ការពិភាក្សា:ទី ធាវី
រឿងសម្រាប់កុមារ ៖ ធារី និង វិសាល និពន្ធ ដោយ ទី ធាវី
ម៉ឺងៗៗៗៗ…….
កុមារា កុមារី បាននាំគ្នាចូលថ្នាក់រៀនវិញ បន្ទាប់ពីបានសំរាកបីដងរួចហើយ។ ក្នុងថ្នាក់ទី៥នៃសាលាបឋមសិក្សា រុងផ្លាមកេសន ត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ សិស្សានុសិស្សបានអង្គុយយ៉ាងស្ងៀមស្ងាត់ តាមតុរៀងៗខ្លួន។ អ្នកគ្រូចាប់ផ្តើមបើកសៀវភៅ ហើយនិយាយទៅកាន់សិស្សទាំងអស់ថា “ ប្អូនៗ ថ្ងៃនេះ ក្នុងមុខវិជ្ជាបំណិនជីវិតរបស់យើង អ្នកគ្រូ នឹងលើកយកមេរៀនខាងក្រៅមកបង្ហាត់ប្អូនៗ។ ជាពិសេស អំពីបញ្ហាជាក់ស្តែងដែលភូមិយើងមាន។ ដូចនេះ មុននឹងអ្នកគ្រូ ពន្យល់អំពីមូលហេតុដែលអ្នកភូមិត្រពាំងរូងនេះ ប្រមូលសំរាម និងចែកធុង សំរាមនៅ តាមផ្ទះមួយចំនួន តើប្អូនណាអាចឆ្លើយនឹងសំណូរអ្នកគ្រូបាន? “
ឮដូច្នេះ វិសាល យកដៃជ្រងសក់ ធ្វើមុខជ្រួញចិញ្ចើម ព្រមទាំងរអ៊ូរទាំខ្សឹបៗថា “ ជើ!, ធុញណាស់ ម៉ោងមុនទើបតែរៀនគណិតវិទ្យា ធ្វើលំហាត់មិនទាំងចេញផង មក៏សួរអ្វីពីសំរាមទៀតហើយ។”
វិសាល គឺជាកុមារា មានសំលៀកបំពាក់មិនសូវស្អាតបាតដូចគេទេ។ ព្រោះកុមារារូបនេះ មិនសូវខ្វល់ខ្វាយអំពីអនាម័យ និងការសំអាតកាយឡើយ។ រាល់ពេលញ៉ាំអាហារម្តងៗ វិសាល មិនដែលលាងដៃនឹងសាប៊ូឡើយ។ ជាងនេះទៅទៀត នៅរាល់ពេលដែលឪពុកម្តាយរបស់វាប្រើឲ្យយក សំរាមទៅដាក់ក្នុងធុងសំរាម វាតែងតែយកសំរាមនោះទៅបោះចោលនៅក្នុងស្រះមួយក្បែរ ផ្ទះជានិច្ច។ វាតែងតែគិតថា បើវាដាក់សំរាមក្នុងធុង នោះធុងសំរាម នឹងឆាប់ពេញ ហើយអ្នកប្រមូលសំរាមនឹងដឹកយកសំរាមរបស់វាទៅចោលក្នុងរណ្តៅនៅឆ្ងាយពីភូមិ ដែលនាំអោយម៉ែ ឪ វា ខាតប្រាក់បង់ប្រចាំខែទៀតផង។ តែបើវា យកសំរាមនោះទៅដាក់ក្នុងស្រះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ស្រះនោះ និងពេញ។ វានឹងមានទីធ្លារត់លេង។
រីឯ ធារី វិញ កាលដែលអ្នកគ្រូផ្តើមលើកយកឧទាហរណ៍ជាក់ស្តែង ក្នុងមេរៀនទាក់ទងបរិស្ថានបែបនេះ កុមារី ហាក់បីដូចមានអារម្មណ៍សប្បាយ និងចាប់អារម្មណ៍ជាខ្លាំង។ ធារី ថ្វីត្បិតតែនាងមានអាយុប្រហែល១០ឆ្នាំក៏ពិតមែន ប៉ុន្តែនាងមានគំនិត ខុសពីក្មេងដទៃ។ ក្រៅពីការរៀននៅសាលា នាងចូលចិត្តអានសៀវភៅ និងគូររូបភាពផ្សេងៗចេញពីការស្រមៃរបស់នាង។ នាងតែងតែរៀន សរសេររឿង និងសូត្រកំណាព្យផងដែរ។ ធារី មុននេះ នាងមិនធ្លាប់យកសំរាមទៅចោលក្នុងទឹកស្ទឹងដូចគេទេ។ ផ្ទុយទៅវិញ នាងតែងតែ គូររូបពន្យល់ពីផលប៉ះពាល់បរិស្ថាន ដូចជាទឹកមិន ស្អាតបណ្តាលអោយអ្នកប្រើប្រាស់ មានជំងឺ។ ការកាប់ព្រៃឈឺបណ្តាលអោយមានព្យុះភ្លៀង មានទឹកជំនន់ជាដើម។
ភ្លាមនោះអ្នកគ្រូបានសួរទៅកាន់ប្អូនៗកុមារ “ តើមូលហេតុអ្វីបានជាភូមិយើងមានការគ្រប់គ្រងសំរាម ដោយប្រមូល នឹងដឹកយកចេញពីភូមិ។
“ព្រោះគេចង់បានលុយថ្លៃដឹកជញ្ជូនពីម៉ែឪខ្ញុំនោះអី។” វិសាលក្រោកឈរឆ្លើយ យ៉ាងឈ្លើយទៅកាន់អ្នកគ្រូ រីណា។
“ មិនមែនអញ្ចឹងទេ អ្នកគ្រូ! ការគ្រប់គ្រងសំរាមបានល្អ នាំអោយភូមិ យើងស្អាត និងប្រជាជនមានសុខភាពល្អ។ ការយកសំរាមទៅចោលក្នុងស្ទឹង នឹងបង្ករអោយមានជាតិពុល។ ត្រី បង្កង និងជីវចំរុះផ្សេងទៀតនៅក្នុងស្ទឹង ត្រូវបានសំលាប់។ ណាមួយបើយើងបានហូបត្រី បង្កង បានពីស្ទឹងនេះ យើងនឹងឈឺ ដោយមិនដឹងខ្លួន។” ធារី ឈរយ៉ាងរមទម្យឆ្លើយ ប្រាប់អ្នកគ្រូ បន្ទាប់ពី វិសាលឆ្លើយរួច។ “ល្អណាស់ ធារី! “ អ្នកគ្រូសរសើរ ធារី ដោយចំហរ ធ្វើអោយ វិសាល អន់ចិត្តយ៉ាងខ្លាំង។
អ្នកគ្រូបានសួរបន្ត “ ចុះហេតុអ្វី បានជាសំរាមគេតម្រូវអោយមានការបែងចែកជាបីប្រភេទ? តើសំរាមក្រៅពីបង្កផលប៉ះពាល់សុខភាព និងកើនកំដៅថ្ងៃ តើយើងគិតថា សំរាមមានប្រយោជន៍ខ្លះទេ?”
គ្មានសិស្សណាម្នាក់លើកដៃឆ្លើយនឹងសំណួរនេះឡើយ។ អ្នកគ្រូក៏ចាប់ផ្តើមចង្អុលហៅ “ មើល៍វិសាល ឯងឆ្លើយម្តងទៀតមកមើល។”
វិសាលបានក្រោកឈរទាំងមានអារម្មណ៍ខឹង។ វាឆ្លើយទាំងកំបត់ៗទៅកាន់អ្នកគ្រូ” ពាក្យថាសំរាមគ្មានប្រយោជន៍អ្វីទាំងអស់ ក្រៅពីវាជួយលុបស្រះខ្ញុំ។ រីឯការបែងចែកសំរាម គ្រាន់តែគេរំខានយើងប៉ុណ្ណោះ។” ឆ្លើយដូច្នេះធ្វើអោយសិស្សផ្សេងទៀតផ្ទុះសំណើចឡើង។
បើទោះបីសិស្សផ្សេងៗសើច ប៉ុន្តែគេមិនអាចឆ្លើយអ្វីដែរ។ នេះជាហេតុធ្វើអោយ វិសាល ខឹងកាន់តែខ្លាំង។ អ្នកគ្រូបែរមុខទៅ ធារី មិនទាន់ទាំងចង្អុលផង ធារី ក្រោកឈរឡើងលើកដៃ សំពះអ្នកគ្រូ ដោយឆ្លើយថា “ ច៎ា អ្នកគ្រូ បើតាមខ្ញុំយល់ សំរាម អាចបែងចែក ជាពីរប្រភេទប៉ុណ្ណោះ គឺប្រភេទសំរាមរលួយ និងសំរាមស្ងួតឬសំរាមមិនរលួយ។ សំរាមរលួយមានប្រយោជន៍ ព្រោះយើងអាចយកវាមកធ្វើជាជីសារីរាង្គ មកជំនួយដល់ដំណាំដែលប្រជាជនដាំដុះ។ រីឯសំរាមស្ងួត ត្រូវបែងចែកជាពីរទៀត គឺសំបកកំប៉ុង ឬដបទឹកសុទ្ធដែលគេអាចយកទៅកែច្នៃបាន ហើយក្រៅពីនេះគឺជាសំរាមស្ងួតដែរតែវាមិនមានប្រយោជន៍ទេ។ ផ្ទុយទៅវិញវាអាចប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ដូចនេះគេត្រូវកប់វាចោលក្នុងរណ្តៅដែលមានជម្រៅជ្រៅទើបមានមានសុវត្ថភាព។នេះជាមូលហេតុដែលសំរាមតម្រូវឲ្យមានការបែងចែក និងមានសារៈសំខាន់ផងដែរ។”
អ្នកគ្រូទះដៃរូចនិយាយ “ សូមប្អូនទះដៃទាំងអស់គ្នាឡើង អបអរសារទរ ចំលើយដ៏ត្រឹមត្រូវរបស់ ធារី។
ម៉ោង១១.០០ព្រឹក ដល់ម៉ោងចេញទៅផ្ទះល្មម ស្នូរជួងចុងក្រោយបានឮកងរំពង។ រីឯ កុមារា វិសាលបានខឹង ច្រណែន នឹងធារី ឡើងហឹងត្រចៀកមិនខុសពីសំឡេងជួង។ នៅក្រៅ អាគារសាលា ក្នុងហ្វូងសិស្ស ជាច្រើនចេញប្រសេចប្រសាចដើរទៅផ្ទះវិញ វិសាល បានរត់ទៅវាយ ធារី ដោយមិនដឹងខ្លួនធ្វើអោយធារី យំទៀតហើយ។
ថ្ងៃមួយ នៅសាលា វិសាល មិនឃើញមករៀនឡើយ។ មួយថ្ងៃបន្ទាប់មកទើបដឹងដំណឹងថា វិសាលត្រូវបានឪពុកម្តាយបញ្ជូន ទៅមន្ទីរពេទ្យ ព្រោះវាមានឡើងពងៗ នៅលើស្បែក និង រាគយ៉ាងខ្លាំង។ នេះមកពីម្តាយរបស់វា បានទៅបះត្រកួន ដែលដាំក្នុងស្រះក្បែរផ្ទះគាត់មកស្លហូប។ រីឯ វិសាល តែងតែហែលក្នុងទឹកសំអុយនោះផងដែរ។
នៅឯមន្ទីរពេទ្យកុមារ វិសាល បានធូរស្រាលហើយ។ ប៉ុន្តែនៅមានអាការៈ ស្លេកស្លាំង។ ដៃខាងឆ្វេងរបស់កុមារារូបនេះ កំពុងព្យូរសារ៉ូមនៅឡើយ។ ម្តាយរបស់វា បានយកកន្សែងដែលជ្រលក់ ទឹករួចពួតយ៉ាងស្ងួតមកជូតលើ ខ្លួន លើមុខ វិសាលថ្នមៗ ដើម្បីជូយអោយឆាប់ថយកំដៅខ្លួន។ មីង សយ បាននិយាយទៅកាន់កូនថា “ វិសាល កូនផុតគ្រោះថ្នាក់ហើយ។ ប៉ុន្តែ អ្នកគ្រូពេទ្យបានប្រាប់ម៉ែថា នេះមកពីកូនងូតទឹកកខ្វក់ និង ញ៉ាំអ្វីមួយមិនចេះលាងដៃ។”
កំពុងដេកលើកគ្រែ បើកភ្នែករឹមៗ វិសាល បានសំលឹងមុខម្តាយ។ “ម៉ែ កូនខុសហើយ។ នេះមកពីកូន មិនចេះស្តាប់ម៉ែនិងមិត្តភក្តិ។ កូនសោកស្តាយណាស់ដែលកូនតែងតែវៃធារី អោយយំ”
ធារីនៅរាល់ពេលដែល វិសាលវាយធ្វើបាប កុមារីបានតែត្រឹមស្រក់ទឹកភ្នែកប៉ុណ្ណោះ។ មានថ្ងៃមួយនោះ វិសាល បានច្រាន នាងអោយដូល រួចកញ្ឆក់យកក្រដាសគំនូររបស់នាងទៅបាត់។ កុមារី យំ យ៉ាងខ្លាំងបន្ទាប់មកទើបសំរេច ចិត្តទៅប្តឹងអ្នកគ្រូ។ ប៉ុន្តែថ្ងៃនេះ ក្រោយពីដឹងថា វិសាល ឈឺខ្លាំង កំពុងសំរាកនៅមន្ទឺរពេទ្យ។ នាងមិនមានអារម្មណ៍សាទរក្នុងរឿងនេះទេ។ តែផ្ទុយទៅវិញ នាង មានអារម្មណ៍អាណិត វិសាលណាស់។ ក្រោយពេលអ្នកគ្រូបានប្រាប់ពីព៌តមានអំពីកុមារា វិសាលចប់។ កុមារី ធារី បានបើកសំពាធ របស់នាង រួចទាញប្រាក់ ១០០០ រៀល ដើរសំដៅទៅអ្នកគ្រូ” អ្នកគ្រូ! ប្រាក់នេះ ខ្ញុំជូនអ្នកគ្រូទុកជូនដល់មីងសយ និងពូ សា សំរាប់ការចូលរួមចំណែកបន្ថយការចំណាយព្យាបាលដល់វិសាល។”
អ្នកគ្រូរំភើបយ៉ាងខ្លាំងកាលដែលឃើញ ធារី មានគំនិតផ្តើមយ៉ាងនេះ ហើយសិស្សដទៃទៀតក៏បានធ្វើតាម ធារីដើម្បី ជូយជាកំលាំងចិត្តដល់វិ សាល។
ស្អែកឡើង អ្នកគ្រូបាននាំសិស្សថ្នាក់ទី ៥របស់អ្នកគ្រូទៅលេងផ្ទះ វិ សាល ដើម្បី សួរសុខទុក្ខ។ ព្រោះដឹងថា វិ សាល បានត្រឡប់មកពីមន្ទីរទេព្យគន្ធបុប្ឆាវិញហើយ។ អ្នកគ្រូបានយកប្រាក់សប្បុរសរបស់សិស្សទាំងអស់ទិញផ្លែក្រូច និងទឹកដោះគោឆៅខ្លះសំរាប់វិសាល។ ” ជំរាប សួរមីង ជំរាប សួរពួ! តើ វិសាល យ៉ាងម៉េចហើយ។”
-អូហ៍អ្នកគ្រូទេឬ! អើឡើងមកក្មួយៗ! វិ សាល អ្នកគ្រូនាំមិត្តរួមថ្នាក់ឯងមកលេង។
-វិសាល ដែលកំពុងដេកសំឡឹងផ្ទាំងក្រដាសរូបភាពមួយសន្លឹកលើជញ្ជាំងផ្ទះដែលមិនទាន់ផាត់ព៌ណសព្ទផង បានក្រោកភ្លាមឡើង។” ជំរាបសួរ អ្នកគ្រូ!” ភ្លាមនោះដែរ ក្នុងចំណោមប្រហែល២០នាក់ វិ សាល បានងាក់ទៅរកធារី រួចនិយាយភ្លាមថា” ធារី នោះគឺជាផ្ទាំងគំនូររបស់ឯង។ អោយខ្ញុំសុំទោសធារីផង។ ខ្ញុំខុសហើយ។ ទើបតែថ្ងៃនេះទេ ដែលខ្ញុំដឹងថា ធារី និយាយត្រូវគ្រប់យ៉ាង។
ធារី កាលដែលឃើញក្រដាសគំនួររបស់ខ្លួន មិនរហែក ថែមទាំងនៅល្អស្អាត មានអារម្មណ៍ត្រេកអរណាស់។ រួចឆ្លើយទាំងញញឹមទៅ កាន់ វិ សាលថា “ ផ្ទាំង គំនូរខ្ញុំ មិនយកវិញទេ។ ខ្ញុំទុកអោយមិត្តបានមើលវាជារៀងរហូត និងអាលបានជួយប្រាប់តៗគ្នាថា ភូមិយើងមិនត្រូវការយកសំរាមទៅចោលក្នុងស្ទឹងទៀតទេ។ ភូមិ ស្អាត ទឹកស្អាត គឺសុភាពរបស់យើង។
ចាប់ពីពេលនោះមក វិ សាល និងធារី ក្លាយជាមិត្តល្អនឹងគ្នាជារៀងដរាបមក។ មិត្តល្អចេះជួយគ្នាក្នុងពេលមានអាសន្ន និងចេះយោគយល់គ្នាទៅវិញទៅមក។
ត្រពាំងរូង ថ្ងៃទី ៦ សីហា ឆ្នាំ២០១២
និពន្ធ ដោយ ទី ធាវី
រឿងខ្លី និស្ស័យទន្លេ
[កែប្រែ]និស្ស័យទន្លេ និពន្ធដោយទី ធាវី
១ ថ្ងៃទី ១៤ មករា ឆ្នាំ២០០៨, ម៉ោង៦គត់ ព្រះសុរិយាលូនចូលទ្រនុំកប់បាំងបាត់ចុងព្រៃព្រឹក្សា។ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ជីផាត ជាភូមិតូចមួយឆ្ងាយដាច់ស្រយាលនៅចំកណ្តាលបេះដូង នៃជួរភ្នំក្រវាញខាងត្បូង។ នៅប៉ុន្មានឆ្នាំមុន ភូមិ ដែលជាប់នឹងព្រៃមួយនេះ មានតែសំណងផ្ទះចាស់ៗ និងប្រលូកប្រឡាក់ដោយធូលីដីក្រហម ដែលសំណង់ផ្ទះភាគច្រើនទាំងអស់នោះ បន្សល់ទុកពីជំរំ នៃតំបន់អនាធិបតេយ្យ នាសម័យកាប់បំផ្លាញព្រៃឈើនៅទសវត្យរ៍ឆ្នាំ១៩៩០។ មួយរំពេចសោះ សភាពស្ងាត់ជ្រងំហាក់បីដូចជាផ្លុំដោយខ្យល់យ៉ាងខ្លាំងបក់រសាត់បាត់។ ប្រជាជន ដែលគ្រានោះ នៅតែប្រកបមុខរបរបរបាញ់សត្វ រានព្រៃ និងធ្វើចម្ការពនេចរនៅឡើយ តែបច្ចុប្បន្នពួកគេកំពុងសារទរជាមួយភ្ញៀវទេសចរអន្តរជាតិ ដែលផ្តុំគ្នាមកកម្សាន្តនៅភូមិរបស់ខ្លួន។
ចេញពីយ៉មុខ នៃផ្ទះចាស់ដ៏ទ្រុឌទ្រោមមួយ ដែលបំភ្លឺដោយអំពូលភ្លើង ពីរ ឬបី ស្ថិតនៅទល់មុខការិយាល័យសហគមន៍អេកូទេសចរណ៍ជីផាត។ សំឡេងសិស្ស បានជ្រែកកាត់ស្បៃរាត្រីនាពេលដើមព្រលប់ ដែលថ្មើរនេះមិនទាន់មានហ្វូងតារារះច្រើននៅលើមេឃនៅឡើយ ប៉ុន្តែមានជំនោរត្រជាក់លាយឡំដោយទឹកសន្សើមតិចតួច។ សំឡេងសិស្សទាំងនោះបានបន្ទរ ព្រមគ្នាជាភាសាអង់គ្លេសដោយមានន័យថា៖ -សូមឱ្យការធ្វើដំណើររបស់អ្នកនៅថ្ងៃស្អែកនេះមានសេចក្ដីសុខ។ សិស្សបានចេញពីថ្នាក់រៀន។ ខណៈនោះនារីទាំងពីរនាក់បានញញឹមដាក់ខ្ញុំ ដែលជាគ្រូប្រចាំថ្នាក់នោះ រួចនិយាយជាភាសាអង់គ្លេសដោយមានន័យថា៖
-អរគុណលោកខ្លាំងណាស់ ដែលផ្ដល់ឱកាសមួយម៉ោងនេះសម្រាប់យើងបានចែករំលែកចំណេះដឹងតិចតូចដល់សិស្សរបស់លោក។ “មិនអីទេ! ផ្ទុយទៅវិញ ខ្ញុំវិញទេ ដែលត្រូវអរគុណអ្នកទាំងពីរ ព្រោះថា អ្នកទាំងពីរ ក៏អាចជួយសម្រាលការបង្រៀនខ្ញុំបានមួយម៉ោងផងដែរ។ ខ្ញុំ បានឆ្លើយតបទាំងញញឹមក្នុងន័យអរគុណ។
នារីទាំងពីរនាក់នេះរាងតូចច្រឡឹងសក់ខ្មៅរលូន សម្បុរស ដែលម្នាក់មានភ្នែកធំៗទំនងដូចជាកូនកាត់ខ្មែរ។ នាងឈ្មោះ វីលៃស៊ូមីផុន មកពីប្រទេសឡាវ និងម្នាក់ទៀតមានភ្នែកតូចៗ កំពុងពាក់វែនតាព៌ណស មើលទៅដូចជាកូនកាត់ចិនបន្ដិចកូនកាត់ជប៉ុនបន្ដិច។ នាងឈ្មោះកឹមងៀងមកពីប្រទេសវៀតណាម។
“នេះជាបទពិសោធន៍បង្រៀនលើកទីមួយរបស់ខ្ញុំ។ ខ្ញុំចូលចិត្ដក្មេងៗណាស់”ហើយ“ខ្ញុំក៏អញ្ចឹងដែរ។” វីលៃស៊ូមីផុន និងកឹមងៀងបាននិយាយមកកាន់ខ្ញុំ។ -និយាយអីចឹង តើសិស្សរបស់លោក បានចាប់ផ្ដើមរៀនភាសាអង់គ្លេសនេះរយៈពេលប៉ុន្មានមកហើយ? ខ្ញុំឃើញពួកគេឆ្លាតៗណាស់។ ខ្ញុំរំភើបណាស់ដោយឃើញពួកគេអាចសួរសំណួរជាច្រើនមកកាន់ពួកយើង។ ខ្ញុំបានឆ្លើយទាំងសប្បាយចិត្ដ ក្នុងខណៈឮសំណួរនេះ “ប្រាប់អ្នកតាមត្រង់ទៅចុះថា សិស្សខ្ញុំជាច្រើនក្រុមបានបែងចែកជាប្រាំម៉ោងក្នុងមួយថ្ងៃ ហើយក្រុមក្មេងៗទាំងនេះ ជាសិស្សដែលខ្ញុំសម្បទានមួយម៉ោងសម្រាប់ជួយដល់កូនអ្នកភូមិ ដែលក្រីក្រខ្វះលទ្ធភាពនៅជីផាតនេះ។ និយាយទៅ ពួកគេនេះទើបតែរៀនបានបីខែប៉ុណ្ណោះ ហើយថ្នាក់នេះខ្ញុំបង្រៀនតែភាសាអង់គ្លេសទូទៅទេ មិនដូចជាក្រុមផ្សេងទៀតឡើយ។ ដូចអ្នកដឹងស្រាប់ហើយថា ខ្ញុំជាបុគ្គលិកអង្គការ ដែលមានតួនាទីទទួលខុសត្រូវក្នុងការផ្ដល់ភាសាអង់គ្លេសជំនាញតែលើសមាជិកគម្រោងសហគមន៍អេកូទេសចរណ៍ប៉ុណ្ណោះ។ ខ្ញុំចង់និយាយថា សមាជិកសហគមន៍ គឺសំដៅលើក្រុមគណៈកម្មការ ដែលជាអ្នកបរៀបចំដំណើរកម្សាន្តឱ្យភ្ញៀវទេសចរ ដូចជាអ្នកអីចឹង និងក្រុមសមាជិកអ្នកផ្ដល់សេវាកម្មឱ្យភ្ញៀវ រួមមាន ក្រុមសេវាផ្ទះស្នាក់ និងផ្ទះសំណាក់ ក្រុមសេវាអ្នកនាំភ្ញៀវ ក្រុមដំណើរកម្សាន្តតាមទូក ក្រុមសេវាទេសចរណ៍ដោយរទេះគោ ក្រុមសេវាចុងភៅ ក្រុមសេវាម៉ូតូឌុប និងក្រុមសេវាកម្មលក់ដូរនិងជួលសម្ភារៈជាដើម។”
“ល្អណាស់!” វីលៃស៊ូមីផុន និងកឹមងៀងបានងក់ក្បាលបន្ទរឡើង។
-តើលោកបង្រៀនសល់ប៉ុន្មានវគ្គទៀតទើបចប់សម្រាប់កម្មវិធីប្រចាំថ្ងៃរបស់លោក និយាយឱ្យចំតើលោកចប់ការបង្រៀននៅម៉ោងប៉ុន្មាន?
-បាទ!វានៅសល់តែមួយម៉ោងទៀតប៉ុណ្ណោះសម្រាប់ក្រុមមគ្គុទេសក៍នាំភ្ញៀវ។ ហេតុអ្វីបានជាអ្នកសួរខ្ញុំបែបនេះ? តើអ្នកមានការអ្វីឱ្យខ្ញុំជួយសម្របសម្រួលមែនទេ? “មិនមានអ្វីសំខាន់ទេលោក ប៉ុន្ដែស្អែកនេះយើងត្រូវចាកចេញពីទីនេះហើយ។ យើងគិតថា សូមអញ្ជើញលោកបានចូលរួមអាហារល្ងាចនេះជាមួយពួកយើងមួយពេលជាការអរគុណចំពោះការជួយសម្របសម្រួលយ៉ាងរលួនសម្រាប់ដំណើរកម្សាន្តរបស់យើង។តើលោកយល់យ៉ាងម៉េចដែរ?” វីលៃស៊ូមីផុន បាននិយាយឃ្លាចុងក្រោយមុននឹងចុះចេញពីថ្នាក់រៀនលើផ្ទះចំណាស់នោះ ដែលទុកឱ្យខ្ញុំ បន្តការបង្រៀនសម្រាប់ក្រុមសិស្សថ្មីមួយវគ្គទៀត។ ខ្ញុំញញឹមហើយឆ្លើយតបយ៉ាងប្រញាប់ “ អរគុណអ្នកទាំងពីរហើយ។ តាមពិត ខ្ញុំជាបុគ្គលិកអង្គការ គឺខ្ញុំមានអ្នកចំអិនផ្ទាល់ និងដាច់ដោយឡែកពីសហគមន៍សម្រាប់ពួកខ្ញុំ ប៉ុន្ដែយ៉ាងនេះក៏ដោយ ខ្ញុំនឹងមិនបដិសេធនូវបំណងល្អរបស់អ្នកទាំងពីរទេ ព្រោះថាកម្រមាននារីដ៏ស្រស់ស្អាតដូចអ្នកទាំងពីរបានអញ្ជើញខ្ញុំបែបនេះណាស់។” “លោកនេះពូកែនិយាយណាស់។ អូខេ យើងរង់ចាំលោកនៅកន្លែងញ៉ាំអាហារសហគមន៍នៅម៉ោង៧ណា”។ កឹមងៀន បានសើច! -ហ្គោតបាយ វីធា! សូមឱ្យការបង្រៀនរបស់លោកជាប្រយោជន៍ដល់សហគមន៍ជាតិកម្ពុជារបស់លោក។
“ហ្គោតណាយ! ជួបគ្នានៅម៉ោងក្រោយនេះ” ខ្ញុំក្រវីដៃ។ អ្នកទាំងពីរបានចុះចេញទៅ។
ម៉ោង៧ គត់ ខ្ញុំបានបញ្ចប់ការបង្រៀនរបស់ខ្ញុំ ហើយប្រញាប់ប្រញាល់ចេញពីថ្នាក់រៀននៃផ្ទះទ្រុធទ្រោម ដែលគេស្គាល់ថាជាផ្ទះខ្មោចបានទុកចោលយូរឆ្នាំមកហើយ។ ផ្ទះនេះ គ្មាននរណាម្នាក់អាចស្នាក់នៅខាងក្នុងបានឡើយ សូម្បីតែម្ចាស់ផ្ទះខ្លួនឯង។ នេះដោយសារតែព្រលឹងប្រពន្ធដើមម្ខាស់ផ្ទះខឹងសម្បានឹងប្ដីដោយបានរៀបការជាមួយប្រពន្ធមួយទៀត។ មុននេះ ប្រពន្ធដើមនោះបានឈឺ ហើយគិតថានាងនឹងជាសះស្បើយប្រសិនបើបញ្ជៀសនាងពីការហូបស្វាយទុំ។ សំណាងអាក្រក់ នាងក៏បានស្លាប់ដោយសារតែឃ្លានខ្លាំងពេក។ អ្នកភូមិគ្រប់គ្នាបាននិយាយថាគេឃើញខ្មោចលងបានសែងមឈូសចូលក្នុងផ្ទះនេះស្ទើរតែរាល់យប់។ តែទោះជាយ៉ាងនេះក៏ដោយ ផ្ទះនេះត្រូវបានអនុញ្ញាតពីម្ចាស់ផ្ទះហើយប្រើប្រាស់ជាថ្នាក់រៀនភាសាអង់គ្លេសសម្រាប់គម្រោងសហគមន៍អេកូទេសចរណ៍។ ២ នៅកន្លែងបាយល្ងាច ក្រោមដំបូលសំយ៉ាប នៃការិយាល័យសហគមន៍អេកូទេសចរណ៍ជីផាត ម៉ោង ៧.៥នាទី សមាជិកក្រុមចុងភៅសហគមន៍បានរៀបចំអាហារ ដែលកឹមងៀង និង វីលៃស៊ូមីផុន បានកំម៉ង់ទុកបានរៀបចំដាក់លើតុត្រៀបត្រារួចជាស្រេច។ ក្លិនប្រហើរឈ្ងុយឈ្ងប់ បានរសាត់វិលវល់នៅម្ដុំនោះ។ ជុំវិញតុបាយលើកៅអីជ័រព៌ណខៀវកឹមងៀង វីលៃស៊ូមីផុន បុរសចំណាស់ម្នាក់ និងស្រ្តីវ័យចំណាស់ប្រហែល៥០ឆ្នាំម្នាក់ទៀតអង្គុយចាំរួចជាស្រេច។ “ សួស្ដីអ្នកទាំងអស់គ្នា! សុំទោសចំពោះការរង់ចាំខ្ញុំយ៉ាងនេះ។ ” ខ្ញុំបាននិយាយទៅកាន់អ្នកទាំងអស់គ្នា ដោយលើកដៃជម្រាបសួរបុរស និងស្ត្រីវ័យចំណាស់នោះដែលជាទម្លាប់មួយសែនប្រពៃពីប្រជាជនខ្មែរ។ “មិនអីទេលោកវីធា! នេះជាកៅអីរបស់លោក។” វីលៃស៊ូមីផុន បានទាញយកកៅអីឱ្យខ្ញុំអង្គុយក្បែរនាង។ “ អង្គុយមកក្មួយ ”បុរសមាឌមាំ សក់ស្កូវល្បាយអាចន៍ខ្លាអាយុចំណាស់៦០ឆ្នាំម្នាក់នោះនិយាយជាភាសាខ្មែរមិនសូវច្បាស់។ -បាទអរគុណអ៊ំប្រុស សុំទោសជាថ្មីម្ដងទៀត ដែលខ្ញុំរំខានអ្នកទាំងអស់គ្នាឱ្យរង់ចាំយ៉ាងនេះ។ “លោកដូចជានិយាយពាក្យនេះពីរដងហើយនៀក។ គិតទៅលោកជាមនុស្សសមគួរមែន ខ្ញុំគិត ថាខ្ញុំមានសំណាងណាស់ ដែលបានស្គាល់លោក។ និយាយអីចឹង ខ្ញុំ ភ្លេចណែនាំលោកឱ្យឈឹង នេះគឺឪពុកម្ដាយរបស់ខ្ញុំ។”កឹមងៀងបានណែនាំ។ “ជំរាបសួរអ៊ំប្រុសអ៊ំស្រី” ខ្ញុំ លើកដៃសំពះជាគុណធ៌ម និងជាទំនៀមប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរប្រតិបត្ដិចំពោះមនុស្សចាស់ម្តងទៀត។ ”ខ្ញុំមានកិត្ដិយសណាស់ដោយបានមករួមអាហារពេលនេះជាអ្នកទាំងអស់គ្នា។ សូមអញ្ជើញអ្នកទាំងអស់គ្នា អញ្ជើញពិសារ។” ខ្ញុំបានផ្ដើមឡើង។
ពិធីញ៉ាំអាហារល្ងាចវិសាមញ្ញបានចាប់ផ្ដើមឡើងប្រកបដោយភក្ដីមិត្ដភាពរវាងក្រុមគ្រួសារគឹម ងៀង និងវីលៃស៊ូមីផុន និងខ្ញុំ។ ខណៈបញ្ចប់អាហារខ្ញុំឧទានឡើង៖ -គឹម ងៀង ហេតុអ្វីបានជាអ្នក ស្គាល់វីលៃស៊ូមីផុន បើអ្នក និងអ៊ុំប្រុសអ៊ុំស្រីអញ្ចើញមកពីប្រទេសវៀតណាម តែវីលៃស៊ូមីផុនមកពីប្រទេសឡាវសោះនោះ។ “យើងទាំងពីរនាក់ជាមិត្ដដ៏ល្អបំផុត ដែលបានស្គាល់នាគ្រា ដែលយើងជាប់អហារូបករណ៍ទៅសិក្សានយោបាយជាមួយគ្នានៅវិទ្យាស្ថាន National Graduate Institute ប្រទេសជប៉ុន។ នៅទីនោះ យើងក៏មិត្ដដ៏ល្អផ្សេងទៀតផងដែរ។” គឹមងៀងបានបកស្រាយ។ និយាយចប់ ខ្ញុំបង្វិលសំណួរទៅសួរអ៊ំប្រុសឪពុកគឹមងៀងម្ដង៖ -និយាយអីចឹងមុននេះខ្ញុំបានឮអ៊ំប្រុសនិយាយភាសាខ្មែរបានល្អណាស់។ តើអ៊ំ បានរៀនភាសាខ្មែរ ដែលជាភាសាជាតិរបស់ខ្ញុំមកពីណាដែរ? - និយាយតាមត្រង់ទៅក្មួយវីធា អ៊ំគោរពស្រឡាញ់ប្រទេស និងប្រទេសជាជន កម្ពុជាខ្លាំងណាស់។ ក្នុងសម័យសង្គ្រាម ពូគឺជាកងទ័ពវៀតណាមម្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តស្ម័គ្រចូលរួមជួយរំដោះប្រទេសកម្ពុជាពីរបបប៉ុលពត ហើយក្នុងទសវត្យរ៍ឆ្នាំ១៩៨០ អ៊ំបានមកឈរជើងនៅទីនេះ។ នេះជាមូលហេតុ ដែលអ៊ំបានសម្រេចចិត្តនាំកូនមកកម្សាន្តនៅទីនេះ។ - ខ្ញុំរំភើបណាស់ ដែលបានឮដូចនេះនិងសូមគោរពកោតសសើរដឹងគុណអ៊ំប្រុស ក៏ដូចជាកងទ័ពវៀតណាមទាំងអស់ជាខ្លាំង។ ក្មួយក៏បានធ្លាប់បានដឹងពីប្រជាជននៅទីនេះនិយាយថា នៅដើមទសវត្យរ៍ឆ្នាំ១៩៨០ បន្ទាប់ពីរបបឃោឃៅកាប់សម្លាប់ប្រជាជនខ្លួនឯងដួលរំលំទៅ ទីនេះ ប្រជាជន ដែលសល់ពីការកាប់សម្លាប់ ពួកគាត់ប្រឈមនូវការខ្វះបាយហូប ប៉ុន្តែកងទ័ពវៀតណាមទាំងនោះបានជួយចែករំលែក ជាអង្ករដល់ពូកគាត់ ដោយគ្រាន់តែដូរយកត្រីសាច់បន្តិចបន្តួចប៉ុណ្ណោះពីការនេសាទរបស់ពួកគាត់។ - ក្មួយពិតជាឆ្លាតមែន។ អ៊ំសូមអរគុណក្មួយខ្លាំងណាស់ ដែលបានជួយសម្រប សម្រួលក្នុងដំណើរកម្សាន្តរបស់អ៊ំ។ កាលពីម្សិលម៉ិញនេះ អ្នកនាំភ្ញៀវបាននាំក្រុមអ៊ំទៅលេងនៅលើភ្នំត្រង៉ោល ដើម្បីមើលថ្ងៃរះ ដែលទីនោះហើយជាអនុស្សាវរីយចុងក្រោយនៃជីវិតអ៊ំ។ - អនុស្សាវរីយអីទៅអ៊ំ! - ទីនោះ គឺជាបន្ទាយរបស់កងទ័ពវៀតណាម ដែលឈរជើងការពារប្រជាជនពី ឧទ្ទាមខ្មែរក្រហម។ តាមពិតទីនេះពីមុនមានព្រៃឈើក្រាស់ណាស់ តែព្រៃទាំងនោះបានបំផ្លាញដោយរបបប៉ុលពត ព្រោះពួកវាកាប់ឈើយកដីធ្វើស្រែ។ ដល់ពេលវៀតណាមបោះជំរុំនៅទីនោះ ពួកឧទ្ទាមក៏រត់ទៅបោះទីតាំងនៅវាលតាប្រាក់។ អ៊ំក៏ត្រូវបាននាំទៅលេងទីនោះដែរ។ ប៉ុន្តែអ្វី ដែលសំខាន់គឺអ៊ំចង់និយាយប្រាប់ក្មួយ ជាពិសេសគឺគឹមងៀងថា ប៉ាបានស្រឡាញ់ម៉ាក់ឯងនៅទីនេះឯង។ “ ម៉េចក៏ប៉ាមិនដែលនិយាយប្រាប់កូនសោះអញ្ចឹង។ មែនក៏អីម៉ាក់។”គឹមងៀងបានងាកទៅសួរម្តាយ។ “ត្រូវហើយកូន! កាលនោះម៉ាក់ធ្វើជាពេទ្យទាហាន ហើយបានជួយព្យាបាលរបួស ប៉ាឯង។”ម្តាយគឹមងៀងបានជម្រាបកូន។ ស្អែកឡើងអ្នកទាំងអស់គ្នាបានលាគ្នាទាំងក្តីអាឡោះអល័យចាកចេញពីជីផាតទៅដែលមើលទៅពួកគេមានអារម្មណ៍ដក់ជាប់ដោយក្តីស្រឡាញ់ទីនេះយ៉ាងជ្រាលជ្រៅ ហើយខ្ញុំ នៅបន្តការងារក្នុងនាមមន្ត្រីគម្រោងជួយសម្រប់សម្រួលនិងបង្រៀនសហគមន៍ដើម្បីការអភិរក្សធម្មជាតិនិងវប្បធម៌បន្តដូចសព្វមួយដង។ បន្ទាប់ពីនោះមក ខ្ញុំតែងបានទំនាក់ទំនងពួកគេមិនចេះដាច់តាមអ៊ីម៉ែល ឬ Facebook។
៣
បួនឆ្នាំក្រោយមក ខ្ញុំ បានបញ្ចប់ការងារអភិរក្សនៅតំបន់ជួរភ្នំក្រវាញ ហើយខ្ញុំមានមានគំនិតថ្មីមួយដែលនឹកឃើញដល់ទន្លេមេគង្គជាសម្បត្តិរួមរបស់យើងដែលគួរត្រូវបានគេថែទាំ។ ខ្ញុំ តែងបានសរសេរអត្ថបទចម្រៀងអំពីគុណសម្បត្តិទន្លេមេគង្គ ឬអត្ថបទផ្សេងៗដែលទាក់ទងនឹងទន្លេមេគង្គ។ ថ្មីៗនេះខ្ញុំបានផ្ញើរអត្ថបទមួយទៅមិត្តរបស់ខ្ញុំម្នាក់ទៀតដែលជាលេខាទូតខ្មែរប្រចាំនៅប្រទេសឡាវ។ ភា ធ្លាប់ជាក្មេងម្នាក់ ដែលមានកំណើតនិងរស់លើដីសណ្តពឹងផ្អែកដោយសាររទន្លេមេគង្គដូចខ្ញុំដែរ។
.................................................. ភ្នំពេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២
ភា! តើអ្នកសុខទុក្ខយ៉ាងណា? ខ្ញុំសង្ឃឹមថា អ្នកនឹងមានសេចក្តីសុខដូចខ្ញុំដែរ។ តើយ៉ាងម៉េចដែរអំពីប្រជាជននៅទីនោះ ហើយការងាររបស់ឯងនៅប្រទេសឡាវមិនអីទេមែនទេ? ខ្ញុំចង់ទៅលេងទីនោះណាស់។ ខ្ញុំនឹងធ្វើលិខិតឆ្លងដែនឲ្យបានឆាប់ៗនេះ នឹងអាលបានទៅលេងឯង។ ណាមួយខ្ញុំក៏នឹងបានទៅលេង មិត្តជាតិឡាវម្នាក់ផងដែរ ដែលបួនឆ្នាំមុននេះគេបានមកលេងនៅតំបន់អេកូទេសចរណ៍កន្លែង ដែលខ្ញុំធ្លាប់ធ្វើការ។ ភា! ខ្ញុំនឹកមិត្តណាស់។ នេះជាជាអត្ថបទមួយ ដែលខ្ញុំសរសេរ ហើយចង់ឲ្យមិត្តនឹកឃើញដល់ភូមិកំណើតរបស់យើង។ ខ្ញុំគិតថា ទន្លេមេគង្គរបស់យើងគួរត្រូវបានថែរក្សា។ ក្រោយពីភាអានអត្ថបទនេះហើយកុំភ្លេចឆ្លើយតបមកវិញផងណា!
ការធ្វើត្រីប្រហុកផ្អកនៅស្រុកយើង
ក្នុងខណៈទឹកទន្លេមេគង្គបាននាចមកដល់កម្រិតដើម វាជាដើមរដូវប្រាំ ដែលប្រជា កសិករស្រុកយើងចាប់ផ្តើមភ្ជួររាស់ដីចម្ការរៀងៗខ្លួន។ ទោះជាខ្ញុំចាំមិនច្បាស់ថា វាជាខែណាពិតប្រាកដក៏ដោយ ប៉ុន្តែខ្ញុំនៅចាំថាវាជាពេល ដែលអ្នកស្រុកយើងបានបុករណ្តៅដាក់ដាំកូនថ្នាំនៅតាមចម្ការនីមួយៗនៅឯត្រើយអូរម្ខាងក្រោយផ្ទះរបស់យើង។ ខែនោះសត្វ ចង្រិតក៏ចាប់ផ្តើមពូនកំពូលរបស់វាផងដែរ។ មើលទៅចម្ការ កូនថ្នាំទើបដាក់ដាំបានលាស់លូតឡើងយ៉ាងខៀវស្រងាត់។ ខែមេសាបានកន្លងផុតទៅ ប្រជាកសិករភាគច្រើន ក៏រួចរាល់ពីប្រមូលថ្នាំជក់របស់គេ។ អ្នកខ្លះបានភ្ផូររាស់ដីសារជាថ្មីដើម្បីដាំអនុផលនៃដំណាំផ្សេងទៀតរូមមានពោត និងល្ង។ ខែកក្តិកបានមកដល់ ផលមួយទៀតក៏បានមកដល់សម្រាប់ជីវិតអ្នកចម្ការកោះសូទិនភូមិយើង។ នោះជារដូវត្រី នៃទន្លេមេគង្គចាប់ពង ឬអាចនិយាយថាជារដូវត្រីពង។ ក្នុងទសវត្យរ៍ឆ្នាំ១០៩៨០ នៅប្រទេសកម្ពុជាប្រហែលជាមិនទាន់ច្បាប់ជលផលតឹងរឹងប៉ុន្មានទេមើលទៅ ព្រោះប្រទេសទើបបានរំដោះដោយកងកម្លាំងស្ម័គ្រចិត្តវៀតណាម។ នេះជាអ្វីដែលខ្ញុំចាំថា នៅរដូវនោះ គេបានដាក់អួន ដាក់មង ជាពិសេស ដោយក្រុមបងប្អូនជាតិអ៊ីស្លាម។ តើឯងចាំទេថានៅស្រុកយើងមានចាមច្រើនណាស់។ យើងមានភូមិចាមមួយយ៉ាងធំនៅភូមិទី៨ ដែលលាតសន្ធឹងពីម្តុំផ្ទះតាឆាយរហូតដល់ម្តុំផ្សារក្បែរវត្តតាអ៊ុក។ ក្រុមពួកគេនេះឯងជាអ្នកមានជំនាញរកត្រី(ខ្មែរយើងពុំសូវជាអ្នករកត្រីទេពេលនោះ)។ នៅទន្លេមេគង្គខាងត្បូង ឬអាចនិយាយថា ទន្លេខាងកោះចិននៅចុងឯនាយចម្ការថ្នាំ ដែលមានចម្ងាយ មួយគីឡូម៉ែត្រ ពីអូរក្បាលចម្ការ ក្រោយផ្ទះយើងមានវាលខ្សាច់មួយយ៉ាងធំល្វឹងល្វើយ។ ក្រុមខ្មែរឥស្លាមបាននាំគ្នាមកបោះជំរុំធ្វើជាឡូត៍នេសាទមួយយ៉ាងធំប្រៀបដូចជាទីក្រុងមួយយ៉ាងអ៊ូអរ។ មិនថាតែយើងទេ អ្នកស្រុកផ្សេងទៀត គឺ យើងបានឆ្លងទូកឆ្លងអូរហើយដើរសំដៅទីក្រុងនោះ។ ថ្ងៃនោះយើង បានរែកប៉ោតដោយត្រលប់មកវិញជាមួយត្រីក្នុងប៉ោតអំរែករបស់យើងយ៉ាងធ្ងន់។ រំលឹកដល់ព្រិតការណ៍នាដើមទសវត្យរ៍ ឆ្នាំ៨០នេះ ឪពុករបស់ខ្ញុំក៏មានអួនមួយយ៉ាងធំផងដែរ។ មនុស្សច្រើនណាស់ បានធ្វើជាកម្មករអូសអួននេះ ហើយបានផលត្រីក៏បានច្រើនណាស់ដែរ។ ក្រោយពីបានត្រី ដែលយើងរែក មកពីវាលខ្សាច់ចុងចម្ការ ឬហៅថាជាទីក្រុងទិញត្រីនោះ ម្តាយរបស់ខ្ញុំ និងជីដូនរបស់ឯង រួមទាំងអ្នកក្បែរខាងយើងបានជួយធ្វើប្រហុក ឬផ្អកគ្នាទៅវិញទៅមក។ ត្រង់ចំនុចនេះ ខ្ញុំនៅចាំទៀតថា ពួកគាត់ខ្លះសកស្រការវះពោះកាត់ក្បាលត្រីអាចន៍កុក និងត្រីប្រភេទផ្សេងទៀត ដែលខ្ញុំមិនសូវស្គាល់ឈ្មោះ។ ខ្លះត្រូវបានប្រឡាក់អំបិល ហើយខ្លះទៀតត្រូវយកក្បាលរបស់វាត្រូវរម្ងាស់យកខ្លាញ់។ នៅភូមិ យើងនារដូវនោះ ប្រជាជនកម្រប្រើចង្កៀងប្រេងកាតណាស់ ព្រោះគេបានខ្លាញ់ត្រីពីការរម្ងាស់ក្បាលត្រីទាំងនោះ ដូចនេះគេប្រើចង្កៀងខ្លាញ់ជំនួស។ ការធ្វើផ្អកប្រហុកត្រីជាសកម្មភាពដែលគួរចងចាំម៉្យាងដែរសម្រាប់ជីវិតអ្នកចម្ការដូចជាយើងនេះ។ អ្វីដែលយើងក៏ដូចជាពួកគាត់សប្បាយចិត្តនោះគឺការធ្វើផ្អកប្រហុកត្រីនៅពេលខែភ្លឺជាជាងខែងងឹត។
ដោយក្តីនឹករលឹក ពីខ្ញុំ វីធា មិត្តរបស់ភា .............................................................. ភា្លមនោះដែរ ខ្ញុំបានទទួលអ៊ីម៉ែលឆ្លើយតបពីលេខាទូតម្នាក់នោះ ដោយជំរុញឲ្យខ្ញុំ ធ្វើលិខិតឆ្លងដែនឲ្យបានឆាប់ ហើយភាបានសន្យាថា នឹងណែនាំមិត្តរបស់គេផ្សេងទៀតដែលពួកគេក៏បានចាប់អារម្មណ៍ពីគុណសម្បត្តិ នៃទន្លេមេគង្គផងដែរ ហើយទន្លេមួយនេះត្រូវរួមគ្នាថែទាំលើជីវៈចម្រុះ ដែលមានក្នុងទន្លេ និងបរិស្ថាន នៃទន្លេដើម្បីបន្តនិរន្តរភាព នៃជីវិតរស់នៅរបស់ប្រជាជនយើង។ ៤
មិនយូរប៉ុន្មានការគ្រោងទុកក្នុងដំណើរកម្សាន្តទៅលេងប្រទេសឡាវបានមក ខ្ញុំបានអ៊ីម៉ែលទៅប្រាប់ វីលៃស៊ូមីផុន និងកឹមងៀង ដើម្បីបានជ្រាបជាដំណឹង ដោយសង្ឃឹមថា ខ្ញុំនឹងបានជួបវីលៃស៊ូមិផុននៅទីនោះដែរ។
ថ្ងៃ១២ ខែ១២ ឆ្នាំ២០១៣ រថយន្តក្រុងពីភ្នំពេញបានមកដល់ទីក្រុងវៀងចន្ទន៍។ ព្រលឹមស្រាងៗ នៅចំណតដុងដុក ដែលជាចំណតសម្រាប់រថយន្តមកពីស្រុកខ្មែរ និងភូមិភាគខាងត្បូង មានមនុស្សម្នា កកកុញប្រកបដោយអាវរងារ ដែលខែនេះអាកាសធាតុ ត្រជាក់មិនខុសគ្នានឹងស្រុកខ្មែរឡើយ។ ខ្ញុំបានចុះពីរថយន្ត ដែលខ្ញុំបានធ្វើដំណើរអស់២៤ម៉ោងគត់។ ខណៈចុះចេញពីរថយន្តក្រុង ខ្ញុំព្យាយាមសម្លឹងរំពៃរកមើលមិត្តរបស់ខ្ញុំ ដែលបានសន្យាថានឹងមកទទួលខ្ញុំ។ ខណៈនោះសម្រែកបានស្រែកឡើង៖
“អេ! វីធា ខ្ញុំនៅទីនេះ។”ហេង សុភា ជាមិត្តដែលជាលេខាទូតម្នាក់នោះបានបោយដៃដាក់។
“អរគុណ ភា ណាស់ដែលពួកម៉ាក់បានមកចាំខ្ញុំ ព្រោះថា ខ្ញុំជាលើកទី១ហើយបានមកប្រទេសឡាវនេះ។”ខ្ញុំបានឱបមិត្តរបស់ខ្ញុំ។
-ឯងសុខសប្បាយជាទេពួកម៉ាក់?
-សុខសប្បាយជាទេ។ ចុះឯងវិញ?
-គ្នាសុខតើ! តើឯងមានអារម្មណ៍យ៉ាងម៉េចដែរមកដល់ទីនេះ។
-គ្នាមានអារម្មណ៍រំភើបណាស់។ និយាយរួម នៅពេល ដែលមកដល់ប៉ាក់សេនៅម៉ោង៥ល្ងាច គ្នាគិតបុកពោះតិចៗថា ខ្លាចតែឯងមិនបានមកទទួល គ្នាមិនដឹងទៅណាទេ!
“តុះទ៎ៅ ទៅកន្លែងស្នាក់នៅសិន! ចាំនិយាយគ្នាទៀត”មិត្តរបស់ខ្ញុំ បាននាំ ខ្ញុំចេញទៅជិះដោយម៉ូតូ១២គីឡូម៉ែត្រឆ្ងាយពី Vientiane City។
៥ នៅកន្លែង ដែល ភានាំខ្ញុំទៅនោះគឺ DongDok Campus ជាកន្លែងស្នាក់នៅរបស់និស្សិតខ្មែរ ដែលបានមករៀនក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលឡាវ និងជួយសម្របសម្រួលដោយស្ថានទូតខ្មែរប្រចាំនៅប្រទេសលាវនេះ។ នៅទីនោះ បុរសម្នាក់សម្បុរស្រអែម ពាក់ដោយវ៉ែនតា និងបុរសសម្បុរសម្នាក់ទៀត ចេញមកទទួលពួកយើង។ “បងភា ! នេះមិត្តភក្តិបងមកពីភ្នំពេញមែនទេ?” ម្នាក់សម្បុរស្រអែមនោះបានសួរ។ -ត្រូវហើយ ជំនោរ។ “ជម្រាបសួរបង!” ជំនោរបានគារវកិច្ចចំពោះខ្ញុំ។ ជំនោរគឺជាអតីតនិស្សិតខ្មែរ ដែលបានមករៀនផ្នែក ភាសា និងអក្សរសាស្ត្រលាវ នៃ ដេប៉ាតម៉ង់ ភាសាលាវ និងទូរគមនាគន៍ នៃមហាវិទ្យាល័យអក្សរសាស្ត្រ ហើយ បច្ចុប្បន្ននេះ គាត់បន្តផ្នែកបណ្ឌិតគរុសាស្ត្រ សាខារដ្ឋបាលអប់រំ (Doctor of Education in Educational Administration)នៅប្រទេសថៃ។ ជំនោរបានណែនាំម្នាក់ទៀតឲ្យយើងស្គាល់។ -បងនេះជាមិត្តភក្តិរួមថ្នាក់របស់ខ្ញុំមកពីប្រទេសថៃ។ គេឈ្មោះ ប្រាជួប។ “សាក់វ៉ាឌី ប្រាជួប។ យិនឌីធីដាយរូចាក។”ខ្ញុំ បាននិយាយភាសាថៃដាក់ប្រាជួប។ -សាក់វ៉ាឌី ខាប់! ឌិឆាន់ក៏យីនឌីធីដាយរូចាកឃុន។ “វីធា តុះទ៎ៅឡើងលើ។ សម្រាកបន្តិចសិនព្រោះថា នៅថ្ងៃត្រង់នេះ យើងនឹងទៅញ៉ាំអាហារថ្ងៃត្រង់ទាំងអស់គ្នានៅភោជនីយដ្ឋាន ខបចៃឌើ។” មិត្ត របស់ខ្ញុំបាននាំខ្ញុំឡើងលើ ហើយជំនោរ បានជួយយកកាបូបខ្ញុំឡើងលើផងដែរ។ ប្រាជួបដើរពីក្រោយ។ នៅក្នុងបន្ទប់ស្នាក់នៅ ភានិយាយ៖ -នេះជាគ្រែសម្រាប់ វីធាឯង។ តើឯងគិតថាចង់ស្នាក់នៅទីនេះប៉ុន្មានថ្ងៃដែរ។ កុំប្រញាប់ទៅវិញអី។ ចាំយើងនាំឯងដើរលេង ចាំយើងនាំឯងទៅលេងរមណីដ្នានវាំងវៀងទៅទស្សនារូងភ្នំ និង ហែលទឹកលេង ទៅលេងវត្តចំប៉ាស័ក ទៅទស្សនាទឹកជ្រោះរមណីដ្នានផ្ទះជនជាតិ,រមណីដ្ឋានផាស៊ុម និងទៅទឹកជ្រោះខនព្រះផេងណា។ និយាយអីចឹង ឯងប្រាប់គ្នាថា ឯងមានមិត្តភក្តិឡាវម្នាក់ដែរ តើគេមានដឹងថាឯងមកលេងទីនេះទេ? -គ្នាបានអ៊ីម៉ែលប្រាប់គេដែរមុននឹងគ្នាសម្រេចចិត្តមកទីនេះ។ តែដូចជាមិនឃើញអ៊ីម៉ែលឆ្លើយតបសោះ។ ប្រហែលជានាងរវល់ហើយមើលទៅ! -អីចឹងឯងសម្រាក់ទៅ ព្រោះថានៅថ្ងៃត្រង់នេះយើងទៅញ៉ាប៊ូហ្វេជុំគ្នានៅមាត់ទន្លេ។
៦ អាហារថ្ងៃត្រង់បានមកដល់ ប្រហែលម៉ោង១២ថ្ងៃត្រង់ នៅមាត់ទន្លេនៃទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ខ្យល់ជំនោររងារនៅតែបន្អុរភាពត្រជាក់បើទោះបីមានពន្លឺថ្ងៃចែងចាំងក៏ដោយ។ យើងទាំងអស់គ្នាបានមកដល់ភោជណីដ្ឋានខបចៃឌី ដែលមុននេះហាងនេះមានឈ្មោះថា សប្បាយឌី។ ហាងនេះសម្បូរដោយភ្ញៀវបរទេសចម្រុះ។ ហាងនេះមានបំរើអាហារប៊ូហ្វេ និងភេសជ្ជៈស្រាបៀឡាវដ៏ល្បី។ យើងបានចុះពីលើរម៉កដើរសំដៅចូលជួរភ្ញៀវផ្សេងទៀតដើម្បីបម្រើអាហារប៊ូហ្វេ ដោយខ្លួនឯង រួចក៏បានមកអង្គុយរួមតុដែលមានគ្នាបួននាក់ មាន ខ្ញុំ ភា ជំនោរ និង ប្រាជួប។ ខណៈហូបបណ្តើរនិយាយគ្នាលេងបណ្តើរស្រាប់តែលេចមុខនារីបីនាក់ដើរសំដៅមកតុខ្ញុំ។ “Hi Brother Phea! ពួកនាងនិយាយភាសាអង់គ្លេសទៅកាន់មិត្តរបស់ខ្ញុំ។ ក្រឡេកទៅមុខរបស់អ្នកទាំងបីខ្ញុំមានអារម្មណ៍ច្បាស់ថាក្នុងចំណោមទាំងបីនាក់នេះមានពីរនាក់ដែលខ្ញុំធ្លាប់ស្គាល់នោះគឺកឹមងៀង និងវីលៃសូមីផុន។ ឃើញដូចនេះខ្ញុំលាន់មាត់ភ្លាមបែររកអ្នកទាំងពីរនោះ៖ -អ្នកគឺកឹមងៀង និងវីលៃសូមីផុនមែនទេ? -ត្រូវហើយលោកវីធា យើងរីករាយណាស់ដោយបានជួបលោកម្តងទៀតនៅទីនេះ។ -ពុទ្ធោ! គួរឲ្យភ្ងាក់ផ្អើលម៉្លេះ ហេតុអ្វីបានជាអ្នកមិនជូនដំណឹងដឹងផង។ “យើងចង់ឲ្យលោកភ្ញាក់ផ្អើលនោះអី”កឹមងៀង និងវីលៃសូមីផុន បាននិយាយដាក់ខ្ញុំ។ រួចទើបបែរទៅនារីម្នាក់ទៀតហើយណែនាំឲ្យយើងបានស្គាល់៖ -អ្នកទាំងអស់គ្នានេះជាមិត្តរបស់យើង នាងឈ្មោះណៃថូន មកពីប្រទេសភូមា។ “ណៃថូន ដូចជាស្អាតជាងមុន!”ភាបានចាប់ដៃនាង។ “ហ្អាក! ម៉េចបានជាភាស្គាល់នាង?” ខ្ញុំស្រឡាំងកាំង។ “គេជាមិត្តរបស់ខ្ញុំទេ។ គេទាំងបីនាក់នេះបានរៀននយោបាយជាមួយគ្នានៅវិទ្យាស្ថាន National Graduate Institute ប្រទេសជប៉ុន។ តាមពិតក្រោយពីវីធា ឯងបានផ្ញើអ៊ីម៉ែល ម្តងដែលបានសរសេរអត្ថបទ ចម្រៀងអំពីនិស្ស័យទន្លេមកខ្ញុំដោយមានCCទៅពួកគេដែរនោះទើបខ្ញុំដឹងថាគេជាមិត្តខ្ញុំផងដែរ ហើយយើងក៏រៀបចំផែនការជួបនេះដើម្បីឲ្យឯងភ្ញាក់ផ្អើល”ភាបញ្ជាក់ប្រាប់ខ្ញុំ។ វាមិនគួរឲ្យជឿទាល់តែសោះ ដែលអ្នកទាំងអស់គ្នាបានស្គាល់គ្នាមុនខ្ញុំទៅទៀត។ តាមពិតជំនោរក៏បានស្គាល់ណៃថូនផងដែរព្រោះនាងបានរៀនជាមួយគ្នានៅប្រទេសឡាវមុននាងបន្តរៀននៅប្រទេសជប៉ុន។ ខណៈកំពុងសំដែងនូវការរំភើបដែលមិនគួរឲ្យជឿនេះស្រាប់តែអ្នកទាំងអស់គ្នាទាញចេញក្រដាសមួយសន្លឹកម្នាក់ៗពីកាបូបរបស់គេមកដាក់លើតុ៖ ............................................................
និស្ស័យទន្លេ រក្សាសិទ្ធគ្រប់យ៉ាង ដោយ វីធា
១. ទន្លេសមុទ្រតភ្ជាប់និស្ស័យជូនប្រជា ឱគង្គាអ្នកមានគុណល្អអនែក ទន្លមេគង្គរួមចំណងនៃមិត្តភាព តូចធំទៀតទន្លេប្រៀបសសៃរឈាម។ ២.ដើមចាកទោរទន់ទៀល្អម្ល៉េះទេដៃសមុទ្រ ល្អបំផុតឆ្នេរខ្សាច់ម៉ដ្ឋនៅឯរៀម ចតុមុខជាកេរ្តិមរតកទ្រព្យធនធាន សម្រស់ស្ពានជាតិបានសាងកាត់ទន្លេ។ R.ទន្លេសាបអើយ អ្នកនេះហើយល្អាងមច្ឆា ទឹកទន្លេជូនប្រជាស្រែចំការ សមុទ្រថ្លានិងទន្លេកេរ្តិនៃយើង។ ៣. សូមអង្វរសត្តនិករកុំបំផ្លាញបរិស្ថាន គ្រប់យ៉ាងទន្លេបានផ្តល់ភាពរុងរឿង មហានទីជាទែនទីមរណីស្ថានសហគមន៍យើង ទន្លេសាងប្រាងនិស្ស័យដីខេមរា។ ................................ ភាបានផ្តើមនិយាយ៖ -យើងពេញចិត្តនឹងអត្ថបទចម្រៀងរបស់ឯងនេះណាស់។ យើងទាំងគ្នាមិនធ្លាប់គិតទាល់តែសោះថាឯងនេះចេះនិពន្ធ និងអាចផ្តួចផ្តើមគំនិតឲ្យយើងបានចាប់អារម្មណ៍ពីទន្លេរបស់យើង។ ជាការពិតណាស់ ទន្លេមេគង្គជាទន្លេមួយ ដែលប្រៀបបីដូចជាសសៃឈាមរបស់យើង។ វាជាប្រភព ដែលតែងបានផ្គត់ផ្គង់ឲ្យប្រទេសក្នុងតំបន់ទន្លេមេគង្គយើងមានការទំនាក់ទំនងគ្នាបានយ៉ាងល្អ។ វា បានផ្តល់ជាសេវាទេសចរណ៍ដ៏ល្អប្រសើរសម្រាប់ចំណួលដល់ប្រជាជនកសិករ ហើយទន្លេនេះមានទៅដោយ ជីវៈចម្រុះគ្រប់បែបយ៉ាងសម្រាប់ជាប្រយោជន៍និងទ្រទ្រងដល់ជីវភាពក៏ដូចជាបានផ្តល់ប្រភពទឹកស្អាតដល់ប្រជាជនយើងផងដែរ។ ទោះយ៉ាងនេះក៏ដោយ នាពេលបច្ចុប្បន្ន ប្រជាជនខ្លះខ្វះការយល់ដឹងអំពីអត្ថប្រយោជន៍របស់ទន្លេមេគង្គ ហើយបានកំពុងបំពុលបរស្ថានទន្លេរបស់យើង ដោយ ពួកគេបានធ្វើបង្គន់បត់ជើងតូចធំចូលក្នុងទន្លេ បង្ហូរសារជាតិពុលចូលក្នុងទន្លេ ឬនេសាទត្រីដោយខុសច្បាប់ ក៏ដូចជាបានទាញយកផលប្រយោជន៍ពីទន្លេមេគង្គដោយខ្វះតម្លាភាព និងខ្វះការសិក្សាពីផលប៉ះពាក់វា មានដូចជាការបង្កើតទំនប់វារីអគ្គីសនីជាដើម។ យើងសូមអរគុណឯងខ្លាំងណាស់ ដែលបានបំផុសគំនិតនេះឲ្យយើងមានថ្ងៃនេះឡើង។ យើងទាំងអស់គ្នាបានគិតហើយថា នឹងត្រូវធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយពីផលប្រយោជន៍ និងផលប៉ះពាល់នៃទន្លេមួយនេះដល់ប្រជាជនរួមរបស់យើងដើម្បីបានយល់ដឹង និងចេះថែរក្សាសម្បត្តិរួមដើម្បីនិរន្តភាព និងជីវិតរបស់មនុស្សជាតិទាំងអស់គ្នា។ ខណៈយើងទាំងអស់គ្នាកំពុងយកចិត្តទុកដាក់ស្តាប់មិត្តរបស់ខ្ញុំនិយាយអំពីគោលបំណងថែរក្សានិងអភិរក្សទន្លេមេគង្គ ស្រាប់តែលេចចេញនូវបុរសនិងស្ត្រីបួននាក់បានមកដល់ ដែលខ្ញុំស្គាល់ស្រពិចស្រពិលថាក្នុងចំណោមនោះជាឪពុកម្តាយរបស់កឹមងៀង ដោយនិយាយព្រមគ្នាថា៖ សូមស្វាគមន៍នូវគម្រោងនិងគំនិតរបស់កូននិងក្មួយៗទាំងអស់គ្នា។ យើងជាឪពុកម្តាយរបស់គឹមងៀងនិងវីលៃសូមីផុន សូមចូលរួមគាំទ្រជាថវិកាក្នុងការបោះពុម្ពសៀវភៅដើម្បីអប់រំប្រជាពលរដ្ឋរួមរបស់យើងក្នុងជួយការពារទន្លេរបស់យើងដើម្បីជីវិតរបស់យើង។ សូមជម្រាបថា ឪពុករបស់គឹមងៀង ជាអតីតយោធាវៀតណាមមួយរូបក្នុងចំណោមទាហានស្ម័គ្រចិត្តវៀតណាមដទៃទៀតបានជួយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពល និងទទួលជ័យជំនះទាំងស្រុងនៅថ្ងៃទី៧មករាឆ្នាំ១៩៧៩ ហើយបន្ទាប់មកលោកបានឈរជើងជួយការពារប្រជាជនកម្ពុជាពីពួកឧទ្ទាមខ្មែរក្រហម នៅតំបន់ភ្នំក្រវាញនៅខេត្តកោះកុង ស្រុកថ្មបាំង ឃុំជីផាត ដែលគ្រានោះនៅទសវត្យរ៍ឆ្នាំ១៩៨០ លោក ក៏ជួយអភិរក្សសត្វព្រៃ ព្រៃឈើ និងសត្វក្រពើភ្នំផងដែរ។ លោកមាននិស្ស័យចូលចិត្តធម្មជាតិ និងការអភិរក្សនេះណាស់។
..........................
បន្ទាប់ពីខ្ញុំត្រូវបានជូនដើរលេងគ្រប់ទីកន្លែនិងទៅដល់ផ្ទះរបស់វីលៃសូមីផុង។ វេលាល្ងាច នៅមាត់ទន្លេមេគង្គនៅវៀងច័ន្ទន៍ ផ្ទៃមេឃស្រឡះ យើងទាំងអស់គ្នាបានអង្គុយលើបង់ថ្ម សម្លឹងព្រះសុរិយាហៀបអស្តង្គត នៅឯជើងមេឃម្ខាងប្របនឹងមាត់ទន្លេ ប៉ុន្តែមានព្រះអាទិត្យមួយទៀតធំផងដែរកំពុងអណ្តែតទុំលើខ្សែរទឹកហូរនៃទន្លេ នោះគឺដួងព្រះទិនករចាំងស្រមោលក្រហមឆ្អិនឆ្អៅលើផ្ទៃទឹកដែលរួបភាពនេះធ្វើឲ្យយើងកាន់តែយល់ថាព្រះអាទិត្យនិងគង្គាអ្នកគ្រប់គ្នាមិនអាចខ្វះមួយណាបានឡើយ។ ខ្សែរទឹកហូរប្រៀបទៅនឹងខ្សែជីវិតរបស់យើង។ យើងសប្បាយចិត្តនឹងរង់ចាំមើលថ្ងៃស្អែកដែលត្រូវទទួលពន្លឺរស្មីនៃព្រះសុរិយារះជូនដល់ប្រជារាស្ត្រគ្រប់គ្នានឹងបានថែរក្សា និងមិនធ្វើឲ្យប៉ះពាល់ដល់ទន្លេនៃជិវិតរបស់យើង។