ការសាក់លើខ្លួនប្រាណនៃជនជាតិខ្មែរ
នៅ ចុងសម័យថ្មរំលីងនិងដើមសម័យលោហធាតុ (២៥០០-៥០០ ឆ្នាំមុនគ.ស) គឺជាសម័យកាលមួយដែលបុព្វការីជនខ្មែររស់នៅជាកុលសម្ព័ន្ធកសិករនៅឡើយ បាននិយមការសាក់លើខ្លួនប្រាណរួចទៅហើយ ។ ជាមួយគ្នានេះដែរ ពួកគេក៏ចេះស្លលោហធាតុសម្រាប់ធ្វើឧបករណ៍ ប្រើប្រាស់ក្នុងសង្គម និងបានទទួលនូវការលូតលាស់ខាងវប្បធម៌គ្រប់វិស័យទៅហើយ ។ ប៉ុន្តែគេត្រូវរង់ចាំដល់ស.វទី ៣-២មុនគ.ស ទើបមានការកត់ត្រាដោយជនជាតិចិនអំពីការសាក់ ការស៊ីម្លូស្លា ការប្រើធ្នូរបស់បុព្វការីជនខ្មែរដែលនាជំនាន់នោះនៅស្លៀកប៉ឹង និងលែងខ្លួននៅឡើយ ។
សូមបញ្ជាក់ថា នៅទីនេះជនជាតិនៃភូមិភាគខាងត្បូងសម្រាប់ចិន គឺសំដៅទៅលើកុលសម្ព័ន្ធនានាដែលក្នុងនោះរួមមានកុល-សម្ព័ន្ធមន-ខ្មែរ ហើយពួកគេក៏នៅតែមានវត្តមានរហូតមកដល់បច្ចុប្បន្នភាពនេះដែរ ។
ដូចនេះ ការលើកយកមកបង្ហាញខាងលើនេះដែលផ្អែកតាមឯកសារចិនជាលាយលក្ខណ៍អក្សរ គឺជាភ័ស្តុតាងស្តីពីការសាក់ខ្លួនរបស់ដូនតាខ្មែរដែលជាខ្មែរដើម យ៉ាងប្រាកដដោយឥតប្រកែកបាន ។ កាលពីឆ្នាំ ១៩៦៨ យើងបានរកឃើញនូវរូបចម្លាក់មនុស្សស្រីមួយនៅក្នុងបរិវេណនៃភ្នំល្អាង ស្ពាននៅខេត្តកំពត ហើយថ្មីៗនេះបានរកឃើញសត្វគោមួយចំនួននៅភូមិស្នាយ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ពាក់ព័ន្ធទៅនឹងប្រពៃណីសាក់ខ្លួនដ៏គួរឱ្យចាប់អារម្មណ៍បំផុត ។
បុរាណវត្ថុទាំងនោះដែលមានស្នាមរង្វង់នៅជុំវិញយោនីមនុស្ស ឬក៏នៅលើដងខ្លួនសត្វ ជាពិសេសសត្វគោពុំមែនឥតមានហេតុ-ផលនោះឡើយ ។ ពិតណាស់ស្លាកស្នាមទាំងនោះ គឺជានិមិត្តសញ្ញាប្រកបដោយអត្ថន័យច្បាស់លាស់ និងជាក់លាក់របស់វា ។ លើស ពីនេះទៅទៀត គឺជាភស្តុតាងមួយបង្ហាញនូវចំណាស់នៃការនិយមសាក់តាំងពីសម័យបុរាណកាល ដ៏យូរលង់ណាស់មកហើយរបស់ជនជាតិខ្មែរ ។
សូមបញ្ជាក់ថា រូបស្ត្រីដែលប្រហែលជាតំណាងឱ្យម្តាយដើមនោះ មានអាយុយ៉ាងតិចណាស់ក៏រវាង ២៥០០ ឆ្នាំមុនគ.សដែរ រីឯដងខ្លួនសត្វគោវិញនោះមានអាយុត្រឹមតែស.វទី ៥ ដល់ស.វទី ៣ មុនគ.សតែប៉ុណ្ណោះ ។ ស្ថានីយទាំងពីរនេះមានអាយុកាលខុសគ្នាដោយហេតុថា ស្រទាប់ ដីវប្បធម៌នៅភ្នំល្អាងស្ពានមានអាយុប្រមាណជា ៤២៩០ ឆ្នាំមុនគ.ស រីឯស្ថានីយភូមិស្នាយនៅបន្ទាយមានជ័យមានអាយុតិចជាង ។
សូមជម្រាបថា ការសាក់នេះពុំមែនគ្រាន់តែជាសញ្ញាសម្រាប់ទាក់ទាញនូវឥទ្ធិពល ធម្មជាតិ ឬព្រលឹងនៃបុព្វការីជនដែលបានចែកឋានទៅ ហើយឬក៏សម្រាប់អ្នកចម្បាំង ក្នុងគោលបំណងសុំការបីបាច់ថែរក្សាខ្លួនប្រាណតែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជាកត្តាមួយបង្ហាញនូវអំណាចបារមីមហិទ្ធិ រិទ្ធិឬឋានៈ ឬភាពអង់អាចក្លាហានអស្ចារ្យរបស់អ្នកដែលមានសាក់នៅលើខ្លួនផងដែរ ហើយភាពល្បីល្បាញនៃសាក់ គឺបណ្តាលមកពីភាពស័ក្តិសិទ្ធិនៃសញ្ញាទាំងនោះដែលគេចាត់ទុកថា ជាសញ្ញាបង្កប់នូវថាមពលពិសិដ្ឋអមតៈដែលបុព្វបុរសបានផ្តល់ជូនកូនចៅ ។
សូមរំលឹកឡើងវិញផងដែរថា រហូតមកដល់សព្វថ្ងៃនេះ កុលសម្ព័ន្ធខ្មែរលើ ឬខ្មែរដើមដែលរស់នៅតាមព្រៃភ្នំ ឬខ្ពង់រាបមួយចំនួន នៅតែពេញនិយមប្រពៃណីសាក់របស់ពួកគេដែរ ដែលជាភស្តុតាងបង្ហាញនូវភាពចាស់ជរានៃវប្បធម៌សាក់នេះ ។
ជារួមគេអាចនិយាយបានថា ប្រពៃណីសាក់ខ្លួនខាងលើនេះ ដែលដើមឡើយជាសិល្បៈចម្បាំងផងដែរនោះ គឺជាការបង្ហាញបញ្ជាក់ ឬការសម្គាល់នូវអត្តសញ្ញាណនៃពួកកុលសម្ព័ន្ធខ្មែរលើទាំងនោះ ដែលរស់ជាក្រុមៗក្នុងសហគមន៍តូចធំទាំងឡាយ ។ មានន័យថាសញ្ញាពិសិដ្ឋទាំងនោះ គឺជាលក្ខណៈវិនិច្ឆ័យនៃអត្តចរិត ឬលក្ខណៈសម្បត្តិផ្ទាល់របស់ក្រុមនីមួយៗ ។
សរុបមក ការប្រសូតឡើងតាំងតែពីសម័យបុរេប្រវត្តិសាស្ត្រនៃប្រពៃណីសាក់នេះ គឺជាមរតកវប្បធម៌អរូបីត្រូវបានបន្តរហូត ដល់សព្វថ្ងៃនេះ ហើយកំពុងតែពេញនិយមដោយជនជាតិខ្មែរ និងខ្មែរលើ ។ រីឯការឆ្លាក់ព្រះគាថាជាអក្សរមូល ឬបាលី ឬក៏ការគូរយន្ត្រ លើខ្លួនប្រាណបែបព្រាហ្មណ៍ និងពុទ្ធនិយមវិញ គឺជាសមិទ្ធផលនាជំនាន់ក្រោយតែប៉ុណ្ណោះ (ម.ត្រាណេ) ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.