើន ក្នុងមជ្ឈដ្ឋានអ្នកជំនួញ។ អ្នកជំនួញដែលមិនសប្បាយចិត្តអាចនឹងនាំគ្នាសម្រុកទៅជួយគណបក្ស សាធារណរដ្ឋ នៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកានេះ។
ម្យ៉ាងវិញទៀត មានអ្នកខ្លះបានរិះគន់កំណែទម្រង់ហិរញ្ញវត្ថុរបស់លោកអូបាម៉ានេះថា មានលក្ខណៈទូលំទូលាយខ្លាំងពេក ដែលត្រូវការពេលវេលាច្រើនទៀត ទម្រាំតែអាចចាប់ផ្តើមអនុវត្តចេញជាលទ្ធផលបាន។ ការបង្កើតស្ថាប័នថ្មី ដើម្បីត្រួតពិនិត្យសកម្មភាពហិរញ្ញវត្ថុ បន្ថែមពីលើស្ថាប័នដែលមានស្រាប់ ក៏ទទួលរងនូវការរិះគន់ផងដែរ។ គេរិះគន់ថា ការបង្កើតស្ថាប័នច្រើនបែបនេះ នឹងបង្កជាបញ្ហាការិយាធិបតេយ្យស្មុគស្មាញ ដែលនឹងធ្វើឲ្យបាត់បង់ប្រសិទ្ធិភាពការងារ។ ម្យ៉ាងទៀត ស្ថាប័នកាន់តែច្រើន ថវិកាចំណាយ ដើម្បីឲ្យស្ថាប័នទាំងនេះដំណើរការ ក៏មានកាន់តែច្រើន៕ ការដួលដាំដូងនៃទីផ្សារភាគហ៊ុនពិភពលោក
មូលហេតុដែលធ្វើឲ្យទីផ្សារភាគហ៊ុនអឺរ៉ុបនិងទីផ្សារពិភពលោកធ្លាក់ដួលដាំដូងយ៉ាងខ្លាំងបែបនេះមានច្រើន៖
ទី១- ការបារម្ភនិងការសង្ស័យទៅលើសន្ទុះកំណើនសេដ្ឋកិច្ចនៃប្រទេសចិនដែលជាក្បាលម៉ាស៊ីនដ៏សែនសំខាន់សម្រាប់ជួយអូសទាញកំណើនសេដ្ឋកិច្ចពិភពលោក។ ទី២- ស្ថានភាពពុំល្អនៃម៉ាក្រូសេដ្ឋកិច្ចជប៉ុន។ ទី៣- ការសង្ស័យទៅលើសោធនភាពនៃធនាគារអឺរ៉ុបឬការសង្ស័យទៅលើភាពមានប្រាក់គ្រប់គ្រាន់សម្រាប់សងនៃធនាគារអឺរ៉ុប។ ទី៤- ការបាត់បង់ទំនុកចិត្តនៃប្រជាជនអាមេរិកាំងទៅលើសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលធ្វើឲ្យពួកគេលែងមានទំនុកចិត្តទៅលើអនាគត និងដែលជាមូលហេតុធ្វើឲ្យពួកគេលែងហ៊ានធ្វើការទិញដូរហូបចុកដូចពេលមុនៗ។ គួរកត់សម្គាល់ថា ការទិញដូរហូបចុកផ្ទៃក្នុងអាមេរិកាំងគឺជាជំនួយមួយដល់សកម្មភាពសេដ្ឋកិច្ចដ៏សំខាន់ក្នុងការជួយអូសទាញឲ្យមានកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក។ ទី៥- ការបាត់បង់ទំនុកចិត្តរបស់អ្នកបោះទុនធ្វើវិនិយោគ ដោយហេតុតែមានដំណឹងពុំល្អពុំចេះចប់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក។
ថ្វីត្បិតតែនៅថ្ងៃពុធទី៣០មិថុនានេះ ទីផ្សារភាគហ៊ុនសំខាន់ៗនៅអឺរ៉ុបបានស្គាល់សភាពគ្រាន់បើបន្តិចឡើងវិញក៏ដោយ ក៏កាលពីម្សិលមិញគេបានកត់សម្គាល់ឃើញទីផ្សារភាគហ៊ុននៅទីក្រុងម៉ាឌ្រីដបានធ្លាក់ដាំដូងបាត់បង់អស់ប្រមាណ៥,៤៥%ដោយហេតុតែគេបារម្ភពីសុខភាពនៃធនាគារអេស្ប៉ាញុល។ ទីផ្សារភាគហ៊ុននៅទីក្រុងប៉ារីសបានធ្លាក់ចុះអស់៤,០១%។ ទីផ្សារភាគហ៊ុននៅទីក្រុងLondresបានបាត់បង់អស់៣,១០%។ ទីផ្សារភាគហ៊ុននៅទីក្រុងFrancfortនៃប្រទេសអាល្លឺម៉ង់បានស្រុតចុះអស់៣,៣៣% ។ល។
ផ្សារភាគហ៊ុននៅអាស៊ីក្រោយពីបានធ្លាក់ស្រុតបាត់បង់អស់៤,២៧%នៅទីក្រុងសៀងហៃ ២,៣១%នៅទីក្រុងហុងកុង នៅទីក្រុងតូក្យូក្រោយពីបានចុះអស់១,២៧% នៅថ្ងៃពុធនេះបានដួលស្រុតចុះអស់ជិត២%បន្ថែមទៀត។ ទាំងនេះក៏ពីព្រោះតែទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចចិនមានលក្ខណៈពុំល្អប្រសើរ។ កំណើនសេដ្ឋកិច្ចចិនដែលគេគ្រោងថាមាន១,៧%នៅខែមេសាបែជាធ្លាក់មកនៅត្រឹម០,៣%ទៅវិញដែលជាកម្រិតមួយដ៏សែនទាបធ្វើឲ្យគេកើតមានការខកចិត្ត។ ចំណែកឯប្រទេសជប៉ុនវិញ ផលិតផលឧស្សាហកម្មនិងការទិញដូរហូបចុកផ្ទៃក្នុងបានស្គាល់ការថយស្រុតចុះ ហើយចំនួនអ្នកឥតការងារធ្វើក៏បានស្ទុះកើនឡើងនៅខែឧសភាកន្លងទៅនេះ។
កត្តាពុំជាក់ច្បាស់មួយទៀតគឺពាក់ព័ន្ធនឹងបញ្ហាប្រាក់កម្ចីពិសេស៤៤២ពាន់លានអឺរ៉ូដែលធនាគារកណ្តាលអឺរ៉ុបបានឲ្យធនាគារនៃតំបន់ប្រើប្រាក់អឺរ៉ូខ្ចីកាលពីឆ្នាំទៅ។ ធនាគារនៃតំបន់ប្រើប្រាក់អឺរ៉ូត្រូវសងប្រាក់កម្ចីពិសេស៤៤២ពាន់លានអឺរ៉ូនេះទៅធនាគារកណ្តាលអឺរ៉ុបវិញនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ ក៏ប៉ុន្តែគេបារម្ភខ្លាចក្រែងធនាគារនៃតំបន់ប្រើប្រាក់អឺរ៉ូគ្មានសមត្ថភាពនិងគ្មានសោធនភាពនឹងសងប្រាក់កម្ចីពិសេសរបស់ខ្លួនកាលពីឆ្នាំទៅ។ ទាំងនេះពិតជាកត្តានិងជាមូលហេតុនៃក្តីបារម្ភខ្លាំងសម្រាប់ពិភពសេដ្ឋកិច្ចនិងពិភពហិរញ្ញវត្ថុ។ ហើយម្យ៉ាងទៀត បើទោះជា ធនាគារនៃតំបន់ប្រើប្រាក់អឺរ៉ូមានសមត្ថភាពនឹងសងប្រាក់កម្ចីពិសេស ៤៤២ពាន់លានអឺរ៉ូនេះក្តី ក៏គេនៅតែជួយបារម្ភខ្លាចក្រែង ធនាគារនៃតំបន់ប្រើប្រាក់អឺរ៉ូទាំងនោះ លែងមានប្រាក់គ្រប់គ្រាន់សម្រាប់ជួយផ្តល់ផ្គត់ផ្គង់ក្នុងការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនិងឧស្សាហកម្ម។
សម្រាប់លោកDominique Strauss-kahnអគ្គនាយកនៃFMI ឬមូលនិធិរូបិយវត្ថុអន្តរជាតិយល់ឃើញថា សេដ្ឋកិច្ចពិភពលោកលែងជួបនឹងវិបត្តិធ្ងន់ធ្ងរដូចពេលមុនៗទៀតហើយ ទោះបីជាគេនៅតែមានការសង្ស័យទៅលើសន្ទុះកំណើនសេដ្ឋកិច្ចពិភពលោកក៏ដោយ។
ហើយនៅក្នុងបរិបទដ៏អាប់អួរនេះ អ្នកដែលមានប្រាក់សម្រាប់បោះទុនធ្វើវិនិយោគ ពួកគេបានងាកទៅរកប័ណ្ណរតនាគារអាមេរិកាំងឬ ប័ណ្ណរតនាគារអាល្លឺម៉ង់វិញដែលពួកគេមានទំនុកចិត្តកក់ក្តៅជាង៕ គ្មានឡើយកិច្ចព្រមព្រៀងនៃក្រុមប្រទេសG20ស្ដីពីពន្ធលើធនាគារ
ក្រុមប្រទេសG20ពុំសម្រេចបាននូវកិច្ចព្រមព្រៀងស្ដីពីពន្ធលើធនាគារ មូលហេតុគឺបណ្តាលមកពីមានការជំទាស់ពីសំណាក់ប្រទេសមួយចំនួន មានដូចជាប្រទេសកាណាដានិងប្រទេសឥណ្ឌាដែលធនាគារនៅប្រទេសទាំងនោះគ្មានបានដើរតួនាទីអ្វីឡើយនៅក្នុងវិបត្តិហិរញ្ញវត្ថុអន្តរជាតិនៅពេលកន្លងទៅនេះ។
ពន្ធលើធនាគារនេះគឺជាប្រធានបទមួយដែលសមាជិកនៃក្រុមប្រទេសG20បានជជែកពិភាក្សាគ្នាយ៉ាងផុសផុល ដោយហេតុថាមានប្រទេសសមាជិកG20ជាច្រើនមានបំណងនឹងរៀបចំឲ្យមានឡើងនូវពន្ធលើធនាគារ ដែលតម្រូវឲ្យធនាគារដែលជាអ្នកបានប្រព្រឹត្តអំពើខុសឆ្គង ទទួលខុសត្រូវនិងបង់ខាតក្នុងវិបត្តិហិរញ្ញវត្ថុដែលពួកខ្លួនបានបង្កឲ្យកើតមានឡើង។ ពុំត្រូវឲ្យប្រជាជននៃប្រទេសទាំងនោះបង់ពន្ធដារយកមកជួយសង្គ្រោះធនាគារឡើយ។
ពន្ធលើធនាគារនេះគឺគេចង់រៀបចំឲ្យមានឡើងក្នុងគោលបំណងសម្រាប់ជួយផ្តល់ហិរញ្ញប្បទានឲ្យដល់មូលនិធិដែលត្រូវផ្តល់ជំនួយឲ្យបេសកកម្មជួយសង្គ្រោះធនាគារ។
គួរកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសូងហិរញ្ញវត្ថុនៃក្រុមប្រទេសG20ដែលជួបប្រជុំគ្នានៅទីក្រុងPusanនៃប្រទេសកូរ៉េខាងត្បូងបានទទួលស្គាល់ថា ពួកគេពុំសម្រេចបាននូវកិច្ចព្រមព្រៀងស្ដីពីពន្ធលើធនាគារឡើយ។ក៏ប៉ុន្តែលោកស្រីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងChristine Lagarde បានថ្លែងប្រាប់ឲ្យដឹងថា លោកស្រីសង្ឃឹមជានិច្ចនឹងប្រមូលប្រជុំដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងស្ដីពីពន្ធលើធនាគារនេះ។
ក្រោយពីជំនួបនៃក្រុមប្រទេសG20នៅទីក្រុងPusanនៃប្រទេសកូរ៉េខាងត្បូងបានបិទបញ្ចប់ហើយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសជាសមាជិកបានសម្តែងឲ្យឃើញនូវសុទិដ្ឋិនិយមរបស់ពួកគេ ដោយបានធ្វើការកត់សម្គាល់ជាឯកច្ឆ័ន្ទថា “កំណើនសេដ្ឋកិច្ចពិភពលោកបានវិលត្រឡប់មកវិញហើយ”។
ថ្វីដ្បិតតែអត្រានៃកំណើនសេដ្ឋកិច្ចនៃប្រទេសមួយចំនួនមានកម្រិតខ្ពស់ទាបពុំមានលក្ខណៈប្រហាក់ប្រហែលគ្នា ក៏ប្រទេសនីមួយៗត្រូវតែអនុម័តឲ្យមានវិធានការសម្រាប់ជំរុញឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ចនិងត្រូវរៀបចំឲ្យមានឡើងនូវផែនការត្បិតត្បៀតអនុលោមតាមស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពហិរញ្ញវត្ថុនៃប្រទេសនីមួយៗ។
សូមគូសបញ្ជាក់ថា ជំនួបប្រជុំពីរថ្ងៃនៅទីក្រុងPusanនៃប្រទេសកូរ៉េខាងត្បូងនៃរដ្ឋមន្ត្រីក្រសូងហិរញ្ញវត្ថុនៃក្រុមប្រទេសG20 បានប្រព្រឹត្តទៅនៅក្នុងបរិបទមួយដែលប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ូកំពុងត្រូវប្រឈមមុខទល់នឹងវិបត្តិហិរញ្ញវត្ថុដ៏សែនធ្ងន់ធ្ងរ។ ហើយជំនួបនេះក៏មានគោលបំណងផងដែររិះរកឲ្យបាននូវកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ និងកំណែទម្រង់ធ្វើយ៉ាងណាឲ្យមានតុល្យភាពថវិកា។
លោកអគ្គនាយកនៃមូលនិធិរូបិយវត្ថុអន្តរជាតិFMIបានសម្តែងឲ្យឃើញនូវការពេញចិត្តរបស់គេនៅចំពោះមុខកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសូងហិរញ្ញវត្ថុនៃក្រុមប្រទេសG20ពីរថ្ងៃនៅទីក្រុងPusanនៃប្រទេសកូរ៉េខាងត្បូង ដោយបានគូសបញ្ជាក់ប្រាប់ថា ប្រទេសទាំងនោះយល់ដឹងពីការចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការ ហើយលោកអគ្គនាយកនៃមូលនិធិរូបិយវត្ថុអន្តរជាតិFMIបានរំលឹកទៀតថា ជំនួបនៅទីក្រុងPusanនៃប្រទេសកូរ៉េខាងត្បូងគឺជាដំណាក់ការមួយនៃអភិក្រមសម្រាប់កិច្ចពិភាក្សា។ ជំនួបកំពូលលើកក្រោយនៃក្រុមប្រទេសG20ដែលជាក្រុមប្រទេសមហាអំណាចឧស្សាហកម្មជឿនលឿនជាងគេក្នុងលោកនឹងត្រូវប្រព្រឹត្តទៅនៅទីក្រុងតូរ៉ុងតូនៃប្រទេសកាណាដានៅថ្ងៃទី២៦និង២៧មិថុនាខាងមុខនេះ៕ សេដ្ឋកិច្ចចិនកើនឡើង ៧,៧% នៅឆ្នាំ២០១៣ តែអាចធ្លាក់ចុះទាបជាងនេះនៅឆ្នាំ២០១៤
អត្រាកំណើនសេដ្ឋកិច្ច ៧,៧% ជាអត្រាមួយប្រហាក់ប្រហែលនឹងឆ្នាំ២០១២ ហើយខ្ពស់ជាងការព្យាកររបស់រដ្ឋាភិបាល ដែលមានត្រឹមតែ ៧,៥%។
កំណើនសេដ្ឋកិច្ច ៧,៧% គឺជាអត្រាមួយខ្ពស់ បើគេប្រៀបធៀបនឹងបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចផ្សេងទៀត ក៏ប៉ុន្តែ សម្រាប់ចិន នេះគឺជាអត្រាមួយទាប បើធៀបទៅនឹងរយៈពេលប្រមាណជាង ១០ឆ្នាំកន្លងទៅ ដែលជាទូទៅ សេដ្ឋកិច្ចចិនមានអត្រាកំណើនដល់ទៅ២ខ្ទង់។ ម្យ៉ាងទៀត កំណើនសេដ្ឋកិច្ច ៧,៧% ជាអត្រាមួយទាប បើធៀបទៅនឹងតម្រូវការសេដ្ឋកិច្ច និងសង្គមរបស់ចិន ពីព្រោះចិនមានប្រជាជនច្រើន ហើយមួយផ្នែកធំនៅមានប្រាក់ចំណូលទាប។ ប្រជាជនដែលត្រូវការការងារធ្វើក៏មានចំនួនច្រើន ដែលចាំបាច់តម្រូវឲ្យមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដើម្បីអាចបង្កើតការងារគ្រប់គ្រាន់តាមតម្រូវការ។
មន្រ្តីរដ្ឋាភិបាលចិនបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា សម្រាប់ឆ្នាំ២០១៤នេះ ចិនកំណត់គោលដៅអត្រាកំណើនសេដ្ឋកិច្ចត្រឹមតែ ៧,៥% ពោលគឺ ទាបជាងឆ្នាំ២០១៣។
បើមើលទៅលើតួលេខ ចេញផ្សាយដោយការិយាល័យស្ថិតិចិន នៅថ្ងៃចន្ទនេះ គេឃើញថា នៅក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០១៣ អត្រាកំណើនចិនបានចាប់ផ្តើមថយចុះមកវិញ ដោយសារតែការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធមានការធ្លាក់ចុះ។ នៅក្នុងម៉ូដែលកំណើនសេដ្ឋកិច្ចចិន នៅពេលបច្ចុប្បន្ននេះ វិនិយោគ គឺជាចលករដ៏សំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ដូច្នេះ នៅពេលដែលវិនិយោគធ្លាក់ចុះ អត្រាកំណើនសេដ្ឋកិច្ចក៏ត្រូវធ្លាក់ចុះ។
ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិននេះ គឺជាដំណឹងអាក្រក់មួយ សម្រាប់រយៈពេលខ្លី ក៏ប៉ុន្តែ វាអាចជារឿងល្អ សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
ការធ្លាក់ចុះនៃវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អាចជាសញ្ញាបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែចាត់វិធានការរឹតបន្តឹងការធ្វើវិនិយោគដោយប្រើប្រាក់កម្ចី ជាពិសេស វិនិយោគដែលមិនទទួលប្រាក់ចំណេញមកវិញ។ នៅក្នុងរបាយការណ៍សវនកម្ម ដែលចិនបានចេញផ្សាយ កាលពីខែធ្នូ គេឃើញថា រដ្ឋបាលដែនដីចិន (រដ្ឋបាលខេត្ត ក្រុង ស្រុក ជាដើម) មានបរិមាណបំណុលសាធារណៈកើនឡើងយ៉ាងលឿនបំផុត គឺកើនឡើងរហូតដល់ទៅ ៦៧% នៅក្នុងរយៈពេលតែ ២ឆ្នាំ។ ល្បឿននៃកំណើនបំណុលសាធារណៈនេះ គឺជាហានិភ័យដ៏ធំមួយ សម្រាប់ស្ថិរភាពហិរញ្ញវត្ថុចិន។
ការចាត់វិធានការរឹតបន្តឹងការធ្វើវិនិយោគដោយប្រើប្រាក់កម្ចី បង្ហាញថា រដ្ឋាភិបាលចិនបច្ចុប្បន្ន ផ្តោតការយកចិត្តទុកដាក់ចំពោះស្ថិរភាពហិរញ្ញវត្ថុ ក្នុងរយៈពេលវែង ជាជាងគិតគូរតែកំណើនសេដ្ឋកិច្ចក្នុងរយៈពេលខ្លី។
ម្យ៉ាងទៀត ការកំណត់គោលដៅកំណើនសេដ្ឋកិច្ចត្រឹមតែ ៧,៥% នៅឆ្នាំ២០១៤ វាក៏អាចជាសញ្ញាមួយដែរថា មេដឹកនាំចិនបច្ចុប្បន្ននៅតែបន្តផ្តោតអាទិភាពទៅលើការធ្វើកំណែទម្រង់ម៉ូដែលកំណើនសេដ្ឋកិច្ច ពីការពឹងផ្អែកលើការនាំចេញ និងវិនិយោគ ទៅរកម៉ូដែលកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើការបង្កើនទីផ្សារក្នុងស្រុក ដែលអាចឲ្យចិនមានកំណើនសេដ្ឋកិច្ចមួយប្រកបដោយចីរភាព ក្នុងរយៈពេលវែងទៅមុខ។
បញ្ហាប្រឈមធំបំផុត សម្រាប់លោកស៊ី ជីនពីង និងលោកលី ខឺឈាំង គឺធ្វើយ៉ាងណាអាចបន្តធ្វើកំណែទម្រង់ម៉ូដែលសេដ្ឋកិច្ចនេះបាន ដោយមិនឲ្យអត្រាកំណើនសេដ្ឋកិច្ចធ្លាក់ចុះទាបពេក ដែលអាចបង្កទៅជាវិបត្តិសង្គម នាំឲ្យមានការតវ៉ាពីប្រជាជន។ កន្លងមក លោកលី ខឺឈាំង ធ្លាប់បានលើកឡើងថា ចិនត្រូវការអត្រាកំណើនសេដ្ឋកិច្ចយ៉ាងតិច ៧,២% ទើបអាចរក្សាស្ថិរភាពនៃទីផ្សារការងារបាន៕ ពាក្យគន្លឹះ : ចិន - សេដ្ឋកិច្ច តើដល់វេនចិនដែលត្រូវប្រឈមមុខនឹងបញ្ហាប្រាក់បំណុល?
ចិនគឺជាម្ចាស់បំណុលដ៏ធំបំផុតរបស់អាមេរិក ក៏ប៉ុន្តែ ចិនខ្លួនឯងក៏ជំពាក់បំណុលគេមិនតិចដែរ! បំណុលរបស់រដ្ឋាភិបាលកណ្តាលចិនមានកម្រិតទាប ក៏ប៉ុន្តែ គឺបំណុលរបស់រដ្ឋបាលដែនដី ដែលមានកម្រិតខ្ពស់។
កាលពីថ្ងៃចន្ទ ការិយាល័យសវនកម្មជាតិចិនបានចេញផ្សាយនូវរបាយការណ៍មួយបង្ហាញថា គិតមកត្រឹមខែមិថុនា ឆ្នាំ២០១៣ រដ្ឋបាលដែនដីចិន រួមមានដូចជា ស្រុក ខេត្ត និងក្រុង ជាដើម មានកម្រិតប្រាក់បំណុលសរុបនៅទូទាំងប្រទេស រហូតដល់ទៅប្រមាណជា ៣ ០០០ ០០០ លានដុល្លារអាមេរិក (៣ ថែមសូន្យចំនួន ១២)។
បើគិតជាសរុបជាមួយនឹងប្រាក់បំណុលរបស់រដ្ឋាភិបាលកណ្តាល អត្រាប្រាក់បំណុលសាធារណៈរបស់ចិនមានរហូតដល់ទៅជិត ៦០% នៃផលិតផលក្នុងស្រុកសរុប។ អត្រានេះមានកម្រិតទាបនៅឡើយ បើគេប្រៀបធៀបទៅនឹងប្រទេសក្រិក ដែលកំពុងជួបនឹងវិបត្តិប្រាក់បំណុល ដែលមានអត្រាបំណុលសាធារណៈរហូតដល់ទៅប្រមាណជា ១៦០% ឬក៏ធៀបទៅនឹងប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយចំនួនផ្សេងទៀត ដូចជា ជប៉ុន (២៤០%) អាមេរិក (១០០%) និងបារាំង (៩៣%)។
ដូច្នេះ ប្រាក់បំណុលសាធារណៈរបស់ចិន នៅពេលបច្ចុប្បន្ននេះ នៅមិនទាន់ដល់កម្រិតគ្រោះថ្នាក់ ដែលអាចបង្កជាវិបត្តិនៅឡើយទេ។ ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យគេព្រួយបារម្ភ គឺល្បឿននៃកំណើនប្រាក់បំណុលនេះ។
បើគេមើលទៅលើតួលេខចុះផ្សាយដោយការិយាល័យសវនកម្មជាតិចិន គេឃើញថា នៅក្នុងរយៈពេលតែប្រមាណជា ២ឆ្នាំកន្លះប៉ុណ្ណោះ បំណុលសាធារណៈរបស់ចិនបានកើនឡើងរហូតដល់ទៅជិត ៧០% ដែលជាអត្រាកំណើនមួយខ្ពស់បំផុត។ ការណ៍ដែលបំណុលសាធារណៈចិនកើនឡើងយ៉ាងលឿនបែបនេះ គឺដោយសារតែរដ្ឋបាលដែនដីចិនបាននាំគ្នារំពឹងខ្លាំងពេកទៅលើការខ្ចីបំណុល ដើម្បីយកមកចំណាយ ជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងពេលដែលចិនកំពុងរងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោក។
ចំណុចដែលធ្វើឲ្យគេកាន់តែព្រួយបារម្ភ គឺសមត្ថភាពសងបំណុលរបស់រដ្ឋបាលដែនដីចិន។ គេសង្កេតឃើញថា លុយភាគច្រើន ដែលរដ្ឋបាលដែនដីខ្ចីពីគេ ត្រូវបានយកទៅប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលជាការវិនិយោគដោយមិនទទួល ប្រាក់ចំណេញមកវិញ ដើម្បីយកទៅសងបំណុលគេ។
របាយការណ៍សវនកម្មជាតិចិនបង្ហាញឲ្យឃើញថា អាជ្ញាធរដែនដីចិនពឹងផ្អែកខ្លាំងលើប្រភពចំណុលពីរ ដើម្បីយកមកសងរំលោះបំណុល គឺការលក់ដីរដ្ឋ និងការខ្ចីបំណុលបន្ថែម។ ការខ្ចីបំណុលថ្មី ដើម្បីយកមកសងបំណុលចាស់ គឺជាយន្តការមួយ ដែលអាចនាំទៅរកវិបត្តិនៅថ្ងៃណាមួយ។
អ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុខ្លះបានបង្ហាញនូវក្តីបារម្ភថា បញ្ហាប្រាក់បំណុលសាធារណៈចិនអាចនឹងជាហានិភ័យធំមួយ សម្រាប់ហិរញ្ញវត្ថុពិភពលោក នៅឆ្នាំ២០១៤នេះ ហើយគេបាននាំគ្នាជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំងចាត់វិធានការ ដើម្បីទប់ស្កាត់អត្រាកំណើននៃប្រាក់បំណុលសាធារណៈ។
វិធានការដ៏សាមញ្ញមួយ គឺរដ្ឋាភិបាលក្រុងប៉េកាំងអាចចេញបញ្ជាឲ្យអាជ្ញាធរដែនដីកាត់បន្ថយការខ្ចីបំណុលពីគេ។ ក៏ប៉ុន្តែ ការធ្វើបែបនេះវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ចចិន ដែលកំពុងតែមានភាពយឺតយ៉ាវស្រាប់ នៅពេលនេះ។
ម្យ៉ាងទៀត គេសង្កេតឃើញថា នៅក្នុងប្រព័ន្ធវិមជ្ឈការចិននាពេលបច្ចុប្បន្ន ការខ្ចីបំណុលគេ គឺជារឿងចាំបាច់ សម្រាប់រដ្ឋបាលដែនដីចិន ដែលត្រូវទទួលរ៉ាប់រងការចំណាយសាធារណៈរហូតដល់ទៅប្រមាណជា ៨០% នៅក្នុងរង្វង់ដែនដីរបស់ខ្លួន ក៏ប៉ុន្តែ ទទួលបានចំណូលពីការប្រមូលពន្ធតែប្រមាណជា ៤៨%។
ដូច្នេះ គន្លឹះសំខាន់មួយ ក្នុងការដោះស្រាយបញ្ហាបំណុលនៃរដ្ឋបាលដែនដី គឺការធ្វើកំណែទម្រង់ទៅលើប្រព័ន្ធបែងចែកចំណូលសារពើពន្ធ រវាងរដ្ឋបាលដែនដី និងរដ្ឋាភិបាលក្រុងប៉េកាំង។ អ្នកជំនាញខ្លះទៀត បានផ្តល់ជាអានុសាសន៍ថា ចិនគួរតែផ្ទេរបំណុលមួយផ្នែក ពីរដ្ឋបាលដែនដីចិន ទៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ដែលនៅមានកម្រិតបំណុលសាធារណៈទាបនៅឡើយ៕ កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះមិនមែនប្រាកដជាដំណឹងអាក្រក់ទេ!
កាលពីឆ្នាំ២០១២កន្លងទៅនេះ សេដ្ឋកិច្ចចិនមានអត្រាកំណើនប្រចាំឆ្នាំ ៧,៨% ដែលគេអាចរាប់ថាជាអត្រាទាបបំផុតកម្រនឹងឃើញមាន ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅ ដែលសេដ្ឋកិច្ចរបស់ចិនស្គាល់អត្រាកំណើនជាមធ្យមមិនតិចជាង ១០% នោះទេ។ ចូលមកដល់ត្រីមាសទី១ឆ្នាំ២០១៣ សេដ្ឋកិច្ចចិនធ្លាក់ចុះមកនៅត្រឹម ៧,៦% បើគិតជាអត្រាប្រចាំឆ្នាំ ហើយនៅត្រីមាសទី២ អត្រាកំណើននេះបន្តធ្លាក់ចុះតទៅទៀត មកនៅត្រឹម ៧,៥%។
នេះបញ្ជាក់ថា ដំណើរយឺតយ៉ាវនៃសេដ្ឋកិច្ចចិនគឺពិតជាកំពុងតែកើតមានឡើងមែន ហើយបញ្ហានេះអាចនឹងបន្តកើតឡើងទៀតរហូតដល់ចុងឆ្នាំនេះ។ សូម្បីតែរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចចិនក៏ធ្លោយមាត់ខ្លួនឯងដែរថា អត្រាកំណើនសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០១៣នេះ មានប្រហែលត្រឹមតែ ៧%ប៉ុណ្ណោះ។
សម្រាប់មេដឹកនាំចិន ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច គឺជាក្តីព្រួយបារម្ភដ៏ធំមួយ ពីព្រោះវាអាចធ្វើឲ្យអត្រាអ្នកអត់ការងារធ្វើកើនឡើងខ្ពស់ ហើយអាចនឹងបង្កទៅជាវិបត្តិសង្គម។ ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន ក៏ជាក្តីព្រួយបារម្ភមួយដែរ សម្រាប់បណ្តាប្រទេសផ្សេងៗទៀត នៅលើពិភពលោក ពីព្រោះចិន ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទីពីរ គឺជាទីផ្សារដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ មានន័យថា តម្រូវការប្រេង និងវត្ថុធាតុដើមក៏ត្រូវថយចុះ។ តម្រូវការថយចុះ តម្លៃប្រេង និងវត្ថុធាតុដើមក៏ត្រូវធ្លាក់ចុះ។
ក៏ប៉ុន្តែ គេក៏មិនត្រូវសំឡឹងមើលទៅលើតួលេខសេដ្ឋកិច្ចចិន ដោយក្រសែភ្នែកទុទ្ទិដ្ឋិនិយមពេកនោះដែរ។ ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន នៅពេលនេះ មិនមែនប្រាកដថាជាដំណឹងអាក្រក់នោះទេ។
កំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនធ្លាក់ចុះទាបជាងមុន សកម្មភាពឧស្សាហកម្មចិនក៏ធ្លាក់ចុះ ហើយការនាំចេញក៏ធ្លាក់ចុះ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ មានតួលេខមួយទៀត ដែលគេមិនត្រូវមើលរំលង គឺការចំណាយលើទីផ្សារក្នុងស្រុកចិន ដែលមានការកើនឡើង ហួសពីការរំពឹងទុក។
យោងតាមតួលេខរបស់ការិយាល័យស្ថិតិចិន ការចំណាយរបស់ប្រជាជនចិន នៅខែមិថុនាកន្លងទៅនេះ មានការកើនឡើងរហូតដល់ទៅ ១៣,៣% លើសពីខែមុន ដែលមានតែ ១២,៩%។ បើគិតជាអត្រាមធ្យមប្រចាំឆ្នាំ ការចំណាយរបស់ប្រជាជនចិននឹងត្រូវកើនឡើង ១២,៧%។
នេះគឺជាការបង្ហាញឲ្យឃើញអំពីកំណែទម្រង់របស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការកែប្រែម៉ូដែលកំណើនសេដ្ឋកិច្ចចិន ពីកំណើនដែលផ្អែកលើការនាំចេញ និងវិនិយោគ មកជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើការបង្កើនតម្រូវការទីផ្សារក្នុងស្រុកវិញ។ ជាកំណែទម្រង់ ដែលលោកស៊ី ជីនពីង ធ្លាប់បានប្តេជ្ញាថានឹងរៀបចំធ្វើ ហើយវាក៏ជាកំណែទម្រង់ ដែលប្រទេសដៃគូពាណិជ្ជកម្មរបស់ចិន ក៏ដូចជា ធនាគារពិភពលោកធ្លាប់តែទាមទារដោយទទូចឲ្យចិនរៀបចំធ្វើដែរ ពីព្រោះថា ចិនមានប្រជាជនច្រើន ហើយការបង្កើនតម្រូវការទីផ្សារក្នុងស្រុក គឺជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទាំងសម្រាប់ចិនខ្លួនឯង និងសម្រាប់សេដ្ឋកិច្ចពិភពលោក។
ការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ចនៅពេលនេះ អាចជាផ្នែកមួយ នៃការធ្វើកំណែទម្រង់ម៉ូដែលកំណើនសេដ្ឋកិច្ចនេះ ពីព្រោះថា ដើម្បីបង្កើនតម្រូវការទីផ្សារក្នុងស្រុក អាជ្ញាធរចិនត្រូវបង្វែរពីការអភិវឌ្ឍវិស័យផលិតកម្ម សម្រាប់ការនាំចេញ មកចាប់ផ្តើមផ្តោតអាទិភាពលើការអភិវឌ្ឍវិស័យសេវាកម្ម និងផលិតកម្ម សម្រាប់ទីផ្សារក្នុងស្រុកវិញ។
ចំណុចដែលគួរឲ្យកត់សម្គាល់មួយទៀត គឺនៅត្រង់ថា បើទោះបីជាអត្រាកំណើនសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ គេមិនឃើញមេដឹកនាំចិនធ្វើការកែប្រែនយោបាយសេដ្ឋកិច្ច ឬដាក់ចេញនូវវិធានការជំរុញកំណើនសេដ្ឋកិច្ច ដូចជាពេលមុនៗនោះទេ។ នេះជាការបង្ហាញថា មេដឹកនាំចិនសុខចិត្តទ្រាំទទួលយកអត្រាកំណើនសេដ្ឋកិច្ចទាប នាពេលបច្ចុប្បន្ន ហើយផ្តោតលើការធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងចក្ខុវិស័យវែងឆ្ងាយ គឺការផ្លាស់ប្តូរមូលដ្ឋានកំណើនសេដ្ឋកិច្ច ពីកំណើនដែលពឹងផ្អែកលើការនាំចេញ និងការវិនិយោគ មកជាកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើការបង្កើនតម្រូវការទីផ្សារក្នុងស្រុក តាមរយៈការបង្កើនការចំណាយរបស់ប្រជាជនវិញ ដែលជាមូលដ្ឋានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងរយៈពេលវែង៕ ចិន អាចធ្វើព្យុះធ្វើភ្លៀងពាណិជ្ជកម្ម នៅអឺរ៉ុប ឬ ?
ខុសពីទម្លាប់សព្វមួយដង កាលពីចុងខែមិថុនា កន្លងទៅថ្មីនេះៗ ប្រធានាធិបតីបារាំងបានលាកម្រាលព្រំទទួលពាណិជ្ជករ និងអ្នកជំនួញធំៗចិន ជាង៤០នាក់ មានទ្រព្យធនសរុបតំណាង៥%នៃផលិតផលសរុបរបស់ចិន។ កម្មវត្ថុគឺបង្ហាញគំរូសេដ្ឋកិច្ចនិងសង្គមបារាំងដល់ចិន និងចង់ទាក់ទាញចិនឱ្យមកវិនិយោគនៅបារាំង។
ប៉ុន្តែទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងខណៈដែល ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប នារយៈពេលប៉ុន្មានខែចុងក្រោយនេះ មានសភាពតានតឹងជាងពេលណាៗទាំងអស់។ ជម្លោះពាណិជ្ជកម្មមានកើនឡើងជាលំដាប់ ៖ សម្ភារៈក្នុងវិស័យទូរគមនាគមន៍ ផលិតដែកថែប សេរ៉ាមិច គ្រឿងផ្សារ ហើយដំបៅដ៏ធំជាងគេ គឺផ្ទាំងស្រូបកម្តៅព្រះអាទិត្យ។
កាលពីថ្ងៃទី៤មិថុនា គណៈកម្មាធិការអឺរ៉ុប បានចេញវិធានការកណ្តាប់ដៃដែក ដំឡើងពន្ធបន្ថែមលើផលិតផលរបស់ចិន ព្រោះអឺរ៉ុបយល់ថាជាមធ្យោបាយតែមួយគត់ដែលអាចជួយសង្គ្រោះក្រុមហ៊ុនអឺរ៉ុប ពីការរកស៊ីមិនស្មោះត្រង់របស់ចិន មិនមែនជានយោបាយការពារផលប្រយោជន៍ផលិតផលក្នុងស្រុកសម្រាប់នាំចេញទៅលក់នៅប្រទេសទេ។ ពោលគឺអឺរ៉ុបយកពន្ធលើផ្ទាំងស្រូបកម្តៅព្រះអាទិត្យផលិតនៅចិន ចំនួន ១១,៨% ហើយអឺរ៉ុបរក្សាសិទ្ធិនឹងដំឡើងពន្ធនេះដល់ទៅ ៤៧,៦%។ នេះជាទណ្ឌកម្មដ៏ធ្ងន់បំផុតសម្រាប់ឧស្សាហកម្មចិន ដែលជាប់ឈ្មោះអាក្រក់ និងល្បីថាចូលចិត្តបង្ខូចតម្លៃទីផ្សារ។ ផ្ទាំងស្រូបកម្តៅព្រះអាទិត្យដែលពេលនេះ តំណាងឱ្យ៨០%នៃទីផ្សារអឺរ៉ុប និងមានតម្លៃថោកជាងផលិតផលអឺរ៉ុបដល់ទៅពាក់កណ្តាល។ ម្យ៉ាងវិញទៀត អឺរ៉ុបសង្ស័យថា រដ្ឋាភិបាលចិន បានជួយឧបត្ថម្ភក្រុមហ៊ុនដោយសម្ងាត់ ដែលនេះជាការធ្វើជំនួញមិនស្មោះត្រង់។ ប៉ុន្តែអាល្លឺម៉ង់ ដែលជាសមាជិកសហភាពអឺរ៉ុបដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មទីមួយរបស់ចិនអឺរ៉ុប ប្រឆាំងនឹងទណ្ឌកម្មអឺរ៉ុបដាក់លើចិន ដោយឈរលើគោលការណ៍ដំណោះស្រាយជម្លោះតាមផ្លូវចរចា។
តាមការពិត សម្រាប់ភាគីអឺរ៉ុប ការដំឡើងពន្ធនេះ ធ្វើឡើងមិនមែនក្នុងបំណងចង់បំបិទផ្លូវ ដាក់ទណ្ឌកម្ម ឬបង្កសង្គ្រាមពាណិជ្ជកម្មជាមួយចិនទេ តែល្បែងតាក់តិច នាំចិនឱ្យព្រមបើកផ្លូវចរចាពាណិជ្ជកម្ម តំឡើងតម្លៃផលិតផល ធ្វើយ៉ាងឱ្យការប្រកួតប្រជែងពាណិជ្ជកម្មមានលក្ខណៈស្មោះត្រង់ ស្របច្បាប់ មិនបង្ខូចតម្លៃទីផ្សារ។
បីថ្ងៃក្រោយការប្រកាសអនុម័តដំឡើងពន្ធលើផលិតផលចិនបណ្តោះអាសន្ន តំណាងសហភាពអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម បានធ្វើដំណើរភ្លាម ទៅកាន់ក្រុងប៉េកាំង ដើម្បីស្វែងរកការព្រមព្រៀងគ្នា ឬដំណោះស្រាយណាមួយ ក្រែងអាចបញ្ចៀសវិបត្តិសង្គ្រាមពាណិជ្ជកម្មបាន។ សម្រាប់អ្នកឯកទេសពាណិជ្ជកម្មរបស់ភាគីទាំងពីរ មិនចង់ឃើញឡើយជម្លោះពាណិជ្ជកម្មអូសបន្លាយ ប៉ុន្តែចិនមិនចូលចិត្តការលេងសើចបែបនេះទេ ហើយក៏មិនចេះយល់យោគអនុគ្រោះដែរ ! ចិនបានសងសឹកភ្លាម ព្រោះចិនដឹង អំពីចំណុចខ្សោយរបស់អឺរ៉ុប ស្គាល់កន្លែងដែលចុចទៅដែលអឺរ៉ុបឈឺផ្សា។
ចិនបានប្រកាសបើកអង្កេតជាផ្លូវការ លើករណីលក់ថោក បង្ខូចថ្លៃផលិតផលស្រាដែលនាំចូលពី អឺរ៉ុប។ ស្រាអឺរ៉ុបនាំចូលទៅចិន គឺមានតម្លៃច្រើនជាងមួយពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ហើយ ប្រទេសដែលនឹងរងគ្រោះជាងគេដោយសារវិធានការរបស់ចិន គឺបារាំង ព្រោះបារាំងជាប្រទេសអឺរ៉ុបទីមួយ ដែលនាំចូលស្រាច្រើនជាងគេទៅក្នុងប្រទេសចិន ជាមួយតម្លៃ ៧៨៨លានដុល្លារ ក្នុងឆ្នាំ ២០១២។
បើតាមក្រសួងពាណិជ្ជកម្មចិន ការអង្កេតនេះនឹងអនុវត្ត យ៉ាងហ្មត់ចត់ តាមច្បាប់និងវិធានរបស់ចិន តែក៏ឆ្លើយតបទាំងស្រុងទៅនឹងវិន័យដាច់ខាតមានចែងក្នុងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ ចិនមិនខ្វល់នឹងការបដិសេធរបស់អឺរ៉ុបដែលថា មិនបានធ្វើការឧបត្ថម្ភធនដល់ការផលិតស្រា ឬបញ្ចុះបង្កូចតម្លៃស្រានាំចេញទៅចិនឡើយ។ សេចក្តីសម្រេចចិត្តរបស់ចិន អាស្រ័យទាំងស្រុងទៅនឹងលទ្ធផលនៃការអង្កេត ដែលគោរពតាមគោលការណ៍បើកចំហពាណិជ្ជកម្ម ស្មើភាពគ្នា និងប្រកបដោយតម្លាភាព រវាងភាគីទាំងសងខាង។
ប៉ុន្តែ ក្នុងសភាពជាក់ស្តែងពេលនេះ គ្រាន់តែក្នុងដំណាក់កាលចាប់ផ្តើមបើកអង្កេតនេះ ការព្រួយបារម្ភខ្លាចមានផលវិបាកបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប បានជះក្លិន ផ្តល់ឥទ្ធិពលមិនល្អស្រេចទៅហើយ ទៅលើទីផ្សារផលិតផលស្រាអឺរ៉ុប ! ការបញ្ជាទិញជាច្រើនត្រូវបានលើកពេល ឯតម្លៃក៏ផ្តើមធ្លាក់ចុះ៕ នឹងមានសង្រ្គាមពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងចិន?
ចិនកំពុងសងសឹកនឹងសហភាពអឺរ៉ុប ដែលបានសម្រេច ដំឡើងពន្ធបន្ថែមទៅលើផលិតផលផ្ទាំងស្រូបកម្តៅព្រះអាទិត្យ ដែលនាំចូលមកពីប្រទេសចិន។ ចិនមិនបានព្រងើយកន្តើយនឹងការដាក់ពិន័យរបស់អឺរ៉ុប ដោយចិន ក៏ បានបើកស៊ើបអង្កេតដូចគ្នាលើករណីលក់ថោក បង្ខូចថ្លៃនៃផលិតផលស្រាដែលនាំចូលពី អឺរ៉ុប។ ស្រាអឺរ៉ុបនាំចូលទៅចិន គឺមានតម្លៃច្រើនជាងមួយពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ហើយ ប្រទេសដែលនឹងរងគ្រោះជាងគេដោយសារវិធានការរបស់ចិន គឺបារាំង ព្រោះបារាំងជាប្រទេសអឺរ៉ុបទីមួយ ដែលនាំចូលស្រាច្រើនជាងគេទៅក្នុងប្រទេសចិន ជាមួយតម្លៃ ៧៨៨លានដុល្លារ ក្នុងឆ្នាំ ២០១២។
ជារួម អាជ្ញាធរចិនចង់រកភស្តុតាងដែលអាចបញ្ជាក់ថា ស្រារបស់អឺរ៉ុបមានបានទទួលឧបត្ថម្ភធនពីរដ្ឋាភិបាល ឬក៏មានលួចបញ្ចុះតម្លៃឲ្យថោកខ្លាំងពេក ដើម្បីផ្តួលគូប្រកួតប្រជែង នៅក្នុងប្រទេសចិន គឺដូចនឹងចំណាត់ការរបស់សហភាពអឺរ៉ុប។
សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញ បើទោះបី ជាមានការជំទាស់ពីប្រទេសសមាជិកមួយចំនួន សហភាពអឺរ៉ុបបានបោះឆ្នោតអនុម័តឲ្យគេអាចដំឡើងពន្ធបន្ថែម ទៅលើផ្ទាំងស្រូបកម្តៅព្រះអាទិត្យរបស់ចិន។ សម្រាប់គណៈកម្មការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ចំណាត់ការនេះត្រូវគេធ្វើឡើងជាបន្ទាន់ ដើម្បីជួយក្រុមហ៊ុនអឺរ៉ុបដែលរងគ្រោះ ដោយសារការធ្វើពាណិជ្ជកម្មមិនស្មោះត្រង់របស់ចិន។
បើតាមគណៈកម្មការដដែល ការលក់បង្ខូចថ្លៃរបស់ចិន បានគំរាមកំហែងឧស្សាហកម្មផលិតផ្ទាំងស្រូបកម្តៅព្រះអាទិត្យរបស់អឺរ៉ុប។ រោងចក្រជាច្រើនបានបិទទ្វារ ហើយមនុស្សជាច្រើនពាន់នាក់បានបាត់ការងារធ្វើ។ ដូច្នេះ វិធានការយកពន្ធបន្ថែម ទៅលើផលិតផលចិន គឺ ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងស្មើភាព និងដើម្បី ផ្តល់ទីផ្សារដល់ផលិតផលរបស់អឺរ៉ុប ដែលនឹងជួយធានាសុវត្ថិភាពការងារឲ្យប្រជាជនអឺរ៉ុប។
កាសែតផ្លូវរដ្ឋចិនបានវាយតម្លៃថា សហភាពអឺរ៉ុបកំពុងដើរនយោបាយដាក់រនាំងពន្ធគយដើម្បីការពារផលិតផលរបស់ខ្លួន ហើយនយោបាយនេះនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប។
យ៉ាងណាក៏ដោយ អឺរ៉ុបនៅប្រកាន់ឥរិយាបទទន់ភ្លន់ នៅឡើយ ជាមួយចិន។ បើទោះជាការដំឡើងពន្ធបន្ថែម ទៅលើផលិតផល ចិន នាំចូលអឺរ៉ុប នឹងចាប់មានពីថ្ងៃទី ៦មិថុនាខាងមុខនេះ ប៉ុន្តែ វាគ្រាន់ជាការបណ្តោះអាសន្នប៉ុណ្ណោះ។ សហភាពអឺរ៉ុបចង់និយាយដោះស្រាយជាមួយចិន ពីរឿងលក់បង្ខូចតម្លៃ នៃផលិតផលចិន នៅអឺរ៉ុប។ ប៉ុន្តែ ក្នុងរយៈពេល ២ខែនេះ បើសិនជាសហភាពអឺរ៉ុប មិនអាចរកដំណោះស្រាយណាមួយជាមួយចិនបានទេ នោះទើបសហភាពអឺរ៉ុបសម្រេចដំឡើងមែនទែន អត្រាពន្ធលើផ្ទាំងស្រូបកម្តៅព្រះអាទិត្យ ចិន ក្នុងកម្រិត ៤៧ភាគរយ ដែលជាអត្រាខ្ពស់ បើប្រៀបធៀបនឹងបច្ចុប្បន្ន ដែលមានតិចជាង ១១,៨ភាគរយ៕ ទំនិញចិនហូរចូលអាមេរិកច្រើនជាងហូរចូលទ្វីបអឺរ៉ុប
ថ្លែងនៅក្នុងសន្និសីតកាសែតប្រចំាខែ អ្នកនំាពាក្យក្រសួងពាណិជ្ជកម្មចិន លោក Shen Danyang បានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិកបានក្លាយជាប្រទេសទីមួយ នៅមុខសហភាពអឺរ៉ុប ក្នុងនាមជាប្រទេសដែលបាននំាទំនិញចិនចូលច្រើនជាងគេ។ បន្ទាប់មក អ្នកដែលបានទទួលចំណាត់ថ្នាក់លេខបី គឺបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ អាស៊ានដែលដណ្តើមកន្លែងប្រទេសជប៉ុន។ អ្នកនំាពាក្យក្រសួងពាណិជ្ជកម្មចិនរូបនេះដដែលមិនបានបញ្ជាក់ពីតួលេខទេ តែបើយោងតាមតួលេខផ្តល់ដោយទីចាត់ការគយចិន ការនំាទំនិញចិនចូលអាមេរិកក្នុងចន្លោះខែមករា និងតុលាមានទឹកប្រាក់រហូតដល់ទៅ ២៨៩ ៣០០លានដុល្លារ ចំណែកជាមួយសហភាពអឺរ៉ុបវិញមានតែ ២៧៦ ៨០០លានដុល្លារប៉ុណ្ណោះ។
យោងតាមលោក Shen Danyang ការដោះដូរពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបបានធ្លាក់ចុះ ៣% ក្នុងរយៈពេល ១០ខែចុងក្រោយនេះ តែជាមួយសហរដ្ឋអាមេរិកវិញមានការកើនឡើង ៩,១%។ ក៏ប៉ុន្តែ បើគេនិយាយពីបរិមាណនៃការដោះដូរវិញ ចិនជាមួយសហភាពអឺរ៉ុបនៅតែមានទំហំធំជាងចិនជាមួយសហរដ្ឋអាមេរិក ព្រោះថា ទីក្រុងប៉េកំាងបាននំាចូលទំនិញអឺរ៉ុប ច្រើនជាងទំនិញអាមេរិកំាង។
ក្រៅពីការធ្លាក់ចុះនៃការនំាទំនិញចិនចូលសហភាពអឺរ៉ុប អ្នកនំាពាក្យក្រសួងពាណិជ្ជកម្មចិនក៏បានបញ្ជាក់ពីការថយចុះនៃវិនិយោគអឺរ៉ុបនៅក្នុងប្រទេសចិន និងវិនិយោគចិននៅទ្វីបអឺរ៉ុប។ យោងតាមលោក Shen Danyang ក្នុងរយៈពេល ១០ខែចុងក្រោយនេះ ជួនចំពេលដែលចិនបានបង្កើនវិនិយោគបន្ថែមនៅបរទេសជាង ២៥% នោះ វិនិយោគចិននៅអឺរ៉ុបបានថយចុះ ២០,៩% ក្នុងរយៈពេលដូចគ្នា។
និយាយពីការថយចុះនៃការដោះដូរពាណិជ្ជកម្មរវាងចិន និងជប៉ុនវិញ ទោះបីជាលោក Shen Danyang មិនបានផ្តល់ហេតុផលអ្វីច្បាស់លាស់ក៏ដោយ ក៏គេដឹងថា ភាពតានតឹងផ្លូវទូតជុំវិញជម្លោះដណ្តើមទីប្រជុំកោះនៅសមុទ្រចិនខាងកើតគឺជាមូលហេតុចម្បងមួយ។ យោងតាមលោក Shen Danyang ការដោះដូរពាណិជ្ជកម្មរវាងចិន និងជប៉ុនក្នុងរយៈពេល ៦ខែចុងក្រោយនេះបានថយចុះ ២,១% ចំណែករវាងចិន និងបណ្តាប្រទេសអាស៊ានវិញបានកើនឡើង ៩,៤% ក្នុងរយៈពេលដូចគ្នា៕ ការទូតថាមពលនិងថាមពលការទូតរបស់ចិនទៅលើអាមេរិកឡាទីន
រហូតមកដល់ឆ្នាំ២០០៣ ប្រទេសចិន មិនសូវបានយកចិត្តទុកដាក់ឡើយទៅលើ អាមេរិកឡាទីនទោះបីជាចិនមានទំនាក់ទំនងទូតជាមួយបណ្តាប្រទេសភាគច្រើននៃទ្វីបនេះ តាំងពីទសវត្សរ៍ទី៧០ និងទី៨០មកក្តី។ នេះគឺមកពីថ្នាក់ដឹកនាំចិន មិនចង់មានទំនាស់ជាមួយសហរដ្ឋអាមេរិក ដ្បិតតាំងពីសតវត្សរ៍ទី១៩មក ពោលគឺតាំងពីសម័យលោកប្រធានាធិបតីអាមេរិកាំងJames Monroeមក សហរដ្ឋអាមេរិកចាត់ទុកអាមេរិកឡាទីនថា ជាដែនអំណាចផ្តាច់មុខរបស់ខ្លួន។
នៅឆ្នាំ២០០៣ សង្គ្រាមរបស់អាមេរិកនៅអ៊ីរ៉ាក់ បានធ្វើឲ្យទីក្រុងប៉េកាំងបារម្ភខ្លាចខ្វះប្រេងកាត ពីព្រោះសង្គ្រាមប្រព្រឹត្តទៅនៅក្នុងភូមិភាគមួយសម្បូណ៌ទៅដោយប្រេងកាត។ អ៊ីចឹងហើយបានជាពីឆ្នាំ២០០៣រហូតមកទល់សព្វថ្ងៃ ថ្នាក់ដឹកនាំចិនអនុវត្តអ្វីដែលគេហៅថា ការ ទូតថាមពល បានន័យថាចិនដើរស្វែងរកប្រេងកាតនិងឧស្ម័នធម្មជាតិនៅគ្រប់ទីកន្លែងក្នុងពិភពលោក ក្នុងនោះរួមមានជាអាទិ៍បណ្តាប្រទេសផលិតប្រេងកាតនៃទ្វីបអាមេរិកឡាទីនដូចយ៉ាងBrésil Argentine Vénézuela និងBolivie។
តែប៉ុន្មានឆ្នាំប៉ុណ្ណោះ ឥទ្ធិពលរបស់ប្រទេសចិនទៅលើបណ្តាប្រទេសអាមេរិកឡាទីនបានរីកធំនិងកើនឡើងខ្លាំង។ ចិនក្លាយជាប្រទេសលំដាប់ទី២នៅក្នុងពិភពលោកដែលទិញប្រេងកាតច្រើនជាងគេពីទ្វីបអាមេរិកឡាទីន ដោយដេញប្រកិតពីក្រោយសហរដ្ឋអាមេរិក។ ចិនជាដៃគូពាណិជ្ជកម្មទី២របស់អាមេរិកឡាទីន។ នៅឆ្នាំ២០០៨ ចិនបានដាក់ទុន២ម៉ឺន៥ពាន់លានដុល្លារ ដើម្បីរកស៊ីនៅក្នុងទ្វីបនេះ ពោលគឺ៥០%នៃទឹកប្រាក់វិនិយោគបរទេសទាំងស្រុងរបស់ចិន នៅក្នុងឆ្នាំនោះ។ ទន្ទឹមនេះ ផលិតផលដែលចិននាំចេញទៅកាន់ទ្វីបអាមេរិកឡាទីន គិតជាប្រាក់ បានកើនទៅដល់ជិត១សែន២ម៉ឺនលានដុល្លារនៅឆ្នាំ២០០៨។
និយាយរួម អាមេរិកឡាទីនបានក្លាយជាដៃគូសេដ្ឋកិច្ចមួយចាំបាច់ជាទីបំផុតសម្រាប់ប្រទេសចិន។ គឺនៅក្នុងន័យនេះហើយ ដែលថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសចិនទៅបំពេញទស្សនកិច្ចផ្លូវការកាន់តែញឹកញាប់នៅក្នុងទ្វីបនេះ។ ជាក់ស្តែង តាំងពីឆ្នាំ២០០៤មកលោកប្រធានាធិបតីហ៊ូ ជីនតៅបានទៅជាន់ដីអាមេរិកឡាទីនបីលើករួចមកហើយ បានឆ្លងកាត់ប្រទេសArgentine Chili Brésil Cuba Costa-Rica Pérou Chili និង Vénézuela។
ក្រៅពីប្រយោជន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វត្តមានរបស់ចិននៅអាមេរិកឡាទីនមានគោលដៅនយោបាយមួយច្បាស់ នោះគឺកាត់បន្ថយចំនួនបណ្តាប្រទេសនៅក្នុងលោកដែលនៅបន្តទទួលស្គាល់កោះតៃវ៉ាន់។ ចូរកុំភ្លេចថាក្នុងចំណោមប្រទេសទាំង២៣នៅក្នុងពិភពលោក ដែលនៅបន្តមានទំនាក់ទំនងទូតជាមួយតៃវ៉ាន់ ជិតពាក់កណ្តាលសុទ្ធសឹងជាប្រទេសអាមេរិកឡាទីន។
នៅឆ្នាំ២០០៧ ថ្នាក់ដឹកនាំចិនបានទទួលជោគជ័យក្នុងការបញ្ចុះបញ្ចូលប្រទេសCosta Rica ឲ្យផ្តាច់ទំនាក់ទំនងទូតជាមួយតៃវ៉ាន់។ ចិនដែលសម្បូណ៌លុយនិងមានឥទ្ធិពលនយោបាយជាងតៃវ៉ាន់សន្យាថា នឹងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសណាដែលយល់ព្រមបោះបង់ចោលតៃវ៉ាន់ ហើយងាកមកទទួលស្គាល់គោលការណ៍ប្រទេសចិនតែមួយ។
នៅក្នុងបរិបទនៃវិបត្តិហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសព្វថ្ងៃ ប្រទេសអាមេរិកឡាទីនដទៃ ដូចជាHonduras Nicaragua Panama Paraguay Salvador។ល។និង។ល។ អាចនឹងបែកចិត្តពីតៃវ៉ាន់ មកទទួលស្គាល់ចិនកុម្មុយនិស្តដូចCosta Ricaដែរ នៅទីបំផុត។
ទំនាក់ទំនងល្អនិងដែលត្រូវបានពង្រឹងយ៉ាងលឿនរហ័សរវាងចិននិងអាមេរិកឡាទីន មិនមែនជារឿងចៃដន្យទេ។ ចិននិងបណ្តាប្រទេសធំៗនៅទ្វីបអាមេរិកខាងត្បូង ដូចយ៉ាងBrésil Mexique Venezuela Bolivie និងChili មានគំនិតនិងគោលដៅដូចគ្នា។ ពួកគេចង់ផ្លាស់ប្តូរប្រព័ន្ធអន្តរជាតិបច្ចុប្បន្នដែលឋិតនៅក្រោមឥទ្ធិពលខ្លាំងជ្រុលរបស់អាមេរិកនិងអឺរ៉ុប។ ពួកគេប្រឆាំងនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិក។ ទាំងនេះហើយ ដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមិនសប្បាយចិត្តនឹងវត្តមានរបស់ចិននៅអាមេរិកឡាទីន។ លើសពីនេះ ទៅទៀត ចិនមានទំនាក់ទំនងកាន់តែល្អជាមួយរបបកុម្មុយនិស្តCubaដែលជាសត្រូវសួពូជរបស់អាមេរិក។
យ៉ាងណាក៏ដោយ ប្រទេសអាមេរិកឡាទីនមួយចំនួនចាប់ផ្តើមរអ៊ូរទាំ ដ្បិតជាទូទៅចិនទិញយកតែវត្ថុធាតុដើមពីដៃគូរបស់ខ្លួន រួចហើយលក់មកវិញសុទ្ធតែផលិតផលចម្រាញ់។ មិនតែប៉ុណ្ណោះ ឆន្ទៈនយោបាយរបស់ទីក្រុងប៉េកាំងក្នុងការបញ្ចុះតម្លៃប្រាក់យ័នធ្វើឲ្យផលិតផលចិនមានតម្លៃថោក ជាហេតុបណ្តាលឲ្យការនាំចេញរបស់ប្រទេសអាមេរិកឡាទីនថយចុះ រីឯផលិតផលចិនវិញចេះតែបន្តហូរគគុកគគាក់ចូលមកក្នុងប្រទេសទាំងនេះ។
ម្ល៉ោះហើយ តទៅថ្ងៃមុខ សំណួរដែលនឹងចោទឡើងគឺ តើបណ្តាប្រទេសអាមេរិកឡាទីន ជាពិសេសប្រទេសតូចតាចនិងក្រីក្រ អាចទប់ទល់បានដែរឬទេនឹងឥទ្ធិពលខ្លាំងលឿនរហ័សពេកបែបនេះរបស់ចិនមកលើតំបន់របស់ពួកគេ? យុទ្ធសាស្រ្តរបស់ចិន នៅទ្វីបអាហ្វ្រិក
តាំងពីបានឡើងធ្វើជាប្រធានាធិបតីនៃប្រទេសចិននៅឆ្នាំ២០០៣មក លោកហ៊ូ ជីនតៅ (Hu Jintao) បានទៅបំពេញទស្សនកិច្ចបួនលើកនៅអាហ្វ្រិករួចមកហើយ បានជាន់ដីបណ្តាប្រទេសអាហ្វ្រិកចំនួន១៨ ក្នុងនោះរួមមានជាអាទិ៍ ម៉ាលី សេណេហ្កាល់ កាមេរូន ហ្កាបុង ស៊ូដង់ នីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូង។
នៅក្រោយទស្សនកិច្ចទាំងអស់នេះ មានជាបឋមប្រយោជន៍សេដ្ឋកិច្ច។ ការផ្តោះប្តូរពាណិជ្ជកម្ម រវាងប្រទេសចិននិងទ្វីបអាហ្វ្រិក បានកើនជាង៣០ដង ក្នុងរយៈពេលតែ១៣ឆ្នាំប៉ុណ្ណោះ កើនពី៣ពាន់លានដុល្លារ នៅឆ្នាំ១៩៩៥ ទៅ១០ម៉ឺន៧ពាន់លានដុល្លារ នៅឆ្នាំ២០០៨។ និយាយបែបផ្សេង ចិនបានក្លាយជាដៃគូពាណិជ្ជកម្មទី១ របស់ទ្វីបអាហ្វ្រិក នៅពីមុខសហរដ្ឋអាមេរិក និងប្រទេសបារាំង។
ដៃគូពាណិជ្ជកម្មសំខាន់ៗជាងគេរបស់ចិននៅទ្វីបអាហ្វ្រិក គឺអាហ្វ្រិកខាងត្បូង អង់ហ្គោឡា ស៊ូដង់ និងនីហ្សេរីយ៉ា។ ចិនលក់ទៅឲ្យទ្វីបអាហ្រ្វិក សម្លៀកបំពាក់ គ្រឿងសំណង់ រថយន្តដឹកជញ្ជូន និងអង្ករ ហើយទិញពីអាហ្វ្រិកមកវិញ វត្ថុធាតុដើម ដូចយ៉ាង ដែក ស្ពាន់ ឈើ សំឡីកប្បាសនិងជាពិសេសប្រេងកាត។
សូមជំរាបថា ចិនជាប្រទេសទី៣នៅក្នុងពិភពលោក ដែលប្រើប្រាស់ប្រេងកាតច្រើនជាងគេ ក្រោយសហរដ្ឋអាមេរិកនិងជប៉ុន។ នៅឆ្នាំ២០០៦ ចិនបានទិញ៣០%នៃប្រេងកាតដែលខ្លួនត្រូវការពីទ្វីបអាហ្វ្រិក ជាពិសេសពីប្រទេសអង់ហ្គោឡា និងស៊ូដង់ ។ ក្រៅពីនេះ រដ្ឋចិននិងក្រុមហ៊ុនឯកជនចិន បាននិងកំពុងបន្តដាក់ទុនរកស៊ីយ៉ាងសន្ធឹកសន្ធាប់ នៅលើទ្វីបអាហ្វ្រិក ក្នុងវិស័យរុករកនិងចម្រាញ់ប្រេងកាត ក្នុងវិស័យទូរគមនាគមន៍ ក្នុងវិស័យសំណង់។ល។និង។ល។ មិនតែប៉ុណ្ណោះរដ្ឋចិននិងក្រុមហ៊ុនឯកជនចិនទាំងនេះ ថែមទាំងបានយកពលករចិន យ៉ាងតិច ៥សែននាក់ មកធ្វើការនៅក្នុងទ្វីបអាហ្វ្រិកទៀតផង។
យ៉ាងណាមិញ ប្រយោជន៍សេដ្ឋកិច្ចដែលចិនទាញបានពីទ្វីបអាហ្វ្រិក នៅមានលក្ខណៈតិចតួចស្តួចស្តើងនៅឡើយ។ ជាក់ស្តែង នៅក្នុងពេលនេះ ទ្វីបអាហ្វ្រិកតំណាងតែ៣%ប៉ុណ្ណោះនៃការផ្តោះប្តូរពាណិជ្ជកម្មទាំងស្រុងរបស់ចិនជាមួយពិភពលោក។ ដៃគូពាណិជ្ជកម្មសំខាន់ជាងគេរបស់ចិន គឺតំបន់អាស៊ីបូព៌ាដែលតំណាង៤០% បន្ទាប់មកទៀតគឺសហភាពអឺរ៉ុប ដែលតំណាង១៧% និងសហរដ្ឋអាមេរិកដែលតំណាង១៥%។ ម៉្លោះហើយ សួរថា តើហេតុអ្វីបានជាចិនចាប់អារម្មណ៍ខ្លាំងម៉្លេះ ទៅលើទ្វីបអាហ្វ្រិក?
គេអាចអះអាងបានថា គោលដៅសំខាន់របស់ចិន តាមរយៈការបង្កើនវត្តមានរបស់ខ្លួន នៅអាហ្វ្រិក គឺនយោបាយនិងការទូត។ ម្យ៉ាង ចិនចង់កាត់បន្ថយឥទ្ធិពលរបស់អាមេរិក ដែលជាគូប្រជែងសំខាន់ជាងគេរបស់ខ្លួន ក្នុងការដណ្តើមយកប្រេងកាតរបស់ទ្វីបអាហ្វ្រិក។ ម្យ៉ាងទៀត ចិនចង់កាត់បន្ថយឥទ្ធិពលរបស់ជប៉ុន ដែលកំពុងប្រឹងប្រែងបញ្ចុះបញ្ចូលបណ្តាប្រទេសអាហ្វ្រិកឲ្យគាំទ្រខ្លួន ក្នុងការទាមទារអាសនៈអចិន្រ្តៃយ៍មួយ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ម្យ៉ាងចុងក្រោយ ចិនដែលកំពុងបង្កើនទំនាក់ទំនង ជាមួយអាហ្វ្រិក ចង់បង្ហើយភាពឯការបស់តៃវ៉ាន់ នៅលើឆាកអន្តរជាតិ។ សូមជំរាបថា សព្វថ្ងៃនេះ នៅមានតែប្រទេសអាហ្វ្រិក៥ប៉ុណ្ណោះ ដែលនៅមានទំនាក់ទំនងទូតជាមួយតៃវ៉ាន់ នោះគឺសៅតូម៉េ(Sao Tomé) បួគីណាហ្វាសូ(Burkina faso) ហ្កំប៊ី(Gambie) ម៉ាឡាវី(Malawi) និង ស្វាស៊ីឡង់ (Swaziland) ។
វត្តមានរបស់ចិននៅអាហ្វ្រិក និងទំនាក់ទំនងស្អិតល្មួតរវាងចិននិងអាហ្វ្រិក ពិតជាបានជួយឲ្យទ្វីបដ៏ក្រីក្រមួយនេះស្គាល់ការអភិវឌ្ឍន៍។ ក៍ប៉ុន្តែ ផលិតផលMade in China ដែលមានតម្លៃថោក និងដែលហូរចូលមកក្នុងទ្វីបនេះ កំពុងតែផ្តើមសម្លាប់កសិកម្ម និងឧស្សាហកម្មនៃបណ្តាប្រទេសអាហ្វ្រិក។ ដូចគ្នាអ៊ីចឹងដែរ ពលករចិនដែលមកធ្វើការនៅអាហ្វ្រិក កំពុងប្រជែងជើងគ្នានឹងពលករអាហ្វ្រិក ក្នុងការដណ្តើមការងារគ្នាធ្វើ។ ដោយឡែក វត្តមានចិននៅអាហ្វ្រិក កំពុងបង្កឲ្យទំនាក់ទំនងអន្តរជាតិស្មុគស្មាញ កាន់តែខ្លាំង។ មូលហេតុ គឺបណ្តាលមកពីថ្នាក់ដឹកនាំចិនមិនរវល់ពីអភិបាលកិច្ចល្អ។ ជាក់ស្តែង ចិនគាំទ្ររបបផ្តាច់ការរបស់Mugabe នៅស៊ីមបាវ៉េ(Zimbabwe) និងរបប Omar el-Béchir នៅស៊ូដង់។
តាំងពីឆ្នាំ២០០៣មក សង្គ្រាមស៊ីវិលនៅស៊ូដង់ រវាងប្រជាជននៅតំបន់Darfour និងកងទ័ពរបស់Omar el-Béchir បានបណ្តាលឲ្យមានស្លាប់ជិត៣សែននាក់ ភាគច្រើនជាប្រជាជនស៊ីវិលនៅDarfour។ ចិនមិនព្រមដាក់សម្ពាធទៅលើរដ្ឋាភិបាលស៊ូដង់ តាមការស្នើរបស់ អង្គការសហប្រជាជាតិ ពីព្រោះស៊ូដង់លក់ផ្តាច់មុខទៅឲ្យចិន៧០% នៃប្រេងកាត ដែលខ្លួនលក់ចេញទៅក្រៅក្នុងមួយឆ្នាំៗ។
ទោះជាយ៉ាងណាក៏ដោយ ការទូតនិងជំនួញរបស់ចិននៅអាហ្វ្រិក ទទួលបានជោគជ័យធំណាស់។ ថ្នាក់ដឹកនាំអាហ្វ្រិក ជាពិសេសអ្នកកាន់អំណាចផ្តាច់ការចូលចិត្តរកស៊ីជាមួយចិន ដែលមិនដាក់ល័ក្ខខ័ណ្ឌនយោបាយ ជាជាងជាមួយអាមេរិកឬអឺរ៉ុបដែលអាហ្វ្រិកនៅតែមើលឃើញថាមានអាកប្បកិរិយាអាណានិគមនិយម។ ជ័យជំនះរបស់ចិននៅអាហ្វ្រិក បានស្តែងឡើងជាពិសេស តាមរយៈជំនួបកំពូលចិន-អាហ្វ្រិកដែលត្រូវបានរៀបចំនៅប៉េកាំង កាលពីខែវិច្ឆិកាឆ្នាំ២០០៦។ កាលនោះ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលអាហ្វ្រិកចំនួន៤៨ប្រទេស ក្នុងចំណោមប្រទេសអាហ្វ្រិកទាំងអស់៥៣ បានទៅចូលរួមក្នុងជំនួបកំពូលនោះ៕ ចិន និងអាមេរិកសម្លឹងមើលគ្នាយ៉ាងប្រុងប្រយ័ត្ននៅអាស៊ីប៉ាស៊ីហ្វិក
អធិករណ៍ជាយថាហេតុ នាអនាគតខាងមុខ រវាងសហរដ្ឋអាមេរិកនិងចិន អាចនឹងកើតចេញពីការប៉ះទង្គិចគ្នារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ពីព្រោះម្យ៉ាង ចិនបាននិងកំពុងបន្តបង្កើនវត្តមានព្រមទាំងសកម្មភាពនៃកងទ័ពជើងទឹក នៅលើផ្ទៃនៃបណ្តាសមុទ្រជិតនិងជុំវិញប្រទេសខ្លួន។ ពីព្រោះម្យ៉ាងទៀត កងទ័ពអាមេរិកពិសេសកងទ័ពជើងទឹកដែលឈរជើងនៅអាស៊ីប៉ាស៊ីហ្វិកជាច្រើនទសវត្សរ៍កន្លងមកហើយ ក៏កំពុងនិងបន្តបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងតំបន់ដែរ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានចាយប្រាក់ជាច្រើនម៉ឺនលានដុល្លារ ដើម្បីធ្វើនវូបនីយកម្មទៅលើកងទ័ពជើងទឹករបស់ខ្លួន។ ពីអំណើះតទៅ ចិនមាននាវាមុជទឹក ដែលបំពាក់ទៅដោយមីស្ស៊ីលនុយក្លេអ៊ែរ ហើយនាពេលឆាប់ៗខាងមុខ ចិននឹងមាននាវាផ្ទុកយន្តហោះទៀតផង។
មិនតែប៉ុណ្ណោះ ដូចដែលរបាយការណ៍មួយរបស់មន្ទីរបញ្ចកោណអាមេរិកបានគូសបញ្ជាក់កាលពីឆ្នាំ២០១០អ៊ីចឹងថា ចិនមានមហិច្ឆតាពង្រីកដែនអំណាចនិងដែនប្រមាញ់របស់ខ្លួនទៅឲ្យកាន់តែឆ្ងាយ ក្នុងផ្ទៃសមុទ្រទាំងអម្បាលម៉ាននៅប៉ែកខាងត្បូង នៅប៉ែកអាគ្នេយ៍ និងនៅប៉ែកខាងកើតនៃប្រទេស។ ជាក់ស្តែង ប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងរបស់ចិនចេះតែចូលទៅជិតមែនទែន ជិតប៉ែកខាងត្បូងនៃប្រទេសជប៉ុន ជាហេតុបានធ្វើឲ្យទីក្រុងតូក្យូភិតភ័យនិងស្រែកតវ៉ា។
ទន្ទឹមជាមួយគ្នានេះ សហរដ្ឋអាមេរិក បានប្រមូលនាវាមុជទឹកដែលមានតួនាទីខាងវាយលុក ព្រមទាំងនាវាចម្បាំងជាច្រើនគ្រឿង មកដាក់ជិតមូលដ្ឋានយោធារបស់ខ្លួននៅប្រទេសជប៉ុននិងនៅកោះGuam។
គឺចលនាកាន់តែមមាញឹកនៃកងទ័ពរបស់មហាយក្សទាំងពីរ នៅក្នុងដែនទឹកតែមួយនេះហើយ ដែលធ្វើឲ្យក្រុមអ្នកសង្កេតការណ៍កាន់តែបារម្ភ បារម្ភក្រែងមានការប៉ះទង្គិចគ្នា នៅថ្ងៃណាមួយ។
ចំពោះអ្នកឯកទេសនៃបញ្ហាចិននៅសហរដ្ឋអាមេរិក ក៏ដូចអ្នកឯកទេសនៃបញ្ហាអាមេរិកនៅប្រទេសចិន ការប៉ះទង្គិចគ្នារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរអាចកើតឡើងគ្រប់ពេលវេលា។ ពីព្រោះ កងទ័ពអាមេរិកនិងកងទ័ពចិនមិនសូវមានទំនាក់ទំនងនឹងគ្នា តាំងពីខែមករាដើមឆ្នាំ២០១0មកម្ល៉េះ គឺតាំងពីអាមេរិកបានសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ាន់រួចមក និងពីព្រោះកងទ័ពនៃប្រទេសទាំងពីរគ្មានចក្ខុនិមិត្តរួមគ្នា នៅចំពោះមុខច្បាប់នាវាចរណ៍។
សម្រាប់សហរដ្ឋអាមេរិក ការធ្វើចរាចរណ៍នៅលើដែនទឹកអន្តរជាតិ និងការបន្តឃ្លាំមើលដែនទឹកដែលគេចាត់ទុកថាជារបស់អន្តរជាតិ គឺជាសិទ្ធិសេរីភាពរបស់គេ។ គឺនៅក្នុងន័យនេះហើយ បានជាកាលពីខែសីហាឆ្នាំ២០១០ នាវាផ្ទុកយន្តហោះមួយគ្រឿងរបស់អាមេរិក បានទៅប្រទេសវៀតណាម ដោយបានចូលទៅចត នៅម្តុំទីប្រជុំកោះParacel ដែលជាតំបន់ប្រទាញប្រទង់គ្នារវាងចិននិងវៀតណាម។
រីឯសម្រាប់ប្រទេសចិនវិញ កងទ័ពអាមេរិកគ្មានសិទ្ធិចូលមកក្នុងដែនទឹក ដែលជាទីជម្លោះរវាងចិននិងប្រទេសដទៃណាមួយផ្សេងទេ។ មិនតែប៉ុណ្ណោះ ចិនក៏មិនសុខចិត្តឲ្យមានដែរ រាល់សមយុទ្ធដែលធ្វើឡើង នៅជិតព្រំដែនគោកឬព្រំដែនទឹកជាមួយប្រទេសខ្លួន ដូចដែលម៉ៅ សេទុង ធ្លាប់បាននិយាយថា« យើងមិនអនុញ្ញាតឲ្យគេចូលមកដេកស្រមុកនៅជិតគ្រែរបស់យើងទេ»។ អ៊ីចឹងហើយបានជា ថ្នាក់ដឹកនាំចិនប្រឆាំងនឹងសមយុទ្ធរួមគ្នាមួយចំនួនរវាងអាមេរិកនិងកូរ៉េខាងត្បូង ម្តុំសមុទ្រលឿង នៅចម្ងាយប្រមាណតែ៥០០គ.ម ប៉ុណ្ណោះពីទីក្រុងប៉េកាំង។
ទោះជាយ៉ាងណាក៏ដោយ ទាំងសហរដ្ឋអាមេរិក និងទាំងប្រទេសចិន គ្មានបំណងបង្ករឿងនិងមិនចង់ឲ្យមានឧប្បត្តិហេតុយោធាកើតឡើងនៅក្នុងតំបន់ទេ។ ចំពោះទីក្រុងប៉េកាំង រាល់ការប៉ះទង្គិចគ្នាជាមួយអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក អាចនឹងធ្វើឲ្យខូចខាតមហិច្ឆតាសេដ្ឋកិច្ចរបស់ខ្លួន។ ចំពោះអាមេរិកវិញ រាល់ឧប្បត្តិហេតុយោធាជាមួយចិននៅក្នុងតំបន់ អាចនឹងធ្វើឲ្យប្រែប្រួលស្ថានភាពStatut Quo មួយដែលខ្លួនទាញបានផលចំណេញផ្នែកភូមិសាស្រ្តនយោបាយ ជាច្រើនទសវត្សរ៍កន្លងមកហើយ។
ក៏ប៉ុន្តែ នៅក្នុងបរិបទមួយតានតឹង ដ្បិតជាសង្គ្រាមចិត្តសាស្រ្តនិងជាការសម្ញែងឫទ្ធិយោធាដាក់គ្នារវាងអាមេរិកនិងចិន ការប៉ះទង្គិចគ្នារវាងកងទ័ពជើងទឹករបស់ប្រទេសទាំងពីរអាចកើតមានឡើងដោយចៃដន្យគ្រប់ពេលវេលា៕ ចិនបារម្ភ ដ្បិតអាមេរិកបន្តលូកដៃចូលមកក្នុងទ្វីបអាស៊ី
នៅចន្លោះខែមីនានិងខែមេសាឆ្នាំ២០០៣ នាពេលដែលកងទ័ពអាមេរិកកំពុងតែធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ ដើម្បីរំលំរបបរបស់Saddam Hussein ពលរដ្ឋនៃប្រទេសអាស៊ីមួយចំនួន ដូចជាប៉ាគីស្ថាន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម បាននាំគ្នាធ្វើបាតុកម្មប្រឆាំង។ ប៉ុន្តែ នេះមិនមែនបានន័យថា រដ្ឋាភិបាលនៃប្រទេសអាស៊ីទាំងនោះស្អប់ខ្ពើមអាមេរិក និងរដ្ឋការលោកប៊ូស(Bush) ដូចប្រជាពលរដ្ឋរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ក្នុងនាមជាសម្ព័ន្ធមិត្តរបស់អាមេរិក ថ្នាក់ដឹកនាំប្រទេសអាស៊ីទាំងនោះគាំទ្រ ឬត្រូវបង្ខំចិត្តគាំទ្រអន្តរាគមន៍យោធារបស់អាមេរិកនៅអ៊ីរ៉ាក់។
តាមពិតទៅ ទោះជាចិនពេញចិត្ត ឬមិនពេញចិត្តក្តី ក៏ទំនាក់ទំនងរវាងអាមេរិក និងអាស៊ី និងមហិច្ឆតារបស់អាមេរិកទៅលើទ្វីបអាស៊ី មានជាយូរយារណាស់មកហើយ។ ឧទាហរណ៍ជាក់ស្តែង នៅឆ្នាំ១៨៥៣ មេបញ្ជាការនៃកងទ័ពជើងទឹកអាមេរិកPerryបានចូលមកប្រទេសជប៉ុន បង្ខំថ្នាក់ដឹកនាំជប៉ុនឲ្យបើកទីផ្សាររបស់ខ្លួន ដើម្បីទទួលផលិតផលនិងវិនិយោគអាមេរិក។ នៅឆ្នាំ១៨៩៨ ប្រទេសហ្វីលីពីនបានក្លាយជាអាណានិគមរបស់អាមេរិក។ ហើយរហូតមកដល់ឆ្នាំ១៩៤៥ ឆ្នាំដែលសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់ អាមេរិករមែងតែប្រឆាំងនឹងមហិច្ឆតារបស់ជប៉ុន នៅអាស៊ី ដូចជានៅក្រោយពេលដែលជប៉ុនបានច្បាំងឈ្នះរុស្ស៊ីក្នុងឆ្នាំ១៩០៥ និងនៅក្រោយពេលដែលជប៉ុនបានបង្កឲ្យមានសង្គ្រាមលោកលើកទីពីរនៅអាស៊ីប៉ាស៊ីហ្វិក។
ក្រោយសង្គ្រាមលោកលើកទីពីរ អាមេរិកដែលបានវាយកំទេចជប៉ុន តាមរយៈការទម្លាក់គ្រាប់បែកបរមាណូនៅHiroshimaនិងNagasaki បែរជាសម្រេចចិត្តជួយកសាង និងជួយការពារប្រទេសអាស៊ីមួយនេះទៅវិញ។ នៅក្នុងស្មារតីនៃថ្នាក់ដឹកនាំអាមេរិកជំនាន់នោះ ជប៉ុនត្រូវតែក្លាយជាចន្ទល់មួយដ៏មាំរបស់អាមេរិកនៅអាស៊ីនិងនៅប៉ាស៊ីហ្វិក។ មូលហេតុធំ គឺមកពីសង្គ្រាមត្រជាក់រវាងអាមេរិក និងសហភាពសូវៀតកំពុងផ្តើមឡើង និងមកពីលទ្ធិកុម្មុយនិស្តកំពុងផ្តើមលាតសន្ធឹងទៅដល់អាស៊ី តាមរយៈការប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ១៩៤៩ ដោយម៉ៅ សេទុង។
មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៥០ អាមេរិកបង្កើនឥទ្ធិពល និងវត្តមានរបស់ខ្លួន នៅអាស៊ី ដោយបានដឹកមុខកងកម្លាំងអន្តរជាតិមួយទៅជួយរំដោះកូរ៉េខាងត្បូងឲ្យរួចផុតពីការឈ្លានពានរបស់កូរ៉េខាងជើងកុម្មុយនិស្តដែលគាំទ្រដោយសូវៀត និងចិន។ ម៉្លោះហើយបានជាតាំងពីសម័យសង្គ្រាមកូរ៉េរហូតមកទល់សព្វថ្ងៃ អាមេរិកមានតួនាទីសំខាន់ណាស់ក្នុងការរក្សាស្ថិរភាព និងសន្តិភាពនៅតំបន់អាស៊ីចុងបូព៌ាជាទីដែលអាមេរិកបានដាក់បញ្ឈរទាហាន៨ ០០០០នាក់ នៅជប៉ុននិងនៅកូរ៉េខាងត្បូង។
ក្រោយមកទៀត ទោះជាចិនពេញចិត្ត ឬមិនពេញចិត្តក្តី ក៏អាមេរិកចូលជ្រៅមកដល់តំបន់អាស៊ីអាគ្នេយ៍ តាមរយៈសង្គ្រាមនៅឥណ្ឌូចិន។ ក្រោយបរាជ័យរបស់កងទ័ពអាណានិគមបារាំងនៅDien Bien Phu ឆ្នាំ១៩៥៤ អាមេរិកចេញមុខការពារកុំឲ្យវៀតណាមខាងត្បូងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់វៀតណាមខាងជើងកុម្មុយនិស្ត។
ក៏ប៉ុន្តែ នៅចំពោះមុខការគាបសង្កត់របស់មតិអន្តរជាតិ និងភាពសាហាវយង់ឃ្នងនៃសង្គ្រាមដែលបានរីករាលដាលទៅដល់កម្ពុជា និងឡាវ អាមេរិកត្រូវបង្ខំចិត្តដកទ័ពចេញពីឥណ្ឌូចិន ហើយបណ្តោយឲ្យវៀតណាមខាងត្បូង កម្ពុជា និងឡាវក្លាយជាកុម្មុយនិស្តនៅឆ្នាំ១៩៧៥។
ពីពេលនោះមក អាមេរិកបានផ្តើមកាត់បន្ថយទម្ងន់យុទ្ធសាស្ត្រ និងយោធារបស់ខ្លួននៅអាស៊ី។ ជាក់ស្តែង នៅពេលដែលវៀតណាមចូលរំលំរបបខ្មែរក្រហម និងកាន់កាប់ប្រទេសកម្ពុជា និងនៅពេលដែលសូវៀតចូលឈ្លានពានអាហ្វហ្កានីស្ថាន នៅឆ្នាំ១៩៧៩ អាមេរិកឈរអោបដៃមើល មិនព្រមធ្វើអ្វីទាំងអស់។
ការពិត អាមេរិកបានសម្រេចបញ្ចប់សង្គ្រាមនៅវៀតណាម តាំងពីឆ្នាំ១៩៦៩ម៉្លេះ។ កាលនោះ តាមរយៈសុន្ទរកថាមួយនៅកោះGuam Richard Nixonដែលជាប្រធានាធិបតីអាមេរិកសម័យនោះបានថ្លែងថា លោកនឹងផ្តើមដកទ័ពអាមេរិកចេញពីវៀតណាមបណ្តើរៗ។
ក្រោយមកទៀត អាមេរិកក៏ថែមទាំងសម្រេចកាត់បន្ថយទម្ងន់យុទ្ធសាស្រ្តយោធារបស់ខ្លួន នៅអាស៊ីចុងបូព៌ាទៀតផង។ ឧទាហរណ៍ជាក់ស្តែង នៅឆ្នាំ១៩៧២ អាមេរិកសម្រេចប្រគល់កោះOkinawa ដែលខ្លួនបានកាន់កាប់តាំងពីឆ្នាំ១៩៤៥មកម៉្លេះ ទៅឲ្យជប៉ុនវិញ។ ហើយនៅឆ្នាំ១៩៨០ Jimmy Carterដែលជាប្រធានាធិបតីអាមេរិកជំនាន់នោះ បានរហូតដល់ទៅនិយាយថា លោកមានបំណងដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូងទៀតផង។
មិនតែប៉ុណ្ណោះ នៅចុងទសវត្សរ៍ទី៨០ អាមេរិកនិងបណ្តាប្រទេសសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួនខ្លះបានទាំងទាស់ទែងគ្នាទៅទៀត។ ¨មូលហេតុ គឺមកពីជប៉ុននិងបណ្តាប្រទេសនាគសេដ្ឋកិច្ចអាស៊ីមួយចំនួនក្លាយជាគូប្រជែងពាណិជ្ជកម្មរបស់អាមេរិកផ្ទាល់តែម្តង ជាហេតុធ្វើឲ្យឧុនភាពថវិកាអាមេរិកកាលនោះ កើនឡើងឥតឈប់ឈរ។ គឺនៅពេលនោះហើយ ដែលអាមេរិកផ្តើមនិយាយចោទប្រកាន់កូរ៉េខាងត្បូងដែលជាមិត្តថា មិនគោរពសិទ្ធិមនុស្សផ្តើមប្រើទណ្ឌកម្មពាណិជ្ជកម្មនិងគំនាបតាមផ្លូវទូត ដើម្បីបង្ខំជប៉ុន សិង្ហបុរី ឬកូរ៉េខាងត្បូងឲ្យបើកទីផ្សារធំទូលាយជាងមុន ដើម្បីទទួលផលិតផលអាមេរិក។ លើសពីនេះទៅទៀត អាមេរិកចាប់ផ្តើមបង្ខំជប៉ុន និងកូរ៉េខាងត្បូងឲ្យជួយធ្វើវិភាគទានថវិកា ក្នុងការចិញ្ចឹម និងផ្គត់ផ្គង់ទាហានអាមេរិកដែលឈរជើងនៅតំបន់អាស៊ីចុងបូព៌ា។
ប៉ុន្តែ នៅទីបំផុត អាមេរិកមិនបានបោះបង់អាស៊ីចោលទេ។ ផ្ទុយទៅវិញ អាមេរិកបាននិងកំពុងបន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទ្វីបអាស៊ី ជាពិសេស តាំងពីឆ្នាំ២០០១ តរហូតមកទល់សព្វថ្ងៃ ជាហេតុធ្វើឲ្យចិនបារម្ភខ្លាំងឡើងៗ។
ចិនបារម្ភ ពីព្រោះ តាមរយៈសង្គ្រាមអាហ្វហ្កានីស្តង់ កងទ័ពអាមេរិកបានឆ្លៀតចូលមកដល់អាស៊ីកណ្តាល ដែលជាតំបន់ជាប់ជិតបង្កើយនឹងប្រទេសខ្លួន។ ចិនបារម្ភ ពីព្រោះអាមេរិកបានយកសង្គ្រាមប្រឆាំងភេរវកម្មមកធ្វើជាលេសដើម្បីចូលមកកៀកប្រទេសខ្លួន និងផ្តើមធ្វើការឡោមព័ទ្ធប្រទេសខ្លួន តាមរយៈការពង្រឹងទំនាក់ទំនងយោធា និងនយោបាយជាមួយបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន នៅអាស៊ីខាងត្បូង អាស៊ីបូព៌ា និង អាស៊ីអាគ្នេយ៍៕ កិច្ចចរចាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចលើកទី៣ រវាងចិន និងអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន
សំណុំរឿងដែលភាគីទំាងពីរត្រូវលើកយកទៅជជែកនៅក្នុងជំនួបជាឧភតោភាគីប្រចំាឆ្នំាលើកទី៣រយៈពេល ២ថ្ងៃ ក្នុងទីក្រុងវ៉ាស៊ីនតោន រួមមាន៖ បញ្ហាតម្លៃប្រាក់យ័នចិនទាប ធៀបនឹងតម្លៃប្រាក់ដុល្លារអាមេរិក បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន និងសំណុំរឿងអន្តរជាតិសំខាន់ៗផ្សេងទៀត ដូចយ៉ាងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង អៀរ៉ង់ ពិសេសអំពីស្ថានការណ៍ដែលកំពុងបន្តយ៉ាងពុះកញ្រ្ជោលនៅក្នុងពិភពអារ៉ាប់នាពេលបច្ចុប្បន្ន។
អ្វីជាការកត់សម្គាល់ ទំនាក់ទំនងរវាងចិន និងអាមេរិកសម័យលោក អូបាម៉ា គឺមិនដូចគ្នានឹងសម័យលោកប៊ូសទេ។ លោកប៊ូសដែលបានចាត់ទុកវិស័យសេដ្ឋកិច្ច ជាអាទិភាពតែមួយគត់។ ចំណែកលោកអូបាម៉ាបានផ្តោតនៅសឹងតែគ្រប់វិស័យទំាងអស់ មានជាអាទិ៍ វិស័យសេដ្ឋកិច្ច ការទូត បរិឋាន និងសំណុំរឿងអន្តរជាតិ។ ពិតណាស់ថា នៅមានសំណុំរឿងមួយចំនួនដែលចិន និងអាមេរិកមិនទាន់អាចនិយាយចុះសម្រុងគ្នាបាន។ តែការដែលភាគីទំាងពីរបន្តជួបគ្នា ១ឆ្នំាម្តង តំាងពីឆ្នំា ២០០៩ ពោលគឺតំាងពីលោកអូបាម៉ាបានក្លាយជាប្រធានាធិបតីអាមេរិកមក បានធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងចិនមិនសូវជាតានតឹងខ្លំាង ដូចក្នុងសម័យលោកប៊ូសទេ។
លោក អូបាម៉ាចង់ឲ្យមានកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យ ជាមួយចិន តែនៅតែចាត់ទុកសេដ្ឋកិច្ចថា ជាវិស័យមួយដែលមិនអាចខ្វះបាន។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី១ និងទី២ក្នុងលោក អាមេរិក និងចិនត្រូវតែពួតដៃគ្នាដើម្បីជួយស្រោចស្រង់វិបត្តិសេដ្ឋកិច្ចដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងក៏ដើម្បីផ្តល់សន្ទុះបន្ថែមលើទំនាក់ទនងសេដ្ឋកិច្ចរវាងគ្នាផង។ នៅត្រង់ចំណុចនេះ រដ្ឋបាលអាមេរិកំាងធ្លាប់បានប្រកាសទទួលស្គាល់អំពីទំនាក់ទំនងល្អនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយចិន។ ជារៀងរាល់ឆ្នំា ការដោះដូរពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកំាងមានទឹកប្រាក់ជាង ៤០ម៉ឺនលានដុល្លារ។
សិទ្ធិមនុស្ស និងប្រាក់យ័នចិន នៅបន្តជាសំណុំរឿងចម្រូងចម្រាស
បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន និងបញ្ហាប្រាក់យ័នរបស់ចិនត្រូវបានគេចាត់ទុកជាប្រធានបទប្រចំាត្រកូល នៅក្នុងកិច្ចចរចាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចរវាងអាមេរិក និងចិនក្នុងរយៈពេល ២ឆ្នំាចុងក្រោយនេះ។ បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន គឺជារឿងមួយច្រំដែល និងដែលចិនខ្លួនឯង ឮយ៉ាងសង្កៀរត្រចៀក។ ក្រៅពីសហរដ្ឋអាមេរិក ប្រទេសលោកខាងលិចផ្សេងទៀតក៏បានលើកយកបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិនទៅនិយាយនៅក្នុងជំនួបជាមួយថ្នាក់ដឹកនំាចិន។ ប៉ុន្តែគ្រាន់តែមានប្រទេសខ្លះហ៊ាននិយាយខ្លំាងៗ ចំៗ និងប្រទេសខ្លះទៀត និយាយបញ្ឆិតបញ្ឆៀង។
កាលពីខែមករា ឆ្នំា ២០១១ ថ្មីៗកន្លងទៅនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនហ៊ូ ជិនតាវនៅសហរដ្ឋអាមេរិក លោក ហ៊ូ ជិនតាវបានផ្តល់ចម្លើយដ៏គួរភ្ញាក់ផ្អើលមួយ តបនឹងការរិះគន់របស់លោក អូបាម៉ាថា ចិនពិតជាមានការយឺតយ៉ាវ នៅក្នុងបញ្ហាសិទ្ធិមនុស្ស និងថា មានកិច្ចការជាច្រើនទៀតដែលចិនត្រូវធ្វើ។ តែអ្វីដែលលោក ហ៊ូ ជិនតាវបានព្រមានរដ្ឋបាលអាមេរិកំាងពេលនោះ គឺការលូកលាន់របស់អាមេរិក និងប្រទេសលោកខាងលិច នៅក្នុងបញ្ហាទីបេ និងតៃវ៉ាន់។
ទាក់ទងនឹងបញ្ហាតម្លៃប្រាក់យ័នចិន ធៀបនឹងប្រាក់ដុលា្លរវិញ តំាងពីរដ្ឋាភិបាលចិនបានបន្ធូរដៃ ដោយទុកឲ្យតម្លៃប្រាក់យ័នឡើង ឬចុះថ្លៃ ទៅតាមតម្លៃទីផ្សារតំាងពីខែមិថុនាឆ្នំា ២០១០ មក តម្លៃប្រាក់យ័នចិនបានកើនឡើងប្រមាណជា ៥% ធៀបនឹងប្រាក់ដុល្លារ។ តែទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកកំណើននេះថា នៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះតម្លៃប្រាក់យ័នចិន នៅទាបជាងប្រាក់ដុល្លារចន្លោះពី ២០ ទៅ ៤០ភាគរយទៀត។
សូមជម្រាបជូនថា អាមេរិក និងដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ចិនតែងសុំឲ្យចិនដកដៃ និងទុកឲ្យតម្លៃប្រាក់យ័នឡើង ឬចុះថ្លៃ ទៅតាមតម្លៃទីផ្សារ។ តែទីក្រុងប៉េកំាងតែងចេញមុខលើកឡើងថា តម្លៃលុយយ័នទាបជាងលុយដុល្លារ នំាឲ្យមានកំណើនលើការនំាទំនិញចិនចេញទៅក្រៅប្រទេស និងនំាឲ្យចិនបន្តទទួលបានកំណើនសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។
ចិនកំពុងបារម្ភពីវិបត្តិអតិផរណា
កំណើនសេដ្ឋកិច្ចដ៏ខ្ពស់ជ្រុលហួសហេតុនឹងអាចហុចផលអាក្រក់ដល់ចិន និងឆ្លងរាលដាលនៅទូទំាងពិភពលោក។ ប្រាក់យ័នចិនមានតម្លៃទាប ធៀបនឹងប្រាក់ដុល្លារអាមេរិកំាង ពិតជាអនុញ្ញាតឲ្យផលិតផលចិននៅលើទីផ្សារអន្តរជាតិមានតម្លៃថោកជាងផលិតផលរបស់បណ្តាប្រទេសផ្សេងទៀត។ ប៉ុន្តែនយោបាយប្រាក់យ័នទាបជ្រុល ធៀបនឹងប្រាក់ដុល្លារ ក៏នឹងអាចធ្វើឲ្យទីផ្សាររូបិយវត្ថុ និងពាណិជ្ជកម្មក្នុងស្រុកបាត់បង់តុល្យភាព។ ក្តីបារម្ភមួយទៀតរបស់រដ្ឋាភិបាលចិន គឺកំរិតអតិផរណាកំពុងកើនឡើងក្នុងអត្រាមួយខ្ពស់ដែលចិនមិនធ្លាប់ប្រទះទេ ក្នុងរយៈពេលជិត ២ឆ្នំាកន្លងទៅ។ បើគិតក្នុងរយៈពេល ១ឆ្នំាកន្លងទៅនេះ តម្លៃទំនិញបានកើនឡើងជាង ៥ភាគរយ គឺជាកំណើនមួយដ៏ខ្ពស់ គិតតំាងពីខែកក្កដា ឆ្នំា ២០០៨។
ឃើញថា ប្រសិនបើរដ្ឋាភិបាលចង់ទប់ទល់នឹងវិបត្តិអតិផរណា គេគ្មានជម្រើសអ្វី ក្រៅពីដំឡើងអត្រាការប្រាក់ និងទុកបណ្តោយឲ្យតម្លៃប្រាក់យ័នឡើង ឬចុះថ្លៃទៅតាមច្បាប់ទីផ្សាររូបិយប័ណ្ណនោះទេ។ តាមពិតទៅ ចិនយល់ច្បាស់ណាស់អំពីរឿងនេះ តែអ្វីដែលចិនចង់បង្ហាញប្រាប់គេគឺថា ចិនមិនមែនអនុវត្តតាមការទាមទាររបស់បរទេសទេ តែដោយសម្របទៅនឹងការវិវឌ្ឍន៍នៃសេដ្ឋកិច្ចរបស់ខ្លួន៕ កិច្ចចរចាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ច ក្រោមភាពតានតឹងនៅឧបទ្វីបកូរ៉េ
អាមេរិកសម័យលោកប្រធានាធិបតី George W Bush គឺមានតែវិស័យសេដ្ឋកិច្ចតែមួយគត់ដែលលោក Bush បានចាត់ទុកជាអាទិភាពនៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក។ តែសម្រាប់អាមេរិកសម័យលោកប្រធានាធិបតី Barack Obama នាពេលបច្ចុប្បន្ននេះវិញ លោក Obama បានផ្តោតនៅសឹងតែគ្រប់វិស័យទំាងអស់ មានជាអាទិ៍ វិស័យសេដ្ឋកិច្ច ការទូត បរិស្ថាន ឬមួយក៏សំណុំរឿងអន្តរជាតិសំខាន់ៗផ្សេងទៀត ដូចយ៉ាងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងរបស់ប្រទេសអៀរ៉ង់ជាដើម។ ដោយមិនភ្លេចទេ អំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។
ប៉ុន្តែនៅចំពោះមុខ ផលប្រយោជន៍សេដ្ឋកិច្ចនៅតែបន្តគ្របដណ្តប់នៅក្នុងកិច្ចចរចារវាងប្រទេសទំាងពីរដដែល។ លោកឧបនាយករដ្ឋមន្រ្តីចិន Wang Qishan បានប្រកាសជាចំហថា វិស័យសេដ្ឋកិច្ចបានក្លាយជាវិស័យមួយដែលអាមេរិក និងចិនមិនអាចផ្តាច់ពីគ្នាបាន។ លោក Wang Qishan បានគូសបញ្ជាក់បន្ថែមទៀតថា ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន អាមេរិក និងចិនត្រូវតែពួតដៃគ្នាដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចពិភពលោក និងផ្តល់សន្ទុះបន្ថែមលើទំនាក់ទនងសេដ្ឋកិច្ចរវាងអាមេរិក និងចិន។ ជាការឆ្លើយតបវិញ លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក Timothy Geithner បានប្រកាសទទួលស្គាល់អំពីទំនាក់ទំនងល្អរវាងអាមេរិក និងចិន ទំាងនៅលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ តែទន្ទឹមគ្នានេះ លោក Timothy Geithner បានអំពាវនាវឲ្យមានការបើកទូលាយនូវប្រព័ន្ធពាណិជ្ជកម្មពិភពលោកមួយ ដែលអាមេរិក និងចិនអាចចូលរួមប្រកួតប្រជែងជាលក្ខណៈសមភាព។
សូមជម្រាបជូនថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីមួយក្នុងលោក អាមេរិកកំពុងតែផុងខ្លួនក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងក្រពុលមុខ។ រីឯចិនវិញ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីបី បន្ទាប់ពីប្រទេសជប៉ុន កំណើនសេដ្ឋកិច្ចរបស់ចិននៅតែមានជានិច្ច ជាមួយនឹងអត្រាជិត ៩% ក្នុងឆ្នំា ២០០៩កន្លងទៅ និងមានរហូតដល់ជិត ១២% នៅត្រីមាសទីមួយឆ្នំា ២០១០។ ជារៀងរាល់ឆ្នំា ការដោះដូរនៅលើវិស័យពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកំាងមានទឹកប្រាក់រហូតដល់ជាង ៤០ម៉ឺនលានដុល្លារ។
លោក Timothy Geithner រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក ©Reuters
អាមេរិក៖ ចិនត្រូវតែធ្វើកំណែទម្រង់ប្រាក់ Yuan
អស់រយៈពេលជាច្រើនខែកន្លងមកហើយ ដែលអាមេរិកបានទាមទារឲ្យចិនធ្វើកំណែទម្រង់លើប្រាក់ Yuan របស់ខ្លួន។ តំាងពីរដូវក្តៅឆ្នំា ២០០៨ មក ប្រាក់ Yuan នៅតែមានតម្លៃទាបជ្រុល បើប្រៀបនឹងប្រាក់ដុល្លារអាមេរិកំាង។ រដ្ឋបាលរបស់លោក Obama តែងទិតៀនរដ្ឋាភិបាលរបស់លោកប្រធានាធិបតីចិន Hu Jintao ពីការដែលក្រុងប៉េកំាងបន្តរក្សាអត្រាប្រាក់ Yuan ទាបជ្រុល នៅចំពោះមុខប្រាក់ដុល្លារអាមេរិកំាង។ អស់ជាច្រើនខែមកហើយ ដែលក្រុងវ៉ាស៊ីនតោនបានអំពាវនាវឲ្យក្រុងប៉េកំាងផ្តើមធ្វើកំណែទម្រង់លើរូបិយវត្ថុរបស់ខ្លួន។ តែជានិច្ច ជាកាល ក្រុងប៉េកំាងបានត្រឹមតែបង្ហាញពីឆន្ទៈដ៏ល្អរបស់ខ្លួន។ កាលពីថ្ងៃចន្ទ ទី ២៤ ឧសភាទៀត លោកប្រធានាធិបតីចិន Hu Jintao បានបញ្ជាក់ជាថ្មីអំពីឆន្ទៈក្នុងការបន្តធ្វើកំណែទម្រង់ប្រាក់ Yuan របស់ចិន តែមិនបានកំណត់ពេលវេលាឲ្យបានច្បាស់លាស់ទេ។ លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក Timothy Geithner បានត្រឹមតែអបអរសាទរអំពីឆន្ទៈដ៏ល្អរបស់ចិន និងបានអះអាងថា កំណែទម្រង់ប្រាក់ Yuan នឹងផ្តល់ផលប្រយោជន៍ឲ្យចិន និងអាមេរិក។ តែសម្រាប់លោក Zhang Xiaoqiang អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកការអភិវឌ្ឍន៍ និងកំណែទម្រង់ចិនបានបញ្ជាក់ថា គេមិនត្រូវសំឡឹងឃើញតែតម្លៃប្រាក់ Yuan មួយគត់ទេ តម្លៃប្រាក់អឺរ៉ូក៏កំពុងមានតម្លៃទាបច្រើន បើប្រៀបនឹងប្រាក់ដុល្លារអាមេរិកំាង។ បើនិយាយជារួមទៅ កាយវិការរបស់ចិនលើកនេះហាក់ដូចជាមានលក្ខណៈសម្រុះសម្រួលជាងលើកមុនៗ។ តែទន្ទឹមគ្នានេះ ចិនក៏មិនទុកបណ្តោយឲ្យអាមេរិកចេះតែបន្តផ្តល់មេរៀនឲ្យខ្លួនដែរ។ ចំណែកភាគីអាមេរិកវិញ ក៏មិនហ៊ានអុងអាត់ខ្លំាង ព្រោះខ្លួនកំពុងជំពាក់បំណុលចិនជិត ១ពាន់លានដុល្លារ។
លោកប្រធានាធិបតីចិន Hu Jintao ©Reuters
ចិនទើសទាល់ចិត្ត ដោយរឿងកូរ៉េខាងជើង
ក្រៅពីបញ្ហាសេដ្ឋកិច្ច ដែលអាមេរិក និងចិនត្រូវការគ្នាទៅវិញ ទៅមក រដ្ឋបាលអាមេរិករបស់លោក Obama ក៏ចង់បានកិច្ចសហប្រតិបត្តិការទំាងស្រុងជាមួយចិន ដូចយ៉ាងនៅក្នុងសំណុំរឿងនុយក្លេអ៊ែរ សំណុំរឿងអាកាសធាតុពិភពលោក សំណុំរឿងថាមពល ឬមួយបញ្ហាសន្តិសុខអន្តរជាតិជាដើម។ រដ្ឋបាលអាមេររិកំាងយល់ឃើញថា វត្តមានរបស់ចិននៅក្នុងដំណោះស្រាយបញ្ហាមួយណានៅក្នុងលោក គឺជាវត្តមានមួយមិនអាចខ្វះបាន ពិសេស សំណុំរឿងនុយក្លេអ៊ែររបស់ប្រទេសអៀរ៉ង់ និងកូរ៉េខាងជើង។ ពីប្រទេសចិន លោកស្រីរដ្ឋមន្រ្តីការបទេសអាមេរិក Hillary Clinton បានអំពាវនាវឲ្យអៀរ៉ង់គោរពតាមសេចក្តីសម្រេចចិត្តរបស់ភាគីទំាង ៦ ដែលតម្រូវឲ្យបញ្ឈប់កម្មវិធីចម្រើនធាតុអ៊ុយរ៉ាញ៉ូម។
ទាក់ទងនឹងប្រទេសកូរ៉េខាងជើងវិញ ក្រៅពីបញ្ហានុយក្លេអ៊ែរ នៅមានព្រឹត្តិការណ៍ចុងក្រោយមួយទៀតដែលបាននិងកំពុងធ្វើឲ្យចិនទើសទាល់ចិត្តយ៉ាងខ្លំាង។ កូរ៉េខាងជើងបានទទួលការចោទប្រកាន់ថា បានបាញ់ពន្លិចនាវាចម្បំាងកូរ៉េខាងត្បូងកាលពីខែមីនាកន្លងទៅ។ តំាងពីបានដាក់ជើងជាន់ទឹកដីចិន លោកស្រី Clinton បានព្យាយាមនិយាយបញ្ចុះបញ្ចូលចិនឲ្យរួមជាមួយអង្គការសហប្រជាជាតិដើម្បីដាក់ទណ្ឌកម្មលើរបបក្រុងព្យុងយ៉ាង។ សម្រាប់លោកស្រី Clinton ទង្វើរបស់កូរ៉េខាងជើង ជាទង្វើមួយដ៏ធ្ងន់ធ្ងរ និងនំាឲ្យមានអស្ថិរភាពនៅក្នុងតំបន់ទំាងមូល។ ចិនបានទទួលស្គាល់អំពីបញ្ហានេះ តែហាក់ដូចជាមិនបានត្រៀមខ្លួនដើម្បីដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តរបស់ខ្លួនទេ។ នៅក្នុងសេចក្តីជូនដំណឹងមួយកាលពីម្សិលមិញ ក្រុងប៉េកំាងបានរម្លឹកអំពីកិច្ចសន្យារបស់ខ្លួនក្នុងការរក្សាស្ថិរភាពនៅក្នុងតំបន់។ មួយវិញទៀត លោកអនុរដ្ឋមន្ត្រីការបរទេសចិន Cui Tiankai បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារ ទី ២៥ ឧសភានេះថា ចិនត្រៀមខ្លួនជានិច្ចដើម្បីធ្វើការជាមួយគ្រប់ភាគីទំាងអស់ក្នុងការដោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េ។ ឧបទ្វីបកូរ៉េដែលនៅថ្ងៃនេះដែរ ភាពតានតឹងកំពុងឡើងដល់កំពូលរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរ ជើង ត្បូងដោយរបបក្រុងព្យុងយ៉ាងបានប្រកាសឲ្យកងទ័ពរបស់ខ្លួនប្រុងជើងការ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីរបបក្រុងសេអ៊ូលបានគំរាមនឹងចាត់វិធានការចាស់ដៃចំពោះទង្វើរបស់ក្រុងព្យុងយ៉ាង។ រដ្ឌាភិបាលអាមេរិក អូបាម៉ា លែងខ្ចីលុយបានទេៀតហេីយ
គឺលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចផ្ទាល់ខ្លួន Jack Lew ដែលបានថ្លែងជាសាធារណៈទៅកាន់ក្រុមសមាជិកសភាដែលគណបក្សប្រឆំាង គឺគណបក្សសាធារណរដ្ឋមានសម្លេងភាគច្រើន។ « ខ្ញុំស្នើឲ្យសភាចាត់វិធានការជាបន្ទាន់ » នេះជាការថ្លែងរបស់លោក Jack Lew។ លោក Lew ដែលបាននិយាយសារចុះ សារឡើងថា ចាប់ពីថ្ងៃសៅរិ៍ ទី៨ កុម្ភៈទៅ អាមេរិកមិនអាចខ្ចីលុយគេបានទៀតឡើយ ព្រោះលទ្ធភាពខ្ចីប្រាក់បានឡើងដល់កម្រិតអតិបរមាហើយ។ យោងតាមលោក Lew អាមេរិកកំពុងរស់នៅជាមួយនឹងលទ្ធភាពអប្បបរិមា ដោយផ្អែកលើស្ថានភាពជាក់ស្តែង និងបន្ទាន់ និងថា អាមេរិកមានលុយសម្រាប់ចំណាយផ្សេងៗត្រឹមដំណាច់ខែកុម្ភៈនេះប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក៏មិនចង់ទម្លាក់កំហុសចំៗទៅលើក្រុមណាមួយទេ តែគ្រាន់តែបានបញ្ជាក់ដោយសាមញ្ញថា ការដំឡើងកម្រិតបរិមាណប្រាក់បំណុលវាជាបុព្វសិទ្ធិរបស់រដ្ឋសភា។
គួរជម្រាបជូនថា នៅសហរដ្ឋអាមេរិក សភាជាអ្នកកំណត់កម្រិតអតិបរមានៃបំណុលសាធារណៈ។ ប្រសិនបើបំណុលសាធារណៈនៅទាបជាងដែនកំណត់ រដ្ឋាភិបាលអាចខ្ចីលុយគេបន្ថែមដោយមិនចាំបាច់សុំការអនុញ្ញាតពីរដ្ឋសភាទេ។ តែសព្វថ្ងៃនេះ បំណុលសាធារណៈរបស់អាមេរិកបានកើនឡើងដល់កម្រិតអតិបរមាដែលរដ្ឋាភិបាលរបស់លោកអូបាម៉ាមិនអាចខ្ចីបំណុលគេបន្ថែមទៀតបានទៀតឡើយ វាលើកលែងតែសភាអនុម័តច្បាប់ថ្មីដើម្បីដំឡើងកម្រិតបរិមាណបំណុលអតិបរមានេះ។ អ្វីដែលបាន និងកំពុងបន្តចោទចំពោះលោកអូបាម៉ានៅត្រង់ថា គណបក្សរបស់លោកមិនមានសម្លេងភាគច្រើននៅក្នុងរដ្ឋសភាទេ។
ដូច្នេះ អ្នកដែលកំពុងមានសន្លឹកបៀរចុងក្រោយនៅក្នុងដៃ គឺគណបក្សសាធារណរដ្ឋដែលជាបក្សប្រឆំាង។ តែយ៉ាងណាក៏ដោយ ទោះបីជាបញ្ហាថវិកានៅអាមេរិកនៅមិនទាន់មានស្ថានភាពធ្ងន់ធ្ងរដូចពេលកន្លងមកក៏ដោយ ក៏អង្គការរូបិយវត្ថុអន្តរជាតិបានព្រមានក្រុមតំណាងរាស្រ្តទំាងពីរបក្សរួចជាស្រេចថា គេគួរតែមានគតិបណ្ឌិតបញ្ជៀសកុំឲ្យវិបត្តិច្រំដែលវិលត្រលប់ជាថ្មីម្តងទៀត៕ អាមេរិករួចផុតពីក្ស័យធនប្រផិតប្រផើយ
សម្រាប់ពលរដ្ឋអាមេរិកាំង និងជាពិសេសសម្រាប់បុគ្គលិកដែលរដ្ឋសហព័ន្ធបានផ្អាកការងារអស់ពីរសប្តាហ៍មកហើយ ដោយសារតែវិបត្តិជាប់គាំងថវិកា នះជាដំណឹងល្អមួយ។ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ពួកគេអាចត្រលប់ចូលធ្វើការងារវិញ។ ហើយច្បាប់ថវិកាដែលសភាបោះឆ្នោតកាលពីយប់ថ្ងៃពុធម្សិលមិញ បានចែងពីការធានាបើកសងប្រាក់ខែ ក្នុងពេលពួកគេត្រូវបញ្ឈប់ពីការងារពីរសប្តាហ៍ កន្លងមក។
ដំណឹងល្អមួយទៀត សម្រាប់សេដ្ឋកិច្ចអាមេរិក គឺច្បាប់ថវិកា ដែកសភាអាមេរិកបោះឆ្នោតយ៉ាងប្រថុចញ៉ុច កាលពីយប់ថ្ងៃពុធ នឹងធ្វើឲ្យអាមេរិកជៀសផុតពីគ្រោះថា្នក់ក្ស័យធន។ ក៏ប៉ុន្តែ គេក៏មិនត្រូវអរពេកដែរ ព្រោះថា ច្បាប់នេះគ្រាន់តែបញ្ជៀសអាមេរិកឲ្យរួចផុតពីការក្ស័យធន ជាបណ្តោះអាសន្ន ប៉ុន្តែ មិនរហូតទេ។ ច្បាប់នេះបានសម្រេចផ្គត់ផ្គង់ថវិកាដល់សេវាសាធារណៈរបស់រដ្ឋាភិបាល រហូតត្រឹមថ្ងៃ ទី១៥ខែមករា ចំណែកក្នុងរឿងប្រាក់បំណុលវិញ ច្បាប់បើកផ្លូវឲ្យរដ្ឋាភិបាលអាចខ្ចីប្រាក់បំណុលបន្ថែម រហូតត្រឹមថ្ងៃទី ៧កុម្ភៈ។
វិបត្តិជាប់គាំងថវិកា និងគ្រោះថ្នាក់រដ្ឋអាមេរិកក្ស័យធន នឹងអាចកើតមានជាថ្មី នៅដើមឆ្នាំក្រោយ ប្រសិនបើសភាមកពីគណបក្សទាំងពីរមិនយល់ស្របគ្នា បោះឆ្នោតទេ។ នៅពេលនេះ គេបានបោះឆ្នោត ដើម្បីគ្រាន់តែអាចជៀសផុតពីវិបត្តិក្ស័យធន តែមួយគ្រា និងដើម្បីលើកទឹកចិត្តប្រជាជនអាមេរិកាំងឲ្យចូលរួមសប្បាយ នៅក្នុងពេលបុណ្យដាច់ឆ្នាំតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ការចំណាយរបស់មេផ្ទះ ក្នុងពេលបុណ្យទាន សំខាន់ណាស់សម្រាប់កំណើនសេដ្ឋកិច្ចអាមេរិក។
មន្រ្តីបុគ្គលិករបស់រដ្ឋសហព័ន្ធតវ៉ានៅមុខកាពីតូល បន្ទាប់ពីពួកគេត្រូវបញ្ឈប់ពីការងារដោយសាររដ្ឋជួបវិបត្តិថវិកា REUTERS/Jonathan Ernst
អាមេរិកបានរួចផុតពីវិបត្តិក្ស័យធន ប៉ុន្តែ អាមេរិកបានខូចកេរ្តិ៍ឈ្មោះ វិបត្តិថវិកា លើលោក និងល្បែងរបស់អ្នកនយោបាយដែលយកសេដ្ឋកិច្ចអាមេរិកធ្វើជាចំណាប់ខ្មាំង បានធ្វើឲ្យគេចោទសួរទៅលើសមត្ថភាពដឹកនាំរបស់អាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទីមួយលើលោក។ អ្នកសេដ្ឋកិច្ចមួយចំនួនចោទសួររួចទៅហើយថា តើគេអាចជឿជាក់បានប៉ុណ្ណាលើសេដ្ឋកិច្ចរបស់អាមេរិក។
នេះមិនមែនជាលើកទីមួយទេ ដែលអាមេរិកខូចកេរ្តិ៍ឈ្មោះ ដោយសារតែអ្នកនយោបាយអាមេរិកចូលចិត្តយកវិបត្តិថវិកាមកលេង ធ្វើជាចំណាប់ខ្មាំង ដើម្បីចរចា តថ្លៃគ្នា សម្រាប់ប្រយោជន៍នយោបាយរបស់បក្ស។ កាលពីឆ្នាំ២០១១ ក្រុមសាធារណរដ្ឋនៅរដ្ឋសភាបានអូសត្រាំត្រែងវិបត្តិប្រាក់បំណុល រហូតនៅតែប៉ុន្មានម៉ោងមុន ពេល ដែលអាមេរិកត្រូវជួបគ្រោះថ្នាក់ក្ស័យធន ទើបពួកអ្នកធ្វើច្បាប់ បក្សសាធារណរដ្ឋ យល់ព្រមបោះឆ្នោតច្បាប់ ឲ្យរដ្ឋាភិបាលខ្ចីប្រាក់បំណុលបន្ថែម។ បើសិនរដ្ឋាភិបាលមិនអាចខ្ចីប្រាក់បំណុលបន្ថែម នោះអាមេរិក នឹងក្ស័យធនគ្មានលុយសងគេ និងគ្មានលុយសម្រាប់ចំណាយសាធារណៈ ដើម្បីជំរុញសេដ្ឋកិច្ច។ អាមេរិកដួល នោះសេដ្ឋកិច្ចពិភពលោកទាំងមូលដែលពឹងអាស្រ័យលើលុយដុល្លារ ក៏នឹងដួលដែឬ។
ដូច្នេះ នៅឆ្នាំនោះ វិបត្តិប្រាក់បំណុល បានធ្វើឲ្យអាមេរិកខាតបង់មិនតិចទេ។ ប្រជាជនបានបាក់ទឹកចិត្ត ខ្លាចសេដ្ឋកិច្ចមិនសូវស្រួល និងមិនឲ្យហ៊ានចំណាយ ដែលតាមពិតជាប្រភពនៃកំណើនសេដ្ឋកិច្ច។ លើសពីនោះ វិបត្តិលើកនោះបានធ្វើឲ្យអត្រាការប្រាក់បំណុលរបស់អាមេរិកបានកើនឡើងដែរ។ ជាធម្មតា ម្ចាស់បំណុល តែងតែដំឡើងការប្រាក់ហើយ បើសិនជាគេឃើញ កូនបំណុលមានស្ថានភាពសេដ្ឋកិច្ចផុយស្រួយ និងមិនសូវធានា។
សម្រាប់វិបត្តិលើកនេះ គេបានប៉ាន់ស្មានឃើញថា ទំហំខូចខាតនឹងអាចធ្ងន់ធ្ងរជាងមុន។ ទីភ្នាក់ងារវាយតម្លៃហានិភ័យ Standard and Poors បានបង្ហាញថា វិបត្តិជាប់គាំងថវិកាបានធ្វើឲ្យសេដ្ឋកិច្ចអាមេរិកខាតបង់ទឹកប្រាក់ប្រមាណ ២៤ពាន់លានដុល្លារ។ កំណើនសេដ្ឋកិច្ចរបស់អាមេរិកដែលត្រូវរំពឹងថា នឹងមានប្រមាណ៣ភាគរយ ក៏នឹងត្រូវធ្លាក់ចុះ០,៦ភាគរយ ដែរ នៅក្នុងត្រីមាសទីបួន ឆ្នាំនេះ។
សមាជិកព្រឹទ្ធសភាមកពីក្រុមTea Party របស់បក្សសាធារណរដ្ឋ លោកTed Cruz ដែលជាសរសរប្រឆាំងច្បាប់សុខភាពរបស់លោកអូបាម៉ា REUTERS/Jason Reed
ក្រុមសាធារណរដ្ឋចាញ់យ៉ាងអាម៉ាស់មុខ
ក្រុមសាធារណរដ្ឋ ជាប្រភពដែលនាំឲ្យមានវិបត្តិជាប់គាំងថវិកាផង និងវិបត្តិប្រាក់បំណុលផង។ ក្រុមសាធារណរដ្ឋ ដែលមាននិន្នាការអភិរក្សជ្រុលនិយម ឬក្រុមTea Party នៅរដ្ឋសភា បានតស៊ូ ក្រាញននៀល ប្រឆាំងឲ្យខាងតែបានរាល់នយោបាយរបស់រដ្ឋាភិបាល ជាពិសេសច្បាប់សុខភាពរបស់លោកអូបាម៉ា។
ប៉ុន្តែ នៅទីបំផុត ក្រុមនេះ បានយល់ព្រម ចុះចាញ់ ដោយធ្វើសម្បទាន បោះឆ្នោតច្បាប់ដែលព្រឹទ្ធសភាបានចងក្រង កាលពីយប់ថ្ងៃពុធ។ សម្រាប់រដ្ឋាភិបាល គ្មានអ្នកចាញ់ និងអ្នកឈ្នះទេ។ ប៉ុន្តែ អ្នកនយោបាយជាទូទៅបានវាយតម្លៃថា គឺ ក្រុមសាធារណរដ្ឋដែលចាញ់ អាម៉ាស់មុខ យ៉ាងច្បាស់ក្រឡែត លើកនេះ។ ក្រុមនេះ ដែលខ្ទាស់ជើង ជាងពីរសប្តាហ៍មកហើយ មិនឲ្យចេញច្បាប់ថវិកាសម្រាប់រដ្ឋាភិបាល មិនបានទទួលសម្បទានអ្វីពីលោកអូបាម៉ា ក្នុងរឿងច្បាប់សុខភាព។ លោកអូបាម៉ានៅតែអនុវត្តច្បាប់សុខភាពរបស់លោក ចំណែកក្រុមសាធារណរដ្ឋត្រូវបង្ខំចិត្តបោះឆ្នោត កាលពីយប់មិញ ដើម្បីអាចឲ្យអាមេរិកជៀសផុតពីវិបត្តិក្ស័យធន។ សម្រាប់ក្រុមប្រឆាំង ពួកគេមិនចាញ់ទាំងស្រុងទេ។ ទីមួយ គេបានទាមទារបានសម្រេច ឲ្យរដ្ឋាភិបាលកាត់បន្ថយការខ្ចីប្រាក់ឥណទាន។ ទីពីរទៀត ច្បាប់នេះនឹងសុពលភាពក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ពួកគេប្តេជ្ញាហើយថា នឹងប្រឆាំងជាថ្មី នៅ ដើមឆ្នាំក្រោយ នៅពេលដែលសភាចាប់ផ្តើមនិយាយពីច្បាប់ថវិកា ពោលគឺធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលលះបង់ចោលច្បាប់សុខភាព ដែលពួកគេចោទថា ជាប្រភពចំណាយច្រើនរបស់រដ្ឋ។
នៅមុនពេលរដ្ឋសភាបោះឆ្នោត កាលពីយប់ថ្ងៃពុធ លោកអូបាម៉ាបានអំពាវនាវដល់ក្រុមសាធារណរដ្ឋឲ្យឈប់លេងល្បែងថវិកា និងត្រូវធ្វើការដើម្បីឲ្យប្រជាជនអាមេរិកាំងមានជំនឿទុកចិត្តឡើងវិញ។ ច្បាប់ថវិកា ដែលសភាបោះឆ្នោតកាលពីយប់មិញ បានចែងផងដែរពីការបង្កើតគណៈកម្មការរួម ដើម្បីពិភាក្សាលើច្បាប់ប្រាក់បំណុលសម្រាប់រយៈពេលវែង។
បើទោះបីជាច្បាប់មានប្រសិទ្ធិភាព តែ ក្នុងមួយរយៈពេលខ្លីមួយ តែលោកអូបាម៉ា និងបក្សប្រជាធិបតេយ្យរបស់លោកបានឡើងកូដខ្លាំង។ ចំណែកប្រជាប្រិយភាពរបស់បក្សសាធារណដ្ឋវិញ បានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។ តាមការស្ទង់មតិ ប្រជាប្រិយភាពរបស់បក្សប្រឆាំងបានធ្លាក់ចុះ មកនៅត្រឹម ២៤ភាគរយ។ ប្រជាជនអាមេរិកាំងកាន់តែច្រើន បានបន្ទោស ទម្លាក់កំហុសលើបក្សសាធារណរដ្ឋថា ជាអ្នកទទួលខុសត្រូវទៅលើវិបត្តិថវិកា ដែលវិះតែធ្វើឲ្យអាមេរិកក្ស័យធន។
ក្នុងផ្នែកនយោបាយ វិបត្តិប្រាក់បំណុលលើកនេះ មិនត្រឹមតែធ្វើឲ្យចោទសួរឡើងវិញ ពីលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក តែប៉ុណ្ណោះទេ ប៉ុន្តែ គេកំពុងចាប់សង្ស័យផងដែរទៅលើជោគវាសនាអនាគតរបស់គណបក្សដ៏មានវ័យចំណាស់ គឺបក្សសាធារណរដ្ឋ៕ អូបាម៉ាលប់ចេាលទស្សនកិច្ចនៅអាសុីមូលហេតុបំណុល
លុបចោលទស្សនកិច្ច នៅ អាស៊ី មានន័យថា លោកអូបាម៉ានឹងមិនទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក (APEC) កិច្ចប្រជុំអាស៊ាន និង កិច្ចប្រជុំអាស៊ីបូព៌ា។
តាមសេតវិមាន ស្ថានភាពវឹកវរនៅអាមេរិក ដោយសារវិបត្តិជាប់គាំងថវិកាបានតម្រូវឲ្យលោកប្រធានាធិបតី លុបចោលទស្សនកិច្ចដ៏សំខាន់របស់លោកទៅអាស៊ី។ លោកJay Carney អ្នកនាំពាក្យរបស់លោកអូបាម៉ា បានចោទក្រុមសាធារណរដ្ឋថា អ្នកទទួលខុសត្រូវ និងបានរារាំងលោកអូបាម៉ា មិនឲ្យទៅចូលរួម នៅក្នុងកិច្ចប្រជុំ ដែលតាមពិតនឹងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ច។ មានន័យថា នយោបាយខ្ទាស់ជើងរបស់ក្រុមសាធារណរដ្ឋមិនត្រឹមតែធ្វើឲ្យរដ្ឋាភិបាលជួបវិបត្តិថវិកា បិទស្ថាប័ន និងបញ្ឈប់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងរារាំងមិនឲ្យលោកអូបាម៉ាចេញទៅអាស៊ី ជាទីដែលលោកអូបាម៉ាអាចពិភាក្សាជាមួយដៃគូអាស៊ី ដើម្បីជំរុញការនាំចេញផលិតផលអាមេរិក និងការបង្កើនការងារសម្រាប់ពលរដ្ឋអាមេរិកាំង។
អាមេរិកក្រោមការដឹកនាំរបស់លោកអូបាម៉ា បានពង្រឹងវត្តមានរបស់ខ្លួន ទាំងក្នុងវិស័យសេដ្ឋកិច្ច និងយោធា នៅអាស៊ី។ ដូច្នេះ អវត្តមានរបស់លោកអូបាម៉ានៅអាស៊ី មិនត្រឹមតែប៉ះពាល់ដល់សហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាមេរិក និងអាស៊ីតែប៉ុណ្ណោះទេ ប៉ុន្តែ វានឹងឥទ្ធិពលមិនល្អទៅលើនយោបាយអន្តរជាតិរបស់អាមេរិក។ តាមគម្រោង នៅក្នុងទស្សនកិច្ចរបស់លោកនៅអាស៊ី លោកអូបាម៉ា គ្រោងនឹងជជែកពីវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គេរំពឹងដែរថា លោកអូបាម៉ា នឹងធ្វើដំណើរទៅហ្វីលីពីន ដែលកំពុងត្រូវការជំនួយរបស់អាមេរិកដើម្បីទប់ទល់នឹងមហាអំណាចចិន នៅសមុទ្រចិនខាងត្បូង។ ចុងក្រោយ លោកអូបាម៉ានឹងខកខានមិនបានជួបលោកប្រធានាធិបតីរុស្ស៊ី ដែលតាមគម្រោង ប្រមុខរដ្ឋទាំងពីរត្រូវជួបគ្នានិយាយពីវិបត្តិនៅស៊ីរី។
សូមរំលឹកថា វិបត្តិជាប់គាំងថវិកា បានឈានចូលមកដល់ថ្ងៃទីបួនហើយ នៅអាមេរិក។ គឺអស់ពេលបួនថ្ងៃហើយ ដែលរដ្ឋសហព័ន្ធបិទទ្វារស្ថាប័នមួយចំនួន និងបញ្ឈប់ការងារបុគ្គលិកបណ្តោះអាសន្នប្រមាណ៩សែននាក់។ អ្នកសេដ្ឋកិច្ចវិទូបានវាយតម្លៃថា សហរដ្ឋអាមេរិកខាតបង់ថវិកាប្រមាណ ២០០លានដុល្លារក្នុងមួយថ្ងៃ ហើយចំនួននេះនឹងកើនឡើង នៅសប្តាហ៍ក្រោយៗទៀត ព្រោះថា កន្លែងទេសចរណ៍ ដូចជាអគារ និងសួនច្បារសាធារណៈ ដែលត្រូវបិទទ្វារយូរ នឹងប៉ះពាល់ដល់វិស័យឯកជន។
តាមអ្នកនាំពាក្យប្រធានាធិបតី លោកអូបាម៉ាដែលពេលនេះលុបចោលទស្សនកិច្ចរបស់លោកនៅអាស៊ីកំពុងដាក់គំនាបលើក្រុមសាធារណរដ្ឋ ឲ្យបោះឆ្នោតផ្តល់ថវិកាដល់រដ្ឋាភិបាលដើម្បីបញ្ចប់ភាពជាប់គាំងតទៅទៀត៕ ជប៉ុននិងចិនជាអ្នករងគ្រោះពីបំណុលអាមេរិក
កាលពីឆ្នាំ២០០៨ ពិភពលោកទាំងមូលត្រូវធ្លាក់ក្នុងវិបត្តិ ដែលមានឫសគល់ចេញពីវិបត្តិហិរញ្ញវត្ថុ នៅអាមេរិក។ ៥ឆ្នាំក្រោយមក អាមេរិកកំពុងតែធ្វើឲ្យពិភពលោកព្រួយបារម្ភសាជាថ្មីម្តងទៀត។ ខុសពីវិបត្តិកាលពីឆ្នាំ២០០៨ ដែលមានឫសគល់ចេញពីការធ្វេសប្រហែស និងទង្វើខ្វះការទទួលខុសត្រូវក្នុងមជ្ឈដ្ឋានធនាគារ និងផ្សារមូលបត្រអាមេរិក វិបត្តិលើកនេះ គឺកើតចេញពីអ្នកនយោបាយអាមេរិក។
អស់រយៈពេល ៩ថ្ងៃមកហើយ ដែលរដ្ឋាភិបាលសហព័ន្ធអាមេរិកត្រូវបិទទ្វារមួយផ្នែក ដោយសារតែសភាមិនព្រមអនុម័តថវិកាជាតិថ្មី។ វិបត្តិនេះមិនមែនបង្កបញ្ហាតែត្រឹមអាមេរិកខ្លួនឯងនោះទេ ប៉ុន្តែ វាបានប៉ះពាល់ផងដែរទៅដល់ស្ថិរភាពនៃទីផ្សារមូលបត្រនៅស្ទើរតែពាសពេញពិភពលោក ជាពិសេស នៅអាស៊ី។
រហូតមកទល់នឹងពេលនេះ គេនៅតែមិនឃើញមានពន្លឺណាមួយ ដែលអាចឈានទៅបញ្ចប់ភាពជាប់គាំងនយោបាយនៅសភាអាមេរិកនេះបាននៅឡើយ ហើយលើសពីនេះទៅទៀត បញ្ហាថ្មីមួយទៀត និងកាន់តែធ្ងន់ធ្ងរមួយទៀត កំពុងតែខិតជិតចូលមកដល់។
នៅថ្ងៃទី១៧ខែតុលាខាងមុខ រតនាគារជាតិអាមេរិកនឹងត្រូវអស់លុយ ហើយចាំបាច់ត្រូវខ្ចីបំណុលបន្ថែម។ ប្រសិនបើសភាអាមេរិកនៅតែជាប់គាំង ហើយមិនព្រមអនុម័តច្បាប់អនុញ្ញាតឲ្យរដ្ឋាភិបាលបង្កើនកម្រិតបំណុលសាធារណៈទេនោះ រដ្ឋការរបស់លោកអូបាម៉ានឹងត្រូវប្រឈមមុខនឹងបញ្ហាដ៏ធំមួយ គឺបំណុលថ្មីក៏ខ្ចីមិនបាន ចំណែកឯបំណុលចាស់ក៏គ្មានលុយសង។ តាមលក្ខណៈបច្ចេកទេស អាមេរិកនឹងត្រូវក្ស័យធន។ ការក្ស័យធននៃមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ អាចនឹងរាលដាល បង្កភាពចលាចល នៅលើប្រព័ន្ធហិរញ្ញវត្ថុទូទាំងពិភពលោក។
ក៏ប៉ុន្តែ មានប្រទេសពីរនៅអាស៊ី ដែលអាចជាអ្នករងគ្រោះខ្លាំងជាងគេ ក្នុងករណីអាមេរិកក្ស័យធន គឺចិន និងជប៉ុន ដែលជាម្ចាស់បំណុលដ៏ធំបំផុតរបស់អាមេរិក។ យោងតាមតួលេខក្រសួងហិរញ្ញវត្ថុអាមេរិក គិតមកត្រឹមថ្ងៃទី៣១កក្កដា ឆ្នាំ២០១៣នេះ បំណុលដែលអាមេរិកជំពាក់ចិន មានរហូតដល់ទៅ ១ ២៨០ពាន់លានដុល្លារ ហើយបំណុលដែលជំពាក់ជប៉ុន មាន ១ ១៤០ពាន់លានដុល្លារ។
ចិន និងជប៉ុនបានសុទ្ធតែបានបង្ហាញ នូវក្តីបារម្ភរបស់ខ្លួន ហើយបានអំពាវនាវជាសាធារណៈឲ្យរដ្ឋាភិបាល និងសភាអាមេរិកដោះស្រាយជម្លោះ ដើម្បីបញ្ចៀសការក្ស័យធន។
អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចចិនបានថ្លែងកាលពីថ្ងៃចន្ទថា វាជារឿងធម្មតា ដែលចិនត្រូវព្រួយបារម្ភអំពីស្ថានភាពវិបត្តិនយោបាយនៅសហរដ្ឋអាមេរិក ហើយថា វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលអាមេរិក ក្នុងការបញ្ចៀសវិបត្តិបំណុល និងធានាសុវត្ថិភាពនៃលុយវិនិយោគរបស់ចិន នៅអាមេរិក។
កាសែតជប៉ុនវិញ បានចុះផ្សាយថា មន្រ្តីជាន់ខ្ពស់ជប៉ុនបានជួបជជែកតាមទូរស័ព្ទជាច្រើនលើក ជាមួយនឹងមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃចន្ទ ដើម្បីជជែកអំពីវិបត្តិបំណុល។ កាលពីថ្ងៃអង្គារនេះ លោកតារ៉ូ អាសូ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជប៉ុនបានថ្លែងរំឭកថា ភាពជាប់គាំងនយោបាយនៅអាមេរិកជុំវិញរឿងថវិកា និងបំណុលសាធារណៈ អាចនឹងបង្កជាបញ្ហាចោទចំពោះតម្លៃមូលបត្របំណុលរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លុយ ដែលចិន និងជប៉ុន ឲ្យអាមេរិកខ្ចី គឺធ្វើឡើងតាមរយៈការទិញមូលបត្របំណុលរបស់រដ្ឋ។ ប្រសិនបើតម្លៃមូលបត្របំណុលរដ្ឋអាមេរិកធ្លាក់ចុះ ចិន និងជប៉ុន ដែលមានមូលបត្របំណុលអាមេរិកក្នុងដៃច្រើន គឺជាអ្នកដែលត្រូវប្រឈមមុខនឹងការខាតបង់ច្រើន។
បញ្ហាមួយទៀត ដែលចិន និងជប៉ុនត្រូវប្រឈមមុខ គឺតម្លៃលុយដុល្លារអាមេរិក។ វិបត្តិបំណុលអាមេរិក អាចនឹងធ្វើឲ្យលុយដុល្លារអាមេរិកធ្លាក់ថ្លៃខ្លាំង ធៀបនឹងលុយយេនរបស់ជប៉ុន និងលុយយ័នរបស់ចិន ហើយនេះ គឺជាបញ្ហាចោទធំមួយ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ដែលពឹងផ្អែកខ្លាំងលើការនាំចេញ។
គេនៅចាំបានថា កាលពីខែសីហា ឆ្នាំ២០១១ អាមេរិកធ្លាប់បានប្រឈមមុខនឹងវិបត្តិបំណុលនេះម្តងរួចមកហើយ។ នៅពេលនោះ ភាពជាប់គាំងនៅក្នុងសភាអាមេរិក ក៏បានបណ្តាលឲ្យទីផ្សារមូលបត្រពិភពលោករង្គោះរង្គើមិនតិចដែរ។ រហូតដល់នាទីចុងក្រោយ ទើបសភាអាមេរិកសុខចិត្តអនុម័តច្បាប់អនុញ្ញាតឲ្យរដ្ឋាភិបាលលោកអូបាម៉ាខ្ចីបំណុលបន្ថែម ហើយអាចបញ្ចៀសការក្ស័យធនបាន។
នៅលើកនេះ គេមិនដឹងថា តើអាមេរិកនឹងអាចបញ្ចៀសការក្ស័យធនបាន ដូចកាលពីឆ្នាំ២០១១ទៀតដែរឬទេ? អ្វីដែលគេសង្កើតឃើញ ហើយដែលគួរឲ្យមានការព្រួយបារម្ភ គឺមានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនហាក់ដូចជាយល់ថា ការណ៍ដែលអាមេរិកក្ស័យធននឹងមិនបង្កផលវិបាកអ្វីធ្ងន់ធ្ងរដូចដែលគេធ្លាប់គិត។ ការយល់ឃើញបែបនេះ អាចនឹងធ្វើឲ្យពួកគេមិនចង់ធ្វើសម្បទាន ដើម្បីសម្រុះសម្រួលបញ្ចប់វិបត្តិ ហើយសុខចិត្តទុកបណ្តោយឲ្យអាមេរិកក្ស័យធន៕
ប្រទេសកម្ពុជា
[កែប្រែ]ដោយសារតែការអាក់ខាននៃការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិរបស់ប្រទេសកម្ពុជាទើបមិនមានអ្នកណាម្នាក់បាន ដឹងអោយប្រាកដថា តើប្រជាជនខ្មែរបានរស់នៅលើទឹកដីរបស់ខ្លួនតាំងពីពេលណាមក។ បើតាមផ្ទាំងសិលាស្ថិតក្នុង រូងភ្នំនៅភាគខាងជើងនៃប្រទេសកម្ពុជាបានអោយដឹងថាមនុស្សដែលបានប្រើប្រាស់ដុំថ្មធ្វើជាឧបករណ៍បានរស់នៅ ក្នុងរូងភ្នំតាំងពីដើមសតវត្សទី៤០០០មុនគ.សហើយដំណាំស្រូវត្រូវបានដាំដុះនៅលើទឹកដីកម្ពុជាតាំងតែពីមុនសតវត្ស ទី១នៃព.សមកម្លេះ។ប្រជាជនកម្ពុជាដំបូងហាក់ជាបានមករស់នៅទីនេះមុនកាលបរិច្ឆេទខាងលើទៅទៀត ហើយប្រហែលជានិរទេសខ្លួនមកពីភាគខាងជើង ទោះបីជាពុំបានដឹងពីភាសានិយាយ និងជីវិតរស់នៅរបស់ពួកគេក៏ដោយ។ នៅដើមសតវត្សទី១នៃព.ស. ពួកអ្នកជំនាញជនជាតិចិនក៏បានចាប់ផ្តើមសរសេរអំពីវត្តមានអាណាចក្រមួយក្នុង ប្រទេសកម្ពុជាដែលស្ថិតលើឆ្នេរ និងនៅឆ្ងាយពីមាត់សមុទ្រ។ អាណាចក្រនេះមានលក្ខណៈពាក់ព័ន្ធរួចទៅហើយ ជាមួយនឹងវប្បធម៌ឥណ្ឌា ដែលបានផ្តល់នូវអក្ខរក្រម ទំរង់សិល្បៈ រចនាបទនៃស្ថាបត្យកម្ម សាសនា(ហិណ្ឌូ និងព្រះពុទ្ធ) និងប្រព័ន្ធនែការបែងចែកថ្នាក់។ បើតាមជំនឿអ្នកស្រុកវិញថា លក្ខណៈសំខាន់នៃព្រលឹងវិញ្ញាណក្ខ័ន បុព្វបុរសគឺវាមានការពាក់ព័ន្ធ ឬលាយទ្បំជាមួយនឹងសាសនាឥណ្ឌា ហើយវាពិតជាបានបន្សល់ទុកនូវទ្ធិពលរបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ។ វប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះ មានឬសគល់តាំងពីសតវត្សទី១រហូតដល់សតវត្ស ទី៦មកម្លេះ ដែលពេលនោះត្រូវបានគេហៅថាសម័យហ្វូណន ជាសម័យមួយដែលមានភាពចំណាស់ជាងគេក្នុងអាស៊ី អាគ្នេយិ៍យើងនេះ។ ចាប់ពីពេលនោះហើយ គឺជាពេលនៃការវិវត្តន៍ភាសាខ្មែរ ដែលជាផ្នែកមួយនៃអំបូរមនខ្មែរ ហើយ មានលាយជាមួយនឹងភាសាបាលីសំស្ក្រឹត។ ជាឧទាហរណ៍ ពួកប្រវត្តិវិទូបានកត់សំគាល់ថាប្រជាជនកម្ពុជាមាន លក្ខណៈខុសប្លែកពីប្រទេសជិតខាងដោយសារសំលៀកបំពាក់ ដូចជាការប្រើប្រាស់ក្រមា យកមកជួតក្បាលជំនួស អោយការពាក់មួកជាដើម។ សម័យហ្វូណនបានត្រួសត្រាយផ្លូវខ្មែរអោយបានឈានឆ្ពោះទៅរកអាណាចក្រអង្គរ ជាមួយនឹងការកាន់កាប់អំណាច ដោយព្រះបាទជ័យវរ្ម័នទី២ក្នុងឆ្នាំ៨០២។
៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែលពេលនោះមានផ្ទៃដីលាតសន្ធឹងយ៉ាងធំធេងក្នុងភូមិភាគអាស៊ីអាគ្នេយិ៍ ដោយមានព្រំដែនជាប់នឹងប្រទេសភូមា ភាគខាងកើតជាប់នឹងសមុទ្រចិនខាងត្បូង រីឯភាគខាងជើងជាប់នឹងប្រទេសលាវ។ ព្រះមហាក្សត្រនាអំទ្បុងពេល នោះបានសាងសង់ប្រាសាទបុរាណជាច្រើន ដូចជាប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុទី៧នៅលើពិភពលោក។ ព្រះមហាក្សត្រដែលបានសម្រេចបាននូវជោគជ័យដ៏ធំធេងអស្ចារ្យនេះ រួមមានព្រះបាទជ័យវរ្ម័នទី២ ព្រះបាទន្ទ្រវរ្ម័នទី១ ព្រះបាទសូរយ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ រួមទាំងការបង្កើតនូវស្នាដៃឯកវិស្វកម្មបែបបុរាណ ដូចជា ប្រព័ន្ធធារាសាស្ត្រដ៏មានអត្ថប្រយោជន៍បំផុត ដែលក្នុងនោះមានបារាយិ៍(បឹងដ៏ធំមួយដែលបង្កើតទ្បើងដោយមនុស្ស) និងព្រែកជីកដែលអាចផ្តល់ដល់ប្រជាជននូវលទ្ធភាពធ្វើស្រែបាន៣ដងក្នុងមួយឆ្នាំ ហើយជាងនេះទៀតសោត ផ្នែកខ្លះ នៃប្រព័ន្ធនេះត្រូវបានយកមកប្រើប្រាស់រហូតមកដល់សព្វថ្ងៃទៀតផង។ ចេនឡាដីគោក បង្កើតឡើងនៅឆ្នាំ៧០៦-រ.៨០២គ.ស.ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹកលិច និងមួយទៀតហៅថាចេនឡាដីគោកនេះឯង ។ មូលហេតុមកពីកំសោយអំនាចកណ្ដាលព្រោះព្រះបាទជ័យវរ្ម័នទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ ព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ ។ [១] ចេនឡាដីគោកត្រូវចិនហៅថា លូចេនឡា រឺ Lùzhēnlà (陸真蠟) (“ចេនឡាគោក” ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ។
ប្រវត្តិសាស្ត្រប្រវត្តិចេនឡាដីគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក ។ ទោះបីយ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេសចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ៧១៧ ។ ម្យ៉ាងទៀត នៅឆ្នាំ៧២២ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ ហាក់ដេ (mai hac-de)ដែលបះបោរឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង (៦១៨-៩០៧) ។ យ៉ាងណាមិញនៅឆ្នាំ៦២១ ស្ដេចកៅតនៃរាជវង្សនេះបានបញ្ជាឲ្យមេទ័ពឈ្មោះខូវ វ៉ា លើកទ័ពទៅវាយយក យ៉ាវចូវ(ឈ្មោះស្រុកយួននៅសម័យនោះ) ដែលក្រោយមកទៀតគឺនៅឆ្នាំ៦៧៩ស្ដេច កៅតុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ (ប្រទេសជាអាណាព្យាបាល) វិញ ។ គឺក្នុងករណីនេះហើយដែលមេទ័ពយួនម៉ៃហាក់ដេ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ។ គួរគប្បីជ្រាបថា នេះគឺជាលើកទីមួយហើយដែលមានប្រើពាក្យអណ្ណាមក្នុងប្រវត្តិសាស្ត្រយួន ។ នៅពាក់កណ្ដាលទី២នៃ ស.វ.ទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅថា វ៉ិនតាន ថែមទៀត ។
ក្នុងគ.ស.៧៥០ អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន ។ [៤] នៅឆ្នាំ៧៥៣មានការបញ្ជូនទូតទៅប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ២៦នាក់ បានទៅដល់គាល់ស្ដេចចិន ហើយបានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ព ទៅច្បាំងវាយកំទេចពួកយួននិងថៃ ។[៥] នៅឆ្នាំ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយកតំបន់ ណាន ចាវ ។ នៅឆ្នាំ៧៧១ រជ្ជទាយាទ ផមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី១៣ធ្នូ ឆ្នាំ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដោយពេញព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាក់ខ្ពស់ៗទាំងបី) និងឆ្នាំ៧៩៩មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជនម្នាក់មកពីវ៉ិនតានមានឈ្មោះថា លីធូជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ ។ សិលាចារឹកនៅល្បើកស្រូវ ខេត្តក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ ។ [៦] [៧] រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំមជ្ឈមណ្ឌលនៃចេនឡាដើម ហើយព្រះរាជាដែលមានមហិទ្ធិរិទ្ធិជាងគេទំនង ជយសិង្ហវរ្ម័ន ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំនគររាជសីមា ក្នុងដីសៀមសព្វថ្ងៃ ។ ចេនឡាទឹកលិចគឺជាតំបន់សម្បូរដោយបឹងបួរ និងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ ។[៣] ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹកដូចនេះ ។
ប្រវត្តិសាស្ត្រគួរគប្បីបញ្ជាក់ថាចេនឡាទឹកលិចក៏មិនអាចថែរក្សាឯកភាពយូរអង្វែងទេ: រដ្ឋនេះត្រូវបែងចែកជាក្សត្របុរីតូចៗតទៅទៀត យ៉ាងតិចណាស់ក៏មានចំនួនប្រាំហើយក្សត្របុរីដែលគេដឹងឈ្មោះពិតប្រាកដគឺអនិន្ទិតបុរ ដែលគេមិនស្គាល់ទីតាំងច្បាស់លាស់និងសម្ភុបុរគឺសំបូរនៅលើត្រើយ ខាងឆ្វេងទន្លេមេគង្គក្នុងខេត្តក្រចេះ។ នៅខាងដើមស.វ.ទី៨ ព្រះអង្គម្ចាស់បុស្ករាក្ស ដែលមានដើមកំណើតនៅអនិន្ទិតបុរបានយាងទៅសោយរាជ្យនៅសម្ភុបុរ (៧២៣) ជាទីដែលព្រះអង្គបានបន្សល់ទុកសិលាចារឹកមួយផ្ទាំង ចុះកាលកំណត់៧១៦នៅត្រង់ប្រាសាទព្រះធាតុកូនពីរ ។ ព្រះអង្គបានយាងទៅនេះក្នុងកិច្ចចង់បង្រួបបង្រួមចេនឡាទឹកលិច។ បន្ទាប់មក បុត្រព្រះអង្គព្រះនាមរាជេន្ទ្រវរ្ម័ន បានខំព្យាយាមបន្តគោលជំហរនេះទៀត ។ តែជាការឥតប្រយោជន៍ ។ ពីព្រោះមិនយូរប៉ុន្មានផង ចេនឡាទឹកលិចត្រូវបែងចែកជានគរតូចៗប្រាំទៀត។ ចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយៗ គេពុំទាន់មានឯកសារអ្វីជាច្បាស់លាស់សំរាប់បញ្ជាក់ទេ។[៤] ព្រះបាទបុស្ករាក្សមានជាប់ខ្សែញាតិទៅនឹងព្រះបាទពាលាទិត្យ ដែលបានសោយរាជ្យនៅអនិន្ទិតបុរ ហើយដែលបានអះអាងថាព្រះអង្គជាកូនចៅរបស់ព្រះបាទកៅណ្ឌិន្យ និងព្រះនាងនាគីសោមា មកដល់ព្រះបាទភវវរ្ម័នទី១ ដែលជាចៅរបស់ព្រះបាទរុទ្រវរ្ម័នព្រះមហាក្សត្រនគរភ្នំ ។[៥] ហើយដែលក្រោយមកទៀត ព្រះរាជាសោយរាជ្យនៅអង្គរទ្រង់បានចាត់ទុកថា ជាចំណងភ្ជាប់ព្រះអង្គទាំងឡាយទៅ នឹងស្ថាបនិកនៃបឋមវង្សនៃអាណាចក្រភ្នំ ។ ត្រង់នេះ យើងអាចយកធ្វើជាអំណះអំណាងមួយសំរាប់ឆ្លើយតបចំពោះជនណា ដែលបដិសេធថា អាណាចក្រភ្នំពុំមែនជារដ្ឋខ្មែរដំបូង។ ចុះហេតុអ្វីបានជាអធិរាជអង្គរ ដែលបានវាយឈ្នះអាណាចក្រភ្នំបែរជាខិតខំ ភ្ជាប់ខ្សែស្រឡាយរបស់ព្រះអង្គទៅនឹងព្រះរាជាអាណាចក្រភ្នំ ដែលជាអ្នកចាញ់ទៅវិញ? នេះមិនគឺមកតែពីមនុស្សតាំងតែពីសម័យអាណាចក្រភ្នំរហូត ដល់សម័យអង្គរមានពូជអំបូរជាតិសាសន៍តែមួយទេឬ?
ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរៈ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី ព្រះនាងជ័យទេវី ។ [៦] ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដរបស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ) ។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ៧៥០ទំនងជាមកពីចេនឡាទឹកលិច ។[៧] ក្នុងពាក់កណ្ដាលទី២នៃស.វ.ទី៨ នៅចេនឡាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរដែលគេបានរកឃើញមួយចុះកាលកំណត់៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុះកាលកំណត់៧៨១ (ល្បើកស្រុត-ក្រចេះ) ទាំងនេះសុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺដើម្បីកុំអោយពិបាករុះរើលេខព្រះរាជាអង្គរពិជ័យវរ្ម័នទី២ដល់ទី៩) ។ ក្រៅពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១ នៅប្រាសាទតាគាមក្នុងខេត្តសៀមរាប ។ គេចាត់ទុកសិលាចារឹកនេះ ថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះពុទ្ធសាសនាមហាយាន នៅស្រុកខ្មែរ ព្រោះឯកសារនេះបាននិយាយពីការកសាងបដិមាព្រះពោធិសត្វលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុកខ្មែរយើង ។ ក្នុងសិល្បៈចម្លាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះជាបុរសសមានវ័យក្មេងមានព្រះហស្ត៤កាន់ផ្កាឈូក ខ្សែផ្គាំគម្ពីរ និងដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូកកងចក្រ ក្រទា និង សង្ខ) ។ នៅលើព្រះសិររបស់ព្រះអង្គមានរូបព្រះពុទ្ធអាមិតាភៈ ។ [៨] ចេនឡាទឹកលិចក្រោមការត្រួតត្រារបស់ជ្វាប្រទេសខ្មែរនៅស.វ.ទី៨ ជាសម័យមួយដែលគ្មានស្ថិរភាពខាងនយោបាយព្រោះតែមានការបែកបាក់ផ្ទៃក្នុងយ៉ាងតំណំ ។ នេះហើយជាហេតុមួយឲជាតិជិតខាងមើលងាយ ដោយហ៊ានលូកដៃចូលកកូរក្នុងកិច្ចការផ្ទៃក្នុងទៀតផង ។
យ៉ាងណាមិញ នៅស.វ.ទី៨ ពួកចោរសមុទ្រជាតិជ្វាដែលជិះសំពៅធំៗបានចូលមករាតត្បាតឆ្នេរសមុទ្រ និងតាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោកក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិតាមទំនើងចិត្ត ។ ពួកចោរសមុទ្រដែលហ៊ានមកឈ្លានពានដូច្នេះបាន ព្រោះតែនៅពេលនោះរាជវង្សសៃលេន្ទ្រដែលសោយរាជ្យនៅកោះជ្វា ហើយដែលជារាជវង្សស្ថាបនិកប្រាសាទបូរូបូឌួដ៏ល្បីល្បាញនោះផ្សព្វផ្សាយឥទ្ធិពល របស់ខ្លួនទៅលើអាស៊ីអាគ្នេយ៍ទាំងមូល ។
នៅឆ្នាំ៧៧៤និង៧៨៧ ពួកចោរជ្វាក្រោយពីវាយបានកោះត្រឡាចហើយតាំងជាមូលដ្ឋាន បានលើកគ្នាទៅរាតត្បាត ឆ្នេរសមុទ្រប្រទេសចាម្ប៉ា ។ គឺនៅពេលជាមួយគ្នានេះហើយដែលពួកចោរនោះបានចូលមករាតត្បាតចេនឡាទឹកលិចដែរ ដោយធ្វើដំណើរបញ្ច្រាសឡើងតាមទន្លេមេគង្គ មកដល់សម្ភុបុរ ដុតបំផ្លាញទីក្រុង ឡោមព័ទ្ធរាជវាំង ចាប់បានព្រះរាជាព្រះនាម មហីបតិវរ្ម័ន ជាបុត្រព្រះបាទរាជេន្ទ្រវរ្ម័ន កាត់យកព្រះសិរហើយយកទៅប្រទេសជ្វា ។ ចំពោះការឈ្លានពានរបស់ជ្វាមកលើក្សត្របុរីមួយរបស់ចេនឡាទឹកលិចនេះ មានមតិខ្លះយល់ថា ជាការទាមទារយកកេរមត៌ករបស់ដូនតាខ្លួន ព្រោះពួក សៃលេន្ទ្រធ្លាប់បានប្រកាសខ្លួនថាជាស្ដេចភ្នំ (សៃលេន្ទ្រ) ដែលជាឋានន្តរនាមរបស់ព្រះរាជាណាចក្រភ្នំនេះឯង ។
ចំពោះការតាំងអំណាចអធិរាជភាព (Suzeraninte) របស់ពួកសៃលេន្ទ្រលើប្រទេសខ្មែរនេះ ឈ្មួញអារ៉ាប់ម្នាក់ឈ្មោះ សូឡៃម៉ាន់ នៅស.វ.ទី១០បាននិយាយថា: ថ្ងៃមួយព្រះរាជាខ្មែរមានព្រះបំណងចង់ឃើញព្រះសិរ នៃមហារាជក្រុង Zabag កាត់ដាក់លើថាសមួយ ។ ដំណឹងនេះក៏ឮដល់មហារាជព្រះអង្គក៏លើកទ័ពជើងទឹកចូលមកវាយប្រទេសខ្មែរ ចាប់បានព្រះរាជាខ្មែរហើយបញ្ជាឲ្យកាត់ព្រះសិរ ។ លុះត្រលប់ទៅដល់ព្រះនគរវិញហើយមហារាជទ្រង់ឲ្យយកព្រះសិរនោះទៅលាងស្អាត យកអប់ទុកក្នុងភាជន៍មួយរួចទ្រង់ឲ្យបញ្ជូនមកថ្វាយចំពោះព្រះរាជាដែលបានឡើងសោយរាជ្យជាតំណតមក ។ ចាប់តាំងពីពេលនោះមក នៅរៀងរាល់ព្រឹកព្រះរាជាខ្មែរត្រូវបែរព្រះភក្ត្រឆ្ពោះមកក្រុង Zabag ដើម្បីធ្វើគារវកិច្ចចំពោះព្រះមហារាជក្រុងនេះ (សេចក្ដីស្រង់តាមអត្ថបទបោះពុម្ពផ្សាយ ដោយជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះ Abou Zayd Hassan នៅប្រមាណឆ្នាំ៩២៦) ។ រឿងដែលតំណាលដោយឈ្មួញអារ៉ាប់ខាងលើនេះទោះបីមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏មានលក្ខណៈស្របនឹងការពិតខ្លះដែរ គឺតំណាងអំណាចរបស់ជ្វាមកលើប្រទេសខ្មែរយើងហើយដែលមានការបញ្ជាក់ពីសិលាចារឹកស្ដុកកក់ធំនៅពេលក្រោយមកទៀត ។
បព្វជិត
[កែប្រែ]បាគូ : ទោះបីខ្មែរលែងកាន់សាសនាព្រាហ្មណ៍ទៀតហើយក៏ដោយ ក៏ព្រះមហាក្សត្រខ្មែរពុំបានបោះបង់ចោលទាំងស្រុងនូវប្រពៃណីខាងសាសនាព្រាហ្មណ៍ផងទេ ។ ដោយហេតុនោះហើយ ទើបគេឃើញនៅក្នុងព្រះបរមរាជវាំងនូវវត្តមានរបស់ពួក បាគូ ដែលជាកូនចៅរបស់ពួកព្រាហ្មណ៍បុរោហិតកាលពីសម័យមុនៗ មានសម័យអង្គរជាដើម ។ មានឯកសារខ្លះថាពួក បាគូ អាចឡើងសោយរាជ្យបានក្នុងករណីណាដែលព្រះមហាក្សត្រសោយទិវង្គតទៅហើយគ្មានបុត្រ ឬញាតិណាអាចឡើងសោយរាជ្យស្នង ប៉ុន្តែក្នុងភាពពិតជាក់ស្ដែង គេពុំដែលប្រទះករណីបែបនេះសោះឡើយ ។
ពួកបាគូ មានឯកសិទ្ធិជាអ្នកថែរក្សា គ្រឿងសម្រាប់រាជ្យ មានព្រះខាន់រាជ្យ ព្រះលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រ និងជាអ្នកប្រារព្ធធ្វើរាជពិធីផ្សេងៗ ក្នុងព្រះបរមរាជវាំង ។ ម្យ៉ាងទៀត ពួកបាគូនៅមានឯកសិទ្ធិមិនបាច់បង់ពន្ធ មិនបាច់បំពេញកិច្ចការសាធារណៈ និងមិនបាច់កែនធ្វើទាហានទៀតផង ។
ព្រះសង្ឃ : ជាថ្នាក់សង្គមមួយពិសេស ព្រោះចៅក្រមដែលជាគ្រហស្ថ ពុំអាចកាត់សេចក្ដីចំពោះទោសកំហុសរបស់ព្រះសង្ឃ បានឡើយ ។ មានតែព្រះសង្ឃនាយក អាចផ្សឹក ព្រះសង្ឃ ដែលមានទោសបានហើយបញ្ជូនខ្លួនទៅអោយតុលាការពិសេសកាត់ទោស ។ ព្រះសង្ឃមានឯកសិទ្ធិដូចពួកបាគូដែរ ។
អ្នកជា (ពួកព្រៃងារ)គេអាចប្រៀបធៀបពួកនេះទៅនឹងពួក វៃស្យៈ នៅក្នុងសង្គមឥណ្ឌា ។ ពួកនេះគេសំដៅយកប្រជារាស្ត្រទូទៅ ដែលប្រកបរបរស្រែចំការ លក់ដូរ នេសាទជាដើម ។
ខ្ញុំគេអាចប្រៀបពួកនេះទៅនឹងពួក សូទ្រៈ នៅក្នុងសង្គមឥណ្ឌា ។ មានខ្ញុំបីប្រភេទ ៖
ខ្ញុំស្ដេច : ជនដែលធ្លាក់ខ្លួនទៅជាខ្ញុំស្ដេច គឺពួកឈ្លើយសង្គ្រាម ជនប្រព្រឹត្តបទឧក្រិដ្ឋ ជនធានាអ្នកទោសឧក្រិដ្ឋដែលរត់រួច សម្លាប់គេ ធ្វើប្រាក់បន្លំ ដុតផ្ទះ ស្ត្រីដែលមានសហាយត្រូវប្ដីសម្លាប់និងកូនពួកខ្ញុំរបស់ស្ដេច ។ ខ្ញុំប្រភេទនេះ គេនៅហៅថា អ្នកងារ ដែលមានការបញ្ជាក់ពីឯកសារអក្សរសិល្ប៍ ។ យ៉ាងណាមិញ រឿងទុំទាវ បានប្រាប់យើងថា អ្នកស្រុកត្បូងឃ្មុំដែលបណ្ដោយអោយ អរជូន សម្លាប់ ម៉ឺនឯក (ទុំ) ដែលមានព្រះរាជសារជាប់នៅនឹងខ្លួននោះសុទ្ធតែត្រូវដាក់អោយទៅជា អ្នកងារ ទាំងអស់ ។ ម្យ៉ាងទៀតនៅពេលដែលព្រះចន្ទរាជា មានជ័យជំនះលើស្ដេចកន បក្សពួករបស់ស្ដេចកន បក្សពួករបស់ស្ដេចកន សុទ្ធតែត្រូវដាក់ជាអ្នកងារទាំងអស់ដែរ ។
គួរគប្បីជ្រាបថា ពួកខ្ញុំប្រភេទនេះច្រើនតែត្រូវបង្ខំ អោយធ្វើការជាទម្ងន់លើដីព្រះរាជទ្រព្យ ។ ក្នុងករណីខ្លះពួកនេះអាចរំដោះខ្លួនបាន ដោយសេចក្ដីអនុគ្រោះរបស់ស្ដេច ដោយលោះខ្លួនដោយប្រាក់ ដោយការជំនួស ដោយការសាងផ្នួស ។
ខ្ញុំវត្ត : ខ្ញុំប្រភេទនេះនៅមានឈ្មោះម្យ៉ាងទៀតហៅថា ពលព្រះ ឬ ពលព្រះរតនត្រៃ ។ រាជពង្សាវតារខ្មែរ បាននិយាយថាពួកខ្ញុំប្រភេទនេះមានកំណើតកើតមកតាំងពីរជ្ជកាល ព្រះបាទធម្មរាជាទី១ម្ល៉េះ ៖ ស្ដេច (ព្រះបាទធម្មរាជា) គង់ក្នុងភេទជាភិក្ខុភាវៈ៣ថ្ងៃហើយទ្រង់លាចាកសិក្ខាបទ ។ ទ្រង់បរិច្ចាគព្រះរាជទ្រព្យធ្វើឆ្នោតព្រះរាជទានបណ្ដារាស្ត្រ ជាអនេកអនន្តពន់ពេក ។ ទ្រង់ព្រះរាជសទ្ធាវេរភូមិ២១ ស្រែ២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម សេះ២១ ដំរី២១ នូវគ្រឿងប្រគំផ្សេងៗថ្វាយទុកជាទាសាទាសីអោយរក្សាព្រះចេតិយ ព្រះវិហារសីមាសម្រាប់ បោសច្រាសសំអាត ។ ទ្រង់តាំងអោយមានមេពីរនាក់ជានាយត្រួតត្រារក្សា ។ អាស្រ័យហេតុនេះហើយបានជាមាន ពលព្រះស្រីរតនត្រៃ តាំងពីនោះរៀងមក ។
គួរគប្បីជ្រាបថា ពួក ពលព្រះ នេះទោះបីមានបុណ្យសក្ដិខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ក៏នៅតែពុំអាចរំដោះខ្លួនអោយចេញផុតពីឋានៈនេះបានឡើយ ។ ព្រះបាទស្រីសុគន្ធបទ ទ្រង់មានបំណងរំដោះព្រះស្នំឯក (នាងស) និងស្ដេចកន ជាព្រះអនុជថ្លៃអោយរួចពីឋានៈពលព្រះ ។ ព្រះអង្គទ្រង់បានពិគ្រោះនឹងមន្ត្រីជាន់ខ្ពស់ តែមន្ត្រីទាំងនោះបានទូលវិញថា គ្រួសារណាមួយដែលធ្លាក់ខ្លួនទៅជាពលព្រះ ហើយ ត្រូវស្ថិតនៅឋានៈនោះអស់រយៈពេល៥០០០ឆ្នាំ ហើយព្រះរាជាក៏ពុំអាចធ្វើការរំដោះបានដែរ ព្រោះបើព្រះអង្គហ៊ានប្រព្រឹត្តដូច្នោះ អ្នកផងនឹងចោទថាព្រះអង្គពុំគោរពចំពោះព្រះរតនត្រៃ ឡើយ ។
ឯកសារខ្លះ បានបញ្ជាក់ថា ឋានៈ ពលព្រះ នេះគឺបានមកពី ៖
ម្ដាយជា ពលព្រះ ធ្វើឃាតព្រះសង្ឃ លួចទ្រព្យគរុភ័ណ្ឌ ដុតវត្ត ទោសកំហុសខ្លះប្រព្រឹត្តដោយព្រះសង្ឃ ដូចជាសាហាយស្មន់ ងប់ក្នុងកាមគុណ ធ្វើថ្នាំពន្លូតកូន ។ ល ។ ពួកខ្ញុំប្រភេទនេះទំនងជាមានជីវភាព មិនយ៉ាប់យឺតដូចខ្ញុំប្រភេទដទៃទៀតទេ ព្រោះព្រះសង្ឃតែងមានព្រះទ័យសប្បុរសចំពោះពួកនេះ ។