ការពិភាក្សា:មហាចក្រពត្តិ

Page contents not supported in other languages.
ពីវិគីភីឌា

សៀមចាញ់មន[កែប្រែ]

គ្រានេះនឹងស្រដីពីក្រុងអយុធ្យានគរសៀមដូចតទៅ : ស្ដេចព្រះចៅចក្រពត្រាធិរាជ ជាស្ដេចស្រុកសៀម ស្ដេចមានដំរីសឈ្មោល ៥ ញី ២ ទាំងអស់ត្រូវជា ៧។ អស់សមណៈព្រាហ្មណ៍ នាម៉ឺនមុខមន្ត្រីស្យាមប្រទេស ឃើញព្រះរាជាខ្លួនមាន បុណ្យដូច្នេះ ក៏ថ្វាយព្រះនាមទៀតថា : សម្ដេចព្រះមហាចក្រពត្តិរាជាធិរាជ ព្រះចៅឆាងភឿក ប្រែជាខ្មែរថា ព្រះចៅចក្រពត្រាធិរាជ ស្ដេចដំរីស ព្រោះព្រះអង្គមានដំរី ៧ ។ ស្ដេចនេះមានព្រះរាជបុត្រាពីរព្រះអង្គគឺ ព្រះរាជបុត្រាច្បងទ្រង់ព្រះនាម ព្រះនរេន្ទ្រសូរ ព្រះរាជបុត្រាប្អូនព្រះនាម ឯកាទសរ័ត្ន។ កាលនោះដំណឹងថាស្ដេចសៀមមានដំរីសនោះ បានឮទៅដល់ស្ដេចប្រទេសភូមា ទ្រង់ព្រះនាមព្រះចៅហ្វារាំងម៉ុងសូយ ដែលលើកទ័ពមកវាយនគរមន ហើយបានសោយរាជ្យក្នុងក្រុងហង្សាវត្តី។ លុះស្ដេចជ្រាបថានគរសៀមមានដំរីស ៧ ដូច្នេះហើយទ្រង់ក៏ឱ្យធ្វើព្រះរាជសារមកក្រាបទូលសុំដំរីឈ្មោលពីរ ពីស្ដេចសៀម។ ស្ដេចសៀមក៏ទ្រង់ជំនុំនឹងព្រះរាមេសូរមួយ ពញាចក្រីមួយ ព្រះសុន្ធោរសង្គ្រាមមួយ អំពីពាក្យសុំរបស់ស្ដេចភូមានេះ។ អង្គប្រជុំសំរេចថាពុំព្រមថ្វាយដំរីសនោះទៅស្ដេចមនទេ។ សម្ដេចក្រុងហង្សាវតីកាលទ្រង់ព្រះសណ្ដាប់ព្រះរាជសារឆ្លើយតបដូច្នេះហើយទ្រង់ពិរោធណាស់ ទ្រង់ត្រាស់ថាឱ្យលើកពល ៩០០ ០០០ នាក់មកចោមរោមក្រុងស្រីអយុធ្យា។ ស្ដេចសៀមឃើញពល មនច្រើនមិនហ៊ានទទួលច្បាំងក៏សុំទទួលជាព្រះរាជរោមមេត្រីនិងស្ដេចមននោះទៅ។ ក្នុងការទទួលព្រះរាជមេត្រីនេះស្ដេចមនព្រមយក ដំរីស ៤ និង ព្រះរាមេសូរ ជាព្រះរាជបុត្រច្បងមួយ ចៅពញាចក្រីមួយ ព្រះសុន្ធោរសង្គ្រាមមួយ សេះដ៏ល្អៗដំរីដ៏ល្អៗ និងទ្រព្យមានតំលៃជាច្រើន ហើយលើកទ័ពត្រឡប់ទៅហង្សាវតីវិញ។ ក្រោយពីនោះយូរមក សម្ដេចចៅហ្វារាំងម៉ុងសូយសុគតទៅ អស់ពួកមនក៏ក្បត់ដេញកាប់នាម៉ឺនភូមា នាម៉ឺនភូមាទប់មិនឈ្នះក៏រត់ខ្ចាត់ខ្ចាយអស់ទើបពួកមនលើកព្រះរាជវង្សស្ដេចខ្លួនឱ្យឡើងសោយរាជ្យក្នុងនគរហង្សាវតីវិញ។ ស្ដេចមនថ្មីនេះព្រះនាមព្រះចៅចដុកត។ ដំណឹងថា មនបះដេញភូមា ហើយផ្លាស់រាជ្យស្ដេចថ្មីនេះ ដឹងដល់សម្ដេចចៅហ្វារាំងម៉ុងត្រី ដែលមាននាទីជាចៅពញាមហាឧបរាជ សោយរាជ្យនៅមហានគរតនអាងវ៉ារ ស្រុកភូមា ពញាមហាឧបរាជ នេះក៏លើកទ័ពមកច្បាំង និងស្ដេចនគរហង្សាវតី ហើយបានជ័យជំនះលើទ័ពមន។ ស្ដេចមនថ្មីនេះ ក៏រត់ទៅកជាទ័ពក្នុងព្រៃដើម្បីនឹងលើកមកច្បាំងទៀត តែមិនសំរេច ដូច្នេះព្រះអង្គក៏ទ្រង់សុវណ្ណគតក្នុងពេលនោះទៅ។ ព្រះចៅហ្វារាំងម៉ុងត្រី ក៏នៅសោយរាជ្យក្នុង ក្រុងហង្សាវតីនោះ ជាតំណប្រយូរវង្សភូមាតរៀងមកទៀត។ ព្រះចៅហ្វារាំងម៉ុងត្រីអង្គនេះ ព្រះអង្គមានបុញ្ញាធិការណាស់ក្នុងរាជ្យព្រះអង្គនេះមានអណ្ដូងកែវ អណ្ដូងមាស អណ្ដូងប្រាក់ អណ្ដូងប្រេងជាសំរាប់ព្រះអង្គ។ ព្រះអង្គបានវាយនគរទៀតជាចំណុះច្រើន តែដល់មកពេលក្រោយ ព្រះអង្គកើតវិវាទនឹងស្ដេចសៀម ទ្រង់ឱ្យលើកពល ១០០០០០០ នាក់មកចោមរោម ក្រុងស្រីអយុធ្យា។ សម្ដេចចក្រពត្រាធិរាជ ដែលមានដំរីសច្រើននោះ ទ្រង់បរាជ័យ ហើយសុគតក្នុងចំណោមនគរសៀមក៏បែកក្នុងពេលនោះទៅ។ ស្ដេចភូមាបានឱ្យផាត់កៀរគ្រួសារសៀម ហើយរឹបយកទ្រព្យព្រមទាំងចាប់សម្ដេចព្រះ មហិន្ទ្រាធិរាជ ដែលជាព្រះរាជបុត្រទី២ នៃស្ដេចសៀមយកទៅ ហើយទ្រង់អភិសេក ព្រះមហាធម្មរាជាធិរាជ ចៅហ្វាយស្រុកពិស្ណុលោក ដែលជាព្រះសុណិសា (កូនប្រសា) ចៅចក្រពត្រាធិរាជស្ដេចដំរីសជាស្ដេចនគរសៀមនេះ។ ស្ដេចភូមាអង្គនេះបានទុកគ្រួជាងមួយម៉ឺននាក់សំរាប់ស្រុកសៀមឱ្យសៀមទទួលជាចំណុះក្រុងហង្សាវតីហើយទុកពល មួយម៉ឺនឱ្យនៅរក្សាស្រុករួចស្ដេចភូមាផាត់កៀរគ្រួយករូបព្រះគោ និង សត្វចតុប្បាទ ទ្វេបាទ ដែលសៀមបានយកពីកម្ពុជាទៅជាន់មុននោះព្រមទាំងកាំភ្លើង គ្រឿងអាវុធត្រឡប់ទៅក្រុងហង្សាវតីវិញ។ សម្ដេចចៅហង្សាវតីអង្គនេះមាន បុណ្យណាស់ជាធំលើ នគរមនមួយ (ហង្សាវតី) នគរភូមាមួយ (តនអាងវ៉ារ) នគរសៀមមួយ (អយុធ្យា) លាវឆៀងម៉ៃមួយ (លាននា) នគរជៃយ៉ៃមួយ នគរទៀវមួយ នគរឭមួយ នគរអញ្ញាវតីមួយ នគរព្រែកមួយ (ប្រំម៍) នគរវេសាលីមួយ ស្រុកល្វោមួយ (លពបុរី) ស្រុកខាបវាយមួយ។ មិនតែប៉ុណ្ណោះសោត ស្ដេចលង្កាទ្វីបបានសុំចងស្ពានមេត្រីនឹងព្រះអង្គ ហើយថ្វាយបុត្រីមកព្រះអង្គជាព្រះរាជទេពីទៀតផង។ ស្ដេចភូមាអង្គនេះមានបុណ្យណាស់ អាណាប្រជានុរាស្ត្រថ្វាយព្រះនាមថា : សម្ដេចព្រះរាជហង្សាវតី ល្បី ​១០ ទិស (ព្រះរៀមអង្គយោធិននព្វរត្ន)។