ការពិភាក្សា:អាណានិគមបារាំង
ប្រវត្តិសាស្រ្តខ្មែរ
[កែប្រែ]ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៥ អាណាចក្រខ្មែរ ដែលធ្លាប់តែជាមហាអំណាចដ៏ធំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះទន់ខ្សោយឥតឈប់ ហើយដែនដីក៏ចេះតែរួញតូចទៅៗ ដោយសារតែការលេបត្របាក់ពីប្រទេសជិតខាង គឺសៀម នៅខាងលិច និងអាណ្ណាម នៅខាងកើត។ មិនតែប៉ុណ្ណោះ ទឹកដីដែលនៅសេសសល់របស់នគរខ្មែរ ក៏មិនមានឯករាជ្យពេញលេញនោះដែរ ដោយត្រូវសៀម និងអាណ្ណាមផ្លាស់គ្នាគ្រប់គ្រងជានគរចំណុះម្តងម្នាក់ៗ ស្ទើរតែជាប់ជាប្រចាំ។
នៅអំឡុងសតវត្សរ៍ទី១៩ នគរអាណ្ណាម ដែលបានកាត់យកទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោម ពីនគរខ្មែររួចទៅហើយ ដោយថែមទាំងបានត្រួតត្រាស្តេចខ្មែរជានគរចំណុះថែមទៀត ប៉ុន្តែ នៅមិនអស់ចិត្ត ក៏មានគម្រោងចង់យកកាត់យកនគរខ្មែរទាំងមូលយកទៅធ្វើជាទឹកដីខ្លួនឯង។
នៅឆ្នាំ១៨៣៤ អាណ្ណាមបានលើកបន្តុបក្សត្រិយមួយអង្គព្រះនាម អង្គម៉ី ដែលត្រូវជាបុត្រីរបស់ព្រះបាទអង្គចន្ទ ឲ្យឡើងមកគ្រងរាជ្យជាមហាក្សត្រខ្មែរ រួចហើយបានចាត់វិធានការគ្រប់យ៉ាង ដើម្បីព្យាយាមបំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និងរបៀបរបបគ្រប់គ្រងរដ្ឋបាលពីបុរាណរបស់នគរខ្មែរ។ ខេត្តរបស់ខ្មែរ ដែលមាន ៥៦ ត្រូវបានកាត់បន្ថយមកនៅត្រឹម ៣៣ ហើយត្រូវប្តូរឈ្មោះហៅតាមភាសាវៀតណាមវិញ ហើយគ្រប់ចៅហ្វាយខេត្តទាំងអស់នេះ ត្រូវមានជំនាញការវៀតណាមម្នាក់មកត្រួតពីលើ។
ដោយទ្រាំមិនបាននឹងទង្វើនេះ ប្រជារាស្រ្តខ្មែរក៏បាននាំគ្នាងើបឡើងបះបោរ ធ្វើការវាយឆ្មក់ កាប់ស្លាប់ទាហាន និងប្រជាជនអាណ្ណាម ដោយឥតរើសមុខ។ ឆ្លៀតក្នុងឱកាសចលាចលនោះ មន្រ្តីខ្មែរក៏បានឯកភាពគ្នា ទៅសុំអន្តរាគមន៍ពីសៀមឲ្យមកជួយវាយបណ្តេញអាណ្ណាម និងលើកអ្នកអង្គម្ចាស់ អង្គឌួង ដែលមានការស្រឡាញ់ចូលចិត្តពីរាស្រ្ត ឲ្យឡើងសោយរាជ្យ ជំនួសអង្គម៉ី។
ក្រោយពីបានធ្វើសង្រ្គាមនឹងគ្នាអស់ជាច្រើនឆ្នាំ នៅឆ្នាំ១៨៤៥ នគរខ្មែរ សៀម និងអាណ្ណាមបានចរចាគ្នាបញ្ចប់សង្រ្គាម ហើយទាំងសៀម និងទាំងអាណ្ណាមសុទ្ធតែបានទទួលយល់ព្រមឲ្យព្រះបាទអង្គឌួង ឡើងគ្រងរាជ្យជាព្រះមហាក្សត្រខ្មែរ។ ក៏ប៉ុន្តែ នៅពេលនោះ នគរខ្មែរនៅតែស្ថិតក្រោមការត្រួតត្រាពីសំណាក់ស្តេចសៀម និងអាណ្ណាម ហើយសូម្បីតែការធ្វើរាជាភិសេករបស់ព្រះបាទអង្គឌួង នៅឆ្នាំ១៨៤៧ ក៏ត្រូវបានធ្វើឡើង នៅចំពោះមុខតំណាងស្តេចនៃនគរជិតខាងទាំងពីរនេះដែរ។
ដែនដីកូសាំងស៊ីន ដែលត្រូវបាននគរអាណ្ណាមដណ្តើមកាន់កាប់កាលពីមុន នៅតែបន្តស្ថិតក្រោមការកាន់កាប់របស់អាណ្ណាមដដែល ហើយខេត្តទាំង ២១ នៃដែនដីកូសាំងស៊ីននេះត្រូវបានប្តូរឈ្មោះទៅជាភាសាវៀតណាមរហូតមកទល់នឹងសព្វថ្ងៃ។ ចំណែកនៅប៉ែកខាងលិចវិញ ខេត្តមួយចំនួន រួមមាន បាត់ដំបង សៀមរាប មង្គលបុរី ស៊ីសុផុន ដែលត្រូវសៀមដណ្តើមយកទៅកាន់កាប់ពីមុនមកនោះ ក៏បន្តស្ថិតក្រោមការកាន់កាប់របស់សៀមជាបន្តទៀត។ លើសពីនេះទៅទៀត សៀមបានបង្ខំឲ្យព្រះបាទអង្គឌួងចុះកិច្ចព្រមព្រៀងទទួលស្គាល់ការកាត់ខេត្តពីរទៀតឲ្យទៅសៀម គឺខេត្តម្លូព្រៃ និងទន្លេររពៅ។
ក្រោយពីបានឡើងគ្រងរាជ្យ ព្រះបាទអង្គឌួងទ្រង់យល់ច្បាស់ក្នុងចិត្តថា ទាំងនគរសៀម និងនគរអាណ្ណាមសុទ្ធតែនាំគ្នាបន្តចិញ្ចឹមចិត្តចង់លេបត្របាក់យកនគរខ្មែរ ហើយដោយបារម្ភថា នៅក្រោយពេលព្រះអង្គសោយទិវង្គតទៅ នគរខ្មែរអាចនឹងត្រូវសៀម និងអាណ្ណាមពុះចែកគ្នា ព្រះអង្គក៏មានព្រះរាជតម្រិះចង់ស្វះស្វែងរកកិច្ចការពារពីចក្រភពបារាំង។ ចក្រភពបារាំង ដែលក្រោយពីចាញ់សង្រ្គាមទល់នឹងអង់គ្លេស នៅឥណ្ឌា បានចាប់ផ្តើមងាកមកផ្តោតលើការពង្រីកដែនអាណានិគម នៅក្នុងតំបន់ឥណ្ឌូចិន។
នៅឆ្នាំ១៨៥៣ ព្រះបាទអង្គឌួង បានផ្ញើរាជសារមួយច្បាប់ ដោយមានភ្ជាប់ជាមួយនឹងអំណោយយ៉ាងច្រើនផង ទៅកាន់អធិរាជណាប៉ូឡេអុង ទី៣ (ត្រូវជាក្មួយរបស់ណាប៉ូឡេអុង បូណាប៉ាត) ដើម្បីស្នើសុំចងភ្ជាប់សម្ព័ន្ធមិត្តជាមួយចក្រភពបារាំង។
រូបគំនូរបង្ហាញអំពីអធិរាជបារាំង ណាប៉ូឡេអុងទី៣
នៅឆ្នាំ១៨៥៥ បេសកជនបារាំងប្រចាំស្រុកចិន និងស្រុកសៀម ឈ្មោះ ស្ហាល ដឺម៉ុងទីញី (Charles de Montigny) បានទទួលបញ្ជាពីអធិរាជណាប៉ូឡេអុងទី៣ ឲ្យរៀបចំចុះកិច្ចព្រមព្រៀងភ្ជាប់សម្ព័ន្ធមិត្តជាមួយនឹងនគរខ្មែរ តាមសំណើរបស់ព្រះបាទអង្គឌួង។ ក៏ប៉ុន្តែ មុននឹងទៅនគរខ្មែរ ដឺម៉ុងទីញី បានធ្វើដំណើរកាត់តាមនគរសៀម ហើយបានធ្លោយមាត់ប្រាប់សៀម អំពីគម្រោងមកចុះសន្ធិសញ្ញាសម្ព័ន្ធភាពជាមួយនឹងនគរខ្មែរ។ ដឹងអំពីរឿងនេះ ស្តេចសៀមបានចាត់មន្រ្តីម្នាក់ឲ្យក្លែងខ្លួនជាអ្នកដំណើរធម្មតា ហើយចុះកប៉ាល់ជាមួយ ដឺម៉ុងទីញី ដើម្បីឃ្លាំតាមមើលដំណើររបស់ ដឺម៉ុងទីញីផង និងដើម្បីនាំសារមកថ្វាយព្រះរាជាខ្មែរផង ដើម្បីគំរាមកុំឲ្យព្រះអង្គចុះសន្ធិសញ្ញាជាមួយបារាំង។
ពេលធ្វើដំណើរមកដល់ស្រុកខ្មែរ ដឺម៉ុងទីញី បានប្រព្រឹត្តកំហុសឆ្គងមួយទៀត គឺលោកមកស្នាក់នៅត្រឹមខេត្តកំពតប៉ុណ្ណោះ ដោយមិនបានធ្វើដំណើរទៅដល់រាជធានីឧត្តុង្គ ដើម្បីជួបព្រះរាជាខ្មែរដោយផ្ទាល់នោះទេ តែបែរជាចាត់បុព្វជិតកាតូលិកម្នាក់ឲ្យជាតំណាងទៅចូលគាល់ព្រះបាទអង្គឌួងទៅវិញ។
ណាមួយភ័យខ្លាចរងការវាយប្រហារពីសំណាក់នគរសៀម ណាមួយទៀត មើលឃើញ អំពីចរឹកខ្ជីខ្ជារបស់មន្រ្តីបារាំង ដែលមិនគួរឲ្យទុកចិត្តថា បារាំងពិតជានឹងអាចជួយការពារខ្មែរពីការវាយប្រហាររបស់សៀមបាន ព្រះបាទអង្គឌួង ក៏បានបដិសេធមិនចុះសន្ធិសញ្ញាជាមួយបារាំង ហើយលែងស្វះស្វែងរកអន្តរាគមន៍ពីបារាំងតទៅទៀត។
រហូតដល់ឆ្នាំ១៨៥៨ នៅក្រោយពេលឃើញបារាំងបញ្ជូនទ័ពមកវាយលុកលើអាណ្ណាម នៅកូសាំងស៊ីន ទើបព្រះបាទអង្គឌួងចាប់ផ្តើមពិចារណាចង់ទាក់ទងបារាំងម្តងទៀត។ ក៏ប៉ុន្តែ ព្រះអង្គត្រូវធ្លាក់ព្រះកាយប្រឈួន និងសោយទិវង្គត នៅឆ្នាំ១៨៦០ ហើយបុត្រាច្បងរបស់ព្រះអង្គ ឈ្មោះ អង្គវតី ក៏បានឡើងមកស្នងរាជ្យជាព្រះមហាក្សត្រខ្មែរ ដោយយកព្រះនាមថា ព្រះបាទនរោត្តម។
នៅឆ្នាំ១៨៦២ បារាំងបានឈ្នះសង្រ្គាមនៅវៀតណាមខាងត្បូង ដោយដណ្តើមយកទឹកដីកូសាំងស៊ីនមកគ្រប់គ្រងជាអាណាខេត្តរបស់បារាំង។ មួយឆ្នាំក្រោយមកទៀត ទេសាភិបាលបារាំងនៅកូសាំងស៊ីន បានបញ្ជូនតំណាងម្នាក់ ឈ្មោះ ឌូដារ ដឺឡាក្រេ (Doudart de Lagrée) ឲ្យទៅចូលគាល់ព្រះបាទនរោត្តម នៅរាជធានីឧត្តុង្គ។ ក្រោយពីបានឮបន្ទូលរបស់ព្រះបាទនរោត្តមដែលថា ព្រះអង្គមិនចង់នៅរណបសៀម លោកឌូដារ ដឺឡាក្រេ ក៏បានស្នើឲ្យព្រះអង្គដាក់កម្ពុជាឲ្យស្ថិតក្រោមអាណាព្យាបាលបារាំង ដោយសន្យាថា បារាំងនឹងការពារកម្ពុជាឲ្យរួចផុតពីការត្រួតត្រារបស់នគរសៀម និងអាណ្ណាម។ ព្រះបាទនរោត្តមយល់ព្រម ហើយបានក៏បានចុះសន្ធិសញ្ញាទទួលយកអាណាព្យាបាលបារាំង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣។
ក្រោយពីបារាំងបានដាក់អាណាព្យាបាលលើកម្ពុជា នគរសៀមក៏បានបញ្ជូនកេតនភណ្ឌ ដែលរួមមានទាំងព្រះខ័ណ្ឌរាជ្យផងយកមកឲ្យស្តេចខ្មែរវិញ ហើយព្រះបាទនរោត្តមក៏បានទទួលរាជាភិសេកជាផ្លូវការ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤ ដោយបានរើរាជធានីចេញពីឧត្តុង្គ មកតាំងនៅភ្នំពេញ។
នៅអាណ្ណាមឯណោះវិញ បារាំង ដែលបានយកកូសាំងស៊ីនធ្វើជាអាណាខេត្តរបស់ខ្លួនរួចទៅហើយនោះ បានប្រើកម្លាំងទ័ពព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន ទៅកាន់ទឹកដីប៉ែកកណ្តាល និងប៉ែកខាងជើងនគរអាណ្ណាមជាបន្តទៀត។ នៅទីបំផុត នៅឆ្នាំ១៨៨៤ បារាំងបានយកនគរអាណ្ណាមទាំងមូលយកមកដាក់ក្រោមអាណាព្យាបាលបារាំង គឺទាំងភូមិភាគកណ្តាល ដែលគេហៅថា អាណ្ណាម និងភូមិភាគខាងជើងជាប់ព្រំដែនចិន ដែលគេហៅថា តុងកឹង។
នៅឆ្នាំដដែលនោះ គឺនៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៨៤ នៅកម្ពុជា បារាំងបានបង្ខំឲ្យព្រះបាទនរោត្តម ឡាយព្រះហស្តលេខាលើអនុសញ្ញាថ្មីមួយទៀត ដើម្បីប្រគល់រាល់កិច្ចការផ្ទៃក្នុងនគរខ្មែរទាំងអស់ទៅឲ្យបារាំងជាអ្នកគ្រប់គ្រង បន្ថែមពីលើវិស័យការពារជាតិ និងកិច្ចការបរទេស ដែលបានព្រមព្រៀងគ្នា ក្នុងសន្ធិសញ្ញាឆ្នាំ១៨៦៣។ ការបះបោរប្រឆាំងនឹងបារាំងក៏បានចាប់ផ្ទុះឡើង ចាប់ពីចុងឆ្នាំ១៨៨៤ រហូតដល់ដើមឆ្នាំ១៨៨៧។
ក្រោយពីមានការបះបោរនេះ បារាំងក៏បានប្រគល់អំណាចខ្លះៗទៅឲ្យព្រះរាជាខ្មែរវិញ ព្រមទាំងបានចាត់ចែងឲ្យមានគណៈរដ្ឋមន្រ្តី ព្រមទាំងរដ្ឋបាលសាធារណៈខ្មែរឡើង ក៏ប៉ុន្តែ រ៉េស៊ីដង់ជាន់ខ្ពស់បារាំង (Résident supérieur) ព្រមទាំងរ៉េស៊ីដង់បារាំង នៅតាមខេត្តចំនួន ៤ គឺ កំពត កំពង់ធំ ក្រចេះ និងពោធិសាត់ នៅតែមានអំណាចច្រើន ក្នុងកិច្ចការរដ្ឋបាលរបស់ខ្មែរ៕
==ប្រវត្តិសាស្រ្ត==ចក្រភពជប៉ុន៖ មហាអំណាចអាណានិគមអាស៊ីតែមួយគត់នៅដើមសតវត្សរ៍ទី២០
នៅចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ មហាអំណាចអាណានិគម ដែលត្រួតត្រាពិភពលោកស្ទើរតែទាំងមូល សុទ្ធសឹងតែជាបណ្តាប្រទេសមកពីលោកខាងលិច លើកលែងតែប្រទេសមួយ ដែលមកពីអាស៊ី គឺជប៉ុន។
ជប៉ុន គឺជាប្រជាជាតិដ៏ចំណាស់មួយ ដែលចំណាយពេលរាប់សតវត្សរ៍ រស់នៅជាប្រទេសឯកោ មិនទទួលរាប់រកបរទេសណាទាំងអស់ ជាពិសេស គឺពួកលោកខាងលិច។ ក៏ប៉ុន្តែ នយោបាយឯកោនិយមនេះត្រូវបានបិទបញ្ចប់ នៅពាក់កណ្តាលសតវត្សរ៍ទី១៩។
អ្វីៗបានចាប់ផ្តើមឡើង នៅឆ្នាំ១៨៥៣ នៅពេលដែលកងទ័ពជើងទឹកអាមេរិក ដឹកនាំដោយឧត្តមនាវី ឈ្មោះ Mathew Perry ជាមួយនឹងកប៉ាល់ចម្បាំងដ៏ទំនើបៗចំនួន ៤គ្រឿង បានធ្វើដំណើរចូលមកដល់ទីក្រុងតូក្យូ ហើយបង្ខំឲ្យរដ្ឋាភិបាលជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបើកកំពង់ផែជប៉ុន សម្រាប់ការធ្វើជំនួញ។ គឺជាកិច្ចព្រមព្រៀងមួយ ដែលមិនមានតុល្យភាព ក៏ប៉ុន្តែ ជប៉ុនត្រូវបង្ខំចិត្តទទួលយក ដោយសារតែខ្លាចកម្លាំងទ័ពអាមេរិក។
វត្តមានកងទ័ពជើងទឹកអាមេរិកបានដាស់ស្មារតីមេដឹកនាំជប៉ុនឲ្យមើលឃើញពីភាពទន់ខ្សោយនៃបច្ចេកវិទ្យា និងកម្លាំងទ័ពរបស់ខ្លួន ធៀបនឹងសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ហើយធ្វើជប៉ុនដឹងខ្លួនយ៉ាងច្បាស់ថា ប្រសិនបើជប៉ុននៅឈរឱបដៃមិនធ្វើអ្វីសោះ ជប៉ុននឹងត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ប្រទេសលោកខាងលិចដោយចៀសមិនរួច។
ប្រឈមមុខនឹងការគំរាមកំហែងពីមហាអំណាចលោកខាងលិច មានឥស្សរជនជប៉ុនមួយក្រុមយល់ថា ជប៉ុនគួរតែរឹតបន្តឹងនយោបាយឯកោនិយមបន្ថែមទៀត ដើម្បីទប់ស្កាត់ឥទ្ធិពលលោកខាងលិច។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ មានឥស្សរជនមួយក្រុមទៀត ដែលស្និទ្ធនឹងអធិរាជជប៉ុន បានដុះគំនិតប្រកបដោយចក្ខុវិស័យវែងឆ្ងាយមួយថា ដើម្បីទប់ទល់នឹងមហាអំណាចលោកខាងលិច ជប៉ុនត្រូវតែរៀនសូត្រតាមលោកខាងលិច ក្នុងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម និងកងទ័ពរបស់ខ្លួន។
នៅឆ្នាំ១៨៦៨ ព្រះអង្គម្ចាស់វ័យក្មេងមួយអង្គ ឈ្មោះ មូតស៊ូហ៊ីតូ (Mutsuhito) បានឡើងមកគ្រងរាជ្យជាអធិរាជជប៉ុន ដោយយកព្រះនាមថា “អធិរាជម៉ីជី” (Meiji)។ ក្រោយពីបានឡើងគ្រងរាជ្យ អធិរាជ្យម៉ីជី បានប្រមូលអំណាចរដ្ឋទាំងអស់យកមកកាន់កាប់ ហើយបានប្រកាសបើកទំព័រសករាជថ្មីមួយនៅជប៉ុន ដែលគេឲ្យឈ្មោះថា “សករាជម៉ីជី”។
នៅក្រោមការដឹកនាំរបស់អធិរាជម៉ីជី ជប៉ុនបានចាប់ផ្តើមបើកទ្វារទទួលអ្នកប្រាជ្ញបរទេសមកពីគ្រប់ទិសទី ជាពិសេស មកពីប្រទេសលោកខាងលិច។ រចនាសម្ព័ន្ធតាមបែបសក្តិភូមិត្រូវលុបបំបាត់ចោល ហើយការអប់រំត្រូវបានបើកចំហយ៉ាងទូលំទូលាយ។ វិស័យឧស្សាហកម្មត្រូវបានផ្លាស់ប្តូរ ពីការផលិតសម្លៀកបំពាក់ និងទំនិញធុនស្រាល ទៅជាការផលិតគ្រឿងម៉ាស៊ីន និងគ្រឿងសព្វាវុធធុនធ្ងន់។ កងទ័ពសាមូរ៉ៃរបស់ជប៉ុន ក៏ត្រូវបានកែប្រែឲ្យទៅជាកងទ័ពទំនើប ដែលមានឯកសណ្ឋាន គ្រឿងសព្វាវុធ និងយុទ្ធសាស្រ្តទ័ពតាមបែបលោកខាងលិច។ ចំណែកវិស័យនយោបាយវិញ ក៏ត្រូវបានជប៉ុនរៀបចំធ្វើកំណែទម្រង់ស៊ីជម្រៅផងដែរ ដោយនៅឆ្នាំ១៨៨៩ អធិរាជម៉ីជី បានប្រកាសឲ្យប្រើនូវរដ្ឋធម្មនុញ្ញថ្មីមួយ ដែលចែងពីការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយយកគំរូតាមមហាអំណាចលោកខាងលិចមួយចំនួន ជាពិសេស អង់គ្លេស និងអាល្លឺម៉ង់។
កំណែទម្រង់ នៅក្នុងសម័យកាលអធិរាជម៉ីជី បានធ្វើឲ្យជប៉ុនប្រែក្លាយខ្លួនពីប្រទេសឯកោ និងទន់ខ្សោយ ទៅជាប្រទេសដែលមានកងទ័ព និងឧស្សាហកម្មជឿនលឿន ដើរទាន់ប្រទេសលោកខាងលិច ក្នុងរយៈពេលតែប្រមាណជា ២០ឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រៅពីផ្នែកឧស្សាហកម្ម និងកងទ័ព មានមេរៀនមួយទៀត ដែលជប៉ុនបានរៀនសូត្រពីប្រទេសលោកខាងលិចដែរ គឺនយោបាយឈ្លានពានដាក់អាណានិគមទៅលើប្រទេសដទៃ។
នៅឆ្នាំ១៨៩៤ ជប៉ុនបានប្រកាសសង្រ្គាមជាមួយចិន ដើម្បីដណ្តើមកាន់កាប់កូរ៉េ ដែលកន្លងមកធ្លាប់តែស្ថិតក្រោមឥទ្ធិពលរបស់អធិរាជចិន។ ក្រោយពីការវាយប្រយុទ្ធគ្នាអស់រយៈពេលជាង ៨ខែ កងទ័ពជប៉ុនបានបណ្តេញកងទ័ពចិនចេញពីកូរ៉េ ហើយថែមទាំងបានឈ្លានពានចូលកាន់កាប់កោះតៃវ៉ាន់ ព្រមទាំងដែនដីមួយផ្នែកនៃតំបន់ម៉ាន់ជូរីរបស់ចិនទៀតផង។
នេះ គឺជាចំណុចចាប់ផ្តើមនៃនយោបាយអាណានិគមនិយមរបស់ជប៉ុន។ ក៏ប៉ុន្តែ នៅក្នុងការឈ្លានពានវាតទីពង្រីកទឹកដីនេះ ជប៉ុនត្រូវប្រឈមមុខនឹងមហាអំណាចមួយទៀត ដែលនៅពេលនោះ កំពុងតែព្យាយាមវាតទីចូលកាន់កាប់កូរ៉េ និងតំបន់ម៉ាន់ជូរីដែរ នោះគឺចក្រភពរុស្ស៊ី។
នៅខែឧសភា ឆ្នាំ១៨៩៥ មួយខែក្រោយពីជប៉ុនទើបនឹងបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមជាមួយចិន រុស្ស៊ី ដែលមានការគាំទ្រពីសំណាក់បារាំង និងអាល្លឺម៉ង់ បានរួមគ្នាដាក់សម្ពាធ បង្ខំឲ្យជប៉ុនដកខ្លួនថយចេញពីតំបន់ម៉ាន់ជូរី ដែលជប៉ុនទើបនឹងបានកាត់យកពីចិន។ ជប៉ុន ដែលមើលឃើញថា ខ្លួនមិនមានកម្លាំងទ័ពអាចទប់ទល់នឹងមហាអំណាចអឺរ៉ុបទាំង៣នេះបាន ក៏បង្ខំចិត្តដកខ្លួនថយចេញពីម៉ាន់ជូរី ទៅតាមការទាមទារនេះ ហើយក្រោយពីការដកថយរបស់ជប៉ុន រុស្ស៊ីក៏ស្រាប់តែបានចូលទៅកាន់កាប់តំបន់ម៉ាន់ជូរីនេះភ្លាមៗដែរ ដែលជាហេតុធ្វើឲ្យជប៉ុនផ្ទុះកំហឹងយ៉ាងខ្លាំង ក៏ប៉ុន្តែ មិនហ៊ានធ្វើអ្វីរុស្ស៊ី ដោយសារតែជប៉ុនយល់ថា ខ្លួននៅមានកម្លាំងទ័ពខ្សោយជាងរុស្ស៊ី។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត ជប៉ុនបានផ្តោតអាទិភាពទៅលើការពង្រឹងកម្លាំងទ័ពរបស់ខ្លួន ហើយក្នុងពេលជាមួយគ្នា ជប៉ុនបានព្យាយាមចរចាជាមួយរុស្ស៊ី ដើម្បីធ្វើការបែងចែកដែនឥទ្ធិពលគ្នា ពោលគឺ ជប៉ុនទុកឲ្យរុស្ស៊ីត្រួតត្រាតំបន់ម៉ាន់ជូរី ជាថ្នូរមកវិញ រុស្ស៊ីត្រូវទុកឧបទ្វីបកូរ៉េឲ្យជប៉ុនជាអ្នកត្រួតត្រា។ ក៏ប៉ុន្តែ រុស្ស៊ីមិនព្រម ដោយចង់ត្រួតត្រាទាំងតំបន់ម៉ាន់ជូរី និងទាំងឧបទ្វីបកូរ៉េ។
នៅឆ្នាំ១៩០២ ជប៉ុនក៏បានចងសម្រេចចងសម្ព័ន្ធភាពជាមួយអង់គ្លេស។ យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ប្រសិនបើប្រទេសណាហ៊ានចូលមកជួយរុស្ស៊ី ក្នុងករណីមានសង្រ្គាមជាមួយជប៉ុន អង់គ្លេសក៏នឹងចូលមកជួយខាងជប៉ុនវិញដែរ។ ដូច្នេះ ជប៉ុនអាចប្រឈមមុខជាមួយនឹងរុស្ស៊ីមួយទល់នឹងមួយ ដោយមិនបារម្ភខ្លាចបារាំង និងអាល្លឺម៉ង់លូកដៃចូលធ្វើអន្តរាគមន៍។
នៅខែកុម្ភៈឆ្នាំ១៩០៤ ជប៉ុនបានប្រកាសសង្រ្គាមជាមួយនឹងរុស្ស៊ី ហើយកងទ័ពជើងទឹកជប៉ុនក៏បានបើកការវាយប្រហារទៅលើទីតាំងទ័ពជើងទឹករុស្ស៊ី ដែលកំពុងឈរជើង នៅក្នុងតំបន់ម៉ាន់ជូរី។ ក្រោយពីវាយប្រយុទ្ធគ្នាអស់រយៈពេលជាង ១៨ខែ (ពីថ្ងៃទី៨ កុម្ភៈ ១៩០៤ ដល់ថ្ងៃទី៥ កញ្ញា ១៩០៥) កងទ័ពរុស្ស៊ីត្រូវទទួលបរាជ័យ ហើយស្នើសុំចរចាបញ្ចប់សង្រ្គាម ក្រោមកិច្ចសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក គឺលោក Theodore Roosevelt។ ការសម្របសម្រួលបញ្ចប់សង្រ្គាមរុស្ស៊ី-ជប៉ុន ដែលបានធ្វើឲ្យលោកប្រធានាធិបតី Theodore Roosevelt ទទួលរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ១៩០៦។
នៅក្នុងសន្ធិសញ្ញាបញ្ចប់សង្រ្គាមរុស្ស៊ី-ជប៉ុននេះ រុស្ស៊ី ដែលជាអ្នកចាញ់សង្រ្គាមបានព្រមព្រៀងដកខ្លួនថយចេញពីតំបន់ម៉ាន់ជូរី ព្រមទាំងទទួលស្គាល់ឧបទ្វីបកូរ៉េថាជាដែនឥទ្ធិពលផ្តាច់មុខរបស់ជប៉ុន។ លើសពីនេះទៅទៀត កោះសាខាលីន (Sakhalin) ដែលជាដែនដីរបស់រុស្ស៊ី ក៏ត្រូវបានជប៉ុនកាត់យកមួយផ្នែកខាងត្បូងទៅកាន់កាប់ផងដែរ។
សង្រ្គាមរុស្ស៊ី-ជប៉ុន ត្រូវបានគេចាត់ទុកថាជាសង្រ្គាមសម័យទំនើបលើកដំបូងបង្អស់ ដែលមហាអំណាចអាស៊ី យកឈ្នះលើមហាអំណាចអឺរ៉ុប។ ជោគជ័យក្នុងសង្រ្គាមជាមួយរុស្ស៊ីបានលើកមុខលើកមាត់ជប៉ុន ឲ្យក្លាយទៅជាមហាអំណាចដ៏ធំមួយ ក្នុងចំណោមមហាអំណាចលោកខាងលិចផ្សេងទៀត ក៏ប៉ុន្តែ ជោគជ័យនេះក៏ជាការលើកទឹកចិត្តផងដែរ ឲ្យជប៉ុនបង្កើននយោបាយវាតទីពង្រីកអាណានិគម នៅក្នុងតំបន់អាស៊ី។
ក្រោយពីបានដាក់អាណាព្យាបាលលើកូរ៉េ នៅឆ្នាំ១៩០៥ ជប៉ុនបានកាត់យកប្រទេសកូរ៉េទាំងមូលមកបញ្ចូលជាដែនដីរបស់ជប៉ុន នៅឆ្នាំ១៩១០ ហើយ ៤ឆ្នាំក្រោយមកទៀត ជប៉ុនបានប្រឡូកចូលក្នុងសង្រ្គាមលោកលើកទី១ ដោយឈរនៅខាងក្រុមបក្សសម្ព័ន្ធបារាំង-អង់គ្លេស-រុស្ស៊ី ប្រយុទ្ធតទល់នឹងសម្ព័ន្ធមិត្តអាល្លឺម៉ង់-អូទ្រីសហុងគ្រី-អ៊ីតាលី៕