កិត្តិមុខ
និយមន័យ កិត្តិមុខ
[កែប្រែ]កិត្តិមុខ(Kirtimukha) មកពីពាក្យ កិត្តិ + មុខ ប្រែថាមុខដ៏មានកិត្តិសព្ទ មុខដ៏មានកិត្តិនាម។
ភិនភាគ កិត្តិមុខ
[កែប្រែ]កិត្តិមុខ ជាភាវៈនៅសល់តែមុខ ពេលខ្លះសិល្បករបានឆ្លាក់បន្ថែមដៃ ដែលដៃទាំងគូរនោះកាន់កន្ទុយខ្លួនឯងលេបចូលទៅក្នុងមាត់។
ក្នុងសិល្បៈលើពិភពលោកជាពិសេសនៅប្រទេសឥណ្ឌា នេប៉ាល់ ទីបី ចិន ថៃ ឡាវ កម្ពុជា យើងឃើញមានការភាន់ច្រឡំរវាងភាវៈជាច្រើនដូចជា កិត្តិមុខ ម្ករ(មករ) រាហូ អសុរៈ(យក្សា) សត្វតោ សត្វគ្រុឌ ដោយសារតែសិល្បៈករបានឆ្លាក់រូបរាងរបស់ភាវៈទាំងនោះស្រដៀងគ្នាដែលធ្វើឲ្យមនុស្សទូទៅ ដែលមិនបានស្គាល់ពីដើមកំណើតនៃភាវៈនិមួយៗ និង ឈុតឆាកសាច់រឿងនិមួយៗមានការភាន់ច្រឡំ។ ហេតុដូចនេះ ដើម្បីកុំឲ្យបងប្អូនមានការភាន់ច្រឡំ ខ្ញុំនឹងបកស្រាយវែកញែកភាវៈទាំងនេះ នៅក្នុងអត្ថបទ (កិត្តិមុខ)នេះ ព្រមទាំងស្រាយចម្ងល់ហេតុអ្វីនាគខ្មែរមានតែក្បាល ត្រូវសត្វមករលេប។
ប្រវត្តិ កិត្តិមុខ
[កែប្រែ]មុននឹងធ្វើការបកស្រាយប្រវត្តិកិត្តិមុខនេះ ខ្ញុំចង់រំលឹកប្រាប់បងប្អូនថា អស់រយៈកាលជាច្រើនសតវត្សមកនេះ មានអ្នកនិពន្ធជាច្រើនបានយកសាច់រឿងដើម កែប្រែនឹងសរសេរឡើងវិញដែលធ្វើឲ្យនៅពេលដែលយើងចង់ដឹងរឿងមួយ គឺយើងឃើញមានការបកស្រាយខុសៗគ្នាទៅតាមសម័យកាលនិងអ្នកនិពន្ធ ហេតុដូចនេះសាច់រឿងដែលនឹងលើកយកមកនិយាយនេះ គ្រាន់តែជារឿងមួយក្នុងចំណោមរឿងទាំងឡាយដែលមានវត្តមាននៅលើលោកនេះ។
ក្នុងតំណាលពីគម្ពីរ(Shiva Purana សិវៈភូរ៉ាណា) ថ្ងៃមួយព្រះឥន្ទ និង ព្រះព្រហស្បត្តិ៍បានធ្វើដំណើរទៅភ្នំកៃឡាសដើម្បីទៅជួបព្រះសិវៈ នៅពាក់កណ្តាលផ្លូវ ព្រះសិវៈបានក្រឡាខ្លួនជាឥសីម្នាក់មករារាំងផ្លូវដើម្បីសាកល្បងចំណេះដឹងរបស់ព្រះឥន្ទ និងព្រះព្រហស្បត្តិ៍។ ព្រះឥន្ទបានឲ្យឥសីនោះចេញពីផ្លូវ តែឥសីពុំព្រមចេញ ព្រះឥន្ទក៏គំរាមឥសីដោយកាំរន្ទះរបស់ខ្លួន ពេលនោះឥសីដែលជាព្រះសិវៈនោះក៏បានធ្វើឲ្យដៃព្រះឥន្ទទន់ ដោយទង្វើនេះធ្វើឲ្យព្រះសិវៈខ្ញាល់ភ្នែកឡើងក្រហម បម្រុងនឹងបើកភ្នែកទី៣ ដែលជាអគ្គីនេត្រដើម្បីសម្លាប់ព្រះឥន្ទ ពេលនោះទើបព្រះព្រហស្បត្តិ៍ស្គាល់ថា ឥសីម្នាក់នោះគឺជាព្រះសិវៈក្រឡាខ្លួនហើយសូមអង្វរឲ្យលើកលែងជីវិតដល់ព្រះឥន្ទ ពេលនោះព្រះសិវៈក៏បើកអគ្គីនេត្រទៅប៉ះនឹងមហាសាគរកើតជាក្មេងប្រុសម្នាក់ ហើយទទួលបានការបីបាច់ថែរក្សាពីព្រះព្រហ្ម ក្មេងនោះធំឡើងនឹងក្លាយទៅជាស្តេចអសុរពុំមាននរណាសម្លាប់បានឡើយ មានតែព្រះសិវៈមួយអង្គគត់ ហើយនៅពេលដែលក្មេងនោះស្លាប់ វិញ្ញាណគេនឹងរត់ទៅក្នុងកែវភ្នែកទី៣របស់ព្រះសិវៈវិញ។
កុមារនោះឈ្មោះថាចាឡានដារ៉ា ដែលបានរៀនវិជ្ជាពីសម្តេចព្រះគ្រូសុក្រាចារ្យ ហើយបានលើកឲ្យក្លាយជាស្តេចនៃពពួកអសុរទាំងឡាយពិតមែន។ ចាឡានដារ៉ាបានដឹងដំណឹងពីសាច់រឿងព្រះវិស្ណុកាត់ក្បាលរាហូ និង ដឹងថាពួកទេវតាបានយកវត្ថុមានតម្លៃពីខាងអសុរក៏ទៅទាមទារមកវិញ ព្រះឥន្ទពុំព្រមប្រគល់អោយក៏កើតជាសង្គ្រាមរវាងទេវនិងអសុរ ហើយត្រូវអសុរទទួលបានជោគជ័យ។ ថ្ងៃមួយមានឥសីម្នាក់បានមកប្រាប់ចាឡានដារ៉ាថានៅភ្នំកៃឡាស មហេសីរបស់ព្រះសិវ ព្រះនាងបវតីស្អាតដូចទេពអប្សរគ្មាននារីណាផ្ទឹម ពេលនោះចាឡានដារ៉ាបានឲ្យរាជទូតរបស់ខ្លួនគឺរាហូដើម្បីទៅសុំព្រះនាងបវតីពីព្រះសិវ ពេលនោះហើយដែលព្រះសិវខ្ញាល់បើកអគ្គីនេត្របង្កើតបានជាភាវៈមួយដែលធំជាងមុន ខ្លាំងជាងមុនទៀតគឺ (កិត្តិមុខ) នេះឯង រៀបនឹងសម្លាប់រាហូចោល។ រាហូក៏សូមអង្វរព្រះសិវៈអោយលើកលែងជីវិត ចុងក្រោយព្រះសិវក៏លើកលែងជីវិតឲ្យ បែរទៅកិត្តិមុខសួរទៅព្រះសិវៈថាខ្ញុំឃ្លានណាស់តើត្រូវធ្វើដូចម្តេច បើមិនអោយខ្ញុំស៊ីរាហូទេ ព្រះសិវកមានបន្ទូលថា ចុះឯងម្តេចមិនឆីខ្លួនឯងទៅ ពេលនោះ កិត្តិមុខក៏បានស៊ីខ្លួនឯងពីកន្ទុយរហូតនៅសល់តែក្បាល ទើបព្រះសិវប្រាប់ថាឈប់ ដោយសារឯងជាភាវៈស្មោះត្រង់ យើងប្រសិទ្ធនាមឯងថា (កិត្តិមុខ) ហើយមុខឯងនឹងត្រូវយកទៅឆ្លាក់នៅចំកណ្តាលខ្លោងទ្វារទាំងឡាយរបស់ប្រាសាទដែលឧទ្ទិសអោយយើង។ នេះជាដើមកំណើតនៃកិត្តិមុខដែលជាភាវនៅសល់តែមុខ(ក្បាល) ពេលខ្លះមានដៃមួយគូរចាប់ស៊ីកន្ទុយខ្លួនឯង ចំនែកចាឡានដារ៉ាត្រូវព្រះសិវសម្លាប់ក្នុងសង្គ្រាមហើយវិញ្ញាណបានត្រឡប់ចូលទៅក្នុងភ្នែកទី៣របស់ព្រះសិវវិញទៅ។
ការភាន់ច្រឡំរវាងភាវទាំងឡាយជាមួយ កិត្តិមុខ
[កែប្រែ]
កិត្តិមុខ នៅចំកណ្តាលខ្លោងទ្វារទាំងឡាយរបស់ប្រាសាទដែលឧទ្ទិសអោយព្រះសិវ កិត្តិមុខលេបកន្ទុយខ្លួនឯង។ រាហូ ដើមឡើយជាសម្តេចព្រះគ្រូសុក្រាចារ្យ ត្រូវព្រះវិស្ណុកាត់ក្បាល ក្បាលទៅជារាហូ ខ្លួនទៅជាកេតុ ហើយមិនលេបកន្ទុយទេ គឺលេបព្រះចន្ទនិងព្រះអាទិត្យ។ តោ ឬ នរសឹង្ហ មិនមានលេបកន្ទុយ ឬ ព្រះចន្ទឡើយ។ មករ គឺលេបនាគ មិនមែនលេបកន្ទុយទេ ប្រសិនបើលេបកន្ទុយគឺកិត្តិមុខ។ គ្រុឌ គឺលេបនាគ ដូចគ្នា។ ភាវទាំងអស់នេះ សិល្បៈឆ្លាក់មុខដូចៗគ្នាដែលធ្វើឲ្យមានការភាន់ច្រឡំ។
ការវិវត្តន៍ពីកិត្តិមុខទៅជាសត្វគ្រុឌ
[កែប្រែ]តាមការស្រាវជ្រាវទាំងឡាយ អាចឲ្យយើងបែងចែកភាវៈទាំងឡាយបានយ៉ាងងាយ
កិត្តិមុខឆ្លាក់នៅចំកណ្តាលខ្លោងទ្វារ ពីសត្វវត្សទី១ ដល់សតវត្សទី៣គឺឃើញលេបកន្ទុយខ្លួនឯង សតវត្សទី៥ ដល់ ៨មានលម្អទៅដោយកម្រងផ្កា សតវត្សទី៩ដល់ទី១៣ កម្រងផ្កានោះប្រែក្លាយទៅជាសត្វនាគ ប្រៀបដូចជាកិត្តិមុខលេបនាគ ឬ យើងច្រឡំថាម្ករលេបនាគ។
ចំពោះសត្វមករវិញ គឺគេឆ្លាក់នៅចុងសងខាងផ្តែដែលមានរូបរាង ប្រមោយដំរី ជើង២ កន្ទុយត្រីដែលរមូលខ្មាញ់ដូចទឹកដូចគ្នាដែលនៅដើមសតវត្ស កិត្តិមុខ និង សត្វម្ករបានហាមាត់បាញ់កម្រងផ្កាឲ្យគ្នាទៅវិញទៅមក យើងនឹងបកស្រាយអត្ថន័យនេះនៅវគ្គបន្ទាប់។ ហើយសតវត្សក្រោយៗមក កំរងផ្កានោះក៏វិវត្តន៍ទៅជាសត្វនាគ ដែលមានកិត្តិមុខលេបនាគ និង ម្ករលេបនាគ។ ចាប់តាំងពីសតវត្សទី៩ ទី១០ យើងឃើញមានការវិវត្តន៍នៃសិល្បៈដែលកិត្តិមុខ ចាប់ផ្តើមមានស្លាប និង ចំពុះ ហើយក្រោយមកក៏វិវត្តន៍ទៅជាសត្វគ្រុឌទាំងស្រុង ដែលរចនាប័ទ្មក្រោយៗ គឺយើងចាប់ផ្តើមឃើញមានការលាយឡំរវាងកិត្តិមុខ គ្រុឌ លេបនាគ អមដោយព្រះវិស្ណុ ដោយសារតែគ្រុឌជាយានជំនីះរបស់ព្រះវិស្ណុ ហើយដោយសារតែមានការគោរពវិស្ណុនិយម ទើបមានសត្វគ្រុឌលេចចេញនៅចំកណ្តាលផ្តែ ពេលខ្លះយើងក៏ឃើញមានទេវដទៃទៀត ដូចជាព្រះឥន្ទ ព្រះវារុណ (ពិរុណ) និង ព្រះនាងលក្ម្ស៊ីដែលសុទ្ធសឹងជាទេវៈខាងទឹកភ្លៀង។
អត្ថបដិរូបទេវកថា អត្ថន័យម្ករលេបនាគ
[កែប្រែ]ក្រោយពីបានអានអត្ថបទខាងលើហើយ មិត្តអ្នកអានប្រហែលជាលែងភាន់ច្រឡំភាវៈទាំងឡាយដូចខ្ញុំទៀតហើយ ដោយសារតែការភាន់ច្រឡំហើយគ្មានអ្នកបកស្រាយ ទើបខ្ញុំចេះតែខិតខំស្វែងយល់រហូតបានសរសេរជាអត្ថបទជាភាសាខ្មែរនេះ ទុកថ្ងៃណាមួយ អ្នកដែលមានចម្ងល់ទាំងឡាយអាចបានរៀនសូត្រនឹងស្វែងយល់ដូចខ្ញុំដែរ។
មនុស្សជំនាន់ដើម ប្រើប្រាស់ទេវកថាដើម្បីនិទានរឿងនឹងបកស្រាយពីធម្មជាតិ ដួងព្រះអាទិត្យ ព្រះចន្ទ សុគ្រាស ខ្យល់ ភ្លៀង ទឹក ភ្លើង រន្ទះ ដី ភ្នំ យើងហៅថាព្រះទាំងអស់ រួមទាំងការកកើតផែនដី ការទ្រទ្រង់ផែនដី និង ការរលាយទៅវិញនៃផែនដី ក៏យើងហៅថាព្រះ។ ហេតុដូចនេះហើយ យើងអាចបកស្រាយសាច់រឿងទេវកថាទាំងនេះ ទៅនឹងបាតុភូតធម្មជាតិដែលកើតមាននៅលើផែនដី ដែលយើងហៅថាតារាសាស្រ្ត ការសិក្សាពីផ្កាយ ពីភព ពីដំណើរគោលចរ ពីជីវិតនៅលើផែនដី ពេលនោះហើយដែលធ្វើឲ្យយើងដឹងច្បាស់ថា អ្វីដែលយើងគិតថាជាអភូតហេតុ ជាទេវកថាដែលយើងមិនអាចប្រើភ្នែកមនុស្សទៅស្វែងយល់ គឺជាបាតុភូតធម្មជាតិដែលទាមទារអោយយើងយកភ្នែកទី៣របស់មនុស្ស គឺបញ្ញា ដើម្បីទៅសិក្សាស្វែងយល់ថា មនុស្សបុរាណ យកទេវកថានិទានពីបាតុភូតធម្មជាតិ មករតំណាងឲ្យទឹក ព្រះវារុណ ពិរុណតំនាងឲ្យភ្លៀង នាគក៏តំណាងអោយទឹក ភ្លៀង សមុទ្រ ជាដើម។
ហេតុដូចនេះហើយ អត្ថបដិរូប ឬ ន័យចំកិត្តិមុខគឺជាចក្រវាឡិ លំហអាកាស កំរងផ្កាដែលចេញពីកិត្តិមុខនិងសត្វមករគឺតំណាងឲ្យពពក ដែលក្រោយមកប្រែក្លាយជាខ្លួនរបស់សត្វនាគ ចំនែកសត្វនាគនោះគឺតំណាងអោយទឹក ឬ ក្នុងន័យនេះគឺទឹកភ្លៀងដែលធ្លាក់ពីលើមេឃមកភពផែនដីនេះ ហើយនេះជាអត្ថន័យបែបតារាសាស្រ្ត បែបធម្មជាតិនៃនិមិត្តរូប ម្ករលេបនាគ ឬ ម្ករខ្ជាក់នាគ ក៏ដូចជាកិត្តិមុខខ្ជាក់នាគនេះឯង។
នៅក្នុងព្រះពុទ្ធសាសនាគឺចូលចិត្តយករាហូចាប់ចន្ទមកដាក់នៅកណ្តាលខ្លោងទ្វារចូលនៃវត្តអារ៉ាមដើម្បីការពារ ហើយយករូបមករលេបនាគជាជណ្តើរឡើងទៅវត្ត ដែលយើងតែងតែនិយាយថា ជណ្តើរភ្ជាប់ឋានមនុស្សទៅឋានសួគ៌។
សង្ឃឹមថាអត្ថបទមួយនេះអាចស្រាយចម្ងល់មិត្តអ្នកអានបានប្រសើរឡើង សូមអរព្រះគុណ និង សូមអរគុណ។
រៀបរៀងដោយ សុខគឹមហេង
នគរខ្មែរ (ក្មេរ)
០៥ តុលា ២០១៩
sok.kimheng@gmail.com